សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត CUS ចំនួន ៦,៧៩១នាក់

នៅព្រឹកថ្ងៃចន្ទ ២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ចំនួន៦,៧៩១នាក់ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត មកពី ៤សាខា (ភ្នំពេញ កំពង់ចាម កំពង់ធំ និងកំពត)។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន ១៧៨នាក់ នារី ១០៥នាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជានាថ្ងៃនេះ។សម្តេចតេជោ មានប្រសាសន៍កោតសរសើរក្រុមប្រឹក្សា ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ CUS ដែលបានប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ បើគ្មានធនធានមនុស្សទេ គឺយើងមិនអាចធ្វើអ្វីបានឡើយ ដូច្នេះត្រូវប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ដែលកំពុងបំពេញសេចក្តីត្រូវការលើការអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអប់រំនៅក្នុងប្រទេសកម្ពុជា គឺផ្តើមចេញពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះ រហូតដល់សព្វថ្ងៃនេះ យើងមានលោកគ្រូអ្នកគ្រូ និងសាស្ត្រាចារ្យដែលមានចំណេះជំនាញពិតប្រាកដក្នុងការបណ្ដុះបណ្ដាល។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា មានប្រទេសជាច្រើនបានធ្វើបដិវត្តន៍ តែមិនដូចការធ្វើបដិវត្តន៍នៅកម្ពុជានោះទេ គឺ ខុសត្រង់ថាការធ្វើបដិវត្តន៍របស់ប្រទេសទាំងនោះបានបន្តជាមួយសមិទ្ធផលរបបចាស់ ឬគ្រាន់តែកែលំអចំណុចដែលរបបថ្មីយល់ថាមិនល្អ ប៉ុន្តែនៅកម្ពុជា ត្រូវចាប់ផ្តើមឡើងវិញលើគ្រប់វិស័យ ដោយចាប់ផ្ដើមពីបាតដៃទទេ ពេលដែលប្រទេសយើងងើបពីសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំនោះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចនៅតែមានមោទនភាព ចំពោះការសម្រេចឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។

សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតថ្លៃ ហើយផ្តល់ប្រាក់ឧបត្ថម្ភថែមទៀត ហើយសម្តេចតេជោ គ្រោងអនុវត្តន៍នៅចុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤ខាងមុខផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា ថ្ងៃទី២៥ មករា ២០២៣ ខាងមុខនេះ យើងត្រូវរាប់ថយក្រោយទាំងអស់គ្នា នៃដំណើរការឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា SEA GAMES 2023។ សម្ដេចតេជោសូមសូមឱ្យប្រជាពលរដ្ឋទាំងអស់បំផុសចលនានេះឡើង ដោយសម្ដេចគិតថា ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាយើងទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣នេះ ដែលជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលយើងទន្ទឹងរងចាំអស់រយៈពេល៦០ឆ្នាំកន្លងមកហើយ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍ខាងមុខនេះ ព្រះមហាក្សត្រនឹងយាងប្រទានព្រះភ្លើងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ចេញពីខេត្តសៀមរាប។

សម្តេចតេជោក៏បានមានប្រសាសន៍បញ្ជាក់ថាការដែលយើងសុំអោយអាស៊ានលើកពេលនាពេលកន្លងមកនេះ ដោយសារតែយើងយកពេលនោះកសាងគេហដ្ឋានរចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធកីឡាផ្សេងៗ។ ពេលនេះយើងទទួលបានហេដ្ឋារចនាសម្ព័ន្ធចាំបាច់សំខាន់ៗ ហើយជាពិសេសហេដ្ឋារចនាសម្ព័ន្ធកីឡាក៏មានគ្រប់គ្រាន់ផងដែរសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ Sea Games ខាងមុខនេះ។

ជាចុងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ និងអបអរសាទរ ចំពោះជ័យលាភីរបស់និស្សិតទាំងអស់ និងអបអរសាទរចំពោះអាណាព្យាបាលទាំងអស់នៅថ្ងៃនេះ ដែលបានផ្ដល់ឱកាសឲ្យកូនៗបានទទួលការសិក្សាដោយជោគជ័យនៅថ្ងៃនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ