ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» និងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះ

នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នេះ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​អញ្ជើញ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់។

អគារ«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»មានចំនួន១១អគារដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E)មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ,អគារព្យាបាលកម្រិតធ្ងន់(H1និង H2)មានគ្រែសរុបចំនួន៥២៧គ្រែ, អគារ​ព្យាបាល​កម្រិត​ស្រាល​ (H3,H4,H5,H6និងH7)មានគ្រែសរុប៨,៩៦៩ គ្រែ,គ្រែ​បុគ្គលិក​ពេទ្យ​ប្រចាំ​ការមាន​ចំនួន​៤៦​គ្រែ​និង​គ្រែ​បុគ្គលិក​ស្នាក់នៅចំនួន២០៦ គ្រែ, អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារ​ផ្គត់​ផ្គង់​និង​ព័ត៌មាន​(A)​មាន​ទំហំ២,៨៣៥ ម៉ែត្រការ៉េ,អគារស្នាក់នៅសម្រាប់បុគ្គលិក (S)មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណត​រថយន្ត​មាន​ផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េ ។

មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ។ មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះគ្រោងនឹងបញ្ចប់ការសាងសង់ រួចជា​ស្ថាពរ​និង​ដាក់​ឲ្យដំណើរ​ការ​ជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣។ «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព» នឹងក្លាយជា​មន្ទីរ​ពេទ្យជាតិ​ធំជាង​គេ​នៅ​ប្រទេស កម្ពុជាដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ។ ក្នុង​ករណី​មាន​ជំងឺ​ឆ្លង​លក្ខណៈ​ទ្រង់ទ្រាយធំមន្ទីរពេទ្យជាតិ​ដ៏ធំមួយនេះ​អាចមាន​លទ្ធភាព​ទទួល​អ្នក​ជំងឺ​ដោយមិនមាន​ការព្រួយបារម្ដ​នោះទេ​ដោយ​មន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ។

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ