សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយសុវត្តិភាព សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋម៉ាល់ឌីវ។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិវ៉ាឡេណា កាលពីវេលាម៉ោង ១០និង៥០នាទី ថ្ងៃទី១៥មករា ម៉ោងនៅទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ត្រូវនិងម៉ោង៨និង៥០នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមាន នៃការអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម អាប់ឌុលឡា សាហ៊ីដ (Abdulla Shahid) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ឯកឧត្តម អ៊ុង ស៊ាន ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋម៉ាល់ឌីវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋម៉ាល់ឌីវ និងឥស្សរជនការទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋម៉ាល់ឌីវ ជាច្រើនរូប។
ដំណើរបំពេញទស្សនកិច្ចផ្លូវការ ជាលើកដំបូងបំផុត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់សាធារណរដ្ឋម៉ាល់ឌីវនាពេលនេះ ស្របតាមការអញ្ជើញពីឯកឧត្តម អីប្រាហ៊ីម ម៉ូហាម៉េដ សូលី ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងធ្វើជំនួបពិភាក្សាកំពូលទ្វេភាគីជាមួយ ឯកឧត្តម អីប្រាហ៊ីម ម៉ូហាម៉េដ សូលី ប្រធានាធិបតី នៃសា ធារណរដ្ឋម៉ាល់ឌីវ ក្រោយពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៦មករា។
ឯកសារសំខាន់ៗចំនួន ៦ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរកម្ពុជា-ម៉ាល់ឌីវ គ្រោងនិងចុះហត្ថលេខា ក្រោយជំនួបកំពូលនៃមេដឹកនាំទាំងពីរកម្ពុជា-ម៉ាល់ឌីវ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងធ្វើជំនួបពិភាក្សាជាមួយ ឯកឧត្តមអនុប្រធានាធិបតី ឯកឧត្តមប្រធានរដ្ឋសភា ប្រធានតុលាការកំពូល និងឯកឿត្តមរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ។
សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចំនួន ៤៨រូប។
បន្ទាប់ពីការអញ្ជើញចុះចតពីយន្តហោះពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរតាមនាវាទេចរណ៍ល្បឿនលឿនប្រមាណរយៈពេល ២០នាទី មុនអញ្ជើញទៅដល់សណ្ឋាគារស្នាក់នៅ នៃតំបន់មាត់សមុទ្រលំហែកាយ ក្នុងទីក្រុងម៉ាល។