សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាន និងសហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នា យ៉ាងស្អិតរមួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ

 

(ព្រុចសែល, បែលហ្ស៉ិក)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន បានថ្លែងថា អាស៊ាន និងសហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ ដែលត្រូវបំពានដោយរដ្ឋមួយចំនួនយ៉ាងបើកចំហ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់បែបនេះ ក្នុងពិធីបើក កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហភាពអឺរ៉ុប នាទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅក្រុងព្រុចសែល ត្រូវនឹងយប់ថ្ងៃទី១៤ ខែធ្នូ ម៉ោងនៅកម្ពុជា។

កិច្ចប្រជុំកំពូលនេះ ត្រូវបានធ្វើឡើងក្រោមសហប្រធាន លោក ឆាល មីសែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន។ កិច្ចប្រជុំកំពូលនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងប្រទេសសមាជិកអាស៊ានដទៃទៀត។ តែមិនមានវត្តមានរបស់ថ្នាក់ដឹកនាំប្រទេសមីយ៉ាន់ម៉ានោះឡើយ។

ជាកិច្ចចាប់ផ្តើមក្នុងសុន្ទរកថាបើកកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះ គឺជាបង្គោលចរដ៏ធំមួយ នៃទំនាក់ទំនងដ៏យូរអង្វែងជាង ៤ទសវត្សរ៍កន្លះ របស់អាស៊ាន និងសហភាពអឺរ៉ុប។ សម្តេចតេជោ បានលើកឡើងទៀតថា កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះ គឺជាឱកាសដ៏ពិសេសមួយ សម្រាប់ការពិនិត្យមើលស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ក៏ដូចជាការផ្លាស់ប្ដូរនូវទស្សនវិស័យ និងស្មារតី ដើម្បីតម្រង់ទិសដៅទៅអនាគត សម្រាប់ទំនាក់ទំនងតំបន់ទាំងពីរ។

សម្តេចតេជោ បានកត់សម្គាល់លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុបយ៉ាងដូច្នេះ «ស្មារតី មនសិកា និងបំណងប្រាថ្នារួម ចំពោះសន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងពីររបស់យើង បាននាំមកនូវការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រ ប្រកបដោយភាពជោគជ័យ ជាមួយនឹងផែនការសកម្មភាព ឆ្នាំ២០២៣-២០២៧ ដែលមានភាពច្បាស់លាស់ និងគ្របដណ្តប់យ៉ាងទូលំទូលាយទៅលើផ្នែកជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន»។

ប្រមុខរបស់អាស៊ាន ក៏បានកត់សម្គាល់លើបញ្ហាសណ្តាប់ធ្នាប់ពិភពលោក និងសង្គ្រាមដែលកំពុងផ្ទុះនៅប្រទេសអ៊ុយក្រែនផងដែរ។ សម្តេចតេជោ បានលើកឡើងថា កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូវបានរៀបចំឡើង ក្នុងពេលដែលពហុភាគីនិយម បាននិងកំពុង ទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាននិងកំពុងទទួលរងនូវការគំរាមកំហែង ដោយសកម្មភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហលើច្បាប់, បទដ្ឋាន និងគោលការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល។

សម្រាប់ដំណើរឆ្ពោះទៅមុខ សម្តេចតេជោ ហ៊ុន សែន ជឿថា អាស៊ាន និងសហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ប្រកបដោយបរិយាបន្ន, ភាពបើកចំហ, តម្លាភាព និងការផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ក្នុងនាមជាប្លុកតំបន់ពីរ ដែលផ្អែកលើច្បាប់ និងមានការទទួលខុសត្រូវ, អាស៊ាន និង សហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារ និង លើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់, បទដ្ឋាន និង គោលការណ៍ដែលត្រូវបានទទួលស្គាល់ជាសកល ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងសន្តិភាព ស្ថិរភាព និង ការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត និងជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់របស់យើងក៏ដូចជាពិភពលោក»។

ឈរលើបទពិសោធនៃជម្លោះ ដែលបានអូសបន្លាយ និងបង្កជាសោកនាដកម្ម នៅកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គេមិនអាចសម្រេចបាននូវសន្តិភាព តាមរយៈការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាមនោះឡើយ។ ក្នុងន័យនេះសម្តេចតេជោ បានស្នើឱ្យកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធី។

«ខ្ញុំសង្ឃឹមដោយស្មោះថា យើងគួរតែកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និង ការពិគ្រោះយោបល់ជាវិធីសាស្ត្ររួមរបស់យើង»។ នេះជាសំណើរបស់សម្តេចតេជោប្រមុខអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការជឿជាក់ថា កិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនេះ នឹងអនុញ្ញាតឱ្យអាស៊ាន-សហភាពអឺរ៉ុប ធ្វើការផ្លាស់ប្ដូរនូវស្មារតីរួមឱ្យទៅជាចក្ខុវិស័យ ប្រកបដោយភាពជាក់ស្តែងនិយម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់តំបន់ និងពិភពលោកទាំងមូល សម្រាប់រយៈពេលជាច្រើនទសវត្សរ៍ទៅមុខ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ