ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ អនុញ្ញាតឱ្យឯកឧត្តម MIKAMI Massahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ជួបសំដែងការគួរសម និងជម្រាបលា

 

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Massahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបញ្ចប់អាណត្តិការទូត ទទួលជួបសំដែងការគួរសម និងជម្រាបលា។

 

ក្នុងជំនួបនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ថា ក្នុងរយៈពេលនៃការបំពេញមុខងារជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម MIKAMI Massahiro បានសហការការងារយ៉ាងស្អឹិតរមួតជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបានដើរតួនាទីដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការក្នុងភាពជាតំណាងរបស់រដ្ឋាភិបាលជប៉ុន នៅក្នុងការសម្របសម្រួលរវាងប្រទេសទាំងពីរក្នុងភាពជាដៃគូរអភិវឌ្ឍន៍ និងពង្រឹងនូវទំនាក់ទំនងការទូតបានយ៉ាងរឹងមាំ និងល្អប្រសើរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានបន្ថែមថា រដ្ឋាភិបាលប្រទេសជប៉ុន បានរួមចំណែកយ៉ាងសំខាន់ក្នុងភាពជាដៃគូយុទ្ធសាស្ត្រចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣មក ហើយថ្មីៗនេះ នាយរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ ក៏បានឯកភាពគ្នាតម្លើង ទំនាក់ទំនងទៅជា«ដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»នាពេលខាងមុខផងដែរ។ ក្នុងចំណោមកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា និងការអភិវឌ្ឍជាច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន វិស័យសន្តិសុខ យោធា ទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងវិស័យមួយចំនួនទៀតនៅពេលចុងក្រោយនេះ ដែលជប៉ុនបានរួមចំណែកពង្រឹងកិច្ចសហការ និងជួយដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ពាក់ព័ន្ធនឹងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាវិញ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ប្រទេសជប៉ុនត្រូវបានចាត់ទុកជាប្រទេសដ៏សំខាន់មួយក្នុងការជួយសម្របសម្រួល និងគាំទ្រ តាំងពីការចាប់ផ្តើមបង្កើតឱ្យមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) មកម៉្លេះ និងជប៉ុនក៏ជាប្រទេសជាប់ចំណាត់ថ្នាក់ទី១ ដែលបានផ្តល់ថវិកាសរុប ចំនួនប្រមាណ៨៨,៣លានដុល្លារអាម៉េរិក សម្រាប់ទ្រទ្រង់ដំណើរការកាត់សេចក្តីរបស់អ.វ.ត.ក. ដែលស្មើនឹង២៧%នៃចំណាយសរុបចំនួនប្រមាណ៣៣៩លានដុល្លារអាម៉េរិក។ កម្ពុជា ក៏ជាប្រទេសលំដាប់ទី២ដែលផ្តល់ថវិកាចំនួនប្រមាណ៤៥,៥លានដុល្លារអាម៉េរិក ហើយជប៉ុនក៏បានជួយផ្តល់ថវិកាចំនួន២៥១ ៩៧០ដុល្លារអាម៉េរិក សម្រាប់ «គម្រោងអាណត្តិកេរដំណែលរបស់LDC» ដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសនៃជំនួបពិភាក្សានេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានថ្លែងអំណរគុណ និងការកោតសរសើរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងនាមរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនថា មានកសាងនូវគុណសម្បត្តិច្រើនណាស់សម្រាប់កម្ពុជា និងបានចាត់ទុកថា ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ល្អ ។

ជាការឆ្លើយតប ឯកឧត្តម MIKAMI Massahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងនូវការអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងឱកាសដែលឯកឧត្តមបំពេញការងារអាណត្តិការទូតក្នុងរយៈពេលជាង៣ឆ្នាំនៅកម្ពុជាកន្លងមកនេះ។ លើកពីនេះទៅទៀត ឯកឧត្តម ក៏បានថ្លែងកោតសរសើរនូវការអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា និងបានគាំទ្រនូវជោគជ័យក្នុងដំណើរការ និងការអនុវត្តនីតិវិធីនានានៅសាលាក្តីខ្មែរក្រហមដែលទើបនឹងបិទបញ្ចប់សំណុំរឿងថ្មីៗទៅនេះ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានជូនពរចំពោះឯកឧត្តម MIKAMI Massahiro នៅពេលត្រឡប់ទៅប្រទេសជប៉ុនវិញ សូមសម្រេចបានជោគជ័យថ្មីៗលើគ្រប់ភារកិច្ច និងមាននូវសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...