សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ពិធីបិទព្រឹត្តិការណ៍កីឡាជាតិ លើកទី ៣ និងកីឡាជាតិជនពិការលើកទី ១

[សុន្ទរកថា]

ថ្ងៃ​នេះ ​ខ្ញុំ​មាន​សេចក្ដីរីក​រាយ ​ដោយ​បាន​​ចូល​រួម​ជាថ្មីជាមួយ​ សម្ដេច​ ឯកឧ​ត្ត​ម ​លោ​ក​​ជំទាវ លោក​ លោក​ស្រី​ប្រតិ​ភូ​កីឡា​​ ​ក្មួយៗកីឡា​ករ កីឡា​ការិ​នី ក្នុង​ពិធី​បិទការប្រកួតកីឡា​ជាតិ ​លើក​ទី ៣ និងកីឡាជនពិការជាតិលើកទី ១ នាពេល​នេះ​។​ ការ​ប្រកួតនេះបាន​ប្រព្រឹត្ត​ទៅ​ដោយរលូន និង​​ជោគ​ជ័យក្រោម​បរិយាកាស​សប្បាយ​រីក​រាយ​​ ចំពោះ​លទ្ធផល ដែល​ក្មួយៗកីឡា​ករ កីឡា​ការិ​នីទទួលបាន​ផ្អែកតាមសមត្ថភាព និងទេពកោសល្យជាក់ស្តែងរៀងៗខ្លួន​។ ខ្ញុំសូមអបអរសាទរដល់ជ័យលាភី ដែលបានខិតខំហ្វឹកហាត់ និងខិតខំប្រឹងប្រែង​ក្នុងការ​ប្រកួត​រហូត​ដល់ទទួលបាន​ជ័យជំនះជាទីមោទនៈនេះ។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ អបអរសាទរនូវការដាក់បញ្ចូលក្បាច់គុនល្បុក្កតោជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

៣ ចំណុច សំខាន់ទាក់ទងជាមួយនឹងមោទនភាពជាតិ

ក្នុងឱកាសនេះ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ បានថ្លែងទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស បន្ថែមទៅលើសារដែលខ្ញុំបានផ្ញើជូនប្រជាជាតិកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល នាឱកាសនេះ សូមលើកឡើង ចំណុច ៣ សំខាន់ ដែលទាក់ទងជាមួយនឹងមោទនភាពជាតិរបស់យើង។

ដំបូង (១) “ផឹកទឹក ត្រូវនឹកដល់ប្រភពទឹក។ យើងគួរតែមានការអរគុណយ៉ាងជ្រាលជ្រៅទៅដល់ដូនតារបស់យើងគ្រប់ជំនាន់ ដែលបានខិតខំបន្សល់ស្នាដៃទុកឱ្យយើងក្មេងជំនាន់ក្រោយ។ ប្រសិនបើដូនតារបស់យើងមិនមានបន្សល់ទុកអ្វីឱ្យយើងនោះទេ យើងក៏គ្មានលទ្ធភាពឯណា ដើម្បីយកទៅដាក់(បញ្ចូល)ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទាំងរូបី និងអរូបីផងដែរ។ នេះជាចំណុចទី(១) ដែលខ្ញុំព្រះករុណាខ្ញុំ ចង់បញ្ជាក់ជូនទៅកាន់ព្រះសង្ឃ និងបងប្អូនជនរួមជាតិបន្ថែមទៅលើលិខិត ដែលខ្ញុំព្រះករុណាខ្ញុំទើបនឹងចេញក្នុងប្រមាណ ២ ម៉ោងមុននេះ។

ចំណុចទី(២) យើងអរគុណចំពោះកីឡាករ/ការិនីទាំងអស់ ដែលបានខិតខំងើបឈរឡើងប្រមូលដើមទុន ចាប់ផ្ដើមតាំងពីក្រោយរំដោះឆ្នាំ ១៩៧៩។ អ្នកទាំងនោះបានខិតខំងើបឈរឡើងដើម្បីប្រមូលទុន ព្រោះថាអ្វីៗ ត្រូវបានបំផ្លាញក្នុងជំនាន់ ប៉ុល ពត គ្មានវិធីណាល្អជាងក្រៅពីការប្រមូលដើមទុនមកវិញគ្រប់ផ្នែកទាំងអស់ សិល្បៈ កីឡា និងផ្នែកដទទៃទៀត សុទ្ធតែត្រូវការប្រមូលដើមទុនមកវិញ។ មួយចំនួនក៏បានរស់រានមានជីវិតមកដល់ពេលនេះ និងមួយចំនួនទៀតក៏បានទទួលមរណកាលទៅហើយ ដែលខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការ គោរពវិញ្ញាណក្ខន្ធ ចំពោះអ្នកដែលបានស្លាប់ទៅ ហើយក៏សូមកោតសរសើរ ចំពោះកីឡាករ/ការិនី ទាំងគ្រូបង្ហាត់ ដែលបានខិតខំព្យាយាមរក្សានូវអត្តសញ្ញាណជាតិមួយនេះ តាមរយៈការរុញជាបណ្ដើរៗ រហូតទៅដល់ យើងយកក្បាច់គុណ(ល្បុក្កតោ)នេះដាក់ចូលជាក្បាច់គុណ នៃកងយោធពលខេមរភូមិន្ទ ដែលជាមោទនភាពដ៏ សំខាន់របស់យើង។

វត្តមានកីឡាល្បុក្កតោនៅអង្គរសង្ក្រាន្តជារៀងរាល់ឆ្នាំកាលពីពេលមុននេះ គឺពិតជាបានបង្ហាញឱ្យយើងជំរុញល្បឿននៃការដាក់(បញ្ជូល)ក្បាច់គុណនេះចូលទៅ(ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក) ឱ្យមានការទទួលស្គាល់ពីអង្គការយូណេស្កូ។ ខ្ញុំក៏សូមបញ្ជាក់ជូន ចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេសឱ្យបានជ្រាបថា នៅ(ពេល)ចូលឆ្នាំខ្មែរ (នា)ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ យើងនឹងធ្វើអង្គរសង្ក្រាន្តសាជាថ្មីម្ដងទៀត។ ពេលនោះសង្ឃឹមថាកីឡាល្បុក្កតោនឹងក្លាយទៅជានិមិត្តរូបដ៏សំខាន់នៃការជួបជុំនៅអង្គរសង្ក្រាន្តនៅពេលនោះ។

ចំណុចទី(៣) ខ្ញុំក៏សូមយកឱកាសនេះ អរគុណចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានខិតខំជំរុញកិច្ចការងារនេះរហូតបានសម្រេច។ មុនពេលប្រជុំអាស៊ាន ខ្ញុំទទួលបានរបាយការណ៍រួចជាស្រេចទៅហើយអំពីការអនុម័តដោយអង្គការយូណេស្កូនៅឯទីក្រុងប៉ារីស ក៏ប៉ុន្តែ យើងមិនអាចបំពានទៅនឹងនីតិវិធីបានទេ។ យើងត្រូវរង់ចាំរយៈពេលប្រមាណ ៣ អាទិត្យ។ ទើបតែ ២០ ម៉ោងមុននេះ ដែលគណៈកម្មការបានគោះជួងទទួលយកនូវកីឡាក្បាច់គុណល្បុក្កតោរបស់យើងជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ។

ចាប់តាំងពីឆ្នាំ ២០០៨ រហូតមកដល់ពេលនេះ (គឺ)ជាងមួយទសវត្សរ៍កន្លះរួចមកហើយ ដែលយើងបាន(ដាក់)បញ្ជូលជាបន្តបន្ទាប់ជា(សម្បត្តិ)បេតិកភណ្ឌ សម្រាប់មនុស្សជាតិ ទាំងរូបីនិងអរូបី។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកើតសរសើរចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំធ្វើកិច្ចការដ៏ល្អសម្រាប់ប្រទេសជាតិរបស់យើង។ សង្ឃឹមថា យើងនឹង(ដាក់)បញ្ជូលតទៅទៀតនូវទ្រព្យសម្បត្តិដូនតារបស់យើង។

[បញ្ចប់សេចក្តីអធិប្បាយ]

ខ្ញុំពិតជាមានមោទនភាព ចំពោះការរៀបចំពិធី និងដំណើរការ នៃការប្រកួតដ៏ល្អនេះ ដែ​ល​បា​ន​ទា​ក់​ទា​ញ​​អ្នក​​​​​ទស្សនាផ្ទាល់ជាង ៤ ម៉ឺននាក់ និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គ​ម​រា​ប់​លា​ន​នាក់​​ផង​ដែរ។​ ឆ្លៀតក្នុងឱកាស​នេះ​ ខ្ញុំសូ​មកោតសរសើរដល់ថ្នាក់ដឹកនាំ និងគណៈកម្មាធិការរៀប​ចំការ​ប្រកួត ​​​​​​ជាពិសេ​​ស សិល្បករ សិល្បការិនី និងយោធិនបញ្ជាការដ្ឋានអង្គរក្ស ចំពោះ​កិច្ចខិតខំប្រឹងប្រែងហ្វឹក​ហាត់ និងការសម្ដែង ប្រកបដោយទេពកោសល្យ ដែល​នេះបង្ហាញនូវ​កិច្ច​សហការ​ល្អ​ ក្នុង​ស្មារតី​សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់។

តាមរបាយការណ៍ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួ​ង​អប់​រំ យុវជន និងកីឡា ការដណ្ដើមបានជ័យលាភីជាបន្តបន្ទាប់ក្នុងការប្រកួតជាអន្តរជាតិ វិស័យ​កីឡា​កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានវឌ្ឍនភាព ល្អប្រសើរ ទាក់ទិននឹងគុណភាព​​កី​​​​ឡាក​​រ​ ​កីឡា​កា​រិ​នី។ ក្នុងការប្រកួត សម្រាប់រយៈពេលជាង ១០ ថ្ងៃនេះ កី​​​​ឡាក​​រ​ កីឡា​កា​រិ​នីមកពីតា​​ម​ប​ណ្ដា​​រាជធានី-ខេត្ត និងក្រសួងស្ថាប័ន បានចូលរួមប្រកួតយ៉ាងសកម្ម​ ដោយបានប្រកាន់ខ្ជា​ប់នូវការគោរពបទបញ្ជា នៃការប្រកួត និងក្រមសីលធម៌វិ​ជ្ជាជីវៈ​កី​ឡា​ ពិ​សេ​ស​ចៀ​ស​វា​ងបាននូវការមិនប្រើសារធាតុជំនួយកម្លាំង និងសារ​ធាតុញៀនក្នុងអំឡុងពេលប្រកួត។

ទន្ទឹមនឹងនេះ ខ្ញុំសូមរំលឹកដល់ក្មួយៗកី​​​​ឡាក​​រ​ កីឡា​កា​រិ​នីថា ការឈ្នះ​ចា​ញ់ពីការប្រកួតកីឡា​​ គឺជា​មេ​រៀន ​និងបទ​ពិសោ​ធន៍ ស​ម្រា​ប់​ក្មួយៗ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីលើក​កម្ពស់​ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត។ ផ្ទុយទៅវិញ ការអាក់អន់ចិត្ត ឬការបាក់ទឹកចិត្តដោយសារការចាញ់​ក្នុង​ការប្រកួតអាចធ្វើឱ្យក្មួយៗបាត់បង់នូវការតស៊ូ និងការខិតខំប្រឹងប្រែង​​បន្ត ដើម្បីយកឈ្នះក្នុងការប្រកួតនៅពេលអនាគត។  ចំពោះអ្នកឈ្នះ ត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែម​ទៀត ដើម្បីរ​ក្សា​គុណផលកីឡារបស់ខ្លួន សម្រាប់ឈានដល់ការដណ្តើម​បាន​ជ័យ​ជំនះជូនជាតិមាតុភូមិ ​ក្នុ​ងការប្រកួតកម្រិតអន្តរជាតិ។

ខ្ញុំមានសុទិដ្ឋិនិយម និងសូមអបអរសាទរ ចំពោះក្រុមកីឡាករ កីឡាការិនីក្រសួងស្ថាប័ន និងរាជធានី-ខេ​ត្ត​ ​ដែ​ល​​បា​នទ​ទួ​ល​ចំណាត់ថ្នាក់ល្អ និងមេដាយច្រើនជាងគេ។ ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញកីឡា និងបំផុសចលនាកីឡា ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន​ឱ្យ​កាន់​តែរីកចម្រើនថែមទៀត។ ចំពោះក្រសួងស្ថាប័ន រាជធានី-ខេត្ត ដែលទទួលបានលទ្ធផលមិនល្អ​ សូម​​បន្តយ​កចិ​ត្ត​ទុ​កដា​ក់​​កែ​លម្អ និងខិតខំប្រឹងប្រែងបន្ថែម ដើម្បីសម្រេចបានលទ្ធផលល្អក្នុងការប្រ​កួ​តកី​ឡា​ជា​តិ​លើកទី ៤ និងកីឡាជាតិជនពិការលើកទី ២ នៅឆ្នាំ ២០២៤ ខាងមុខ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

ខ្ញុំក៏សូមបញ្ជាក់ថា ឆ្នាំ ២០២៤ ខាងមុខនេះ ខ្ញុំនឹងចូលរួមប្រកួតក្នុងឋានៈជាកីឡាអុក (ឬ)ចត្រង្គផងដែរ។ សូមចុះឈ្មោះទុកពីឥឡូវ បើទោះបីចាញ់ឬឈ្នះ ក៏បានមកអង្គុយកំដរ សម្រាប់កីឡាជើងចាស់មួយនេះ។

[បញ្ចប់សេចក្តីអធិប្បាយ]   

ដូចខ្ញុំបានលើកឡើងជាញឹកញាប់នៅក្នុងព្រិត្តិការណ៍កីឡា វិស័យកីឡាដើរតួនាទីយ៉ាង​សំខាន់ ក្នុងការពង្រឹងទំនាក់ទំនង ការបង្កើនសាមគ្គីភាព និងការលើកកម្ពស់មូលធនសង្គម ដែលទាំងនេះ​ គឺ​ជា​កត្តា​កំណត់ដ៏សំខាន់​ក្នុង​ការអនុវត្តការងារប្រកបដោយ​ប្រសិទ្ធផល​ខ្ពស់។​ ការរៀបចំ និងការ​ចូល​រួមក្នុងការប្រកួតកីឡា បង្កើនការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងកីឡាករ កីឡាការិនី ក៏ដូចជា ក្រសួងស្ថាប័ន និងរាជធានី-ខេត្ត ដែលបានចូលរួមក្នុងការប្រកួតទាំងអស់។​

ជាង​នេះ​ទៀត កីឡា​ក៏រួមចំណែក​ដល់ការកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ បញ្ចៀសបាននូវ​ការ​ប្រព្រឹត្តិ​បញ្ហា​សង្គម​នានា ដូចជាការប្រើប្រាស់ថ្នាំញៀន និងអំពើហិង្សា រក្សា​បាននូវ​កម្លាំង​កាយ​រឹងមាំ និងការលើកកម្ពស់​សុខភាព​ល្អ​ ដែលជាកត្តាកំណត់ដ៏សំខាន់ សម្រាប់បង្កើនផលិតភាពពលកម្ម និងភាពរឹងមាំ នៃ​សេដ្ឋកិច្ចជាតិ។ ជារួម កីឡាជួយពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ បង្កើនបញ្ញាឈ្លាសវៃ លើកកម្ពស់គុណភាពជីវិត និងមានសុភមង្គល​ក្នុងក្រុម​គ្រួសារ ព្រមទាំងលើកកម្ពស់សុខដុមនីយកម្មក្នុងសង្គមទាំងមូល។

ដើម្បីជំរុញលើកកម្ពស់វិស័យកីឡាកម្ពុជា និងត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ​ខ្ញុំ​​សូមផ្តល់នូវទស្សនៈ និងចំណុចគន្លឹះមួយចំនួន ដូចខាងក្រោម៖

១. ក្រ​សួ​ងស្ថា​ប័​ន និងអាជ្ញាធររាជធានី-ខេត្ត​​ ដែ​លមិ​ន​ទា​ន់មានក្រុមកីឡាចូ​ល​រួម​ប្រ​កួ​ត ​​​ត្រូ​​​វ​ប​​ង្កើ​ត​​អង្គ​ភាពកីឡា ឬសមាគមកីឡាប្រចាំក្រសួងស្ថាប័ន អាជ្ញាធររាជធានី-ខេត្តរបស់ខ្លួន ដោយមានយន្តការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានតម្លាភាព​ក្នុងការគ្រប់គ្រង និងបង្កើនសមត្ថភាពកីឡាករ កីឡាការិនីរបស់ខ្លួនជាប្រចាំ សម្រាប់ចូលរួមក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។

២. ក្រសួងស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការបង្កើតក្រុមកីឡា ​ដែល​ខ្លួនមានឧត្តមភាព និងត្រូវរៀបចំការប្រកួតក្នុងក្របខ័ណ្ឌផ្ទៃក្នុង​តាមពេលវេលាសមស្រប សម្រាប់ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី​ ដើម្បីចូល​រួមក្នុងការប្រកួតកីឡាជាតិលើកទី ៤ និងកីឡាជាតិជនពិការ​លើកទី ២ ឱ្យបានកាន់តែច្រើន។

៣. គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវជំរុញល្បឿន នៃការត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយជាស្រេច ដើម្បីធានាបាននូវជោគជ័យ​ខ្ពស់ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនេះ។

៤. គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រីកកិច្ចសហការឱ្យបានជិតស្និទ្ធប្រកប​ដោយ​ស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអភិក្រម “ជវភាព នៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីដោះស្រាយ​​នូវ​រាល់​បញ្ហាប្រឈមនានាជាបន្ទាន់ សំដៅធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ ការគ្រប់គ្រង និងការ​រៀប​ចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនៅឆ្នាំ ២០២៣។

៥. ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់ សូម​ចូល​រួម​ដល់មូលនិធិ កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដើម្បីរួមចំណែកដល់ភាពជោគជ័យ នៃការរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិនេះ។

៦. ខ្ញុំសូមអំពាវនាវដល់ប្រជាជនទាំងអស់ សូមប្រកាន់ខ្ជាប់នូវស្មារតី “ប្រជាជនម្នាក់ជាម្ចាស់ផ្ទះម្នាក់” ពិសេសប្រជាជននៅតាមរាជធានី-ខេត្ត ដែលត្រូវត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ សូមរៀបចំអនាម័យ ថែរក្សាបរិស្ថានឱ្យបានល្អ និងរៀបចំតុបតែងលម្អ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានរបស់ខ្លួន សំដៅលើកមុខមាត់កម្ពុជា និងទាក់ទាញការចាប់អារម្មណ៍របស់ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិទាំងអស់ ដែលនឹងអញ្ជើញមកចូលរួមការប្រកួតនៅកម្ពុជានៅឆ្នាំ ២០២៣ ខាងមុខនេះ។

៧. ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីយុទ្ធនាការអប់រំសង្គម “មានអ្វីលើសពីការប្រកួតកីឡា” (Beyond the Games) របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បី​បង្កើនការយល់ដឹង ​អំពី​បច្ច័យ​ជា​វិជ្ជមាន​ នៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្ត្រនេះ​ សម្រាប់ព្រះរាជាណាចក្រ​កម្ពុជា​។

មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ និងអបអរសាទរដល់ជ័យលាភីទាំងអស់ និងសូមវាយតម្លៃខ្ពស់ ចំពោះ​ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការអូឡាំពិកកម្ពុជា និងស្ថាប័ន​ពាក់​ព័ន្ធ ដែលបានសហការ​រៀប​ចំ​កា​រ​ប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជាតិជនពិការលើកទី ១ នេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យខ្ពស់។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូកីឡា និងកីឡាករ កីឡាការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង  ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំសូមប្រកាសបិទជាផ្លូវការនូវការប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជាតិជនពិការលើកទី ១ ចាប់ពីពេលនេះតទៅ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ