ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនីបៀ (Minebea) របស់ជប៉ុននៅកម្ពុជា

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) របស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។
ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។
បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥កន្លែងទូទាំងពិភពលោក។
មុននឹងដំណើរការប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ចុះបញ្ចូលយ៉ាងខ្លាំងលើថ្នាក់ដឹកនាំក្រុមហ៊ុនមួយនេះ ឱ្យមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនកំពុងមានការវិនិយោគ នៅក្នុងប្រទេសថៃរួចទៅហើយនោះ។ មិនត្រឹមតែប្រឹងប្រែងបញ្ចុះបញ្ចូល ឱ្យក្រុមហ៊ុនមួយនេះ ឱ្យមកវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេ សម្តេចតេជោក៏បានរក្សាជំហរយ៉ាងរឹងមាំការពារការវិនិយោគរបស់ក្រុមហ៊ុនផងដែរ។
មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនមីនីបៀ បានដំណើរការ និងចម្រើនលូតលាស់យ៉ាងខ្លាំងក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ហើយបានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ជាតិកម្ពុជា និងផ្តល់ការងារជាច្រើនកន្លែងសម្រាប់ពលរដ្ឋកម្ពុជា ជាមួយប្រាក់ឈ្នួល និងលក្ខខណ្ឌការងារយ៉ាងល្អប្រសើរ។

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ