សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៤៣ (AIPA-43) ក្រោមប្រធានបទ «បោះជំហានទៅមុខជាមួយគ្នា ដើម្បីចីរភាព, បរិយាបន្ន និងភាពធន់របស់អាស៊ាន»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា;
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា;
ឯកឧត្តម, លោកជំទាវប្រធាន, អនុប្រធាន និង សមាជិក, សមាជិកាសភា;
ឯកឧត្តម, លោកជំទាវ, លោក, លោកសី្រ!

ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីបើក មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដោយ ផ្ទាល់នៅរាជធានីភ្នំពេញ។ ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២, កម្ពុជាពិតជាមានកិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នេះ ស្របពេលនឹងការប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតអាស៊ាន។

ក្នុងរយៈពេលជិត ៣ ឆ្នាំ កន្លងទៅ, យើងមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលអាស៊ានខិតខំប្រឹងប្រែង និងរួមគ្នាជាធ្លុងមួយ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និងចេះជួយគ្នាទៅវិញទៅមក, ជាពិសេស បានយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និងចាប់ផ្ដើមស្ដារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ។

ទោះជាយ៉ាងនេះក្តី, ពិភពលោកនៅតែបន្តប្រឈមនឹងវិបត្តិជាច្រើនទៀត ដូចជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ, សង្គ្រាម, ការបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ដែលមិនត្រឹមតែកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់ជីវិតប្រជាជន និងសន្តិសុខសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្ទច់បង្អាក់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល រួមទាំងបង្កឱ្យមានការកើនឡើងនូវសម្ពាធអតិផរ​ណា ការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់ និងបញ្ហាអសន្តិសុខស្បៀង និងថាមពល ។ល។ ក្នុងបរិបទនេះ, ប្រធានបទនៃមហាសន្និបាទអន្តរសភាអាស៊ានលើកទី ៤៣ នេះ មានភាពពាក់ព័ន្ធ និងសមស្រប ដែលនឹងរួមចំណែកបំផុសនូវស្មារតីទទួលខុសត្រូវរួម ក្នុងការឆ្លើយតបទាន់ពេល ស្របទៅនឹងសភាពការណ៍វិវឌ្ឍន៍របស់តំបន់ និងសកល ព្រមទាំងពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចអាស៊ានឡើងវិញ ឆ្ពោះទៅរកវិបុលភាពរួម។

  • សម្តេច, ឯកឧត្តម, លោកជំទាវលោក, លោកសី្រ!

អាស៊ានបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ហើយត្រូវបានទទួលស្គាល់ជាសកលថា ជាសហគមន៍ស្នូលសម្រាប់និម្មាបនកម្មតំបន់។ ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា», កម្ពុជាពិតជាមានមោទនភាពដែលបានដឹកនាំអាស៊ានចូលរួមចំណែក ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដ៏លំបាកនានា ដែលតំបន់កំពុងជួបប្រទះ, ហើយបានឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដើម្បីរួមចំណែកជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺ ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍មួយ។

ជាក់ស្តែង ជាមួយនឹងការប្តេជ្ញាចិត្តក្នុងនាមជាប្រធានអាស៊ាន និងការចូលរួមជួយជ្រោមជ្រែងពីសមាជិកអាស៊ាន, កម្ពុជាសម្រេចបានភាពជោគជ័យគួរជាទីមោទនៈ លើការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាពេលថ្មីៗ ដោយថ្នាក់ដឹកអាស៊ាន និងដៃគូ បានអនុម័តឯកសារ និងគំនិតផ្តួចផ្ដើមសំខាន់ៗជាច្រើន សំដៅលើកកម្ពស់ ចីរភាព, បរិយាបន្ន និងភាពធន់របស់អាស៊ាន ដូចជា៖ (១)សេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (២). សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីរបៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ ២០២៥, (៣). សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការកសាងអនាគតមួយ ប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់ តាមរយៈការជំរុញសហគ្រិនភាពស្ត្រីក្នុងតំបន់អាស៊ាន, (៤)សេចក្ដីថ្លែងការណ៍ស្តីពីបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន ។ល។

ទាក់ទងនឹងចីរភាព, បរិយាបន្ន និងភាពធន់, អាស៊ាន បាននិងកំពុងផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស, ការកែទម្រង់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យស្របទៅនឹងការវិវឌ្ឍនៃបរិវត្តកម្មឌីជីថល, និង ការលើកកម្ពស់តួនាទីស្ត្រី និងយុវជន ក្នុងការបង្កើនផលិតភាពសេដ្ឋកិច្ច និងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩។ ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ, កម្ពុជាបានស្នើអាស៊ានពិចារណាលើការរៀបចំ «គំនិតផ្តួចផ្តើមបៃតងអាស៊ាន» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលថ្មីៗនេះផងដែរ ដើម្បីតម្រង់ទិសនៃកិច្ចអភិវឌ្ឍតំបន់ឆ្ពោះទៅកាន់អនាគតបៃតងប្រកបដោយចីរភាព។

អាស៊ានក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តនូវផែនការសកម្មភាព និងគំនិតផ្តួចផ្តើមពាក់ព័ន្ធនានា ដែលបានដាក់ចេញ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជាឌីជីថលូបនីយកម្ម, សេដ្ឋកិច្ចចក្រា, សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និងមធ្យម, និង ជាពិសេស ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិប ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាននានា ដែលកិច្ចការទាំងនេះនឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការជំរុញការតភ្ជាប់គ្រប់វិស័យ ក៏ដូចជាការរួមគ្នាឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមនានា។

ក្នុងទិដ្ឋភាពនយោបាយ និងសន្តិសុខ, កម្ពុជាបានបន្ដផ្ដល់អាទិភាពលើការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ព្រមទាំងប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ដែលជាយន្តការតំបន់ដ៏សំខាន់ ក្នុងការចូលរួមចំណែកបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាច ជាពិសេស តាមរយៈការបន្តលើកកម្ពស់កិច្ចសន្ទនាជាមួយដៃគូក្នុងវេទិកានានា។ ទោះជាមិនទាន់អាចដោះស្រាយបានទាំងស្រុងនូវបញ្ហាសន្តិសុខនានាក្នុងតំបន់, ខ្ញុំជឿជាក់ថា លទ្ធផលវិជ្ជមាននៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកំណត់នូវចំណុចរួមសំខាន់ៗមួយចំនួន ដែលបានផ្តល់ជាបច្ច័យសម្រាប់ការស្វែងរកដំណោះស្រាយ ដើម្បីធានាឱ្យបាននូវសន្តិសុខ, ស្ថិរភាព និងការអភិវឌ្ឍ។

សមិទ្ធផល និងការកំណត់ទិសដៅទៅមុខយ៉ាងជាក់លាក់ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់សាជាថ្មីពីឆន្ទៈនយោបាយឥតងាកររបស់អាស៊ាន ក្នុងការបន្តជំរុញការធ្វើសមាហរណកម្មតំបន់ និងការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី ដើម្បីជំរុញកសាងអនាគតអាស៊ាន ប្រកបដោយឯកភាព, បរិយាបន្ន និងភាពធន់, និង ដើម្បីបង្ហាញអំពីការប្ដេជ្ញាចិត្តអាស៊ានក្នុងការពង្រឹងទំនាក់ទំនងជាមួយដៃគូ ដោយឈរលើគោលការណ៍ទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដើម្បីសន្តិភាព និងវិបុលភាពតំបន់ និងសកល។

  • សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំក៏សូមអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូល អេប៉ិច (APEC) ដោយប្រទេសថៃ និង G20 ដោយប្រទេសឥណ្ឌូនេស៊ី នាពេលថ្មីៗនេះផងដែរ ហើយជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន, អេប៉ិច និង G20 ដែលរៀបចំឡើងដោយសមាជិកអាស៊ានក្នុងឆ្នាំនេះ នឹងជាវិភាគទានដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព និងមជ្ឈភាពអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ និងសកល។

ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើននេះ, ខ្ញុំសូមគូសបញ្ជាក់ថា អង្គការនីតិបញ្ញត្តិ ជាពិសេស គឺស្ថាប័នរដ្ឋសភា ពិតជាមានតួនាទីសំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល។ ក្នុងស្មារតីនេះ, ខ្ញុំយល់ថា ការប្រារព្ធមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នាពេលនេះ គឺជាឱកាសមួយដ៏កម្រសម្រាប់ សម្តេច, ឯកឧត្តម, លោកជំទាវ ជាប្រតិភូអាយប៉ា ចូលរួមពិភាក្សាយ៉ាងទូលំទូលាយលើប្រធានបទរបស់យើង សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាធ្លុងមួយ និង រិះរកនូវអនុសាសន៍គោលនយោបាយ ជាពិសេសគោលជំហររួមមួយ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនយើងទាំងអស់គ្នា។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៤៣ ប្រព្រឹត្តទៅដោយជោគជ័យ និងសូមជូនពរ សម្តេចឯកឧត្តម, លោកជំទាវលោក, លោកស្រី មានសុខភាពល្អ និងជោគជ័យលើគ្រប់ភារកិច្ចរៀងៗខ្លួន ជាពិសេស ទទួលបាននូវផាសុកភាព និងសេចក្តីរីករាយ ក្នុងពេលស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ