សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា លើកទី១៩

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌាលើកទី១៩ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ សុខាភ្នំពេញ។
ក្នុងឱកាសកិច្ចប្រជុំនេះផងដែរ ឯកឧត្តម JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញជាសហប្រធាន បើកកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងជាដៃគូសន្ទនា រវាងអាស៊ាន-ឥណ្ឌា។
នៅក្នុងកិច្ចប្រជុំនោះផងដែរ សម្ដេចតេជោបានមានប្រសាសន៍ថា ក្នុងរយៈពេល ៣ទស្សវត្សរ៍កន្លងមក ទោះបីជាជួបនូវបញ្ហាប្រឈមនានា អាស៊ាន និងឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ដែលបានក្លាយជាប៉ូលសង្គម-សេដ្ឋកិច្ចសំខាន់ នៅលើពិភពលោក។ ជាមួយនឹងលទ្ធផលនៃការអភិវឌ្ឍនេះ កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា ក៏កានតែរីកចម្រើនបន្ថែម និងមានមូលដ្ឋានកាន់តែទូលំទូលាយជាលំដាប់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ដោយសារការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការពង្រឹងភាពជាដៃគូ ដើម្បីឱ្យអាស៊ាន-ឥណ្ឌា មានទំនាក់ទំនងកាន់តែស្អិតរមួត និងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការធានា និងនាំមកនូវសន្តិភាព និងវិបុលភាព ជូនប្រជាជនរបស់យើងបច្ចុប្បន្ន និងអនាគត។
សូមជម្រាបថា ទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌា បានរីកចម្រើនយ៉ាងឆាប់រហ័សពីភាពជាដៃគូសន្ទនាតាមវិស័យ ក្នុងឆ្នាំ១៩៩២ ទៅជាភាពជាដៃគូសន្ទនាពេញលេញ ក្នុងខែធ្នូ ឆ្នាំ១៩៩៥។ ទំនាក់ទំនងនេះត្រូវបានលើកកម្ពស់បន្ថែមទៀត ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ក្នុងឆ្នាំ២០០២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...