នៅវេលាល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះរាជកម្មវិធី «១០០ព្រះវស្សា ព្រះវររាជបិតាឯករាជ្យជាតិ» បានប្រារព្ធធ្វើឡើងនាសាលសន្និសីទចតុមុខមង្គល រាជធានីភ្នំពេញ ក្រោមព្រះវត្តមាន សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ព្រះស្ថាបនិកមូលនិធិមុទិតា វត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
ព្រះរាជកម្មវិធី «១០០ព្រះវស្សា ព្រះវររាជបិតាឯករាជ្យជាតិ» ត្រូវបានរៀបចំឡើងដោយមូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមសហការជាមួយក្រសួងព្រះបរមរាជវាំង ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងបណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ប្រារព្ធឡើងក្នុងគោលបំណង រំលឹកដល់ព្រះឧបក្ការៈគុណដ៏ធ្ងន់បំផុត និងសម្តែងនូវមនោសញ្ចេតនាចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន ប្រកបដោយសេចក្តីកតញ្ញូកតវេទី ចំពោះព្រះមហាករុណាទិគុណដ៏ធំធេងរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យជូនប្រជាជាតិ ការកសាងជាតិ និងការបង្រួបបង្រួមជាតិ ការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា និងការរួបរួមដើម្បីសន្តិភាព ឯករាជ្យ និងកសាងជាតិគ្មានឈប់ឈរ។
នៅក្នុងព្រះរាជកម្មវិធីនេះ មានការពិព័រណ៍ស្នាព្រះហស្ថ និងព្រះរាជសកម្មភាពសំខាន់ៗជាប្រវត្តិសាស្ត្រពេញ មួយព្រះជន្មរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ រួមជាមួយការសម្ដែងសិល្បៈ ទស្សនីយភាព របាំថ្វាយព្រះពរ និងចម្រៀងដែលជាស្នាព្រះហស្ថព្រះរាជនិពន្ធរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានបង្កប់នូវអត្ថន័យ និងកម្រងអនុស្សាវរីយ៍ដ៏សែនជ្រាលជ្រៅថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសុទ្ធសឹងតែជាស្នាព្រះហស្ថដែល ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់សព្វព្រះរាជហឫទ័យ និងព្រះបរមរាជានុញ្ញាតឱ្យមានការសម្តែងក្នុងព្រះរាជសវនាការជាមួយបណ្តាភ្ញៀវជាតិ-អន្តរជាតិ។
ពិព័រណ៍ព្រះឆាយាលក្ខណ៍ក្នុងព្រះរាជកម្មវិធីនេះ បានឆ្លុះបញ្ជាំងអំពីទស្សនីយភាពចំនួន៥ ដែលទស្សនីយភាពទី១មានពិព័រណ៍រូបភាពចំនួន១៨ផ្ទាំង ឆ្លុះបញ្ជាំងអំពីព្រឹត្តិការណ៍សំខាន់ៗ និងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលកំណត់នូវសាវតានៃរាជវង្សានុវង្សចាប់តាំងពីការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ កាលពីឆ្នាំ១៩៤១ ដល់ការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅឆ្នាំ២០០៤។
ទស្សនីយភាពទី២ មានពិព័រណ៍ពហុសណ្ឋានជាប្រភេទរូបភាព និងសោតទស្សន៍រួមមានតន្ត្រី សំឡេង និងឈុតភាពយន្តខ្លី ព្រមទាំងទស្សនាវដ្តី និងសៀវភៅបន្សល់ទុកពីទសវត្សរ៍ឆ្នាំ១៩៦០ ដែលគ្រោងនឹងបង្ហាញនៅលើតុចំនួន៥ និងក្តារខៀន១ សំយោគគំនិតចេញពីក្តារឆ្នួន និងតុរបស់សិស្សកាលពីទសវត្សរ៍ឆ្នាំ១៩៦០។
ទស្សនីយភាពទី៣ មានការតាំងបង្ហាញរូបថតចម្រុះដ៏ប្រណិតចំនួន២៥ផ្ទាំង ដែលបង្ហាញឲ្យឃើញពីព្រះរាជដំណើររបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងផ្នែកប្រវត្តិសាស្ត្រ និងផ្នែកនយោបាយ។
ចំណែកទស្សនីយភាពទី៤ មានការតាំងបង្ហាញផ្ទាំងគំនូរដ៏មានតម្លៃចំនួន៦ផ្ទាំង ដែលមានទំហំផ្សេងៗគ្នាគូរឡើងតំណាំងឲ្យ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ, ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ចំពោះរូបគំនូរចុងក្រោយ បង្ហាញពីផ្ទាំងទស្សនីយភាពនៃសំឡេងខ្សឹបដាក់ត្រចៀកឥតឈប់ឈរអំពីអតីតកាលប្រាប់ដល់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត៕
ដោយ: ទទក