សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តព្រៃវែង

នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីចែកពូជស្រូវ និងស្បៀអាហារជូនប្រជាកសិករហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃខេត្តព្រៃវែង។ តាមរបាយការណ៍របស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងថា ការអញ្ជើញសំណេះសំណាលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខទុករបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធក្នុងខេត្ត។ ឯកឧត្តមក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ខេត្តព្រៃវែង រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅក្នុងខេត្ត។

ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ជា សុមេធី បានគូសបញ្ជាក់ថា ខេត្តបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត បាននឹងកំពុងចូលរួមសហការ ក្នុងការបង្កលក្ខណៈល្អប្រសើរ ដល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលមានរយៈពេល៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ពាក់ព័ន្ធការងារគ្រប់គ្រងមន្ត្រីរាជការស៊ីវិលវិញ លោកអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រៃវែងមានមន្ត្រីរាជការស៊ីវិលសរុបចំនួន ១១,១៣២នាក់ ស្រីចំនួន ៤,៥៣៣នាក់។ ខេត្តព្រៃវែង មានក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ចំនួន ២៧នាក់ (ស្រី ០៤នាក់), ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៣ ចំនួន ២៤៩នាក់ (ស្រី ៣៤នាក់), ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ចំនួន ៨៩២នាក់(ស្រី១៥៩នាក់)។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តព្រៃវែងសារជាថ្មីម្តងទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងខេត្តព្រៃវែងទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវិដ-១៩ របស់ប្រទេសកម្ពុជា តាមរយ:យុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើអោយកម្ពុជាមានឱកាសបើកដំណើរការប្រទេសជាតិឡើងវិញ ដែលទាំងអស់នេះដោយសារតែការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរពង្រឹងកិច្ច សហប្រតិបត្តិការតាមច្រកព្រំដែន និងតាមខេត្តរបស់វៀតណាម ជាប់ព្រំដែនរបស់កម្ពុជា ដើម្បីលើកកម្ពស់ធ្វើពាណិជ្ជកម្មរវាងខេត្តនៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តព្រៃវែងដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តមួយនេះអោយទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់មក៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ