សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា

 

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង
ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំ កិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន ដើម្បីពិភាក្សាអំពីវិធីសាស្រ្តក្នុងការអនុវត្តឱ្យកាន់តែប្រសើរឡើងនូវកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច ( 5PC) ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន កាលពីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ និងដើម្បីស្នើជាអនុសាសន៍ សម្រាប់ប្រមុខដឹកនាំអាស៊ាន ធ្វើការពិចារណានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ តំណាងកម្រិតមិនមែននយោបាយរបស់មីយ៉ាន់ម៉ាត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ ប៉ុន្តែ ពុំមានការ ឆ្លើយ តបជាវិជ្ជមាន ពីមីយ៉ាន់ម៉ានោះឡើយ។

កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយអំពីវិធី ក្នុងការពង្រឹងការអនុវត្ត 5PC ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា តម្រូវការក្នុងការចាប់ផ្តើមឡើងវិញនូវទំនាក់ទំនង យ៉ាងពេញលេញ និងជាប្រក្រតីរបស់មីយ៉ាន់ម៉ាជាមួយអាស៊ាន សារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានដោយពុំមានការរំខាន និងមធ្យោបាយសម្របសម្រួលនិងពន្លឿនការផ្តល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា និងការបញ្ចប់ឱ្យបានឆាប់នៃការវាយតម្លៃតម្រូវការរួមដែលដឹកនាំដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។

ទន្ទឹមនឹងការបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃ 5PC ដែលសង្កត់ធ្ងន់លើ មជ្ឈភាពអាស៊ាន និងតួនាទីនាំមុខរបស់អាស៊ាន ក្នុងការប្រគល់ជូនប្រជាជនមីយ៉ាន់ម៉ានូវ សន្តិភាពនិងប្រក្រតីភាពឡើងវិញ រដ្ឋមន្ត្រីការបរទេសនិងតំណាងប្រទេសសមាជិកអាស៊ានដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពី មីយ៉ាន់ម៉ា ក្នុងការអនុវត្តអាណត្តិរបស់ខ្លួនក្នុងរយៈពេល ១០ខែ កន្លងមកនេះ។

កិច្ចប្រជុំក៏បានរំឮកដល់ទស្សនកិច្ចបើកផ្លូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាទៅកាន់មីយ៉ាន់ម៉ា ដែលបានត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ច ទាំង០២លើករបស់ប្រេសិតពិសេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ឯកឧត្តម នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញអាទិភាពទាំង០៣ ដែលកម្ពុជាបានដាក់ចេញតាំងពីការចាប់ផ្តើមតួនាទីជាប្រធានអាស៊ានគឺ (១) បញ្ឈប់ ឬកាត់បន្ថយអំពើហិង្សា (២) សម្របសម្រួលផ្តល់ជំនួយមនុស្សធម៌ និង (៣) បង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយរវាងភាគីពាក់ព័ន្ធ។

ការពិតណាស់ ស្ថានការណ៍ជាក់ស្តែងនៅតែមានភាពដុនដាប និងផុយស្រួយ ហើយនេះមិនមែនដោយសារកង្វះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ អាស៊ាន និងប្រេសិតពិសេសនោះទេ ប៉ុន្តែដោយសារតែភាពស្មុគស្មាញ និងភាពលំបាកនៃជម្លោះអូសបន្លាយរាប់ទសវត្សរ៍របស់មីយ៉ាន់ម៉ា ដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរដោយវិបត្តិនយោបាយបច្ចុប្បន្ន ។ ទោះបីជាមានបញ្ហាប្រឈមចម្បង ទាំងនេះយ៉ាងណាក្តី ក៏អង្គប្រជុំបានឯកភាពថាអាស៊ានមិនគួរបាក់ទឹកចិត្ត ហើយគួរតែបង្កើនការប្តេជ្ញាចិត្តបន្ថែមទៀតដើម្បីជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយ ប្រកបដោយសន្តិវិធី ឱ្យបានឆាប់បំផុត។

លើសពីនេះ អង្គប្រជុំបានឯកភាពជាឯកច្ឆន្ទថា ការសម្រេចចិត្តក្នុងអាស៊ានត្រូវផ្អែកលើការពិគ្រោះយោបល់ និងកុងសង់ស៊ីស ហើយគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអាស៊ានត្រូវតែជាវិធីសាស្រ្តនាំផ្លូវដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយស្ថានការណ៍នៅ
មីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេស និងអ្នកតំណាងដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ ក៏បានអះអាងសាជាថ្មីអំពីសារៈសំខាន់និងភាពចាំបាច់ នៃ 5PC ហើយបានគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹងការអនុវត្ត 5PC បន្ថែមទៀត តាមរយៈសកម្មភាពដែលមានកំណត់ពេលវេលាជាក់លាក់ មានភាព ជាក់សែ្តង និងអនុវត្តបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គួរតែដល់ពេលដែលយើងត្រូវធ្វើសកម្មភាពជាក់ស្តែង ហើយអាស៊ានត្រូវចាប់ផ្តើមសកម្មភាពរួមគ្នាដោយគោរពអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាជាស្នូល។ កិច្ចប្រជុំក៏បានទទួលស្គាល់ថា ភាគីពាក់ព័ន្ធទាំងអស់នៅ មីយ៉ាន់ម៉ា សុទ្ធតែមានចំណែកក្នុងការបញ្ចប់ ឬធ្វើឱ្យវិបត្តិនយោបាយបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរ ដែលបានបណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់ បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រទេសមីយ៉ាន់ម៉ា និងបង្ក ផលប៉ះពាល់យូរអង្វែងដល់សេដ្ឋកិច្ច ហើយវាមានភាពចាំបាច់និងបន្ទាន់ ដែលដំណើរការនៃការសន្ទនាត្រូវតែចាប់ផ្តើមឱ្យបាន ឆាប់បំផុតតាម ដែលអាចធ្វើទៅបាន។ើម្បីធានាបាននូវការអនុវត្ត 5PC ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព និងការបញ្ចប់ឲ្យបានឆាប់នូវ វិបត្តិនយោបាយបច្ចុប្បន្នក្នុងប្រទេសមីយ៉ាន់ម៉ា អង្គប្រជុំក៏បានពិភាក្សាអំពី
អនុសាសន៍គន្លឹះដែលត្រូវដាក់ជូនប្រមុខដឹកនាំអាស៊ានពិចារណា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

 

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ