(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំស្ដីពីការការពារ ការចម្លងជំងឺកូវីដ១៩ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។
ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មី ជូនដល់សាធារណជន ក្រសួងពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍យើង ដោយទាំងអស់គ្នា ត្រូវតែបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានធ្វើជារឿយៗ។
នៅក្នុងឱកាសនេះប្រសិនបើប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ រាជធានី-ខេត្ត មានរៀបចំពិធីអបអរសាទរព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះ ព្រះខែ និងអកអំបុក ដែលនឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះទៅតាមទំនៀមទំលាប់។ ប៉ុន្តែក្រសួងសុខាភិបាលសង្កេតឃើញថា បណ្តាខេត្តមួយចំនួន បាននិងកំពុងដំណើរការជាបណ្តើរៗហើយដែរ។
ក្រសួងសុខាភិបាល សូមណែនាំឲ្យប្រជាពលរដ្ឋបន្តអនុវត្ត ដោយការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងឲ្យបានគ្រប់ៗគ្នា នូវវិធានការ «៣ការពារ (ពាក់ម៉ាស់ លាងដៃឲ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) និងត្រូវបន្ដអនុវត្តនូវគោលការណ៍ណែនាំសំខាន់ៗផ្សេងទៀត។
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៖