ប្រសាសន៍​សំខាន់ៗ​របស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិ​សារ​អាហារសា​មគ្គី​ជាមួយ​កីឡាករ កីឡាការិនី

(FN) នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ពេលរសៀលសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញពិសារ​អាហារសាមគ្គី ជាមួយកីឡាករ កីឡាការិនី អត្ត​ពលិក​ និង​មន្រ្តី នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាង ៣ពាន់នាក់​នៅមជ្ឈម​ណ្ឌល​កោះ​ពេជ្រ។

សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី២ហើយ ដែលសម្តេចតេជោ ហ៊ុន សែន រៀបចំ​ឲ្យមាន​ការពិសា​រអាហារជុំគ្នាជាមួយកីឡាករ កីឡាការិនី និងអត្តពលិកនៅកម្ពុជា។ ការជួប​ជុំពិសារ​អាហារ​នេះ ក៏ជាឱកាសមួយ​ដែលសម្តេច​បានសំណេះ​សំណាល​សាកសួរសុខទុក្ខ និងផ្តល់​ដំបូន្មាន​មួយ​ចំនួន​ ដល់កីឡាករ កីឡាការិនី និងអត្តពលិកកម្ពុជា ឲ្យពួកគេប្រឹងប្រែងដុសខាតសមត្ថភាព ដើម្បី​ឈាន​ឆ្ពោះ​ទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងអប់រំ និងគណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិកកម្ពុជា រួមទាំងសហព័ន្ធកីឡាទាំងអស់ ដែលបានខិតខំធ្វើឲ្យវិស័យកីឡាកាន់តែរីកចម្រើន។ សម្តេច​តេជោ ហ៊ុន សែន ថា តាមរយៈវិស័យកីឡានេះ បានធ្វើឲ្យទង់ជាតិរបស់កម្ពុជា កាន់តែ​បាន​បង្ហាញ​វត្តមានយ៉ាងច្រើននៅលើពិភពលោក ហើយ​ក៏បានជួយ​ឲ្យជីវភាព​ប្រជាជន​បានល្អ​ប្រសើរ​ផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមហ៊ុននានា ដែលបាន​ជួយលើក​កម្ពស់​វិស័យ​កីឡា តាមរយៈផ្តល់វិភាគទាន ក៏ដូចជាការធ្វើកម្មវិធីផ្សេងគាំទ្រដល់សកម្មភាពកីឡា។

– សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរដល់កិច្ចខិតខំនៅតាមសាលារៀននានា តាំង​ពី​បឋម ដែលបង្កើតឲ្យមានចលនាកីឡា។ សម្តេចសង្ឃឹមថា ចលនាកីឡានេះ នឹងបន្តទៅមុខទៀត ហើយ​ធ្វើឲ្យក្លាយជាចលនារបស់ជាតិ ដោយមិនមែនជារបស់ដាច់ដោយឡែក របស់ស្ថាប័ន​ណា​មួយ​នោះទេ។

– សម្តេចតេជោ ហ៊ុន សែន ថា ពីមុនកីឡាកម្ពុជា បានស្គាល់មេដាយតិចតួចណាស់ តែប៉ុន្មាន​ឆ្នាំចុង​ក្រោយ​កម្ពុជា បានស្គាល់នៅមេដាយ ជាច្រើន។ សម្តេចសង្ឃឹមថា វិស័យកីឡាកម្ពុជា នឹងប​ន្ត​រីក​ចម្រើន​ទៅមុខបន្តទៀត។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពខ្លាំង ឬខ្សោយលើវិស័យកីឡានេះ មិន​ពឹងផ្អែក​លើ​ប្រទេស​ធំ ឬតូចនោះទេ។ ប្រទេសធំខ្លះ ក៏មិនមានសមត្ថភាពខ្លាំងផ្នែកកីឡាផងដែរ ដូច្នេះ​មាន​តែការ​ខិត​ខំ​ប៉ុណ្ណោះ ទើបធ្វើឲ្យមានសមត្ថភាពខ្លាំង។

– សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសខ្លះ ដូចជាអាមេរិក បោះឆ្នោត​ប្រធានា​ធិបតី​តែ​មួយ​ជុំ រីឯបារាំង បោះឆ្នោតដល់ទៅពីរជុំ ដូច្នេះវាមិនមែនជាស្តង់ដារអន្តរជាតិនោះទេ។ សម្តេច​តេជោ ហ៊ុន សែន បានថ្លែងថា វិស័យកីឡាគឺមានស្តង់ដារអន្តរជាតិតែមួយ បើមានការផ្លាស់ប្តូរ គឺត្រូវ​ផ្លាស់​ប្តូរទូទាំងពិភពលោក។

– សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កីឡាករ កីឡាការិនី បើទោះបីចាញ់ ឬ ឈ្នះ ត្រូវគោរព​នូវស្មារ​តី​កីឡា ពោលមិនត្រូវផ្ទុះហិង្សាណាមួយ នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​កីឡាករ កីឡាការិនី ត្រូវគោរពទៅតាមច្បាប់ និងលក្ខខណ្ឌ នៃកីឡានីមួយៗ។

– សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់កីឡាករ កីឡាការិនី​វ័យក្មេងទាំងអស់ ដែល​បាន​ខិត​ខំ​ហ្វឹក​ហាត់ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែង ស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវចូលរួមសាទរទទួលនូវសមិទ្ធផលកីឡា ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ២០១៦កន្លងទៅ តែក៏ត្រូវពិនិត្យភាព ខ្វះខាត ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​ឲ្យកាន់​តែល្អ​ប្រសើរ។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៦៖៣៧នាទី ល្ងាច​ថ្ងៃដដែល​នេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ