ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងថ្នាក់ដឹកនាំកម្ពុជា ប្រារព្ធព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះវស្សា ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅព្រះបរមរាជវាំង

(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ជាខួបគម្រប់១០ព្រះវស្សា នៃការយាងសោយទិង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃទី១៥ ខែតុលា កាលពី១០ឆ្នាំមុន គឺជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុតសម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់នូវព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ការយាងសោយទិវង្គតរបស់ព្រះអង្គ ប្រៀបដូចជាស្បៃអន្ធការចូលមកគ្របដណ្តប់លើផែនពសុធាដ៏ស្រស់បំព្រង នៃដែនសីមារបស់កម្ពុជា។ ប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានបង្ហាញក្តីវិយោគ ស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា។

នៅឯព្រះបរមរាជវាំង នៅថ្ងៃនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី មុនិនាថ នរោត្តម សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមទាំងថ្នាក់ដឹកនាំជាតិសំខាន់ៗ បានប្រារព្ធព្រះរាជពិធីឧទ្ទិសព្រះមហាកុសលគម្រប់ខួប១០ព្រះវស្សា ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅព្រះបរមរាជវាំង។

ពិធីនៅព្រះបរមរាជវាំងនេះ មានការអញ្ជើញចូលរួមដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំជាឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត។

ចំណែកមន្ត្រីតាមបណ្តាក្រសួងស្ថាប័ននានា ក៏បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យផងដែរ។ ក្រៅពីនោះ នៅតាមបណ្តាខេត្តនានា អាជ្ញាធរក៏បានរៀបចំគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅក្នុងសាលាខេត្តរៀងៗខ្លួន។

ប្រជាពលរដ្ឋខ្មែរគ្រប់រូប នៅតែចងចាំជាប់មិនអាចបំភ្លេចនូវស្នាព្រះហស្ថ ព្រះបរមរតនកោតដ្ឋ គឺព្រះអង្គយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។

ក្រោយការទាមទារឯករាជ្យពីបារាំង បានជោគជ័យហើយនោះ ការបំពេញព្រះរាជកិច្ចដឹកនាំប្រទេស ក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ញប់ស្ញែង និងចងចាំមិនអាចបំភ្លេចបានឡើយចំពោះភាពរីកចម្រើន និងលិចធ្លោររបស់ជាតិកម្ពុជា។

ក្រោមការដឹកនាំរបស់ព្រះមហាវីរក្សត្រព្រះបាទ នរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋរបបសង្គមរាស្ត្រនិយម កម្ពុជាត្រូវបានគេចាត់ទុកថាជា «គុជអាស៊ី» ដោយសារមានការរីកចម្រើនលើគ្រប់វិស័យ។ សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ។

គំរូវីរភាពដ៏អង់អាចក្លាហាន ក្នុងការទាមទារឯករាជ្យពីបារាំង និងស្នាព្រះហស្ថដឹកនាំកសាងសង្គមកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយមឲ្យល្បីរន្ទឺនៅអាស៊ីនោះហើយ ជាការសាងនូវភាពល្បីល្បាញ និងអន្ទងដួងចិត្ត និងបេះដូងរាស្ត្រខ្មែរនៅតែនឹករឭក និងចងចាំគ្មានថ្ងៃបំភ្លេច ដូចពាក្យសុភាសិតខ្មែរមួយឃ្លា បានពោលថា «ទូកទៅ កំពង់នៅ»។ បើទោះបីព្រះកាយរបស់ព្រះអង្គ បានរសាត់បាត់ពីភពផែនដី តែព្រះកិត្តិនាមរបស់ព្រះអង្គ នៅតែបន្តក្រអូបឆ្ងុយឆ្ងប់ក្រាលគ្រប លើផែនពសុធានៃរដ្ឋកម្ពុជា។

ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១៖២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា។ ព្រះសពរបស់អតីតព្រះមហាក្សត្រ ត្រូវបានដឹកតាមជើងយន្តហោះពិសេសពីប្រទេសចិនមកកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង៣រសៀល។

ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលនៃកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។ នៅថ្ងៃទី១៥ តុលា ទៀតសោត ទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ