សុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អាស៊ាន ដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស»

សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អាស៊ាន ដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស»
********

CNV:

សម្តេច, ឯកឧត្តម, លោកជំទាវ, សមាជិក, សមាជិការាជរដ្ឋាភិបាល,
ឯកឧត្តម, លោកជំទាវឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា,
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងជា ប្រធានសភាពាណិជ្ជកម្មកម្ពុជា
ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និង ជាប្រធានក្រុម ប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី,
លោក តាន់ ស៊ឺ មៃឃើល យ៉ូ (Tan Sri Michael Yeoh) ស្ថាបនិក និងជា ប្រធាន វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី ប៉ាស៊ីហ្វិក
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និង ភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី!

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតីនៅក្នុង ពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស»។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានយុទ្ធសាស្រ្តដើម្បីអាស៊ីប៉ាស៊ីហ្វិក (KSI), ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និង វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សម្រាប់ការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។

យើងទាំងអស់គ្នាពិតជាមានមោទកភាព ដែលនៅក្នុងដំណើរដ៏វែងឆ្ងាយរយៈពេល ៥៥ ឆ្នាំកន្លងមកនេះ អាស៊ានបានក្លាយជាសហគមន៍មួយ ដែលជារួម ពោរពេញដោយសន្តិភាព, សន្តិសុខ, ស្ថិរភាព, ជវភាព និងវិបុលភាព។ ជាការពិត, ស្របពេលដែលអាស៊ាន បាននិងកំពុងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពឡើងវិញ, ស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូលនៅមានភាពផុយស្រួយ និងងាយបែកខ្ញែក។ ជាក់ស្ដែង, ការបន្តអូសបន្លាយនៃសង្គ្រាមរុស្ស៊ី អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ តាមរយៈការបង្កឱ្យមានការកើនឡើងនៃសម្ពាធអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ចូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកលកាន់តែធ្ងន់ធ្ងរ ជាពិសេស នៅក្នុងវិស័យទំនិញម្ហូបអាហារ។ ទន្ទឹមគ្នានេះ, ភាពតានតឹងនៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់យុទ្ធសាស្ត្រមួយចំនួន រួមទាំងក្នុងទ្វីបអាស៊ីផងដែរនោះ ក៏នឹងបន្តចោទជាបញ្ហា និងហានិភ័យដល់ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងសកល។

បញ្ហាប្រឈមទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពមានកម្រិតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលការណ៍នេះទាមទារឱ្យមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាឡើងវិញ ក្នុងការបង្កើតភាពជាដៃគូយ៉ាងស្អិតរមួត ប្រកបដោយភាពទូលំទូលាយ ទាំងក្នុងក្របខណ្ឌតំបន់ និងសកល។ ខ្ញុំសូមរំលឹកឡើងវិញថា នៅពេលមានការផ្ទុះឡើងដំបូងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ប្រទេសនីមួយៗបានបិទព្រំប្រទល់ និងកាត់បន្ថយការទាក់ទងរវាងមនុស្ស និងទំនិញឆ្លងកាត់ព្រំដែន ដោយសារនៅពេលនោះ យើងមិនទាន់យល់ច្បាស់អំពីជំងឺនេះ។ ប៉ុន្តែ, ការថមថយនៃការឆ្លងរាលដាលក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន ដូចដែលយើងមើលឃើញនាពេលបច្ចុប្បន្ននេះ គឺផ្តើមចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឡើងវិញ តាមរយៈការចែករំលែកវ៉ាក់សាំង, ការផ្តល់ជំនួយហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកបច្ចេកទេស ក្រោមស្មារតីយោគយល់ និងចេះ ជួយគ្នាទៅវិញទៅមក។

ស្រដៀងគ្នានេះដែរ, នៅក្នុងក្របខណ្ឌតំបន់អាស៊ាន, ភាពជាអ្នកដឹកនាំ និងភាពជាដៃគូ គឺជាកត្តាចម្បង ដែលបានធ្វើឱ្យយើងអាចជម្នះគ្រប់ឧបសគ្គ និងប្រែក្លាយតំបន់អាស៊ាន ឱ្យទៅជាតំបន់មួយលេចធ្លោ និងមានការរីកចម្រើនលើគ្រប់វិស័យ។ ក្នុងស្មារតីនេះ, ស្ថិតក្នុងស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន, យើងមិនត្រឹមតែមិនត្រូវបែកបាក់សាមគ្គីភាពប៉ុណ្ណោះទេតែផ្ទុយទៅវិញ យើងត្រូវពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតថែមទៀត ស្របតាមមូលបទ «អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN ACT: Addressing Challenges Together)» ដែលកម្ពុជាបានកំណត់ក្នុងនាម ជាប្រធានអាស៊ាន ក្នុងឆ្នាំ ២០២២ នេះ ដើម្បីបន្តរក្សាភាពរីកចម្រើនទៅមុខ ឆ្ពោះទៅរកអនាគតភ្លឺស្វាង និងវិបុលភាពរួម។

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, និង ភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី!
ជាមួយនឹងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាល, វិស័យឯកជន, ស្ថាប័នជាតិ និងអន្តរជាតិ និងស្ថាប័នស្រាវជ្រាវ, វេទិកានាថ្ងៃនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពជាអ្នកដឹកនាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងភាពស្អិតរមួតនៃភាពជាដៃគូក្នុងតំបន់អាស៊ាន ទាំងមូលរបស់យើង។ វេទិកានេះ នឹងផ្តល់ឱកាសឱ្យយើងពិភាក្សាអំពីការរួមគ្នាដោះស្រាយវ រាល់បញ្ហាប្រឈមក្នុងតំបន់ និងក្នុងសកល ក៏ដូចជា ការរួមគ្នាចាប់យកឱ្យអស់លទ្ធភាព កាលានុវត្តភាពថ្មីដែលបានលេចចេញឡើង ដូចជា សន្ទុះដ៏លឿននៃឌីជីថលូបនីយកម្ម និងការកើនឡើងនៃទំហំធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ជាដើម។

ទន្ទឹមនេះ, ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះ ប្រកាសបើកជាផ្លូវការនូវ ក្លឹបសេដ្ឋកិច្ច អាស៊ាន (ASEAN Economic Club)។ ក្លឹបនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានឱ្យកាន់តែជិតស្និទ្ធ តាមរយៈការចូលរួមតាមដាន, វាយតម្លៃ និងផ្តល់អនុសាសន៍ឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ លើការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយ ដែលថ្នាក់ដឹកនាំអាស៊ានបានសម្រេច ជាពិសេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងដទៃពាក់ព័ន្ធនឹងសរសរស្ដម្ភសេដ្ឋកិច្ច។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ, ខ្ញុំបានស្នើបង្កើតឡើងនូវ ក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដែលអាចអនុញ្ញាតឱ្យតំបន់របស់យើងធ្វើអន្តរកាលជាបណ្តើរៗ ទៅជាសហគមន៍ ដែលមានចីរភាព, ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់។ ឈរលើស្មារតីនេះ, ខ្ញុំសូមស្វាគមន៍នូវគំនិតផ្តួចផ្ដើមរបស់វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ីប៉ាស៊ីហ្វិក និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការបង្កើតឡើងនូវ តំបន់សេដ្ឋកិច្ច ឬ វិនិយោគបៃតង (Green Economic or Investment Zone)។ ជាមួយនឹងការដាក់ឱ្យចូលធរមាននូវច្បាប់ស្ដីពីវិនិយោគថ្មី នាពេលថ្មីៗកន្លងទៅនេះ, កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់តំបន់សេដ្ឋកិច្ចបៃតងដំបូងគេបង្អស់។ ខ្ញុំក៏សូមគាំទ្រការបង្កើតឡើងនូវ មូលនិធិអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Development Fund) ដែលនឹងចូលរួមចំណែកក្នុងបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI), និងបំពាក់នូវជំនាញ និងឧបករណ៍ចាំបាច់ដល់កម្លាំងពលកម្មកម្ពុជាក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ នេះ។

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, និង ភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី !
សម្រាប់វេទិការបស់យើងនាពេលនេះ, ខ្ញុំសូមលើកទឹកចិត្តឱ្យមានការពិភាក្សាដោយត្រង់ទៅត្រង់មក ក្នុងស្មារតីយោគយល់គ្នាទៅវិញទៅមក ដើម្បីអាចទទួលបានលទ្ធផលជាផ្លែផ្កាដ៏ពិតប្រាកដ និងបង្ហាញឱ្យសកលលោកឃើញពីឆន្ទៈក្នុងការបន្តពង្រឹងភាពជាអ្នកដឹកនាំ និងភាពជាដៃគូរបស់អាស៊ាន ដោយយកការសន្ទនាដោយសន្តិវិធីជាយន្តការដោះស្រាយបញ្ហា ទោះបីស្ថិតនៅក្នុងបរិការណ៍មួយដែលច្របូកច្របល់ និងមានការធ្លាក់ចុះនៃការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ។

ដើម្បីជាធាតុចូលបន្ថែម សម្រាប់កិច្ចពិភាក្សាក្នុងវេទិកានាថ្ងៃនេះ, សូមអនុញ្ញាតឱ្យខ្ញុំចូលរួមផ្តល់យោបល់ផ្ទាល់ខ្លួនមួយចំនួន ដូចខាងក្រោម៖

ទី១. ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមានស្ថិរភាព និងសុខសន្តិភាពពេញលេញ។ ក្នុងន័យនេះ, អាស៊ានត្រូវបញ្ចៀសឱ្យបាននូវភ្លើងសង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាស ហិនហោច និងការបាត់បង់អាយុជីវិតរបស់ប្រជាជន។ កម្ពុជា ដែលជាប្រទេសធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើន ដោយសារភ្លើងសង្គ្រាម សូមក្រើនរំលឹកយ៉ាងទទូចថា ការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់គ្នាទៅវិញទៅមក និងការកំណត់សុខុមាលភាពប្រជាជនជាអាទិភាពចម្បងបំផុត គឺជានយោបាយឈ្នះ-ឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាង ពិតប្រាកដ

ទី២. ក្នុងបរិការណ៍ដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កំពុងតែមានភាពក្ដៅគគុក, អាស៊ានត្រូវធ្វើខ្លួនជាតំបន់គំរូនិងត្រូវរួមគ្នាធានាឱ្យបាននូវសុខសន្តិភាព, ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ បន្ថែមលើនេះ, អាស៊ានក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្តាល និងដើរតួនាទីជាវេទិការួមមួយសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងការពង្រឹងនិម្មាបនកម្មតំបន់ ដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាបន្ន និងយកច្បាប់ជាគោល

ទី៣. ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន, យើងត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយតំបន់អាស៊ានឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការ​វិនិយោគប្រកបដោយភាពទាក់ទាញ និងជវភាព ជាពិសេសតាមរយៈការដោះស្រាយបញ្ហារបាំងពន្ធ និងមិនមែនពន្ធ, និងការផ្ដល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមក ដើម្បីពន្លឿនការអនុវត្ត និងទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសកលលោក

ទី៤. អាស៊ានត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច សំដៅបំពេញរាល់តម្រូវការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផលប្រយោជន៍ប្រកបដោយបរិយាបន្ន និងសមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ, ការពង្រឹង សហគ្រិនភាព និងផ្ដល់ការគាំទ្រដល់សហគ្រាសធុនមីក្រូ, តូច និង មធ្យម, ការពង្រឹងវិស័យអប់រំ, សុខាភិបាល និងកិច្ចគាំពារសង្គម, ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ, ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការធានាសន្តិសុខស្បៀង; និង

ទី៥. អាស៊ានត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមាពីសក្តានុពល និងកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជា សេដ្ឋកិច្ចវិលជុំ, សេដ្ឋកិច្ចបៃតង និងជាពិសេស ការធ្វើឌីជីថលូបនីយកម្ម ដែលនឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, ការវិនិយោគ, ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជា ការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ ឱ្យបានយ៉ាងឆាប់រហ័ស ស្របតាមមូលបទរបស់យើងក្នុងថ្ងៃនេះ។

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, និង ភ្ញៀវកិត្តិយសទាំងអស់ ជាទីមេត្រី!
ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ ២០២២ នេះ, កម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងគ្រប់ទម្រង់ និង គ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ និងនយោបាយ ជាមួយ ប្រទេសជាមិត្ត, ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ទាំងក្នុងក្របខណ្ឌប្រទេស និង តំបន់ ជាពិសេសតាមរយៈ ការរៀបចំវេទិកាសន្ទនាដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ កម្ពុជាចង់ឃើញតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូល មានសុខសន្តិភាព, ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព និងបរិយាបន្នយ៉ាងពិតប្រាកដ ជាមួយនឹងការគោរពអធិបតេយ្យភាពនៃប្រទេសនីមួយៗ, ការអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេស ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្រកាន់ខ្ជាប់ជានិច្ចនូវយន្តការពហុភាគីនិយម ដែលមានការចូលរួមសន្ទនាពីគ្រប់ភាគីពាក់ព័ន្ធ និងការរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី ជាមួយនឹងស្មារតីបើកចំហ, យោគយល់ និងអត់ធ្មត់ឱ្យគ្នាទៅវិញទៅមក។

ខ្ញុំសូមជូនពរឱ្យវេទិកាដំណើរការទៅដោយរលូន និងប្រកបដោយលទ្ធផលជាផ្លែផ្កា និងសូមជូនពរ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និង ភ្ញៀវកិត្តិយសទាំងអស់ ឱ្យបានសមប្រកបនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ, វណ្ណៈ, សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមប្រកាសបើក វេទិកាភាពជាអ្នកដឹកនាំ និង ភាពជាដៃគូអាស៊ាន ឆ្នាំ ២០២២ ចាប់ពីពេលនេះតទៅ។

សូមអរគុណ!

 

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...