សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបូជាគ្រឿងសក្ការៈចេតីយ៍តម្កល់សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ លាង វួចឆេង ហ៊ុនណេង ឧបាសក ហ៊ុន ស៊ាងហេង លោកជំទាវ ហ៊ុន គឹមឡេង និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អ្នកឧកញ៉ា ហ៊ុន តូ និងលោកជំទាវ លោកស្រី ហ៊ុន ចាន់ធូ និងស្វាមី លោកស្រី ហ៊ុន ចាន់ថា និងស្វាមី លោក ហ៊ុន តុលា និងភរិយា ត្រូវជាភរិយា ប្អូនបង្កើន ប្អូនថ្លែ កូនបង្កើត ប្អូនប្រសារ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង មូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញញញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាមរណភាពលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខគម្រប់១០០ថ្ងៃ នៅ១៤កើត ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២។
នៅមុនពិធីបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា លោកជំទាវ លាង វួចឆេង ហ៊ុនណេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបាសក ហ៊ុន ស៊ាងហេង លោកជំទាវ ហ៊ុន គឹមឡេង និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អ្នកឧកញ៉ា ហ៊ុន តូ និងលោកជំទាវ លោកស្រី ហ៊ុន ចាន់ធូ និងស្វាមី លោកស្រី ហ៊ុន ចាន់ថា និងស្វាមី លោក ហ៊ុន តុលា និងភរិយា ត្រូវជាភរិយា ប្អូនបង្កើន ប្អូនថ្លែ កូនបង្កើត ប្អូនប្រសារ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានអញ្ជើញបូជាទៀនធូប ផ្គាភ្ញីទឹកអប់ប្រេងម៉្សៅគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈគ្រប់សារពើ នៅទីសក្ការៈចេតីយ៍តម្កល់សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលមានទីតាំងស្ថិតរម្មីយដ្ឋានភ្នំប្រុស ក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
នៅក្នុងពិធីតាមបែបសាសនា ក្រោមកិច្ចដឹកនាំរបស់អ្នកឧកញ៉ាភក្តី ហេង គឹមគុណ ធម្មការព្រះបរមរាជវាំង បានធ្វើការបូងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ថែរក្សាក្នុងចក្រវាឡ បារមីវត្ថុស័ក្តិសិទ្ធថែរក្សាការពារម្ចាស់ទឹកម្ចាស់ដី នៃរម្មណីដ្ឋានភ្នំប្រុស នៃទឹកដីភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពិសេសវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខគម្រប់ ១០០ថ្ងៃហើយនោះ សូមជួយឃុំគ្រងថែរក្សាការពារ និងការប្រារព្វពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រព្រឹត្តិទៅដោយភាពសុខដុមរមនា ត្រជាក់ត្រជុំថ្កើនថ្កានដល់គ្រប់ក្រុមគ្រួសារទាំងអស់ ពិសេសដើម្បីឧទ្ទិសវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានយោងយិតទៅកាន់ឋានបរមសុខ សុគតិភពកុំបី ឃ្លាងឃ្លាតដោយប្រការណាមួយឡើយ។
សូមបញ្ជាក់ថា ចេតីយ៍តម្កល់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានកសាងឡើងក្រោមរចនាបថសម័យទំនើបមានទំហំ១១ម៉ែត្របួនជ្រុង និងកម្ពស់៣៣ម៉ែត្រ បំពាក់ទៅដោយគ្រឿងរចនាបថខ្មែរ និងការស្ថាបនាសួនឧទ្យានភ្លើងបំពាក់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ