សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី ១ (២០២០-២០២១) និងឆមាសទី ១ ឆ្នាំ ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ ក្នុ្នងដំណាក់កាលទី២ (ឆមាសទី ២ ឆ្នាំ ២០២២-២០២៣)

CNV:

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុង “ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ បូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនៃវិស័យ ទេសចរណ៍ ក្នុ្នងដំណាក់កាលទី២(ឆមាសទី២ ឆ្នាំ២០២២-២០២៣)”។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារសម្រេចបានដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការស្ដារ និងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ។ ជាអកុសល ការរីកចម្រើននៃវិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ក្នុងអំឡុងពេលជាង ២ ឆ្នាំចុងក្រោយ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍនៅទូទាំងសកលលោក។ វិស័យទេសចរណ៍រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារជំងឺកូវីដ-១៩ បានផ្អាកការធ្វើដំណើរ ទាំងក្នុង និងក្រៅប្រទេស ដែលបង្ខំឱ្យអាជីវកម្មទេសចរណ៍ និងធុរកិច្ចពាក់ព័ន្ធបិទទ្វារ និងធ្វើឱ្យបុគ្គលិករាប់ម៉ឺននាក់បាត់បង់ការងារ។

ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពសាធារណៈ និងជីវភាពរបស់បងប្អូនប្រជាជន ព្រមទាំងទស្សនវិស័យ “ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត” រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍ចំនួន ១០ ជុំ រួមទាំងវិធានការនានា នៅឆ្នាំ២០២២ នេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃវិបត្តិជំងឺកូវីដ-១៩ មកលើការអភិវឌ្ឍសង្គមសេដ្ឋកិច្ច សំដៅធានាលំនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងលំនឹងនៃសកម្មភាពសេដ្ឋកិច្ច ធុរកិច្ច និងវិនិយោគ។

ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យដំណើរការ “គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍” ក្នុងកញ្ចប់ថវិកាចំនួន ១៥០ លានដុល្លារអាមេរិក ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រាសក្នុងវិស័យទេសចរណ៍សម្រាប់ការបើកដំណើរការអាជីវកម្មឡើងវិញ ការកែលម្អ និងធ្វើទំនើបកម្មសេវាទេសចរណ៍ ព្រមទាំងការពង្រីកខ្លួន និងធ្វើពិពិធកម្មសេវាទេសចរណ៍ សំដៅទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងដំណាក់កាលងើបឡើងវិញនេះ។

ដើម្បីធានាប្រសិទ្ធភាពនៃការបើកដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឱ្យប្រើប្រាស់នូវ “យុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុង បរិការណ៍នៃជំងឺកូវីដ-១៩” និង “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣”។

កម្ពុជាជាប្រទេសដំបូងគេមួយនៅក្នុងតំបន់ ដែលបានបើកចំហ ដោយកាត់បន្ថយរបាំងទទួលទេសចរអន្តរជាតិ ក្នុងការចូលមកកាន់ប្រទេសកម្ពុជា ហើយកាលពីខែមីនា ឆ្នាំ២០២២ កម្ពុជាក៏បានសម្រេចបើកការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិឡើងវិញ និងផ្តល់ទិដ្ឋាការនៅពេលមកដល់ (Visa on arrival) និងលុបចោលលក្ខខណ្ឌតម្រូវឱ្យបង្ហាញលទ្ធផល ភីស៊ីអ (PCR) តេស្តអវិជ្ជមាន និងមិនតម្រូវឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់ ដោយគ្រាន់តែបង្ហាញប័ណ្ណ ឬព័ត៌មាននៃការចាក់វ៉ាក់សាំងគ្រប់ដូស។

ដើម្បីបន្តពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍ ពិសេស ជំរុញសន្ទុះនៃវិស័យនេះឱ្យប្រសីរឡើងវិញ ខ្ញុំសូមដាក់ចេញនូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១. ត្រូវធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ក្នុងនោះក្រុមការងារ រាជរដ្ឋាភិបាល និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការអនុវត្តក្របខណ្ឌ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍ ព្រមទាំងយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍។ ក្រសួងទេសចរណ៍ត្រូវបន្តតាមដាន និងវិភាគស្ថានភាពវិស័យទេសចរណ៍កម្ពុជា តំបន់ និងសកលលោកឱ្យបានជាប់ជាប្រចាំ។

ទី២. បន្តជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍ ដោយបន្តអនុវត្តកម្មវិធីគាំពារអាជីវកម្មទេសចរណ៍​ តាមរយៈការផ្តល់ការអនុគ្រោះផ្នែកសារពើពន្ធ កម្មវិធីសហហិរញ្ញប្បទាន និងកម្មវិធីផ្តល់ការធានាឥណទានតាមរយៈសាជីវកម្មធានាឥណទានកម្ពុជា។ ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្សនៅក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍជំនាញ ការជំរុញអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍សំដៅឈានដល់ការអភិវឌ្ឍ “ទេសចរណ៍ឆ្លាត” ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។

ទី៣. បង្កើនភាពទាក់ទាញគោលដៅកម្ពុជាសម្រាប់ទីផ្សារទេសចរណ៍ជាតិ និងអន្តរជាតិ តាមរយៈបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ជំរុញពិពិធកម្មគោលដៅផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែងខ្ពស់។ ត្រូវសិក្សាប្រភពទីផ្សារគោលដៅ ដែលមានសក្តានុពល និងចាប់យកបច្ចេកវិទ្យាឌីជីថល ទាំងរដ្ឋ និងវិស័យឯកជន ពិសេសការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍តាមបែបឌីជីថល ការទូទាត់តាមប្រព័ន្ធឌីជីថល និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល។

ទី៤. ពង្រឹងការអនុវត្តយន្តការអភិបាលកិច្ចទេសចរណ៍ថ្មី ដើម្បីបន្តធានានូវភាពធន់ក្នុងវិស័យទេសចរណ៍ ដែលជា “មាសបៃតង” របស់កម្ពុជា។ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអភិវឌ្ឍទេសចរណ៍ ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សាបង្កើតវេទិការួមអចិន្ត្រៃយ៍សម្រាប់តំបន់ទេសចរណ៍អាទិភាពនីមួយៗ ដើម្បី “រួមគិត រួមធ្វើ រួមទទួលខុសត្រូវទាំងអស់គ្នា” និងត្រូវពង្រឹងយន្តការគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត។

ទី៥. បន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែខ្លាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមស្មារតីនៃយុទ្ធនាការ “ទស្សនាស្រុកយើង : ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី ឬស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី” និងកិច្ចសហការជំរុញការអនុវត្ត “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” ឱ្យមានប្រសិទ្ធភាពខ្ពស់។

ទី៦. ពង្រឹង និងបង្កើនលទ្ធភាពនៃការតភ្ជាប់មកកាន់កម្ពុជា ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ដើម្បីជំរុញការតភ្ជាប់ប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកម្ពុជា។ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នាឱ្យបានល្អ ប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្ម ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការតភ្ជាប់ចូលមកកម្ពុជាពីប្រភពទីផ្សារទេសចរណ៍សំខាន់ៗនៅក្នុងតំបន់ និងសកលលោក។

ទី៧. ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ខ្ញុំស្នើឱ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដាក់ចេញជាយុទ្ធនាការ ទស្សនាកម្ពុជាឆ្នាំ ២០២៣ (Visit Cambodia Year 2023) ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ សូមក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប ចូលរួមយុទ្ធនាការ “កម្ពុជាស្អាត” និង “ទីក្រុងស្អាត រមណីយដ្ឋានស្អាតសេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ដើម្បីលើកកម្ពស់មុខមាត់កម្ពុជាផង និងអបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផង។

[ចាប់ផ្តើមសេចក្ដីអធិប្បាយ]

(១) វិស័យទេសចរណ៍បន្ដរងការប៉ះពាល់ពីសង្គ្រាម និងទណ្ឌកម្មពិភពលោក

អនុញ្ញាតឲ្យខ្ញុំធ្វើការវាយតម្លៃ និងធ្វើការដាស់តឿនបន្ថែមទៅលើចំណុចខ្លះ។ យើងបានដឹងហើយថា កូវីដ-១៩ បានធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ជាងគេលើវិស័យទេសចរណ៍។ ឧស្សាហកម្ម កសិកម្ម និងសេវាមួយចំនួនបានងើបឡើងហើយ ប៉ុន្ដែវិស័យទេសចរណ៍ស្ថិតក្នុងស្ថានភាពរើបៗ។ ឥឡូវនេះ បញ្ហាថ្មីក៏បានមកដល់ ដែលវា​អាចបំផ្លាញវិស័យទេសចរណ៍នេះថែមទៀត នោះនៅត្រង់ថាសង្គ្រាមនិងទណ្ឌកម្ម បង្កើតនូវ​ស្ថានភាពមិនច្បាស់លាស់នៃពិភពលោកមួយដែលបែកបាក់ និងគ្មានសណ្ដាប់ធ្នាប់។ បញ្ហាវាមិនមែនតែសង្គ្រាម​នៅអ៊ុយក្រែនទេ ប៉ុន្ដែវាផ្ដើមចេញពីទណ្ឌកម្ម(ផងដែរ) ដែលទណ្ឌកម្មនោះបង្កើតឲ្យមានចលាចលទីផ្សារពិភព​លោក។

ការព្រមានបន្ដបន្ទាប់ពី IMF មិនមែនគ្មានហេតុផលនោះទេ។ កំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចុះជាបន្ដបន្ទាប់។ អតិផរណាតាមបណ្ដាប្រទេសមានការកើនឡើង។ នេះវាមានការទាក់ទងជាមួយនឹងជីវភាព​ប្រជាជននៅតាមបណ្ដាប្រទេស ជាពិសេសសំបុត្រយន្ដហោះអាចឡើងថ្លៃមួយជាពីរ។ នោះហើយជាផលប៉ះពាល់ដែលអាចបង្កជាការរំខានដល់វិស័យទេសចរណ៍។ ចំណុចនេះយើងអាចនឹងមើលឃើញថា​ វានឹងអាចកើតមាន។ ប្រសិនបើប្រេងនៅបន្ដឡើងថ្លៃបែបនេះ វិបត្ដិសេដ្ឋកិច្ចសកលវានឹងអាចកើតមាន ហើយយ៉ាងហោចណាស់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍អាចនឹងលំបាក។

(២) គោលនយោបាយ សូន្យកូវីដ-១៩ ប៉ះពាល់ដល់ការដឹកជញ្ជូន និងលំហូរទេសចរ

បន្ថែមលើនោះក្នុងរបាយការណ៍(ដែល)ឯកឧត្តម​ ថោង ខុន លើកឡើងអម្បាញ់មិញ ទាក់ទិននឹងការការពារខ្លួនរបស់សាធារណរដ្ឋប្រជាមានិតចិន (ក្នុងការអនុវត្ត)នយោ​បាយសូន្យ កូវីដ-១៩។ យើងដឹងហើយថាប្រទេសជាច្រើនក្នុងតំបន់នេះ មិនថាតែតំបន់អាស៊ីទេ តំបន់​អឺរ៉ុបក៏ត្រូវការទេសចរចិន។ ចិនមានទេសចរច្រើនជាងគេ។ ប៉ុន្ដែនៅពេលដែលចិនអនុវត្ដវិធានការសូន្យ កូវីដ-១៩ ​នេះ បានធ្វើឲ្យមានការប៉ះពាល់ទៅដល់ការដឹកជញ្ជូន។ បញ្ហាធំជាងគេទាក់ទិននឹងពលរដ្ឋរបស់ចិនត្រូវធ្វើ​ដំណើរទៅកាន់បណ្ដាប្រទេសនានា។ កម្ពុជាក៏ទទួលរងផលប៉ះពាល់ពីនយោបាយសូន្យ កូវីដ-១៩ របស់ចិន ប៉ុន្ដែយើងក៏យោគយល់ចំពោះកិច្ចការពារខ្លួនរបស់ប្រជាជនចិន ដើម្បីកុំឲ្យមានមនុស្ស​ស្លាប់នៅក្នុងប្រទេសចិន។ ដូចឯកឧត្តម ថោង ខុន បានព្យា​ករដោយប្រើពាក្យថា «ប្រសិនបើចិន(ដកចេញនូវ)នយោបាយសូន្យ កូវីដ-១៩ ទេសចរនឹងកើនដល់ប៉ុណ្ណាៗ»។ ហ្នឹង(យើង)ប្រើពាក្យប្រសិន។ ចុះបើអត់មានប្រសិនហ្នឹង។ ហ្នឹង​ជាបញ្ហាដែលយើងត្រូវគិត … ប្រសិនបើចិនដកចេញនូវ​នយោបាយសូន្យ កូវីដ-១៩ ទេសចរនឹងកើនដល់ប៉ុណ្ណេះឬប៉ុណ្ណោះ។ អញ្ចឹងបើ(ការប្រសិន)ហ្នឹងវាអត់កើត(ជាការពិត) (ស្ថានភាព)វានៅតែដដែលហ្នឹង​។

(៣) ប្រេងឡើងថ្លៃធ្វើឲ្យសំបុត្រយន្តហោះឡើងថ្លៃ ដំណើររបស់ទេសចរកាន់តែលំបាក

បន្ថែមលើនោះ តម្លៃនៃការធ្វើដំណើររបស់ទេសចរដែលធ្វើដំណើរពីអាមេរិក អឺរ៉ុប ឬពីតំបន់ផ្សេងចូលមក​កាន់កម្ពុជា គឺសំបុត្រយន្ដហោះកាន់តែថ្លៃ សភាពការណ៍នេះកាន់តែលំបាក។ បន្ថែមលើនោះ ខ្ញុំសូមបញ្ជាក់ថា តម្លៃប្រេង តម្លៃធ្យូងថ្ម បច្ចុប្បន្ននេះធ្វើឲ្យអគ្គិសនី​កម្ពុជាត្រូវខាតបង់។ ប្រសិនបើអគ្គិសនីកម្ពុជាមិនបានទទួលការរ៉ាប់រងពីរាជរដ្ឋាភិបាលនោះទេ គ្រាន់តែតម្លើងថ្លៃអគ្គិសនីនឹងបានធ្វើឲ្យស​ណ្ឋាគារទាំងឡាយមិនអាចធ្វើអាជីវកម្មបាន។ នេះជាចំណុចដែលយើងត្រូវមើលឃើញពីបញ្ហាទាំងឡាយដែលបាននិងកំពុងកើត និងប្រឈមក្នុងពេលខាងមុខនេះ។ យើងត្រូវទ្រាំទ្រនូវការលំបាកបែបនេះជាបន្ដទៀត។ យើងត្រូវតាមដានវាយតម្លៃសភាពការណ៍នេះជាប់ជាប្រចាំ។

(៤) រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រទេសចរណ៍ផ្ទៃក្នុង

យើងត្រូវបង្វែរទិសដៅមកជម្រុញទេសចរណ៍ផ្ទៃក្នុង ដូចចំណុចទី៥ ដែលខ្ញុំបានលើកឡើងខាងលើ។ ទេសចរណ៍ផ្ទៃក្នុងបានរួមចំណែកយ៉ាងធំនៅក្នុងដំណាក់កាលនៃ​ការ​ស្ដារឡើងវិញ ក្នុងពេលដែលយើងអនុវត្ដនូវវិធានការរស់នៅតាមគន្លងថ្មីរៀនរស់នៅជាមួយ កូវីដ-១៩។ យើងទទួលទេសចរក្នុងមួយអាទិត្យប្រមាណ ៣០ម៉ឺននាក់ ដែលនោះផ្ដល់ឱកាសឲ្យប្រជាជនកម្ពុជារបស់យើងមាន​ឱកាសសម្រាប់ស្គាល់ទឹកដីរបស់ខ្លួន ជាជាងទៅស្គាល់នៅប្រទេសក្រៅ។

ករណីនេះ យើងគួរបន្ដធ្វើ ហើយវាក៏ជាការ​រួមចំណែកមួយដ៏ធំនៅក្នុងការអភិរក្សនូវធនធានព្រៃឈើ និងធនធានសត្វរបស់យើងផងដែរ។ ទេសចរណ៍សហគមន៍នៅមូលដ្ឋាន កំពុងផ្ដល់ផលប្រយោជន៍យ៉ាងធំសម្រាប់ការទៅលេងកម្សាន្ដរបស់ប្រជាពលរ​ដ្ឋរបស់យើង ហើយធ្វើឲ្យប្រជាពលរដ្ឋរបស់យើងចូលរួមរក្សាព្រៃឈើ អភិរក្សសត្វព្រៃ ដែលគាត់មិនបន្ដការបរ​បាញ់ឬបន្ដការកាប់ឈើ កាប់អុសបន្ដទៅទៀត។ (ប្រជាពលរដ្ឋសហគមន៍)បន្ដទទួលផលចំណេញពីវិស័យទេសចរណ៍វាប្រសើរជាង។​ ​យ៉ាងណាក៏ដោយ យើងត្រូវមានហេដ្ឋារចនាសម្ព័ន្ធគ្រាំទ្រឲ្យវិស័យទេសចរណ៍ផ្ទៃក្នុងរបស់យើងរីកចម្រើន​ផងដែរ។ ក្នុងវិស័យគាំទ្រនេះ រួមមានការតភ្ជាប់ផ្លូវ កសាងផ្លូវចូលទៅក្នុងកន្លែងទេស​ចរណ៍ថ្មីៗដែលទើបនឹងកើត​ ដែលចំាបាច់ឲ្យមានផ្លូវថ្នល់ចូលទៅដល់ ការដោះស្រាយទឹកស្អាត អគ្គិសនី និងសេវាទូរស័ព្ទ​។​

(៥) សម័យកូវីដ-១៩ ឌីជីថលជួយពិភពលោកឲ្យបន្តធ្វើការប្រាស្រ័យទាក់ទងបាន

ឌីជីថលជាបញ្ហាមួយដែលគេបានមើលឃើញនូវការជឿនលឿនឡើង​ក្នុងសម័យ កូវីដ-១៩។ វាជាភ័ព្វសំណាងមួយរបស់កម្ពុជា (និង)ពិភពលោកហើយ ដែលឌីជីថលបានដើរលឿនមួយជំហានមុន កូវីដ-១៩ មកដល់។ ​ប្រសិនបើ(ការប្រាស្រ័យដោយ)អនឡាញ មិនបានកើតមុន កូវីដ-១៩ ប្រហែលជាពិភពលោកកាត់ផ្ដាច់ពីគ្នា​ជាកង់ៗ មិនអាចប្រជុំជាមួយគ្នាបានទេ។ ប៉ុន្ដែនៅពេលដែល កូវីដ-១៩ បានមកដល់ បច្ចេកវិទ្យាព័ត៌មាន​នៅកម្ពុជាបានដើរលឿនមួយជំហាន។ ខ្ញុំអាចនិយាយដោយមោទនភាពថា ដំណាក់កាល កូវីដ-១៩ នេះ កម្ពុជាគឺប្រទេសដែលមានការជឿន​លឿនតាមរយៈការជម្រុញប្រើប្រព័ន្ធបច្ចេកវិទ្យា។

អ្វីដែលជាគោលដៅដែលខ្ញុំ​ដាក់ចេញមុនពេល កូវីដ-១៩ មកដល់ឲ្យធ្វើអក្ខរកម្មព័ត៌មានវិទ្យា ហោចណាស់ជុំវិញប្រព័ន្ធទូរស័ព្ទគឺសំរេចជោគជ័យ។ ពេលនោះដាក់លក្ខខណ្ឌថា បើអ្នកឯងមិនចេះប្រព័ន្ធហ្នឹងទេ ខ្ញុំមិនអាចតែងតាំងអ្នកឯងឲ្យកាន់តំណែងទេ។ ​មិនចាំបាច់ទៅណាឆ្ងាយទេ។ (មិនចាំបាច់)ទៅរៀនកុំព្យូទ័រ(អី)ទេ ទៅរៀនត្រឹមជុំប្រព័ន្ធទូរស័ព្ទបានហើយ។ ចេះ​ប្រើត្រឹមតែប៉ុណ្ណឹង អញ្ចឹងអាចទាក់ទងគ្នាតាមប្រព័ន្ធបណ្ដាញនានា Telegram WhatsApp Wechat Line ហើយយើងអាចទំនាក់ទំនងគ្នាប្រជុំតាម Zoom បានទៀតផង។

(៦) បង្កើនការផ្គត់ផ្គង់សេវាទូរស័ព្ទនិងអ៊ីនធើណែតបម្រើឲ្យគោលដៅតំបន់ទេសចរណ៍

ជាមួយគ្នានេះដែរ យើងក៏ជម្រុញការងារតាម​ប្រព័ន្ធឌីជីថលភាគច្រើន។ ឥឡូវប្រជាពលរដ្ឋរបស់យើងប្រើប្រាស់ទូរស័ព្ទផ្ទេរលុយផ្ទេរកាក់ គឺងាយស្រួល។ ​អញ្ចឹងទេ សូមកុំភ្លេចឲ្យមានការគាំទ្រផ្នែកនេះ។ មិនគ្រាន់តែទៅជនបទទេ ទីក្រុងក៏ត្រូវឲ្យមានភាពរឹងមាំផ្នែកសេវា ព្រោះនៅកន្លែងខ្លះ ឧទាហរណ៍ថា អូតែលផ្តល់ Free Wifi ប៉ុន្ដែហ្នឹងពិតជា Free មែន។ Free វាអត់(ដើរ) ទទេតែម្ដង។ ព្រោះអី។ ចូលមកកន្លែងអញ្ចឹងៗ ខ្ញុំអត់ប្រើ Internet បន្ទប់ហ្នឹងបានទេ ព្រោះដាក់ទៅវិលខ្ញាល់តែម្ដង។ គេធ្វើតម្រូវដាក់ថាប៉ុន្មាននៅកន្លែងហ្នឹង សម្រាប់តម្រូវ ២០ ទូរស័ព្ទ ដល់ឡើង ១០០ ទូរស័ព្ទ វាវិល។ ​អត់ទៅណារួច។ អញ្ចឹងទេ សម្រាប់ខ្លួនខ្ញុំមួយគឺខ្ញុំត្រូវប្រើប្រព័ន្ធភ្ជាប់ជាមួយផ្ការណបតែម្ដង។ ឥឡូវនេះ ទូរស័ព្ទ​របស់ខ្ញុំទាំងប៉ុន្មានគ្រឿងគឺភ្ជាប់ជាមួយនឹងផ្កាយរណបទាំងអស់។ ប៉ុន្តែនៅពេលដែលខ្ញុំចេញត្រឡប់ទៅវិញដល់ផ្ទះ ខ្ញុំត្រូវបិទវាចោល។ ខ្ញុំប្រើ WIFI នៅក្នុងផ្ទះរបស់ខ្ញុំទៅវិញ។

គ្រប់បណ្តាក្រុមហ៊ុនទូរស័ព្ទ Internet ទាំងអស់ត្រូវពង្រឹងខ្លួន នៅទីក្រុងក៏ត្រូវពង្រឹង ហើយពង្រីកវាទៅតាមតំបន់ទេសចរណ៍នានា។ ដើម្បីទាក់ទាញឱ្យអ្នកទេសចរបានទៅលេងកម្សាន្តនៅតំបន់ដាច់ស្រយាលឆ្ងាយៗ ចាំបាច់ណាស់ត្រូវមានប្រព័ន្ធគាំទ្រខាងផ្នែក Internet ព្រោះគេត្រូវការទាក់ទង ជួនកាលគេទៅដេកនៅហ្នឹងតែគេធ្វើការ។ សម័យឥឡូវគេអត់ចាំបាច់ធ្វើការចាំជួបមុខគ្នាទេ។ គេជួបគ្នាតាម Video Call ក៏បាន តាមស្អីក៏បាន គេវាយឆ្លងឆ្លើយគ្នា។ សូម្បីតែគេចុះហត្ថលេខា ក៏គេចុះហត្ថលេខាជាមួយគ្នាបានដែរ។

(៧) ៣កុំ ៣ការពារ និងវ៉ាក់សាំង ធានាសុវត្ថិភាពប្រជាពលរដ្ឋ ភ្ញៀវទេសចរបរទេស ទេសចរក្នុងស្រុក

ចំណុចនេះ ខ្ញុំសូមផ្តល់ជាអនុសាសន៍ឱ្យគិតគូពង្រឹងបន្ថែមទៀតនូវការលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុង ហើយមិនមែនប្រជាជនកម្ពុជាខ្វះលុយដេក Hotel ទេណា។ សូមកុំច្រឡំ។ ប្រជាជនកម្ពុជាបច្ចុប្បន្នអាចដេកសណ្ឋា​គារផ្កាយ៥ ផ្កាយ៤ ផ្កាយ៣ មិនមែនមានតែជនបរទេសទេ …។ ម៉្យាងទៀតក៏ត្រូវបន្តការយកចិត្តទុកដាក់ទៅលើកូវីដ-១៩ … យើងអត់មានការដើរថយក្រោយថាបិទសកម្មភាពជាថ្មីទៀតទេ។ យើងបានចាក់វ៉ាក់សាំងបានចំនួនច្រើនហើយ។ ភាពសុាំសហគមន៍របស់យើងល្អហើយ ប៉ុន្តែយើងអត់ត្រូវមើលស្រាលភ្លេចខ្លួននោះទេ។

ម្សិល​មិញខ្ញុំគិតថា យើងកំពុងស្ថិតនៅក្នុងស្ថានភាពមួយ បើទោះបីវាមិនធ្ងន់ធ្ងរដូចកាលពីឆ្នាំកន្លងទៅ ក៏ប៉ុន្តែវាក៏ចាំបាច់ត្រូវការរំលឹកយើងទាំងអស់គ្នា រំលឹកដល់ប្រជាជនកម្ពុជា ដើម្បីបន្តការខិតខំការពារខ្លួនបន្តទៀត និងទទួលយកវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

ខ្ញុំបានមើលឃើញអត្រាសំណាកដែលយកទៅធ្វើ PCR គឺបានសេចក្តីថាលើស ១០% នៃចំនួនសំណាកទៅហើយ។ បើមុននេះក្នុងមន្ទីរពិសោធន៍មួយមាន ២ ០០០ សំ​ណាក អត់សូម្បីតែមួយរកមិនឃើញ។ ប៉ុន្តែឥឡូវក្នុង ៨០សំណាក មានដល់ ១៣នាក់។ ដូច្នេះហើយបានជាយើងឃើញថា លើស ១០% ទៅបាត់ហើយ។ អ្នកហ្នឹងជាអ្នកណា? គឺអ្នកដែលទៅធ្វើវិញ្ញាបនបត្រសម្រាប់ការចេញទៅក្រៅប្រទេស។ ប៉ុន្តែក្រៅពីនោះនៅមានអ្នកធ្វើ Rapid Test ដោយខ្លួនឯងក៏រកឃើញវិជ្ជមាន។

ដូច្នេះ វីរុសប្រភេទអូមីក្រុងបំប្លែងថ្មីគឺចាប់ផ្តើមឆ្លង មិនត្រឹមតែវាលុកនៅទីក្រុងភ្នំពេញទេ ក៏ប៉ុន្តែរាលដាលទៅតាមខេត្តហើយ ដែលយើងត្រូវតែបង្កើនការប្រុងប្រយ័ត្ន អនុវត្តបន្តការការពារ វិធានការ ៣កុំ ៣ការពារ តាមរយៈការពាក់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតបន្ថែមទៀត។ ពិតហើយ ជំងឺទាំងអស់នេះវាអត់ធ្ងន់ធ្ងរទេ បើប្រៀបធៀបពេលមុន ដែលអោយតែឈឺភ្លាមគឺដឹងតែចូលពេទ្យហើយ។ ឥឡូវអត់ទេក្នុងចំនួនដែលយើងរកឃើញទាំងប៉ុន្មាន ដេកពេទ្យដូចមានត្រឹមតែ ២នាក់ កុមារីកូនក្មេងម្នាក់ និងម្តាយរបស់គេតែប៉ុណ្ណោះ។ ក្រៅពីនោះអត់មានទេ នៅក្នុងមន្ទីរពេទ្យរបស់យើងអត់មានអ្នកកូវីដ-១៩ទេ។

អញ្ចឹងទេ ការនាំទៅដល់ភាពធ្ងន់ធ្ងរគឺវាមិនទាន់បានឃើញអំពីបញ្ហាហ្នឹងទេ ដោយសារយើងមានភាពសុាំដោយសារវ៉ាក់សាំងនេះរួច។ ប៉ុន្តែអ្វីដែលជាកង្វល់នោះនៅត្រង់ថា អ្នកដែលមិនទាន់បានទទួលដូសជំរុញនៅពេលអស់រនាំងការពារខ្លួននោះ នឹងអាចនាំទៅដល់ភាពធ្ងន់ធ្ងរក៏អាចថាបាន។ សូម្បីតែអង្គការសុខភាពពិភពលោកក៏ប៉ាន់ស្មានមិនត្រូវដែរការវិវឌ្ឍជំងឺប្រភេទនេះ។ អញ្ចឹងការពារប្រសើរជាងការព្យាបាល ដែលយើងត្រូវបន្តការយកចិត្តទុកដាក់ធានាសុវត្ថិភាពប្រជាពលរដ្ឋរបស់យើង ក្នុងនោះធានាសុវត្ថិភាពសំរាប់វិស័យទេសចរណ៍ ទាំងភ្ញៀវទេសចរមកពីបរទេស ទាំងភ្ញៀវទេសចរក្នុងស្រុករបស់យើង។ រឿងនេះ បញ្ហាធំហើយវិស័យទេសចរណ៍របស់យើងងើបបាន ឬមិនបាន ចំណុះលើកត្តាច្រើននៅក្នុងនោះ។

(៨) រកគ្រប់វិធីធ្វើទំនាក់ទំនង បើកឱ្យមានទេសចរណ៍ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស

ទេសចរអន្តរជាតិមានកត្តាច្រើនដែលជាប់ពាក់ព័ន្ធ ប៉ុន្តែទេសចរក្នុងស្រុកកត្តាសំខាន់របស់យើងគឺពាក់ព័ន្ធជា​មួយនឹង កូវីដ-១៩។ បើសិន កូវីដ-១៩ បន្តរីករាលដាល យើងច្បាស់ជានឹងកាត់(បន្ថយចំនួនចូលរួម) ដូចជានៅកន្លែងហ្នឹង យើងត្រូវ(អនុវត្តការ)រក្សាគម្លាតរបៀបម៉េចតទៅទៀត ត្រូវគិតគូរអំពីបញ្ហាហ្នឹង។ ប៉ុន្តែតាមការស្មានរបស់ខ្ញុំ ការប៉ាន់ប្រមាណរបស់ខ្ញុំ គឺយើងមិនដើរថយក្រោយទេ។ យើងបន្តទៅមុខ។ ជាការល្អដែរ ប្រជាពលរដ្ឋរបស់យើងក្រោយពេលដែលយើងប្រកាសកាតព្វកិច្ចអំពីពាក់ម៉ាស់ ក៏ប៉ុន្តែពួកគាត់នៅបន្តពាក់ម៉ាស់នេះគឺជារឿងល្អ ដើម្បីការពារខ្លួន។ ប៉ុន្តែអ្វីដែលជាកង្វល់គឺនៅត្រង់ការទទួលយកនូវវ៉ាក់សាំង។ ឥឡូវនេះយើងខ្វះមនុស្សប្រហែលជាង ៤លាននាក់ ជិត ៥លាននាក់ ទៀតដែលមិនទាន់បានមកទទួលដូសទី៣ ក្នុងពេលដែលមនុស្សមួយចំនួនទទួលយកដូសទី៤ និងដូសទី៥ រួចស្រេចទៅហើយ។

ចំណុចនេះសូមឱ្យយកចិត្តទុកដាក់។ ចំពោះទេសចរអន្តរជាតិ វាចំណុះលើកត្តាច្រើនពីខាងក្រៅ វិបត្តិសេដ្ឋកិច្ចសកលអាចនឹងផ្តោត ឬក៏ហោចណាស់បញ្ហាឥទ្ធិពលទៅលើបញ្ហាអតិផរណាវិបត្តិសេដ្ឋកិច្ច។ រឿងនេះរឿងនោះ ដែលវាបានកើត ផ្តើមចេញពីសង្គ្រាម ទៅដល់ទណ្ឌកម្ម។ ហើយសង្គ្រាមនិងទណ្ឌកម្ម បូកបញ្ចូលគ្នាទៅជាហានិភ័យនៃបញ្ហាសេដ្ឋកិច្ចសកល ដែលធ្វើឱ្យយើងជួបការលំបាក។ សភាពការណ៍ពិបាកប៉ាន់ស្មានណាស់ពេលនេះ។ ពិភពលោកគ្មានសណ្តាប់ធ្នាប់ ពិភពលោកកំពុងបែកបាក់ជាផ្នែកៗ ដែលវាមិនដឹងថានាំយើងទៅដល់ទីណា? សង្គ្រាមនុយក្លេអ៊ែរអាចកើតមានក៏អាចថាបាន ឬសង្គ្រាមលោកលើកទី៣ អាចកើតមានក៏ថាបាន។ មិនទាន់ផុតដំណាក់កាលនេះទេ។ កំពុងតែគំរាមគំហែងគ្នាទៅវិញទៅមកទេ។ ស្ថានភាពនោះជាស្ថានភាពដែលយើងត្រូវមើលឱ្យឃើញ និងត្រៀមគិតទុកឱ្យហើយ ដើម្បីឈានទៅរកភាពម្ចាស់ការនៅក្នុងប្រទេសរបស់យើង។

នេះជាការរំលឹកបន្ថែមអំពីស្ថានភាពមួយចំនួន។ ក្នុងករណីដែលចិនជំរុញការងើបឡើងនិងដកចេញនូវនយោ​បាយ(សូន្យ) កូវីដ-១៩ យើងជឿជាក់ថា ទេសចរ(ចិននឹង)មកកម្ពុជាក្នុងចំនួនច្រើន … ឥឡូវចិនក៏បានបង្កើនជើងហោះហើររវាងកម្ពុជានិងចិនបានច្រើនគួរសម ប្រៀបធៀបនឹងរយៈពេលមុន។ ប៉ុន្តែយើងតភ្ជាប់ពីសាំងហ្គាពួរ ពីថៃ ពីម៉ាឡេស៊ី ពីឥណ្ឌូនេស៊ី ពីបណ្តាប្រទេសក្នុងតំបន់ ពីវៀតណាម។ ឥឡូវទេសចរណ៍ផ្លូវគោករបស់យើងគឺពឹងពាក់ទៅលើទេសចរណ៍ផ្លូវគោកជាមួយវៀតណាម ជាមួយនឹងថៃ … ហើយទេសចរណ៍ផ្លូវគោកក៏ជាផ្នែកមួយនៃទេសចរណ៍សម្រាប់កម្ពុជា ដែលប្រជាជនកម្ពុជាយើងក៏ទៅវៀតណាម ក៏ទៅថៃ ពីវៀតណាមក៏មកកម្ពុជា ពីថៃក៏មកកម្ពុជា ក្នុងផ្នែកណាមួយនោះពីឡាវមកកម្ពុជា ពីកម្ពុជាទៅឡាវផងដែរ។ យើងត្រូវជំរុញរកគ្រប់វិធីដើម្បីធ្វើទំនាក់ទំនងនៃការហោះហើរ ក៏ដូចជាការបើកឱ្យមានទេសចរណ៍ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
[ចប់សេចក្តីអធិប្បាយ]
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាទីបញ្ចប់ជាមួយនឹងការប្រកាសបិទសន្និបាតបូកសរុបការងារទេសចរណ៍នៅពេលនោះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ