សារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តពង្រឹងវិធានការ ការពារសុខភាព «៣កុំ ៣ការពារ» និងបន្តទៅទទួល យកការចាក់វ៉ាក់សាំង ជាពិសេសការចាក់វ៉ាក់សាំង ដូសជំរុញ ដើម្បីពង្រឹងភាពសុាំក្នុងសហគមន៍ (រាជ

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសារពិសេសមួយជូនជនរួមជាតិ អំពីករណីកើតមានឡើងនូវជំងឺប្រភេទថ្មីអូមីក្រុងបំប្លែង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ជំងឺនេះត្រូវបានរកឃើញនៅភ្នំពេញ និងបានរកឃើញឆ្លងនៅតាមខេត្តមួយចំនួនតាមរយៈការធ្វើតេស្តម៉ាស៊ីន PCR ហើយតាមរយៈការធ្វើតេស្តរហ័ស ក៏ត្រូវបានរកឃើញដែលបង្ហាញ ការព្រួយបារម្ភ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងទៀតថា បើទោះបីរាជរដ្ឋាភិបាល មិនមានការចាំបាច់បិទទីក្រុង បិទទីប្រជុំជុន បិទសាលារៀន បិទការលក់ដូរ ប៉ុន្តែរាជរដ្ឋាភិបាលមានការចាំបាច់ ដើម្បីអំពាវនាវឲ្យបងប្អូនជនរួមជាតិ បង្កើនការពារផ្ទាល់ខ្លួនតាមរយៈការវិលត្រឡប់ទៅរកកិច្ចការពារយ៉ាងខ្ជាប់ខ្ជួននោះគឺវិធានការ «៣ការពារ និង៣កុំ»។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ប្រភេទអូមីក្រុងបំប្លែងថ្មី ដែលកំពុងកើតមានឡើង គឺឆ្លងលឿន ឆ្លងរហ័ស ឆ្លងគ្មានរើសមុខ ដូច្នេះទាមទារឲ្យមានការប្រុងប្រយ័ត្ន គ្រប់ទីកន្លែងទាំងអស់ ជាពិសេសនៅតាមសាលារៀន សិស្សានុសិស្ស រោងចក្រ សហគ្រាស ទីផ្សារ និងទីប្រជុំជននានា។

ជាមួយនឹងការរីករាលដាលជំងឺអូមីក្រុងប្រភេទថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទទួលយកវ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ ពីព្រោះមានតែជម្រើសមួយនេះទេ ដែលអាចចៀសផុត ពីមហន្តរាយពីបាត់បង់ជីវិតមនុស្ស ដែលរហូតមកដល់ពេលនេះមានរយៈពេលជិត៩០ថ្ងៃហើយ ដែលមិនមានអ្នកស្លាប់ តែបើមិនប្រុងប្រយ័ត្ន និងធ្វេសប្រហែស នោះអាចនឹងមានកើតមានឡើង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្រាប់អ្នកជំងឺមួយចំនួនមានសភាពមិនធ្ងន់ធ្ងរ នោះក៏ដោយសារតែបានចាក់វ៉ាក់សាំង ហើយបើមិនបានចាក់វ៉ាក់សាំងនោះទេច្បាស់ជាកើតឡើងចំពោះជីវិតជាក់ជាមិនខាន ដូច្នេះសូមប្រជាពលរដ្ឋទទួលយកវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ភាពជោគជ័យករបស់យើងកន្លងទៅ លើការទប់ស្កាត់ជំងឺកូវីដ១៩ គឺតាមរយៈប្រជាពលរដ្ឋដែលបានអនុវត្តវិធានការសុខាភិបាល «៣ការពារ និង៣កុំ» និងការទទួលយកវ៉ាក់សាំង ប៉ុន្តែពេលនេះចំនួនទទួលយកវ៉ាក់សាំងដូសទី៣ នៅមានចំនួនតិច បើប្រៀបធៀបទៅប្រជាពលរដ្ឋនៅប្រមាណ ៤លាននាក់ទៀត ដែលត្រូវទទួលវ៉ាក់សាំងដូសទី៣ ដូច្នេះសម្តេចសូមអង្វរប្រជាពលរដ្ឋយកចិត្តទុកដាក់ សុខភាពផ្ទាល់ខ្លួន សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិរបស់យើង។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រសួងសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានភូមិឃុំ ត្រូវធ្វើការជំរុញប្រជាពលរដ្ឋមកទទួលយកវ៉ាក់សាំង ដើម្បីការពារសហគមន៍របស់យើង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...