សេចក្ដីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែ​ន បើកការដ្ឋានសាងសង់ស្ពានអាកាស(បេតុង)ឆ្លងកាត់ទន្លេសាប និងផ្លូវជាតិលេខ ៥ រាជធានីភ្នំពេញ

CNV: 31 ខែ​មករា, 2022

ថ្ងៃនេះ ខ្ញុំមានការរីករាយ ដែលបានចូលរួមដើម្បីពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសឫស្សីកែវ នៅទីតាំងជាប់ជាមួយយើងនេះ ដែលអម្បាញ់មិញនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៍ហើយ។ ថ្ងៃនេះ ជាថ្ងៃដាច់ខែមករា ហើយជាថ្ងៃចាប់ផ្ដើមនៃចូលឆ្នាំចិន។ ខ្ញុំគិតថា ប៉ុន្មានម៉ោងទៀត ពិធីសែនព្រេនរបស់អ្នកដែលជាប់សាច់សាលោហិតចិន ឬវៀតណាម នឹងត្រូវចាប់ផ្ដើម។ ពិតមែនហើយ … ប្រតិទិនយើង គ្មានការឈប់សំរាកក្នុងចូលឆ្នាំចិននោះទេ ក៏ប៉ុន្ដែខ្ញុំបានដឹងច្បាស់ថា ទោះបីមិនមានការឈប់សំរាកសម្រាប់ចូលឆ្នាំចិន វៀតណាម នៅក្នុងប្រតិទិន ប៉ុន្ដែមានប្រជាពលរដ្ឋរបស់យើងជាច្រើន បានត្រៀមរៀបចំខ្លួនសម្រាប់សែនព្រេន និងបានរៀបចំខ្លួនធ្វើដំណើរទៅកាន់ទីនេះទីនោះនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលយើងតែងនិយាយថា ចូលឆ្នាំចិនស្រវឹងខ្មែរ …។

ស្ពានអាកាស ខណ្ឌឫស្សីកែវ បញ្ចៀសចរាចរកកស្ទះ ពេលតភ្ជាប់ស្ពានពីឫស្សីកែវ ទៅជ្រោយចង្វារ

វិលមកអ្វីដែលយើងកំពុងតែធ្វើនេះ។ ការសាងសង់ស្ពានអាកាសនៅទីនេះ គឺជាការចាំបាច់ដើម្បីបញ្ចៀសចរាចរកកស្ទះ។ យើងនឹងមិនអាចធ្វើដំណើរកើតទេ នៅពេលដែលស្ពានឆ្លងកាត់ពីខាងឫស្សីកែវ ទៅខាងម្ខាងទៀត ជ្រោយចង្វារត្រូវបានតភ្ជាប់។ ដូច្នេះ ជម្រើសដែលល្អបំផុត គឺការកសាងស្ពានអាកាស ដើម្បីឲ្យផ្លូវនេះចរាចរណ៍ធម្មតា ដោយផ្លូវម្ខាងទៀត (ត្រូវ)ឆ្លងទៅតាមស្ពានអាកាសនោះឯង។ ខ្ញុំសូមឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះគណៈអភិបាលនៃរាជធានីភ្នំពេញ ក៏ដូចជាក្រុមហ៊ុនអាណិកជនកម្ពុជា អូស៊ីអាយស៊ី(OCIC) ដែលបានខិតខំប្រឹងប្រែងសហការគ្នា អភិវឌ្ឍនៅក្នុងតំបន់នេះ … ឥឡូវនះ (យើង)ធ្វើដំណើរតាមស្ពានដែក ដែល(ជាការ)ធ្វើដំណើរជាបណ្ដោះអាសន្ន។

ឥឡូវយើងធ្វើស្ពានបេតុង ដែលនឹងហើយតាមការគ្រោងទុកនៅក្នុងខែមីនាឆ្នាំ ២០២៣ ដើម្បីបម្រើឲ្យការបើកស៊ីហ្គេម នៅក្នុងខែឧសភា ឆ្នាំ ២០២៣។ បើយើងរាប់ស្ពាន ដែលបានសាងសង់ និងស្ពានមានស្រាប់ហើយនោះពីស្ពានជ្រោយចង្វារមកដល់ទីនេះ មានស្ពានទីនេះ ១ ហើយបន្ទាប់ទៅមានស្ពានព្រែកព្នៅ និងព្រែកក្ដាម។ អញ្ចឹងការតភ្ជាប់មិនមែនជាការតភ្ជាប់ដែលមានចរិតប្រទេសនិងប្រទេសទេ។ ប្រទេសរបស់យើងមានតម្រូវការនៃការតភ្ជាប់ ទាំងការតភ្ជាប់ផ្ទៃក្នុងខ្លួនឯង ជាពិសេសការតភ្ជាប់ជាមួយប្រទេសជិតខាង។ ទីនេះអាចនិយាយ​បានថា ជាការតភ្ជាប់រវាងពីត្រើយម្ខាងខាងកើតនិងត្រើយខាងលិច ដែលមុននេះយើងនិយមប្រើទូកដ ឬប្រើសាឡាង ដើម្បីឆ្លងកាត់។

គោលនយោបាយ “មនុស្ស ទឹក ផ្លូវ ភ្លើង” ត្រូវ ៣០ ឆ្នាំហើយៗ នឹងត្រឹមត្រូវ ២០ ទៅ ៣០ ឆ្នាំទៀត

ខ្ញុំនៅចាំបានថា ចម្រៀងមួយបទរបស់លោក សង អក្ខរា គឺបាននិពន្ធពី ជីវិតអ្នករត់ទូកដ … លោក សង អក្ខរា រៀបរាប់អំពីទូកដ ដែលឆ្លងនៅក្នុងទន្លសាបយើងនេះតែម្ដង។ ឥឡូវនេះ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ជីវិតអ្នករត់ទូកដ ឬសាឡាង គឺបានកាត់បន្ថយច្រើនណាស់ទៅហើយ តែវាមិនទាន់អស់ទេ។ យើងមានការចំាបាច់នឹងធ្វើ(ស្ពាន)បន្ថែម។ ថ្ងៃនេះ យើងបានរួមគ្នាខិតខំដើម្បីបង្កើតបាននូវសមិទ្ធផលថ្មីនេះ តាមរយៈនៃការប្រើវិធានការយកស្លឹកត្នោត ខ្ចប់ស្ករត្នោត។ បានសេចក្ដីថា (ការអភិវឌ្ឍ)គម្រោងកោះនរា បានយកមកអភិវឌ្ឍនៅតំបន់នេះបន្ថែមទៀត ហើយយកចេញពីកន្លែងនេះ ទៅធ្វើកន្លែងផ្សេង។ កន្លែងនេះ ដូចជាយកថវិកាមួយចំនួនទៅធ្វើនៅចោមចៅទៅវិញ។ អញ្ចឹងវិធីនេះ គឺដោះស្រាយបានទាំងពីរ ម្ខាងគឺការអភិវឌ្ឍ, ម្ខាងទៀតគឺហេដ្ឋារចនាសម្ព័ន្ធចាំបាច់ បម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋរបស់យើង។

ខ្ញុំពិតជាមានការរីករាយ ដែលបានឃើញនូវសមិទ្ធផលរបស់យើងមានការកើនឡើង។ អម្បាញ់មិញឯកឧត្តម ឃួង ស្រេង បាន(ធ្វើសេចក្តីរាយការណ៍)មក ស្ពានដែលសាងសង់រួចហើយមាន ៥។ ហេដ្ឋារចនាសម្ព័ន្ធពិតជាចំាបាច់សម្រាប់យើង។ ខ្ញុំនៅតែមានមោទនភាពអំពីគោលនយោបាយរបស់កម្ពុជា ដែលបានដាក់ចេញនៅឆ្នាំ ១៩៨៧។ បើយើងពិនិត្យពីឆ្នាំ ១៩៨៧ រហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង ៣០ ឆ្នាំហើយ។ អាទិភាពនៃគោលនយោបាយការអភិវឌ្ឍ(ដោយកំណត់អាទិភាពទៅលើ)ទឹក ផ្លូវ ភ្លើង មនុស្ស នៅតែត្រឹមត្រូវ ហើយវាអាចនឹងត្រូវរហូតដល់ ២០ ទៅ ៣០ ឆ្នាំ ទៀត​ឯណោះ។ ចុងក្រោយ យើងដូរមុំរបស់វា ទៅជា មនុស្ស ទឹក ផ្លូវ ភ្លើង វិញ។ យើងខិតខំប្រឹងប្រែងប្រមូលទុនដែលយើងមាន ឬក៏អាចខ្ចីបុលពីបរទេសមកកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដទៃទៀត ដើម្បីបម្រើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។

ទីក្រុងភ្នំពេញរីកចម្រើនទាំងទំហំ និងជម្រៅ

(ចំពោះ)ទីក្រុងភ្នំពេញរបស់យើងពេលបច្ចុប្បន្ន ខ្ញុំដែលនៅពាក់ព័ន្ធជាមួយនឹងការងារនៅក្នុងរាជធានីភ្នំពេញ ជាងពាក់កណ្ដាលជីវិត ពេលខ្លះខ្ញុំមើលទីក្រុងខ្លួនឯងមិនស្គាល់ច្បាស់ទេ ពេលដែលឃើញការបង្ហាញរូបភាពព្រោះ បើយោងលើការកត់ស្ថិតិឲ្យខ្ញុំនេះ យើងមានអគារចាប់ផ្ដើមពី ៥ ជាន់ ទៅ ៩ ជាន់ រហូតដល់លើស ៥០ ជាន់ មានរហូតទៅដល់ ១.៦០៣ អគារឯណោះ ដែលក្នុងនោះ ៥ ជាន់ ទៅ ៩ ជាន់ មាន ៩២៦ អគារ។ ពី ១០ ជាន់ ទៅ ១៩ ជាន់ មាន ៤៥២ អគារ។ ពី ២០ ជាន់ ទៅ ២៩ ជាន់ មាន ១២០ អគារ។ ៣០ ជាន់ទៅ ៣៩ ជាន់ មាន ៦៥ អគារ និងអគារខ្ពស់ចាប់ពី ៤០ ជាន់ឡើងទៅមាន ៤០ អគារ។ អញ្ចឹង យើងគួររំលឹកថា ក្រោយ ៧ មករា ១៩៧៩ អគារដែលខ្ពស់ជាងគេរបស់យើងមាន កម្ពស់ ៧ ជាន់ ហើយមានតែមួយទៀតផង។ ឥឡូវនេះ ទីក្រុងនេះ មានប្រជាជនរស់ដល់ទៅជាង ២ លាននាក់ ហើយបន្ថែមទៅដោយសំណង់រីកដុះដាលយ៉ាងខ្លាំង ដែលខ្ញុំធ្លាប់តែនិយាយថា ជាទីក្រុងមួយដែលរីកទាំងទំហំផងនិងជម្រៅផង។ ទំហំ ព្រោះកាលមុននេះ ទីក្រុងនេះមានត្រឹមតែជាង ៣០០ គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះ។ ឥឡូវនេះ យើងមានទៅដល់ជាង ៧០០ គីឡូ​ម៉ែត្រ​ការ៉េ។ បន្ថែមពីលើនោះ ពីអតីតកាល ដីមួយហិកតា មានសំណង់ត្រឹមតែ ៥.០០០ ឬ ១០.០០០ ម៉ែត្រការ៉េ ឥឡូវដីមួយហិកតាដដែល សំណង់មានរហូតទៅដល់ ៥០.០០០ ឬលើស ៥០.០០០​​ ម៉ែត្រការ៉េ … ដីឥឡូវថ្លៃមែនទែន។ បើទិញដីគ្រាន់តែដើម្បីកសាងរបស់តូចតាច គឺរត់មិនរួចជាមួយថ្លៃដីនោះទេ។

… គេអាចស្ដីបន្ទោសខ្ញុំ ថាមកពីខ្ញុំបានដីឡើងថ្លៃ … បើយើងមើលទៅត្រើយម្ខាងខាងនោះ ពីដើម(យើងឃើញមានតែ)ដើមត្រែងយោលទេ … ឥឡូវ បើយើងក្រឡេកមើលទៅ វាអត់ឃើញដើមត្រែងយោលទេ។ ឃើញសុទ្ធតែអាគារនៅខាងនោះ។ បើសិនជាយើងមិនធ្វើអញ្ចឹងទេ តើយើងត្រូវធ្វើយ៉ាងម៉េច? អញ្ចឹងបានជាខ្ញុំចេះតែឆ្ងល់ ដែលអ្នកខ្លះលើកឡើងថា កម្ពុជាធ្វើទៅកាន់តែក្រទៅៗ។ ខ្ញុំវាឆ្ងល់ដែរ ត្រង់ថាកាលពីដើម បើនិយាយទៅ ចាប់តាំងពីមុខព្រះបរមរាជវាំងរហូតមក សុទ្ធតែត្រែងទាំងអស់។ ​ដើមត្រែងពេញខាងហ្នឹង។ តំបន់នេះទឹកលិចផង ដើមត្រែង ដើមស្អីៗគ្រប់សព្វហើយ។ ឥឡូវ បើយើងអភិវឌ្ឍរបៀបនេះ វាក៏បានពង្រីកទីក្រុងរបស់យើងឱ្យក្លាយទៅជាទីក្រុងមួយដូចគេដូចឯងដែរ។ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងទទួលបានផលពីការអភិវឌ្ឍទាំងអស់នេះ។ ពិតមែនហើយ វាមិនមែនយើងទាំងអស់គ្នានៅសុទ្ធតែមានផ្ទះល្អៗទាំងអស់គ្នានោះទេ មានអ្នកមាន មានអ្នកក្រ។ នៅលើពិភពលោកនេះវាតែអញ្ចឹង វាអត់មានប្រទេសណាដែលមានទាំងអស់គ្នា មានរបបតែមួយគត់ដែលគេអាចធ្វើបាន … ត្រង់ថាគេធ្វើឱ្យស្មើៗគ្នា គឺរបប ប៉ុល ពត … មិនមែនគេធ្វើឱ្យមានស្មើៗគ្នាឯណា គឺធ្វើឱ្យក្រស្មើគ្នា។

រាជរដ្ឋាភិបាល ចាយជិត ៤០ លានដុល្លារ/ខែ ជួយប្រជាពលរដ្ឋបាត់បង់ប្រាក់ចំណូលដោយសារកូវីដ-១៩

… ប្រទេសរបស់យើងកំពុងតែចាប់ផ្ដើមបោះជំហានទៅមុខ។ អ្នកមានច្រើន ក៏មានច្រើនទៅ, អ្នកមានល្មមក៏ល្មមទៅ, អ្នកក្រក៏នៅសល់។ អ្វីដែលយើងត្រូវខិតខំ គឺការខិតខំដើម្បីជំរុញឱ្យអ្នកក្រីក្ររបស់យើងមានជីវភាពកាន់តែធូរធារ ហើយកាត់បន្ថយអត្រានៃភាពក្រីក្រថែមទៀត។ មុនពេល COVID-19 ចាប់ផ្ដើម អត្រានៃភាពក្រីក្ររបស់យើងក្រោម ១០%។ ឥឡូវ (ទោះបី) COVID-19 បានយាយីប្រទេសរបស់យើង ខ្ញុំក៏សូមជម្រាបថា យើងមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងស្លាប់ដោយអត់បាយនោះទេ។ យើងបានខិតខំប្រយុទ្ធជាមួយ COVID-19 … ទប់ស្កាត់មិនឱ្យមានមនុស្សស្លាប់ច្រើន។ ពិតហើយ ហាមមនុស្សមិនឱ្យស្លាប់សោះ ក៏វាអត់កើតដែរ។ ប្រជាពលរដ្ឋរបស់យើង ៣.០១៥ នាក់ បានបាត់បង់ជីវិត ចាប់តាំងពីព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ជាមួយនឹងជាង ១២ ម៉ឺននាក់ដែលឆ្លង។ យើងខិតខំប្រយុទ្ធជាមួយនឹងសង្គ្រាមដ៏ធំមួយនេះ តាមរយៈនៃការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង។ ម្ខាងទៀត យើងក៏ត្រូវចិញ្ចឹមប្រជាពលរដ្ឋរបស់យើងប្រមាណ ៧០ ម៉ឺនគ្រួសារ។ ក្នុងមួយខែៗ យើងត្រូវបញ្ចេញសាច់ប្រាក់ប្រមាណជិត ៤០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយប្រជាពលរដ្ឋកុំឱ្យគាត់ធ្លាក់(ខ្លួនក្រីក្រ)បន្ថែម ក្នុងពេលដែលគាត់បាត់បង់ប្រាក់ចំណូល។ មុនពេល COVID-19 ក្រុមគ្រួសារខ្លះលំបាកជាងនេះ ប៉ុន្តែនៅពេលដែល COVID-19 បានមកដល់ រាជរដ្ឋាភិបាលបានបញ្ចេញនូវថវិកាដើម្បីជួយសង្គ្រោះពួកគាត់ ធ្វើឱ្យជីវភាពរបស់គាត់ប្រសើរ។ បើសិនជាគាត់បាត់បង់ប្រាក់ចំណូល ក៏គាត់មិនឈានទៅដល់ដាច់បាយស្លាប់។ ក្រុមគ្រួសារខ្លះ នៅបន្តរកចំណូលបាន ប៉ុន្តែបានទទួលប្រាក់បន្ថែមពីរាជរដ្ឋាភិបាល ជាបន្ត។ ដូច្នេះធ្វើ​ឱ្យជីវភាពរបស់ពួកគាត់ កាន់តែល្អប្រសើរ។

ពីភ្ជុំមកពេលនេះ ទេសចរក្នុងស្រុក ៣ លាននាក់ បានធ្វើដំណើរកំសាន្ត

… ថ្ងៃនេះ ចូលឆ្នាំចិន/វៀតណាម។ ខ្មែរយើងឥឡូវនេះ គ្រាន់តែអ្នកខ្មៅៗសោះ សែនគ្រប់(គ្នា)។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកសែនកាន់តែច្រើន។ សាកល្បងគិតមើល។ បើនៅភូមិខ្ញុំ កាលពីដើម អ្នកដែលសែនមានប្រ​ហែលជា ៣ ទៅ ៤ គ្រួសារប៉ុណ្ណឹងទេ មួយភូមិ។ ឥឡូវ ភូមិដដែល គឺជាងពាក់កណ្ដាលសែន។ ព្រោះ​អី? ដល់ទៅយកប្រពន្ធទៅដោយខ្សែចិននឹងគេដែរ។ គ្រួសារខ្ញុំសែន(ដែរ) … ថ្ងៃនេះ ខ្ញុំអត់សែនទេ។ រៀងរាល់ឆ្នាំខ្ញុំអត់សែនទេ។ ប៉ុន្តែប្រពន្ធខ្ញុំសែន។ អញ្ចឹងហៅកូនមកសែន។ ឥឡូវចៅ ២២ នាក់ សែនទាំងអស់។ អញ្ចឹងយើងអ្នកមិនសែនចំនួនកាន់តែតិច។ ក្នុងមួយគ្រួសារខ្ញុំ កូនៗ ១០ នាក់ ទាំងកូនប្រសារ និងកូនបង្កើត និងចៅ ២២ នាក់ ឡើង ៣២ នាក់ បូកខ្ញុំ ២ នាក់ទៀត … អត់សែនមានតែ(ខ្ញុំ)ម្នាក់ … យើងឃាត់ឃាំងគេអត់បានទេ។

ឥឡូវនេះ យើងតាំងជាសំណួរថា ហេតុអីបានជាប្រជាពលរដ្ឋអាចមានលទ្ធភាពដើរលេងបាន? ចំណុចនេះ យើងគួរតែរំលឹកនៅក្នុងស្ថានភាពប្រទេស(ស្ថិតក្នុង)ដំណាក់កាល COVID-19 វាជារឿងមួយ។ ប៉ុន្តែខ្ញុំចង់និ​យាយអំពីនិយមន័យគ្របដណ្ដប់បន្តិចសិន។ ក្នុងរយៈពេល​ចាប់ពីបុណ្យអុំទូក​ និយាយរួមភ្ជុំបុណ្យរហូតមកដល់ពេលនេះ ទេសចរក្នុងស្រុករបស់យើងមានជាង ៣ លាននាក់។ គ្រាន់តែថ្ងៃសៅរ៍/អាទិត្យកន្លងទៅនេះជាង ២១ ម៉ឺននាក់បានដើរលេង។ អញ្ចឹងសម្រាប់ប៉ុន្មានខែនេះ ទេសចរក្នុងស្រុក(ដែលបានដើរកំសាន្ត)មានទៅដល់ជាង ៣ លាននាក់ … នៅទូទាំងប្រទេស។ បច្ចុប្បន្នការចេញទៅក្រៅប្រទេសជួបការលំបាក អញ្ចឹងប្រជាពល​រដ្ឋ​ជ្រើសរើស(គោលដៅទេសចរ)ក្នុងស្រុកដើម្បីធ្វើដំណើរកំសាន្ត។

ធ្វើទេសចរណ៍បានដោយសារ សន្តិភាព ហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរ និងប្រាក់ចំណូល

ខ្ញុំចង់បញ្ជាក់ថា តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យ​ប្រជាពលរដ្ឋរបស់យើងអាចមានឱកាស ដើម្បីដើរលេង(បានដូចនេះ)។ ​មានកត្តា ៤ សំខាន់ដែលគួរតែត្រូវបានរំលឹក៖

ទី១ កត្តាសន្តិភាព។ សន្តិភាពនេះហើយ ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ រាប់ទាំងវិស័យទេសចរណ៍ នៃការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋរបស់យើង។ ទោះបីកម្សាន្តឬមិនកម្សាន្តក៏ដោយ ការធ្វើដំ​ណើរបានគ្រប់ទីកន្លែងនៅក្នុងក្របខណ្ឌទូទាំងប្រទេស ផ្ដើមចេញពីកត្តាសន្តិភាព។ បើគ្មានសន្តិភាពទេ កុំសង្ឃឹមថា ធ្វើដំណើរទៅដោយសុវត្ថិភាព។ អ្នកដែលមានអាយុចាប់ពី ៥០ ឡើងលើអាចនៅចាំបាន នៅក្នុងសម័យដែលប្រទេសមានសង្គ្រាម តើយើងអាចទៅណាបានខ្លះ? សន្តិភាពពិតជាសំខាន់សម្រាប់ជីវិតមនុស្ស សម្រាប់អ្វីៗទាំងអស់ ដែលស្ថិតនៅលើផែនដីនេះ មិនមែនសម្រាប់តែកម្ពុជាម្នាក់ឯងទេ។

ខ្ញុំចង់ប្រាប់ទៅអ្នកដែលនិយាយថា “បើនៅតែមានការតវ៉ា គឺប្រទេសហ្នឹងពិតជាមិនមានសន្តិភាពទេ”។ អញ្ចឹងខ្ញុំក៏ចង់ដាក់ជាសំណួរថា “តើមានប្រទេសប៉ុន្មាននៅលើសកលលោក ដែលគ្មានការតវ៉ា? អញ្ចឹងប្រទេសនោះវាអត់សន្តិភាពដែរឬអី?”។ មានអ្នកធ្វើ live show ពីអាមេរិកថា ស្រុកខ្មែរមិនទាន់មានសន្តិភាពទេ​ ដោយសារនៅ​មានការតវ៉ារឿងនេះ/នោះ។ បើដូច្នោះនៅអាមេរិកកាន់តែអត់មានសន្តិភាព ព្រោះនៅអាមេរិកមិនត្រឹមតែមានការតវ៉ាទេ គ្រាន់តែបាញ់គ្នាងាប់(មិនចេះតិច)។ គ្រាន់តែខែមករានេះ ងាប់មិនដឹងជាប៉ុន្មាននាក់ហើយ … យកកាំភ្លើងចេញពីឃ្លាំងបាញ់បណ្ដោយ … ខ្ញុំគ្រាន់តែបញ្ជូនសារទៅអ្នកដែលវិភាគទាំងឡាយ។ ខ្ញុំអត់ធានាជូនអំពីសន្តិភាពផ្លូវចិត្តរបស់អស់លោកអ្នកទេ។ ខ្ញុំគ្រាន់តែធានាថា ជីវិតមនុស្សត្រូវបានធានា ដោយគ្មានការស្លាប់ ឬរបួសដោយសារការចម្បាំងរាំងជល់ ដែលធ្លាប់មានពីអតីតកាលតែប៉ុណ្ណោះ។ ត្រង់រឿងសន្តិភាពផ្លូវចិត្តរបស់អស់លោក គឺស្ថិតនៅលើអស់លោក។ ខ្ញុំអត់ទៅជ្រៀតជ្រែកបានទេ។​ ដូចជាបុរសខ្លះក្បត់ប្រពន្ធ តើមានសន្តិភាពផ្លូវចិត្តឬទេ? អត់ទេ។ ស្រ្តីខ្លះក្បត់ប្ដីមានសាហាយ តើមានសន្តិភាពផ្លូវចិត្តឬទេ? អត់ទេ។

និយាយដល់រឿងនេះ សុំនិយាយលេងបន្តិចចុះ។ មានសំណួរសួរថា ស្អី(ទៅ)ដែល(ធ្វើអោយ) បុរសៗ សប្បាយជាងគេ? មានខ្លះគេឆ្លើយអញ្ចេះ គេថា ប្រុសៗសប្បាយជាងគេគ្មានស្អីក្រៅពីភូតប្រពន្ធហើយ ប្រពន្ធជឿ។ ហ្នឹងខ្ញុំនិយាយលេងតាមប្រុសៗខ្លះតែប៉ុណ្ណឹង។ លឺគេនិយាយ ខ្ញុំថាតាមអញ្ចឹងទៅ។ ខ្ញុំអត់មានលទ្ធភាពដើម្បីធ្វើឲ្យមានសន្តិភាពផ្លូវចិត្តសម្រាប់តួអង្គមនុស្ស ដែលមានចំណុចប្លែកៗពីគ្នាទេ។ សុំកុំឲ្យខ្ញុំធានាលើរឿងហ្នឹង។ អ្នកឯងថា បើនៅតែមានមនុស្សតវ៉ា អញ្ចឹងអត់ទាន់មានសន្តិភាពទេ។ អញ្ចឹងសូមអ្នកឯងគិតទៅ កូនអ្នកឯងទាមទាររាល់ថ្ងៃ ទិញសៀវភៅ ទិញប្រដាប់ប្រដាលេង អញ្ចឹងអ្នកឯងនៅតែអត់មានសន្តិភាពអញ្ចឹង បើអ្នកឯងយកនិយមន័យអំពីការទាមទារទាំងឡាយយកមកធ្វើជាមូលហេតុនៃការកំណត់សន្តិភាព ឬមិនសន្តិភាព។ នៅទីនេះ ខ្ញុំកំណត់ថា ប្រទេសដែលធ្លាប់តែច្បាំងហែកហួរគ្នាទៅជា​ប្រទេសអត់មានចម្បាំង អាហ្នឹងគឺខ្ញុំធានាបានតែប៉ុណ្ណឹងទេ។ ត្រង់អស់លោកទៅលួចគេ ទៅប្រព្រឹត្តអំពើទុច្ចរិត អស់លោកភ័យខ្លាច រឿងរបស់អស់លោក។ អស់លោករំលោភច្បាប់ ត្រូវគេចាប់ដាក់គុក កាត់ទោសនៅតុលាការ គឺជារឿងអស់លោក។ អត់មានសន្តិសុខផ្លូវចិត្ត អាហ្នឹងគឺរឿងរបស់អស់លោក ខ្ញុំធានាមិនបានទេ … សូមអស់លោករកសន្តិភាពផ្លូវចិត្តដោយខ្លួនឯងទៅចុះ។ ដោយសារកត្តាសន្តិភាពនេះ ធ្វើឲ្យប្រជាពលរដ្ឋយើងធ្វើដំណើរទាំងយប់ទាំងថ្ងៃ កម្សាន្តសប្បាយទៅតាមចំណង់ចំណូលចិត្តរបស់ក្រុមគ្រួសារនីមួយៗ របស់មនុស្សម្នាក់ៗ។

កត្តាទី ២ គឺហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ មុននេះយើងមានការលំបាកណាស់ក្នុងការធ្វើដំណើរ។ ខ្ញុំនៅចាំបានថា ចន្លោះមុនឆ្នាំ ២០០០ និងក្រោយឆ្នាំ ២០០០ បន្តិច ពេលនោះតាមដងទន្លេ ជាពិសេសទន្លេតូចៗ ព្រែករបស់យើង អត់មានស្ពានទេ។ ពេលហ្នឹងខ្ញុំប្រឹងដើម្បីរុញស្ពានដែកទៅមុន ចាប់ផ្ដើមមានចរាចរណ៍។ កាលពីពេលមុន ប្រជាជនដែលរស់នៅតាមដងទន្លេ មានទន្លេតូច មានខេត្តកំពង់ចាម ព្រៃវែងស្អីៗហ្នឹង គាត់ទៅលេងស្រុក គាត់អត់យកឡាន ឬម៉ូតូ ទៅបានទេ។ យ៉ាងច្រើនយកបានម៉ូតូ តែឡានយកទៅមិនរួចទេ ព្រោះអត់មានកន្លែងឆ្លង។ ឥឡូវនេះ គាត់អាចទៅបាន ដោយសារមានស្ពានដើម្បីឆ្លង។

ការតភ្ជាប់របស់យើងមិនមែនត្រឹមតែប៉ុណ្ណឹងទេ វិលជុំមួយទូទាំងប្រទេស នៅសល់តែចន្លោះមួយទេ ដែលមិនទាន់តភ្ជាប់បាន។ ខ្ញុំជឿថានៅក្នុងរង្វង់ឆ្នាំ ២០២៣ និង ២០២៤ គឺនឹងតភ្ជាប់បានហើយ គឺការតភ្ជាប់នៅតាមព្រំដែនកម្ពុជា-ថៃ ពីសំឡូតកាត់មកពោធិសាត់ និងកាត់ទៅកោះកុង។ អញ្ចឹងនៅទូទាំងប្រទេស យើងមានផ្លូវតភ្ជាប់ទាំងអស់ ដោយធ្វើដំណើរទៅមុខហើយមិនបាច់បកថយក្រោយទេ។ ឥឡូវ យើងឡើងទៅមណ្ឌលគិរី អត់មានការចាំបាច់ដើម្បីនឹងថយក្រោយមកស្នួលវិញទេ។ គេអាចធ្វើដំណើរទៅរតនគិរី ហើយពីរតនគិរីគេបកទៅស្ទឹងត្រែង ហើយ(បន្ទាប់ទៅ)គេចង់មកក្រចេះវិញក៏គេមក គេចង់ទៅព្រះវិហារក៏​គេទៅ។ ការតភ្ជាប់ហ្នឹងហើយ ដែលផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋអាចដឹកទំនិញ អាចធ្វើដំណើរកម្សាន្តសប្បាយបាន។

កត្តាទី ៣ គឺមធ្យោបាយដឹកជញ្ជូនកើនឡើង ទាំងរបស់ឯកជន ទាំងរបស់សាធារណៈ ប៉ុន្តែសំខាន់គឺឯកជន។ ក្រុមគ្រួសារខ្លះមានរថយន្តដោយឡែក នាំកូនប្រពន្ធ ដាក់ទៅទាំងចាន ទាំងឆ្នាំង លេងទាំងអង្រឹងស្អីៗចងឲ្យកូន ទៅតាមបំណងប្រាថ្នារបស់គាត់។ ក្រៅពីមធ្យោបាយរបស់គាត់ នៅមានមធ្យោបាយដឹកជញ្ជូនដែលមានរថយន្តប្រមាណជាង ១ លានគ្រឿង និងម៉ូតូប្រមាណជាង ៥ លាន ២ សែនគ្រឿង មួយទូទាំងប្រទេស។ ដូច្នេះ អ្នកខ្លះគេចង់ជិះឡាន អ្នកខ្លះចង់ជិះម៉ូតូ អាហ្នឹងរឿងរបស់គេ។ សុំតែគោរពច្បាប់ចរាចរណ៍ ហើយពាក់មួកឲ្យបានត្រឹមត្រូវ … ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍។ អញ្ចឹងកត្តាទី ៣ នេះ មធ្យោបាយកើនឡើង ធ្វើឲ្យប្រជាពលរដ្ឋរបស់យើងធ្វើដំណើរកាន់តែច្រើន។ ភ្នំពេញបច្ចុប្បន្នត្រូវរកម៉ោងធ្វើដំណើរ បើមិនដូច្នោះទេគឺស្ទះចរាចរណ៍ពេញហ្នឹង។

ការកើនឡើងនេះ (យើង)មើលឃើញនឹងភ្នែកទាំងអស់គ្នា … អាអ្នកដែលចេះតែស្រែកថាកាន់តែក្រទៅៗហ្នឹង វាពីដើមរកតែកង់ជិះមិនបាន ឥឡូវវាជិះឡាន វាថាក្រទៅៗ … ក្រោយសម័យ ១៩៧៩ បានកង់មួយ ស្មើនឹងដូច Toyota មួយគ្រឿងអញ្ចឹង បានម៉ូតូមួយដូចបាន Mercedes មួយគ្រឿងអញ្ចឹង។ មានស្អីកាលហ្នឹង? កាលពីនោះវាដើរសោះ វាជិះកង់សោះ ឥឡូវវាជិះឡាន ហើយវាមកស្រែកជេរឯងថា ធ្វើទៅកាន់តែក្រទៅ។ អ្ហែងហ៊ានស្បថឲ្យងាប់ទេ? … យើងពិចារណាជាមួយគ្នាទៅមើល អ្នកកំពុងជេរយើងថា ធ្វើទៅកាន់តែក្រទៅៗ ពិបាកទៅៗ កាលពីមុនអ្ហែងពិបាកលើសហ្នឹងទៀត អ្ហែងដើរអត់ស្បែកជើងពាក់ ម៉េចក៏អ្ហែងមិនថា? ដល់ឥឡូវបានជិះម៉ូតូជិះឡាន អ្ហែងបែរជាថាក្រទៅៗ …។

ឯកត្តាទី ៤ ស្អីទៅ? គឺមានប្រាក់។ ប្រជាជនយើងមានប្រាក់។ ពិតមែនតែ … ចូលមក comment ក្នុងហ្វេសប៊ុករបស់ខ្ញុំ​ឲ្យជួយទម្លាក់ថ្លៃប្រេង … តែជិះគិតតែពីជិះឡើងស្ទះផ្លូវ។ ប្រេងនៅទូទាំងពិភពលោកវាឡើងថ្លៃ។ អង្គការ OPEC មិនព្រមផលិតបន្ថែមទេ គឺដើម្បីឲ្យប្រេងវាឡើងថ្លៃ។ អញ្ចឹងធ្វើឲ្យសហរដ្ឋអាមេរិកក៏បញ្ចេញប្រេង ប្រទេសមួយចំនួនក៏បញ្ចេញប្រេងស្តុករបស់ខ្លួនដើម្បីទប់តម្លៃលើទីផ្សារ។ ប្រជាពលរដ្ឋរបស់យើងមានប្រាក់ចំណូល បើទោះបីថាមិនមានគ្រប់ទាំងអស់គ្នា ១០០% ក៏ប៉ុន្តែ ភាគច្រើនគឺមាន។ សូម្បីថ្ងៃនេះ យើងពិនិត្យ​មើល ជ្រូកលក់តាមផ្សារ (មានអ្នក)ថ្ងូរថាឆ្នាំនេះថ្លៃជាងឆ្នាំទៅ។ មិនថ្លៃយ៉ាងម៉េច បើឆ្នាំទៅខ្លាចកូវីដ-១៩ អត់សូវហ៊ានចូលឆ្នាំទេ។ ឆ្នាំនេះ ក្រោយចាក់វ៉ាក់សាំងហើយ គឺអនុញ្ញាតឲ្យនាំគ្នាដើរលេង។ អញ្ចឹងយើងពិនិត្យ​មើល នៅទីក្រុងភ្នំពេញប៉ុន្មានថ្ងៃនេះមាននិន្នាការទំនិញឡើងថ្លៃ។

នេះវាជាក្រិតក្រមធម្មតារវាងសេចក្ដីត្រូវការ និងការផ្គត់ផ្គង់។ ពីរហ្នឹងវាត្រូវស៊ីសង្វាក់គ្នាអញ្ចឹង។ ឥឡូវនេះ គ្រាន់តែថ្ងៃនេះ ខ្មែរយើងជំនាន់នេះ គឺខុសពីមុន។ ពីមុន ធ្វើខ្លួនឯងទាំងអស់ យកមកសែន។ ឥឡូវអត់ទេ កុម្មង់តាមអនឡាញ តាមទូរស័ព្ទ ដឹកមកមួយស្ពកប៉ុន្មានស្អីប៉ុន្មាន។ ដល់ម៉ោងចុះទៅសែនបណ្ដោយ។ រហូតដល់ប៉ុណ្ណឹងហើយ នៅស្អីទៀត? ហើយវាក៏បានប្រាក់ចំណូលទៅដល់អ្នកដែលគ្នា(រកស៊ីខាងម្ហូប)ធ្វើហ្នឹងដែរ។ ដោះស្រាយការងារធ្វើសម្រាប់កន្លែងដែលផលិតម្ហូបអាហារសម្រាប់ការសែនព្រេន។ លឺដូចជាចិនសែណាមួយគេថា ឆ្នាំនេះហាមយករបស់លឿងនិងក្រហមចូលផ្ទះ។ អញ្ចឹងទាំងអស់គ្នាអ្នកពាក់អាវក្រហមទាំងប៉ុន្មាននាំគ្នាដោះអាវក្រហមគ្រវាត់ចោលមុនចូលផ្ទះ។ ចិនសែនដូចប្លែក? បន្តិចទៀត សពេញផ្ទះ។ ប៉ុន្មានឆ្នាំកន្លងទៅ តែងតែឃើញចងដៃអំបោះក្រហម មើលទៅចាប់ពីឆ្នាំហ្នឹងទៅបែបចងដៃអំបោះសហើយ …។ ត្រឡប់មកវិញ កត្តា ៤ សំខាន់នេះ ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋកម្សាន្តសប្បាយនៅក្នុងពិធីបុណ្យនីមួយៗ។

៧ មករា សមិទ្ធផលចម្បងរបស់គណបក្សប្រជាជន និងជាផលប្រយោជន៍របស់កម្ពុជា

ខ្ញុំក៏គួរតែរំលឹកបន្តិច។ កន្លងទៅមានអ្នកវិភាគថា ហេតុអីបានគណបក្សប្រជាជនមិនព្រមធ្វើបុណ្យថ្ងៃ ៧ មករា នៅឆ្នាំ ២០២១ ក៏មិនធ្វើ ២០២២ ក៏មិនធ្វើ បែរជាខ្ញុំត្រូវចេញដំណើរទៅឯមីយ៉ាន់ម៉ានោះវិញ។ គេវិភាគថា គណ​បក្សប្រជាជនហាក់ដូចជាដកថយចេញពីឥទ្ធិពលវៀតណាម។ ខ្ញុំសូមបញ្ជាក់ទៅអស់លោកបណ្ឌិតទាំង​ឡាយ ដែលធ្វើការវិភាគរបៀបនេះ គ្មានពេលណាដែលគណបក្សប្រជាជននិងប្រជាជនកម្ពុជា ដែលបានរស់រានមានជីវិតដោយសារ ៧ មករា បំភ្លេចថ្ងៃ ៧ មករា នោះទេ។ អ្នកត្រូវចាំកន្លែងនេះ។ ទោះបីជាត្រូវធ្វើសង្គ្រាមដើម្បីការពារ ៧ មករា ក៏ហ៊ានធ្វើដែរ។ គណបក្សប្រជាជនមានការចាំបាច់ ដើម្បីបញ្ជូនសារទៅកាន់ជនរួមជាតិរបស់ខ្លួនថា សម័យកូវីដ-១៩ ត្រូវតែមានការប្រុងប្រយ័ត្ន សូម្បីតែបុណ្យមួយ(ដែលបាន)ចុះក្នុងប្រក្រតិទិនជាថ្ងៃការឈប់សម្រាក ក៏គណបក្សប្រជាជនមានការប្រយ័ត្នប្រយែងក្នុងការប្រារព្ធ (ដើម្បី)កុំឲ្យគណបក្សប្រជាជនក្លាយទៅជាចំណុចផ្ទុះនៃកូវីដ-១៩។

ដែលយើងអត់(ប្រារព្ធ)ធ្វើបុណ្យ បែរជាវិភាគថា យើងខិតខំដកចេញពីឥទ្ធិពលរបស់វៀតណាម។ រឿង ៧ មករា ទោះបីវៀតណាមមកជួយ(ក៏ពិតមែន) ក៏ប៉ុន្តែជាជីវិតរបស់ប្រជាជនកម្ពុជា។ សូមផ្ដាំត្រឡប់ទៅវិញ(ដើម្បី) ឲ្យ​យល់ ឲ្យភ្លឺភ្នែក។ ៧ មករា គឺជាក្បាល​​របស់ខ្មែរទាំងអស់គ្នា។ ទោះបីអ្នកឯងមិនស្គាល់ ក៏ជារឿងរបស់អ្នកឯង។ គ្មានពេលណាដែលគណបក្សប្រជាជនបោះបង់ចោល ៧ មករា នោះទេ។ គណបក្សប្រជាជនមានការចាំបាច់ ដើម្បីបញ្ជូនសារអំពីការប្រុងប្រយ័ត្ននៃការរៀបចំពិធីនេះ។ ចូលរួមដោយមនុស្សតិចវាមិនសម ចូលរួមដោយមនុស្សច្រើន(វាប្រឈម)។ គណបក្សប្រជាជន បើសិនជាធ្វើ ត្រូវធ្វើធំ។ គេលើកថា ចុះធ្វើពិធីសម្ពោធស្ដាដ មនុស្សរាប់ម៉ឺននាក់ធ្វើបាន? ប៉ុន្តែ សូមបញ្ជាក់ រាប់ម៉ឺននាក់នោះ គ្រាន់តែធ្វើតេស្ដទាំងអស់ បើថា ៥ ម៉ឺននាក់ ធ្វើតេស្ដទាំង ៥ ម៉ឺននាក់ ខ្វេះច្រមុះទាំងអស់? អញ្ចឹងសូមជម្រាបទៅវិញ គ្មានពេលណាមួយទេ ដែលគណបក្សប្រជាជនបោះបង់ចោលនូវអ្វីដែលជាសមិទ្ធផលចម្បងរបស់ខ្លួនទេ។ ខ្ញុំគិតថា អ្នកវិភាគស្ទើរភ្លើងខ្លះ គួរសិក្សាឲ្យច្បាស់។ បើបោះបង់ចោល ៧ មករា បានន័យថា គណបក្សប្រជាជនអត់មានបានធ្វើអីពីអតីតកាលទេ។ (យើង)នៅតែ(បន្តអោយមានការ)ឈប់សម្រាក។ បើពួកអ្នកឯងចិត្តសឿង ៧ មករា ទៅធ្វើការទៅ។ គេគិតថា មិនធ្វើបុណ្យ ៧ មករា គឺគណបក្សប្រជាជនហាក់ដូចជាបានដកថយចេញពីឥទ្ធិពលរបស់វៀតណាម។ រឿងនេះ វៀតណាមពិតជាមកជួយកម្ពុជា ប៉ុន្តែវាជាផលប្រយោជន៍របស់ប្រជាជនកម្ពុជាទេតើ …។

កណ្ដាប់ដៃដែក ហ៊ុន សែន ការពារប្រជាជន ការពារសន្តិភាព

បកត្រឡប់ទៅវិញពីរឿងសន្ដិភាព។ គេថា សន្ដិភាព វាមិនមានពិតប្រាកដទេ ដោយសារមានមនុស្សនៅតវ៉ា។ អញ្ចឹងនៅលើពិភពលោកនេះ ប្រហែលជាមានតែប្រទេសកូរ៉េខាងជើងមួយគត់ ដែល(មិន)មានមនុស្សតវ៉ា។ ក្រៅពីនោះ មានមនុស្សតវ៉ាទាំងអស់ រាប់ទាំងប្រទេសគុយបា។ អញ្ចឹងតើប្រទេសទាំងនោះមានសន្ដិភាព? ក្នុងផ្ទះអ្នកឯង កូនតវ៉ាទាមទារនេះ ទាមទារនោះ អញ្ចឹងផ្ទះហ្នឹងគ្មានសន្ដិភាពទេ។ ខ្ញុំមិនបានធានាជូនរឿងទាក់ទិនជាមួយនឹងបញ្ហា រឿងអ្នកភ័យខ្លាចរឿងនេះរឿងនោះ។ កុំតែប្រព្រឹត្តអំពើទុច្ចរិតទៅ វាគ្មាននរណាធ្វើអីលោកឯងទេ។ កុំខ្វល់ពេក។ ខ្ញុំធានាជូនបានត្រឹមតែកុំឱ្យមានកំហឹងរាំងជល់ដូចអតីតកាល ដែលសម្លាប់គ្នាដោយអាវុធ​។ នៅលើពិភពលោកឥឡូវនេះ តើនៅមានប្រទេសប៉ុន្មានទៅ ដែលកំពុងធ្វើបាតុកម្មប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាល ទៅលើការទប់ស្កាត់ការរីករាលដាលនៃ COVID-19? ខ្លះតវ៉ាមិនព្រមចាក់វ៉ាក់សាំង ខ្លះតវ៉ាមិនព្រមពាក់ម៉ាស់។ អញ្ចឹងអាហ្នឹងមានសន្ដិភាព ឬអត់? បើវិភាគឡប់ កុំវិភាគអី។

ខ្លះនិយាយទៀតថា (អោយមាន)សន្ដិភាព(ដូច)ម្តេច បើ(ស្ថិត)ក្រោមកណ្ដាប់ដៃដែករបស់ ហ៊ុន សែន ហ្នឹង? ត្រូវហើយ។ អ្នកឯងនិយាយត្រូវ។ បើគ្មានកណ្ដាប់ដៃដែក(ហ៊ុន សែន)ហ្នឹងទេ ពួកអ្នកឯងធ្វើរពើតរពើងពេញប្រទេស។ ពេលណាដែលអ្នកឯងអនុវត្តខុស ខ្ញុំត្រូវតែអនុវត្តនូវកណ្ដាប់ដៃដែកហ្នឹង។ ដើម្បីអ្វី? ដើម្បីការរស់រានមានជីវិតដ៏សុខសាន្ដរបស់ប្រជាជនទូទាំងប្រទេស។ ពួកអ្នកឯង ១០ នាក់ ២០ នាក់, ១០០ នាក់ មកធ្វើផ្ដេសផ្ដាស បំផ្លាញ​សន្ដិភាពរបស់ប្រទេស រឿងអីមិនឱ្យយើងប្រើអំណាចរបស់យើងដើម្បីការពារប្រជាជន។

ក្នុងរយៈពេលកូវីដ-១៩ ហ៊ុន ម៉ាណែត ខិតខំរៀបចំនិងការពារសុវត្ថិភាពនៃព្រះបរមរាជវាំង

ថ្ងៃមុន គ្រាន់តែខ្ញុំនាំ ហ៊ុន ម៉ាណែត ចូលទៅថ្វាយបង្គំគាល់​ សួរសុខទុក្ខព្រះករុណាព្រះមហាក្សត្រ និងហ្លួងម៉ែ ពួកគេយកទៅវិភាគបានទៀត។ គេថា ហ៊ុន ម៉ាណែត ទៅព្រះរាជវាំង ដូចជាវាមិនសមសោះ ជាមេបញ្ជាការជើងគោក គ្មានភារកិច្ចអីដែលត្រូវទៅរាយការណ៍ថ្វាយព្រះមហាក្សត្រទេ។ ប្រសិនបើនាំទៅឱ្យស្គាល់ជាបេក្ខជននាយករដ្ឋមន្រ្តី(ថ្ងៃអនាគត) កាន់តែខុសទៅទៀត ដោយសារអី? ដោយសារវៀតណាម និង Min Aung Hlaing នៅមីយ៉ាន់ម៉ា ស្គាល់(ហ៊ុន ម៉ាណែត)មុនបាត់។ ខ្ញុំគ្រាន់តែប្រាប់អោយអ្នកយល់។ ក្នុងមួយរយៈកាលនៃការប្រឆាំង COVID-19 នេះ ហ៊ុន ម៉ាណែត ខិតខំយ៉ាងខ្លាំង ដើម្បីការពារព្រះបរមរាជវាំង រៀបចំយ៉ាងណា ដើម្បីឱ្យព្រះបរមរាជវាំងមានសុវត្ថិភាព។ និយាយឱ្យត្រង់ទៅ (ខ្ញុំនាំ ហ៊ុន ម៉ាណែត ទៅ) ក៏ដើម្បីបញ្ជាក់ថ្វាយព្រះអង្គដែរថា “ថ្ងៃក្រោយ ទូលបង្គំដកខ្លួនហើយ គឺឱ្យកូនបន្ត(ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី)តទៅ”។ គ្រាន់តែប៉ុណ្ណឹង គេយកទៅវិភាគ។ វាដំណើរការធម្មតាសោះ ទំនាក់ទំនងរវាងព្រះមហាក្សត្រ ជាមួយនឹងនាយករដ្ឋមន្រ្តី។ ព្រះមហាក្សត្រ និងទាំងព្រះរាជមាតាជាតិ ព្រះអង្គមិនមែនគ្រាន់តែប្រទានព្រះរាជសវនាការសម្រាប់នាយករដ្ឋមន្រ្តីនោះទេ ព្រះអង្គប្រទានសម្រាប់ទាំងប្រជាពលរដ្ឋដែលចង់គាល់ព្រះអង្គ។ ម៉េចក៏គេមិនយកទៅវិភាគ? វាដូចជាជ្រុលពេកទេដឹង​ … ផ្ដាំផ្ញើទៅ ប្រឹងរៀនសូត្រទៅ ក្រែងលោបានចេះដឹងទៅថ្ងៃក្រោយទៅ បានមកធ្វើនយោបាយអីនៅក្នុងស្រុកខ្មែរ … ប៉ុន្តែ សំណាងដែរ ដោយសារតែវាឡប់ហ្នឹងហើយ ដែលវាមិនបានឈ្នះ …។

ខ្ញុំបាននិយាយច្រើនហើយ ហើយក៏មិនចង់ថែមអីឱ្យវែងឆ្ងាយតទៅទៀតដែរ ដោយសារតែគោរពទៅដល់ពេលវេលាដែលអ្នកមួយចំនួននេះ ត្រឡប់ទៅវិញទៅសែន(ចូលឆ្នាំចិន)។ មិនអត់ទេនៅក្នុងហ្នឹង។ យើង​គោរពសេរីភាពនៃជំនឿ តើមានអ្វីទៀត? អញ្ចឹងនៅកម្ពុជាយើង មានទាំងចិន មានទាំងវៀតណាម មានទាំងខ្មែរដែលខ្សែស្រឡាយចិន ត្រូវសែនថ្ងៃនេះ។ ខ្ញុំគិតថា នៅស្រុកយើងប្រហែលជាមិនតិចជាង ៧០ ភាគរយទេ ដែលសែន(ចូលឆ្នាំចិននៅថ្ងៃនេះ)។ គិតក្នុងផ្ទះរបស់ខ្ញុំ អម្បាញ់មិញ … អត់(សែនចូលឆ្នាំ)តែខ្ញុំម្នាក់។ ខ្ញុំអត់​សែនទេ។ ឥឡូវប្រហែលជាប្រពន្ធខ្ញុំចេញដំណើរមកហើយ មករកជើងធូប …។

ចិនជួយផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៥ លានដូស និងតាមតម្រូវការ

អ្វីដែលខ្ញុំគួរផ្ដាំផ្ញើ គឺសូមបងប្អូនធ្វើដំណើរគោរពនូវច្បាប់ចរាចរណ៍ឱ្យបានហ្មត់ចត់។ ឥឡូវនេះ ២៥ ថ្ងៃជាប់គ្នា អត់មានអ្នកស្លាប់ដោយសារ COVID-19 ទេ ប៉ុន្តែយើងមានការឆ្លង(ច្រើន)។ ថ្ងៃនេះ បន្ដិចទៀត ក្រសួងសុខាភិបាលនឹងប្រកាស គឺមាន ៥៦ នាក់ ដែលមានការឆ្លង COVID-19។ អញ្ចឹងសូមអំពាវនាវ ក្រៅពីបញ្ហាចរាចរណ៍ អំពាវនាវឱ្យប្រជាពលរដ្ឋបន្ដនូវការប្រុងប្រយ័ត្នខ្ពស់ សម្រាប់រោគរាតត្បាតដោយ អូមីក្រុង (Omicron)។ នៅកម្ពុជាបច្ចុប្បន្ន Delta និង Alpha អស់ហើយ នៅសល់តែ Omicron ទាំងអស់។ Omicron ពិតមែនតែវាមិនស្លាប់មនុស្ស តែវាឆ្លងលឿន។ មកដល់ពេលនេះ យើងមានជាង ៨០០ ករណី ប៉ុន្តែមានជាខ្លះ ហើយយើងអនុញ្ញាតឱ្យ(អ្នកជំងឺ)ទៅព្យាបាលនៅតាមផ្ទះ។

តាមការចុះផ្សាយនៃសារព័ត៌មានបរទេស ឥឡូវនេះ វ៉ាក់សាំងដែលទប់ទល់បានជាមួយនឹង Omicron បាន គឺវ៉ាក់សាំងរបស់ចិន Sinopham និង Sinovac។ គិតត្រឹមព្រឹកនេះ វ៉ាក់សាំងនៅក្នុងឃ្លាំងរបស់យើង មានជាង ៩ លានដូស។ តែខ្ញុំបានចេញបទបញ្ជាឱ្យទិញ(បន្ថែម)។ ដំបូងឱ្យទិញ ៥ លានដូស។ ពេលជួបទូតចិន គាត់ថា មិនចាំបាច់ទិញទេ។ ទុកលុយទៅ។ ​ចិននឹងផ្ដល់ជូន ៥ លានដូស។​ ខ្ញុំឱ្យទិញ ៣ លានដូស(បន្ថែម)ទេ។ ទិញ ៨ លានដូសមកបញ្ចូលទៅក្នុងឃ្លាំង។ ពេលដែលអគ្គរដ្ឋទូតចិន ទៅជួបឯកឧត្តម ហោ ណាំហុង គាត់ថានឹងផ្ដល់ជំនួយជូនកម្ពុជាតាមតម្រូវការ។ ត្រូវស្ដាប់ឱ្យច្បាស់ភាសារបស់មិត្តចិន បើគាត់ប្រើពាក្យថា នឹងជួយកម្ពុជាទៅតាមលទ្ធភាព ហ្នឹងគឺយើងត្រូវគិតថាលទ្ធភាពរបស់គាត់មានកម្រិតប៉ុណ្ណា យើងត្រូវទិញកម្រិតប៉ុណ្ណា ប៉ុន្តែពេលនេះ គាត់បាននិយាយភាសាមួយថា ជួយកម្ពុជាតាមតម្រូវការ បានសេចក្តីថា បើកម្ពុជាត្រូវការ ១០ លានដូស គាត់អោយ ១០ លានដូស។ យ៉ាងណាក៏ដោយ ឥឡូវគាត់អោយ ៥ លានដូស បូកជាមួយនឹងទិញថែម ៣ លានដូសទៀត ៨ លានដូស នឹងមកនៅក្នុងឆមាសទី ១ នេះ។

វ៉ាក់សាំងតាមការកំណត់ ៣កុំ ៣ការពារ ធានាថាកម្ពុជាមិនថយក្រោយក្នុងការបើកសេដ្ឋកិច្ច-សង្គមឡើងវិញ

យើងទើបនឹងចាក់ដូសទី ៣ បានប្រមាណជិត ៦ លាននាក់។ នៅពេលដែល(វ៉ាក់សាំង)មកដល់ ត្រូវតែចាក់ដូសទី ៣ … ត្រូវបន្តការចាក់វ៉ាក់សាំង ចាក់ដូសទី ៣។ ឯដូសទី ៤ គឺត្រូវធ្វើទៅលើមន្ត្រីជួរមុខ។ យើងកំពុងតែដំ​ណើរការចាក់ដូសទី ៤ នៅទីក្រុងភ្នំពេញ ព្រោះ Pfizer ហ្នឹងពិបាកយកទៅតាមខេត្តណាស់។ ពិតហើយខ្ញុំអោយរក្សាទុកតាមសំណើលោកជំទាវ ឱ វណ្ណឌីន ចំនួន ៥០ ម៉ឺនដូស ពេលប្រព័ន្ធម៉ាស៊ីនត្រជាក់មក(ដល់)។ យើងអាចបញ្ជូនអាហ្នឹងទៅចាក់នៅតាមខេត្ត ប៉ុន្តែក្រៅពីនោះនៅសល់ ១ លាន ៧ សែនដូសទៀត ត្រូវចាក់នៅទីក្រុងភ្នំពេញ។ វ៉ាក់សាំងនេះ ៨០ អង្សារក្រោមសូន្យ ទើបអាចគ្រប់គ្រងវាបាន។

វ៉ាក់សាំងមិនមែនជាបញ្ហា។ អត់មានរឿងខ្វះវ៉ាក់សាំងទេ។ បញ្ហាសំខាន់ គឺអំពាវនាវអោយទៅទទួលវ៉ាក់សាំង។ ការរៀបចំចាក់របស់ក្រុមគ្រូពេទ្យរបស់យើង ត្រូវតែដំណើរការអោយបានជាប់មិនដាច់។ វិធីការពារដើម្បីធានាថា កម្ពុជាមិនថយក្រោយក្នុងការបើកសេដ្ឋកិច្ច-សង្គមឡើងវិញ នោះវ៉ាក់សាំងត្រូវបានទទួលតាមការកំណត់។ ដូសមូលដ្ឋានទាំង ២ ដូសរួចហើយ ត្រូវបន្ថែមដូសជម្រុញ។ ប៉ុន្តែ វ៉ាក់សាំងមួយមុខមិនគ្រប់គ្រាន់ទេ វិធានការ ៣ ការពារ និង ៣ កុំ គឺនៅតែជាវិធានការសំខាន់ ដែលយើងពាក់ម៉ាស់ រក្សាគម្លាត។

ខ្ញុំយប់មិញភ័យដែរ ម៉ោងប្រហែលជា ៣ ស្រាប់តែភ្ញាក់រួចហើយអត់ស្រួល។ រាងដូចស្អក ដូចស្ងួតក។ យ៉ាងម៉េច? ម្សិលមិញជួបក្មេងៗ … អនាគត ឧបនាយករដ្ឋមន្ត្រី អនាគត រដ្ឋមន្ត្រីស្អីៗនោះ ក៏បាយជាមួយក្មេងៗហ្នឹងទៅ។ យប់មិញនេះបែរជាចេញមកស្ងួតបំពង់ក។ ដល់នឹកបន្តិចទៅ ចង់ហៅគេមកធ្វើតេស្តទាំងយប់។ ដល់គិតទៅអត់ទេ មកពីខ្ញុំប៉ូវយិនស៊ិន។ យិនស៊ិនហ្នឹងវាពិបាករកណាស់។ យិនស៊ិនពីកូរ៉េខាងជើង។ យិនស៊ិនពីស្រុកចិន ពីកូរ៉េខាងត្បូងស្រួលរកទេ ប៉ុន្តែយិនស៊ិនមកពីកូរ៉េខាងជើងពិបាករក។ យើងទើបនឹងបានអាយិនស៊ិនពីកូរ៉េខាងជើង។ អាហ្នឹងដូចឈើខ្លឹមអញ្ចឹង។ យកទៅស្ងោរហើយចៀរវា រួចហើយយើងយកមកដាក់ក្នុងទឹកក្តៅ រួចផឹក។ ផឹកអស់អាទឹកហ្នឹងហើយថែមអាកាកហ្នឹងទៅជាមួយទៀត។ យី!អានេះខ្លាំងម៉េស។ មកព្រឹកហ្នឹងមកទាំងជាតិយិនស៊ិនមកជាមួយ។

គណបក្សប្រជាជនគ្មានការរើសអើងណាមួយសម្រាប់ពលរដ្ឋរបស់ខ្លួននោះទេ តាមរយៈការផ្តល់វ៉ាក់សាំង

អញ្ចឹងខ្ញុំសូមអំពាវនាវ ដើរលេងក៏ដើរចុះតែសូមអោយមានការប្រុងប្រយ័ត្ន។ ឥឡូវនេះ Omicron បានឆ្លងនៅតាមបណ្តាខ័ណ្ឌក្នុងរាជធានីភ្នំពេញរបស់យើង ហើយក៏ត្រូវបានអនុញ្ញាតអោយព្យាបាលនៅផ្ទះ។ Omicron ក៏មានឆ្លង ហើយភាគច្រើន Omicron គឺនាំចូល តែឥឡូវនេះការនាំចូលគឺចំនួនតិច ឆ្លងក្នុងសហគមន៍មានចំនួនច្រើន។ ក្នុង ៤៦ ករណីនេះ គឺមានការនាំចូលត្រឹមតែ ៩ នាក់ទេ ក្រៅពីនោះឆ្លងក្នុងសហគមន៍។ អញ្ចឹងសូមអោយបន្តវិធានការប្រុងប្រយ័ត្ន ៣ ការពារ និង៣ កុំ គួបផ្សំជាមួយវ៉ាក់សាំង គឺធានា។ ខ្ញុំនឹងបន្តជាមួយនឹងបងប្អូនជនរួមជាតិនូវការរួមគ្នាប្រយុទ្ធជាមួយនឹង COVID-19 ដោយមិនទុកអោយអ្នកណាមួយអត់មានវ៉ាក់សាំងចាក់ លើកលែងតែអ្នកឯងមិនចង់ចាក់ … គណបក្សប្រជាជនគ្មានការរើសអើងណាមួយសម្រាប់ពលរដ្ឋរបស់ខ្លួននោះទេ។ ក្នុងការផ្តល់វ៉ាក់សាំង យើងមិនបានសួរប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំងថា អ្នកឯងចូលគណបក្សណាទេ។ ដឹងតែមករកវ៉ាក់សាំងគឺចាក់ ដឹងតែកើត COVID-19 គឺផ្តល់ការព្យាបាល។

ចំណុចនេះគេបានឃើញហើយ។ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនមិនបានរើសអើងចំពោះប្រ​ជាជនណាមួយ។ ចំណុចនេះ គេបានឃើញនៅក្នុងដំណាក់កាលនៃការប្រយុទ្ធជាមួយនឹង COVID-19 ។ យើងអត់បានសួរអ្នកឯងនៅខាងបក្សណា។ ខ្ញុំមិនខ្វល់ថា អ្នកឯងនៅបក្សណាទេ អ្វីដែលជាកិច្ចការធំបំផុតដែលយើងត្រូវធ្វើគឺសង្គ្រោះជីវិតមនុស្សទាំងអស់ដែលនៅលើដែនដីកម្ពុជា។ អញ្ចឹងសូមយកទៅមើលទៅ តើបក្សដទៃបានឆ្លងកាត់ដំណាក់កាលនេះហើយ ឬនៅ? បណ្តាគណបក្សដែលមានរាប់សិបគណបក្សកំពុងសកម្មភាពនៅកម្ពុជា បានទទួលវ៉ាក់សាំងហើយ ឬនៅ? ខ្ញុំដឹង អ្នកខ្លះអត់ទទួលវ៉ាក់សាំងចិនទេ ទៅទទួលវ៉ាក់សាំងអាមេរិក។ អ្នកខ្លះនៅសៀមរាបឯណោះ បើកឡានមកចាក់នៅព្រៃវែង។ ខ្ញុំក៏ដឹង តែខ្ញុំអត់ថា អីទេ។ លោកឯងចង់ទៅចាក់ឯណាចាក់ទៅ ព្រោះខ្ញុំចាត់ទុកថា ប្រទេសកម្ពុជាទាំងមូលអត់មានខណ្ឌរបងថា អ្នកភ្នំពេញចាក់តែភ្នំពេញទេ។

ខ្ញុំប្រកាសថា Pfizer ហ្នឹង អ្នកណាមកចាក់ពីខេត្តមកចាក់អោយទៅ។ ប៉ុន្តែបក្សដទៃបានបង្ហាញអំពីកាយវិការ មិនមានការរើសអើងនេះហើយ ឬនៅ? ក្រៅពីគណបក្សប្រជាជនដែលកំពុងកាន់អំណាចសព្វថ្ងៃ។ នេះជាចំណុចដែលត្រូវមើលឃើញនៅពេលខាងមុខ។ មេភូមិ មេឃុំ របស់យើង ក្រុមប្រឹក្សាឃុំសង្កាត់របស់យើងមិនមែនការរើសអើងអំពីបញ្ហានេះទេ។ និយាយអញ្ចឹងតិចថា ជិតដល់ពេលបោះឆ្នោតហើយ លោក ហ៊ុន សែន បានឃោសនា។ តែរឿងហ្នឹងវាជារឿងពិត បើទោះបីវាមិនមែនប៉ុន្មានខែខាងមុខត្រូវធ្វើការបោះឆ្នោត ក៏ខ្ញុំគួរតែនិយាយថា រឿងវាអញ្ចឹង។ អត់មានមេឃុំ អត់មានមេភូមិមួយណាប្រាប់ថា ចាក់អោយអានេះ អត់ចាក់អោយអានោះ។ អត់ទេ។ ចាក់អោយទាំងអស់ លើកលែងតែអ្នកនោះត្រូវពេទ្យហាមឃាត់មិនអោយចាក់ ហើយត្រូវសាម៉ីខ្លួនមិនព្រមចាក់ ដោយកត្តានេះដោយកត្តានោះ។ ប៉ុន្តែអ្នកដែលមិនព្រមចាក់នោះវាមានតិចតួចណាស់។ ខ្ញុំដឹងក្រុមគ្រួសារខ្លះអត់ព្រមចាក់ទេ ប៉ុន្តែដល់ស្លាប់មួយទៅ ប្រុច! និយាយពីនាំគ្នាចាក់លឿនជាងអីទៀត។

បើនៅភ្នំពេញកាលដែលមានស្លាប់នោះ ខ្ញុំអោយរាយការណ៍អោយខ្ញុំទាំងអស់ … ឈ្មោះនេះស្លាប់បានចាក់វ៉ាក់សាំង ក្រុមគ្រួសាររបស់គាត់បានចាក់ ប៉ុន្តែគាត់ម្នាក់មិនបានចាក់ដោយសារតែគាត់មានផ្ទៃពោះ ហើយឆ្លងទន្លេហើយ បានចាប់ផ្ដើម(ចាក់)។ ប៉ុន្ដែមានប្រហែលជា ៣ ករណី ដែលមិនព្រមចាក់ទូទាំងគ្រួសារ ដល់តែស្លាប់មួយទៅប្រុច … តែឆ្លងមួយហើយ ត្រូវបិទសិន ធ្វើចត្ដាឡីស័កមួយផ្ទះ។ បន្ទាប់ទៅ ត្រូវទៅចាក់វ៉ាក់សាំង ព្រោះនេះជាការការពារខ្លួនឯងទេ។ ការប្រយុទ្ធជាមួយ COVID-19 ចំណុចចេញដំណើររបស់វា ត្រូវចាប់ផ្ដើមពីមនុស្ស​ម្នាក់ៗ។ អត់មានអ្នកណាមកធ្វើជំនួសយើងបានទេ។ កូនយើងក៏មិនអាចជួយយើងបាន ប្រពន្ធយើងក៏មិនអាចជួយយើងបាន ចៅយើងក៏មិនអាចជួយយើងបាន (ដូចនេះ)ម្នាក់ៗត្រូវម្ចាស់ការ។

ពន្ធផ្ទៃក្នុងកើនឡើង ខណៈសេដ្ឋកិច្ចងើបឡើង

ថ្ងៃនេះ វាចំថ្ងៃដែលប្រជាពលរដ្ឋចេញដើរលេង អញ្ចឹងបានជាខ្ញុំដាក់កម្មវិធីអាទិត្យនេះ … ព្រឹកស្អែកត្រូវទទួលភ្ញៀវ អាទិត្យហ្នឹងប្រជុំគណៈរដ្ឋមន្ដ្រី។ ដាក់(កម្មវិធី)ឲ្យច្រើនបន្ដិចដើម្បីឲ្យរដ្ឋមន្ដ្រីរបស់យើងគាត់ទៅសែន … ប៉ុន្ដែយ៉ាងណា ទប់គាត់សែនមិនបានទេ (គ្រាន់)តែកុំឲ្យគាត់ដើរលេងឆ្ងាយពេក។ ព្រះមហាក្សត្រ ព្រះអង្គក៏យាងទៅដើម្បីចូលរួមកីឡាអូឡាំពិករដូវក្ដៅនៅប្រទេសចិន។ បន្ដទៅថ្ងៃទី ១០ ខ្ញុំត្រូវចេញដំណើរទៅកូរ៉េខាងត្បូង ដើម្បីចូលរួមប្រជុំនៅទីនោះ។ អញ្ចឹងចាប់ពីបើកប្រទេស​មក និយាយថា មហារវល់។ តាមអនឡាញក៏អនឡាញ ឯកសារក៏វាច្រើន។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺចំណូលផ្ទៃក្នុងខែមករានេះ ខុសពីចំណូលផ្ទៃក្នុងខែមករាក្នុងឆ្នាំ ២០២០ និង ២០២១ ច្រើន ព្រោះសេដ្ឋកិច្ចងើបឡើងវិញ អញ្ចឹងពន្ធដារផ្ទៃក្នុងវាកើនដែរ។ តែនាំគ្នាស៊ីផឹកច្រើន ពន្ធវាបានមករដ្ឋដែរ។ ទឹកក្រូចមួយកំប៉ុងត្រូវមានតំលៃបន្ថែមប៉ុន្មាន អញ្ចឹងការចាយកាន់តែច្រើនចំណូលរដ្ឋកាន់តែច្រើន បានសេចក្ដីថាប្រជាពលរដ្ឋរបស់យើងនៅមានលុយ។

ថ្ងៃនេះ យើងធ្វើកិច្ចការងារមួយនេះ ស្ពាននេះជាស្ពានទី ៦ ដែលយើងកសាង។ ចោមចៅមិនទាន់សម្ពោធទេ ប៉ុន្ដែគង់តែមានពេលណាមួយយើងសម្ពោធ ហើយកសាងនៅកន្លែងនេះ អានេះ ស្ពានបេតុងអស់ ៣៥ លាន ដុល្លារ។ ស្ពាននេះអស់ ៧ លាន ៧ សែនជាង ជិត ១០ លានដុល្លារនៃការកសាងស្ពានមួយនេះ។ ខ្ញុំអរគុណ និងកោតសរសើរដល់សាលាក្រុង និងក្រុមហ៊ុនអាណិកជនកម្ពុជា អូស៊ីអាយស៊ី របស់លោកឧកញ៉ា ពុង ឃាវ​សែ អភិវឌ្ឍកោះពេជ្រហើយ កោះនរា ឥឡូវជ្រោយចង្វារ។ ក្រុងយើងកាន់តែរីក … (វាជា)ក្រឹត្យក្រមសត្យានុម័ត ហើយចំណុចស្នូលរបស់វា គឺសន្ដិភាព។ បើអត់សន្ដិភាពកសាងហើយខ្ទេចដដែល។ យើងមើលទីក្រុង ១០០១ យប់ គឺទីក្រុងបាដាដ របស់អ៊ីរ៉ាក់ ខ្ទេចទាំងអស់។ ទីក្រុងនៅប្រទេសស៊ីរី ប្រទេសលីប៊ី តើប៉ុន្មានទីក្រុងត្រូវខ្ទេច ដោយសារសង្គ្រាម។ យើងក៏ធ្លាប់ដែរ បាក់ស្ពានជ្រោយចង្វារ អគារធនាគារជាតិត្រូវគេវាយរំលំ ប៉ុន្ដែឥឡូវយើងកសាងឡើងវិញទាំងអស់។

អគុណណាស់សម្រាប់ថ្ងៃនេះ ដែលសម្ដេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិបានមកចូលរួមពីធីបើកការដ្ឋានសាងសង់ស្ពានអាកាសឫស្សីកែវនៅទីនេះ ហើយចង(ដៃ)ជាកាដូឆ្នាំថ្មីផង និងឆ្លៀតឱកាសឲ្យខ្ញុំបកស្រាយលើករណីខ្លះដែលចំាបាច់ត្រូវនិយាយដូចជាករណីសន្ដិភាព ករណី ៧ មករា ជាដើម។ ជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់ស្ពានអាកាសឫស្សីកែវ និងស្ពានបេតុងឆ្លងកាត់ទន្លេស្ថិតនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ។ ថ្ងៃនេះយើងបើកទាំងពីរតែម្ដង ការពិតអានោះវាធ្វើជិតហើយៗ តែមិនទាន់បើក ហើយដល់មកសម្ពោធបណ្ដោយ។ ខ្ញុំសូមយកឱកាសនេះជូនពរសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ នូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលំ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ