សម្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, សម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង ខេត្តបាត់ដំបង ដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

CNV:

ផ្លូវជាតិលេខ ៥ ពីទីរួមខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ផ្លែផ្កាកិច្ចសហប្រតិបត្ដិការរកម្ពុជា-ជប៉ុន

ឯកឧត្តម Mikami Masahiro អគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម លោកជំទាវ ប្រិយមិត្តជប៉ុន
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់

ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយដែលបានចូលរួមជាមួយឯកឧត្តម Mikami Masahiro តំណាងប្រទេសជប៉ុន ក៏ដូចជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមដាក់សម្ពោធឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង ដែលតភ្ជាប់ទីរួមខេត្តបាត់ដំបង ទៅក្រុងសិរីសោ​ភ័ណ ប្រវែង ៨៤,៧៤ គីឡូម៉ែត្រ។ នេះចាត់ទុកថាជាផ្លែផ្កានៃកិច្ចសហប្រតិបត្ដិការរវាងកម្ពុជា-ជប៉ុន ក្នុងកិច្ចខិតខំ​ប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ខ្ញុំគិតថា អ្វីដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញ ក៏ដូចជាឯកឧត្តម Mikami Masahiro បានលើកឡើង គឺពិតជាត្រឹមត្រូវ … កាលពីថ្ងៃទី ២៦ មិថុនា ២០១៨ ខ្ញុំបាន​មកបើកការដ្ឋាននៅទីនេះ។ ខ្ញុំសូមយកឱកាសនេះ សុំអធ្យាស្រ័យពីសំ​ណាក់ប្រជាពលរដ្ឋរបស់យើងនៅខេត្តបាត់ដំបង ដោយកាលពីឆ្នាំ ២០២០ ពេលនោះយើងមានទឹកជំនន់ធ្ងន់ធ្ងរ។ ខ្ញុំធ្វើ​ដំណើរ​ទៅខេត្តបន្ទាយមានជ័យច្រើន បន្ទាប់ទៅត្រូវរៀបចំផែនការទី ២ ដោយត្រូវធ្វើដំណើរមកកាន់ពោធិសាត់ បាត់ដំបង និងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យសាជាថ្មី្មម្ដងទៀត ទាក់ទងនឹងការផ្ដល់ជំនួយឧបត្ថម្ភ​ស្រូវ​ពូជ និងពូជដំណាំផ្សេងៗ ដើម្បីស្ដារឡើងវិញ។ គាប់ជួនពេលនោះ កើតមាន​ព្រឹត្តិការណ៍សហគមន៍ ដែលរូបខ្ញុំបានប៉ះពាល់ផ្ទាល់ជាមួយនឹងរដ្ឋមន្ដ្រីការបរទេសហុងគ្រី ដែលគាត់​មាន(វិជ្ជមាន)កូវីដ-១៩។ ដូច្នេះកម្មវិធី ក៏ត្រូវអាក់ខាន ហើយចំពោះខេត្តបាត់ដំបង សម្ដេចក្រឡាហោម​ ស ខេង បានមកជំនួសខ្ញុំវិញ ដើម្បីចែកជូនជាការស្ដារឡើងវិញក្រោយទឹកជំនន់។ ​កាលទឹកជំនន់នោះ​ ខ្ញុំក៏បានធ្វើដំណើរក្នុងផ្នែកមួយនៃខេត្តបន្ទាយមានជ័យ ទៅលើផ្លូវជាតិលេខ ៥ តែម្ដង។

ផ្លូវជាតិលេខ ៥ ឬ អាស៊ានហាយវេ ១១ ឬរបៀងខាងត្បូង តភ្ជាប់ភ្នំពេញ បាងកក និងហូជីមិញ

ខ្ញុំសង្កេតឃើញថា ផ្លូវនេះជាផ្លូវរឹងមាំដោយ ……… ដែលខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះការ​ខិតខំរបស់អាជ្ញាធរខេត្តទាំងពីរ ក្រុមហ៊ុនសាងសង់ ដែលបានធ្វើកិច្ចសហប្រតិបត្ដិការជា​មួយគ្នា ដែលបានធ្វើឲ្យផ្លូវនេះកើតចេញជារូបរាង។ ខ្ញុំសូមថ្លែងការកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ក៏ដូចជាក្រុមដោះមីន ដែលធ្វើឲ្យស្ថានភាពនៃការសាងសង់ផ្លូវរបស់យើងនេះ មិនមានផលប៉ះពាល់ណាមួយ​អំពីប្រតិបត្ដិការនោះទេ ពិតមែនតែទឹកដីខេត្តបាត់ដំបងសំបូរទៅដោយគ្រាប់មីន។ ឥឡូវ​នេះ មិត្តជប៉ុនក៏ផ្ដល់នូវហិរញ្ញប្បទានសម្រាប់ការដោះមីននៅក្នុងខេត្តពាយ័ព្យ ដែលគ្របដណ្ដប់មានខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។ សម្រាប់ផ្លូវជាតិលេខ ៥ ឬដែលហៅថា អាស៊ានហាយវេ ១១ ឬរបៀងខាងត្បូង ជប៉ុនយើងបានជួយយើង​ក្នុង​ការតភ្ជាប់រវាងទីភ្នំពេញ ក្រុងបាងកក និងទីក្រុងហូជីមិញ។

យើងបានឃើញថា ឥឡូវនេះ ពិតមែនសម្រេចបានត្រឹមតែប៉ុណ្ណេះ ក៏ប៉ុន្ដែយើងមានដំណាក់កាលដែលត្រូវសម្រេចជាបន្ដទៀត ដូចដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងក្នុងរបាយការណ៍របស់គាត់ ពាក់ព័ន្ធជាមួយនឹងដំណើរនៃការសាងសង់របស់យើងជាបន្ដទៀត។ ថ្ងៃនេះ យើងសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវប្រវែង ៨៤​ ជិត ៨៥ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ទៅទីរួមខេត្តបន្ទាយមានជ័យ គឺសិរីសោភ័ណ ប៉ុន្ដែភាគខាងត្បូងពីព្រែកក្ដាម មកធ្លាម្អម(ដែលមានប្រវែង) ១៣៥ គីឡូម៉ែត្រ សម្រេចបាន ៦៤ ភាគរយ ដែលគ្រោងនឹងបញ្ចប់ឆ្នាំ ២០២២។ អញ្ចឹងប្រជាពលរដ្ឋរបស់យើង រង់ចាំ​តែ ១ ឆ្នាំទៀត ការធ្វើដំណើរពីព្រែកក្ដាម មកទល់ធ្លាម្អម នៃខេត្តពោធិ៍​សាត់ នឹងមានភាពងាយស្រួលច្រើន។ បន្ដទៅយើងនឹងមានផ្លូវភ្ជាប់ពីធ្លាម្អម បាត់ដំបង និងពីសិរីសោភ័ណទៅបោយប៉ែត ដែលមាន​ប្រវែង ១៤៦ គីឡូម៉ែត្រ។ ឥឡូវនេះ (កំណាត់ផ្លូវរវាង)ធ្លាម្អមនិងបាត់ដំ​បង កសាងបាន ៥៥ ភាគរយហើយ បន្ថែមពីលើនេះ រវាងកំណាត់ផ្លូវរវាងសិរីសោភ័ណ និងបោយប៉ែត ក៏កំពុងរៀបចំនីតិវិធីដេញថ្លៃដើម្បីជ្រើសរើសនៃការសាង​សង់។

មិត្តជប៉ុនកសាងផ្លូវជាតិលេខ ៥ និងផ្លូវជាតិលេខ ១ ដល់ព្រំដែនវៀតណាម

បើយើងសង្កេតមើល ផ្លូវដ៏មមាញឹកបំផុតគឺផ្លូវជាតិលេខ ៥ នេះ ដែលតភ្ជាប់រវាងព្រះរាជាណាចក្រថៃ តភ្ជាប់រហូតដល់ទៅទល់ព្រំដែនវៀតណាម។ អញ្ចឹងមិត្តជប៉ុនក៏បានចូលរួមកសាងផ្លូវក្នុងចំងាយមួយដ៏ឆ្ងាយ គឺប្រវែង ៣៦៦ គីឡូម៉ែត្រ ដែលតភ្ជាប់កំណាត់ផ្លូវជាតិលេខ ៥ នេះ មានកន្លែងធំមានកន្លែងតូច តាមទីកន្លែងដែលប្លង់មេបានផ្ដល់ឲ្យ។ បន្ទាប់ទៅផ្លូវជាតិលេខ ១ ដែលបានសាងសង់ដោយជប៉ុន ស្ពានតឹ្សបាស្សា ដែលជាស្ពានធំបំផុត​ ហើយពីមុននេះពិបាកដឹកជញ្ជូនបំផុត ដោយមានការឆ្លងសាឡាងនៅពេលយប់ ភ្ជាប់រវាងខេត្តកណ្ដាល និងខេត្តព្រៃវែង ម្ដុំអ្នកលឿង បានកសាងដោយជប៉ុន។ ដូច្នេះអាចនិយាយបានថារបៀងភាគខាងត្បូងនេះ ត្រូវបានឧបត្ថម្ភគាំទ្រដោយជំនួយឥតសំណង និងហិរញ្ញប្បទានរបស់ប្រទេសជប៉ុនសម្រាប់យើង។

ខ្ញុំ​សូមយកឱកាសនេះ តាមរយៈឯកឧត្តម Mikami Masahiro ផ្ដាំផ្ញើដើម្បីថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន ជប៉ុន ដែលជានិច្ចកាលតែងតែផ្ដល់ជំនួយឥតសំណងនិងហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច​-សង្គមនៅកម្ពុជា … សូម្បីតែមន្ទីរពេទ្យនៅមង្គលបុរីរបស់យើង ដែលកំពុង​ទទួលរ៉ាប់រងយ៉ាងមមាញឹក ក៏មាន(អគារ)មន្ទីរពេទ្យរបស់ជប៉ុន ដែលពេលនោះខ្ញុំបានធ្វើដំណើរជាមួយឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី កាលពេលនោះ គាត់ជាអគ្គរដ្ឋទូត ជិះឧទ្ធម្ភាគចក្រជាមួយខ្ញុំដូចគ្នា ទៅ​កាន់​មន្ទីរពេទ្យមង្គលបុរី។ ថ្ងៃនេះ (ឯកអគ្គរដ្ឋទូត Mikami Masahiro និងខ្ញុំ) យើងមានឱកាសជិះឧទ្ធម្ភាគចក្រជាមួយគ្នា ហើយយើងនៅសល់កម្មវិធីមួយទៀត សម្រាប់ការសម្ពោធស្ពានមួយចំនួនរបស់ជប៉ុន។ យើងធ្វើតែមួយកន្លែងទេ តែអាចធ្វើដំណើរតាមឧទ្ធ​មា្ភគចក្រជាមួយគ្នាតទៅទៀត។ ចំណុចនេះចង្អុលបង្ហាញពីការរួមចំណែករបស់ជប៉ុន​សម្រាប់សន្ដិភាពនិងការអភិវឌ្ឍកម្ពុជា។

ជប៉ុនរួមចំណែករៀបចំការចរចាបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស និង SNC

(សម្រាប់)សន្ដិភាព ខ្ញុំគួរតែរំលឹកបន្ដិច។ ព្រឹកមិញខ្ញុំបានប្រគល់នូវអត្ថបទកាសែត ដែលឯកឧត្តម ចម​ ប្រសិទ្ធ បានរកឃើញ គឺអាសាហ៊ី ស៊ីមប៊ុន(Asahi Shimbun) តាំងឆ្នាំ ១៩៩០ ជូនឯកឧត្តម Mikami លើឧទ្ធម្ភាគចក្រ។ (អត្ថបទ)ទាក់ទិនជាមួយនឹងការស្វែងរកសន្ដិភាពនៅកម្ពុជា ដែលពេលនោះពិធីចុះហត្ថលេ​ខា​បង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC គឺធ្វើនៅទីក្រុងតូក្យូឯណោះ។ ឯកឧត្តម Mikami អាចមើល ឃើញអតីតរដ្ឋមន្ដ្រីការបរទេសជប៉ុន ណាកាយ៉ាម៉ា ដែលចូលរួមនៅពេលនោះ។ មានតាំងពីឧបនាយក​រដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីការពារជាតិ ឆាវ៉ាលីត យុងឆៃយុទ្ធ ទៅពីថៃដើម្បីចូលរួម … ឯកឧត្តម Yukio Imagawa ដែលជាអតីតអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាពេលនោះ ​ជាអ្នករៀបចំការជួបជាសំងាត់ដែលមានខ្ញុំ ឆៃវ៉ាលីត និងឯកឧត្តម Yukio Imagawa នៅប៉ាតាយ៉ាប្រទេសថៃ។ រួចហើយបាន យើងទៅធ្វើការចុះហត្ថលេខារវាងខ្ញុំ និង ព្រះបាទនរោត្ដម សីហនុ ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ បង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ នេះជាចំណែកដ៏សំខាន់មួយនៃការស្វែងរកសន្ដិភាពនៅពេលនោះ។

បន្ទាប់មកទៀត ឲ្យតែពេលខ្ញុំទៅពិនិត្យសុខភាពនៅប្រទេសជប៉ុន ចាត់ទុកថា រឿងមិនមែនតែសុខភាពពេកនោះទេ។ សុខភាពគឺសុខភាពហើយ តែយើង(ទៅ)ពិភាក្សារឿងនយោបាយ។ អ្នកដែលយក​ឈ្នះចិត្តខ្ញុំបាននៅពេលនោះគឺ (Hisashi) Owada។ គាត់ជាអនុរដ្ឋមន្ត្រីការបរទេសរបស់ជប៉ុន។ ពេលនោះ ខ្ញុំស្នើសុំដាក់នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស នូវចំណុចស្តីពី​ការមិនវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ខ្ញុំចរចាជា​មួយ (Hisashi) Owada តាំងពីម៉ោង ៧ ល្ងាច រហូតដល់ម៉ោង ២ កន្លះភ្លឺ។ ពេលនោះ (Hisashi) Owada គាត់បាននិយាយជាមួយខ្ញុំរបៀបនេះ “Saddam Husein ​ត្រូវតែកាត់ទោសហើយ។ ប៉ុល ពត ក៏ត្រូវតែកាត់ទោសដែរ។ ប៉ុន្តែបើដាក់របៀបហ្នឹង ធ្វើម៉េចខ្មែរក្រហមចូលរួម ធ្វើម៉េចភាគីមានការពាក់ព័ន្ធ​ចូលរួម”។ អញ្ចឹងបានជាមានពាក្យ “កុំឱ្យអំពើប្រព្រឹត្តពីអតីតកាលថ្មីៗ វិលត្រឡប់” ជំនួសពាក្យកុំឱ្យពួកខ្មែរក្រហមវិលត្រឡប់។

បានសេចក្ដីថា ដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជានេះ ក៏មានចំណែកយ៉ាងធំពីខាងជប៉ុន ដោយធ្វើម្ចាស់ផ្ទះនៃការរៀបចំនៃការចរចា ដើម្បីចុះហត្ថលេខាលើការបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ឈានទៅដល់កិច្ចបង្កើត SNC។ ហ្នឹងផ្ទៃក្នុង។ ក៏ប៉ុន្តែត្រូវមានជំនួយពីជប៉ុន ដើម្បីឱ្យភាគីទាំង ៤ ជួបជុំគ្នា។ ពេលនោះ គឺខ្មែរក្រហមបដិសេធ, (និងធ្វើ)ពហិកា។ តែ ៣ ភាគីទេ ចូលរួមចុះហត្ថលេខា។ ខ្ញុំមិនខ្វល់ថា ៣ ឬ ៤ ភាគីទេ ខ្ញុំខ្វល់តែរឿងយើងមានរដ្ឋាភិបាល ២។ រដ្ឋាភិបាលមួយ ដឹកនាំដោយខ្ញុំ។ រដ្ឋាភិបាលមួយដឹកនាំដោយសម្ដេចព្រះនរោត្តម សីហនុ តែប៉ុណ្ណឹង។ ខាងនោះ ចូលរួមដោយ សម្ដេចព្រះនរោត្តម សីហនុ និងលោកតា សឺន សាន ដែលជានាយករដ្ឋមន្ត្រី។ ចំពោះ ខៀវ សំផន ដែលជាអនុប្រធានធិបតី និងរដ្ឋមន្ត្រីការបរទេសរបស់កម្ពុជាប្រជាធិបតេយ្យ នៅពេលនោះ គឺមិនបានចូលរួមទេ។

ខួបទី ៣០ នៃ PKO មកដល់កម្ពុជា និងស្វាគមន៍នាវាយោធាជប៉ុន

ឥឡូវបើពិនិត្យទៅដល់បញ្ហានេះ យើងគួរនិយាយបន្តិចថា ឆ្នាំ ២០២២ នេះជាខួបលើកទី ៣០ នៃកងរក្សាសន្តិភាពជប៉ុន ដែលជប៉ុននិយមហៅថា ភីខេអូ Peace Keeping Operation ចេញប្រតិបត្តិការនៅក្រៅប្រទេស។ អញ្ចឹងខួបលើកទី ៣០ នៃថ្ងៃដែលជប៉ុនបានចេញ(កងទ័ព)មកមុនគេ ហើយចេញមកដល់កម្ពុជាតែម្ដង។ ជនជាតិជប៉ុន ០២ នាក់ បានស្លាប់និងកប់នៅលើទឹកដីរបស់យើង។ ដូច្នេះ ឆ្នាំ ២០២២ នេះគឺជាខួបលើកទី៣០ ដែលយើងគប្បីត្រូវធ្វើនូវសកម្មភាពមួយចំនួនដើម្បីអបអរសាទរ រាប់ទាំងបញ្ហាការចូលដោយនាវារបស់ជប៉ុន ចូលមកកាន់កម្ពុជា។ ប៉ុន្តែ នាវានោះ មិនអាច​ចូលនៅកំពង់ផែរាមបានទេ ព្រោះទឹកតែ ២ ម៉ែត្រ។ ព្រឹកមិញ ខ្ញុំបានពិភាក្សាជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ហើយ គឺថា​ យើងអាចមានជម្រើសអញ្ចេះ។

វិធីរបស់ខ្ញុំដោយសារតែកន្លែងហ្នឹង យើងកំពុងតែចាប់ផ្ដើមសាងសង់ ប៉ុន្តែនៅទស្សនកិច្ចបាន។ យកនាវារបស់កម្ពុជាដែលស៊ីទឹករាក់ព្រោះតូចៗទេ នាវាកម្ពុជា។ នាវាជប៉ុនធំៗ ព្រោះនាវាចេញមហាសមុទ្រ។ អញ្ចឹង គឺដឹកកងទ័ពជប៉ុនមកកា​ន់រាម រួចហើយបន្ទាប់ពីហ្នឹងទៅ ជិះឡានធំៗ រួចហើយទស្សនកិច្ច ហើយត្រឡប់ទៅវិញ។ អញ្ចឹងយើងអាចទៅផ្លូវទឹកបានមួយ រួចហើយទៅតាមផ្លូវគោកទៀត … សម្ដេចពិជ័យសេនា ទៀ បាញ់ បានទទួលទូរស័ព្ទរបស់ខ្ញុំព្រឹកមិញ។ មុនពេលដែលខ្ញុំមកនេះ ខ្ញុំរវល់តែទូរស័ព្ទជាមួយគាត់បន្តិច។ យើងធ្វើកម្មវិធីមួយចំនួនដើម្បីទទួលដឹងឮអំពីការចេញប្រតិបត្តិការជាលើកដំបូងរបស់កង​ស្វ័យការពារជប៉ុន ដើម្បីចូលរួមរក្សាសន្តិភាព។

រឿងនេះ ខ្ញុំគួរតែរំលឹក។ ពេលនោះ ខ្ញុំបានគាំទ្រយ៉ាងខ្លាំងចំពោះតួនាទីរបស់ជប៉ុនក្នុងការរក្សាសន្តិភាព។ ខ្ញុំនេះត្រូវបានក្លាយជាទៅជាគោលដៅនៃការវាយប្រហារ។ Shimbun Akahata សារព័ត៌មានរបស់បក្សកុំម្មុយនីស្តជប៉ុន តាមសួរខ្ញុំ។ ពេលហ្នឹង Yasushi Akashi ស្នើខ្ញុំទៅវ៉ាស៊ីនតោន … ទៅជួបខាងភាគីអាមេរិក ដើម្បីចល​នា​ឱ្យអាមេរិកជួយក្នុងការចូលរួមចំណែកផ្ដល់ថវិកាឱ្យ អ៊ុនតាក់។ ខ្ញុំធ្វើដំណើរតាមតូក្យូ រួចហើយបានចេញទៅអាមេរិក។ Shimbun Akahata តាមសួរខ្ញុំទៅដល់វ៉ាស៊ីនតោន រួចហើយមាន Shimbun Akahata មួយទៀត តាមសួរខ្ញុំដល់ពោធិ៍ចិនតុងទៀតថា ម៉េចបានអ្នកឯងគាំទ្រ(កម្លាំងប្រតិបត្តិការសន្តិភាព)ហ្នឹង។

នៅមានរឿងមួយទៀត។ ទន្ទឹមនឹងការចូលរួមដើរតួនាទីក្នុងការនាំមកនូវសន្តិភាពនិងបញ្ជូនកងស្វ័យការពារ ​គេហៅថា កងរក្សាសន្តិភាព(ជប៉ុន) មកកាន់កម្ពុជា, ជប៉ុនរៀបចំ ICORC (International Committee for the Reconstruction of Cambodia) ដំបូងនៅឆ្នាំ ១៩៩២។ ពេលហ្នឹងខ្ញុំមិនយល់ដែរថា ហេតុអីបានជាកងអង្គរក្សជប៉ុនការពារខ្ញុំច្រើនម្ល៉េះ រាប់ទាំងត្រៀមអាវក្រោះ ត្រៀមការពារនៅខាងក្រៅ មានការអីអាចយកមកខ្ទប់យើងបាន។ ខ្ញុំឆ្ងល់ថា ថ្ងៃហ្នឹងអង្គរក្សសម្រាប់ព្រះករុណាព្រះបិតា គឺមានចំនួនតិចជាងចំនួនអង្គរក្សខ្ញុំទៅវិញ។ អង្គរក្សខ្ញុំច្រើនណាស់។ ដល់អញ្ចឹងខ្ញុំសួរគេតែម្ដង។ អៀង ម៉ូលី ក៏ទៅដែរ ទៅចុះហត្ថលេខាជាមួយគ្នាថ្ងៃហ្នឹង។ ពេលហ្នឹងខ្ញុំសួរខាងក្រសួងការបរទេសរបស់ជប៉ុន ម៉េចបានកងការពារខ្ញុំច្រើនម្ល៉េះ? គាត់ឆ្លើយថា ឯកឧត្តមបានដឹងទេថា ឯកឧត្តមបានគាំទ្រ PKO របស់ជប៉ុនឱ្យចេញមក ក្នុងពេលដែលពលរដ្ឋជប៉ុនមួយចំនួនមិនយល់ស្របអំពីបញ្ហាហ្នឹងទេ។ ឥឡូវនេះ គឺប្រជាជនជប៉ុនគប្បីមានមោទនភាពអំពីតួនាទីរក្សាសន្តិភាពរបស់ជប៉ុន ក្នុងការដើរទៅចូលរួមចំណែក​ជាមួយនឹងក្របខណ្ឌអង្គការសហប្រជាជាតិ …។

ធ្លាប់ស្នើសុំនាយករដ្ឋមន្ត្រី កៃហ្សូ អូប៊ូជី​ នូវផ្លូវពីទីរួមខេត្តតាកែវទៅភ្នំឌិន ព្រំដែនកម្ពុជា-វៀតណាម

វិលមកវិញផ្លូវជាតិលេខ ៥។ បងប្អូនដែលធ្វើដំណើរនៅក្នុងចន្លោះពីព្រែកក្ដាម មកធ្លាម្អម បងប្អូនដែលធ្វើដំណើរពីធ្លាម្អមមកកាន់ពោធិ៍សាត់ ​អាចថានៅលំបាកបន្តិច។ ប៉ុន្តែបន្ទាប់ពីនេះទៅ គឺជាផ្លូវរឹងមាំ ហើយជាផ្លូវដែលធានាសុវត្ថិភាពផង។ ទោះបីធានាសុវត្ថិភាពយ៉ាងម៉េចក៏ដោយ ច្បាប់ចរាចរណ៍ត្រូវតែគោរព។ ប៉ុន្មានថ្ងៃមុន ខ្ញុំបាននិយាយហើយ ស្លាប់ដោយ កូវីដ-១៩ គឺមានតិចជាងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ហើយ។ ពិតមែនតែ កូវីដ-១៩ ប៉ុន្មានថ្ងៃនេះ មានការឆ្លងដោយអូមីក្រុង(Omicron) ក៏ប៉ុន្តែចំនួនអ្នកស្លាប់ គឺសូន្យ។ ប៉ុន្មានថ្ងៃជាប់ៗគ្នា។ អូមីក្រុង (Omicron) ឥឡូវនេះបានធ្លាយចូលសហគមន៍ម្សិលម្ង៉ៃ គឺ ០១ ករណី។ ម្សិលមិញ គឺ ០៣ ករណី។ បន្តិចទៀត ខ្ញុំនឹងនិយាយទៅដល់បញ្ហាហ្នឹង។

តាមរយៈឯកឧត្តម Mikami ផ្ដាំផ្ញើថ្លែងនូវការអរគុណជាមួយជំនួយដ៏សប្បុរសរបស់ជប៉ុន ចំពោះព្រះរាជាណាចក្រកម្ពុជាក្នុងការស្នើឡើងវិញរបស់ខ្លួន។ ផ្លូវជាច្រើនខ្សែ ដែលបានសាងសង់សម្រាប់ប្រទេសយើង មានផ្លូវតូចមានធំ។ ផ្លូវតូច គឺថា កាលនោះឯកអគ្គ​រដ្ឋទូតជប៉ុន កាលនោះគឺនៅជាមួយខ្ញុំតែម្ដង។ នៅឆ្នាំដែលជំនន់ធំមែនទែន គឺជាឆ្នាំដែលអតីតនាយករដ្ឋមន្ត្រីជប៉ុន Keizo Obuchi គាត់មកទស្សនកិច្ចនៅកម្ពុជា។ ប៉ុន្តែគួរឱ្យសោកស្ដាយពេលគាត់ត្រឡប់ទៅវិញបានប៉ុន្មានខែ គាត់ទទួលមរណភាព។ ពេលនោះ ខ្ញុំបានស្នើសុំនាយករដ្ឋមន្ត្រីជប៉ុនថា ខ្ញុំចង់កសាងតភ្ជាប់ផ្លូវពីទីរួមខេត្តតាកែវទៅដល់ភ្នំឌិន ព្រំដែនកម្ពុជា-វៀតណាម។ គាត់ក៏បានស្នើឱ្យមានការពិភាក្សាលើបញ្ហាហ្នឹង។ ដល់ពេលទឹកជំនន់ធំ ខ្ញុំនាំអគ្គរដ្ឋទូតជប៉ុនធ្វើដំណើរទៅជាមួយ ដើម្បី​ចែកចាយ(អំណោយ)មនុស្សធម៌សម្រាប់តំបន់លិចលង់។ ចុះផ្លូវជាតិលេខ ២ បានខ្ញុំចង្អុលបង្ហាញថា​ ផ្លូវហ្នឹងហើយដែលខ្ញុំចង់ពង្រីក។ អញ្ចឹងបានជាមានផ្លូវមួយខ្សែហ្នឹងដែលជាជំនួយឥតសំណង តភ្ជាប់ពីទីរួមខេត្តតាកែវទៅភ្នំឌិន គឺដំបូង ខ្ញុំសុំនាយករដ្ឋមន្ត្រី Keizo Obuchi ក្រោយមក គឺនាំឯកអគ្គរដ្ឋទូតជប៉ុនទៅផ្ទាល់ ដើម្បីឱ្យឃើញស្ថានភាពផ្លូវខូច ​ដែលយើងត្រូវស្ថាបនា។​ នៅមានផ្នែកជំនួយដទៃទៀតដែលតភ្ជាប់ផ្ដល់លទ្ធភាពឱ្យយើងស្ដារប្រទេសឡើងវិញ។

​ភូមិសាស្ត្រតំបន់ក្តៅ សង្រ្គាមសម្លាប់គ្នាឯង

កុំភ្លេចថា តំបន់របស់យើងកន្លែងនេះ ជាតំបន់វាយគ្នាទេ។ កន្លែងនេះ! សូមជម្រាបឯកឧត្តម និងប្រិយមិត្តជប៉ុនទាំងឡាយ កាលពីសម័យមុន ជប៉ុនផ្ដល់ឱ្យអ្នកទេសចរជប៉ុនមកត្រឹមតែទីរួមខេត្តសៀមរាប និងទីក្រុងភ្នំពេញទេ អត់អនុញ្ញាតឱ្យទេសចរជប៉ុនធ្វើដំណើរចេញពីតំបន់ទាំងពីរនេះទេ។ ពេលនោះ យើងមានសង្គ្រាម ហើយនៅតំបន់ ដែលហៅថាសង្គ្រាមក្ដៅ ស្ថិត​​នៅលើទឹកដីខេត្តបាត់ដំបង ដែលក្រោយមកយើងបែងចែកទៅជាខេត្ត ២ រវាងបាត់ដំបងនិងបន្ទាយមានជ័យ។ តំបន់ប៉ៃលិន ជាពិសេសក្នុងទឹកដីបាត់ដំបង ខ្ញុំគិតថា សម្តេចក្រឡា​ហោម ស ខេង, ឯកឧត្តម កែ គឹមយ៉ាន នៅចាំបានពីព្រឹត្តិការណ៍ដែលបានអនុវត្តនៅក្នុងដំណាក់កាលនោះ។

ពេលនោះ ខ្ញុំនិយាយតាមមួយបែបទៅ យើងខុសខាងផ្នែកយុទ្ធសាស្រ្តយោធាតែម្តង។ នៅពេលកងទ័ពវៀតណាមនៅ យើងក៏នៅអញ្ចឹង។ កងទ័ពវៀតណាមដកអស់ យើងក៏នៅអញ្ចឹង។ ដូច្នេះដាច់ខ្សែត្រៀមអស់។ ដាច់តែម្តង។ នេះជាកំហុសខាងផ្នែកការរៀបចំកម្លាំងក្នុងការគ្រប់គ្រង។ ឯណាប៉ៃលិន យើងចង្អុលទៅខាងណា? ប៉ៃលិន ក្រុម(អ៊ី)ឈាន វាយដាច់ ២ កងពល៖ កងពលធំ ១៩៦ និងកងពលតូច ៩៥។ (យកពីរកងពល មកពង្រឹង)។ យក ១៩៦ មកពង្រឹងនៅកំពីងពួយ, យក ៩៥ ទៅពង្រឹងនៅភ្នំធិបតី។ កងពលតូច ៩៥ យកទៅពង្រឹងនៅទីនោះ។

នៅពេលនោះ នៅចាំបានទេ យើងនាំគ្នាដេកទាំងអស់គ្នា។ តែមួយកន្លែងដេកទាំងអស់គ្នា ទាំងសម្តេច ជា ស៊ីម ទាំងសម្តេច​ ហេង សំរិន ទាំងខ្ញុំ ទាំងមេដឹកនាំសំខាន់ៗ។ ទីចុងបំផុត យើងឲ្យបទបញ្ជាដកកងពលលេខ ៦ នៅម៉ាឡៃ បំផ្លាញចោលកាំភ្លើងធំ កាំភ្លើងអី ដកកងទ័ព ចុះមកទប់ត្រឹមបវេល ហើយឲ្យបទបញ្ជាទៅកងពលទី ៤ ដែលបោះនៅសំឡូត តាសាញ់ និងខេត្តតាកែវ ដែលបោះនៅទីនោះដែរ បំផ្លាញចោលកាំភ្លើងធំ រួចហើយឲ្យបកមកទប់នៅត្រឹមត្រែង។ សង្រ្គាមតំបន់នេះ គឺក្តៅណាស់ ក្តៅមែនទែន ប៉ុន្តែ គឺជាសង្រ្គាមដែលសម្លាប់គ្នាឯង។ ខ្ញុំនៅចាំរឿងមួយ យើងបាត់បង់ប៉ៃលិននៅក្នុងខែកញ្ញាឆ្នាំ ១៩៨៩ ខែតុលា។ បាត់បង់ប៉ៃលិន ហើយយើងក៏បាត់បង់ថ្មពួក នៅថ្ងៃភ្ជុំ ឆ្នាំ​ ១៩៨៩។ ស្វាយចេកបាត់ក្រោយ។ ក្រោយមក យើងវាយត្រឡប់ឡើងទៅយកវិញ អាហ្នឹងគេហៅថាសង្រ្គាមគ្នាឯង។

សង្គ្រាមមិនអាចបញ្ចប់សង្គ្រាម ត្រូវរកដំណោះស្រាយនយោបាយ

ខ្ញុំមិនដែលជឿថា យកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ។ ខ្ញុំត្រូវតែបន្តស្វែងរកនូវដំណោះស្រាយនយោបាយ ដែលបានចាប់ផ្តើមតាំងពី ១៩៨៧ ព្រោះការចរចាដើម្បីឈានទៅដោះស្រាយបញ្ហា មិនមែនរឿងតូចតាចទេ។ ជាពិសេស ទិដ្ឋភាពខាងយោធា គឺជាបញ្ហាស្មុគ្រស្មាញពិបាកជាងគេ។ យើងប្រឹងប្រែងឲ្យមានបទឈប់បាញ់ … ប៉ុន្តែ ដើម្បីនឹងឈានទៅដល់សម្រេចនូវជោគជ័យនោះ គឺយើងត្រូវដំណើរការឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ រហូតដល់ប្រតិបត្តិការរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ដែលហៅថា អ៊ុនតាក់។ ប៉ុន្តែ អ៊ុនតាក់ នៅតែសម្រេចមិនបានទៀត។ ដកចេញត្រឡប់ទៅវិញ ហើយទុកឲ្យកម្ពុជាមានសង្រ្គាម។ ប៉ុន្តែ ខ្ញុំនិយាយមុខ អ៊ុនតាក់ យើងបាត់បង់ទីតាំងមួយចំនួនរាប់ទាំងប៉ៃលិន រាប់ទាំងសំឡូត កំរៀងភ្នំព្រឹក សំពៅលូន ម៉ាឡៃ ហើយយើងមកទប់ត្រឹមត្រែង ភាគម្ខាងទៀតមកទប់ត្រឹមបវេលហ្នឹងតែម្តង។ ហ្នឹងចុងឆ្នាំ ១៩៨៩ ខែតុលា ឬខែវិច្ឆិកា។

ដល់ទៅដើមឆ្នាំ ១៩៩០ ខ្ញុំមកពិនិត្យឯណាទីរួមខេត្តបាត់ដំបង យើងចង្អុលទៅខាងនេះ (នៅចំផ្លូវ)។ ប្រហែលជានៅចាំថា កាលពីដើម យើងធ្វើលេណដ្ឋានការពារទីរួមខេត្ត ក្នុងអំឡុងប្រហែលជាខែមករា ឆ្នាំ ១៩៩០។ ចូលដល់ឆ្នាំ ១៩៩០ នៅរងា យើងយកបងប្អូនប្រជាការពារ យកមកនៅតាមលេណដ្ឋានហ្នឹង ដើម្បីការពារខ្មែរក្រហមវាយចូលជ្រៀតចូលទៅក្នុងទីក្រុង។ ព្រលឹមឡើង ខ្ញុំដើរសួរសុខទុក្ខមុនម៉ោង ៧ ព្រឹក ព្រោះថ្ងៃហ្នឹងខ្ញុំត្រូវចេញទៅត្រែង ដែលខ្មែរក្រហមបាញ់ពីលើភ្នំវ៉ៃចាបមក។ កាលហ្នឹង ដូច យ៉ាន ទៅជាមួយ យើងជិះអូតូប្លង់ដេ។ ដល់ពេលគេបាញ់មកលើ គេរុញខ្ញុំចូលទៅក្នុងអូតូប្លង់ដេ … នេះនៅសល់រូបភាពដែលខ្ញុំចុះទៅក្នុងលេណដ្ឋាន ទីបញ្ជាការ ដើម្បីភ្ជាប់ខ្សែត្រៀមភ្ជាប់ទៅជាមួយបណ្តាកងវីរៈសេនាតូច កងវីរៈសេនាធំ នៅជួរមុខ។

ពេលដែលខ្ញុំដើរសួរសុខទុក្ខបងប្អូន បងប្អូនថាល្អណាស់ លោកប្រធានមក ពួកខ្ញុំ ពួកខ្មែរការពារអង្គរ។ កាលហ្នឹង ឆៃលី ក៏មកដែរ … ស្អីទៅខ្មែរការពារអង្គរ? ស្រាប់តែម្នាក់នោះដើរត្រុកៗ ទៅគុម្ព​គុម្ពោតឈើ ទាញស្រាអង្គរ។ ពីដើមយើងបានស្រាបៀរអង្គរហ្នឹង វាអស់ទាស់ហើយ។ ស្រាប់តែមកបបួលគ្នាចាក់ផឹកក្លែមកាត់ព្រលឹម។ កម្តៅពោះ ខែរងា។ ហ្នឹងខ្មែរការពារអង្គរ។ ហ្នឹងហើយ ស្ថានភាពនៅក្នុងកាលៈទេសៈប្រទេសមានសង្រ្គាមវាអញ្ចឹង។ អត់ធ្វើអីបានទេ ធ្វើសាលារៀន ដុតសាលារៀន, ធ្វើស្ពាន ដាច់ស្ពាន ធ្វើស្អីក៏មិនបានដែរ។ ប៉ុន្តែ ឥឡូវនេះប្រទេសយើងគ្របដណ្តប់ទៅដោយសន្តិភាពពេញលេញ។

ជាមួយសន្តិភាព កម្ពុជាអភិវឌ្ឍសេដ្ឋកិច្ចសង្គម កសាងហេដ្ឋារចនាសម្ព័ន្ធ

ពីដើមប្រទេសកម្ពុជា ប្រទេសមួយមានតំបន់ត្រួតត្រាច្រើន ប៉ុន្តែឥឡូវយើងក្លាយជាប្រទេសមួយ ដែលមានតំ​បន់ត្រួតត្រាមួយ។ នោះហើយជាឱកាសដែលផ្តល់ឲ្យយើងនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កសាងហេដ្ឋារចនាសម្ព័ន្ធ​​។ ឥឡូវនេះ បើនិយាយពីក្នុងខេត្តបាត់ដំបង ពោរពេញដោយផ្លូវចាក់កៅស៊ូ។ សំបូរជាងគេ គឺបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ សំបូរផ្លូវចាក់កៅស៊ូ។ នេះហើយជាសមិទ្ធផលនៃសន្តិភាព ដែលរកបានដោយពិបាក។ ត្រូវខំការពារ។ បើការពារសន្តិភាពមិនបានទេ មនុស្សនឹងស្លាប់ របួស ពិការ … ការឈឺចាប់របស់យើងល្មមគ្រប់គ្រាន់ មេរៀនរបស់យើងក៏គ្រប់គ្រាន់ហើយ ដែលយើងត្រូវតែខិតខំការពាររក្សាសន្តិភាពនេះឲ្យបាន។ បើរក្សាសន្តិភាពមិនបាន អ្នកឯងកុំនិយាយពីរឿងស្អីផ្សេង។ យើងមើលឥឡូវ យើងទៅពិនិត្យមើលនៅប្រទេសមួយចំនួនដែលមានសង្រ្គាម តើនិយាយពីសិទ្ធិមនុស្ស និយាយពីប្រជាធិបតេយ្យ និយាយពីសិទ្ធិបញ្ចេញមតិកើតទេ? នៅក្រោមគ្រាប់បែក គ្រាប់ផ្លោងរបៀបនោះ។ អញ្ចឹងចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិតសិទ្ធិ ចាប់ផ្តើមពីសិទ្ធិទទួលបាននូវសេចក្តីសុខ ដោយគ្មានការគម្រាមកំហែងដោយសង្រ្គាមសិន។

អតីតសមរភូមិ ៩០% ក្លាយជាទីផ្សារ ជាតំបន់អភិវឌ្ឍ

ខ្ញុំនៅតែចងចាំថា បន្ទាប់ពីការបញ្ចប់សង្រ្គាមនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ រួចហើយ ខ្ញុំដាក់ចេញនូវគោលដៅ ២ សំខាន់ ទី ១ គឺប្រែក្លាយតំបន់អតីតសមរភូមិ ឲ្យក្លាយទៅជាទីផ្សារ ក្លាយទៅជាតំបន់នៃការអភិវឌ្ឍ។ ទី ២ ប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងឲ្យទៅជាព្រំដែនមិត្តភាព និងសន្តិភាព សហប្រតិបត្តិការនិងការអភិ​វឌ្ឍ អញ្ចឹងគោលដៅទាំង ២ នេះ អនុវត្តបានច្រើនណាស់ហើយ។ ក្នុងហ្នឹងប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាទីផ្សារ ឲ្យទៅជាតំបន់អភិវឌ្ឍ និយាយមកដល់ពេលនេះ អាចសម្រេចថាលើស ៩០ ភាគរយទៅហើយ។ ចំណុចដែលសេសសល់ដែលមិនទាន់គឺអ្វី? គឺគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅមិនទាន់បំផ្លាញអស់នៅឡើយ។

អញ្ចឹងសម្រាប់តំបន់ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យតំបន់ភាគខាងណេះ តាមដែលអគ្គនាយកស៊ីម៉ាក់រាយការណ៍ឲ្យខ្ញុំ មិត្តជប៉ុនបានជួយថវិកាសម្រាប់ដោះមីននៅតំបន់ភាគពាយ័ព្យរបស់យើងនេះ ដែលរួមបញ្ចូលទាំងការគិតគូរទៅលើការផ្តល់ឥណទានសម្រាប់ខេត្តពោធិ៍សាត់។ ប្រសិនបើឆ្នាំ ២០២៥ ដែលជាឆ្នាំគោលដៅ ដែលយើងដាក់(ចេញថាអោយនៅសល់)សូន្យគ្រាប់មីន សម្រេចបានជោគជ័យ មានន័យអ្វីដែលយើងបានខិត​ខំដាក់ចេញនូវគោលនយោបាយ ប្រែក្លាយពីតំបន់អតីតសមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍទៅជាទីផ្សារ ទៅជាកន្លែង​ដាំដុះ ទៅជាកន្លែងផលិតកម្ម កន្លែងទេសចរ គឺនឹងសម្រេចជោគជ័យ។

ផ្នែកព្រំដែនជាមួយនឹងប្រទេសជិតខាង យើងខិតខំធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជិតខាង ដែលពីដើមប្រជាជនធ្លាប់តែមានការភ័យខ្លាចនៃការប្រយុទ្ធគ្នារវាងប្រទេសជិតខាង។ ឥឡូវអត់ទេ ក្លាយទៅជាតំបន់នៃ​ការដោះដូរទំនិញ។ ជាមួយនឹងថៃ យើងមានទំហំពាណិជ្ជកម្មប្រមាណ ១០ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នៅវៀតណាមបានជាង ៩ ពាន់លានដុល្លារហើយ សម្រេចឆ្នាំកន្លងទៅបានជាង ៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ យើងសម្រេចជាមួយនឹងឡាវបានជាង ១០០ លានដុល្លារសហរដ្ឋអាមេរិក អាចទំហំនេះកាន់តែមានការកើនឡើង។ ដូច្នេះពីដើមគឺជាតំបន់ដែលមានការប្រយុទ្ធគ្នា យើងក្លាយទៅជាតំបន់ដែលមានកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចសង្គម។

កូវីដ-១៩ បំផ្លាញយើង តែយើងនៅតែដំណើរការ

ពិតមែនហើយ កូវីដ-១៩ បានបំផ្លាញយើង ក៏ប៉ុន្តែគេមិនអាចបំផ្លាញនូវការខិតខំទាំងស្រុងរបស់យើងបានដែរ។ ដូចជាបញ្ហាការកសាងផ្លូវនៅតែដំណើរការដដែល។ មិត្តជប៉ុននៅតែបន្តការកសាងផ្លូវជាតិលេខ ៥ ដែលតភ្ជាប់កាត់ខេត្តកណ្តាល កាត់ខេត្តកំពង់ឆ្នាំង កាត់ខេត្តពោធិ៍សាត់ មកកាត់ខេត្តបាត់ដំបង រួចហើយបន្តដំណើរមកបន្ទាយមានជ័យ ភ្ជាប់ជាមួយព្រំដែនថៃតែម្តង … នេះជាការប្តេជ្ញាចិត្តដើម្បីឈានទៅមុខ។ បើទោះបី កូវីដ-១៩ វាយបំផ្លាញ ធ្វើអោយយើងជួបការលំបាក យើងនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ។

ថ្ងៃ​​នេះ​​ជាថ្ងៃបើកបវេសនកាល ២០២១-២០២២ ដែល(មាន)សិស្ស ៣ លាននាក់។ យើងមិនទាន់ជួបប្រទះនូវសិស្សរបស់យើងកើត កូវីដ-១៩ ទេ។ នេះជាការគ្រប់គ្រងដ៏ល្អមួយ ដែលខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះគ្រប់តួអង្គពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ ដែលទទួលយកនូវការអំពាវនាវរបស់រាជរដ្ឋាភិបាលតាមរយៈការទទួលយកវ៉ាក់សាំង និងការការពារខ្លួន ដូចជាដំណើរដែលយើងមកនេះ។ ពីមុន (ទីធ្លា)ប៉ុណ្ណឹងយើងដាក់ប្រ​ហែល​ជា ៦០០០ នាក់។ ឥឡូវយើងដាក់តែត្រឹមជាង ១០០០ នាក់ទេ។ យើងរក្សាគម្លាត។ បន្តរក្សាគម្លាត បន្ត ៣កុំ ៣ការពារនេះ តទៅទៀត។ ម៉ាស់ត្រូវតែមាន អាល់កុលត្រូវតែមាន ហើយរក្សាគម្លាត ដើម្បីធានាថា យើងមិនឆ្លង។ បើសិនជាឆ្លងក៏វាមិននាំទៅដល់ភាពធ្ងន់ធ្ងរដែលនាំទៅអោយស្លាប់នោះដែរ។

ម្សិលមិញ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ វាយមកអោយខ្ញុំ។ ខ្ញុំក៏មិនទាន់ទទួលបានព័ត៌មានណាថែមដែរ ថាឥឡូវមាន(វីរុស)កូនកាត់ណាមួយកើតមកទៀតហើយ។ វាជាកូនកាត់រវាង Delta និង Omicron។ ឥឡូវគេដាក់ឈ្មោះថា Deltacron។ Omicron មិនទាន់ទៅណាផង Delta ក៏មិនទាន់បាត់ Alpha ក៏មិនទាន់បាត់ Omicron កំពុងតែឆ្លង វាចេញកូនកាត់មួយមកទៀតហើយ។ អញ្ចឹងពេលណាទៅវាចប់។ ដោយសារតែការមើលអត់ឃើញបែបនេះហើយបានជាយើងត្រូវតែបន្តនូវការខិតខំប្រឹងប្រែងពីសំណាក់ប្រជាជនរដ្ឋម្នាក់ៗ គ្រួ​សារនីមួយៗទៅលើការការពារខ្លួន ដែលមានការពាក់ម៉ាស់ លាងដៃដោយអាល់កុល មិនទៅកន្លែងដែលមានមនុស្សច្រើន។

មិនទាន់មានភ្ញៀវបរទេសចូលមកទស្សនកិច្ច បន្តជំរុញទេសចរផ្ទៃក្នុង

វាពិបាកណាស់ដែលហាមឃាត់មនុស្សមិនអោយទៅកន្លែងដែលមានមនុស្សច្រើន។ បើដូចពេលបុណ្យទានគាត់ (ដើរលេង) រួចយើងថារក្សាគម្លាត ដល់ទៅពេលថតរូបជិតគ្នា។ ហ្នឹងធ្វើយ៉ាងម៉េច? វាមិនដឹងធ្វើយ៉ាងម៉េច? ប៉ុន្តែយ៉ាងណាក៏ដោយយើងខិតខំធ្វើ ដូចជាកាល ៣ ថ្ងៃ កន្លងទៅនេះ ៤៦ ម៉ឺននាក់ ដើរលេង ថ្ងៃ ៧មករា ចំថ្ងៃសុក្រ ថ្ងៃ ៨ និងថ្ងៃ ៩, ៣ ថ្ងៃនេះ រដ្ឋមន្ត្រីទេសចរណ៍ ក្នុងហ្នឹងបាត់ដំបង គឺជាអ្នកទទួលភ្ញៀវក៏ច្រើនដែរ ប្រមាណដូចជា ៣ ម៉ឺននាក់ឯណោះ។ អញ្ចឹងទេ យើងអោយសេដ្ឋកិច្ចដំណើរការ ក្នុងពេលដែលមិនទាន់មានភ្ញៀវបរទេសចូលមកទស្សនកិច្ចនៅកម្ពុជាយើង បន្តទេសចរណ៍ផ្ទៃក្នុង។ មុន កូវីដ-១៩ មកដល់ កម្ពុជាមានមនុស្ស ១ លាននាក់ ចេញទៅទស្សនកិច្ចនៅក្រៅប្រទេស។ ឥឡូវជាង ១ លាននាក់នេះ គឺគាត់នៅទស្សនកិច្ចនៅក្នុងប្រទេស។ គាត់ដើរអោយស្គាល់គ្រប់កន្លែងអញ្ចឹងទៅ ខេត្តនេះខេត្តនោះ ហើយខេត្តយើងមានសណ្ឋាគារ ធំក៏មានតូចក៏មាន ទៅតាមលទ្ធភាពនៃថវិកាដែលអាចធ្វើទៅរួច។

ទិញវ៉ាក់សាំង ៥ លានដូស បន្ថែមលើជាង ១០ លានដូសក្នុងឃ្លាំង សំរាប់ដូសជំរុញ

យើងប្រឹងប្រែងដូចនេះត្រូវបន្ត ហើយម៉្យាងទៀតខ្ញុំក៏សូមយកឱកាសនេះអោយពន្លឿននៃការចាក់វ៉ាក់សាំងដូសជម្រុញ។ ខ្ញុំសូមយកឱកាសនេះអរគុណចំពោះ ឯកឧត្តម Mikami Masahiro តាមរយៈឯកឧត្តមផ្ញើជូនរដ្ឋាភិបាល និងប្រជាជនជប៉ុននូវការផ្តល់វ៉ាក់សាំងចំនួន ១ លាន ៣ សែនដូសជាង ប្រភេទ AstraZeneca មកអោយកម្ពុជា សម្រាប់ការចាក់។ មុននោះ គឺផ្តល់បាន ១ លាន រួចហើយ តាមរយៈជំនួបខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រី Fumio Kishida គាត់ថានឹងផ្តល់ ៣០ ម៉ឺនដូសមកទៀត គឺបានមកដល់រួចហើយ។ យើងកំពុងតែចាត់ចែងប្រើប្រាស់ ដើម្បីកុំអោយហួសពេលវេលាកំណត់នៃវ៉ាក់សាំង ព្រោះវ៉ាក់សាំង AstraZeneca ការកំណត់ពេលរបស់វាខ្លី។

ម្សិលមិញនេះ ខ្ញុំចេញបទបញ្ជាអោយទិញ ៥ លានដូសមកទៀត។ ពិតមែនតែយើងនៅសល់ក្នុងឃ្លាំងចំនួន ១០ លានដូស ក៏ប៉ុន្តែបើយើងគិតអោយគ្រប់សម្រាប់ដូសជម្រុញបន្តបន្ទាប់ទៅទៀត។ យើងនៅខ្វះ ៨ លានដូសទៀត។ តែម្សិលមិញខ្ញុំអោយរកការតថ្លៃ ដើម្បីទិញ ៥ លានដូស បញ្ចូលក្នុងឃ្លាំងបន្ថែម។ ធានាថា ប្រជាជនកម្ពុជារបស់យើងគឺនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ដូសជម្រុញ។ ខ្ញុំសូមស្នើអោយខេត្តនីមួយៗ គណៈកម្មការសម្រាប់កិច្ចចាក់វ៉ាក់សាំងទូទៅបានប្រកាសហើយ ត្រូវតែខិតខំខ្លួនឯង ដើម្បីអោយដំណើរការចាក់អាដូសទី ៣ នេះ ដើរអោយទាន់ពេល(ការកើតមានករណីឆ្លង) Omicron នេះដែលវាកំពុងឈានចូលសហគមន៍។ អត់មានជម្រើសណាអោយល្អជាងអាហ្នឹងទេ។ អញ្ចឹងគ្រប់ខេត្តទាំងអស់ត្រូវខិតខំដើម្បីជម្រុញល្បឿននៃការចាក់អាដូសទី ៣។ យើងពិតជាបន្តហើយជាមួយនឹងអាដូសទី ១ ដែលគ្នាមិនទាន់បានចាក់(បន្ត) ក៏ប៉ុន្តែអាដូសទី ៣ ត្រូវតែជម្រុញ។ វ៉ាក់សាំងរបស់យើងឥឡូវសល់ជាង ១០ លានដូស នៅក្នុងឃ្លាំង។

ខ្ញុំអោយទិញ ៥ លានដូស ហើយ ៥ លានដូស មកដល់ហើយថែម ៥ លានដូសទៀត ព្រោះយើងមិនដឹងថាពេលណាវាចប់? ថ្ងៃ ១៤ នេះ គឺចាក់ហើយ ខេង ចាក់ថ្ងៃណា? អត់ទាន់កំណត់ទេ។ (ក្រោយថ្ងៃ១៤)។ ខ្ញុំយកថ្ងៃ ១៤ តែម្តង។ មូលហេតុដែលខ្ញុំចង់យកឆាប់ដោយសារខ្ញុំត្រូវទៅ អារ៉ាប់អេមីរ៉ាត់។ អញ្ចឹងខ្ញុំចង់អោយមានស្បែកខ្ញុំក្រាស់បន្តិច។ ពេទ្យគេថា អោយខ្ញុំជ្រើសរើសថ្ងៃទី ១៤ ខែ មករា ឬ ១៤ ខែ កុម្ភៈ។ ខ្ញុំថា យក ១៤ ខែ មករា ចាក់ដូសជម្រុញអោយខ្ញុំ។ នៅពេលដែលខ្ញុំធ្វើសំណាកមុនពេលដែលខ្ញុំចេញទៅមីយ៉ាន់ម៉ា ខ្ញុំត្រូវធ្វើសំ​ណាក ពេលហ្នឹងធ្វើសំណាកផង ឆ្លៀតយកឈាមខ្ញុំទៅបូម ដើម្បីពិនិត្យអំពី អង់ទីគ័រ របស់វានៅសល់ជាង ៧០០ ឯប្រពន្ធរបស់ខ្ញុំកាន់តែទាបទៅទៀតសល់ប្រមាណជា ៤០០ ប៉ុណ្ណឹង។ អញ្ចឹងត្រូវថែមអា Pfizer ដែលអូស្ត្រាលីអោយមកនេះ។

បញ្ជាប្រតិបត្តិការរហ័ស៖ ចាក់អោយគ្រប់គ្នា មិនថាមកពីណាឡើយ

ឥឡូវខ្ញុំក៏ចាត់ចេញបទបញ្ជាហើយនៅទីក្រុងភ្នំពេញរបស់យើង។ Pfizer យកចេញទៅក្រៅអត់រួច (ដោយត្រូវរក្សាទុកនៅសីតុណ្ហភាព) ៨០ អង្សារក្រោមសូន្យ។ យកចេញទៅក្រៅអត់រួច។ ប្រមូលចាក់នៅភ្នំពេញតែម្តង។ នៅភ្នំពេញបងប្អូនព្រួយបារម្ភខ្លាចថា ក្រែងលោនាំគ្នាផ្អើលទៅចាក់នៅភ្នំពេញ។ ឥឡូវខ្ញុំសូមប្រាប់ទៅអញ្ចេះ វិធីដែលល្អជាងគេ ផ្អើលទៅណាក៏ទៅៗ ខ្មែរដូចតែគ្នាទេកុំឆ្ងល់ពេក។ បើគេសុខចិត្តចេញពីបាត់ដំបងទៅចាក់នៅឯភ្នំពេញចាក់អោយទៅ។ ខ្មែរដូចតែគ្នា។ គង់តែចាក់ដូចតែគ្នា។ ចាក់អា Pfizer ហ្នឹងអោយអស់ទៅ។ ដល់អស់ Pfizer ទៅរក Pfizer ឯណាទៀត បើវាមានតែប៉ុណ្ណឹង។ ហ្នឹងគឺល្បែងឆាប់ចប់ … លោកជំទាវ ឱ វណ្ណឌីន ប្រកាសទៅ។ អ្នកនៅភ្នំពេញណាចង់ចាក់ Pfizer ក៏ចាក់ទៅ … នេះដឹកចេញទៅខេត្តអត់មានប្រព័ន្ធ ៨០ អង្សារក្រោមសូន្យ វាខូច។ អញ្ចឹងទេ អ្នកនៅតាមខេត្តនានាបើចង់ទៅចាក់ អូខេ! ទៅចាក់នៅភ្នំពេញទៅ។ អ្វីដែលសំខាន់គឺចាក់អោយចូលខ្លួនមនុស្ស … លឺថា ប្រជុំមានការខ្លាចថាមនុស្សទៅដណ្តើមគ្នាចាក់នៅភ្នំពេញ។ ខ្ញុំចង់អោយទៅដណ្តើមហ្នឹងហើយ។ អ្វីដែលខ្ញុំចង់គឺមនុស្សទៅដណ្តើមចាក់វ៉ាក់សាំង។ វាមាន Pfizer វាមាន Moderna យើងមិនពិបាកដឹកមនុស្ស ដឹកគ្រូពេទ្យយកទៅខេត្តមិនអញ្ចឹង។ អោយតែបានពួកហ្នឹងស្ម័គ្រចិត្ត ទៅចាក់នៅភ្នំពេញទៅ បង្កើតកន្លែងចាក់អោយវាបានច្រើនទៅ។ គ្រូពេទ្យច្រើនទៅ។

ឥឡូវយើងមានស្តង់ដារមួយអំពីការឧបត្ថម្ភគ្រូពេទ្យ ដូចជាមួយ Team របស់គាត់ហ្នឹង បើគាត់ចាក់បាន ៣០០នាក់​ អាហ្នឹងយើងឧបត្ថម្ភប្រាក់គាត់របៀបម៉េច? កាលពីមុនគាត់ចាក់បាន ៣ នាក់ ក៏ឧបត្ថម្ភប៉ុណ្ណឹង ចាក់បាន ២០ នាក់ ក៏ឧបត្ថម្ភប៉ុណ្ណឹង ១០០ នាក់ក៏ប៉ុណ្ណឹង។ ប៉ុន្តែឥឡូវអត់ទេ ធ្វើការតាមទិន្នន័យ តាមទិន្នផល។ ខ្ញុំបានកំណត់ហើយប្រទេសនេះគឺអត់មានបែងចែកតំបន់ទេ។ អ្នកណាចង់ទៅរក Pfizer នៅភ្នំពេញ សូមអញ្ជើញ។ ខ្ញុំនិយាយដល់អញ្ចេះតែម្តងទៅ។ បើកឃ្លាំងចាក់ ដើម្បីឲ្យដូសជម្រុញ។ បញ្ហាមិនមែនខ្លាចគេដណ្តើមវ៉ាក់សាំងឯណា។ រឿងអូមីក្រុងមកដល់ រាយពេញប្រទេស អាហ្នឹងអ្វីដែលគួរឲ្យខ្លាច។ ខ្លាចគេមិនទៅចាក់ទៅវិញទេ។ ខ្ញុំខ្លាចថាបាន ២ ដូសទៅហើយ ឥឡូវដូចមិនបាច់ទេ មិនបាច់ចាក់ទៀតទេ … ដូចអត់ឃើញអ្នកណាងាប់ផង។ ឥឡូវ ខ្ញុំខ្លាចអាហ្នឹងទៅវិញ។

នៅទីក្រុងភ្នំពេញ ខ្ញុំចាក់ថ្ងៃទី ១៤ ខ្ញុំចាក់ ហើយនៅផ្ទះរបស់ខ្ញុំ។ គេបានចាក់អស់ហើយ នៅសល់តែខ្ញុំនិងប្រ​ពន្ធខ្ញុំទេ។ ដូសជម្រុញហ្នឹង។ ឥឡូវខ្ញុំត្រូវយកថ្ងៃ ១៤ ដើម្បីដល់ថ្ងៃ ២៣ ខ្ញុំចេញទៅឌូបៃ។ អញ្ចឹងខ្ញុំមានស្បែកការពារខ្លួន ក្រែងលោអូមីក្រុង លេងខ្ញុំនៅឌូបៃ។ នរណាមើលឃើញសត្វហ្នឹង។ ក្មេងៗនៅទីក្រុងភ្នំពេញ ក៏ត្រូវអនុញ្ញាតឲ្យចាក់ ១២ ឆ្នាំឡើងទៅ។ ប៉ុន្តែដំណើរការនោះ ត្រូវចាក់ Sinovac។ យើងមានត្រឹមតែ ២ លាន ៣​ សែនដូសតែប៉ុណ្ណោះ ហើយទៅចាក់អស់ ២ លាន ៣ សែនហ្នឹង ដល់មករក Pfizer ទៀត ថាអត់មានទេ … ឥឡូវនេះមានលុយហើយ ក៏ទិញអត់បានដែរ សូមបញ្ជាក់ Pizer, Moderna, AstraZeneca មានលុយហើយទិញអត់បានទៀត។ អញ្ចឹងទេ កុំខ្វល់ថាវាជាអ្វី មកពីណា សុំចាក់ដូសជម្រុញគឺអនុញ្ញាតចាក់ឲ្យទៅ … របៀបចេញបញ្ជាប្រតិបត្តិការរហ័ស គឺគេចេញបញ្ជាបែបហ្នឹង អត់មានសាំញ៉ាំ។

ម្សិលមិញទូរស័ព្ទទៅ មុនីរ័ត្ន ថាម៉េចចាំបាច់សិក្សាអី ក្រែងធ្វើរាល់ថ្ងៃ ក្រែងធ្វើផងសិក្សាផង។ ម៉េចក៏ចាំថាពីរអាទិត្យនឹងចេញលទ្ធផលមកពីក្រុមអ្នកសិក្សា។ ខ្ញុំថា អ្នកហ្នឹងមិននៅក្នុងសមរភូមិទេ។ ក្រែងនៅក្នុងសមរភូមិ ២ ឆ្នាំហើយ ហើយរឿងអីត្រូវចាំសិក្សាថា គួរទិញអណា អីណា? ចុះនៅលើលោក ក្រែងយើងដឹងហើយ មានតែ Pfizer, Moderna, AstraZeneca ហើយមានតែ Sinovac, Sinopharm មានតែប៉ុន្មានមុខហ្នឹង ម៉េចចាំបាច់សិក្សាអីដល់ ២ អាទិត្យ។ ខ្ញុំបញ្ជាថា ចរចាភ្លាម ទិញ ៥ លានដូសចូលមក ឲ្យតែទិញបាន ដើម្បីធានាថាប្រជាពលរដ្ឋរបស់យើងមានភាពស៊ាំក្នុងសហគមន៍។ ដូចឥឡូវ ភាពស៊ាំ មនុស្ស ១១ ម៉ឺន ៥ ពាន់នាក់ ទៅប្រឡងបាក់ឌូប្លិ៍ ទីចុងបំផុតឆ្លងតែ ៣ នាក់ទេ។ ២ នាក់ឆ្លងពីក្រៅប្រទេសត្រឡប់មកវិញ អូមីក្រុង ម្នាក់ឆ្លងនៅបាត់ដំបង ឥឡូវជានៅក្មួយហ្នឹង? ជាហើយ ប៉ុន្តែលទ្ធផលបាក់ឌូប្លិ៍មិនទាន់ចេញទេ មិនដឹងថាជាប់ឬមិនជាប់។ បានសេចក្តីថា យើងរៀបចំបន្ទប់ ព្រោះគ្នាឆ្លងអត់ទាំងដឹងខ្លួនផងហ្នឹង តែយើងយកទៅឲ្យប្រឡង ដោយមានបន្ទប់មួយដាច់ដោយឡែក ហើយរង់ចាំលទ្ធផលដូចគេដូចឯង។ ឥឡូវថ្ងៃនេះកុមារនិងយុវជនរបស់យើងចូលសាលាមិនតិចទេ យើងតាមដានគ្រប់គ្រងបញ្ហាហ្នឹងតទៅទៀត។

អរគុណចំពោះឯកឧត្តម Mikami Masahiro ដែលបានគាំទ្រកម្ពុជាធ្វើប្រធានអាស៊ានឆ្នាំនេះ

ខ្ញុំសុំអរគុណចំពោះឯកឧត្តម Mikami Masahiro ដែលបានគាំទ្រកម្ពុជាធ្វើប្រធានអាស៊ានឆ្នាំនេះ។ (ឯកឧត្តមបានសរសេរ) “ខ្ញុំសូមសំដែងនូវការគោរពចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ដំណើរទស្សនកិច្ចភ្លាមៗរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងការផ្តួចផ្តើមគំនិតក្នុងការកែលំអស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ប្រទេសជប៉ុនមានបំណងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ ដើម្បីឲ្យកម្ពុជាទទួលបានជោគ​ជ័យក្នុងនាមជាប្រធានអាស៊ាន”។ ខ្ញុំអរគុណណាស់ចំពោះការគាំទ្ររបស់ជប៉ុន ក្នុងភាពជាប្រធានរបស់អាស៊ានរបស់កម្ពុជា ហើយនឹងប្តេជ្ញាសម្របសម្រួលធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីឲ្យកម្ពុជាទទួលបានជោគជ័យ។ នៅលើឧទ្ធម្ភាគចក្រយើងបានពិភាក្សាគ្នាពាក់ព័ន្ធជាមួយនឹងបញ្ហាកិច្ចដំណើរការ រឿងទាក់ទិន នឹងមីយ៉ាន់ម៉ានេះឯង។ គាត់បានសួរនាំដើម្បីបញ្ជាក់ ហើយគាត់បានបញ្ជាក់ ជប៉ុនយកចិត្តទុកដាក់ទៅលើបញ្ហាការផ្តល់ជំនួយមនុស្សធម៌។

គម្ពីរសន្ទនាការជាមួយមីយ៉ាន់ម៉ា គឺ កុងសង់ស៊ីស ៥ ចំណុច និង ធម្មនុញ្ញអាស៊ាន

ឥឡូវខ្ញុំគ្រាន់តែបញ្ជាក់ជូនបងប្អូនជនរួមជាតិកម្ពុជា ក៏ដូចជាបងប្អូនអ្នកវិភាគទាំងឡាយ ការពិតទៅដោយសារតែមានការអត្ថាធិប្បាយច្រើនហួស ខ្ញុំក៏ត្រូវតែជម្រាបអំពីបញ្ហានេះបន្តិច។ គម្ពីររបស់ខ្ញុំយកទៅធ្វើការសន្ទនាជា​មួយថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ទី ១ កុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ាន ទី ២ ធម្មនុញ្ញរបស់អាស៊ានប៉ុណ្ណឹងទេ។ គម្ពីររបស់ខ្ញុំគឺអត់ទៅណាឆ្ងាយពីអាស៊ានទេ។ ពេលវេលាមកមិនទាន់ដល់ គឺខ្ញុំអត់ធ្វើសកម្មភាពទេ។ ខ្ញុំគ្រាន់តែបោះសារ។ អ្វីដែលយើងសម្រេចបាន មិនបញ្ចប់ត្រឹមសេចក្តីប្រកាសរួម ស្តីពីដំណើរទស្សនកិច្ចរបស់ខ្ញុំនៅមីយ៉ាន់ម៉ា(នោះទេ)។ នៅទីនេះគឺមានចំណុចសំខាន់ ៣ យ៉ាង ទី ១ បទឈ​ប់បាញ់, ទី ២ ការផ្តល់ជំនួយ, ទី ៣ គឺទាក់ទិនជាមួយនឹងការសន្ទនា ដែលក្នុងនោះគឺឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing គាត់បានធានាការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការ​ជួបជាមួយភាគីពាក់ព័ន្ធទាំងអស់​ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាលើស្ថានភាពជាក់ស្តែងនៅមីយ៉ាន់ម៉ា។ អញ្ចឹងយើងត្រូវបង្កើតយន្តការ ២ ឲ្យខាងតែបាន ព្រោះមិនមែនរឿងរបស់កម្ពុជាទេ រឿងនេះរឿងអាស៊ានត្រូវធ្វើ។

យន្តការសម្របសម្រួលបទឈប់បាញ់មាន Troika និងលេខាធិការដ្ឋាន អាស៊ាន

ខ្ញុំបានណែនាំឯកឧត្តម ប្រាក់ សុខុន អោយខិតខំរកការសម្រុះសម្រួលក្នុងដៃគូអាស៊ានរបស់យើង បង្កើតនូវយន្តការ ២ យន្តការទី ១ ទាក់ទងនឹងការឈប់បាញ់ ហោចណាស់យើងបង្កើតឲ្យមាន Troika។ Troika នេះគឺមានអតីតប្រធានគឺប្រ៊ុយណេ, ប្រធានបច្ចុប្បន្នគឺកម្ពុជា, អនាគតប្រធានគឺឥណ្ឌូនេស៊ី បូកជាមួយនឹងលេខាធិការដ្ឋាន អាស៊ាន ដើម្បីធ្វើការសម្របសម្រួលអំពីការឈប់បាញ់។ វាទាល់តែមានយន្តការអនុវត្ត ទើបអាចអនុវត្តបាន។ អញ្ចឹងនៅពេលដែលមានការអនុវត្តនេះ គឺក្នុងហ្នឹងខាងភាគីមីយ៉ាន់ម៉ាបានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច។

ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀង ៥ ចំណុចរបស់អាស៊ាន។ ៥ ចំណុចរបស់អាស៊ានមុនគេ គឺទាក់ទិននឹងបញ្ឈប់អំពើហិង្សាហ្នឹងតែម្តង។ ទី ១ គឺបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវប្រកាន់ការអត់ធ្មត់ឲ្យបានជាអតិបរមា។ ពេលនោះយើងប្រើពាក្យបញ្ឈប់ជាបន្ទាន់អំពើហិង្សានៅមីយ៉ាន់ម៉ា ប៉ុន្តែលើកនេះគឺយើងឈានទៅដល់ និយាយទៅដល់បញ្ហាបញ្ឈប់រាល់អំពើហិង្សាបន្ថែមទៅដោយពាក្យ “ឈប់បាញ់” ព្រោះមានការបាញ់គ្នា។ អញ្ចឹងទេ ដើម្បីឲ្យមានការជឿទុកចិត្តសម្រាប់ភាគីទាំងអស់ អាស៊ានគប្បីដើរតួនាទី។ តួនាទីនេះ ដែលពីមុននេះគេមិនអាចរកបាន ប៉ុន្តែឥឡូវអាស៊ានអាចរកបានហើយ ដែលអាស៊ានមានតួនាទីចូលទៅធ្វើការសម្របសម្រួលនៃភាគីដែលមានជម្លោះឲ្យមានការឈប់បាញ់។ វាជាការល្អប្រសើរណាស់។ ជាមួយនឹងការមិនមានអំពើហិង្សា មិនមានសង្គ្រាមប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលវានឹងបង្កបរិយាកាសអំណោយផលសម្រាប់ឈានឆ្ពោះទៅរកការសន្ទនា ក្នុងន័យស្ថាបនា ហើយសម្រាប់ឈានឆ្ពោះទៅរកការបោះឆ្នោត ដែលភាគីមីយ៉ាន់ម៉ាកំណត់ថានឹងធ្វើនៅក្នុងខែសីហា ឆ្នាំ២០២៣។ អញ្ចឹងទេ បើធ្វើអាហ្នឹងមិនបានទេ ការបោះឆ្នោតក៏មិនអាចធ្វើទៅកើតដែរ។

អញ្ចឹងខ្ញុំសង្ឃឹមថា ដៃគូក្នុងអាស៊ានរបស់យើងនឹងខិតខំ ដើម្បីបង្កើតឲ្យមានយន្តការមួយ ហើយយន្តការនេះ វាមិនមែនជាយន្តការរបស់កម្ពុជាទេ គ្រាន់តែកម្ពុជាជាប្រធាននៅពេលនេះ។ តែរឿងនេះវាមិនអាចចប់ក្នុងឆ្នាំ ២០២២ ទេ។ រឿងនេះនឹងទៅដល់ដៃប្រធានអាស៊ានថ្មី គឺឥណ្ឌូនេស៊ី ហើយពេលនោះ Troika នឹងទៅជាកម្ពុជា អតីតប្រធាន ប្រធានឆ្នាំ ២០២៣ ឥណ្ឌូនេស៊ី ហើយនិងអនាគតប្រធាន ដូចជាឡាវ។ វាទៅដល់អញ្ចឹង។ អញ្ចឹងទេ យន្តការបែបនេះ គួរត្រូវបានប្រកាស ដោយមានការស្រុះស្រួលនៅក្នុងចំណោមអាស៊ានរបស់យើង។ មីយ៉ាន់ម៉ាខ្លួនឯងក៏ត្រូវមានយន្តការមួយ ដើម្បីធ្វើការជាមួយនឹងអាស៊ាន។ អាស៊ានមិនអាចលើកកម្លាំងទៅដោយគ្មានការយល់ព្រមរបស់មីយ៉ាន់ម៉ានោះទេ …។

ជាការល្អបើបានជប៉ុនជួយមធ្យោបាយសំរាប់ដំណើរការបទឈប់បាញ់

ខ្ញុំនៅណៃពិដោ ខ្ញុំថា យី! បើបានជប៉ុនជួយមធ្យោបាយខ្លះ ដូចជារថយន្តអីជាដើម ដើម្បីដំណើរការបទឈប់បាញ់ហ្នឹង គឺល្អដែរ។ ខ្ញុំពឹងលើជប៉ុន ព្រោះជប៉ុនគាត់គាំទ្រណាស់គោលការណ៍ជំនួយមនុស្សធម៌នេះ។ សុំឯកឧត្តម MIKAMI Masahiro ជួយមើល ព្រោះអញ្ចេះ តែមានក្រុមប្រតិបត្តិការទៅ ចង់ឬមិនចង់ វាត្រូវមានមធ្យោបាយដឹកជញ្ជូនទៅហើយ ដើម្បីចូលទៅតំបន់នេះ/នោះ។ បើសិនអាចបានជាការល្អ។ នេះមិនមែនជាប្រតិបត្តិការរបស់អង្គការសហប្រជាជាតិទេ តែជាប្រតិបត្តិការរបស់ពួកអាស៊ាន ដែលជួយដោះស្រាយជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសជាសមាជិកអាស៊ាន។ មិនជាការជ្រៀតជ្រែកទេ តែនេះជាការផ្តល់អោយដោយភាគី​មីយ៉ាន់ម៉ា សម្រាប់តួអង្គអាស៊ានក្នុងការដើរតួនាទី។ ខ្ញុំគិតថា មិនមែនជាបញ្ហាដោយឡែករបស់កម្ពុជា និងមីយ៉ាន់ម៉ាទេ។

អ្នកប្រឆាំងនឹងការឈប់បាញ់ គឺអ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្គ្រាម

ខ្ញុំដឹងបងប្អូនមួយចំនួនជេរខ្ញុំ។ ឥឡូវ ប្រហែលកំពុងជេរក្នុងហ្វេសប៊ុកទៀត ហើយអ្នកជេរហ្នឹងក្រុមដដែលហ្នឹង​។ ខ្ញុំជឿថា អ្នកជេរ(ទាំងនោះ)មានមីយ៉ាន់ម៉ា និងខ្មែរអង្គុយជាមួយគ្នា ដោយសារខម្មិនចូលមកហ្នឹង ខម្មិនជាភាសាខ្មែរផង ខម្មិនជាភាសាមីយ៉ាន់ម៉ាផង។ បងប្អូនមីយ៉ាន់ម៉ាចេះភាសាខ្មែរពីអង្កាល់? មានមួយក្រុមអាចនៅកន្លែងណាមួយ នៅប៉ារីស ឬនៅអាមេរិក ឬនៅថៃ ឬនៅហ្វីលីពីន ឬនៅកន្លែងណា។ អង្គុយជាមួយគ្នា។ ខាងមីយ៉ាន់ម៉ាគេវាយអក្សរមីយ៉ាន់ម៉ាចេញមកជាមួយគ្នាហ្នឹង រួចហើយខ្មែរវាយអក្សរខ្មែរចេញមក។ មីយ៉ាន់ម៉ា ធ្វើម៉េចចេះខ្មែរ? អញ្ចឹង យើងដឹងមុខហើយ។ ក្រុមអ្នកឯងហ្នឹងជាក្រុមនិយមជ្រុលតែអញ្ចឹង។ ឥឡូវ​ បានជាខ្ញុំប្រើពាក្យថា “ប្រឆាំងនឹងការឈប់បាញ់ គឺអ្នកឯងចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្គ្រាម”។ ខ្ញុំមិនប្រ​កាន់ទោសអូសដំណើរជាមួយនឹងបងប្អូនមីយ៉ាន់ម៉ាទេ មានដុត/ជាន់រូបថតខ្ញុំ មានគូសស្អីៗ។ ប៉ុន្តែ អ្នកត្រូវឃើញថា ជីវិតរបស់អ្នកនឹងត្រូវបានសង្គ្រោះពីភ្នក់ភ្លើងសង្គ្រាម ដោយតួនាទីរបស់អាស៊ាន ក្នុងហ្នឹង(មាន)គំនិតផ្តួចផ្តើមក្នុងដំណើរទស្សនកិច្ច ដែលខ្ញុំទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ មេដឹកនាំមីយ៉ាន់ម៉ាយល់ព្រមធ្វើរឿងនេះ មិនមែនជាបញ្ហាធម្មតាពេកទេ។ រឿងនេះ វាស្ថិតនៅក្នុងគម្ពីររបស់អាស៊ាន។ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវប្រកាន់ការអត់ធ្មត់ឱ្យបានជាអតិបរមា។

អញ្ចឹង គ្រប់ភាគីទាំងអស់ ត្រូវតែបញ្ឈប់អំពើហិង្សា ព្រោះនេះជាការសម្លាប់គ្នា រាប់ទាំងការយកគ្រាប់បែប ទៅដាក់នៅស្ថានទូតកម្ពុជាផងដែរ។ បងប្អូនត្រូវយល់ កម្ពុជារងទុក្ខសោកពេកហើយ។ បទពិសោធន៍គ្រប់គ្រាន់ណាស់ទៅហើយ។ ស្លាប់ម៉ែ/ឪ របួស ពិការពេញប្រទេស។ ដោយសារអី? ដោយសារសង្គ្រាម។ អញ្ចឹង បាននយោបាយឈ្នះឈ្នះរបស់ខ្ញុំនេះអនុវត្ត នៅកម្ពុជាវាជោគជ័យ ២៣ ឆ្នាំ រួចស្រេចទៅហើយ។ បញ្ចប់សង្គ្រាម ដែលទឹកដីនេះ ៥០០ ឆ្នាំមុន អត់ដែលបានឯកភាពម្តងណាទេ តាំងពីជំនាន់ ព្រះស្រីរាជា គ្រងរាជឯណោះ។ បន្ទាប់ពី ពញាយ៉ាត, នរាយរាជា ដល់ ព្រះស្រីរាជា ចាប់ផ្តើមហែកហួរទឹកដី តែយើងបានធ្វើឱ្យឯកភាពទឹកដី។ ដោយសារការឯកភាពទឹកដីនោះហើយ ជំងឺគ្រុនស្វិតដៃជើងយើងបំបាត់អស់។ ឈានទៅរកសូន្យជំងឺគ្រុនចាញ់។ ឥឡូវ កំពុងប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩។

រៀបចំយន្តការជាក់លាក់ពង្រឹងការផ្តល់ជំនួយមនុស្សធម៌

… បើសិនអាស៊ានទាំងអស់ចូលរួម ហ្នឹងវាស៊ីសងទៅលើអាស៊ាន ជាមួយនឹងមីយ៉ាន់ម៉ា ឯកភាពគ្នាទៅ។ ចូលរួមទាំង ១០ ប្រទេសហ្នឹងទៅ បូកជាមួយនឹងលេខាធិការដ្ឋានអាស៊ាន ទៅជាមួយគ្នាទៅ … កម្ពុជាគ្រាន់តែបើកផ្លូវក្នុងឋានៈជាប្រធានតែប៉ុណ្ណឹងទេ។ ទុកលទ្ធភាពនេះ ជូនរដ្ឋមន្ត្រីការបរទេស ហើយក៏ទុកលទ្ធភាពនេះ ជូនប្រេសិតពិសេសរបស់ប្រធានអាស៊ានដែរ។ ឯចំណុចទី (២) គឺការពង្រឹងការផ្តល់ជំនួយមនុស្សធម៌។ ការផ្តល់ជំនួយមនុស្សធម៌ ត្រូវតែមានយន្តការជាក់លាក់។ ឥឡូវ ជំនួយមួយចំនួនបានដឹកទៅដល់មីយ៉ាន់ម៉ាហើយ ក៏ប៉ុន្តែអត់ទាន់បានចែក។ ចំណុចនេះមានពាក្យ “ថ្នាក់ដឹកនាំទាំងពីរគាំទ្រឱ្យមានកិច្ចប្រជុំភាគីពាក់ព័ន្ធ រួមមាន ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា, អគ្គលេខាធិការអាស៊ាន, តំណាងមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមការងារថ្នាក់ជាតិ ដើម្បីសម្រប សម្រួលការផ្តល់ជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ ដែល ពាក់ព័ន្ធ”។ ភាគីទាំងពីរទទួលស្គាល់នូវសារសំខាន់យ៉ាងខ្លាំង ក្នុងការបង្កើតឱ្យមានយន្តការ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប ដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្របជាមួយនឹងការផ្តល់ជំនួយមនុស្សធម៌ឱ្យ មានប្រសិទ្ធភាពដល់ប្រជាជន ដែលត្រូវការបំផុត ដោយគ្មានការរើសអើង ដោយហេតុថា គ្មានអ្វីដែលសំខាន់ ជាងការជួយសង្គ្រោះជីវិតមនុស្សនោះឡើយ។

ចំណុចនេះសំខាន់ណាស់ ត្រូវបង្កើតឱ្យបាននូវយន្តការ សម្រាប់ ការផ្តល់ជំនួយទៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការរើសអើង។ ខ្ញុំស្នើឱ្យកំណត់ចំណុចពាក្យ “មិនរើសអើង” ហើយត្រូវបានទទួលយកដោយភាគីមីយ៉ាន់ម៉ា។ ឯកឧត្តម Min Aung Hlaing គាត់បាននិយាយអញ្ចេះថា សូម្បីតែអ្នកកំពុងធ្វើសកម្មភាពប្រឆាំងខ្ញុំ ក៏ត្រូវផ្តល់ឱ្យពួកគេដែរ ព្រោះពួកគេក៏ជាជនជាតិមីយ៉ាន់ម៉ាដែរ។ ខ្ញុំពេញចិត្តជាមួយនឹងសំដីនេះ … ដោយសារតែបេសកជនពិសេសរបស់ប្រធានអាស៊ានបានរៀបចំ គេហៅថា មិត្តរបស់មីយ៉ាន់ម៉ា បើសិនជាមិត្តជប៉ុនចូលរួមក្នុងយន្តការមិត្តរបស់មីយ៉ាន់ម៉ា ដើម្បីផ្តល់ជំនួយមនុស្សធម៌ គឺជាការល្អ។ ឯកឧត្តមបានប្រាប់ខ្ញុំថា ជប៉ុនពេញចិត្តជាមួយនឹងការផ្តល់ជំនួយមនុស្សធម៌ … អតីតបេសកជនពិសេសរបស់ប្រ៊ុយណេ ដែលជាប្រធានចាស់ គាត់បង្កើតបានមិត្តរបស់មីយ៉ាន់ម៉ាហើយ។ អញ្ចឹងទេ យើងចូលរួមក្នុងក្រុមមិត្តហ្នឹងតែម្តង ដើម្បីផ្តល់ជំនួយមនុស្សធម៌ឱ្យមីយ៉ាន់ម៉ា។

ប្រធានអាស៊ាន មិនបានដាក់គោលដៅជួបអ្នកនេះអ្នកនោះឡើយ

កាលណាតែបទឈប់បាញ់ត្រូវបានដោះស្រាយ ជំនួយមនុស្សធម៌ចូលទៅគ្រប់ទីកន្លែងទាំងអស់ អារឿងសន្ទនាវាទៅជាមួយគ្នាតែម្តង។ អ្នកខ្លះគេលើកត្រឹមថា ខ្ញុំអត់បានជួបជាមួយអ្នកនេះ/នោះ។ ខ្ញុំអត់ដាក់គោលដៅ ជួបជាមួយអ្នកណាទាំងអស់។ អ្វីដែលខ្ញុំចង់បាន គឺពីរចំណុច៖ ទី (១) គឺបទឈប់បាញ់ ទី (២) គឺការផ្តល់ជំនួយ។ ឯនៅក្នុងនេះ រៀបចំដាក់ពាក្យថា បានធានាការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា ក្នុងការជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាលើការជាក់ស្តែង។ អញ្ចឹងទេ បេសកជនពិសេសនឹងបន្តជួបជាមួយនឹងភាគីនេះ/នោះ។ ខ្ញុំអត់មានលទ្ធភាពដើរទៅជួបជាមួយនឹងភាគីនេះ/នោះឬ ក្រុមនេះ/នោះនោះទេ។ គេចាត់ទុកថាវាមិនជោគជ័យ ដោយសារតែអារឿងបញ្ច្រាសគ្នាហ្នឹងហើយ។

ខ្ញុំសុំលើកបង្ហាញ កុងសង់ស៊ីស ៥ ចំណុច អាចំណុចទី ៥ នេះ គេដាក់អញ្ចេះ “ប្រេសិតពិសេស និងគណប្រ​តិភូ ត្រូវបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីជួបជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធទាំងអស់”។ យើងនាំគ្នាយកអាទី ៥ មកអនុវត្តមុនគេ។ ដល់អញ្ចឹងប្រេសិតទៅអត់រួច។ ឯខ្ញុំ ខ្ញុំដំណើរការ គឺយកទី ១ ទៅមុន និងភ្ជាប់ទី​ ៤ ជំ​នួយមនុស្សធម៌។ ខ្ញុំគិតថា ដៃគូអាស៊ានរបស់យើងនឹងយល់។ នេះដកស្រង់ចេញពី កុងសង់ស៊ីស ៥ ចំណុច។ តែ(កាលណា)យើងដាក់លក្ខខណ្ឌយកចំណុចទី ៥ ទៅ(មុន វា)ជាចំណុចរាំងស្ទះបណ្តោយ។ បើមិនបានជួបអ្នកនេះមិនទៅ។ ខ្ញុំមិនមែនប្រេសិតផង។ ខ្ញុំប្រធាន។ ខ្ញុំទៅបណ្តោយ។

កម្ពុជាផ្ទេរចំណែកវ៉ាក់សាំងរបស់ខ្លួនក្នុងមូលនិធិអាស៊ាន ជូនទៅប្រជាជនមីយ៉ាន់ម៉ា

ដល់ទៅខ្ញុំយកបទឈប់បាញ់សិន ព្រោះវាមិនឈប់បាញ់គ្នាទេ (តើ)ទៅជួបនរណា? ជំនួយមនុស្សធម៌ប្រជាជនមីយ៉ាន់ម៉ាកំពុងត្រូវការ។ សង្គ្រោះជីវិតមនុស្សសិន។ សង្គ្រោះជីវិតមនុស្ស​ពីការកុំឲ្យស្លាប់ដោយសារការបាញ់គ្នា ដោយសារហិង្សា សង្គ្រោះជីវិតមនុស្សដោយសារផ្ដល់ឲ្យគេនូវស្បៀងអាហារ ថ្នាំពេទ្យ វ៉ាក់សាំង។ ខ្ញុំបានប្រាប់ Min Aung Hlaing នៅពេលបាយថា វ៉ាក់សាំងមូលនិធិអាស៊ានសម្រាប់វ៉ាក់សាំង ដែលជាចំណែករបស់កម្ពុជា ខ្ញុំសូមផ្ដល់ជូនឲ្យមីយ៉ាន់ម៉ាទាំងអស់ តម្លៃប្រហែល ១ លានដុល្លារ ព្រោះអាស៊ាន ១០ គឺនឹងប្រើប្រាស់ថវិកានោះចំនួន ១០ លាន ដើម្បីទិញវ៉ាក់សាំងចែកគ្រប់ៗគ្នា។ កម្ពុជាមិនទទួលយកទេ សូមផ្ទេរចំណែករបស់ខ្លួនជូនទៅមីយ៉ាន់ម៉ា ដើម្បីឲ្យប្រជាជនមីយ៉ាន់ម៉ាមានវ៉ាក់សាំងចាក់។ ទោះបីកម្ពុជាក្រ ប៉ុន្តែកម្ពុជាក៏មានបេះដូងធំទូលាយ។

បើខ្ញុំមានដូចជប៉ុន ខ្ញុំដល់ជំនួយដល់គេអស់ហើយ … និយាយអញ្ចឹងមិនមែនបានសេចក្ដីថា ជប៉ុនមិនបានផ្ដល់ជំនួយទេ។ ជប៉ុនគាត់ផ្ដល់ជំនួយ។ ភារកិច្ចរបស់គាត់ទូទាំងពិភពលោក។ គ្រាន់តែជំនួយមកយើង បូកសរុបទៅប៉ុន្មានពាន់លានដុល្លាររួចទៅហើយ ដែលគាត់បានចាប់ផ្ដើមផ្ដល់ដំបូង។ ជប៉ុនជាអ្នកផ្ដល់ជំនួយធំជាងគេសម្រាប់យើង មានការកត់ត្រាក្នុងនេះ អំពីការផ្ដល់ជំនួយរបស់ជប៉ុនសម្រាប់កម្ពុជានោះ។​ ជប៉ុនកសាងស្ពាន កំពង់ផែ កសាងស្អីៗ (សរុប)ជាង ១.៤០០ លានដុល្លារ ដែលជប៉ុនផ្ដល់មកដល់កម្ពុជា។ ជប៉ុនគាត់មានភារកិច្ចច្រើន។ គាត់ត្រូវផ្ដល់ជួយទៅប្រទេសនេះ/នោះ។

យើងបានផ្ដល់ជំនួយទៅកាន់មីយ៉ាន់ម៉ាបាន ៣ លើកហើយ។ លើកទី ១ ឆ្នាំ ២០២០ លើកទី ២ ឆ្នាំ ២០២១ និងលើកទី ៣ ថ្ងៃខ្ញុំទៅហ្នឹង បួនយន្តហោះ ព្រោះយន្តហោះរបស់យើងអត់ដោះកៅអី អញ្ចឹងពិបាកដាក់។ ទាំងម៉ាស់ ទាំងគ្រឿងប្រដាប់ប្រដាពេទ្យអីហ្នឹង គឺផ្ដល់ចែករំលែកក្នុងការជួយគ្នា។ អញ្ចឹងទេ ចំណែក ១ លានដុល្លារសម្រាប់វ៉ាក់សាំងរបស់កម្ពុជា គឺកម្ពុជាផ្ដល់ទាំងអស់ទៅឲ្យមីយ៉ាន់ម៉ា។ យើងក៏បានផ្ដល់ទៅឲ្យឡាវចំនួន ៧០ ម៉ឺនដូសរួចទៅហើយ ផ្ដល់ទៅឲ្យវៀតណាមចំនួន ២០ ម៉ឺនដូស។ យើងអស់ ៩០ ម៉ឺនដូស ដែលបានផ្ដល់ទៅឲ្យ​វៀតណាម ២០ ម៉ឺន និងឡាវឲ្យ ២ ដង ម្ដង ២០ ម៉ឺន ម្ដង ៥០ ម៉ឺន។ ខ្ញុំនៅជំពាក់ឡាវឡានដឹកវ៉ាក់សាំង ១០ គ្រឿងទៀត។ ឲ្យទៅ ៣ គ្រឿងហើយ។ នៅពេលឡានថ្មីមកដល់នឹងឲ្យទៅឡាវទៀត។ ហ្នឹងចែករំលែកក្នុងកា​លៈទេសៈដ៏លំបាក។

ចង់ស្នើសុំ Yōhei Sasakawa ជាទីប្រឹក្សាប្រធានអាស៊ានឆ្នាំ ២០២២

អញ្ចឹងទេ យន្តការក្នុងការផ្ដល់ជំនួយ គួរតែត្រូវបានរៀបចំឡើងដោយមានភាគីពាក់ព័ន្ធអាស៊ាន ប្រេសិតពិសេសរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន មជ្ឈមណ្ឌលសម្របសម្រួល ​គេហៅ AHA Centre នោះ និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិដែលមានការពាក់ព័ន្ធ ហើយមានមិត្តរបស់មីយ៉ាន់ម៉ាដែលរៀបចំដោយប្រ៊ុយណេមក។ យើងអាចបង្កើតក្រុមហ្នឹង ហើយក្រុមហ្នឹងគឺខាងជប៉ុនចូលរួមនៅក្នុងហ្នឹងទៅ អាចដំណើរការទៅបានហើយ។ ខ្ញុំនឹងជួបលោក Yōhei Sasakawa នៅថ្ងៃទី ៣១ ដែលគាត់ទៅមីយ៉ាន់ម៉ា ១៣១ លើក។ ខ្ញុំចង់ស្នើគាត់ឲ្យធ្វើទីប្រឹក្សាប្រធានអាស៊ានឆ្នាំ ២០២២ តែម្ដង ដើម្បីជួយខ្ញុំសម្របសម្រួល ព្រោះគាត់ស្គាល់មីយ៉ាន់ម៉ាសឹងតែគ្រប់ភាគី។ អញ្ចឹងទេ បើសិនជាគាត់យល់ព្រម ថ្ងៃ ៣១ ខ្ញុំនឹងជួប។ ឥឡូវគាត់ជាប្រធានមូលនិធិជប៉ុន។ គាត់នឹងមកជួបខ្ញុំ។ បើសិនជាគាត់លឺ គាត់ស្ម័គ្រចិត្តធ្វើទីប្រឹក្សាប្រធានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា សម្រាប់ឆ្នាំ ២០២២ (ព្រោះ) ២០២៣ យើងមិនមែនប្រធានទៀតឯណា។

បទឈប់បាញ់និងចែកចាយជំនួយដំណើរការ ការសន្ទនានឹងទៅជាមួយ

អញ្ចឹងទេ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងអាចយល់ពីការរៀបចំដំណើរការ។ វាអត់ទាន់ចប់ត្រឹមតែសេចក្ដីប្រកាសពីរទំព័រហ្នឹងទេ។ ដំណាក់កាលចុងក្រោយខាងមីយ៉ាន់ម៉ាខ្លួនឯងបានប្រកាសថា នឹងបោះឆ្នោតនៅ ខែ សីហា ឆ្នាំ ២០២៣។ ហ្នឹងរឿងដំណើរការរបស់គាត់។ អញ្ចឹងទេបានជាមាននិយាយពាក្យអំពីបញ្ហាសង្កត់ធ្ងន់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ ចំណុច គួរតែជាការបំពេញបន្ថែមដើម្បីសម្រេចផែនទីបង្ហាញផ្លូវ ៥ ចំ​ណុចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។ ចំណុចនេះ ខ្ញុំចង់ភ្ជាប់ទៅជាមួយនឹងអ្វីដែលមិនមានក្នុងកុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ាន។ កុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ានអត់មាននិយាយពីការបោះឆ្នោតទេ។ អញ្ចឹងអ្វីដែលយើងចងភ្ជាប់ទៅកន្លែងនោះគឺសំដៅគាំទ្រឲ្យមានការបោះឆ្នោត។

សូមពិនិត្យមើលក្នុង ៥ ចំណុចរបស់អាស៊ាន អត់មាននិយាយដល់ការបោះឆ្នោតទេ។ ដែលហៅថា ដំណោះស្រាយមួយត្រូវបញ្ចប់ដោយការបោះឆ្នោតនោះឯង។ ខ្ញុំឃើញ​ហើយ លោក ​Ong Keng Yong អតីតអគ្គលេខាធិការអាស៊ាន ដែលជាមន្រ្តីការទូតរបស់សិង្ហបុរីបានចេញមកនិយាយ។ ខ្ញុំចង់បកស្រាយទៅឯកឧត្ដមៗមើលកុងសង់​ស៊ីស ៥ ចំណុច តើមានចំណុចណាបាននិយាយដល់ការបោះឆ្នោតទេ? អត់មានទាល់តែសោះ។ ដូច្នេះ ខ្ញុំនៅតែក្ដាប់ជាប់ធម្មនុញ្ញអាស៊ានទី ១ និងទី ២ ប្រាំចំណុច(កុងសង់ស៊ីស)របស់អាស៊ាន ក៏ប៉ុន្តែ អ្វីដែលខ្ញុំចាប់អារម្មណ៍នៅក្នុងផែនទីចង្អុលផ្លូវរបស់មីយ៉ាន់ម៉ា គឺមានកំណត់កាលបរិច្ឆេទបោះឆ្នោត​នៅ ខែ សីហា ឆ្នាំ ២០២៣។ សូមឯកឧត្ដម Ong Keng Yong យល់នូវចំណុចនេះ … ឯកឧត្ដមមិនមែនជាខ្ញុំ ឯកឧត្ដមពិតជាមិនយល់ដូចខ្ញុំទេ។ ឯកឧត្ដមក៏មិនធ្លាប់ធ្វើប្រធានអាស៊ានទេ គ្រាន់តែធ្លាប់ធ្វើអគ្គលេខាធិការអាស៊ានតែប៉ុណ្ណោះ។ អញ្ចឹងសង្ឃឹមថា ឯកឧត្ដមនឹងមានការយល់។ ហេតុអីបានត្រូវនិយាយអញ្ចឹង?

៥ ចំណុច មានស្អី? ទី ១ បញ្ឈប់ជាបន្ទាន់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវប្រកាន់ការអត់ធ្មត់ជាអតិបរមា។ ខ្ញុំទៅយកបានទាំងអត់ធ្មត់ហើយ ទាំងឈប់បាញ់ទៀត ដែលត្រូវតែនៅសេសសល់យន្តការនៃការដើម្បីសម្របសម្រួលឲ្យមានបទឈប់បាញ់។ ទី ២ ត្រូវចាប់ផ្ដើមកិច្ចសន្ទនាប្រកបដោយស្ថាបនា​ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់​ សំដៅរិះរកដំណោះស្រាយដោយសន្តិវិធីដើម្បីប្រយោជន៍របស់ប្រជាជន។ ក្នុងហ្នឹងទី ១ និងផ្នែកខាងក្រោមមកទៀតវាគ្របដណ្ដប់ទាំងអស់ទៅហើយ។ ទី ៣ ប្រេសិតពិសេសរបស់ប្រធានអាស៊ានត្រូវធ្វើអាជ្ញាកណ្ដាលសម្របសម្រួលដើម្បីដំណើរការសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ មានចែងក្នុងហ្នឹងទៅហើយ។ យល់ទេ? ទី ៤ អាស៊ានត្រូវផ្ដល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ AHA Centre។ អញ្ចឹងគឺវាមានក្នុងហ្នឹងទៅហើយ។ ទី ៥ ប្រេសិតពិសេស និងគណៈប្រតិភូ ត្រូវបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ហ្នឹងខ្ញុំទុកឲ្យប្រេសិតពិសេសគេធ្វើ។ តែចាប់ផ្ដើមដំណើរការទៅរកបទឈប់បាញ់ ចែកចាយជំនួយស្អីៗ វាដំណើរការទៅហើយ ជាមួយនឹងការសន្ទនានោះ។

ម្សិលមិញ ខ្ញុំឃើញមានអត្ថាធិប្បាយ។ ខ្ញុំរង់ចាំមើលអត្ថាធិប្បាយថែមទៀត អំពីបញ្ហាហ្នឹង។ សូមបងប្អូនមីយ៉ាន់ម៉ាបានជ្រាបថា កម្ពុជាអត់មានចង់បានអ្វីទេ។ ឥឡូវកម្ពុជា​ស្ថិតនៅក្នុងស្ថានភាពអញ្ចេះ ធ្វើក៏ខុសមិនធ្វើក៏ខុស។ ឥឡូវឯក​ឧត្ដមអគ្គរដ្ឋទូត​ជួយពិចារណាខ្ញុំទៅមើល បើខ្ញុំនៅស្ងៀមអត់ធ្វើសកម្មភាព រឿងមីយ៉ាន់ម៉ាវានៅតែដដែលហ្នឹង។ ដល់ពេលខ្ញុំទៅធ្វើ គេថាខ្ញុំខុស។ ខ្ញុំមិនធ្វើក៏គេថាខុស។ អញ្ចឹងធ្វើទៅល្អជាងមិនធ្វើ។ លទ្ធផលវានឹងចេញតាមក្រោយ វាមិនមែនចេញតែមួយថ្ងៃពីរថ្ងៃទេ។ កម្ពុជាដំណើរការចរចា ៤ ឆ្នាំ ទើបឈានដល់(ការបោះឆ្នោត)។ ប៉ុន្តែ មីយ៉ាន់ម៉ាគេដាក់កំណត់ត្រឹមតែ ខែ សីហា​ ឆ្នាំ ២០២៣ គេបោះឆ្នោត។

គ្រាន់តែខ្ញុំមិនបានជួបជាមួយអ្នកនេះ/នោះ ជួបតែខាងយោធា គឺបរាជ័យ។ ក្រុមបរាជ័យហ្នឹងគឺក្រុមខ្មែរ ជាមួយនឹងពួកចូលក្នុង Facebook សរសេរខ្មែរផង សរសេរនេះផង។ យើងយល់តើ។ ខ្ញុំនឹងស្ដាប់តទៅទៀតនូវបទអត្ថាធិប្បាយនានា។ ប៉ុន្តែ ខ្ញុំគ្រាន់តែឆ្លើយតបទៅ Ong Keng Yong ដែលជាអតីតអគ្គលេខាធិកាអាស៊ាន ឯកឧត្ដមមិនយល់ទេ ឯកឧត្តមមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងដំណើរការសន្តិភាពរបស់ប្រទេសមួយទេ ព្រោះឯកឧត្ដមកើតនៅក្នុងប្រទេសដែលមានសន្តិភាពស្រាប់ទៅហើយ​។ ខ្ញុំគ្រាន់តែទូន្មានឯកឧត្ដមឲ្យយល់តើអ្វីទៅជាបញ្ហា អ្វីទៅរបៀបដោះស្រាយបញ្ហាតែប៉ុណ្ណោះ។

ខ្ញុំក៏ចង់បញ្ជាក់ថា មិនមែនសេចក្ដីប្រកាសរួម ២ ទំព័រហ្នឹងចប់សព្វគ្រប់ទេ។ នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើដូចខ្ញុំបានបញ្ជាក់។ ហោចណាស់យន្តការ​ ២ ទៅសិន។ យន្តការទី ១ គឺយន្តការសម្របសម្រួលពីបទឈប់បាញ់​​។ យន្តការទី ២ គឺយន្តការអំពីការផ្ដល់ជំនួយ។ ឯយន្តការទី ៣ វាសឹងតែមានស្រាប់ទៅហើយ ប្រេសិតពិសេស រួមជាមួយនឹងអគ្គលេខា​ធិការអាស៊ាន ធ្វើការសម្របសម្រួលពីកិច្ចសន្ទនានោះ វាសឹងតែមានរួចទៅហើយ។ អញ្ចឹងទេ បានជាខ្ញុំគ្រាន់តែបញ្ជាក់ ដើម្បីយើងទាំងអស់គ្នាច្បាស់​។ ជួនកាល (គេធ្វើ)អត្ថាធិប្បាយ (យើង)កុំអាលវិនិច្ឆ័យលឿនពេក ថាលទ្ធផលវាយ៉ាងម៉េច អីយ៉ាងម៉េច ប៉ុន្តែយ៉ាងណាក៏ចេញជាលទ្ធផល។ វាត្រូវចំណុះនឹងវិធីចាត់តាំងអនុវត្តន៍ផែនការសកម្មភាពទៅមុខ។ សង្ឃឹមថា ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងបន្ដការងារនេះជាមួយនឹងដៃគូអាស៊ាន និងដៃគូពាក់ព័ន្ធដទៃទៀត ដែលមានចំណែកក្នុងការជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ នេះគឺជាបញ្ហាមិនធម្មតា។

មិត្តជប៉ុនបានផ្ដល់ជំនួយ ២៨ លានដុល្លារ ដោះមីននៅទិសពាយ័ព្យ

ស្រុកយើង ទម្រាំបញ្ចប់សង្រ្គាមបាន តើយើងស្លាប់អស់មនុស្សប៉ុន្មាន? ហើយពេលដែលយើងបញ្ចប់សង្រ្គាម យើងអស់ប្រើគ្រាប់កាំភ្លើងមួយគ្រាប់ទេ។ តំបន់ក្ដៅ សូម្បីតែខ្ញុំទៅត្រឹមភ្នំវ៉ៃចាប ទៅត្រែង ក៏បាញ់ពីលើ។ កាលហ្នឹង ឌូសេត មកតែម្ដង។ គេដាក់ ឌូសេត លើភ្នំវ៉ៃចាប បាញ់មក ហើយនិង មីត្រីយើ ៣០ ហ្នឹង លេងពីលើមក ដល់អញ្ចឹងគេចាប់រុញខ្ញុំចូលទៅក្នុងអូតូប្លង់ដេ។ កាលហ្នឹង មានរូបភាពនៅសល់(រក្សាបាន)ច្រើន។ ប៉ុន្តែឥឡូវ តំបន់អស់ទាំងនោះ ក្លាយទៅជាតំបន់ទេសចរណ៍ហើយ នៅសេសសល់តែតំបន់មួយចំនួនដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះតែប៉ុណ្ណោះ។ មិត្តជប៉ុនបានផ្ដល់ជំនួយ ដូចជាខ្ទង់ ២៨ លានដុល្លារសហរដ្ឋអាមេរិក​ សម្រាប់ដោះមីននៅទិសពាយ័ព្យរបស់យើង …។

ឥឡូវហ្នឹង គេទៅហើយ ដើរលេង។ រអ៊ូរឿងសាំងឡើងថ្លៃ ប៉ុន្តែដើរលេងមិនឈប់។ ឥឡូវដើរលេងទៅ មាននរណាគេហាមឃាត់។ ការក៏ការទៅ ប៉ុន្តែខ្ញុំនៅតែនិយាយដដែលហ្នឹង។ (អភិបាលខេត្តបាត់ដំបង) សុខ លូ បើកខារ៉ាអូខេនៅ? បើកហើយ។ ខេត្តកំពង់ធំ បើក(ខារ៉ាអូខេ)នៅ? បើកហើយ។ អភិបាលខេត្តផ្សេងៗ បើកអស់នៅ? បើកអស់ហើយ។ ខ្ញុំនៅតែនិយាយពាក្យដដែល ដើម្បីកុំឱ្យប្រពន្ធៗ ជេរដោយទាំងខ្ញុំ ថាខ្ញុំឱ្យបើកខារ៉ាអូខេ ឱ្យបើកឌីស្កូតែក បៀរហ្គាឌិន បើចង់ទៅខារ៉ាអូខេ សុំនាំប្រពន្ធទៅផង។ សុទ្ធតែប្រុសៗ ទះដៃ ប្រយ័ត្នទះដៃរួចហើយ ល្ងាចហ្នឹងទៅខារ៉ាអូខេ ទៅម្នាក់ឯង។ ហ្នឹងបើកសេដ្ឋកិច្ចឡើងវិញ គឺត្រូវវាអញ្ចឹង(បើកគ្រប់វិស័យ) អាហ្នឹងជាផ្នែកមួយដំណើរការសេដ្ឋកិច្ច​។

មានសង្គ្រាម គ្មានសិទ្ធិមនុស្ស គ្មានប្រជាធិបតេយ្យ គ្មានសេរីភាពបញ្ចេញមតិ

ខ្ញុំគិតថា ខ្ញុំនិយាយច្រើន ក៏ប៉ុន្តែ ដោយសារតែប្រធានបទវាត្រូវនិយាយដល់កន្លែងហ្នឹង។ ខ្ញុំអំពាវនាវចំពោះដៃគូនៅក្នុងអាស៊ាន យោគយល់ ហើយសម្រួល ធ្វើម៉េចឱ្យកម្ពុជាអាចបំពេញតួនាទីរបស់ខ្លួន នៅក្នុងឆ្នាំ ២០២២ នេះ ហើយក្នុងហ្នឹងក៏ត្រូវយល់ថា ខ្ញុំកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ធ្វើក៏ខុសមិនធ្វើក៏ខុស។ ប៉ុន្តែ ឥឡូវខ្ញុំសម្រេចចិត្តធ្វើ ហើយអ្វីដែលខ្ញុំទទួលបាន លើសពីអ្វីដែលខ្ញុំចង់បាន។ ពីដំបូង ខ្ញុំត្រឹមតែចង់បាននូវបទឈប់បាញ់តែប៉ុណ្ណោះ ក៏ប៉ុន្តែ មិននឹកស្មានថា គាត់ផ្ដល់ឱកាសឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពី មីយ៉ាន់ម៉ា ពិភាក្សាជាមួយនឹងកម្លាំងប្រដាប់អាវុធដទៃទៀត ដើម្បីដំណើរការបទឈប់បាញ់នេះ។ នេះជាចំណុចដែលល្អ។ ត្រូវកុំភ្លេចឱ្យសោះថា កាលណាបាញ់គ្នាហើយ គ្មានធ្វើអីកើតទេ។ កុំនិយាយដល់សិទ្ធិមនុស្ស កុំនិយាយដល់ប្រជាធិបតេយ្យ កុំនិយាយដល់សេរីភាពបញ្ចេញមតិ តែបាញ់គ្នាហើយ គឺបាញ់គ្នា។ គេបាញ់យើង យើងបាញ់គេ, គេងាប់ យើងងាប់ បើយើងមិនងាប់ គេងាប់តែប៉ុណ្ណឹង។

ផ្ដល់ជំនួយមនុស្សធម៌ឱ្យមនុស្សរស់រានមានជីវិតវិញសិន ចាំនិយាយគ្នាទៀត ហើយដំណើរការទៅទាំងអស់។ ឥឡូវ បើយើងនៅស្ងៀម នៅបន្តអ្វីដែលថា ទាល់តែបានជួបអ្នកនេះជួបអ្នកនោះ ទើបបញ្ជូនគណៈប្រតិភូទៅ អញ្ចឹងវាដដែល។ តាំងពីខែមេសា រហូតដល់ថ្ងៃទី ០៧ មករា ២០២២ វាដដែល អត់មាននរណាទៅដល់ និងនិយាយជាមួយនឹងមេដឹកនាំមីយ៉ាន់ម៉ាផង។ ខ្ញុំចង់បញ្ជាក់អំពីបញ្ហាហ្នឹងបន្ដិច។ ខ្ញុំបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្ញុំ។ (ខ្ញុំ)សរសេរលើយន្តហោះ។ មកដល់ភ្លាម ខ្ញុំបង្ហោះ។ ខ្ញុំបញ្ជាក់ “នរណាប្រឆាំងនឹងបទឈប់បាញ់ គឺមានន័យថា អ្នកចង់ឱ្យមានមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម។ នរណាប្រឆាំងនឹងការផ្ដល់ជំនួយមនុស្សធម៌ មានន័យថា ចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ ចង់ឱ្យមនុស្សគ្មានថាំ្នសង្កូវ គ្មានវ៉ាក់សាំងដើម្បីការពារ កូវីដ-១៩”។ ន័យរបស់ខ្ញុំគឺអញ្ចឹង នរណាប្រឆាំងបទឈប់បាញ់ គឺអ្នកហ្នឹងចង់ឱ្យសង្រ្គាមផ្ទុះ ហើយឱ្យមានមនុស្សស្លាប់និងរបួស។ នរណាប្រឆាំងនឹងការផ្ដល់ជំនួយ អ្នកហ្នឹង គឺចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ ស្លាប់ដោយអត់ថ្នាំពេទ្យ ស្លាប់ដោយអត់វ៉ាក់សាំងចាក់ អ្វីដែលខ្ញុំនិយាយ គឺប៉ុណ្ណឹង។ ល្មមគ្រប់គ្រាន់ដើម្បីយល់គ្នា។

បើមានការយល់ព្រម ខ្ញុំនឹងទៅសួរសុខទុក្ខកងទ័ពជប៉ុន ពេលនាវាចម្បាំងមកដល់កម្ពុជា

ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមអរគុណចំពោះក្រុមសាងសង់ទាំង ២ កំណាត់នេះ ដែលបានខិតខំកសាងទាន់ពេលវេលា ផ្ដល់ឱកាសឱ្យខ្ញុំ ជាមួយនឹងឯកឧត្តម Mikami Masahiro សម្រាប់ការសម្ពោធនៅថ្ងៃនេះ​​។ សុំផ្ដាំផ្ញើទៅជូនក្រុមសាងសង់ដែលកំពុងសាងសង់តាមផ្លូវជាតិលេខ ៥ ទាំងអស់ នូវការសាកសួរសុខទុក្ខរបស់ខ្ញុំ ដោយមិត្តភាពរវាងកម្ពុជានិងជប៉ុន។ ខួបលើកទី ៣០ ឆ្នាំ PKO របស់ជប៉ុន នឹងត្រូវបានប្រារព្វ​ធ្វើនៅក្នុងឆ្នាំ ២០២២ នេះ ហើយខ្ញុំសន្យាថា នៅពេលដែលនាវាចម្បាំងរបស់ជប៉ុនមកដល់កម្ពុជា ខ្ញុំនឹងទៅសួរសុខទុក្ខកងទ័ពជប៉ុននៅលើនាវាហ្នឹង ប្រសិនបើមានការយល់ព្រមពីភាគីជប៉ុន។

អម្បាញ់​មិញ គឺបានបញ្ជាក់ហើយ ទឹកនៅកំពង់ផែរាម ២ ម៉ែត្រ កប៉ាល់ហ្នឹងចូលមិនចុះ។ អញ្ចឹងទេ មានតែវិធីដើម្បី(ទាហានជើងទឹកជប៉ុន)មកទស្សនកិច្ចនៅហ្នឹង យកនាវារបស់យើង ដឹកទាហានរបស់ជប៉ុន មកតាមនាវា មកឡើងនៅកំពង់ផែ។ រួចហើយ ដាក់ឡាន ឱ្យ​គាត់ទស្សនកិច្ច រួចហើយដឹកតាមឡានទៅឯណោះវិញ។ មានតែវិធីអញ្ចឹងទេ ព្រោះកប៉ាល់របស់ឯកឧត្តមធំពេក បើដូចកប៉ាល់ពួកខ្ញុំ កប៉ាល់តូចៗ ព្រោះ(កម្ពុជា)គ្មានត្រូវការកងទ័ពជើងទឹកឯណាខ្លាំងហួស។ កងទ័ពជើងទឹករបស់ខ្ញុំនេះ គ្រាន់តែការពារតែអ្នករត់ពន្ធមនុស្សស្អីៗ ចារកម្ម ចោរកម្ម ចោរសមុទ្រអីប៉ុណ្ណឹងទេ។

សូមឱ្យចំណងមិត្តភាពរវាងកម្ពុជាជប៉ុនស្ថិតស្ថេរចីរកាល

សុំផ្ដាំផ្ញើពីទីនេះ ជាមួយនឹងសារដែលបានចាក់យប់មិញខ្លះហើយ។ ថ្ងៃនេះ នឹងចាក់សាររបស់ខ្ញុំជូនចំពោះលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និស្សិតទាំងអស់ ឱ្យទទួលបានជោគជ័យនៅក្នុងការសិក្សា ២០២១-២០២២ នេះ។ យើងបាត់បង់ច្រើនណាស់ទៅហើយអំពីការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយសារកូវីដ-១៩ ប៉ុន្តែភាពស៊ាំសហគមន៍ បានផ្ដល់ឱ្យយើងនូវការហ៊ានបើកប្រទេសឡើងវិញ។

ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់សាលាស្រុកថ្មគោល ចំនួន ២ លានរៀល។ ក្រុមគ្រូពេទ្យប្រចាំការអង្គពិធីចំនួន ៣ លានរៀល។ ក្រុមតន្រ្តីសម័យចំនួន ៥ លានរៀល។ ជាមួយនឹងការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់នូវកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង បាត់ដំបង សិរីសោភ័ណ ប្រវែង ៨៤,៧៤ គីឡូម៉ែត្រ ក្រោមឥណទាន សម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមជូនពរឱ្យចំណងមិត្តភាពរវាងកម្ពុជាជប៉ុន ស្ថិតស្ថេរចីរកាល។ និងសូមជូនពរសម្ដេច ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែហ្នឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...