សម្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, ពិធីប្រគល់រង្វាន់លើកទឹកចិត្តម្ចាស់ជ័យលាភីមេដាយមាសកីឡាប៉េតង់ជើងឯកពិភពលោក (នៅអេស្ប៉ាញ) កីឡាការិនីជម្រើសជាតិ អ៊ុក ស្រីមុំ

CNV: 5 ខែ​មករា, 2022

កម្ពុជាទទួលបានមេដាយមាសផ្នែកប៊ូល ៥ ជំនាន់

ជាដំបូងនេះ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមអបអរសាទរជាមួយនឹងកីឡាការិនី អ៊ុក ស្រីមុំ និងលោកគ្រូ សុខ មុំ។ អម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងការទទួលបានថ្មីៗថែមទៀត នូវមេដាយមាស សម្រាប់កីឡាប៊ូល ដែលអាចចាត់ទុកថា ជាការបំបែកនូវឯតទគ្គ​កម្មសម្រាប់ពិភពលោក ដោយសារតែយើងទទួលបាននូវមេដាយមាសផ្នែកប៊ូលនេះតជំនាន់ រហូតទៅដល់ ៥ ជំនាន់ ដោយវីរកីឡាការិនី កែ ឡេង បាន ៤ ជំនាន់ ឥឡូវនេះ មកដល់កីឡាការិនី អ៊ុក ស្រីមុំ បានមួយជំនាន់ទៀត គ្រប់ ៥ ជំនាន់។ វាហាក់ដូចជារឿងចម្លែកបន្តិច សម្រាប់កីឡាប៊ូល ដែលបង្កើតឡើងដោយប្រទេសនៅអឺរ៉ុប ជាពិសេស គឺប្រទេសបារាំង។ បើតាមប្រវត្តិ គឺប្រទេសបារាំង គឺជាម្ចាស់ ហើយដែលខ្ញុំនៅចាំបានថា កាលពេលអតីតនាយករដ្ឋមន្រ្តី François Fillon មកប្រទេសកម្ពុជានោះ កាដូគាត់សម្រាប់ខ្ញុំ គឺប៊ូលតែម្តង។ ប៉ុន្តែ បើយើងពិនិត្យមើលសារបាន នៃការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ អ្នកដែលលេងនៅវគ្គផ្តាច់ព្រ័ត្រ គឺបែរជាពួកអាស៊ី ដូចជា កីឡាការិនី អ៊ុក ស្រីមុំ បានប្រកួតចុងក្រោយ គឺប្រកួតជាមួយព្រះរាជាណាចក្រថៃ។ អញ្ចឹង តើអឺរ៉ុបក្លាយទៅជាអ្នកខ្លាំងសម្រាប់កីឡាប៊ូលតទៅទៀត ឬក៏ពួកអាស៊ីក្លាយទៅជាអ្នកខ្លាំងសម្រាប់កីឡាប៊ូល? …

ប្រកួតឱ្យត្រឹមត្រូវ ត្បិតតំណាងឱ្យជាតិនិងប្រជាជនកម្ពូជាជិត ១៧ លាននាក់

ផ្តាំទៅកីឡាករ/ការិនីរបស់យើងថា សូមយកចិត្តទុកដាក់ទៅលើការប្រកួតឱ្យបានត្រឹមត្រូវ ព្រោះយើងទៅនេះមិនមែនគ្រាន់តែបញ្ហាផ្ទាល់ខ្លួននោះទេ ក៏ប៉ុន្តែតំណាងឱ្យជាតិកម្ពុជាទាំងមូល។ កីឡាដែលផ្តល់ឱ្យយើងមកនេះ គឺសម្រាប់ជាតិនិងប្រជាជន មិនមែនគ្រាន់តែកីឡាការិនី អ៊ុក ស្រីមុំ តែម្នាក់ទេ។ ថ្ងៃនេះយើងទទួលបានក្នុងឋានៈជាប្រទេស ជាប្រជាជនកម្ពុជា ហើយការកំណត់ ដើម្បីទទួលយកមេដាយមាស ដែលហែហមទៅដោយម៉ូតូអមកម្រិតថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល មិនមែនជាការអមកីឡាការិនី អ៊ុក ស្រីមុំ (ទេ)។ បើសិនជាកីឡាការិនី អ៊ុក ស្រីមុំ មិនមានមេដាយមាសជាប់នឹងខ្លួនទេ គឺមិនមានលទ្ធភាពដើម្បីឱ្យម៉ូតូអម។ ប៉ុន្តែ នេះជាការអមនូវមេដាយមាសដែលកម្ពុជាទទួលបាន។ ចំណុចអស់ទាំងនេះ បង្ហាញឱ្យឃើញថា នេះជាកិត្តិយសរួមរបស់ជាតិ។

រាល់ពេលចេញទៅការប្រកួត ជាពិសេស SEA Games ខ្ញុំតែងតែផ្តាំទៅកីឡាករ/ការិនីរបស់យើងថា ឱ្យយកចិត្តទុកដាក់ទៅលើការប្រកួតឱ្យបានត្រឹមត្រូវ។ យើងទៅនេះ មិនមែនគ្រាន់តែតំណាងគ្រាន់តែបញ្ហាផ្ទាល់ខ្លួននោះទេ ក៏ប៉ុន្តែ តំណាងឱ្យជាតិកម្ពុជាទាំងមូល ប្រជាជនជិត ១៧ លាននាក់ទៅហើយ ដែលស្ថិតនៅពីក្រោយខ្នង។ ការប្រកួតល្អឬមិនល្អ គឺវាមានផលប៉ះពាល់ចំពោះមុខមាត់របស់ប្រទេសជាតិ ឧទា​ហរណ៍៖ ការប្រកួតខុសលក្ខន្តិក ឬក៏យើងប្រើសារជាតិញៀន វាក៏ផ្តល់នូវការខូចខាតដល់មុខមាត់របស់ប្រ​ទេស​ជាតិ/ប្រជាជន ក៏ប៉ុន្តែ ប្រសិនការប្រកួតនោះទទួលបានលទ្ធផលល្អ វាក៏ជាការផ្តល់នូវមុខមាត់សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាផងដែរ។

ប៊ូលឬប៉េតង់ ជាកីឡាពូកែរបស់កម្ពុជា

ខ្ញុំពិតជាមានមោទនភាពណាស់ ហើយសុំយកឱកាសនេះ រំលឹកទៅដល់សម្តេចវិបុលបញ្ញា សុខ អាន បើទោះ​បីគាត់ទទួលមរណកាលទៅហើយក្តី ក៏ប៉ុន្តែអ្វីដែលគាត់បានបន្សល់ទុក គឺការពង្រឹងកីឡាប៊ូលនេះតែម្តង។ គាត់មិនមែនជាអ្នកវាយប៊ូលទេ ក៏ប៉ុន្តែគាត់ជាអ្នកពង្រឹងវិស័យកីឡានេះ។ សូមកោតសរសើរ និងអរគុណ ចំ​ពោះសម្តេចក្រឡាហោម ស ខេង ដែលបានខិតខំបន្តក្នុងរឿងនេះ និងថ្លែងនូវការកោតសរសើរ ចំពោះឯកឧត្តម ស សុខា ដែលពេលនេះជាប្រធានសហព័ន្ធកីឡាប៊ូលនេះតែម្តង។ កុំភ្លេចថា ក្នុងឋានៈជាអ្នកបន្តវេនទៅពេលក្រោយ គឺត្រូវចាំថា បន្តកីឡានេះ (ព្រោះ)ជាចំណុចខ្លាំងរបស់កម្ពុជា។ មិនមែនខ្លាំងគ្រាន់តែក្នុង​ SEA Games ឬក្នុងអាស៊ីទេ ក៏ប៉ុន្តែយើងដណ្តើមក្នុងក្របខណ្ឌពិភពលោកតែម្តង។ លើកនេះយើងប្រកួតនៅប្រទេសអេស្ប៉ាញ​ឯណោះ។ យើងស្ពាយមេដាយមាសពីប្រទេសអេស្ប៉ាញមកដល់កម្ពុជា។ ជាការល្អដែលស្ពាយបានមេ​ដាយ​មាស តែមិនស្ពាយកូវីដ-១៩, អូមីក្រុង (Omicron) មកជាមួយ។ ប្រសិនបើពេលនោះស្ពាយអូមីក្រុង មកជាមួយ ប្រហែលជាយើងគ្មានពិធីអបអរសាទរ អមដោយម៉ូតូច្រើនគ្រឿង បូកជាមួយនឹងការជួបជុំគ្នានេះទេ។

បច្ចុប្បន្នកម្ពុជាទទួលបានមេដាយសរុបចំនួន ៣៧០ ​គ្រឿង

សង្ឃឹមថា នឹងមានមេដាយមាសច្រើនជាងនេះ ក្នុងពេលដែលយើងប្រកួតនៅទីកន្លែងនេះ/នោះ រាប់ទាំង SEA Games ឆ្នាំ ២០២៣ ផងដែរ។ អម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកនៅក្នុងរបាយការណ៍ មកដល់ពេលនេះ យើងទទួលបានមេដាយសរុបចំនួន ៣៧០ គ្រឿង  ក្នុងនោះ មេដាយមាស ចំនួន ១០៨ (គ្រឿង) មេដាយប្រាក់ ចំនួន ១៣១ (គ្រឿង) មេដាយសំរឹទ្ធ ចំនួន ១៣១ (គ្រឿង) គិតត្រឹមឆ្នាំ ២០២១ នេះ ដែលទើបដាច់ទៅនេះ។ សង្ឃឹមថា នឹងមានមេដាយមាសច្រើនជាងនេះ ក្នុងពេលដែលយើងប្រកួតនៅទីកន្លែងនេះ/នោះ រាប់ទាំង SEA Games ឆ្នាំ ២០២៣ ផងដែរ។

ប្រសិនបើគ្មានរដ្ឋប្រហារ ១៩៧០ វិស័យកីឡាកម្ពុជាមិនដើរថយក្រោយទេ

ខ្ញុំធ្វើការប្រៀបធៀបថា យើងកំពុងដើរតាមលំអានរបស់ព្រះករុណាបិតា ក្នុងសម័យសង្គមរាស្រ្តនិយម។ ពេលនោះ ពិតមែនតែប្រទេសយើងស្ថិតក្នុងស្ថានភាពមិនជាក់លាក់ ដោយនៅក្នុងតំបន់គឺមានសង្គ្រាម កម្ពុជាជាកោះសន្តិភាពមួយ។ វិស័យកីឡាក៏ត្រូវបានពង្រឹងនៅក្នុងដំណាក់កាលនៃសម័យសង្គមរាស្រ្តនិយម។ អ្វីដែលជាភស្តុតាងបង្ហាញអំពីការពង្រឹងវិស័យកីឡា គឺពហុកីឡដ្ឋានអូឡាំពិក ដែលជានិមិត្តរូបបញ្ជាក់អំពីការខិតខំប្រឹងប្រែងនៅក្នុងដំណាក់កាលនៃសន្តិភាព ដែលខ្វះស្ថិរភាពនៅក្នុងសម័យសង្គមរាស្រ្តនិយម។ អ្វីទៅដែលហៅថាសន្តិភាពខ្វះស្ថិរភាព? ក្រោយឯករាជ្យឆ្នាំ ១៩៥៣ កម្ពុជាយើងមានសន្តិភាព ក៏ប៉ុន្តែវាខ្វះស្ថិរភាព។ នេះ(ចំណុច)ដែលខ្ញុំចង់និយាយ ហើយវាស្ថិតនៅក្នុងនិក្ខេបទបណ្ឌិតវិទ្យាសាស្ត្រនយោបាយរបស់ខ្ញុំ។ ន័យត្រង់នេះ គឺចង់បញ្ជាក់ថា យើងមានសន្តិភាពហើយប៉ុន្តែខ្វះស្ថិរភាព។

មានចំណុច ២។ ចំណុចទី (១) ប្រទេសជិតខាងរបស់យើងមានសង្គ្រាម ការប៉ះពាល់ដោយការទម្លាក់គ្រាប់​បែក​ពីសហរដ្ឋអាមេរិក ដែលកាន់កាប់និងឈ្លានពានលើប្រទេសវៀតណាម នៅវៀតណាមខាងត្បូង គឺបានបង្កើតជាបញ្ហាសម្រាប់យើង។ ចំណុចទី (២) កត្តាផ្ទៃក្នុងក៏មានខ្មែរក្រហម ខ្មែរស ខ្មែរខៀវ ដើម្បីធ្វើសកម្មភាពរំខានទៅដល់ការកសាងប្រទេស ក្នុងដំណាក់កាលសង្គមរាស្ត្រនិយម។​ ក៏ប៉ុន្តែ ការខិតខំប្រឹងប្រែងក្នុងវិស័យកីឡានេះ ក៏បានកើតមាននៅក្នុងដំណាក់កាលនោះ ដែលអ្នកជំនាន់មុនក៏បានទទួលផលប្រយោជន៍អំពីកីឡានេះផងដែរ។ កូនសិស្សសម័យនេះ គឺគ្រប់សាលាទាំងអស់ គឺអនុញ្ញាតឱ្យមានកីឡា មានការហ្វឹកហាត់កីឡា ទោះបីថាវាមិនល្អ ក៏ប៉ុន្តែយ៉ាងហោចណាស់ គឺនៅកន្លែងសាលានីមួយៗ ភាគច្រើនមានកីឡាបាល់ទះ/បាល់បោះ ហើយមានប្រភេទកីឡាផ្សេងៗទៀតផងដែរ។ ខ្ញុំគិតថា យើងកំពុងដើរទៅតាមលំអានបែបនោះ ប្រសិនបើគ្មានរដ្ឋប្រហារ ១៩៧០ ដែលធ្វើឱ្យប្រទេសមានសង្គ្រាមកើតឡើងនោះ ប្រហែលជាវិស័យកីឡារបស់យើងមិនដើរថយក្រោយនោះទេ។

កីឡាស្ថិតនៅលើសមត្ថភាពនៃការប្រកួត ហ្វឹកហាត់ និងទេពកោសល្យ

ឥឡូវ យើងចាប់ផ្តើមឡើងវិញជាមួយនឹងការខិតខំ ដើម្បីនឹងឈានឆ្ពោះទៅមុខក្នុងវិស័យកីឡា បើទោះបីថាយើងជាប្រទេសតូចមួយ។ ខ្ញុំធ្លាប់បាននិយាយហើយថា កីឡាអត់ប្រកាន់ថាប្រទេសតូចឬប្រទេសធំទេ។ សូមសង្កេតមើល ប្រទេសតូចមានប្រជាជនតិច ប៉ុន្តែគេអាចចូលទៅ World Cup បាន។ ប្រទេសធំ ប្រជាជនច្រើន មិនអាចចូលទៅ World Cup បាន។ យើងឧទាហរណ៍ ចិន និងឥណ្ឌា មានប្រជាជនប្រមាណជិត ៣ ពាន់លាននាក់ ប៉ុន្តែប្រទេសពីរនេះរើសមនុស្សអត់បាន។ ចិន ១៤០០ លាននាក់ រើសអត់បាន ១១ នាក់ សម្រាប់ជម្រើសជាតិ ធ្វើការប្រកួតដើម្បីចូលទៅកាន់ World Cup នឹងគេទេ។ ឥណ្ឌាមានប្រជាជន ១៣០០ លាននាក់ជាង រើស ១១ នាក់ អត់បានទេ។ ថ្ងៃមុន SUZUKI Cup ថៃប៉ះជាមួយឥណ្ឌូនេស៊ី។ ថៃប្រជាជនជាង ៦០ លាននាក់ ទៅប៉ះជាមួយឥណ្ឌូនេស៊ី ដែលមានប្រជាជន ៣២០ លាននាក់។ ថៃយក Cup បាត់។ អញ្ចឹងកីឡា មិនស្ថិតនៅលើប្រទេសធំ ឬប្រទេសតូចទេ ស្ថិតនៅត្រង់បញ្ហាសមត្ថភាពនៃការប្រកួត ការហ្វឹកហាត់របស់យើង ក៏ប៉ុន្តែដោយទេពកោសល្យដែរ។ ដូចជាចិន គាត់ពូកែអាតូចៗ អាល្អិតៗ គាត់ពូកែហ្មង អាប៉េងប៉ុង គឺថាពិបាកនឹងឈ្នះជាមួយនឹងចិន។ នៅមានផ្នែកដទៃទៀតគាត់ពូកែ ប៉ុន្តែ សម្រាប់យើងមិនទាន់ប្រាកដថា អ្វីទៅដែលពូកែពិតប្រាកដ។ យ៉ាងហោចណាស់ យើងបានឃើញថា កីឡាប៊ូល គឺជាកីឡាពូកែរបស់កម្ពុជា ព្រោះយើងបានទទួលមេដាយមាស ៥ ហើយ។

ស្នើបញ្ចូលកីឡាតេក្វាន់ដូ ITF និង WTF ក្នុងការប្រកួត SEA Games ឆ្នាំ ២០២៣

មានកីឡាមួយទៀត ដែលមិនទាន់បានចុះក្នុងគណៈ(កម្មការ)កីឡាអូឡាំពិក ហើយក៏មិនដឹងថា តើ SEA Games ឆ្នាំ ២០២៣ នេះ បានបញ្ជូលឬអត់។ គឺតេក្វាន់ដូរបស់ប្រទេសកូរ៉េខាងជើង? យើងដាក់បញ្ជូល។ បើដាក់(តេក្វាន់ដូ)កូរ៉េខាងត្បូងហើយ គួរតែដាក់(តេក្វាន់)កូរ៉េខាងជើងចូលទៅ(ផង) … បើចង់បង្រួបបង្រួមកូរ៉េ លើកទឹកចិត្តទៅដល់កូរ៉េ ដើម្បីធ្វើការសម្រុះសម្រួលជាតិ គួរណាស់តែគណៈកម្មការអូឡាំពិកអន្តរជាតិ ដាក់កីឡាទាំងពីរប្រភេទ(នេះចូលទៅក្នុងការប្រកួត SEA Games)។ (កីឡាតេក្វាន់ដូរបស់)កូរ៉េខាងត្បូងបាន(ដាក់)ចូលហើយ នៅសល់(កីឡាតេក្វាន់ដូរបស់)កូរ៉េខាងជើង។ ហ្នឹង គឺជាសំណូមពររបស់ខ្ញុំ។ បើយើងចង់ជម្រុញឱ្យ​មានការស្រុះស្រួលជាតិ រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង យើងគួរតែលើកទឹកចិត្តឱ្យកីឡាទាំងពីរនេះទៅជាមួយគ្នា។ កាលមុន នៅក្នុងការប្រកួតអូឡាំពិក កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានរួមគ្នាបង្កើតជាក្រុមចម្រុះចូលទៅប្រកួតទៅហើយ។ អញ្ចឹងទេ បើមកដល់កម្ពុជាៗ នឹងយកទាំង ITF ហ្នឹងរបស់ខាងជើង WTF អាហ្នឹងរបស់ខាងត្បូង។

យើងដាក់ទាំង ២ (ទាំង) ITF Taekwondo របស់កូរ៉េខាងជើង (និង) WTF របស់កូរ៉េខាងត្បូង។ យើងដាក់ប្រកួតទាំងពីរ។ (នេះ)ជាផ្នែកមួយនៃការខិតខំដើម្បីឱ្យកូរ៉េទាំងពីរឈានឆ្ពោះទៅរកការបង្រួបបង្រួមជាតិ។  សម្រាប់ផ្នែកអ្នកនយោបាយ ប្រធានាធិបតី Moon Jae-in នៅកូរ៉េខាងត្បូង ថា មុនដាច់អាណត្តិ (គាត់នឹង)ខិតខំដើម្បីឱ្យមានកិច្ចព្រមព្រៀងសម្របសម្រួលរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង។ ដូច្នេះ បើសិនជាដំណើរការឈានទៅរកការសម្រុះសម្រួលនេះ វាគួរតែយើងដែលជាអ្នកក្រៅ ដែលចង់ឃើញឧបទ្វីបកូរ៉េមានសុខសន្តិភាព គាំទ្រឱ្យកីឡាទាំងពីរនេះបានចូល(ក្នុងការប្រកួត SEA Games ឆ្នាំ ២០២៣)។ មួយបានចូលមួយអត់ចូល វាមានចរិតរើសអើងរបស់វា។ យើងសង្កេតឃើញ ITF Taekwondo ដែលដឹកនាំដោយ កែវ រ៉េមី គឺជាកីឡាខ្លាំង ដែលអាចយើងទទួលបានមេដាយមាសគ្រាន់បើនៅក្នុងផ្នែកនេះ។

រដ្ឋាភិបាលឧបត្ថម្ភការទទួលទានប្រចាំថ្ងៃ បន្ថែមដោយបៀវត្សរ៍ប្រចាំខែ ៣ កម្រិត

ថ្ងៃនេះកីឡាករ កីឡាការិនី មកពីគ្រប់សហព័ន្ធ។ ខ្ញុំក៏សូមកើតសរសើរជាមួយនឹងការខិតខំទាំងអស់ បើទោះ​បីជាសម័យកូវីដ-១៩ ក៏ដោយ ក៏យើងនៅតែបន្តការខិតខំ ដើម្បីឱ្យកីឡាករ/ការិនីរបស់យើងទទួលបាននូវការហ្វឹកហាត់។ (រាជរដ្ឋាភិបាលបាន)ផ្តល់នូវប្រាក់សម្រាប់ទទួលទានប្រចាំថ្ងៃ … សម្រាប់ការហ្វឹកហាត់ ក្នុងមួយថ្ងៃ ៤៤ ០០០ រៀល វាស្មើ ១០ ដុល្លារជាង បូកបន្ថែមដោយប្រាក់បៀវត្សរ៍ប្រចាំខែ ដែលមាន ៣ កម្រិត។ កម្រិតអ្នកដែលធ្លាប់ទទួលមេដាយ Asian Games គ្រូបង្ហាត់ និងកីឡាការិនី ហ្នឹងមាន ៣ កម្រិត ហ្នឹងទទួលបានមួយផ្នែកទៅ។ មួយទៀតកម្រិត SEA Games។ មួយទៀតអ្នកដែលអត់បានទទួល(មេដាយ) ក៏ប៉ុន្តែនៅតែបានទទួលថវិកានិងការហ្វឹកហាត់ជាមួយគ្នា។ បើគ្មានការហ្វឹកហាត់ទេ មិនដឹងថាយើងចូលប្រកួតដើម្បីអីទេ? ទៅដល់គេដាក់តែមួយដៃសន្លប់បាត់។ អញ្ចឹងត្រូវមានការហ្វឹកហាត់ទៅជាមួយគ្នាតែម្តង។

ពន្លឿនការសាងសង់មន្ទីរពេទ្យកូវីដ-១៩ ដើម្បីប្រគល់ពហុកីឡដ្ឋានអូឡាំពិកឱ្យខាងកីឡា

ខ្ញុំដឹងថា ខ្ញុំកំពុងតែជំពាក់កីឡាករ/ការិនីរបស់យើង។ ដោយសារកូវីដ-១៩ វាបានវាយលុកខ្លាំងពេក យើងអត់មានទីកន្លែង ក៏យកពហុកីឡដ្ឋានជាតិអូឡាំពិកជាមណ្ឌលព្យាបាល … ឥឡូវនេះ ដោយសារកូវីដ-១៩ នៅក្នុងប្រទេសយើងមានការធូរស្បើយ យើងក៏បានប្រគល់ទៅឱ្យវិស័យឯកជនវិញនូវកន្លែងដែលយើងខ្ចី។ ប៉ុន្តែ យើងនៅមិនទាន់បានប្រគល់ស្តាដអូឡាំពិករបស់យើងនេះ ទៅឱ្យផ្នែកកីឡាវិញ។ ឯកឧត្តម ឃួង ស្រេង ខំជាមួយនឹងក្រសួងសុខាភិបាល ដើម្បីពន្លឿនការធ្វើមន្ទីរពេទ្យនោះ ដើម្បីរំដោះយកអ្នកជំងឺចេញ។ ដូច្នេះ ឆ្នាំក្រោយយើងអាចទាន់។ ឥឡូវ សូមទៅហ្វឹកហាត់នៅកន្លែងថ្មីរបស់យើង នៅកន្លែងនេះ/នោះ។ យើងត្រូវការពេលវេលាបន្តិច។

មិនទុកអោយមានអ្នកជំងឺកូវីដ១៩ គ្មានកន្លែងព្យាបាលទេ

ពិតហើយអ្នកជំងឺនៅសល់តិចទេ ហើយបើអ្នកជំងឺនៅក្នុង ICU វិញ គឺសល់ដូចតែ ១២៦ នាក់ គិតត្រឹមម្សិលមិញនេះ។ លោកជំទាវ យក់ សម្បត្តិ ផ្នែកក្រសួងសុខាភិបាល រាយការណ៍ឱ្យខ្ញុំជាបន្តបន្ទាប់។ យើងនៅសល់អ្នកជំងឺក្នុង ICU ចំនួន ១២៦ នាក់ នៅទូទាំងប្រទេស។ ចំនួននេះវាមិនច្រើនទេ។ ឯចំនួនសរុបនៅសល់ ៥០០ នាក់ជាងបន្តិច។ តែយើងក៏ត្រូវបម្រុងទុក។ មិនអាចលេងសន្លឹកបៀឱ្យអស់ពីដៃនោះទេ។ ត្រូវតែបម្រុងទុកនូវហេតុការណ៍អាក្រក់ដែលកើតឡើង។ ឥឡូវ យើងបានសងមជ្ឈមណ្ឌល(ឯកជន)នានា ទាំងខាងរបស់ ជីប ម៉ុង ក៏បានសង។ របស់ លី យ៉ុងផាត់ ក៏សង។ ខាងកោះពេជ្ររបស់ ពុង ឃាវសែ ក៏សង។ ខាង ហុង ពីវ ក៏សង​។ យើងត្រូវបម្រុងទុកនូវមជ្ឈមណ្ឌលពហុកីឡដ្ឋានជាតិអូឡាំពិក ព្រោះយើងដាក់ ICU នៅហ្នឹងច្រើន។ យើង​ត្រូវការកន្លែងមួយទៀត ដើម្បីធ្វើជាកន្លែងមជ្ឈមណ្ឌលព្យាបាលសម្រាប់ខ្នាតដែលដាក់បានមនុស្សច្រើន។ ពិតហើយ យើងមានមន្ទីរពេទ្យ ហ្លួងម៉ែ ដែលនៅសល់ប៉ុន្មានសិបនាក់ ក៏ប៉ុន្តែ យើងមិនអាចធ្វេសប្រហែសបានទេ ករណីដែលវារីករាលដាលព្រឹប យើងមិនអនុញ្ញាតឱ្យមានអ្នកដែលដេកនៅតាមផ្លូវ ហើយខ្វះកន្លែងព្យាបាលនោះទេ។ យើងបានដើរមុនមួយជំហានជាប់ជានិច្ច នៅក្នុងដំណាក់កាលកូវីដ-១៩ ដែលមកទល់ពេលនេះជិត ២ ឆ្នាំហើយ ដែលយើងបានប្រយុទ្ធជាមួយវា។

កម្ពុជារក្សាកាលបរិច្ឆេទនៃការប្រកួត SEA Games ឆ្នាំ ២០២៣

ខ្ញុំសូមអំពាវនាវឱ្យបន្តការខិតខំហ្វឹកហាត់ និងឈានឆ្ពោះទៅរកការប្រកួត SEA Games ឆ្នាំ ២០២៣ តាមការកំណត់។ ខ្ញុំមិនប្រាកដទេថា តើវៀតណាម អាចបើក SEA Games តាមការកំណត់របស់គាត់ (ថ្ងៃទី ២៣ ខែ ឧសភា)។ ខ្ញុំមិនដឹងថា តើវៀតណាមគាត់មានលទ្ធភាពបើកការប្រកួត​ឬអត់? ឥឡូវ គាត់ចាប់បើកប្រទេសហើយ ប៉ុន្តែអត្រាឆ្លងនៅក្នុងប្រទេសរបស់គាត់ ម្សិលមិញនេះ ជិត ១ ម៉ឺន ៥ ពាន់នាក់។ ថ្ងៃមុននោះជាង ១ ម៉ឺន ៤ ពាន់នាក់។ ពីម្សិលជិត ១ ម៉ឺន ៥ ពាន់នាក់។ ម្សិលម្ង៉ៃជិត ១ ម៉ឺន ៦ ពាន់នាក់។ មុននោះ គឺ ១ ម៉ឺន ៦ ពាន់នាក់។ ឯស្លាប់ជាង ២០០ នាក់។ ម្សិលមិញ ការស្លាប់ធ្លាក់ចុះដូចមកត្រឹម ១៩០ នាក់ ។ ខ្ញុំមិនប្រាកដទេថា តើវៀតណាមគាត់ចាត់តាំងប្រកួតបានឬអត់ ក្នុងពេលដែលមានការឆ្លងនៅមានអត្រាខ្ពស់ ក៏ប៉ុន្តែវៀតណាមក៏បានបើកសេដ្ឋកិច្ចឡើងវិញ ដែលអាចថាការប្រកួតអាចប្រព្រឹត្តទៅបាន។

សម្រាប់កម្ពុជាយើងៗ អត់សុំពន្យារទេ ព្រោះយើងជាប់កិច្ចការច្រើន។ យើងប្រកួតនៅក្នុងខែឧសភា ឆ្នាំ ២០២៣ ដល់ខែកក្កដា (ឆ្នាំ ២០២៣) យើង​ចាត់តាំងធ្វើការបោះឆ្នោតថ្នាក់ជាតិ។ ដូច្នេះ យើងអត់ពន្យារបានទេ។ យើងសូមរក្សាកាលបរិច្ឆេទនៃការប្រកួតសម្រាប់ SEA Games នៅថ្ងៃដដែល ដែលយើងរាប់ថយក្រោយ។ ឥឡូវ មកដល់ថ្ងៃនេះនៅសល់​ ៤៨០ ថ្ងៃទៀត។ អញ្ចឹងជាង ១ ឆ្នាំ នៃការធ្វើជាម្ចាស់ផ្ទះរបស់យើង ដែលត្រូវរៀបចំគ្រប់លក្ខណៈសម្បតិ្តទាំងអស់ ដើម្បីឆ្លើយតបទៅនឹងការប្រកួតមួយនេះ … ទន្ទឹមនឹងការហ្វឹកហាត់កីឡា រឿងធំជាងគេក្នុងស្រុក គឺរឿងធ្វើយ៉ាងម៉េចកុំឱ្យកូវីដ-១៩ រីករាលដាលនៅក្នុងប្រទេសរបស់យើង។

ពិនិត្យលទ្ធភាពចាក់ដូសទី ៤ ដល់កីឡាការ/ការិនី ក្រុមជួរមុខនិងពាក់ព័ន្ធ

ខ្ញុំសូមយកឱកាសនេះនិយាយបន្តិច … ក្នុងវិស័យកីឡានេះ សូមសម្តេចពិជ័យសេនា (ទៀ បាញ់) ពិនិត្យមើល តើគួរដើរដល់ចាក់ឱ្យបងប្អូន(កីឡាករ/ការិនី) ដូសទី ៤ ហើយឬនៅ? ដូសទី ៤ គឺ Pfizer មានហើយស្រេច។ អញ្ចឹងអាចធ្វើសំណើចាក់ឱ្យកីឡាករ/ការិនី​របស់យើង។ ផ្នែកអាទិភាពរបស់យើង គឺខ្ញុំបាននិយាយហើយ គឺផ្នែកជួរមុខ និងផ្នែកដែលជាប់ពាក់ព័ន្ធ​។ ផ្នែក​ជាប់ពាក់ព័ន្ធមានកីឡាករ/ការិនី ផ្នែកសារព័ត៌មានក៏ស្ថិតក្នុងលំ​ដាប់អាទិភាពដែរ។ (ដូច)អ្នកមក​យក​​ព័ត៌មាននៅថ្ងៃនេះ ក៏ស្ថិតក្នុងលំដាប់អាទិភាព ដែលចូលពាក់ព័ន្ធច្រើន។ អញ្ចឹងទេ ភាពស៊ាំរបស់វ៉ាក់​សាំងនេះ​សំខាន់ណាស់។

មិនមានការឆ្លងក្នុងសហគមន៍ មានតែករណីឆ្លងនាំចូល

ជាការគួរឱ្យសោកស្ដាយ បើមិនមានការនំាចូលទេ កម្ពុជា ៣ (ឬ) ៤ ថ្ងៃជាប់ គ្នាសឹង​តែមិនមានការឆ្លងក្នុងប្រទេសទេ។ ប៉ុន្ដែ ប៉ាច់ឡើងមកពីក្រៅប្រទេសៗ។ ខ្ញុំគ្រាន់ជម្រាបជូន ថ្ងៃហ្នឹងសុទ្ធតែ​អូមីក្រុង (Omicron) ទាំងអស់។ ម្សិលមិញម៉ោង ៣ ល្ងាចហើយ របាយការណ៍ឱ្យមកខ្ញុំ អត់ទាន់មានអ្នកណាមួយ​ឆ្លងទាល់តែសោះ។ ដល់ម៉ោង ៦ ល្ងាច ស្រាប់តែចេញមក ៩ ករណី ដែលនាំចូលតាមយន្ដហោះ ជា(ប្រភេទ)មេរោគបំប្លែងថ្មីអូមីក្រុង (Omicron) ដែលរកឃើញដោយវិទ្យាស្ថានប៉ាស្ទ័រ។ មានតែប៉ាស្ទ័រទេ ទើបអាចវិភាគ​មេរោគប្រភេទណា។ ក្នុងចំណោម ៩ នាក់ មានជនជាតិអាមេរិក ២ នាក់ ខ្មែរមកពីអាមេរិក ២ នាក់ ហ្វីលីពីន ១ នាក់ បារាំង ១ នាក់ ឥណ្ឌា ១ នាក់ ម៉ាឡេស៊ី ១ នាក់។ ក្នុងសហគមន៍យើងអត់មានទេ។ អញ្ចឹង ប៉ុន្មាន​ថ្ងៃជាប់គ្នានេះ ខ្ញុំ តែងតែតាមមើល។ បន្ទាប់ពីការអនុញ្ញាតឱ្យដើរលេងពេលភ្ជុំ បន្ទាប់ទៅអុំទូក ហើយបន្ទាប់ទៅប៉ុន្មានថ្ងៃនេះឆ្លង​ឆ្នាំនេះ។ គ្រាន់តែយប់ថ្ងៃឆ្លងឆ្នាំ គឺ ១ លាន ១ សែននាក់ (ចេញដើរ) បូកថែម​ថ្ងៃសៅរ៍/អាទិត្យ ជាង ២ លាននាក់ ដើរលេង។ អត់មានឆ្លង។ ប្រសិទ្ធិភាពវ៉ាក់សាំងវាបានបញ្ចេញ។

អញ្ចឹង បានខ្ញុំឱ្យបន្ដយកចិត្តទុកដាក់ទៅលើការចាក់វ៉ាក់សាំងដូសទី ៣ ដែលជាដូសជម្រុញតាមការកំណត់។ក្រុងភ្នំពេញដល់ពេលវេលាដែលត្រូវចាក់ដល់យុវវ័យនិងកុមារ។ ឯការចាក់ដូសទី ៤ គឺសម្រាប់​អ្នក​ធ្វើការជួរមុខ ដែលប្រឈមនឹងហានិភ័យ។ យើងមាន Pfizer (ចំនួន) ២ ៣00 000 ដូសជាង។ ខ្ញុំគិតថា ​ប្រើត្រឹម ៧០ ម៉ឺនដូស វាគ្រប់គ្រាន់ណាស់ទៅហើយ ទាំងកងទ័ព  នគរបាល អាវុធហត្ថ មន្ដ្រីរាជការ​ អ្នកធ្វើការជួរមុខ ទាំងកីឡាករ/ការិនី អ្នកយកព័ត៌មាន ពិធីករ/ការិនី អ្នកសិល្បៈអីជាដើម សុទ្ធតែ​ចូល​ក្នុងក្របខណ្ឌជួរមុខ។ ឧទាហរណ៍៖ ខែនេះសំបូរការ ដល់គេហៅយើងទៅច្រៀងទៅរាំនៅនឹង​ទៅ ប៉ុន្ដែជាភ្នាក់ងារចម្លង នាំទៅកន្លែងនឹង(បើចាក់វ៉ាក់សាំងមិនគ្រប់ដូស) នឹងជាបញ្ហាបង្កើតរឿងមួយទៀត។ អញ្ចឹងបានជាខ្ញុំស្នើឱ្យមានការយកចិត្តទុកដាក់បន្ដ។

អ្នកវិជ្ជមាន Omicron ត្រូវទៅព្យាបាលនៅមន្ទីពេទ្យ

បញ្ហា Omicron នេះទៀតសោត ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវបងប្អូនដែលបានកើត Omicron។ ខ្ញុំមិនកំណត់ថា តើអ្នកនោះ​ជាអ្នកណាទេ។ ខ្ញុំសូមដាក់បទបញ្ជាដាច់ណាត់ មិនអនុញ្ញាតឱ្យព្យាបាលនៅផ្ទះទេ។ សូមយកទៅព្យាបាលនៅ​មន្ទីរពេទ្យ។ Omicron វាអត់គ្រោះថ្នាក់ធំទេ បើនិយាយពីអត្រាស្លាប់​ វាមិនគ្រោះថ្នាក់អីប៉ុន្មានទេ។ យប់មិញ ឯកឧត្តម ដាយ៉ាត វាយមកខ្ញុំ តួលេខនៅអាមេរិកឡើង ១ លាន(នាក់) ប៉ុន្ដែ មើលក្នុងវ៉ែបសាយត៍នេះ វាអត់ឃើញដល់ ១ លាន(នាក់)ទេ។ អាមេរិកមកដល់ម៉ោងនេះ ​គឺឆ្លង ៥៦៦ ៥៧៥ នាក់។ ឆ្លងមួយថ្ងៃត្រឹម ៥០ ម៉ឺននាក់ ១០ ថ្ងៃ ៥ លាននាក់ ហើយស្លាប់ ១ ៨៤៤ នាក់។ ម្សិលមិញ អាន្ទន ដាយ៉ាត វាយព័ត៌មានជូនមកខ្ញុំថា អាមេរិកបានប្រកាសជើងលេខ ១ លាន នាក់/ថ្ងៃ។ ខ្ញុំមើលក្នុងវ៉ែបសាយត៍ ព្រោះយើងមិនអាចយកអ្វីលើសពីហ្នឹង។ ក្នុងនោះ បារាំង ២៧ ម៉ឺននាក់ និយាយលេខគត់។ អង់គ្លេស ២១ ម៉ឺននាក់​។ អេស្ប៉ាញ ១១ ម៉ឺននាក់។ អាល្លឺម៉ង់ ៤ ម៉ឺន ៣ ពាន់នាក់ ប៉ុន្ដែស្លាប់​ច្រើន​ជាងគេ ឡើងទៅដល់ ៣៩៧ នាក់។ រុស្ស៊ីស្លាប់ដល់ទៅ ៨០០ នាក់ជាង។ ប៉ុន្ដែ Omicron ​តាម​យើងសួរបញ្ជាក់អ្នកកើត អានេះជាជំងឺឆ្ងាញ់បាយទៅវិញ។ ធម្មតា(អ្នកឆ្លងកូវីដ១៩) គឺបាត់ក្លិនបាត់​អី ប៉ុន្ដែ Omicron វាមិនបង្កើតជាបញ្ហាធំទេ ប៉ុន្ដែរឿងសំខាន់ជារឿងឆ្លង។ រឿងដែលខ្ញុំសុំការយោគយល់ ហើយដាក់ចេញនូវបទបញ្ជានេះ បញ្ហានៅត្រង់ថា បើយើងព្យា​បាល​នៅក្នុងផ្ទះ ទប់​អត់ជាប់ជាមួយបញ្ហាកូនចៅនៅផ្ទះជាមួយ រួចហើយវារាលដាលនៅក្នុងផ្ទះ ហើយរាលដាលក្នុងសហគមន៍។ ចេញតែមួយ គឺបានការហើយ។ បានសេចក្ដីថា ចូលកម្រិតដើរថយក្រោយ។ អញ្ចឹង ខ្ញុំសូមកុំទុកឱ្យ​នរណាម្នាក់ដែលកើត Omicron ហើយមិនព្រមទៅមន្ទីរពេទ្យ … ព្យាបាលជា ចេញពីមន្ទីរពេទ្យចាំត្រឡប់មកផ្ទះវិញ។

អនុញ្ញាតឱ្យអ្នកកើត Delta និង Alpha ដែលមានអាការស្រាលអាចព្យាបាលនៅផ្ទះបាន

យើងអនុញ្ញាតឱ្យ(អ្នកវិជ្ជមានដោយវីរុសប្រភេទ) Delta និង Alpha ដែល(មានអាការ)ស្រាលៗ(អាចព្យាបាលនៅ)ផ្ទះ ព្រោះល្បឿននៃការឆ្លងរបស់វាយឺត។ អ្វីដែលខ្ញុំចង់ធ្វើនេះ វិធីសាស្ត្រដូចកាលពីពេលមុន គឺរង់ចាំឱ​កាសនៃការបញ្ចូលវ៉ាក់សាំងអាដូសទី ៣ ឬទី ៤ ឱ្យវាស៊ាំ​គ្របដណ្ដប់សិន។ ហាក់ដូចជាវិធីទាញពេលកុំឱ្យវាចូលក្នុងសហគមន៍។ ឥឡូវ Omicron ទោះបីជាថាមកដល់ពេលនេះបានឡើងដល់​ ៩៤ ករណី ​ប៉ុន្តែ ក្នុង ៩៤ ករណី ក៏បានព្យាបាលជាមួយចំនួនរួចទៅហើយ។ មួយចំនួនទៀតគឺមិនអនុញ្ញាតឱ្យនៅផ្ទះទេ។ ខ្ញុំដាក់ចេញបទបញ្ជានេះ ​​ព្រោះ​បើមិនដូច្នេះទេ គឺរីករាលដាល។ ដើម្បីតែសេចក្ដីសុខបុគ្គលម្នាក់ ស្រាប់តែផលប៉ះពាល់ចេញទៅកូន ប្រពន្ធ ទៅឆ្លងពេញតែភូមិ រួចហើយស្រាប់តែភាពមិនជាក់លាក់ ចេញធ្វើដំណើរទៅកន្លែងនេះ/នោះ វារាលដាលពេញតែទីក្រុងភ្នំពេញ …។

ត្រូវប្រុងប្រយ័ត្នតាមព្រលានយន្តហោះភ្នំពេញ, សៀមរាប, ព្រះសីហនុ។ ក្រៅពីនោះ គឺពលករឆ្លងដែនមកពីថៃ ដែលត្រូវប្រុងប្រយ័ត្ន។ នៅវៀតណាម Omicron​ មានប្រហែលជាខ្ទង់ជាង ១០ ករណី តែប៉ុណ្ណឹងទេ មិនទាន់ដល់ ២០ ករណីទេ ប៉ុន្តែ នៅថៃដូចជាជាង ២ ពាន់ករណី។ ដូច្នេះ យើងត្រូវប្រុងប្រយ័ត្នអំពីករណីនេះ។ ព្រឹកមិញ សម្រាប់យើង កីឡាកររបស់យើង គឺចូលមក គឺមានធ្វើ Rapid Test នៅខាងក្រៅ។ មានម្នាក់អត់បានចូលមក។ គាត់ Voice សម្លេងមក ខ្ញុំមិនអាចបើកស្ដាប់បាន គឺមិនដឹងថាឈ្មោះអី ប៉ុន្តែយើងត្រូវតែមានការប្រុងប្រយ័ត្នទាំងអស់គ្នា។ នេះជាចំណុចដែលខ្ញុំគ្រាន់តែលើក សម្រាប់ការយល់ដឹងទាំងអស់គ្នា ដើម្បីថែទាំសុខភាពទាំងអស់គ្នា។ អ្នកមកពីក្រៅប្រទេស បើដឹងថាឆ្លងហើយ ត្រូវចូលពេទ្យ។

ពីមុនយើងដាក់នៅ ហង់សិន ឥឡូវនេះ ឱ្យរៀបចំដាក់នៅមន្ទីរពេទ្យ ហ្លួងម៉ែ ដើម្បីនឹងដាក់អ្នកដែលកើត Omicron នេះ។ ​ទោះបីថាមានផ្ទះធំប៉ុនណាក៏ដោយ សូម្បីតែខ្លួនខ្ញុំ ​បើសិនខ្ញុំទៅ​ មីយ៉ាន់ម៉ា ត្រឡប់មកវិញមានបញ្ហានេះ ខ្ញុំក៏ទៅពេទ្យដែរ ដើម្បីខ្ញុំធ្វើគម្រូគេនៅក្នុងបញ្ហាហ្នឹង។ ​មិនថាអ្នកមាន/ក្រ អ្នកធំ/តូច ត្រូវតែទទួលការព្យាបាលនៅកន្លែងនោះ។ បើមិនដូច្នេះ បើហ៊ានតែចូលក្នុងសហគមន៍ត្រូវបិទបន្តទៀត។ ដើម្បីកាត់ផ្ដាច់ គឺមានវិធីតែមួយគត់ គឺឱ្យនៅក្នុងពេទ្យតែម្ដង។ ឥឡូវ តើសុខចិត្តទេ ប្រជាពលរដ្ឋច្បាស់ជាមិនសុខចិត្តទេ ដោយសារតែយើងម្នាក់ ឬពីរនាក់ ហើយយើងចង់បាន​ការព្យាបាលនៅផ្ទះ។ បើឃើញមួយព្យាបាលនៅផ្ទះបាន ពីរនៅផ្ទះបាន បីនៅផ្ទះបាន រាយគ្រប់ទាំងអស់ចូលក្នុងសហគមន៍ ពិតមែនតែអត់ធ្ងន់ ក៏ប៉ុន្តែវាឆ្លងច្រើន។

សព្វថ្ងៃនេះ នៅទីក្រុងភ្នំពេញយើងធ្វើ  PCR ផង Rapid Test ផង។ ថ្ងៃខ្លះមនុស្សទៅយកតិច ដោយសារមនុស្សអត់មានអាការអី។ ប៉ុន្តែ ថ្ងៃខ្លះ ៨០០ (នាក់) នៃការធ្វើតេស្ត បែរជា(ឆ្លង)សូន្យករណី … អញ្ចឹង សុំការយោគយល់ពីអ្នកដែលបានកើតកូវីដ-១៩ បំប្លែង Omicron គឺសុំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ គ្រប់ទីកន្លែងទាំងអស់ ទាំងខេត្តព្រះសីហនុ, សៀមរាប។ នៅសៀមរាបដូចមាន(ជនជាតិ)អង់គ្លេសម្នាក់ ត្រូវដាក់ឱ្យមានការព្យាបាលនៅក្នុងមន្ទីរពេទ្យ មិនអាចឱ្យឆ្វេចឆ្វាចបានទេ។

ម្សិលមិញ ខ្ញុំ​ត្រូវការធ្វើទូរស័ព្ទ … ខ្ញុំរកអ្នកដែលកាន់ (Page) ព្រោះខ្ញុំមិនចេះធ្វើអាហ្នឹងទេ ចេះតែប្រើ … ខ្ញុំប្រើទូរស័ព្ទច្រើន។ មូលហេតុអីបានជានៅ​ក្នុងទូរស័ព្ទដែលខ្ញុំប្រើនេះទៅជា Messenger ផ្សេង ឈ្មោះស្អីឯណាណោះ។ ​ដល់សួរទៅអ្នកធ្វើទូរស័ព្ទ(នៅឯណា)? ថាអ្នកកំពុងផឹកកាហ្វេ​ … ដល់តែធ្វើតេស្តរួចហើយ​បានខ្ញុំឱ្យចូលផ្ទះខ្ញុំ បើមិនអញ្ចឹងមិនដឹងថាទៅផឹកកាហ្វេហ្នឹងទៅដោយស្អីមក។ យកមកនាំចូលផ្ទះខ្ញុំមិនងាប់​។ កូនៗរបស់ខ្ញុំមុនចូលផ្ទះរបស់ខ្ញុំក៏វាធ្វើតេស្តដែរ ដើម្បីការពារឪពុករបស់វា។ លើកលែងតែចៅតូចៗទេ ចៅធំៗវាធ្វើ​​ ដើម្បីវាធានា សម្រាប់ការពារឪពុកម្ដាយ ជីដូនជីតាវា។ អញ្ចឹង យើងទាល់តែមានការប្រុងប្រយ័ត្នទាំងអស់គ្នា។ នេះខ្ញុំចង់និយាយ សម្រាប់ការបន្តប្រយុទ្ធប្រឆាំងកូវីដ-១៩ របស់យើង ក្នុងនោះ មានមេរោគបំប្លែងថ្មី។​

ខ្ញុំសុំដាក់បទបញ្ជាដាច់​ណាត់ ហើយមិនចាំបាច់សុំយោបល់ខ្ញុំទេ ព្រោះប៉ុន្មានករណីហើយដែលបានស្នើសុំយោបល់មកខ្ញុំ ថាឥឡូវសាម៉ីខ្លួនប្រកែកអត់ព្រម។ ខ្ញុំថាអត់បាន។ ឥឡូវ ខ្ញុំចេញជាបទបញ្ជាជាសាធារណៈឱ្យឮទាំងអស់គ្នានៅទូទាំងប្រទេស ហើយកុំចាំបាច់សួរយោបល់ខ្ញុំ។ បើត្រូវយកត្រាក់ទ័រទៅអូសក៏យកដែរ យកទៅដាក់ពេទ្យ។ កុំឱ្យពិបាក។ បន្តិចៗនាំគ្នាលើកទូរស័ព្ទសុំយោបល់ថា កូនអ្នកនេះ/នោះ ប្រពន្ធអ្នកនេះ​សុំព្យាបាលនៅផ្ទះ។ អត់ទេ។ ឥឡូវ សុំដាក់ចេញបទបញ្ជាអញ្ចឹងតែម្ដង ឱ្យតែ Omicron ហើយ គឺត្រូវចូលពេទ្យព្យាបាល ជាហើយចាំមកផ្ទះ។ អត់មានថាអ្នកនោះឋានៈអី មានឬក្រ អត់ទេ មកពីប្រទេសណាអត់ទេ។ ករណីមួយ ដែលយើងបានលើកលែង គឺកូនរបស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិក។ ចរចាគ្នា​រហូតដល់ម៉ោង ៣ ភ្លឺឯណោះ។ ទីចុងបំ​ផុតអគ្គរដ្ឋទូតធ្វើលិខិតធានា។ ហ្នឹងក៏ស្ថិតនៅក្នុងអភ័យឯកសិទ្ធិផ្នែកការទូត ក៏ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋរបស់យើងទាំងអស់ គឺត្រូវតែចូលពេទ្យ។ អ្នកធ្វើ Business មកពីបរទេស ក៏ត្រូវតែចូលពេទ្យ។

ថ្ងៃទី ១០ មករា ២០២៣ ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២១-២២ រួមទាំងមត្តេយ្យសិក្សា

មួយទៀតខ្ញុំក៏សូមជូនព័ត៌មានដែរ។ ខ្ញុំបានអានសារ សម្រាប់ការបើកបវេសនកាលនៅថ្ងៃទី ១០ មករា នេះនិងបើកបវេសនកាលឆ្នាំ ២០២១ និង ២០២២។ ក្នុងពេលជាមួយគ្នា ខ្ញុំបានអនុញ្ញាតតាមសំណើរបស់ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បើកមត្តេយ្យឡើងវិញ សំរាប់កុមារអាយុពី ៣-៥ ឆ្នាំ។ វាសមល្មមដើម្បីយើងបើកហើយ ដោយសារវ៉ាក់សាំងបានស្រោច។ ស្ថានភាពមុន ខ្ញុំឱ្យប្រុងប្រយ័ត្ន … ឥឡូវ យើងបានសង្កេតឃើញថា ការឆ្លងក្នុងសហគមន៍វាថយ ដោយសារការចាក់វ៉ាក់សាំង … រាប់ទាំងក្មេងអាយុ ៥ ឆ្នាំ ដែលនៅក្នុងមត្តេយ្យដែរ។ អញ្ចឹង អាយុ ៣ ឆ្នាំ, ៤ ឆ្នាំ វាទើបចាក់វ៉ាក់សាំងការពារ​ជំងឺស្អីៗ(ហើយ)។ ដូច្នេះ កម្រិតនៃការឆ្លងនេះ គឺមានតិចតួច … (ការបើកសាលាមត្តេយ្យនេះអាច)សម្រាលបន្ទុកមាតាបិតា ដែលលំបាកក្នុងការគ្រប់គ្រងកូនចៅ ក្នុងពេលវេលាដែលគាត់ត្រូវទៅធ្វើការ យកកូនចៅទៅដាក់នៅមត្តេយ្យ ដើម្បីឱ្យពួកគាត់បានរៀនផង ហើយបានទទួលនូវការថែទាំនៅកន្លែងនោះ។

ជាការជូនដំណឹងមួយ សម្រាប់ប្រជាពលរដ្ឋទូទៅរបស់យើង អំពីការបើកសាលារៀន ចៅៗទាំងឡាយ ដែលត្រៀមចូលសាលាថ្ងៃទី ១០ មករានេះ។ សល់តែ ៥ ថ្ងៃទៀតទេ គឺ​ចាប់ផ្ដើមចូលសាលា ក្នុងនោះ រាប់ទាំង​ចៅៗតូចៗដែលត្រូវចូលមត្តេយ្យផងដែរ។ មកដល់ពេលនេះ ប្រហែលជាយើងធ្វើសកម្មភាពរហ័ស គឺក្រុមគ្រួសារនៅទូទាំងប្រទេសនេះ មិនទាន់ដឹងថា យើងបើកបវេសនកាលនៅថ្ងៃទី ១០ នេះទេ។ គ្រូបង្រៀនអីអាចដឹងហើយ ក៏ប៉ុន្តែឪពុកម្ដាយមិនទាន់បានត្រៀមខ្លួនទេ។ អញ្ចឹងទេ ខ្ញុំសុំនិយាយថ្ងៃនេះតែម្ដង ថាថ្ងៃទី ១០ មករា (គឺ)ប្រាំថ្ងៃខាងមុខនេះ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២១-២២ ជាមួយនឹងការបើកមត្តេយ្យសិក្សា ដែល(កុមារ)មានអាយុ ៣-៥ ឆ្នាំ ដែលល្មមដល់ពេលបើក។

អញ្ចឹងទេ បានជាខ្ញុំស្នើថាឱ្យប្រយ័ត្នមែនទែន Omicron ជួនកាលយើងនៅក្នុងផ្ទះ យើងចម្លងទៅកូន ដល់កូនទៅមត្តេយ្យ អញ្ចឹង វានាំជាភ្នាក់ងារទៅមត្តេយ្យ។ អញ្ចឹងទេ បានឪពុក ឬម្ដាយ ត្រូវទៅពេទ្យ ​ដើម្បីកុំឱ្យឆ្លងទៅកូន ហើយកូនឆ្លងទៅចូលក្នុងសាលារៀន។ មិនគ្រាន់តែមត្តេយ្យទេ សាលាទូទៅក៏បង្កើនដែរ ព្រោះសិស្សរបស់យើងប្រមាណជាង ៣ លាននាក់ ដែលត្រូវរៀន ហើយយើងកំពុងតែកំណែ។ ប្រហែលជាប៉ុន្មានថ្ងៃកំណែចប់ប្រឡងបាក់ឌូប្លិ៍? កំណែបែបនេះ ទើបជាកំណែផ្ដល់ភាពសុច្ចរិតពិតប្រាកដ។ ខ្ញុំបាននិយាយហើយ។ នៅពេលដែលរៀបចំប្រឡងបាក់ឌូប្លិ៍ ប្រហែលជាសាស្ត្រាចារ្យម្នាក់គាត់បានវាយថា សុំឱ្យមានការប្រឡងនេះធ្វើកំណែត្រឹមខេត្ត។ ខ្ញុំឆ្លើយតបត្រឡប់ទៅវិញថា សុំអនុវត្តតាមការចាត់ចែងរបស់ក្រសួងអប់រំ យុវជន និងកីឡាទៅ ព្រោះការប្រមូលសាស្ត្រាចារ្យជាង ៨ ពាន់នាក់ មកកែនៅភ្នំពេញ អត់អ្នកណាស្គាល់លេខកូដ ដើម្បីផ្ដល់ពិន្ទុអនុគ្រោះទេ។

តើសហរដ្ឋអាមេរិកការពារជនខិលខូច ឬការពារសាលារបស់អាមេរិក?

និយាយរឿងផ្ដល់ពិន្ទុអនុគ្រោះ មានរឿងចំឡែកៗណាស់។ ឥឡូវ ឃើញមានពួកនិស្សិតអីចេញមកតវ៉ា … បើនិយាយពី ហ៊ុន ម៉ាណែត សុទ្ធតែសញ្ញាបត្រអនុគ្រោះទាំងអស់។ ខ្ញុំគិតថា មានតែអាមេរិកទេ ដែលអាចឆ្លើយបាន។ ​តើសុខចិត្តឱ្យខូចកិត្តិយសសាលា West Point ទេ? ខ្ញុំផ្ដាំទៅអគ្គរដ្ឋទូតអាមេរិក យ៉ាងណាក៏គាត់មើលដែរ​។ តើសុខចិត្តឱ្យសាលា West Point ខូចកិត្តិយសដោយសារតែមនុស្សម្នាក់(ឬទេ?)។ តើអាមេរិកអាចនឹងនិយាយបានទេលើបញ្ហានេះ ដែលថាសាលា West Point មានកម្រិតជាសញ្ញាបត្រប្រភេទពីរ (ឬ)សញ្ញបត្រកិត្តិយស? តើសហរដ្ឋអាមេរិកការពារជនខិលខូច ឬការពារសាលារបស់អាមេរិក? មិនមែនការពារ ហ៊ុន ម៉ាណែត ទេ (គឺ)ការពារសាលា។ សាកលវិទ្យាល័យ New York ដែលគេហៅកាត់ថា​ NYU ​តើមានសញ្ញាបត្របរិញ្ញាជាន់ខ្ពស់ជាប្រភេទកិត្តិយសទេ? បន្ទាប់ទៅដល់ប្រទេសអង់គ្លេស សាកលវិទ្យាល័យ Bristol របស់អង់គ្លេស តើមានសញ្ញាបត្របណ្ឌិតប្រភេទពីរ ឬបណ្ឌិតកិតិ្តយសទេ?

ពិតហើយ ថ្ងៃដែលខ្ញុំទៅអបអរសាទរកូនខ្ញុំទទួលសញ្ញាបត្របណ្ឌិត​​ នៅសាកលវិទ្យាល័យ Bristol គេក៏បានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសឱ្យអតីត​សិស្សសាលារបស់គេម្នាក់ ដែលបានចប់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលានោះ ឱ្យទទួលបាននូវបណ្ឌិតកិត្តិយស គឺជាកីឡាករបាល់​ទាត់ឈ្មោះ Owen។ ប្រហែលជាអ្នកដែលបានធ្លាប់លេងបាល់ទាត់ស្គាល់ Owen ហើយ។ គេឱ្យសញ្ញាបត្រដោយសារតែម្នាក់ហ្នឹងក្លាយទៅជាជម្រើសជាតិរបស់អង់គ្លេស ហើយទាត់ក្នុងក្លឹបល្បីរបស់គេផង ឈ្មោះ Owen។ ​អញ្ចឹងទេ (ដើម្បី)ការពារស្ថាប័នអប់រំរបស់ខ្លួន គឺមានតែសហរដ្ឋអាមេរិក និងអង់គ្លេស ចេញមកបញ្ជាក់តែប៉ុណ្ណឹង។ បើសិនជាថាធ្វើអញ្ចឹងទៅហាក់ដូចជាវាយប្រហារខាងនយោបាយ ចំពោះអ្នកដែលបាននិយាយ​ អើ! ក៏ទុកអញ្ចឹងទៅ។ យើងក៏សម្គាល់មើលរឿងហ្នឹងដែរ។ តើគេការពារស្ថាប័នអប់រំរបស់គេ ឬគេការពារមនុស្សខិលខូច។ យើងសម្គាល់មើលអាហ្នឹងដែរ។

បណ្ឌិត ហ៊ុន ម៉ាណែត រៀនទាំងនយោបាយ ទាំងសេដ្ឋកិច្ច និងយោធា

រឿងថ្ងៃមុននោះ William Guang ដែលប្លន់គេ កាលពីមុនគាត់បបួល ម៉ាណែត ប្រឡងជាមួយគ្នាកាលពីឆ្នាំ ២០១៧​, ២០១៨ អីហ្នឹង … ដល់ទៅពេលគាត់ចូលមកឧត្ដមក្រុមប្រឹក្សា និងផ្ដល់យោបល់ ខ្ញុំក៏បាននិយាយលេងជាមួយ William Guang ​ហ្នឹងថា “ឯកឧត្ដម! កាលពីប៉ុន្មានឆ្នាំមុន ដូចធ្លាប់លឺឯកឧត្ដមបបួល ម៉ាណែត ប្រឡងគ្នាឬអី?”។ ខ្ញុំប្រាប់ទៅវិញ “បើឯកឧត្ដមចង់ប្រឡងជាមួយ ម៉ាណែត វាទាល់តែឯកឧត្ដមទៅរៀនលោតឆត្រយោង។ វិញ្ញាសាមួយនេះត្រូវតែដាក់។ បើឯកឧត្ដមមិនទាន់ចេះលោតឆត្រយោងទេ ប្រឡងមិនឈ្នះ ហ៊ុន ម៉ាណែត ទេ។” ឧទាហរណ៍ថា គាត់មានបណ្ឌិត ម៉ាណែត ក៏បណ្ឌិត ឥឡូវ នៅទីនេះបណ្ឌិត ហង់ ជួនណារ៉ុន តើចេះលោតឆត្រយោងឬនៅ? បើមិនទាន់ចេះលោតទេ ប្រឡងមិនឈ្នះ ហ៊ុន ម៉ាណែត ទេ។

ចំណុចខុសគ្នាវាកន្លែងហ្នឹង។ ខ្ញុំថា ករណីពិសេស បណ្ឌិតមួយនេះ គឺថា រៀនទាំងនយោបាយ រៀនទាំងសេដ្ឋកិច្ច រៀនទាំងយោធា ហើយក្នុងផ្នែកយោធា វាមានលោតឆត្រយោង។ ហើយម្ដាយចេះតែរអ៊ូ។ ជួនកាលទៅហ្វឹកហាត់នៅកូរ៉េខាងត្បូង ទៅលោតឆត្រយោងនៅទីនោះ ជាមួយប្អូនៗរបស់គេហ្នឹង។ ទៅហ្វឹកហាត់ប្រឆាំងភេរវកម្ម។ ឆ្នាំទៅលួចលោតឆត្រយោងនៅក្បែរហ្នឹង តែឥឡូវអត់ទេ។ ត្រូវតាមជាប់។ ប៉ុន្តែ ម៉ាណែត នៅលោតបាន​។ ហើយសាលា West Point ហ្នឹង​ បើថាអ្នកឯងអត់ចេះលោតឆត្រយោងទេ រៀនវាមិនជាប់ទេ។ ប៉ុន្តែ ខ្លះគេអាចថា មិនលោតដែរ ប៉ុន្តែភាគច្រើនគេលោត។ លោតឆត្រយោងគេមានផ្លាករបស់គេ។ អញ្ចឹង បានពួករៀននៅ West Point រៀនឆត្រយោង គេមានសញ្ញា(ស​ម្គាល់)របស់គេ។ កងទ័ពជើងគោក(មែន) តែវាត្រូវតែចេះលោតឆត្រយោង។ អញ្ចឹង បណ្ឌិតៗដូចគ្នាហើយ តែចំណុចមួយដែលមិនអាចយកឈ្នះ ម៉ាណែត បាននៅត្រង់ថា បើចង់ប្រឡងជាមួយ ម៉ាណែត វាទាល់តែអ្នកឯងត្រូវចេះផ្នែកយោធោ ហើយចេះលោតឆត្រយោង។ យោធាថ្មើរជើងវាធម្មតា តែលោតឆត្រយោងវាមិនសាមញ្ញពេកទេ។ បេះដូងមិនស្រួល គាំងបេះដូងតាំងពីនៅលើអាកាសនោះ ឬក៏ភ្លេចចុចឆត្រទៅទៀត។

នេះខ្ញុំគ្រាន់តែថា ដល់និយាយទៅបញ្ហាសញ្ញាបត្រស្អីៗនេះទៅ ក៏នឹកឃើញដល់អារឿងហ្នឹង។ លឺថា គេបបួលភ្នាល់គ្នាម៉េច? គេហ៊ានចេញមកភ្នាល់ឬអត់? មិនដឹងយ៉ាងម៉េច។ ខ្ញុំផ្ដល់ការលើកទឹកចិត្ត មិនថាកូនគេ មិនថាកូនខ្ញុំទេ ឱ្យតែរៀនពូកែ ខ្ញុំមិនដែលបន្តុះបង្អាប់កូនមេដឹកនាំណាមួយ ទោះបីមេដឹក​នាំហ្នឹងនៅខាងបក្សប្រឆាំង ក៏ខ្ញុំមិនដែលបានទៅបន្តុះបង្អាប់កូនរបស់គេទេ។ ប៉ុន្តែ គេមិនទុកឱកាសសូម្បីតែកូនរបស់ខ្ញុំ គឺគេវាយ(ប្រហារ)មិនឈប់។

ប្រកាសដាក់ត្រកូល ហ៊ុន ពីកូន ដល់ចៅលួត … ព្រោះអ្នកវាយប្រហារត្រកូល ហ៊ុន

បើករង្វង់ក្រចកបន្តិច។ ខ្ញុំមិនចង់និយាយរឿងនយោបាយ(ទេ តែដែល)ខ្ញុំប្រើពាក្យ “ពេលនេះ ខ្ញុំជានាយករដ្ឋមន្រ្តី។ ពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪនាយករដ្ឋមន្រ្តី។ ដល់តទៅទៀត ២០ ឆ្នាំក្រោយទៀត ខ្ញុំនឹងក្លាយទៅជាតានាយករដ្ឋមន្រ្តី”។​ ឥឡូវ ខ្ញុំអាចប្រកាសថែមទៀតថា “៤០ ឆ្នាំទៀត ខ្ញុំក្លាយទៅជាតាទួតរបស់នាយករដ្ឋមន្រ្តី”។ ហេតុម៉េចបានជាខ្ញុំនិយាយអញ្ចឹង? មូលហេតុអ្នកឯងវាយត្រកូល ហ៊ុន។ បើវាយត្រកូល ហ៊ុន ហើយ រឿងអីត្រកូល ហ៊ុន មិនប្រកាស? ប៉ុន្តែ នរណារស់បាន ៤០ ឆ្នាំទៀត ខ្ញុំសួរ? អាហ្នឹងខ្ញុំឌឺឱ្យទេតើ។ សូមយល់​។

ប្រទេសនេះប្រទេសប្រជាធិបតេយ្យ ត្រូវឆ្លងកាត់ការបោះឆ្នោត។ បើទោះបីជាត្រូវបានរៀបចំ ក៏ប៉ុន្តែបើអ្នកឯងប្រ​ជែងមិនអាចទទួលបានការគាំទ្រនៅក្នុងបក្ស មិនអាចទទួលបានការគាំទ្រនៅក្នុងចំណោមការបោះឆ្នោតពីប្រ​ជា​ពលរដ្ឋ មិនអាចទទួលបានការបោះឆ្នោតចេញពីសភា ព្រោះ(រាជ)រដ្ឋាភិបាលត្រូវទទួលការទុកចិត្តពីសភា។ នាយករដ្ឋមន្រ្តីត្រូវតែងតាំងដោយព្រះមហាក្សត្រ ប៉ុន្តែដើម្បីឱ្យមានរាជរដ្ឋាភិបាល ត្រូវផ្គូផ្គងសមាជិក(រាជ)​រដ្ឋាភិបាល ហើយទៅសុំការទុកចិត្តពីសភា។ ទាល់តែបានការទុកចិត្តពីសភា ទើបព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងរាជរដ្ឋាភិបាលទាំងមូល រួចហើយស្បថចូលកាន់តំណែង។

វាត្រូវឆ្លងកាត់អញ្ចឹង។​ បើអ្នកឯងវាយខ្ញុំទាំងពូជទៅហើយ វាយត្រកូល ហ៊ុន ទៅហើយ រឿងអីមិនឱ្យខ្ញុំនិយាយ? អ្នកឯង​អ្នកនាំភ្លើង។ អញ្ចឹង ខ្ញុំរុញទូកបណ្ដោយទឹក។ បើអ្នកឯងប្រកាសវាយត្រកូល ហ៊ុន ខ្ញុំមានតែប្រកាសដាក់ត្រកូល ហ៊ុន តាំងពីកូន ដល់ចៅ ដល់ចៅទួត ចៅលួត ប្រកាសទុកឱ្យហើយទៅ។ អាហ្នឹងខ្ញុំប្រ​កាសឌឺឱ្យអ្នកឯងៗយល់ទេ? អាហ្នឹងគេហៅ យុទ្ធសាស្រ្តរុញទូកបណ្ដោយទឹក។ ឱ្យវាឃើញអញ្ចឹង។ ចាំវិភាគទៀតទៅ។ បានប៉ុណ្ណឹងយកទៅវិភាគទៀតហើយ … គ្រាន់បានចិញ្ចឹមឆ្នាំង។ បានល្បែងលេងទៅ។ ប៉ុន្តែ អត់ផ្លូវទេអាពៅ! ផ្ដាំទៅឱ្យហើយ។

ប្រធានអាស៊ាន ដោះស្រាយគ្រប់រឿងជំនួសប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលសមាជិក

ម្សិលមិញ ខ្ញុំជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ហើយខ្ញុំក៏បានជម្រាបនិងពិភាក្សាគ្នាអំពីបញ្ហាការទៅមីយ៉ាន់ម៉ា។ ស្អែកនេះ ខ្ញុំត្រូវគេរុកច្រមុះទៀតហើយ ព្រោះអាហ្នឹងជាលក្ខខណ្ឌតម្រូវ ដើម្បីធ្វើដំណើរទៅ។ ដល់ទៅនោះ គឺត្រឡប់មកវិញ ត្រូវគេរុកច្រមុះនៅឯព្រលានយន្តហោះមុនចូលផ្ទះ។ ហ្នឹងជាលក្ខខណ្ឌតម្រូវ មិនអាចមានអភ័យឯកសិទ្ធិ​លើសពីហ្នឹងទេ។ មុនទៅ គេត្រូវការបញ្ជាក់ថា អត់មានកូវីដ-១៩ទេ។ ត្រឡប់មកវិញ ក៏ត្រូវធ្វើតេស្តមុនចូលផ្ទះ នៅព្រលានយន្តហោះពោធិចិនតុង។ ខ្ញុំឃើញការធ្វើអត្ថាធិប្បាយនេះ មិនជាអាក្រក់ទេ ត្រូវហើយ រាប់ទាំងលោក កាវី (ចុងគីតាវន់) ដែលជាអតីតអ្នកសរសេរដ៏ល្អម្នាក់ ពីមុន(សរសេរឱ្យ) The Nation ឥឡូវ​ គាត់សរសេរឱ្យ Bangkok Post អាយុស្របាលៗជាមួយនឹងខ្ញុំហ្នឹង ឬអាចក្មេងជាងខ្ញុំបន្តិចបន្តួច និងអ្នកធ្វើអត្ថាធិប្បាយផ្សេងៗទៀតថា តើការទៅហ្នឹងជាការទៅដើម្បីដោះស្រាយបញ្ហា ដូចជាថាជាពរជ័យ ឬជាបណ្ដាសា? មានការធ្វើអត្ថាធិប្បាយខ្លះគិតថា ប្រធានអាស៊ានដោះស្រាយគ្រប់រឿងទាំងអស់ ជំនួសឱ្យប្រ​មុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសនានាហ្នឹងតែម្ដង។ ខ្ញុំធ្លាប់បាននិយាយហើយថា សុំកុំទុកចិត្តពេកលើប្រធានអាស៊ាន តែកុំអាលបន្ទោសប្រធានអាស៊ានអី។ រង់ចាំមើល​។

តើប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចង់ឱ្យប្រទេសធ្លាក់ចូលសង្គ្រាមស៊ីវិល ឬចង់ដោះស្រាយ

ខ្ញុំទៅហ្នឹង អត់មានឃ្លាតឆ្ងាយអំពីកុងសង់ស៊ីស ៥ ចំណុច ដែលបានឯកភាពគ្នានៅឯហ្សាកាតា កាលពីខែមេសា ឆ្នាំ ២០២១។ ខ្ញុំមិនដាក់លក្ខខណ្ឌទុកជាមុនក្នុងដំណើររបស់ខ្ញុំទៅទេ។ ខ្ញុំទៅដល់ទើបខ្ញុំជជែក ហើយប្រ​ធានបទនៃការជជែកនោះ គឺកុងសង់ស៊ីស ៥ ចំណុចនេះឯង។ អញ្ចឹងទេ បងប្អូនប្រជាពលរដ្ឋនៅមីយ៉ាន់ម៉ា តើអ្នកចង់ឱ្យប្រទេសធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលពិតប្រាកដ ឬក៏ចង់ដោះស្រាយ? ការដោះស្រាយនេះ គឺតួនា​ទី​ត្រូវបានផ្ដល់មកឱ្យបណ្ដាប្រទេសអាស៊ាន។ អាស៊ានបានឯកភាពគ្នា រាប់ទាំងមីយ៉ាន់ម៉ាខ្លួនឯង បានព្រមព្រៀងលើកុងសង់ស៊ីស ៥ ចំណុចហ្នឹងហើយ។ ប៉ុន្តែ មិនទាន់បានអនុវត្ត។ ប្រទេសនានានៅក្រៅតំបន់ ក៏មានការព្រមព្រៀងក្នុងការផ្ដល់តួនាទីនេះសម្រាប់អាស៊ាន រាប់ទាំងការផ្ដល់ជំនួយមនុស្សធម៌ផងដែរ។

ការដែលខ្ញុំទៅនេះ គោលបំណងខ្ញុំគ្មានផលប្រយោជន៍អីទេ។ ប្រទេសកម្ពុជាតូចជាងមីយ៉ាន់ម៉ាច្រើនដង ហើយប្រជាជនតិចជាងមីយ៉ាន់ម៉ាច្រើនដង តែយើងចង់ជួយសម្រួលសភាពការណ៍ទាំងឡាយ។ ចំណុចទី ១ នៃកុងសង់ស៊ីស គឺការប្រកាសអត់ធ្មត់បញ្ឈប់អំពើហិង្សា។ នេះជាគោលដៅដែលយើងចង់បាន។ បើសួរសម្ដេច ពិជ័យសេនា សួរឯកឧត្ដម ហោ ណាំហុង ច្បាស់ជាដឹងអំពីរបៀបចរចារបស់ខ្ញុំ តែទៅដល់កន្លែងណាក៏ដោយ ខ្ញុំបបួលឈប់បាញ់។ ខ្ញុំថា ចរចាត្រូវគ្នាឬមិនត្រូវគ្នា ខ្ញុំបបួលឈប់បាញ់សិន ព្រោះដើម្បីចំណេញសាច់​ឈាម កុំឱ្យមនុស្សស្លាប់ និងរបួស។ ជំនួយមនុស្សធម៌បានដឹកទៅដល់មីយ៉ាន់ម៉ា តែមិនទាន់បានចែក។ អញ្ចឹង ត្រូវរកវិធីដើម្បីចែកជំនួយឱ្យបានដល់គ្រប់ទីកន្លែង ដោយគ្មានការរើសអើង។

ពលរដ្ឋមីយ៉ាន់ម៉ានឹងទទួលផលប្រយោជន៍ពីសន្តិភាព និងការវិលត្រឡប់នៃដំណើរការប្រជាធិបតេយ្យ

ខ្ញុំចង់ពិភាក្សាបញ្ហាអស់ទាំងហ្នឹង ប៉ុន្តែ ខ្ញុំអត់បានដាក់លក្ខខណ្ឌទុកជាមុនថា ទាល់តែធ្វើអញ្ចេះឬអញ្ចុះ បានខ្ញុំទៅទេ។ ខ្ញុំទៅហើយ។ បើសិនជានិយាយទៅ វាខ្វះម៉ោង ខ្ញុំអាចលើកពេល ថាព្រឹកថ្ងៃទី ៨ ត្រឡប់មកវិញ ខ្ញុំអាចលើកមកវិញល្ងាចថ្ងៃ ៨ វិញ។ បើថាចរចាទៅ វានៅបន្តសម្រួលត្រូវគ្នាតទៅទៀត អាចថ្ងៃទី ៩ ចាំមកវិញក៏បានដែរ។ ល្ងាចថ្ងៃទី ៩ ចាំមក ព្រឹកឡើងថ្ងៃទី ១០ ជិះឧទ្ធម្ភាគចក្រជាមួយអគ្គរដ្ឋទូតជប៉ុនទៅបាត់ដំបង ដើម្បីសម្ពោធផ្លូវជាតិលេខ ៥។ ឥឡូវហ្នឹងកុំអាលយកការសន្និដ្ឋានឆាប់ពេក។ ខ្ញុំយល់ (មាន)អ្នកដែលចង់ដុតកម្លោចឱ្យមីយ៉ាន់ម៉ាផ្ទុះសង្រ្គាមស៊ីវិលនោះ វាចេះតែមានហើយ។ ធ្វើបាតុកម្មដុតរូបថតខ្ញុំ ដុតទង់ជាតិស្អីៗ។ ប៉ុន្មាននាក់ទៅតំណាងឱ្យប្រជាជនមីយ៉ាន់ម៉ានោះ? ខ្ញុំក៏យល់។ ក៏ប៉ុន្តែ ប្រសិនបើមានសន្តិភាព និងការវិលត្រឡប់នៃដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា អ្នកនឹងទទួលផលប្រយោជន៍ពីការខិតខំរបស់បណ្ដារដ្ឋ ជា​សមាជិកអាស៊ានជួយសម្រួល។ តែអ្វីៗវាស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់មីយ៉ាន់ម៉ា ឯយើងពីខាងក្រៅគ្រាន់តែជួយសម្រួលតែប៉ុណ្ណោះ។

សភាពការណ៍មីយ៉ាន់ម៉ាមិនសាមញ្ញ ត្រូវប្រើវិធានការមិនសាមញ្ញ

អញ្ចឹងមិត្តភក្តិនៅក្នុងអាស៊ានក៏អាចដឹងបាន ព្រោះខ្ញុំមិនធ្វើឱ្យខុសពី៖ ទី (១) ធម្មនុញ្ញអាស៊ាន។ ទី (២) កុងសង់ស៊ីស ៥ ចំណុច ហើយកុងសង់ស៊ីស ៥ ចំណុចនេះ វាជាគំនិតរបស់ខ្ញុំទៅទៀត និយាយឱ្យវាពិត ត្រង់កន្លែងហ្នឹង​។ ខ្ញុំលើកតែ ៣ ចំណុចទេ ប៉ុន្តែ ឯកឧត្ដម នាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong គាត់រៀបចំទៅជា ៥ ចំណុច។ ៥ ចំណុច ក៏ ៥ ចំណុចទៅ ឱ្យតែឯកភាពគ្នា។ ប៉ុន្តែ ការចាប់ផ្ដើម​ គឺបញ្ឈប់ហិង្សា។ ឥឡូវ ហិង្សាវាមិនមែនកើតតែពីខាងរដ្ឋាភិបាលទេ វាកើតពីខាងអ្នកព្រៃ ដើរដាក់គ្រាប់បែក រាប់ទាំងដាក់គ្រាប់បែកក្បែរស្ថានទូតយើងទៅទៀត។ មុនដាក់ក្នុងស្ថានទូតបណ្ដោយ តែរកឃើញដោះទាន់។ រួចហើយមានផ្ទុះគ្រាប់បែក ២ គ្រាប់។ អញ្ចឹងទេ វាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបញ្ឈប់ហិង្សានោះ។ សភាពការណ៍នៅមីយ៉ាន់ម៉ាវាមិនសាមញ្ញ ដូច្នេះយើងក៏ត្រូវប្រើវិធានការមិនសាមញ្ញដែរ។ ខ្ញុំចង់និយាយអញ្ចឹង។ ម្សិលមិញ ខ្ញុំក៏បានប្រាប់ប្រធា​នា​ធិបតីឥណ្ឌូនេស៊ី អញ្ចឹង បានខ្ញុំត្រូវធ្វើដំណើរទៅផ្ទាល់។ រួចបន្តពីហ្នឹងទៅ គឺបេសកជនពិសេសនឹងបន្តធ្វើការជាមួយគ្នា ពិគ្រោះជាមួយគ្នាយ៉ាងម៉េចអីយ៉ាងម៉េចតទៅទៀត។ ឧទាហរណ៍៖ ផ្ដល់ជំនួយ យើងផ្ដល់ដោយគ្មានការរើសអើង។ អញ្ចឹង គឺលទ្ធភាពត្រូវធ្វើយ៉ាងម៉េចអីយ៉ាងម៉េចជាមួយគ្នា? វាមានបញ្ហាច្រើន។ កម្ពុជាមានបទពិសោធន៍ក្នុងបញ្ហានេះ ក្នុងការដោះស្រាយបញ្ហា។ ហើយមិនមែនជារឿងលេងសើចធម្មតាទេ។

អាពាហ៍ពិពាហ៍បែបបង្គ្រប់កិច្ច … រស់នៅជាមួយគ្នា ៤៦ ឆ្នាំ

ថ្ងៃនេះ ខ្ញុំឃើញសារជូនពរ រាប់ទាំងឯកឧត្ដម ហង់ ជួនណារ៉ុន លើកឡើងអម្បាញ់មិញ។ ថ្ងៃនេះ គឺជាថ្ងៃរៀបការរបស់ខ្ញុំ។ ម៉ោងថ្មើរហ្នឹងកំពុងនៅក្នុងរោងការ។ ពេលនោះ យើងចាប់ផ្តើមចូលរោងតាំងពីម៉ោង ៨​ ព្រឹក ដល់ទៅចប់ៗម៉ោង ៣ ល្ងាចជាង។ ការ ១៣ គូ។ ពេលថ្មើរហ្នឹង បើខ្ញុំមិនច្រឡំទេ កំពុងអានប្រវត្តិរូបៗរូបរហូតដល់ ២៦។ (ប្រវត្តិរូបរបស់)ប្រពន្ធគេដាក់ថា អនាគតប្រពន្ធ (ព្រោះ)មិនទាន់បានធ្វើ(ជា)ប្រពន្ធទេ គ្រាន់តែថាអាហ្នឹងជាគូ។ ប្រពន្ធអង្គុយខាងមុខ ប្តីអង្គុយ ខាងក្រោយ រួចបានអីអង្គុយ? អាតុ/កៅអីក្មេងរៀនហ្នឹង គេយកមកតម្រៀបឱ្យអង្គុយទៅ (គាត់)អង្គុយពីមុខ យើងអង្គុយពីក្រោយ ហើយចេះតែមើលកប្រពន្ធ។ និយាយដល់ចំណុចនេះ ខ្ញុំគួរតែនិយាយ ហើយសុំអង្វរក។

ការរៀបការឥឡូវនេះធ្វើពេញបន្ទុក មានតាំងពីកាត់ខាន់ស្លា មានស្អីៗគ្រប់យ៉ាង។ ប៉ុន្តែ ការលែងលះគ្នាក៏វាច្រើនដែរ។ អញ្ចឹង ប្រៀបធៀបទៅ ខ្ញុំការគ្មានឪពុកម្តាយ ហើយមិនត្រឹមតែអត់ឪពុកម្តាយទេ។ ពេលសួរសំណួរដាក់មកខ្ញុំហ្នឹង គឺថា មួយសំណួរដែលខ្ញុំចងចាំផុតលេខ ដែលមិនភ្លេច តើសមមិត្តមានលទ្ធភាពកសាងភរិយាឱ្យទៅជាវណ្ណៈអធនបានឬទេ? អ្នកតាំងសំណួរច្បាស់ណាស់ (ព្រោះ)មើលឃើញប្រពន្ធខ្ញុំស្បែកស បានជាតាំងសំណួរបែបនេះមកចំពោះខ្ញុំ។

ប៉ុន្តែ យើងពិនិត្យមើលអាពាហ៍ពិពាហ៍មួយ ដែលគ្មានឪពុកម្តាយ/ជីដូនជីតា ជាអាពាហ៍ពិពាហ៍មួយ គេហៅថា​ យកទៅបង្គ្រប់កិច្ចតាមរបៀបថ្មីរបស់អង្គការ ដោយគ្មានសែនមេបា គ្មានសែនស្អីទេ។ ប៉ុន្តែ យើងអាចរស់នៅជាមួយគ្នា ៤៦ ឆ្នាំ ក្នុងពេលដែលអ្នកទទួលពរជ័យពីមាតាបិតា អាណាព្យាបាល​ មានគ្រូអាចារ្យ មានសូត្រមន្តសូត្រអី លែងលះគ្នាឱ្យរពុយ។ រឿងហ្នឹងយើងយល់ នៅជាមួយគ្នាមិនបាន ការលែងលះគ្នាវាជារឿងធម្មតា។ (ទៀ) បាញ់ កាន់តែកម្សត់ជាងខ្ញុំទៅទៀត ទៅការនៅចំណុច ២០៧ នៅព្រំដែនកម្ពុជា-ថៃ។ បង សាយ​ ភូថង អ្នកការឱ្យ។ ខ្ញុំគ្រាន់មានរោង​មានអី​ មានចាស់ទុំមួយចំនួន(ចូលរួម)​ តាហ៊ល ដែលជាអតីតអភិបាលខេត្តព្រះសីហនុគាត់ជាសាក្សីក្នុង ពេលរៀបការហ្នឹង។

ពេលលែងលះ ទុកកិត្តិយសឱ្យគ្នា និងគិតដល់អនាគតកូន/ចៅ

អ្វីដែលខ្ញុំចង់ស្នើសុំ អង្វរកចំពោះកូនក្មួយ ឃើញវាគួរឱ្យស្រណោះ ហើយគួរតែត្រូវបានបញ្ឈប់។ នៅពេលយកគ្នា អត់បញ្ហា។ ដល់ពេលលែងលះគ្នា ស្រាប់តែបង្ហោះហ្វេសប៊ុកជេរគ្នាពេញទឹកពេញដី។ អ្នកខ្លះទៅរក(វិទ្យុ)ABC (អោយជួយផ្សាយ)។ ថ្ងៃមួយ ខ្ញុំបើកចុះ/ឡើង ឃើញ(វិទ្យុ) ABC (ផ្សាយ)ថា ប្តីធ្វើបាប ប្រពន្ធរត់មករក(វិទ្យុ) ABC (ឱ្យជួយ)។ ដល់ខាង(វិទ្យុ) ABC គេទាក់ទងទៅរកមេឃុំ ទាក់ទងទៅរកប្តី។ អញ្ចឹង ឆ្លងឆ្លើយគ្នាទៅជាជម្លោះ។

យើងឃើញច្រើនគូណាស់នៅទីក្រុងភ្នំពេញ។ បន្ទាប់ពីការបែកបាក់ហើយ ជេរគ្នាបណ្តោយ។ ខ្ញុំស្នើសុំអញ្ចេះ តើទុកកិត្តិយសឱ្យគ្នាបានទេ។ ហោចណាស់យើងបានស្រឡាញ់គ្នា ១ ម៉ោង ២ ម៉ោង, ១ ថ្ងៃ ២ ថ្ងៃ, ១ ឆ្នាំ ២ ឆ្នាំ បន្ថែមលើនោះ តើថ្ងៃក្រោយកិត្តិយសកូនរបស់យើងវាទៅជាស្អី? ចំណុចវានៅកន្លែងហ្នឹង។ ខ្ញុំសុំអធ្យាស្រ័យ ប៉ុន្តែ ខ្ញុំគួរតែចង្អុលបង្ហាញថា គេមើលងាយយើងឥឡូវនេះ ប៉ុន្តែ (គេ)មើលងាយកូនរបស់យើងនៅថ្ងៃក្រោយ(ទៀត) … បើមិនត្រូវគ្នាទេ យើងស្ងាត់ស្ងៀមចែកផ្លូវគ្នាទៅ ហើយទុកគ្នារាប់អានទៅ។ ឯកូនហ្នឹង គឺជាកូន ព្រោះមាននៅក្នុងច្បាប់ទេតើ។ បើថាបានទៅម្តាយៗចិញ្ចឹមទៅ (ប្តី)អាហារកិច្ចជួយបានប៉ុន្មានជួយទៅ ប៉ុន្តែកុំហែកហួរគ្នាតាមហ្វេសប៊ុកបានទេ?

អង្វរកអាហ្នឹងបន្តិចទៅចុះ ព្រោះឃើញដូចវាជ្រុលពេក។ លែងលះគ្នាមិនទាន់បានប៉ុន្មានផង អ្នកខ្លះគេបើកបេះដូងទៀតហើយ។ អស់ទាស់តែម្តង។ បេះដូចអីក៏បើកងាយម្លេះ? មិនទាន់ចប់រឿងមួយផងដល់រឿងមួយទៀត ឧទាហរណ៍៖ ខាងប្រុសចេញទៅមិនទាំងបានប៉ុន្មានផង ខាងប្រុសទៅមានស្រីមួយទៀត អញ្ចឹង ខាងស្រីចោទថា មូលហេតុមកពីខាងប្រុស។ ផ្ទុយទៅវិញ បើសិនជាបែកបាក់ទៅ ខាងស្រីបង្ហោះហ្វេសប៊ុកដៀមដាមទៅប្តីនៅឯណោះ ហើយដាក់រូបប្រុសថ្មីមកជាមួយ បើកចំហបេះដូងចាំទទួលអ្នកនេះ/នោះ។ អញ្ចឹង ខាងប្រុសគេថា យី! មីនេះលែងអញដោយសារតែវាមានប្រុសទេតើ។ ប៉ុន្តែ អ្វីដែលសំខាន់ខ្ញុំអាណិតកូនៗ។ ថ្ងៃក្រោយវាគិតយ៉ាងម៉េច? វាប៉ះពាល់ដល់អារម្មណ៍រៀនសូត្ររបស់កូនៗទៅទៀត។ តើយើងអាចទុកកិត្តិយសឱ្យគ្នាបានទេ?

នេះជាសំដីអប់រំរបស់អ្នកមានបទពិសោធន៍ក្នុងជីវិត ឆ្លងកាត់ ៤៦ ឆ្នាំហើយ។ ឧបមាថា បើសិនជាប្រពន្ធខ្ញុំលែងលះខ្ញុំចោល ៤៦ ឆ្នាំ ជាងពាក់កណ្តាលជីវិតហើយ មិនដឹងលែងខ្មោចអីទេ ម៉ោងនេះទៅហើយ។ នេះវាជារឿងពិត នៅក្នុងជិវិតគ្រួសារវាតែងមានបញ្ហានេះ/នោះ ហើយបើជ្រុលជាលែងលះគ្នា ក៏សុំលែងលះគ្នាឱ្យទៅតាមរបៀបមួយ(ស្ងាត់ស្ងៀម) កុំជេរបញ្ចោរគ្នា ហែកកេរ្តិ៍គ្នា។ មានមួយនោះ ចេញមកមានម៉ែផង កូនផង ចេញមកដៀលខាងស្រីឯណោះ សុទ្ធតែរបស់កូនអញវាតូចពេក បានមីហងអែងទៅអាថ្មី ព្រោះអាថ្មីវាធំ។ វាទៅឡប់អស់រលីងហើយ ដល់អញ្ចឹងៗពេក តើខ្មែរយើងវាយ៉ាងម៉េច?

អ្នកធ្វើព័ត៌មាននោះ ក៏ពូកែធ្វើព័ត៌មានទៅទៀត បើគេ Live ពីរឿងហ្នឹង ចូលទៅមើល Share ចង់រយះមេដាយមួយៗ។ បើអញ្ចឹងៗមិនងាប់? អញ្ចឹងបានថា មិនប្រាកដទេ អ្នកខ្លះអត់បានការទេ ដោយគ្នាក្រ ឬបានត្រឹមតែសែនបន្តិចបន្តួច ក៏ប៉ុន្តែ គេរស់នៅជាមួយគ្នាដោយសុភមង្គល។ អ្នកខ្លះទៀតមាននោះមាន ប៉ុន្តែបែកបាក់គ្នាហើយជេរនោះជេរ។ តើឱ្យកូនចៅយកមុខទៅទុកឯណា? ក្នុងឋានៈជាពូ/អ៊ំ/តាសុំអង្វរក ចំពោះក្មួយៗ ចៅៗ បើបានជាលែងលះគ្នា កុំជេរគ្នាបានទេ? ទុកគ្នារាប់អានទៅថ្ងៃក្រោយ។ ឧបមាថាមានកូនៗ ហ្នឹងជាសាច់ឈាមរបស់យើងជាមួយប្តីយើងហ្នឹង ឬជាមួយប្រពន្ធយើងហ្នឹង រួចថ្ងៃក្រោយគ្នាធំឡើង តើឱ្យគ្នាយកមុខមាត់ទៅទុកឯណា បើហ្វេសប៊ុកវានៅពេញហ្នឹង។ ទីចុងបំផុតកូនរៀនសូត្រអត់បាន។

ថ្ងៃហ្នឹងខ្ញុំក៏បង្ហោះហ្វេសប៊ុកមួយ អំពីអនុស្សាវរីយ៍របស់ខ្ញុំ ៤៦ ឆ្នាំ ហើយបូកតាំងពីពេលយើងស្គាល់គ្នា ៣ ឆ្នាំ(ទៀត) វាឡើងជិត ៥០ ឆ្នាំ។ កាលនោះស្គាល់អត់បានអីផង មើលមុខមិនទាំងច្បាស់ផង គ្រាន់តែដឹងថា គេស្អាត។ មិនស្អាតមិនយកទេ និយាយឱ្យត្រង់អញ្ចឹងតែម្តង។ ស្អាតហើយទាល់តែស្លូតទៀត។ បើស្អាតហើយជេរបញ្ចោរៗ ស្រែកផ្អើលគេ/ឯង អ្នកណាទៅយក? មានអ្នកខ្លះរអ៊ូ។ ធម្មតាប្រុសៗជួបគ្នា (តែងតែបូរបាច់ប្រាប់គ្នា) “យ៉ាប់ដល់ហើយ ខឹងអីក៏ខឹងទៅចុះ ប៉ុន្តែ ឡូឡាពេញតែផ្ទះ”។ ខ្ញុំមិនដែលជួបទេអាហ្នឹង រឿងអ្នកដទៃគេជួប ទុកឱ្យគេទៅចុះ។

កងទ័ព នគរបាល អាវុធហត្ថ ប្រកួតបានមេដាយមាសពិភពលោក ត្រូវឡើងមួយស័ក្តិ

សម្រាប់កីឡាការិនី អ៊ុក ស្រីមុំ ភារកិច្ចររបស់សម្តេចពិជ័យសេនា (ទៀ បាញ់) បានបំពេញហើយ។ ឥឡូវនេះ បានឡើងឧត្តមសេនីយ៍ត្រីហើយ។ យើងបានដាក់លក្ខខណ្ឌជាមួយគ្នា កងទ័ព នគរបាល អាវុធហត្ថ ដែលទៅប្រកួតបានមេដាយមាស ហ្នឹងកំណត់មេដាយមាសពិភពលោកទៀត អត់មាន SEA Games ទេ។ បើថាបានមេដាយមាស ឡើងមួយស័ក្តិ។ កែវ ឡេង ឡើងស័ក្តិប៉ុន្មានហើយ? ផ្កាយពីរហើយ។ អ៊ុក ស្រីមុំ ឥឡូវ ផ្កាយមួយហើយ ដល់បន្តទៅទៀត SEA Games នេះអត់បានឡើងទេ ប៉ុន្តែត្រូវវាយឈ្នះ(មេដាយមាស)ពិភព លោកមួយទៀត ដើម្បីយកផ្កាយពីរ។ ប៉ុន្តែ​ គិតថាអញ្ចេះ មើលទៅឡើងត្រឹមផ្កាយបីបានហើយ កុំឱ្យឡើងដល់ ផ្កាយបួន។ លើកទឹកចិត្តឱ្យមានការប្រកួតក្នុង(ជួរ)កងទ័ព នគរបាល​ អាវុធហត្ថ ដែលចេញទៅប្រកួតបានមេ ដាយមាសជូនជាតិ ប្រាក់រង្វាន់ គឺជារឿងមួយ ប៉ុន្តែ រឿងឋានន្តរស័ក្តិក៏ត្រូវតែឡើង។

ឋានន្តរស័ក្តិហ្នឹង តែកាលណាឡើងឋានន្តរស័ក្តិ វាឡើងប្រាក់ខែដែរ ហើយប្រាក់ចំណូលរបស់យើងក៏វាកើនទៅតាមហ្នឹង ដោយសារការខិតខំរបស់យើង។ ថ្ងៃនេះ កីឡាការិនី អ៊ុក ស្រីមុំ ទទួលបានថវិកា ៤០ លានរៀល ជាថាវិការបស់ក្រសួងអប់រំ យុវជ​ និងកីឡា ក្រៅពីនោះ ថវិការបស់ខ្ញុំ និងភរិយា គឺផ្តល់ជូន ១ ម៉ឺនដុល្លារអាមេរិក ថែមទៀត។ លោកគ្រូ សុខ មុំ គ្រូបង្វឹក ក៏ទទួល បានថវិកា ៤០ លានរៀល ជាថាវិការបស់ក្រសួងអប់រំ យុវជ​ និងកីឡា និង ៥ ពាន់ដុល្លារអាមេរិក ជាថវិការបស់ខ្ញុំ និងភរិយា។ យើងមានឱកាសជួបជុំគ្នាសាជាថ្មី ប៉ុន្តែ តាមគន្លងថ្មី (គឺ)ពាក់ម៉ាស ដើម្បីការពារនូវការរីករាលដាលជំងឺកូវីដ-១៩។ យើងពេញចិត្ត/ថ្លើមជាមួយប្រជាពលរដ្ឋរបស់យើង ដែលចេះការពារខ្លួន។ ពីមុនមកយើងអត់ហ៊ានប្រជុំបែបហ្នឹងទេ។

ខ្ញុំនៅតែមិនទាន់ដាច់ចិត្តធ្វើកម្មវិធី ៧ មករា ព្រោះបើធ្វើតូចពេក វាមិនកើត/សម ធ្វើធំពេក ក្រែងវាមានបញ្ហា។ អញ្ចឹងទេ បានជា ៧ មករា ខ្ញុំឆ្លៀតទៅមីយ៉ាន់មា។ ប៉ុន្តែ ខ្ញុំមានសារជូនប្រជាពលរដ្ឋ សម្រាប់ការយល់ដឹងអំពីបញ្ហា ៧ មករា។ សារនោះមិនវែងទេ។ សូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា កីឡាករ/ការិនី ទាំងអស់ ក៏ដូចជា គ្រូបង្វឹក សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...