សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ទិវាមច្ឆជាតិ អាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ខេត្តបន្ទាយមានជ័យ

CNV: 1 ខែ​កក្កដា, 2022

(១) មកបន្ទាយមានជ័យជាថ្មី បន្ទាប់ពីទឹកជំនន់ឆ្នាំ២០០០ និងដាក់ឱ្យប្រើប្រាស់ទ្វារទឹកនិងអភិរក្សសត្វក្រៀលឆ្នាំ (២០០៦)

ថ្ងៃនេះ ខ្ញុំបានវិលត្រឡប់មកខេត្តបន្ទាយមានជ័យសាជាថ្មីម្ដងទៀត បន្ទាប់ពីគ្រោះទឹកជំនន់នៅឆ្នាំ២០០០។ ដោយឡែក គឺបានមកអាងត្រពាំងថ្មសាជាថ្មីម្ដងទៀត បន្ទាប់ពីប្រមាណជាជិត ២០ ឆ្នាំមុនមកកាន់ទីនេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវទ្វារទឹក កាលពីយើងធ្វើពិធីអភិរក្សសត្វក្រៀល។ សេនាធិការរបស់ខ្ញុំ គឺគេមិនបានកត់ត្រានូវអ្វីដែលជាទីកន្លែងដែលខ្ញុំធ្លាប់​មកទីនេះទេ ព្រោះមិនឃើញកំណត់បង្ហាញនៅក្នុងនេះ។ តែខ្ញុំក៏មិនច្បាស់ ក៏ប៉ុន្តែខ្ញុំនៅចាំបានថា ពេលនោះខ្ញុំមកជាមួយនឹងអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក Kenneth M. Quinn ដើម្បីមកបើកទ្វារទឹកមួយ ដែលពេលនោះយើងយកវិធានការការពារសត្វក្រៀលជាចម្បង។

ថ្ងៃនេះ យើងរៀបចំពិធីព្រលែងកូនត្រី ដែលហៅថា ទិវាមច្ឆជាតិ ១ កក្កដា ឡើងវិញ បន្ទាប់ពីអាក់ខានរយៈពេល ២ ឆ្នាំ ដោយសារកូវីដ-១៩។ ឆ្នាំ២០២០ និងឆ្នាំ២០២១ យើងមិនបានធ្វើទេ ដោយសារពេលនោះមានបញ្ហាកូវីដ-១៩។ ការដាំកូនឈើក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រជាទីសក្ការៈ​ក៏មិនបានធ្វើដែរ។ ឆ្នាំនេះ យើងបានធ្វើទាំង២៖ ទីមួយ គឺព្រឹត្តិការណ៍នៅថ្ងៃនេះ ដែលយើងជួបជុំគ្នា ដើម្បីព្រលែងកូនត្រីនៅក្នុងអាងទឹកត្រពាំងថ្ម ប្រមាណជាង ១ លានកូនត្រី និងទីពីរ នៅថ្ងៃទី៩ ខែកក្កដាខាងមុខនេះ ព្រះមហាក្សត្ររបស់យើង ព្រះអង្គក៏យាងមកដាំកូនឈើនៅខេត្តបាត់ដំបង។

(២) ប្រក្រតីភាពជីវភាពតាមគន្លងថ្មី ស្រាយបញ្ហាដីធ្លីរ៉ាំរ៉ៃដោយជោគជ័យតាមរបៀបឈ្នះឈ្នះ

ថ្ងៃនេះ យើងបានរៀបចំព្រលែងកូនត្រី ដែលយើងអាក់ខាន ប៉ុន្តែយើងក៏ត្រូវតែមានការប្រុងប្រយ័ត្នជាមួយនឹងកូវីដ-១៩។ នេះហើយដែលហៅថា ការរស់នៅដោយតាមបែបគន្លងថ្មី ប្រក្រតីភាពនៃជីវភាពតាមរបៀបគន្លងថ្មី។ យើងក៏អង្គុយឃ្លាតពីគ្នាបន្ដិច ហើយយើងក៏ពាក់ម៉ាសបន្ថែមទៀត ដើម្បីការពារជំងឺដែលវាមិនទាន់ផុតរលត់ពីប្រទេសរបស់យើងទេ។ ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃការខិតខំប្រឹងប្រែងរបសខ្លួន តាមរយៈរបាយការណ៍របស់ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន អម្បាញ់មិញ ទាក់ទងនឹងដំណើរវិវឌ្ឍន៍នៃការកែទម្រង់ក្នុងក្របខណ្ឌជលផលរបស់យើង។

ខ្ញុំក៏សូមថ្លែងនូវអំណរគុណ និងការកោតសរសើរចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងសម្រាប់ការរីកលូតលាស់នៅក្នុងខេត្តរបស់ខ្លួន។ ខ្ញុំបានដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ខេត្តបន្ទាយមានជ័យក៏បានដោះស្រាយបញ្ហាជាបន្តបន្ទាប់ ដែលជាជំងឺរ៉ាំរៃ។ មិនមែនប៉ុន្មានថ្ងៃទេ ប៉ុន្តែប៉ុន្មានខែរួចមកហើយ ដែលខ្ញុំឱ្យឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យម្នាក់ មកចូលរួមដោះស្រាយបញ្ហាដីធ្លីនៅកន្លែងនេះ ហើយដូចជាកន្លែងណាមួយ (គឺ)អូរបីជាន់ កំពុងបានដោះស្រាយ រួចចប់ពីម្សិល។ ហ្នឹងសុទ្ធតែជំងឺរ៉ាំរ៉ៃរាប់សិបឆ្នាំហើយ ដែលដោះវាមិនចេញ។ ប៉ុន្តែយើងប្រើនយោបាយឈ្នះឈ្នះ យើងដោះស្រាយចេញ។

(៣) ការព្រលែងកូនត្រីនិងការដាំដើមឈើ មិនមែនធ្វើតែមួយថ្ងៃនៅក្នុងខែកក្កដានោះទេ …

ឥឡូវ យើងវិលមកទាក់ទិនជាមួយនឹងការរៀបចំការព្រលែងកូនត្រីនៅទីនេះ។ ហេតុអ្វីបានជាយើងត្រូវព្រលែងកូនត្រី? ព្រឹត្តិការណ៍នេះចាប់ផ្ដើមពីពេលណា? នេះវាជាគំនិតផ្តួចផ្តើមមួយ ដែលយើងត្រូវធ្វើ ហើយខ្ញុំក៏សូមបញ្ជាក់ថា ការព្រលែងកូនត្រីវាជាការចាំបាច់ ដើម្បីឱ្យធនធានត្រីរបស់យើងមានការកើនឡើង សម្រាប់ដោះស្រាយជីវភាពប្រជាពលរដ្ឋរបស់យើង។ ខ្ញុំគួរតែបញ្ជាក់ជាមុនថា ការព្រលែងកូនត្រីមិនមែនធ្វើតែមួយថ្ងៃ (នៅ)ថ្ងៃ១ កក្កដា នោះទេ។ ព្រលែងពេលណាក៏បានដែរ រាល់ថ្ងៃក៏បានដែរ ឱ្យតែមានកូនត្រីព្រលែង ហើយមានទឹកដើម្បីព្រលែងតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលយើងធ្វើ គឺជាពិធីនិមិត្តរូបអំពីយុទ្ធនាការនៃការព្រលែងកូនត្រីទៅក្នុងបឹងបួ ទៅក្នុងស្រះ ទៅក្នុងត្រពាំង ដែលយើងមានលទ្ធភាពព្រលែង ដើម្បីទទួលបានត្រឡប់មកវិញនូវចំណីអាហារសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ដាំកូនឈើក៏ដូចគ្នាដែរ មិនមែនដាំត្រឹមតែថ្ងៃ៩ ខែកក្កដា តែមួយថ្ងៃនោះទេ ដាំរាល់ថ្ងៃ ដាំគ្រប់ទីកន្លែង តាមតែអាចធ្វើទៅបាន។ ប្រទេសយើងបន្ទាប់ពីមានសន្ដិភាព យើងកាន់តែមានលទ្ធភាពដើម្បីនឹងធ្វើកិច្ចការងារនោះ។

(៤) បឹងបួ ព្រែក ទន្លេគោករាក់ ត្រីតិច ប្រជាជនច្រើន

យើងត្រូវយល់ដឹងថា ប្រទេសរបស់យើងស្ថានភាពវាមិនដូចកាលពីពេលមុនទេ។ ប្រសិនបើយើងមិនមែនជាតិរច្ឆាន ហើយយើងជាមនុស្សពិតប្រាកដ ដែលមិនលុះទៅដោយអំពើឈ្នានីស យើងត្រូវតែគិតថាកាលពីសម័យមុនដែលខ្មែរយើងនិយាយថា មានទឹកមានត្រី (នោះដោយសារថា) ប្រជាជនតិច ទឹកជ្រៅ ត្រីច្រើន។ នេះវាជារឿងពិតនៅក្នុងប្រទេសរបស់យើង។ នៅសម័យកាលមួយ ប្រជាជនខ្មែររបស់យើងមានមនុស្សប្រមាណជាង ១ លាននាក់តែប៉ុណ្ណោះ ហើយបន្តបន្ទាប់មក ដល់ដំណាក់កាលក្នុងទសវត្សរ៍ ៦០ មុនឆ្នាំ ១៩៧០ យើងគិតថាប្រជាពលរដ្ឋរបស់យើងមានត្រឹមតែ ៦ ទៅ ៧ លាននាក់ … ដល់ឥឡូវនេះ ទឹករាក់ ត្រីតិច ប្រជាជនច្រើន។ នេះជាចំណុចខុសគ្នានៅត្រង់ហ្នឹង។ បើសិនជាយើងមានសារធាតុជាមនុស្ស … មិនមានការកេងប្រវ័ញ្ចខាងនយោបាយណាមួយ វាត្រូវទទួលស្គាល់នូវការពិតដែលបានកើតឡើងនូវរបៀបនេះ។

យើងត្រូវឃើញថា ក្នុងមួយឆ្នាំៗ ខែនេះចាប់ផ្ដើមទឹកឡើងហើយ បាននាំដីល្បាប់ចូលទៅកាន់(គ្រប់)ទីកន្លែង។ ផ្នែកបឹងបួ បន្ថែមទៅដោយ(ល្បាប់)គោករាក់ ស្លឹកឈើជ្រុះ។ នៅក្នុងបឹងនីមួយៗតែងមានដើមឈើ ជាដើមរាំង ជាដើមត្រស់ ដើមឈើផ្សេងៗធ្លាក់ស្លឹកឈើ។ ដូច្នេះ ជារៀងរាល់ឆ្នាំ ​គឺបឹងបួរបស់យើងតែងតែមានគោករាក់ រាប់ទាំងទន្លេសាបទៀតផង។ ដូច្នេះ ចំនួនត្រីរបស់យើងក៏កាន់តែតិច ទឹកកាន់តែរាក់ ត្រីកាន់តែតិច ក្នុងពេលដែលប្រជាពលរដ្ឋរបស់យើង, មកដល់ពេលនេះ បើយើងគិតត្រឹមឆ្នាំ ១៩៧៩ ក្រោយរំដោះ យើងមានប្រជាជនត្រឹមប្រមាណជុំវិញ ៥ លាននាក់តែប៉ុណ្ណោះ, ឥឡូវនេះ បានឡើងដល់ ១៧ លាននាក់រួចស្រេចទៅហើយ គឺបានសេចក្ដីថា កើនដល់ ១២ លាននាក់ក្នុងរយៈពេល ៤៣ ឆ្នាំ។

ដូចដែលខ្ញុំធ្លាប់និយាយហើយ ខ្ញុំអត់មានទៅបន្ទោសនរណាបានទេ ព្រោះរឿងកូនច្រើននេះ វាជារឿងធម្មជាតិ ហើយម្យ៉ាងទៀត ខ្ញុំគឺជាអ្នកដែលមានកូនច្រើន ហើយចៅច្រើនទៀត។ រឿងកូននេះ គឺថាមិនដឹងយ៉ាងម៉េច ធ្វើជារដ្ឋមន្រ្តីការបរទេស មិនទាន់ដោះក្រវាត់កផង ប្រពន្ធពោះធំបាត់ហើយ។ អញ្ចឹងកូនកើតមួយឆ្នាំមួយៗ។ ឥឡូវមានចៅរហូតដល់ ២២ នាក់។ អាចនិយាយបានថា បំបែកឯតទគ្គកម្មក្នុងចំណោមមេដឹកនាំនៃរបស់ពិភពលោក ឬក៏អាចថា ក្នុងចំណោមអ្នកដែលមានចៅច្រើន ប៉ុន្តែសុំតែម្យ៉ាងទេ កុំប្រៀបធៀបខ្ញុំជាមួយនឹងអ្នកដែលមានប្រពន្ធច្រើន។ អ្នកមានប្រពន្ធច្រើន គេមានចៅច្រើន ប៉ុន្តែខ្ញុំមានប្រពន្ធតែមួយ ខ្ញុំមានកូន ៥ នាក់ ឥឡូវខ្ញុំមានចៅដល់ ២២ នាក់។ ប្រហែលជាមិនសង្ឃឹមថាមានចៅទី ២៣ ឬទី ២៤ ទេ។ ប៉ុន្តែជួនកាលអាច ធ្លោយដែរ។ បើមកចៅទី ២៣ ទៀតក៏វាកាន់តែល្អ …។

(៥) តម្រូវការដីធ្លីសម្រាប់ការបង្កបង្កើនផល នាំឱ្យបាត់ព្រៃ ចេញជាស្រែចំការនិងដំណាំឧស្សាហកម្ម

ខ្លះនិយាយហើយ និយាយទៀតច្រំដែលៗ ហើយខ្វះការគិតពិចារណា ដោយសួរថា​ ព្រៃឈើបាត់ទៅណា? បើសិនកុំមានប្រជាជនកើនឡើង ព្រៃឈើក៏មិនមានបាត់ទៅណាទេ។ វានៅដដែលហ្នឹង។ វាបាត់ព្រៃ ប៉ុន្តែវានៅដី។ ហេតុអ្វីបានកាប់ព្រៃ ដោយសារតែតម្រូវការដីធ្លីសម្រាប់ការបង្កបង្កើនផលហ្នឹងហើយ ដែលធ្វើឱ្យយើងបាត់​បង់នូវព្រៃឈើ។ គាត់កាប់យកទៅណា? គាត់កាប់ឈើ យកដីធ្វើស្រែចំការ។ គ្រាន់តែមួយឆ្នាំៗ យើងកាត់ពី គេ​ហៅថា គម្របព្រៃឈើឆ្នាំ២០០២ ដើម្បីចែកជូនប្រជាជនមិនតិចទេ។ តាមខ្ញុំនៅចាំ ប្រជាជនរបស់យើងកាលពីដើមបង្កបង្កើនផលក្នុងរង្វង់ ១លាន ៦សែន ទៅ ១លាន ៨សែន ហិកតាតែប៉ុណ្ណោះ ក្នុងឆ្នាំ១៩៧៩។ ឥឡូវ ផ្ទៃដីបង្កបង្កើនផលទាំងស្រែទាំងចំការ មានរហូតដល់ជាង ៤ លានហិកតារួចស្រេចទៅហើយ។ ចំណុចនេះ គួរតែត្រូវយល់ទាក់ទងនឹងបញ្ហាព្រៃឈើ។ វាបាត់ព្រៃឈើ ប៉ុន្តែវាដុះមក(វិញនូវ)ដំណាំភោគផលសម្រាប់ប្រ​ជាពលរដ្ឋរបស់យើងដដែលទេ … វាអស់ឈើ ដោយសារអ្វី? ដោយសារការកាប់ដើម្បីតម្រូវការនៃជីវភាពរបស់ប្រជាជន។

ដូចដែលខ្ញុំធ្លាប់និយាយហើយថា ពីដើមមានឈ្មោះខេត្តមួយហៅថា ខេត្តព្រៃវែង។ ចុះទៅខេត្តព្រៃវែង ខ្ញុំបានសួរអ្នកជំនាន់មុនថា ពីដើមមានព្រៃវាវែងមែន ប៉ុន្តែឥឡូវវាអត់មានព្រៃវែងទេ វាមានវាលវែងជំនួសវិញ ដោយ​សារតម្រូវការសម្រាប់ការបង្កបង្កើនផល។ ដូចគ្នានឹងខេត្តបន្ទាយមានជ័យរបស់យើងនេះ កាលពីមុន​តំ​បន់នេះ គឺជាតំបន់ព្រៃ​អញ្ចឹងដែរ។ ប៉ុន្តែដោយសារតម្រូវការនៃការបង្កបង្កើនផលរបស់ប្រជាជន គាត់ត្រូវការកាប់រុករាន … កន្លែងខ្លះ … ដីព្រៃរេចរឹលដែលត្រូវបានកាប់ ជំនួសមកវិញដោយដើមកៅស៊ូ ដោយដូងប្រេង ដោយស្វាយចន្ទី​។ ឥឡូវ បើយើងពិនិត្យអំពីកៅស៊ូនិងដំណាំឧស្សាហកម្មដទៃទៀត បានប្រហែលជាកន្លះលានហិក​តា? កៅស៊ូប្រហែលជាជាង ៤០ ម៉ឺនហិកតា នៅសល់ស្វាយចន្ទី និងផ្នែក(ដំណាំឧស្សាហកម្ម)ស្អីៗមួយចំនួនផ្សេងទៀត ប្រហាក់ប្រហែលកន្លះលានហិកតា …។

ពួកអគតិនិយម (ចេះតែបន្តលើកឡើងថា)ព្រៃបាត់ទៅណា? ឥឡូវ សូមអ្នកដែលទិតៀនខ្ញុំទាំងប៉ុន្មានប្រគល់ដីធ្លីត្រឡប់មកឱ្យខ្ញុំវិញ។ បើកាលណាអ្នកឯងកាន់កាប់ក្រោយឆ្នាំ១៩៧៩ អ្នកឯងត្រូវប្រគល់ដីហ្នឹងមកឱ្យខ្ញុំវិញ ដើម្បីខ្ញុំយកទៅដាំកូនឈើឡើងវិញ។ តើអ្នកឯងហ៊ានទេ? យើងដើរឱ្យដល់ចំណុចមួយ រុញឱ្យទល់នឹងជញ្ជាំង … បើសិនជាអ្នកឯងនៅបន្តថាបាត់ទៅណាព្រៃឈើហ្នឹង។ អញ្ចឹងដីរបស់អ្នកឯងកាន់កាប់ក្រោយឆ្នាំ ១៩៧៩ គឺជាដីដែលអ្នកឯងបានពីការកាប់ឈើនោះឯង។ ដីបាត់ទៅណា ដីនៅតែដីដដែល ប៉ុន្តែត្រូវបានក្រុមពួកអ្នកឯងមួយចំនួនកាន់កាប់។ អញ្ចឹងសូមកុំភាន់ច្រឡំ។ ការទាញចំណេញណាមួយដោយខ្វះការពិចារណា គឺនឹងត្រូវទទួលផលត្រឡប់មកវិញ។ ប៉ុន្តែខ្ញុំមិនធ្វើដល់កម្រិតប៉ុណ្ណឹង តែខ្ញុំគ្រាន់តែរុញច្រាននូវទ្រឹស្ដីមួយឱ្យឃើញថា បាត់ព្រៃឈើទៅណា? ដីធ្លីទៅណា? ដីធ្លីដែលអ្នកឯងកំពុងបង្កបង្កើនផលហ្នឹងហើយ គឺជាដីដែលអ្នកឯងថាបាត់នោះ។ ព្រៃឈើដីដែលអ្នកកំពុងបង្កបង្កើនផលនោះហើយ ដែលអ្នកឯងនិយាយថាជាដីដែលបាត់បង់ព្រៃឈើនោះ។

ហ្នឹងគឺជាចំណុចដែលគួរតែត្រូវបាននិយាយគ្នាឱ្យបានច្បាស់ៗ សម្រាប់សុន្ទរកថារបស់ខ្ញុំនៅថ្ងៃនេះ ដើម្បីចៀសវាងថាបាត់ព្រៃឈើ … ចុះគាត់ឯងទៅកាប់ព្រៃឈើ(យកដី)ធ្វើចំការហ្នឹង យ៉ាងម៉េចដែរ? (កាប់ព្រៃយកដី)ធ្វើស្រែយ៉ាងម៉េចដែរ? បើអ្នកឯង​ចិត្តសឿង អ្នកឯងត្រូវប្រគល់ដីហ្នឹងឱ្យត្រឡប់មកវិញ។ កាលឆ្នាំ​២០០៣ ខ្ញុំក្ដៅដែរ។ បងប្អូនមកពីក្រៅប្រទេស ឆ្នាំ១៩៩១, ១៩៩២ និងឆ្នាំ១៩៩៣ ខ្ញុំប្រគល់ផ្ទះឱ្យ ដើម្បីឱ្យបងប្អូនទាំងនោះ ទាំងខាង KPNLF, ទាំងខាងហ្វ៊ុនស៊ិនប៉ិច។ ដល់ឃោសនាឆ្នាំ២០០៣ វាយប្រហារខ្ញុំថា យើងហ្នឹងរឹបយកផ្ទះអីអញ្ចេះអញ្ចុះ។ ដល់ខ្ញុំថា ចាប់ផ្ដើមប្រគល់ផ្ទះហ្នឹងមកឱ្យវិញ ផ្ទះដែលខ្លួនចូលមកយកពីរដ្ឋប៉ុន្មាន ប្រគល់មកវិញទាំងអស់។ ស្ងាត់ដែរ។ ស្ងាត់តាំងពីឆ្នាំ២០០៣ … ឱ្យផ្ទះគេហើយ គេយកអាហ្នឹងមកវាយប្រហារយើងទៀត​។ តើនរណាមិនឈឺចិត្ត? វាទាល់តែមនុស្សហ្នឹង គឺថាជាដុំថ្ម បានវាមិនឈឺ។

(៦)ការគោករាក់នៃទន្លេ បឹងបួ បង្កើតជាស្ថានភាពបាត់បង់ផលប្រយោជន៍ ដែលទី១ បាត់បង់ផលត្រី និងទី២ ការលំបាកក្នុងចរាចរណ៍ផ្លូវទឹក

ឥឡូវវិលមកបញ្ហាទាក់ទិនជាមួយនឹងរឿងធនធានធម្មជាតិ ទាក់ទិននឹងត្រី។ ការគោករាក់នៃទន្លេ នៃបឹងបួរបស់យើងនេះ វាបង្កើតទៅជាស្ថានភាពបាត់បង់ផលប្រយោជន៍។ ខ្ញុំធ្លាប់បាននិយាយរំលឹក នៅឃុំរបស់ខ្ញុំ ខាងក្រោយភូមិរបស់ខ្ញុំមានបឹងច្រើនណាស់ ដែលហៅថា បឹងអាករឃុំ។ ប៉ុន្តែ បឹងនោះបាត់បង់ពីផែនទីអស់រលីងហើយ។ កាលពីខ្ញុំនៅត្រឹមអាយុជាង ១០ឆ្នាំ មិនចាំបាច់ទៅណាឆ្ងាយទេ សូម្បីតែនៅមាត់ព្រែកមុខផ្ទះខ្ញុំ ក៏វាមានទឹកខួបប្រាំងខួបវស្សា អាចរកត្រីនៅហ្នឹង។ ប៉ុន្តែឥឡូវវាគោកអស់រលីង​។ គេហៅថា បឹងត្រពាំងជ្រៃ បឹងតាម៉ា បឹងតាប៉ា បឹងនេះបឹងនោះ។ ឥឡូវវាមិនមែនជាបឹងទេ ជាស្រែប្រាំងរបស់ប្រជាជនអស់រលីងទៅហើយ​។ មានត្រីមកពីណាទៀត។ បន្ថែមលើនោះ ទន្លេសាបរបស់យើង … វានៅសល់ទឹកគួរសម ប៉ុន្តែកន្លែងខ្លះ ពេលដែលខ្វះទឹក (នៅ)តំបន់មេត្រី ងាប់ត្រីអស់មិនតិចទេ។ ឥឡូវហ្នឹង យើងមិនទាន់មានលទ្ធភាពដើម្បីបូមស្ដារជាមួយនឹងទន្លេសាបដ៏ធំមួយនេះ(បានទេ)។

មានអ្នកវិទ្យាសាស្រ្តម្នាក់គាត់បានបង្ហាញថា អាហ្នឹងជាកំណប់មហាសាល។ បូមទន្លេសាបយកវាទៅធ្វើជី។ បានខ្ញុំថា មិនមែនខ្ញុំមិនគិតឃើញអាហ្នឹងទេ។ ក្នុងសៀវភៅ ១០ ឆ្នាំនៃដំណើរកម្ពុជា ដែលខ្ញុំសរសេរតាំងពីមុនឆ្នាំ១៩៨៩ ប៉ុន្តែបោះផ្សាយនៅថ្ងៃទី៧ មករា ១៩៨៩ ខួប ១០ឆ្នាំនៃដំណើរជាតិកម្ពុជា ក្រោយពីរំដោះ ១៩៧៩ ខ្ញុំបាននិយាយហើយ អំពីការគោករាក់ធ្វើឱ្យបាត់បង់ផលត្រី។ យើងក៏បានដាក់ចេញនូវនយោបាយវារីវប្បកម្មតាំងពីឆ្នាំ១៩៨៥ ឯណោះ ព្រោះយើងបានឃើញអំពីការកើនឡើងនៃចំនួនប្រជាពលរដ្ឋ ទន្ទឹមនឹងការធ្លាក់ចុះនៃផលត្រីរបស់យើង ដោយសារការគោករាក់នៃបឹងបួ។

អ្នកវិទ្យាសាស្រ្តមួយចំនួនគិតឃើញដោយងាយថា គេអាចបូមបឹងទន្លេសាប ហើយយកអាហ្នឹងទៅធ្វើជាជី។ ប៉ុន្តែ ចោទសួរថា អ្នកឯងបូមបឹងហ្នឹង តើបានទុនមកពីណាយកទៅបូម? អាហ្នឹងទី១។ ទី២ ដើម្បីឱ្យក្លាយទៅជាជី តើត្រូវធ្វើយ៉ាងម៉េច? វាត្រូវមានមធ្យោបាយដើម្បីកែច្នៃវាទៅជាជី ត្រូវច្រក​ ត្រូវដឹកជញ្ជូន វាមិនមែនជារឿងងាយស្រួលទេ។ មិនមែនបានសេចក្ដីថា បើគេគិតឃើញ យើងក៏គិតឃើញ បើយើងគិតឃើញ គេក៏គិតឃើញ ប៉ុន្តែវាស្ថិតនៅត្រង់ថា មធ្យោបាយរបស់យើងមានដល់កម្រិតណា។

សព្វថ្ងៃនេះ យើងមានលទ្ធភាពត្រឹមតែបូមស្ដារដើម្បីតម្រង់ចរន្តទឹក និងដើម្បីដោះស្រាយចរាចរណ៍ផ្លូវទឹកតែប៉ុណ្ណោះ។ នេះជាលទ្ធភាពខ្ពស់បំផុតរបស់យើង។ បើយើងគិតអំពីទន្លេមេគង្គ ដៃទន្លេសាប មិនទាន់គិតដល់ទន្លេសាបខាងក្នុងទេ ការបាក់ច្រាំងគឺមានរាល់ឆ្នាំ។ ផ្ទះរបស់ខ្ញុំដែលកាលពីមុននេះនៅឃ្លាតពីមាត់ទន្លេប្រមាណជា ១ ៨០០ ម៉ែត្រ ឥឡូវផ្ទះរបស់ខ្ញុំនៅសល់តែ ៤០ ម៉ែត្រទៀត គឺបាក់ផ្ទះ(ចូលទន្លេ)ហើយ … ចរន្តទឹកនៅក្នុងទន្លេឬនៅក្នុងព្រែក កាលណាដុះខាងណេះ វាទៅបុកបាក់នៅម្ខាងទៀត។ ដល់វាដុះខាងណោះ វាបុកបាក់ម្ខាងទៀត។ ទន្លេក៏វាដូចគ្នាដែរ។ យើងមានលទ្ធភាពធ្វើច្រាំងដើម្បីទប់ស្កាត់ការបាក់ ប៉ុន្តែកន្លែងខ្លះវាក៏មានការលំបាក ដូចជានៅទីក្រុងភ្នំពេញ យើងបានធ្វើទាំងសងខាងទន្លេ។ ត្រើយម្ខាង ពីដើមនៅខាងជ្រោយចង្វារក៏ពិបាកដែរ ប៉ុន្តែឥឡូវយើងបានចាក់បេតុង ដើម្បីទប់ស្កាត់ការបាក់(ច្រាំង)នៅត្រើយម្ខាងខាងណោះ ហើយអភិវឌ្ឍន៍នៅតំបន់ម្ខាងខាងណោះ។

អញ្ចឹងទេ ស្ថានភាព(គោករាក់)នេះវាបង្កើតជាស្ថានភាពទី១ បាត់បង់ផលត្រី។ ទី២ ចរាចរណ៍ផ្លូវទឹក ដែលយើងធ្លាប់ដឹកជញ្ជូនតាមផ្លូវទឹកមានការគោករាក់។ នៅឯខេត្តបន្ទាយមានជ័យរបស់យើង មានស្ទឹងមង្គលបុរី។ ស្ទឹងមង្គលបុរីក៏មានការគោករាក់ ស្ទឹងសង្កែក៏មានការគោករាក់ បើនិយាយពីខេត្តទាំង២ហ្នឹង មានស្ទឹងមង្គលបុរី និងស្ទឹងសង្កែ​ … ការគោករាក់ស្ទឹងសង្កែ គឺបណ្ដាលមកពីការជីកត្បូងខាងលើ។ ជំនាន់ទសវត្សរ៍ ៨០ ជំនាន់នោះ ជីក(ត្បូង)ធ្លាក់ទឹកមក ឡើងក្រហមទាំងអស់។

(៧) បំផុសចលនាលែងកូនត្រី ភ្ញាស់កូនត្រី និងចិញ្ចឹមត្រី ដើម្បីឆ្លើយតបនឹងតម្រូវការ

អញ្ចឹង ទាំងអស់នេះហើយ ជាចំណុចដែលយើងត្រូវតែចាប់ផ្ដើមជម្រុញលើកទឹកចិត្តឱ្យមានការរៀបចំ ដើម្បីឱ្យមានផលត្រីរបស់យើង​សម្រាប់ការបំពេញតម្រូវការ តាមរយៈបំផុសចលនាព្រលែងកូនត្រី ភ្ញាស់កូនត្រីហើយព្រលែងចូលទៅក្នុងបឹងបួ ព្រែក ទន្លេឲ្យបានច្រើន តាម​ដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ ជម្រុញ​ចលនាក្នុងការចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ទីផ្សារ​។ ក្នុងប៉ុន្មានថ្ងៃនេះ ដោយសារជាក្រឹត្យក្រមហើយ រដូវនេះជារដូវបិទនេ​សាទ ហាម(មិនឲ្យ)ចាប់​ត្រី​​នៅក្នុងពេលត្រីពង អញ្ចឹងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានចរន្ដនៃការកើនឡើងនៃថ្លៃត្រី គឺឡើងថ្លៃ(សម្រាប់)​ត្រីឆ្តោរ ត្រីរ៉ស់ ត្រីអណ្ដែង។

ហ្នឹងយើងពិនិត្យឃើញ ប៉ុន្ដែក្នុងពេលជាមួយគ្នា បែរជាសាច់ជ្រូក សាច់គោ មាន់កសិក​ម្មថយចុះ(តម្លៃ)ទៅវិញ​។ ប៉ុន្ដែ មាន់ស្រែឡើងថ្លៃ ព្រោះខ្មែរយើងបច្ចុប្បន្នខុសពីខ្មែរសម័យ ២០ ទៅ ៣០ ឆ្នាំមុន។ ខ្មែរសម័យ​មុនស៊ីយ៉ាងម៉េចឲ្យតែឆ្អែត ប៉ុន្ដែឥឡូវអត់អញ្ចឹងទេ ស៊ីយ៉ាងម៉េចឲ្យឆ្អែតហើយឲ្យឆ្ងាញ់។ អញ្ចឹងចូលចិត្តស៊ីមាន់ស្រែ​ មិនចូលចិត្តមាន់ចិញ្ចឹមកសិកម្ម។ ប៉ុន្ដែហ្នឹងអ្នកណាមានលទ្ធភាព ស៊ីអីស៊ីហ្នឹងទៅ គ្មានការហាមឃាត់ទេ។ អញ្ចឹងទេ យើងត្រូវប្រើវិធានការលែងកូនត្រី ភ្ញាស់កូនត្រីឲ្យច្រើន។

សូម្បីតែខ្ញុំ ខ្ញុំបានប្រគល់មេត្រី​ខ្ទង់ ៤០០ ទៅ ៥០០ (ក្បាល)ប៉ុណ្ណឹង ខ្ញុំប្រគល់សុទ្ធតែមេត្រីធំៗ ដើម្បីឲ្យក្រសួងកសិកម្មយកទៅ ព្រោះខ្ញុំមាន​ស្រះចិញ្ចឹមត្រី។ ប៉ុន្ដែ ខ្ញុំស្ដាយកូន(ត្រី) ខ្ញុំទៅយកត្រីពីអាម៉ាហ្ស៊ូនណាមក ស៊ីត្រីឯងខ្ទេចអស់មួយស្រះ ពីរស្រះ។ វាចង្រៃ​វាអញ្ចឹង មិនជួយបង្កបង្កើនផលឯង។ អានោះមកស៊ីតែត្រីគ្នាវា អស់ស្រះខាងមុខ សល់ខាងក្រោយឲ្យខាង(ក្រសួង)កសិកម្មទៅចាប់។ កូនត្រីរបស់ខ្ញុំឲ្យតាំងពី ២០២០ (ដល់)ឥឡូវមិនតិចលានកូន(ត្រី)ទេ ដែលយើងផ្ដល់ឲ្យប្រ​ជាពលរដ្ឋដើម្បីចិញ្ចឹមត្រី ហើយយើងផ្ដល់ឲ្យមានការចិញ្ចឹម គេហៅថា ភ្ញាស់កូនត្រីដើម្បីផ្គត់ផ្គង់​ឲ្យទៅអ្នកដែលចិញ្ចឹមត្រី ឬក៏យើងយកទៅព្រលែងក្នុងស្រះក្នុងទន្លេ។

(៨) បន្តឆ្វៀលដីក្នុងតំបន់បឹងទន្លេសាប ប្រជាពលរដ្ឋកុំបន្ដរានដីព្រៃលិចទឹក ដាំព្រៃលិចទឹកឡើងវិញ និងក្រសួងកសិកម្មពិនិត្យទីតាំងដែលត្រូវបូមឱ្យជ្រៅរក្សាពូជត្រី

ខ្ញុំបានបញ្ជាក់ ហើយនៅបន្ដបញ្ជាក់​ មក​ដល់ខេត្តបន្ទាយមានជ័យ សុខ លូ មកពីបាត់ដំបង។ ខ្ញុំនៅតែបន្ដបញ្ជាក់អំពីបញ្ហាទាក់ទងនឹងបញ្ហា(ដីបឹង)ទន្លេសាប។ ខ្ញុំនៅតែឲ្យបន្ដត្រូវការកាត់ចេញពីតំបន់ ៣ ប៉ុន្មាន(ហិកតា) កាត់ចេញពីតំបន់ ២ មកតំបន់ ១ ប៉ុន្មាន(ហិកតា)? ឆ្វៀលចេញប៉ុន្មាន(ហិកតា) ដើម្បីឲ្យប្រជាជនគាត់គ្រប់​គ្រងឲ្យបានល្អ ចៀសវាងនូវការស្មុគស្មាញនៃការដោះស្រាយ​បញ្ហាមិនចេញ។ ប៉ុន្ដែខ្ញុំក៏សូមអង្វរករប្រជាពលរដ្ឋរបស់យើង កុំបន្ដការកាប់រាននូវដីព្រៃលិចទឹកបន្ដទៀត (ប៉ុន្ដែ)យើង​ត្រូវ​ដាំព្រៃលិចទឹកឡើងវិញ។ ឧទ្ធម្ភាគចក្ររបស់ខ្ញុំហោះកាត់ទន្លេសាប ខ្ញុំក៏សំលឹងមើលទៅខាងក្រោម កន្លែងខ្លះអត់​មានធ្វើស្រែធ្វើអីទេ ប៉ុន្ដែបែបវាលពីណាពីណីមក ប៉ុន្ដែមិនមែនជាកម្មវត្ថុទៅរុករានធ្វើ(ស្រែ)កន្លែងហ្នឹងទេ។ ​អញ្ចឹង នេះ​ជាចំណុចដែលត្រូវដោះស្រាយបញ្ហា ហើយក៏សូមឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខ្លួនឯង​នេះ ពិនិត្យមើលកន្លែងណាដែលត្រូវជីក បូមឲ្យវាជ្រៅ​ ដើម្បីដាក់ទុកសម្រាប់ការរក្សាពូជត្រីរបស់យើង។

មានអ្នកខ្លះ មកដល់ឆ្នាំ២០២២ ហើយ មកផ្ដល់យោបល់ឲ្យខ្ញុំថា សូមឲ្យឯកជនបង្កើតឡូត៍នេសាទឡើងវិញ ឲ្យឯកជន​ជួយគ្រប់គ្រង។ (ដោយហេតុនេះ)បានជាខ្ញុំឲ្យចាក់ឡើងវិញនូវអ្វីជាការសម្រេចចុងក្រោយរបស់ខ្ញុំនៅថ្ងៃ៨ មីនា ២០១២។ ​ពេលនោះ ដូចជាលុបចោលឡូត៍នេសាទទាំងអស់ ព្រោះអារឿងឡូត៍នេសាទនោះហើយ ដែលធ្វើឲ្យយើងពិបាក។ រយៈពេលជាង ១០០ ឆ្នាំ ដែលឡូត៍នេសាទត្រូវបានបង្កើត កសិករបស់យើងក៏ទទួលផល ប៉ុន្ដែក៏មានបញ្ហាអសកម្ម។

ខ្ញុំ​ធ្វើ​កំណែទម្រង់ឡូត៍នេសាទចាប់ពីឆ្នាំ២០០០ … (ដោយ)ឆ្នាំ២០០០ ជាឆ្នាំទឹកធំ ខ្ញុំបានទៅចែកជំនួយនៅខេត្តសៀមរាប។ ខ្ញុំអង្គុយជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម ចម ប្រសិទ្ធ និង សៀង ណាំ អ្នកតំណាងរាស្ដ្រ។ ពេលនោះ គ្រាន់តែប្រជាពលរដ្ឋអុំទូកកាត់ឡូត៍​នេសាទ គេចាប់ប្រជាពលរដ្ឋហ្នឹងតែម្ដង។ ក្រោយមក ខ្ញុំកាត់ឡូត៍(នេសាទ)ចេញមួយចំនួនដូចជា ៦០% នៃឡូត៍(នេ​សាទ)ឲ្យប្រជាជន។ ប៉ុន្ដែរឿងវាមិនចប់​។ វានៅដដែល។ ចុះឡើងៗ ខ្ញុំរកឃើញស្ទឹងសែននៅខេត្តកំពង់ធំ (គេ)រក្សាទុកជាឡូត៍​នេសាទដដែលមិនព្រមកាត់។ ដល់អញ្ចឹងខ្ញុំថាមិនកើតទេ ពឹងលើ(ក្រសួង)កសិកម្ម គាត់ទុក(រឿង)ហ្នឹងដដែល … ប្រជាជននៅហ្នឹងមាត់បឹងព្រែក តែអត់មានសិទ្ធិចុះចាប់ត្រីក្នុងព្រែកហ្នឹងទេ។​ តើយើងគួរទុកឬមិនគួរ? …

បើយើងពិនិត្យពេលនោះ ក្នុងមួយឆ្នាំ យើងទទួលលុយពីឈ្នួលឡូត៍នេសាទ ​ពីគ្រប់ទីកន្លែងប្រមាណជា ២០ ទៅ ៣០ ម៉ឺនដុល្លារតែប៉ុណ្ណោះ។ វាតិចណាស់។ អញ្ចឹងកាត់វាចោលទៅ ហើយប្រគល់ឲ្យប្រជាពលរដ្ឋគាត់ថែទាំ បង្កើតជាសហគមន៍ឡូត៍នេសាទ ឲ្យពួកគាត់ទទួលផលបានពីធនធាន​ធម្ម​ជាតិ​។ អញ្ចឹងបានជាខ្ញុំផ្ដល់អនុសាសន៍ថា កន្លែងខ្លះដែលគាត់រស់នៅ … មិនមែនរាប់ឆ្នាំទេ (ប៉ុន្ដែ)កន្លែងខ្លះ ២០០ ឆ្នាំទៅហើយ តើឲ្យគាត់ទៅនៅឯណា? អញ្ចឹងបើយើងវាស់ទៅ កន្លែងហ្នឹងមាន ១ ម៉ឺនហិកតា គាត់កាន់កាប់អស់ ៥ ០០០ ហិកតា។ អញ្ចឹងទេយើងអាចទុកប៉ុន្មានទៀតឲ្យពួកគាត់ទៅរកអុស ទៅនេសាទនៅតំបន់ហ្នឹង ​ឲ្យទៅជាព្រៃសហគមន៍ ឲ្យគាត់មើលការខុសត្រូវ។ ហ្នឹងជាវិធីល្អបំផុតក្នុងការគ្រប់គ្រងកុំឲ្យមានបញ្ហា នេះជាវិធីដោះស្រាយរបស់យើង។

(៩) ពីតំបន់ពិឃាត មកជាតំបន់បង្កបង្កើនផលត្រី ទឹកសម្រាប់ស្រោចស្រព និងតំបន់ទាក់ទាញទេសចរ

ឥឡូវ ឯកឧត្តម លឹម គានហោ មកនេះដែរ។ មុននឹង​និយាយបន្ដទៀត ខ្ញុំចង់និយាយពីអាងនេះបន្ដិចសិន។ អាងនេះជាទីលានសម្លាប់មនុស្សក្នុងសម័យប៉ុល ពត ប៉ុន្ដែឥឡូវ អាងនេះបានប្រែប្រួលមុខមាត់ទៅជាតំបន់ទេសចរណ៍គួរឲ្យទាក់ទាញ។ សម្ដេច​វិបុល​បញ្ញា សុខ អាន គាត់ជាជនរងគ្រោះនៅតំបន់នេះ ហើយឥឡូវបានជាមានវិទ្យាល័យ សុខ អាន នៅកន្លែងនេះ។ សុខ អាន បានរៀបរាប់ឲ្យខ្ញុំដឹងថា ដើម្បីសង្គ្រោះប្អូនបង្កើត សព្វថ្ងៃជាវេជ្ជបណ្ឌិត ជារដ្ឋលេខា​ធិការក្រសួងសុខាភិបាល (គាត់)ត្រូវយកនាឡិកាមួយគ្រឿងទៅសូកប្រធានភូមិបានរួចខ្លួន។ កាលជំនាន់នោះប្រធានភូមិចេះស៊ីសំណូក។ អញ្ចឹងបាននាឡិកាមួយគ្រឿងនោះសង្គ្រោះជីវិត សុខ ផេង បានមកដល់រាល់ថ្ងៃនេះ។ ឥឡូវបានកើតជា សុខ សប្បាយណា ទៅក្រសួងអប់រំរាល់ថ្ងៃនេះ។ កុំអីងាប់នៅកន្លែងហ្នឹង។

អាងត្រពាំង​​ថ្ម តម្កល់ទឹកច្រើនណាស់។ ខ្ញុំសួរបង(លឹម គាន)ហោ បន្ដិច។ កាលដែលយើងមកជាមួយ Kenneth M. Quinn នៅឆ្នាំណា? (អត់ចាំ?) ប៉ុន្ដែដូចជា​ Kenneth M. Quinn មកដែរ ព្រោះគាត់ទាក់ទងនឹងការអភិរក្សសត្វក្រៀលបើកទ្វារទឹក។ មើលការកត់ត្រានានា កត់មិនអស់ពីសកម្ម​ភាពខ្ញុំផង។ ខាងផ្នែកអ្នកកត់ត្រា តើខ្ញុំមកទីនេះប៉ុន្មានដង។ អ្នកកត់ត្រាកត់មិនអស់។ ស្រាវជ្រាវឡើងវិញ។ កាល​នោះ ដូចជាជំនាន់ អន​ ស៊ុំ អភិបាលរងនិងអភិបាលខេត្ត ថាច់ ឃន។ ខ្ញុំមកបើកទ្វារទឹកអីនោះ។ ឆ្នាំណា? ឆ្នាំ ២០០៤? ឆ្នាំ ២០០៦? ក្រសួងធនធានទឹកនិងខេត្តថា ២០០៤, អ្នកកត់ត្រាខាងខុទ្ទកាល័យថា ២០០៦។ យើងចាំតែឡប់តាមទៅ។ ស្រាវជ្រាវខ្លួនឯង(វិញ)ល្អជាង។ ស្រាវជ្រាវពីទូរទស្សន៍ជាតិ អាហ្នឹងល្អជាងគេ ព្រោះទូរទស្សន៍ជាតិគេតាមថត​។ រូបភាពហ្នឹងត្រូវរក្សាទុក ព្រោះជារូបភាពប្រវត្ដិសាស្ដ្រពីតំបន់ដែលមានបញ្ហា ក្លាយជាតំបន់(ដែល)ទាក់​ទាញទេសចរ តំបន់បង្កបង្កើនផល ក្នុងនេះគឺមានការព្រលែងកូនត្រី ដែល(នឹង)ក្លាយទៅជាចំណីអាហារប្រជាពលរដ្ឋ មានទឹកសម្រាប់ជួយស្រោចស្រព ហើយក៏ជាតំបន់ដែលទាក់ទាញទេសចរ។

(១០) ក្រសួងធនធានទឹក ទទួលសង់ផ្លូវនៅលើទំនប់អាងទឹកត្រពាំងថ្ម

បញ្ហាពីរ ដែលខ្ញុំគិតថាត្រូវដោះស្រាយ។ ទី១ ផ្លូវនៅលើទំនប់នេះជិត ១០ គីឡូម៉ែត្រ ពេលណាធ្វើ ឯកឧត្តម លឹម គានហោ? បានទទួលធ្វើ ប៉ុន្តែធ្វើពេលណា? អត់មានពន្យារទេ ព្រោះ(រឿងផ្លូវ)ហ្នឹង ខ្ញុំនិយាយតាំងពីឆ្នាំ ២០១៣។ ២០១៣ បានសេចក្ដីថា គេធ្វើរួចអស់ហើយ … ដល់នៅលើទំនប់ហ្នឹងមិនត្រូវគ្នារវាងក្រសួងសាធារណការ ជាមួយនឹងក្រសួងធនធានទឹក។ ក្រសួងធនធានទឹកថាអាហ្នឹងជាទំនប់ ខ្ញុំត្រូវតែធ្វើ។ ក្រសួងសាធារណការថាអាហ្នឹងផ្លូវ ខ្ញុំត្រូវតែធ្វើ។ ដល់ធ្វើចុះធ្វើឡើង អត់ធ្វើ។ អញ្ចឹងធ្វើពិតប្រាកដ? ប៉ុន្មានថ្ងៃដាក់គ្រឿងចក្រ? មួយសប្ដាហ៍។ កត់ត្រាទុក។

(១១) ឆ្នាំ២០០៤ ស្តារនិងជួសជុលអាងទឹកត្រពាំងថ្ម សម្ពោធដាក់ឱ្យប្រើប្រាស់ឆ្នាំ២០០៦

ឥឡូវមានការកត់ត្រាប្រវត្តិអាងទឹកត្រពាំងថ្ម។ ឆ្នាំ២០០៤ រាជរដ្ឋាភិបាលបានធ្វើការស្ដារនិងជួសជុលឡើងវិញលើខ្នងទំនប់ទាំង ២ ខ្សែ ប្រព័ន្ធប្រឡាយមេ ប្រឡាយរង រៀបថ្មក្រាលគ្រឹះ និងគ្រួស និងជួលជុលស្ពានទាំង ៣ កន្លែង ទ្វារទឹក និងលូជាច្រើនកន្លែង ក្រោមជំនួយប្រទេសជប៉ុន ហើយបានដាក់សម្ពោធឱ្យប្រើប្រាស់នៅឆ្នាំ ២០០៦ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ពេលហ្នឹងអត់ទាន់(មាន) តេជោ ទេ កុំចេះតែដាក់។ ពេលហ្នឹងសម្ដេច ហ៊ុន សែន។ តេជោ(ឆ្នាំ) ២០០៧។ ហ្នឹងនិយាយឱ្យត្រូវក្បួនខ្នាតរបស់វា។ ដំ​ណាក់កាលណាដំណាក់កាលសមមិត្ត ដំណាក់កាលណាដំណាក់កាលឯកឧត្តម ដំណាក់កាលណាសម្ដេច ដំណាក់កាលណាតេជោ … បើអញ្ចឹងប្រហែលជាលទ្ធភាពខ្ញុំមកពីរដង ម្ដងមកទាក់ទងហ្នឹងអភិរក្សសត្វក្រៀល អាហ្នឹងជំនាន់អគ្គរដ្ឋទូតអាមេរិក Kenneth M. Quinn និងម្ដងទៀតគឺជាមួយជប៉ុន មកបើកទ្វារទឹកអញ្ចឹងគឺ ២០០៦ សម្រាប់ការមកដល់កន្លែងហ្នឹង។ អញ្ចឹងឥឡូវបានដោះស្រាយបញ្ហា ការស្ថាបនាផ្លូវនៅលើទំបន់នេះបានដោះស្រាយហើយ។

(១២) ដោះមីននិងប្រកាសឃុំប៉ោយចារ និងអាងត្រពាំងថ្ម ជាតំបន់គ្មានមីនយ៉ាងយូរចុងឆ្នាំ២០២២

រឿងមួយទៀតដែលខ្ញុំគិតថាចាំបាច់ត្រូវតែដោះស្រាយថ្ងៃនេះ នៅត្រង់អញ្ចេះ យើងមិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់ទេ។ ខ្ញុំទទួលនូវរបាយការណ៍ពី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានបញ្ជាក់ថា ឃុំប៉ោយចារ ស្រុកភ្នំស្រុក អាងត្រពាំងថ្ម ដីបោសសម្អាតមីនរួចចំនួន ១,២៣ គីឡូម៉ែត្រក្រឡា(តួលេខជាក់ស្ដែង៖ ១ ២៣៨ ០២៧ ម៉ែត្រក្រឡា) និងកម្ទេចមីនប្រឆាំងមនុស្សចំនួន ១៨៥ គ្រាប់, មីនតោន ៣ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២ ៨១៨ គ្រាប់ ផ្ទៃដីនៅសល់ចំនួន ០,២៤ គីឡូម៉ែត្រក្រឡា(តួលេខជាក់ស្ដែង៖ ២៤៥ ៦៧៣ម៉ែត្រក្រឡា) ស្មើនឹងចំការមីន ៦ ប្រមាណ ៩៨% នៃផ្ទៃដីមានមីននៅទូទាំងស្រុកភ្នំស្រុក។ ជនរងគ្រោះដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះនៅទីនេះមានចំនួន ៧ នាក់ ប្រុសស្ដ្រី ៦ នាក់ និងកុមារ ១ នាក់ ក្នុងនោះគ្រោះថ្នាក់មីន ២ នាក់ ស្លាប់ ១ នាក់, ពិការ ៤នាក់ និងរបួស ០២នាក់។ អញ្ចឹង ខ្ញុំសុំស្នើឱ្យផ្ដាច់ព្រ័ត្រទៅលើបញ្ហាការដោះស្រាយមីននៅលើផ្ទៃដីដែលនៅសេសសល់។ ឯកឧត្តម អ៊ំ រាត្រី ធ្វើការភ្លាមជាមួយនឹងអាជ្ញាធរ មីន បញ្ជូនកម្លាំងចុះដោះឱ្យអស់ដើម្បីធានាសុវត្ថិភាព ហើយប្រកាសឃុំប៉ោយចារ ក៏ដូចជាអាងត្រពាំងថ្មនេះ ជាតំបន់គ្មានមីនតែម្ដង។ ទោះបីដោយតម្លៃណាក៏ដោយ ត្រូវតែដោះមីននៅតំបន់នេះ ហើយធ្វើម៉េចនៅចុងឆ្នាំនេះយ៉ាងយូរ ត្រូវតែប្រកាសតំបន់នេះជាតំបន់គ្មានមីនដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋរបស់យើង។

ខ្ញុំគួរតែនិយាយបញ្ហានេះតែម្ដងទៅ។ ឥឡូវយើងចាប់ផ្ដើមប្រកាសដាក់ខេត្ត ស្រុក ឃុំ ជាបណ្ដើរៗ អំពី​ការអស់មីន។ ខ្ញុំសុំឱ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាដាក់ចូលទៅក្នុងថវិកាជាតិសម្រាប់ឆ្នាំ ២០២៣-២០២៤ ខាងមុខ ជាដំណាក់ៗ ដើម្បីបង្ហើយការដោះមីន ហើយបញ្ចប់ខេត្ត ស្រុក ឃុំ ប្រកាសថាគ្មានមីនតែម្ដង។ ឥឡូវ នៅខេត្តកែប យើងប្រកាសថា ជាខេត្តដែលគ្មានមីនទៅហើយ។ កន្លែងខ្លះទៀតត្រូវការលុយត្រឹមតែ ៥ ម៉ឺនដុល្លារទេ។ យើងទៅរកសុំបរទេស។ វាពិបាកណាស់។ ឥឡូវដាក់ចូលក្នុងថវិកាជាតិ ដើម្បីបញ្ចប់នៅទីកន្លែងមួយចំនួនដែលវាជិតអស់ហើយ ប៉ុន្តែខ្វះលុយដោះ។ កម្លាំងដោះមីន មានជាកម្លាំងCMAC ​និងកម្លាំងប្រតិបត្តិករដទៃទៀត ដូចវិស្វកម្មកងទ័ព ទាំងកងទ័ព អគ្គបញ្ជាការកងទ័ពទាំងជើងគោក ទាំងកម្លាំងប្រតិបត្តិការរក្សាសន្តិភាពទៅក្រៅប្រទេស យើងប្រើប្រាស់ថវិកានោះបោសសម្អាតមីនហើយដាក់តំបន់ទាំងនោះជាតំបន់ដែលគ្មានមីន …។

ខ្ញុំយកឱកាសនេះអំពាវនាវចំពោះវិស័យឯកជន។ ប្រសិនបើមានបំណង ខ្ញុំសូមអរគុណទុកជាមុនដើម្បីទទួលយកការរួមពីសំណាក់វិស័យឯកជនជួយដោះមីននៅកន្លែងណា ឧទាហរណ៍ថាកន្លែងខ្លះត្រូវការត្រឹមតែ ១០ ម៉ឺនដុល្លារតែប៉ុណ្ណឹងទេ។ មានភូមិមួយ ឥណ្ឌាជួយ ៥ ម៉ឺនដុល្លារដើម្បីបញ្ចប់(ការដោះមីន)។ អញ្ចឹងទេ យើងអាចប្រើការគួបផ្សំពីរ។ មួយថវិកាជាតិ និងមួយទៀតគឺសប្បុរសជនអាចចូលរួមដើម្បីរក្សាសុវត្ថិភាព។ អញ្ចឹងខ្ញុំយកឱកាសនេះ អំពាវនាវវិស័យឯកជនដើម្បីចូលរួមហើយធ្វើយ៉ាងម៉េចឱ្យប្រទេសកម្ពុជាយើងក្លាយទៅជាប្រទេសដែលអត់មានមីន តាមការគ្រោងទុកដែលយើងបានស្នើសុំទៅ។ ការពន្យារពេលម្ដងហើយម្ដងទៀត ឥឡូវយើងដោះលើទំហំដី(បាន)ភាគច្រើនហើយ ក៏ប៉ុន្តែកន្លែងខ្លះដូចជានៅប៉ោយចារ នៅសល់ដីតែ ០,២៤ (គីឡូ)ម៉ែត្រក្រឡា … ឥឡូវនៅកំពង់ស្ពឺអត់បានមកថ្ងៃនេះ។ អញ្ចឹងទេត្រូវរៀបចំដើម្បីដោះ ហើយប្រើថវិកាជាតិទម្លាក់ឱ្យ ជាពិសេសធានារ៉ាប់រងថា កន្លែងហ្នឹងគឺជាកន្លែងមិនមាន(ការ)ភ័យខ្លាច តែជាស្នាមញញឹមជំនួសឱ្យទឹកភ្នែកពីអតីតកាលរបស់ប្រជាជន។

(ប្រវត្តិកាលសង្គ្រាមក្នុងតំបន់)

… ក្បែរតំបន់ប៉ោយចារ គឺភូមិកាប់ចោរ។ ពីដើម កែ គឹមយ៉ាន រឿងធ្លាប់វាយគ្នា ប៉ោយចារ កាប់ចោរ ត្រពាំងតាវ វាយគ្នាតែម្ដុំហ្នឹង។ តំបន់ហ្នឹងគឺ(ជា)តំបន់សង្គ្រាម។ កន្លែងនេះ កាលដែលយើងចាប់កងទ័ពហ្វ៊ុនស៊ុនប៉ិច ជាង ៦០០នាក់ ពួកចល័តមួយកងវរសេនាធំរបស់ ២៨៦ មកនៅអាងត្រពាំងថ្ម វាយស្ទាក់ពីអាងហ្នឹង ត្រឡប់ទៅវិញទេតើ។ សួរ តោ សឿត ដឹកនាំកម្លាំងចូលមកវាយ។ ខ្ញុំចូលពន្ធនាគារជួប តោ សឿត ថាម៉េចឱ្យគេចាប់អីច្រើនម្ល៉េះ។ ថាទេ (គេថា)ឱ្យតែចូល ឈ្នះតែម្ដង។ រួចហើយខ្ញុំក៏ប្រាប់ទៅសម្ដេចក្រុមព្រះ ចចារនៅឯប៉ាតាយ៉ា … កាលហ្នឹងមិនទាន់សម្ដេចក្រុមព្រះទេនៅព្រះអង្គម្ចាស់ ថាព្រះអង្គម្ចាស់កុំបារម្ភ កងទ័ពព្រះអង្គ ដែលទូលបង្គុំចាប់ជាង ៦០០នាក់នៅក្នុងស្រុក ឥឡូវនេះពួកគេមិនត្រឹមតែមិនស្លាប់ទេ ពួកគេកំពុងតែរៀនអក្សរ រៀនធ្វើជាងចម្លាក់ ធ្វើជាងស្អីៗ … កាលហ្នឹងពិភាក្សាពីការដោះលែងអ្នកទោសនយោបាយ និងដោះលែងឈ្លើយសឹកទាំងសងខាង។

កាលហ្នឹងអញ្ចេះ ខ្មែរក្រហមចូលមកប្លន់, ពួក សឺន សាន ចូលមកក៏ប្លន់, ហ្វ៊ុនស៊ិនប៉ិច ចូលមកក៏ប្លន់។ កាលហ្នឹងយើងធ្វើអធិការកិច្ច … ពេលនោះនិយាយខ្មែរ គេស្ដាប់ចាប់សម្លេងបាន។​ និយាយវៀតណាម ឯងចេះវៀតណាមតិចជាងខាងនោះទៀត ព្រោះខាងនោះមានខ្មែរកម្ពុជាក្រោម។ អញ្ចឹងពួកនេះនិយាយរុស្សី។ ឡុង សុភាព ក៏និយាយរុស្សីបាន។ ពួកមេៗនិយាយរុស្សី។ ដល់អញ្ចឹងទៅមានអី ផ្អឹបជាប់នៅហ្នឹងទាំងអស់។ ពេលនោះ ខ្ញុំនៅភ្នំពេញអត់ជឿទេ។ ខ្ញុំទៅចិញ្ចឹមត្រីនៅតាខ្មៅ។ ត្រីខ្ញុំកំពុងតែពុលស្រាប់ ឆៃលី ហៅតាមអាយកូម “រស្មី ទៅសូរិយា”។ ខ្ញុំឈ្មោះ សូរិយា១។ ថាមានការបន្ទាន់ … វាយគ្នានៅភ្នំស្រុក … ដំបូងនិយាយ​ពីរឿងវាយគ្នាសិន បន្ទាប់ទៅថា ឥឡូវចាប់បាន ២០ នាក់ នៅជឿ។ បន្តិចទៅ ៤០ នាក់ នៅជឿ។ បន្ទាប់ទៅឡើង ១០០នាក់ លែងជឿ។ បន្ទាប់ទៅឡើង ២០០នាក់ លែងជឿ, ៣០០នាក់ កាន់តែលែងជឿ, ៤០០នាក់ កាន់តែលែងជឿ, ឡើងដល់ ៦០០នាក់ ហើយស្នើសុំឱ្យយកឡាននិងអូតូប្លាំងដេមកដើម្បីដឹក​ជញ្ជូនទៅភ្នំពេញ។

អញ្ចឹងក៏ឆ្ងល់ ប៉ុន្តែពេលនោះយើងមាន ៤ ប្រព័ន្ធ៖ ប្រព័ន្ធយោធា ប្រព័ន្ធនគរបាល ប្រព័ន្ធគណបក្ស និងប្រព័ន្ធរដ្ឋបាល។ ចម្លើយដូចគ្នា។ អញ្ចឹងតំបន់នេះ និយាយទៅវាយគ្នាហើយ។ បើកងទ័ពខ្មែរក្រហមគឺរបស់តា ស៊ូ។ តា ស៊ូ គាត់ទៅនៅណាឥឡូវ? គាត់នៅឧត្តរមានជ័យ។ ចាស់មែនទែនហើយ។ កាលហ្នឹងគ្រោងឱ្យវាយពីមុខ។ ប៉ុន្តែតា ស៊ូ អត់ចូលជួយ បានជាហ្វ៊ុនស៊ុនប៉ិច អកហ្សឺជាប់។ តំបន់នេះ កងពល ៥១៩ របស់កងទ័ពខ្មែរក្រហមឈរជើងនៅហ្នឹង។ តំបន់នេះវាយគ្នា ៤ ភាគី KPNLF, ហ្វ៊ុនស៊ុនប៉ិច, ខ្មែរក្រហម, រដ្ឋកម្ពុជា …។

អញ្ចឹងបានថា មានសន្តិភាពហើយឥឡូវ។ ពីដើមអត់ទេ ខ្ញុំមកស្វាយស៊ីសុផុន ជាមួយ (កែ គឹម)យ៉ាន កាលនោះទៅដេកលើចំណុចខ្ពស់មួយ។ ទីបញ្ជាការនៅលើចំណុចខ្ពស់ កូនភ្នំអីមួយ រួចហើយយើងទៅសាក BM21 បាញ់ទៅបឹងត្រកួន នៅស្វាយចេក។ អញ្ចេះ BM21 ហាត់ស្ងាត់នៅបន្ទាយលង្វែក បញ្ជូនចុះមកបាត់ដំបង ​ត្រៀមថាវាយខ្មែរក្រហមឱ្យបាក់តែម្ដង។ ប៉ុន្តែខ្មែរក្រហមឆ្លាត មហាឆ្លាត ក្នុងល្បែងសង្គ្រាម អត់ប្រមូលផ្ដុំកម្លាំងណាឱ្យយើងវាយ BM21ទេ។ មានតែកងទ័ពតាមបែបអាមេកាំងហ្វឹកហាត់ ដូចជាពួក KPNLF, ហ្វ៊ុនស៊ុនប៉ិច ដែលមកទាំងហ្វូងៗ​ BM21 ជះទៅ … អញ្ចឹងបានចល័តស្ងាត់មក។ ពេលនោះខ្ញុំមកពិនិត្យតំបន់យើង បានចាប់ផ្ដើមបាញ់ BM21 ទៅបឹងត្រកួន … ពេលនោះទាំង សាក់ ស៊ុតសាខន នាំគ្នារត់ព្រាត។ បាញ់ ៣ ឡាន រូបភាពហ្នឹងនៅ រូបភាពហ្នឹងគឺមានរូបភាពដែលខ្ញុំដើរពាក់កាំភ្លើងខ្លី ហើយ (កែ គឹម)យ៉ាន មានប៉ុន្មាននាក់ទៀតដើរ។ រូបភាពហ្នឹងគឺនៅ។ បាញ់កាំភ្លើង BM21 ចេញទៅហ្នឹង មានបាញ់លើកដំបូង គឺបាញ់នៅខេត្តបន្ទាយមានជ័យ បាញ់ទៅលើកងទ័ព សឺន សាន មុនគេ។

(១៣) អរគុណចំពោះការជឿទុកចិត្តគណបក្សប្រជាជនកម្ពុជាទាំងថ្នាក់ជាតិនិងក្រោមជាតិ

ឥឡូវ សន្តិភាពមានហើយ ជ្រើសរើសរក្សាទុកនូវសន្តិភាពហ្នឹងទៅ ហើយសុំអរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍ។ សេចក្តីសម្រេ​ចចិត្តរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមបោះឆ្នោតរយៈពេលកន្លងទៅ ហើយបោះឆ្នោតឲ្យគណបក្សប្រជាជន មានអត្ថន័យច្បាស់លាស់ជាសារបញ្ជាក់ថា គាំទ្រសន្តិភាព និងការអភិវឌ្ឍ។ នេះជាការប្រកួតប្រជែងនៅក្នុងដំណើរការប្រជាធិបតេយ្យ។ ពិតហើយ គឺខ្ញុំសុំអរគុណជាមួយនឹងការចូលរួមរ​បស់ប្រជាពលរដ្ឋទាំងអស់ សម្រាប់ការបោះឆ្នោត ទោះបីបោះឲ្យបក្សណាក៏ដោយ ដែលបង្កើតនូវស្ថានភាពមួយដ៏ល្អ ដែលមានប្រជាជនជាង ៨០% ចូលរួមបោះឆ្នោត និយាយជារួម ហើយនិយាយដោយឡែក គឺការបោះឆ្នោតឲ្យគណបក្សប្រជាជន ដែលមានសម្លេងជាង ៧៤% គឺជាចំនួនមួយដ៏ច្រើន ដែលធ្វើឲ្យគណបក្សប្រជាជនគ្រប់គ្រងជាង ៨០% នៃអាសនៈ ហើយនឹង ៩៩,៧៣% នៃតំណែងមេឃុំ ដែលជាចំនួនមួយសន្ធឹកសន្ធាប់។ នេះជាដំណើរការធម្មតានៃប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ខ្ញុំអរគុណចំពោះការជឿទុកចិត្តឲ្យគណបក្សប្រជាជនបន្តការដឹកនាំទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ហើយសង្ឃឹមថា បងប្អូននឹងផ្តល់ឱកាសសម្រាប់គណបក្សប្រជាជននៅក្នុងការបោះឆ្នោត នៅឆ្នាំ២០២៣ នាពេលខាងមុខនេះ។ បោះឆ្នោតឲ្យគណបក្សប្រជាជនគឺជាការបោះឆ្នោតឲ្យខ្លួនឯង ដើម្បីរក្សាសេចក្តីសុខ សន្តិភាព ហើយបើមានសន្តិភាពទើបអាចអភិវឌ្ឍបាន កុំចាំបាច់ចាំដល់ពេលបាត់សន្តិភាព ទើបនាំគ្នាស្រែករកសន្តិភាព ពិបាកណាស់។

សង្គ្រាមឆ្នាំ១៩៧០ បានផ្ទុះ ប្រជាជនយើងស្លាប់ របួសមិនតិចទេ។ ទីវាលពិឃាតនៅតំបន់នេះជាឧទាហរណ៍ស្រាប់ សង្គ្រាមអូសបន្លាយបន្ត ទម្រាំនឹងបញ្ចប់បាន មិនមែនជារឿងលេងសើចទេ។ អង្គការសហប្រជាជាតិប្រើលុយ ២ ពាន់លានដុល្លារ ដកត្រឡប់ទៅវិញទុកឲ្យខ្មែរមានតំបន់ ២ ប្រទេស ១ តំបន់ត្រួតត្រា ២ និងរដ្ឋាភិបាល ២ ច្បាំងគ្នាពី ១៩៩៣ ធ្លាក់ដល់ ១៩៩៨ ទើបចប់។ យើងអរគុណអង្គការសហប្រជាជាតិ អរគុណកិច្ចព្រមព្រៀងប៉ារីស ប៉ុន្តែអ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន គឺពេលដែលអ៊ុនតាក់ ចាយលុយអស់ជាង ២ ពាន់លានដុល្លារ ដកត្រឡប់ទៅវិញ ទុកឲ្យខ្មែរបន្តវាយគ្នា …។

ខ្ញុំបានធ្វើសមាហរណកម្មនៅតំបន់នេះ។ យើងមានសន្តិភាពតាំងពីឆ្នាំ១៩៩៦ នៅម៉ាឡៃ បានសេចក្តីថាខាងត្បូងផ្លូវជាតិ គឺយើងធ្វើសមាហរណកម្មទាំងអស់។ នេះក៏ជាតំបន់ដែលយើងបានដោះស្រាយហើយដែរ។ អញ្ចឹងទេ វាមិនមែនជារឿងងាយស្រួលទេ។ អ្នកខ្លះគិតស្មានថា សន្តិភាពបានកើតមានតាំងពីជំនាន់អ៊ុនតាក់។ អត់ទេ មេបញ្ជាការយោធាអ៊ុនតាក់ មកស៊ីបាយជាមួយខ្ញុំថ្ងៃមុន ខ្ញុំបានស្នើគាត់ឲ្យទៅលេងប៉ៃលិន ជាតំបន់ដែលគាត់មិនអាចចូលបាន។ តែគាត់ប្រហែលជាអត់បានទៅប៉ៃលិនទេ។ ទៅក្បែរៗប៉ៃលិន តែគាត់ដូចបានទៅអន្លង់វែង។ ប្រធានអ៊ុនតាក់ក៏ចូលប៉ៃលិនមិនបាន មេបញ្ជាការយោធាអ៊ុនតាក់ក៏ចូលប៉ៃលិនមិនបាន ប៉ុន្តែ ហ៊ុន សែន ចូលបាន។

នេះជារឿងពិតនៃដំណើរប្រវត្តិសាស្ត្រ អញ្ចឹងបានខ្ញុំដាក់ចេញគោលនយោបាយធ្វើម៉េចដោះមីន ដែលខ្ញុំបញ្ជាក់ច្រើនលើកច្រើនសាហើយ គោលដៅរបស់ខ្ញុំប្រែក្លាយតំបន់អតីតសមរភូមិឲ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ ប្រែក្លាយតំបន់ខ្សែព្រំដែនទាំងអស់ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ អញ្ចឹង​ឥឡូវផ្ទៃក្នុងអាចចាត់ទុកថានៅក្រោម ១០% ដែលមិនទាន់បានដោះស្រាយ នោះគឺជាអ្វី? គឺជាមីន ដែលខ្ញុំបាននិយាយអម្បាញ់មិញនេះ។ អញ្ចឹងថ្ងៃនេះខ្ញុំមកដាក់ចេញបទបញ្ជាដោះមីននៅក្នុងទឹកដីប៉ុន្មានពាន់ហិកតាដែលនៅសល់ ព្រោះលឺថានៅក្នុងហ្នឹងគឺតំបន់ប៉ោយចារ គឺនៅសល់ប៉ុន្មានជា ៩៨% ប្រៀបធៀបជាមួយក្នុងស្រុកទាំងមូល អញ្ចឹងទេ ២% ទៀតនៅណា ត្រូវដោះឲ្យអស់ ហើយប្រកាសដាក់ភ្នំស្រុកទាំងមូលទៅជាស្រុកអត់មានមីន។

(១៤) សិក្សាការតភ្ជាប់ឆ្លងស្ទឹងបញ្ចូលក្នុងថវិកាក្រសួងអភិវឌ្ឍន៍ជនបទឆ្នាំ២០២៣ ខណៈចំណូលហក់ឡើងមកប្រមាណ ៤៩០ (លានដុល្លារ)/ខែ ដោយសារកំណើនការនាំចូលកើនឡើង

ឯក្រៅពីនោះ កាលពីទឹកជំនន់ឆ្នាំ២០០០ គឺយើងមានបាក់ស្ពានឈើមួយ។ ស្ពានឈើទឹកជំនន់ឆ្នាំ២០០០ តភ្ជាប់ឆ្លងស្ទឹងភូមិ៣ ភូមិ៤ ទៅភូមិព្រះពន្លា ឃុំព្រៃឫស្សី សង្កាត់ព្រះពន្លា និងសង្កាត់កោះពងសត្វ។ ខ្ញុំសុំស្នើឲ្យមានការសិក្សា ហើយបញ្ចូលទៅក្នុងថវិកាក្រសួងអភិវឌ្ឍន៍ជនបទ នៅឆ្នាំ២០២៣ ដើម្បីធ្វើស្ពាននេះ។ យើងចាយលុយក៏ត្រូវមានការប្រុងប្រយ័ត្ន។ ពិតមែនតែចំណូលឥឡូវចាប់ផ្តើមងើប។ ម្សិលមិញនេះ ក្នុង ៦ ខែម្សិលមិញនេះ ដែលចប់ត្រឹមពីម្សិលមិញនេះ ចំណូលយើងបានឡើងជិត ៥០០ លាន(ដុល្លារ)ក្នុងមួយខែ ទាំងចំណូលគយ និងចំណូលពន្ធដារ។ ប៉ុន្តែចំណូលនេះនៅតែទាប បើប្រៀបធៀបជាមួយនឹងមុនឆ្នាំមុនកូវីដ-១៩ ដែលចំណូលយើងរត់ក្នុងចន្លោះពី ៥០០ លាន ទៅ ៧០០ លានដុល្លារក្នុងមួយខែ។ ចំណូលយើងបានធ្លាក់ក្នុងឆ្នាំ ២០២១ មកនៅក្រោម ៤០០ លានដុល្លារ ឥឡូវយើងហក់ឡើងលើ ៤០០ លានដុល្លារ។ ម្សិលមិញនេះគឺត្រឹមតែប្រហែលជា ៤៩០ (លានដុល្លារ)តិចតួច។ ជុំវិញប៉ុណ្ណឹង ដែលកំណើនសម្រាប់តម្រូវការក្នុងស្រុកនិងកំណើននៃការនាំចូលមានការកើនឡើង។ នេះជាចំណុចដែលខ្ញុំគួរតែត្រូវនិយាយ ដែលនេះគឺជាការថ្លែងការណ៍នៅជនបទលើកដំបូងរបស់ខ្ញុំ បន្ទាប់ពីកូវីដ-១៩ចាប់ផ្តើម។

(១៥) បន្តការចាក់វ៉ាក់សាំង

ឥឡូវខ្ញុំគួរតែនិយាយអំពីបញ្ហាកូវីដ-១៩តែម្តង។ កូវីដ-១៩បានចាប់ផ្តើមឡើងវិញ ដែលកាលពីថ្ងៃទី២៩ យើងរកឃើញ ១០ករណី ថ្ងៃទី៣០ ម្សិលមិញនេះ ៧ករណី ថ្ងៃនេះមាន ៣ករណី ដោយ PCR។ ខ្ញុំទើបនឹងសួរព្រឹកមិញនេះ ការធ្វើតេស្តសម្រាប់មនុស្សប៉ុន្មានពាន់នាក់នេះ គឺបានរកឃើញ ៦ ករណី ៥ ករណីនៅខេត្ត ១ ករណីមកពីភ្នំពេញ។ ហើយករណីទាំងអស់សុទ្ធតែករណីអូមីក្រុង។ ខ្ញុំសុំបញ្ជាក់ថា យើងចាំបាច់ត្រូវតែបន្តនូវការប្រុងប្រយ័ត្នជាបន្តទៀត ដើម្បីចៀសវាងនូវការឆ្លង។ កូវីដ-១៩នេះមិនទាន់ចប់ទេ … យើងគ្រាន់តែបានទប់ស្កាត់វា កុំឲ្យ(យើង)ធ្លាក់ចូលទៅក្នុងជ្រោះមរណៈតែប៉ុណ្ណោះ។ ជំងឺនៅមាន ១០ ករណី ៧ ករណី ថ្ងៃនេះ ៣ ករណី​។ យើងចុះបញ្ជីតែករណីធ្វើ PCR ទេ។ អ្នកដែលរកឃើញដោយ rapid test ដោយតេស្តរហ័ស ត្រូវទៅធ្វើការបញ្ជាក់បន្ថែមដោយម៉ាស៊ីន PCR ដើម្បីបញ្ជាក់ថា វាជាប្រភេទអី? ព្រោះយើងត្រូវសិក្សាស្រាវជ្រាវថាវាជាដែលតា ឬអាល់ហ្វា ឬអូមីក្រុង ឬក៏អូមីក្រុងក្លែងភេទទៀត ដើម្បីធ្វើកិច្ចការងារនេះឲ្យបានឆាប់ ឲ្យបានល្អ។

ឯកឧត្តម ម៉ម ប៊ុនហេង នៅទីនេះស្រាប់ហើយ យើងបានធ្វើកិច្ចការដ៏ល្អដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋរបស់យើង។ ដើម្បីធានាថា ប្រជាពលរដ្ឋរបស់យើងទទួលបាននូវសុវត្ថិភាព បើទោះបីជាឆ្លងក៏មិននាំទៅដល់ការស្លាប់ ឬភាពធ្ងន់ធ្ងរ គឺសុំមេត្តា រឿងតែមួយគត់ គឺចាក់វ៉ាក់សាំង។ ឥឡូវយើងឃើញប៉ុន្មានពាន់នាក់ដែលមកនេះ រកឃើញ ៥ នាក់នៅទីនេះ ក្នុងចំនួនអ្នកមកពីភ្នំពេញ គឺមាន ១ នាក់មកជាមួយ។ អញ្ចឹងអ្នកដែលមកហ្នឹង ជិះឡានជាមួយអ្នកណាខ្លះ? វាអាចឆ្លងទៅលើអ្នកហ្នឹងទៀត រឿងហ្នឹងវាចឹង។ ប៉ុន្តែដើម្បីកាត់បន្ថយការឆ្លងម្ខាង ឬឆ្លងហើយ កាត់បន្ថយនូវភាពធ្ងន់ធ្ងរ ចាំបាច់ត្រូវចាក់វ៉ាក់សាំង។ ខ្ញុំសុំបញ្ជាក់ កុំថាឡើយដូសទី ៣ ដូសទី ៤ ដូសទី ៥ សូម្បីតែដូសទី ២០ ក៏រាជរដ្ឋាភិបាលអត់យកលុយពីបងប្អូនទេ … ឥឡូវយើងនៅសល់ក្នុងឃ្លាំង។ ខ្ញុំមើលឃើញក្នុងទិន្នន័យយប់មិញ នៅសល់ ១០ លាន ៤ សែន។ នៅសល់ទាំងការបែងចែកមកខេត្តនិងនៅក្នុងឃ្លាំងទីក្រុងភ្នំពេញ។ យើងនៅសល់ជាង ២០ លានដូសទៀត ដែលមិនទាន់ដឹកចូល ហើយយើងក៏បានចុះហត្ថលេខា​ដើម្បីទិញជាង ១០៤ លានដូសសម្រាប់ឆ្នាំ ២០២៤, ២០២៥, ២០២៦។

នេះជាការត្រៀមបំរុងទុករបស់រាជរដ្ឋាភិបាល ធានាថាបងប្អូនយើងមិនកង្វល់ខ្វះវ៉ាក់សាំងចាក់។ ប្រទេសខ្លះចាក់វ៉ាក់សាំងយកលុយ ប៉ុន្តែនៅកម្ពុជាអត់ទេ មានតែឲ្យលុយថែម អ្នកដែលមានអាយុលើសពី ១០០ ទទួលបាននូវថវិកា អ្នកដែលចំលេខ ១ លាន ២ លាន ៣ លាន ៤ លាន ៥ លាន ៦ លាន ៧ លាន ៨ លាន ៩ លាន ១០ លាន ទទួលបានថវិកាម្នាក់ ១០ លាន។ អញ្ចឹងគ្រាន់តែអ្នកចូលលេខគត់គឺយើងចាយអស់ ១០០ លានរៀល សម្រាប់លើកទឹកចិត្តឲ្យបងប្អូនចាក់។ ឥឡូវក្នុងចំណោម ១៥ លាននាក់ ដែលបានចាក់ អ្នកដែលចាក់ដូសទី ៣ ទើបនឹងចាក់បានជាង ៩ លាននាក់ ប៉ុន្តែតាមការគណនារបស់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស ឲ្យដឹងថាចំនួនដែលនៅសល់ មិនមែនលើស ៥ លានទេ នៅក្រោម ៥ លាន គឺជាង ៤ លាននាក់។

(១៦) ការបំភ័យសាធារណជន(អំពីជំងឺឆ្លងកូវីដ-១៩) មិនមែនរឿងបញ្ចេញមតិទេ

អញ្ចឹងបានជាអំពាវនាវដោយទទូចចំពោះប្រជាពលរដ្ឋរបស់យើងទទួលយកវ៉ាក់សាំង ហើយកុំទាន់ស្លន់ស្លោរ និងសុំកុំបំពុល។ ខ្ញុំសុំបញ្ជាក់​នៅទីនេះ ទៅកាន់អ្នកដែលបំពុល។ យប់មិញនេះ ឥឡូវយើងចាប់ខ្លួនបានហើយ … ម្សិលមិញនេះមានការបំពុលមួយតាម TikTok ដោយយករូបភាពមនុស្សស្លាប់នៅឯកោះកុង ដែលអត់មានមនុស្សស្លាប់តាំងពីខែ ៤ យកមកបង្ហោះតាម TikTok។ ខ្ញុំបានបញ្ជាភ្លាមឲ្យស្នងការនគរបាលជាតិស្រាវជ្រាវ ហើយបញ្ជាឲ្យចាប់ឲ្យខាងតែបាន។ អ្នកណាចង់មកនិយាយជាមួយខ្ញុំ សុំអញ្ជើញមក។ អង្គការសិទ្ធិមនុស្ស ឬអង្គទូតនានាចង់និយាយ(ក៏សូមអញ្ជើញ)មក។ អ្នកឯងទទួលយកបានទេនូវព័ត៌មានបំភ័យបែបនេះ? អានេះវានៅត្បូងឃ្មុំ វាយករឿងកោះកុងទៅបង្ហោះ។ ខាងកោះកុងគេបដិសេដ កន្លែងដទៃគេបដិសេដ។ បើអ្នកឯងមិនចង់ជាប់ខ្នោះទេ អ្នកឯងកុំធ្វើរឿងអញ្ចឹង ព្រោះរឿងនេះមិនមែនរឿងលេងសើចទេ។ ការភ័យខ្លាចក្នុងចំណោមសាធារណជន មិនមែនរឿងបញ្ចេញមតិទេ។

ខ្ញុំសុំបញ្ជាក់ ខ្ញុំសុំព្រមានទុកជាមុន អ្នកណាក៏ដោយ ដែលយកបញ្ហាកូវីដ-១៩ទៅជាបញ្ហាលេងសើច បំពុលបរិយាកាស ត្រូវបានចាប់ខ្លួន។ ហ៊ៅ អ៊ូខុង នេះចាប់ខ្លួនហើយ … ព្រឹកនេះ ឆៃ ស៊ីណារិទ្ធិ រាយការណ៍មក។ មុខសញ្ញាឈ្មោះ ហ៊ៅ អ៊ូខុង អនុវត្តដីការបស់ព្រះរាជ្យអាជ្ញារាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំធ្វើការឃាត់ខ្លួន បញ្ជូនខ្លួនទៅកាន់ភ្នំពេញដើម្បីចាត់ការតាមច្បាប់។ អញ្ចឹងផុសឡើងមួយចាប់មួយ ឡើងពីរចាប់ពីរ អត់មានទុកទេ ព្រោះរឿងនេះ អត់មានលេងសើចទេ។ យើងអត់មានអ្នកជំងឺនៅក្នុងមន្ទីរពេទ្យសូម្បីម្នាក់ ហេតុអីបានវាយករូបភាពនេះ ដែលមនុស្សស្លាប់នៅកោះកុង តាំងពីណាពីណី យកទៅបង្ហោះ? បើយើងមិនចាប់ មានន័យថាយើងមិនអនុវត្តច្បាប់។ មិនមែនជាសិទ្ធិបញ្ចេញមតិទេ។

ឥឡូវសុំឆ្លើយមក ថ្ងៃហ្នឹងខ្ញុំចង់ស្តាប់។ សម្លេងអ្នកណា អ្នកឯងទទួលបានទេ? នៅលើពិភពលោកកំពុងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហេតុអីកម្ពុជាប្រឆាំងមិនបាន? ដោយលើកឡើងអំពីការស្លាប់មនុស្សបែបនេះ មិនអាចទទួលយកបានទេ ហើយក៏មិនអាចលើកលែងបានដែរ។ បើអ្នកឯងកុំបង្ហោះ អ្នកណាទៅចាប់ ប៉ុន្តែវាបង្ហោះ បង្ហោះចេញមក គិតស្មានថារួចខ្លួន។ បច្ចេកវិទ្យាព័ត៌មាន គឺតាមរកអ្នកឯងភ្លាម បើអ្នកឯងនៅក្រៅស្រុក អាហ្នឹងរឿងមួយ តែបើនៅក្នុងស្រុក អ្នកឯងរត់អត់រួចទេ ប្រាប់ឲ្យហើយទៅ … (ផ្តាំ)បើអ្នកឯងមុនបង្ហោះត្រៀមខ្លួនរត់ឱ្យបានឆ្ងាយ តែឆ្ងាយដល់ណា ក៏ទៅមិនរួចដែរ។ បើរឿងប្រព័ន្ធ(បណ្ដាញសង្គម បង្ហោះបំពុលសង្គម)អញ្ចឹង រឿងអីចាំបាច់ទៅធ្វើអញ្ចឹង។ តើវាបានផលប្រយោជន៍អី?

អានេះវានៅភូមិជើងអងឯណោះ ក្រែងលោ! ​ឪពុកម្តាយដឹង ប្រពន្ធវាមិនដឹង វានៅភូមជើងអង … ឈ្មោះ ហ៊ៅ អ៊ូខុង (ចាប់ហើយ) ហើយកុំថា ចាប់មកពីដង្ហែ(ហែ)គណបក្សភ្លើងទៀន (អត់ទេ) អ្នកឯងបង្ហោះរឿងនេះ(ព័ត៌​មានបំពុលសង្គម)។ ឥឡូវបើថាអ្នកឯងចង់សុខ អ្នកឯងកុំទៅបំភ្លៃព័ត៌មាន។ នរណាគេធ្វើអី មនុស្ស ១៧លាននាក់ មានអ្នកធ្វើអី កុំតែអ្នកឯងនិយាយខុស និយាយមួលបង្កាច់ នេះជាការបំភ័យ។ មកដល់ពេលនេះ ទោះបីមានអ្នកឆ្លង(កូវីដ-១៩) តែអ្នកឆ្លងទាំងនោះគេសុំទៅព្យាបាលនៅផ្ទះ គេអត់មកពេទ្យទេ។ មន្ទីរពេទ្យរបស់យើងអត់មានអ្នកជំងឺទេ។ ពេលនេះ ទាំងអ្នកខេត្តទាំងអ្នកភ្នំពេញ អត់មានអ្នកកូវីដ-១៩ ប៉ុន្តែមានអ្នកជំងឺផ្សេង …។

សូមបញ្ជាក់ … កុំទៅបន្ទោសនគរបាល គេត្រូវធ្វើការងាររបស់គេហើយ … ទទួលបានភ្លាម ពេលដែលលោកជំទាវ យក់ សម្បត្តិ រុញឱ្យខ្ញុំ ហើយមានការផ្សព្វផ្សាយអំពីការ(អត់)មានមនុស្សស្លាប់នៅខេត្តកោះកុង តាំងពីខែមេសា អញ្ចឹងខ្ញុំបញ្ជាភ្លាមទៅអគ្គស្នងការនគរបាលជាតិ ដើម្បីឱ្យស្រាវជ្រាវបន្ទាន់ ប៉ុន្មាននាទីក្រោយ គឺស្រាវជ្រាវដឹងថា អានេះនៅឃុំជើងអង នៅខេត្តត្បូងឃ្មុំ នៅពញាក្រែក។ ខ្ញុំបញ្ជាថា ចាប់ឱ្យបាន។ ឥឡូវបានហើយ។ ឱ្យវាដឹងអំណាចរដ្ឋ គឺវាអញ្ចឹង ហើយកុំនិយាយពីសិទ្ធិបញ្ចេញមតិអាកន្លែងហ្នឹង … កុំនិយាយថា លោក ហ៊ុន សែន ស្អីឡើងគុកៗ។ ចុះបើធ្វើខុសបើមិនឱ្យដាក់គុកឱ្យធ្វើម៉េច? ប្រទេសណានៅលើលោកិយមិនទាន់មានគុក? អត់ទាន់មានប្រទេសណាមួយលុបចោលគុកទេ។ នេះជាការបំផុសព័ត៌មានហើយប្រទេសនៅលើពិភពលោក និយាយឡើងប្រឆាំងព័ត៌មានក្លែងក្លាយ ចុះអាពត៌មានក្លែងក្លាយគេចាប់ខ្លួនម៉េចក៏អ្នកឯងមកទាមទារថា អារឿងនេះជាសិទ្ធិបញ្ចេញមតិ អ្នកឯងនិយាយយ៉ាងម៉េចវិញ …។

ខ្ញុំសូមវិលមកអំពាវនាវបងប្អូនប្រជាពលរដ្ឋរបស់យើងទទួលយកដូសជំរុញ គេដើរដល់ដូសទីប៉ុន្មានទៅយកដូសប៉ុណ្ណឹងទៅ ឥឡូវបងប្អូនខ្លះបានតែ ២ទេ សុំយកអា​៣ ដល់ពេលកំណត់សុំទៅយកអា ៤ ដល់ពេលកំណត់សុំទៅយកអា ៥ អ្នកបាន ៣ សុំទៅយកអា ៤ អ្នកបាន ៤ ទៅយកអា ៥ ព្រោះយើងរៀបចំដើម្បីការពារជីវីតប្រជាជន ខ្ញុំមិនគិតថាអ្នកណាទេ។ វ៉ាក់សាំងនៅកម្ពុជាគឺវ៉ាក់សាំងអត់មានពណ៌សម្បុរទេ អត់មានគិតថាអ្នកនេះបក្សនេះ អ្នកនោះបក្សនោះ អត់មានគិតពីជាតិសាសន៍ សាសនានោះទេ អ្នកឯងកាន់សាសនាអីក៏ដោយ ជនជាតិអីក៏ដោយខ្ញុំចាក់ជូនទាំងអស់ ឱ្យតែរស់នៅលើដីខ្មែរ រាប់ទាំងជនជាតិបរទេសអ្នកការទូត អង្គការក្រៅរដ្ឋាភិបាល ពួកនិស្សិតបរទេសនៅក្នុងប្រទេសកម្ពុជាចាក់ដោយមិនយកលុយ។

អញ្ចឹងសូមជាសារបញ្ជាក់ជូន ហើយការឆ្លងរបស់យើងមានកម្រិតតិចណាស់ នៅថៃពីម្សិលស្លាប់ ១៤នាក់ ឆ្លងជាង ២ ០០០ នាក់ ថ្ងៃនេះប្រហែលជាតួលេខចេញហើយ ខ្ញុំមាន Internet ប៉ុន្តែ Internet ខ្ញុំមិនដឹងថាវាយ៉ាងម៉េចភ្ជាប់វាមិនជាប់។ ថៃថ្ងៃនេះឆ្លង ២ ៣៥៤នាក់ ស្លាប់ ១៦នាក់ នៅវៀតណាមក៏ឆ្លង ហើយយើង (៥២)ថ្ងៃ ដែលអត់មានកូវីដ-១៩ ប៉ុន្តែខ្ញុំបានបញ្ជាក់ហើយកូវីដ-១៩ វាអត់ទាន់ទៅណាឆ្ងាយទេវានៅក្បែរៗយើងហ្នឹង តែធ្វេសប្រហែសគឺវាមកដល់។អញ្ចឹងសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង នេះជាការការពារខ្លួន អត់មានអ្នកណាមកឈឺជំនួសយើងទេ។

ថ្ងៃនេះចាំមើល នឹងមានប្រធានបទទាំង VOD ទាំងអាស៊ីសេរី ទាំង VOA ទាំងប្រទេសនានាថាលោក ហ៊ុន​ សែន ដាក់ចេញបទបញ្ជាឱ្យចាប់ខ្លួន។ បើខ្ញុំមិនធ្វើនាយករដ្ឋមន្ត្រី ទើបខ្ញុំមិនឱ្យចាប់ … បើធ្វើនាយករដ្ឋមន្រ្តីហើយព្រងើយកន្តើយចំពោះមុខសភាពការណ៍របៀបនេះ បំពុលសភាពការណ៍របៀបនេះគឺមិនចាំបាច់ធ្វើនាយករដ្ឋមន្រ្តីទេ។ បើទោះបីខ្ញុំមិនបញ្ជាក៏គង់នគរបាលគេធ្វើការដែរ តុលាការគេធ្វើការដែរ … មនុស្សយើងមានក្រយៅជាប់គុកចៀសមិនរួចតែម្តង។ រពឹសដៃជាប់គុក ខ្លះដែលមិនជាប់គឺមិនជាប់។ ខ្ញុំថាប្រហែលជាក្រយៅ ព្រោះ(ធ្វើ)នាយករដ្ឋមន្ត្រី ឥឡូវអ្នកណាក៏គេនិយាយដែរ ថា (ហ៊ុន សែន ជា)នាយករដ្ឋមន្ត្រីយូរជាងគេនៅលើលោក មិនមែននៅលើអាស៊ីទេ ព្រោះក្រយៅគេឱ្យមកអញ្ចឹងធ្វើម៉េច។ អ្នកខ្លះគ្រាន់តែដើរក៏ស្រមៃ ដេកក៏ស្រមៃ អង្គុយក៏ស្រមៃ ចង់ធ្វើនាយករដ្ឋមន្ត្រី តែវាអត់បានធ្វើ ព្រោះក្រយៅគេចារមកអត់ឱ្យធ្វើ … ប្រ​សិនបើវាសំណាង ខ្ញុំព្រមថាប្រកាសឱ្យ ហ៊ៅ អ៊ូខុង ចេញមកសារភាពបន្ទាន់ បើចង់មិនជាប់គុក។ ប៉ុន្តែស្រាប់តែប៉ូលិសចាប់បាត់។ អាហ្នឹងក្រយៅវាត្រូវជាប់គុក …។

(១៧) សង្គ្រាមរុស្ស៊ី/អ៊ូក្រែន បណ្តាលឱ្យប្រេងឡើងថ្លៃ អឺរ៉ុបប្រើធ្យូងថ្ម ដាក់ចំណោទលើរបៀបវារៈប្រែប្រួលអាកាសធាតុ

បញ្ហាមួយទៀតដែលខ្ញុំព្រះករុណាខ្ញុំគួរនិយាយ ហើយសូមការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ គឺបញ្ហាប្រេងឡើងថ្លៃ។ ប្រេងឡើងថ្លៃវាជាផលវិបាកនៃពិភពលោកទាំងមូលតែម្តង ដែលវាផ្តើមចេញពីវិបត្តិសង្គ្រាមរុស្សី និងអ៊ុយក្រែន ដែលបញ្ហានោះហើយនាំឱ្យប្រេង និងឧស្ម័នឡើងថ្លៃ។ ម្សិលមិញនេះក្រសួងពាណិជ្ជកម្មរាយការណ៍ថា ឧស្ម័ន ហ្គាស ឡើងថ្លៃ ៣៥,៨% ព្រោះយើងឥឡូវត្រូវចម្អិនអាហារដោយប្រើហ្គាស។ អឺរ៉ុបបន្តិចទៀតហ្នឹងកាប់អុសដើម្បីជំនួសហ្គាស។ ឥឡូវអឺរ៉ុបចាប់ផ្តើមប្រើធ្យូងថ្មឡើងវិញហើយ។ ម្ខាងសន្និសីទស្តីអំពីការប្រែប្រួលអាកាសធាតុ ហាមឃាត់ការផលិតអគ្គិសនីប្រើដោយធ្យូងថ្ម ប៉ុន្តែដល់ឥឡូវរុស្សីកាត់ផ្តាច់ឧស្ម័ន ធ្វើឱ្យអឺរ៉ុបចាប់ផ្តើមប្រើធ្យូងថ្មឡើងវិញ។ អញ្ចឹងរបៀបវារៈឆ្នាំ២០៣០ ឬ ២០៥០ ស្តីអំពីការប្រែប្រួលអាកាសធាតុវាទៅជាយ៉ាងម៉េច? វាអត់ន័យអីទាំងអស់។

សម្រាប់យើងសូមការយោគយល់ ហើយប្រសិនបើបងប្អូនយល់ថាចាំបាច់អ្នកដែលមានលុយមានកាក់ល្មមៗ គួរតែចាប់ផ្តើមផ្លាស់ប្តូរពីឥឡូវទៅនោះគឺការប្រើប្រាស់ឡាន អាគុយវិញ ឬក៏ឡាន Prius ដែលប្រើអាគុយផង ប្រើប្រេងផង។ អាហ្នឹងជាការកាត់បន្ថយ។ យើងនៅតែបន្តធ្វើដំណើរបានគ្រាន់តែវាយឺតជាងបន្តិច។ ប៉ុន្តែខ្ញុំមើលឃើញផលប្រយោជន៍ ២យ៉ាង ទី១៖ កាត់បន្ថយការចំណាយទៅលើបញ្ហាសាំង​ ទី២៖ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយសារវាបើកអត់លឿនពេក។ អញ្ចឹងទេអ្នកដែលមានលុយកាក់អាចនឹងបញ្ជាទិញឡានអាគុយ ហើយទីកន្លែងចាក់សាំងនានា គប្បីមានកន្លែងបញ្ជូលអាគុយ។ ប៉ុន្តែ Prius ហ្នឹងវាមានចំណុចពិសេសរបស់វាគឺអាហ្នឹងមិនចាំបាច់បញ្ជូលអាគុយឯណា អាហ្នឹងតែវាបើកទៅវាចូលអាគុយខ្លួនវា … នៅឡាវក៏ខ្វះប្រេង នៅស្រីលង្ការ​ក៏ខ្វះប្រេង។ យើងមិនទាន់ដល់ថ្នាក់ខ្វះប្រេងទេ តែពេលណាមួយបម្រុងទុកអាចនឹងមានការលំបាក មានលុយហើយទិញប្រេងមិនបានទៀត ដោយសូមការយោគយល់អធ្យាស្រ័យ។

ខ្ញុំគិតថា ខ្ញុំនិយាយច្រើនហើយ រាប់ទាំងបញ្ហាការព្រមានទុកជាមុននូវអ្នកណាក៏ដោយដែលប្រើប្រាស់កូវីដ-១៩ ដើម្បីបំផ្លាញសេចក្តីសុខរបស់ប្រជាជន នឹងត្រូវទទួលនូវការកាត់ទោសតាមច្បាប់។ មិនមែនជាសិទ្ធិបញ្ចេញមតិដែលខ្ញុំសូមបញ្ជាក់ជូន បើកាលណាព័ត៌មានបំភ្លៃបែបនេះមិនត្រូវបានផ្តន្ទាទោសទេនោះ ហើយចាត់ទុកថាជាសិទ្ធិបញ្ចេញមតិគឺបានសេចក្តីថា ប្រទេសនេះអស់ន័យហើយ។ យើងត្រូវតែធ្វើមិនអាចនៅស្ងៀមបានទេ មិនអាចធ្វើឱ្យចលាចលសង្គម … ឧទាហរណ៍៖ បើឆោឡោខ្លាំងទៅប្រមូលទិញអង្ករ ទិញស្រូវទុក។ នៅចាំបានទេ សម័យកូវីដ-១៩ចាប់ផ្តើម នៅអឺរ៉ុបដណ្តើមគ្នាទិញតាំងពីក្រដាសអនាម័យអស់ពីស្តុក អស់ពីឃ្លាំងដល់ប៉ុណ្ណឹង។ ប្រទេសយើងមិនដល់ថ្នាក់ប៉ុណ្ណឹងទេ។ យើងនៅត្រួតត្រាបាន។ ប៉ុន្តែអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត។

ពិតមែនហើយ កាតព្វកិច្ចពាក់ម៉ាស់ត្រូវបានលើកលែង ប៉ុន្តែរាជរដ្ឋាភិបាលអាចនឹងដាក់ឡើងវិញនូវកាតព្វកិច្ចពាក់ម៉ាស់ ក្នុងករណីឃើញថាមានការរីករាលដាលទ្រង់ទ្រាយធំនៅក្នុងប្រទេសរបស់យើង។ ប៉ុន្តែបើក្នុងកម្រិតត្រឹមតែប៉ុណ្ណឹងគឺមិនជាបញ្ហាធំពេកទេ វានៅតិចណាស់ … អ្នកខ្លះគេថា ជាប់គុកមុខមិនអាប់ បាយស៊ីស្រាប់ អាចម៍គេសែង អគ្គិសនីព័ទ្ធខ្វាត់ខ្វែង ប៉ូលីសឈរជ្រែងយាមគ្រប់ច្រក។ អាហ្នឹងទ្រឹស្តីអ្នកដែលគេហៅថាឧស្សាហ៍ជាប់គុក ចូលចិត្តជាប់គុក … ហ្នឹងបន្ថែមទៅលើទ្រឹស្តី អាទំពែកភ្នែកទន្សាយ ប៉ិនលែបខាយខាងខិលខូច រាំរបាំតាំងពីតូច បើសិនជាខូចលួចទាំងថ្ងៃ។ នេះខ្ញុំចាំតាំងពីខ្ញុំនៅជំទង់តូចៗ។ ប៉ុន្តែមិនមែនទំពែកខូចទាំងអស់គ្នាទេ … អ្នកនៅខាងក្រោយៗ ហ្នឹងកុំរើសដាក់ខ្លួន ព្រោះទំពែកមិនមែនតែម្នាក់ទេ ទំពែកច្រើនគ្នា …។

ថ្ងៃនេះខ្ញុំពាក់នាឡិកាស ច្បាស់ហើយពួកហ្នឹងយកទៅធ្វើអត្ថាធិប្បាយទៀត “ថ្ងៃនេះលោក ហ៊ុន សែន​ទៅជាស្ទាវ(នាឡិកាស)”។ នេះជានាឡិកាសម្រាប់វាយកូនហ្គោល។ គេផលិតសម្រាប់កីឡា ហើយវាអាចចុះទៅក្នុងជម្រៅទឹកដល់ទៅ ២០ម៉ែត្រ មិនអាចចូលទឹក។ ដោយសារថ្ងៃហ្នឹងវាមកចំទឹក ខ្ញុំក៏ពាក់អាហ្នឹងមក។ តិចបងប្អូនថាលោក ហ៊ុន សែន ​ម៉េចក៏មកថ្ងៃនេះលេងខ្លួននាឡិកាស … បន្តិចទៀតចូលក្នុង Instagram ច្បាស់ហើយ … ថ្ងៃហ្នឹងអ្នកឯងថតទៅយកទៅ បញ្ចូលក្នុង Instagram តទៅទៀតទៅ ហើយបានចូលទៅក្នុងវិទ្យុអាស៊ីសេរីទៀត …។

អំណោយ

ថ្ងៃនេះខ្ញុំបាននាំមកសម្រាប់លោកគ្រូ អ្នកគ្រូ ចំនួន ១២៧នាក់ ក្នុងម្នាក់ៗចំនួន ៥ម៉ឺនរៀល។ ជូនសាលាបឋមសិក្សាត្រពាំងថ្ម ឃុំប៉ោយចារ ថវិកា ១លានរៀល។ ជូនសាលាបឋមសិក្សាប៉ោយស្នួល ឃុំប៉ោយចារ ថវិកា ១លានរៀល។ ជូនវិទ្យាល័យ ភ្នំស្រុក​​ ឃុំ ស្រះជីក ថវិកា ២លានរៀល។ ជូនវិទ្យាល័យ សុខ អាន ប៉ោយចារ ឃុំប៉ោយចារ ២លានរៀល។ ជូនមណ្ឌលសុខភាព ប៉ោយចារ ២លានរៀល។ ជូនសាលាស្រុក ភ្នំស្រុក ថវិកា ២លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣លានរៀល។ ជូនក្រុមតន្ត្រីសម័យថវិកា ៥ លានរៀល។ ជាមួយនឹងការប្រកាសព្រលែងកូនត្រីជាង ១លានក្បាល នៅអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...