សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម ឧត្តមសេនីយឯក ចនសេន ដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។


នៅក្នុងជំនួបនេះ ឯកឧត្តម ចនសេន ដឺសុន បានគោរពជម្រាបជូនសម្តេចតេជោថា ឯកឧត្តមពិតជាមានសេចក្ដីរំភើប ដែលបានវិលត្រឡប់មកកម្ពុជាវិញ និងជាប្រទេសដែលឯកឧត្តម មានអនុស្សាវរីយ៍យ៉ាងច្រើន និងមិត្តភ័ក្រ្តយ៉ាងច្រើន ស្របពេលជាមួយខួប ៣០ឆ្នាំ នៃប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា និងខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។
ឯកឧត្តម ចនសេន ដឺសុន បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា កម្ពុជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍដ៏ស្រស់បំព្រង ស្របគ្នានឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជានៅទូទាំងប្រទេស។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ជាមួយការចូលរួមចំណែកក្នុងកិច្ចការពិភពលោក កិច្ចការតំបន់ និងជាពិសេស ប្រធានអាស៊ាន ទាំងនេះជាវឌ្ឍនភាព និងជោគជ័យដ៏ធំធេងរបស់កម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឯកឧត្តមរដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ការទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ និងបោះបង់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិមុនគេ ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលី ជាប្រទេសបានទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យ ជាប្រទេសដែលជួយកម្ពុជាឲ្យទទួលបានឯករាជ្យ។
ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តម ចនសេន ដឺសុន អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រដែលនាំឲ្យកម្ពុជា ទទួលបានសន្តិភាពពេញលេញ រួមជាមួយយុទ្ធសាស្ត្រគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជន រដ្ឋាភិបាលអូស្ត្រាលី ដែលដរាបរៀងមក តែងបានផ្ដល់ជំនួយដល់កម្ពុជា រួមទាំងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផងដែរ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ