សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលលើកទី ៤ ស្ដីពី “បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ក្រោមមូលបទ “ធនធានទឹកសម្រាប់កាអភិវឌ្ឍបកបដោយចីរភាព ៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ”

CNV: 23 ខែ​មេសា, 2022

ឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន និងជាប្រធានអង្គប្រជុំ

ឯកឧត្តម លោកជំទាវ លោក លោកស្រី !

ជាបឋម ខ្ញុំសូមចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលជប៉ុន ដែលបានសហការជាមួយវេទិកាទឹក អាស៊ី-ប៉ាស៊ីហ្វិក ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី “បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ក្រោមមូលបទ “ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ”។ ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ។

ក្នុងឱកាសខួបទី ៦ ឆ្នាំ នៃគ្រោះមហន្តរាយញ្ជួយដី នៅខេត្ត គូម៉ាម៉ូតូ (Kumamoto) ដែលបានឆក់យកអាយុជីវិតប្រជាជនច្រើននាក់ ព្រមទាំងបង្កឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ពិសេសដល់បសាទគូម៉ាម៉ូតូ ដែលជាដួងព្រលឹងរបស់ប្រជាជនជប៉ុន ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងសោកសៅជាមួយប្រជាជន និងក្រុម គរួសារជនរងគ្រោះក្នុងខេត្តនេះផងដែរ។

ក្នុងអំឡុងជាង ២ ឆ្នាំកន្លងមកនេះ ជំងឺកូវីដ-១៩ បាននាំមកនូវផលប៉ះពាល់មិនធ្លាប់មានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសកល។ ប៉ុន្តែវិបត្តិនេះក៏បានធ្វើឱ្យយើងឃើញកាន់តែច្បាស់អំពីភាពចាំបាច់នូវការរក្សា និងការពារឱ្យបាននូវប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិ ពិសេសធនធានទឹកសម្រាប់ជំរុញ និងគាំទ្រការរស់រានមានជីវិត និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់ និងចីរភាព។

ជាការពិតទឹកគឺជាធនធានដ៏មានសារសំខាន់សម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយគុណភាព, ប៉ុន្តែធនធាននេះពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះ ពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក ការប្រែប្រួលអាកាសធាតុ គ្រោះទឹកជំនន់ និងភាពរាំងស្ងួត, ការកើនឡើងនូវចំនួនប្រជាជន និងការបន្តរីកចំរើនយ៉ាងឆាប់រហ័ស ដែលបាននិងកំពុងបន្តដាក់សម្ពាធដល់ធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ប្រភពទឹកផងដែរ ។ ដូច្នេះ អភិក្រមនៃការគ្រប់គ្រងធនធានទឹករបស់យើងនាពេលបច្ចុប្បន្ន នឹងកំណត់នូវគុណភាពនៃជីវិតរស់នៅរបស់យើង និងកូនចៅរបស់យើងនាពេលអនាគត ក្នុងន័យនេះ ធនធានទឹកបានក្លាយជារបៀបវារៈមួយសំខាន់ ដែលតម្រូវឱ្យយើងត្រូវខិតខំប្រឹងប្រែងរួមគ្នា គ្រប់គ្រងឲ្យបានប្រកបដោយចីរភាព សម្រាប់បច្ចុប្បន្ន និងទៅអនាគត តាមរយៈ៖

១. ការបន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក។

២. ការបន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង,ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។

៣. ការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

៤. ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្តួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីរភាពសង្គមក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូប ទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្តែង នៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់សហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី ៦ ស្តីពី “ការធានាឱ្យមាននិងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាពសម្រាប់ប្រជាជនគ្រប់រូប”។ កម្ពុជា ចាត់ទុកទឹកថាជា “មាស ស“ ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។ រាជរដ្ឋាភិបាលកម្ពុជាតែងទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស កម្ពុជានឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ “ទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព”។

ក្នុងន័យនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ឆន្ទៈនយោបាយកម្រិតខ្ពស់ ការខិតខំប្រឹងប្រែង និងការធ្វើសកម្មភាពរួមគ្នារបស់យើង នឹងធានាបាននូវជោគជ័យក្នុងការសម្រេចគោលដៅខាងលើ។ កម្ពុជាទន្ទឹងរង់ចាំលទ្ធផលប្រកបដោយផ្លែផ្កានៃ កិច្ចប្រជុំកំពូលលើកទី ៤ ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយនឹង ”សេចក្តីប្រកាសក្នុងទីក្រុងគូម៉ាមូតុ” ដែលនឹងក្លាយជាឯកសារបង្ហាញផ្លូវដ៏មានសារសំខាន់សម្រាប់ពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដែលធានាឱ្យបាននូវការប្រើប្រាស់ ការអភិវឌ្ឍ និងការគ្រប់គ្រងទឹក ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់មនុស្សជាតិគ្រប់ជំនាន់។

ជាទីបញ្ចប់នេះ ខ្ញុំសូមជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលមានវត្ដមាននាឱកាសនេះ មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។ ខ្ញុំក៏សូមជូនពរកិច្ចប្រជុំពាក់ព័ន្ធ ឱ្យទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...