សម្រង់ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន,​ បើកការដ្ឋានសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ក្របខណ្ឌហិរញ្ញប្បទានឥតសំណងប្រទេសជប៉ុន

CNV:22 ខែ​កុម្ភៈ, 2022

ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា!

សម្តេច ឯកឧត្តម​ លោកជំទាវ អស់លោក/ស្រី!

ការដ្ឋានជំនួយជប៉ុន ៣ សម្ពោធ ក្នុងពេលតែជាង ១ខែ

ថ្ងៃនេះ យើងមករួមជួបជុំគ្នា ដើម្បីធ្វើពិធីសម្ពោធបើកការដ្ឋានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។ ដូចដែលឯកឧត្តម MIKAMI Masahiro បានលើកឡើងអម្បាញ់មិញ នៅក្នុងរយៈពេលតែជាង ១ ខែប៉ុណ្ណោះ ការដ្ឋានបីបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងចាប់ផ្តើមសាងសង់ ទី (១) គឺផ្លូវជាតិលេខ ៥ ដែលតភ្ជាប់ រវាងទីរួមខេត្តបាត់ដំបង និងទីរួមខេត្តបន្ទាយមានជ័យ។ ទី (២) ស្ពាន ៧ កន្លែង ដែលក្នុងនោះ នៅក្នុងទឹកដី(ខេត្ត)ព្រៃវែង ចំនួន ២ និងទឹកដីខេត្តក្រចេះ ចំនួន ៥ បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅអាទិត្យមុននេះ កាលពីថ្ងៃទី ១៦។ (រីឯ)ថ្ងៃនេះ យើងសម្ពោធការដ្ឋាន ដើម្បីសាងសង់នូវប្រព័ន្ធបង្ហូរទឹកកខ្វក់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។

សម្ពោធបើកការដ្ឋានស្ថានីយប្រព្រឹត្តិកម្មទឹក ៧ ជំហានរួចមកហើយ

បើខ្ញុំមិនច្រឡំទេ អ្វីដែលបានកើតឡើងនៅថ្ងៃនេះ ជាជំហានទី ៧ ដែលខ្ញុំបានចូលរួមនៅក្នុងការបើកការដ្ឋាន (ស្ថានីយប្រព្រឹត្តិកម្មទឹក)។ ជំហានទី (១) គឺពេលនោះយើងធ្វើនៅក្នុងឆ្នាំ ២០០៣ និង ២០០៤ ការដ្ឋានត្រូវបានបើក នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០០៣ បន្ទាប់ទៅ គឺដាក់សម្ពោធឱ្យប្រើប្រាស់ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០០៤ … បន្ទាប់ទៅជំហានទី (២) ការបើកការដ្ឋានសាងសង់ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០០៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១០។ (ក្នុង) ២ ជំហាននេះ យើងចូលរួម ៤ ដង។ បន្ទាប់ទៅទៀត គឺជំហានទី (៣) គឺបើកការដ្ឋានសាងសង់ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៥។ ឯជំហានទី (៤) បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០១៨។ ឥឡូវនេះ មិនទាន់បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឡើយទេ។ សង្ឃឹមថា ពេលរួចរាល់ គឺនៅក្នុងវត្តមានរបស់ខ្ញុំនៅឡើយ។

ថ្ងៃនេះ យើងក៏បើកការដ្ឋានសាងសង់មួយទៀត បន្ទាប់់ពីកិច្ចព្រមព្រៀងបានចុះហត្ថលេខា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹង JICA ហើយដែលបានសិក្សារួមគ្នា សម្រាប់ទីតាំងមួយនេះ។ ដូចឯកឧត្តម MIKAMI Masahiro បានធ្វើចំណាប់អារម្មណ៍អម្បាញ់មិញ វាមិនមែនជាការងាយស្រួលទេ​ ក្នុងពេលដែលយើងមានការអភិវឌ្ឍហើយ យើងសម្រេចជ្រើសរើសទីតាំងសមស្របមួយ សម្រាប់បម្រើឱ្យតម្រូវការនៃការរំដោះទឹកចេញផង ប៉ុន្តែពាក់ព័ន្ធជាមួយនឹងបញ្ហាបរិស្ថាន បញ្ហាអនាម័យជាចម្បង។ មុនពេលដែលយើងទម្លាក់ទឹកទៅក្នុងទន្លេបាសាក់ ចាំបាច់ណាស់យើងត្រូវចម្រាញ់វាឱ្យស្អាត។

កន្លែងបីខាងលើនោះ ទម្លាក់ច្រើនទៅក្នុងទន្លេមេគង្គ។ ប៉ុន្តែ មានកន្លែងមួយខ្ញុំនៅចាំថា ជំនាន់នោះ គឺឯកឧត្តមអតីតអគ្គរដ្ឋទូត Fumiaki Takahashi … មុននឹងទម្លាក់ទៅក្នុងទន្លេ យើងត្រូវធ្វើការចម្រោះវាឱ្យក្លាយទៅជាទឹកស្អាតសិន ដែលជាផ្នែកមួយនៃការគ្រប់​គ្រងបរិស្ថាន និងអនាម័យ សម្រាប់ប្រជាពលរដ្ឋ។ យើងពិនិត្យឃើញថា ទីក្រុងភ្នំពេញរបស់យើងនេះ ពោរពេញទៅដោយកាកសំណល់ ប្រសិនបើមិនមានការធ្វើប្រព្រឹត្តិកម្ម គេហៅថា ចម្រោះទឹកឱ្យបានស្អាត មុនពេលដែលយើងទម្លាក់ទៅក្នុងទន្លេ ទាំងទន្លេមេគង្គ ទាំងទន្លេសាប ទាំងទន្លេបាសាក់ ច្បាស់ណាស់ថា អ្នកដែលទទួលនូវផលវិបាក គឺអ្នកដែលរស់នៅតាមដងទន្លេនេះឯង។ បន្ថែមលើនោះ ទឹកកខ្វក់ទាំងនេះក៏អាចរីករាលដាលទៅជាជំងឺផ្សេងៗនៅក្នុងទីក្រុងរបស់យើងផងដែរ។

ឆ្នាំក្រោយខួបទី ៧០ ទំនាក់ទំនងកម្ពុជា-ជប៉ុន

ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះសាលារាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងសហការជាមួយ JICA ជាមួយនឹងស្ថានទូតជប៉ុន ដើម្បីធ្វើឱ្យចេញជារូបរាងនូវការដ្ឋាននេះ។ តាមទម្លាប់ធម្មតាមិនជាប្រើពេលយូរប៉ុន្មានទេ ការដ្ឋាននេះនឹងរួចរាល់តាមការគ្រោងទុក។ ខ្ញុំសូមកោតសរសើរ និងអរគុណតាមរយៈ ឯកឧត្តម MIKAMI Masahiro ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចជាកាលបានផ្តល់ជំ​នួយសម្រាប់យើងស្ទើរតែគ្រប់វិស័យ ដែលយើងបានខិតខំរួមគ្នា ហើយការសម្ពោធបើកការដ្ឋានថ្ងៃនេះ វាជាផ្នែកមួយ នៃផ្លែផ្កា នៃទំនាក់ទំនងល្អ រវាងកម្ពុជា និងជប៉ុន។

ឆ្នាំក្រោយនេះនឹងមានខួបលើកទី ៧០ នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងជប៉ុន។ ឆ្នាំនេះទៀតក៏ជាខួបលើកទី ៣០ នៃថ្ងៃចងចាំការមកដល់នៃកងរក្សាសន្តិភាពរបស់ជប៉ុន ហៅថា PKO ហើយដែលខ្ញុំបានជម្រាបជូន ឯកឧត្តម MIKAMI Masahiro អម្បាញ់មិញថា ខ្ញុំ(នឹង)ស្ថិតនៅឯទីក្រុងព្រះសីហនុ ចំនួន ៣ ថ្ងៃ (គឺថ្ងៃទី)១៤, ១៥ និង ១៦ (មីនា)។ ខ្ញុំក៏បានប្រាប់ សម្តេច ទៀ បាញ់ ហើយរៀបចំកម្មវិធីមួយចំនួន។ អម្បាញ់មិញខ្ញុំក៏បានខ្សឹបប្រាប់ ឯកឧត្តម MIKAMI Masahiro ថា ខ្ញុំត្រូវការអញ្ជើញមន្ត្រីយោធារបស់ជប៉ុន ដែលធ្វើដំណើរមកទីនោះ ដើម្បីសំណេះសំណាល ហើយទទួលទានអាហារមួយពេល។ ហ្នឹងគឺចាំរៀបចំជាមួយគ្នាពេលក្រោយ តែនេះជាអ្វីដែលខ្ញុំចងចាំបំផុត នៅក្នុងព្រឹត្តិការណ៍កាលពីឆ្នាំ ១៩៩២។

(ឆ្នាំ) ១៩៩១ យើងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ឆ្នាំ ១៩៩២ ឯកឧត្តម Yasushi Akashi ដែលជាជនជាតិជប៉ុន ហើយក៏ធ្វើជាប្រធានអ៊ុនតាក់នៅកម្ពុជា បានសំណូមពរឱ្យខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិក ដើម្បីចលនាសហរដ្ឋអាមេរិកឱ្យចូលរួមវិភាគទាន​សម្រាប់ដំណើរការនៃប្រតិ​បត្តិការរក្សាសន្តិភាព តាមរយៈអ៊ុនតាក់។ នេះជាសំណូមពររបស់ឯកឧត្តម Yasushi Akashi ប្រធានអ៊ុនតាក់នៅពេលនោះ។ ពេលដែលខ្ញុំធ្វើដំណើរទៅសហរដ្ឋអាមេរិក ខ្ញុំធ្វើដំណើរទៅតាមទីក្រុងតូក្យូ។ ពេលនោះ ដោយគាត់និងខ្ញុំ គឺមានទំនាក់ទំនងល្អស្រាប់ ឯកឧត្តម WATANABE ជាឧបនាយកររដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសបានឱ្យមនុស្សមកទទួលខ្ញុំទៅពិភាក្សាការងារជាមួយគាត់ មុនពេលដែលខ្ញុំឡើងបន្តធ្វើដំណើរទៅកាន់ទៅក្រុងវាស៊ីនតោន។ (ការជួបនោះ)បាននាំទៅដល់ការនិយាយគ្នា ទាក់ទិននឹងការចូលរួមចំណែករបស់ជប៉ុន នៅក្នុងវិភាគទានលើសការកំណត់ ដែលតាមកាតព្វកិច្ចរបស់ជប៉ុនចេញប៉ុន្មាន? ប្រទេសណាចេញប៉ុន្មាន? ប៉ុន្តែ ជប៉ុនបានចេញថវិកាប្រតិបត្តិការរក្សាសន្តិភាពនៅកម្ពុជាច្រើនជាងកាតព្វកិច្ចរបស់ជប៉ុន នេះទី ១។

កម្ពុជារំលឹកខួបទី ៣០ នៃថ្ងៃបង្កើតកម្លាំងប្រតិបត្តិការរក្សាសន្តិភាព PKO ជប៉ុន

ទី ២ (យើងបាន)ពិភាក្សាអំពីបញ្ហាទាក់ទិននឹងការចេញជាលើកដំបូងរបស់កងស្វ័យត្រាណជប៉ុនមកជួយរក្សាសន្តិភាព តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិហៅថា អ៊ុនតាក់​។ ខ្ញុំបានគាំទ្រនូវគំនិតផ្តួចផ្តើម​នេះ ហើយដែលខ្ញុំធ្លាប់បាននិយាយថា Shimbun Akahata ដែលជាកាសែតរបស់បក្សកុម្មុយនីស្តជប៉ុន បានទៅសួរខ្ញុំទៅដល់វាស៊ីនតោន។ ដល់ខ្ញុំត្រឡប់មកកម្ពុជាវិញ មកដល់ពោធិ៍ចិនតុង ខ្ញុំក៏មានធ្វើសន្និសីទសារព័ត៌មានមួយ មិននឹកស្មានថា កាសែត Akahata ក៏បានមកតាមសួរទៀតថា ហេតុអីបានអ្នកឯងគាំទ្រកងស្វ័យការពាររបស់ជប៉ុនមកកម្ពុជា? ពិតជាការគួរឱ្យចងចាំ។

កន្លងផុតរយៈពេល ៣០ ឆ្នាំ ដែលនេះក៏ជាខួបអនុស្សាវរីយ៍ ដែលកម្ពុជាត្រូវធ្វើ ជួនពេលដែលកងនាវារបស់ជប៉ុននឹងចូលមកដល់កំពង់ផែកម្ពុជា នៅក្នុងខែមីនាខាងមុខនេះ។ ខ្ញុំក៏ទៅទីនោះ ដើម្បីសួរសុខទុក្ខកងទ័ពជប៉ុនផង ហើយនឹងអាចអញ្ជើញនាយទាហានមួយចំនួន រួមជាមួយឯកឧត្តមអគ្គរដ្ឋទូតមកធ្វើការសំណេះសំណាល ហើយយើងទទួលអាហារជាមួយគ្នា ដែលជាផ្នែកមួយនៃសកម្មភាពនៃការរំលឹកខួប ៣០ ឆ្នាំ នៃកងស្វ័យការ​ពារ​របស់ជប៉ុនមកកាន់កម្ពុជា ដែលមានពលីកម្មរបស់កងទ័ព កងនគរបាលរបស់ជប៉ុននៅលើទឹកដីកម្ពុជាផង ហើយក៏ដំណើរឆ្ពោះទៅអបអរសាទរខួបអនុស្សាវរីយ៍ ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផង។

ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីការផ្តល់ជំនួយឧបត្ថម្ភរបស់ប្រទេសជប៉ុន

ដូចដែលខ្ញុំបានលើកឡើងនៅឯសង្កថារបស់ខ្ញុំនៅឯខេត្តក្រចេះ កាលពីថ្ងៃទី ១៦ កន្លងទៅ។ ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីការរួមចំណែក នៃដៃគូអភិវឌ្ឍន៍របស់យើង និយាយជារួម និងនិយាយដោយឡែក គឺបានមកពីការផ្តល់ជំនួយឧបត្ថម្ភរបស់ប្រទេសជប៉ុន។ ប្រទេសជប៉ុនបានដើរតួនាទីជាសហ​ប្រធាន នៃការស្តារឡើងវិញ នៃប្រទេសកម្ពុជា គេថាប្រើឈ្មោះថា ICORC នៅពេលនោះ។ ពេលខ្លះក៏ប្រជុំនៅឯទីក្រុងតូក្យូ ពេលខ្លះប្រជុំនៅទីក្រុងប៉ារីស។ នៅទីក្រុងប៉ារីស ដូចជាប្រជុំបានតែ ២ ដងទេ ហើយនៅប្រទេសជប៉ុន ដូចជាប្រហែល ៣ ដង ប្រជុំលើកទី (១) គឺនៅក្នុងឆ្នាំ ១៩៩២ ហ្នឹងតែម្តង។ ពេលនោះ កំពុងតែពិភាក្សា ស្តីពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ប៉ុន្តែបាននិយាយដល់ អំពីបញ្ហាទាក់ទិននឹងបញ្ហាការកសាងឡើងវិញ។ ខ្ញុំនៅចាំបានថា ការប្រជុំ ICORC ចុងក្រោយ គឺនៅក្នុងឆ្នាំ ១៩៩៦ ដោយសារតែពេលប្រជុំហើយ ខ្ញុំត្រូវចេញដំណើរពីទីក្រុងតូក្យូ ទៅទីក្រុងសេអ៊ូល ដើម្បីទស្សនកិច្ចបង្កើតទំនាក់ទំនងការទូតដំបូងជាមួយនឹងសាធារណរដ្ឋកូរ៉េ គឺកូរ៉េខាងត្បូង។

បន្តមកទៀតបានចាប់ផ្តើមយើងមានការប្រជុំប្រចាំឆ្នាំ រវាងកម្ពុជាជាមួយនឹងដៃគូផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ដែលក្នុងនោះ ធនាគារពិភពលោកបានដើរតួនាទីជំនួសវិញម្តង។ ចំណុចនេះហើយ ដែលកម្ពុជាតែងតែនឹកឃើញទៅដល់ការរួមចំណែកនៃដៃគូអភិវឌ្ឍន៍ប្រទេសទាំងអស់ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក្នុងហ្នឹងមួយចំណែកធំក៏បានមកអំពីការចូលរួមឧបត្ថម្ភគាំទ្រពីជប៉ុននៅក្នុងគ្រាដំបូង ដែលផ្តល់ជំនួយច្រើនជាងគេនៅក្នុងកាលៈទេសៈនោះ។ ឥឡូវ ទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ កិច្ចសហប្រតិបត្តិការរបស់យើងកាន់តែធំ។ យើងមិនមែនគ្រាន់តែរង់ចាំជំនួយពីជប៉ុននោះទេ អ្វីដែលសំខាន់ គឺយើងប្រឹងប្រែងទាញអ្នកវិនិយោគជប៉ុនទាំងឡាយ មកកាន់ព្រះរាជាណាចក្រកម្ពុជា …។

កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជប៉ុនអ្នកជួយ ហេតុអ្វីបានទៅជាអន្ទាក់បំណុលរបស់ចិន?

កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ត្រូវបានរ៉ាប់រង ទទួលខុសត្រូវ និងការជួយទំនុកបម្រុងពីរដ្ឋាភិបាលជប៉ុន។ អញ្ចឹងទេ ខ្ញុំមិនគិតថាអ្នកដែលបាននិយាយថា អន្ទាក់បំណុលរបស់ចិនលើបញ្ហាកំពង់ផែព្រះសីហនុ ដូចដែលគេ​​និយាយប្រៀបធៀបទៅនឹងអន្ទាក់បំណុលរបស់ចិននៅស្រីលង្កា វាមិនមែនជាការពិត។ កំពង់ផែទឹកជ្រៅដែលកំពុងធ្វើពាណិជ្ជកម្មសព្វថ្ងៃនេះ គឺត្រូវរ៉ាប់រងទទួលឱ្យប្រាក់កម្ចី និងជំនួយពីប្រទេសជប៉ុនឯណេះវិញទេ។ អញ្ចឹងទេ សុំអ្នកវិភាគមួយចំនួន ដែលមិនយល់ដឹងអំពីការពិត ឈប់និយាយបំភ័ន្តសភាពការណ៍ទៅ។ កំពង់ផែសព្វថ្ងៃ ដែលកំពុងធ្វើប្រតិបត្តិការដឹកទំនិញចេញចូលនេះ កំពុងតែមានការរួមចំណែក ការកសាងអ្វីៗ គឺតាមរយៈជប៉ុន។ ជប៉ុនក៏មានទិញភាគហ៊ុនមួយចំនួននៅក្នុងហ្នឹងផងដែរ។ ប៉ុន្តែ ពួកគេវិភាគឃើញថា វាអាចក្លាយជាអន្ទាក់បំណុលរបស់ចិនទៅវិញ ជប៉ុនអ្នកធ្វើ ជប៉ុនអ្នកជួយ ហេតុអ្វីបានទៅជាអន្ទាក់បំណុលរបស់ចិន? នេះជាការមួលបង្កាច់។ យើងមិនដឹងថាប្រៀបធៀបក្រុមរបស់គេជាអ្វី … ព្រោះសត្វតិរច្ឆានវាស្គាល់សំបុករបស់វា។ (សត្វ)ចាបវាចេញពេលព្រឹក ពេលល្ងាចវាចូលសំបុករបស់វា។ ប៉ុន្តែ អានេះវាអត់ស្គាល់ផង វាអត់ស្គាល់ទាំងប្រ​ទេសខ្លួនឯងហ្នឹងវាយ៉ាងម៉េចផង។ អញ្ចឹង វាទៅផុតពីតិរច្ឆានទៀត មិនដឹងថាវាជាស្អី។ ប្រែតក៏មិនប្រាកដថាជាប្រែត ….។

ស្វាគមន៍គ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលមានបំណងចង់ចូលរួមអភិវឌ្ឍន៍នៅកម្ពុជា

យើងទទួលគ្រប់ពីដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលមានចង់ជួយសម្រាប់យើង។ អញ្ចឹងទេ ដូចជាករណីជប៉ុន និយាយពីបញ្ហាផ្លូវជាតិ គេថា Asian Highway ដែលតភ្ជាប់ រវាងទីក្រុង​ហូជីមិញទៅទីក្រុងបាងកក ជប៉ុនទទួលរ៉ាប់រងប្រមាណជា ៩០% នៃកំណាត់ផ្លូវ និងស្ពាន អាចថា ៩០% ដែលចាប់តាំងពីព្រំដែនកម្ពុជា-វៀតណាម មកស្ពានអ្នកលឿង មកផ្លូវជាតិលេខ ១ ហើយបន្តផ្លូវជាតិលេខ​ ៥ ចាប់ពីព្រែកក្តាមទៅទល់ព្រំដែនកម្ពុជា-ថៃ។ នេះជាចំណុចដែលយើងត្រូវមើលឃើញ អំពីសារសំខាន់ … ដែលខ្ញុំជាមួយនឹងឯកឧត្តមអតីតនាយករដ្ឋមន្រ្តី SHINZO ABE បានលើកនៅក្នុងកម្រិតទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តជាមួយគ្នា។ តាមរយៈជំនឿទុកចិត្តនេះ អនុញ្ញាតឱ្យយើងបានធ្វើការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ដើម្បីនឹងជម្រុញកិច្ចសហប្រតិបត្តិការរបស់យើង។

ថ្នាក់ដឹកនាំជប៉ុន ទទួលជួបមេបញ្ជាការកងទ័ពជើងគោកកម្ពុជា

ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះឯកឧត្តអគ្គរដ្ឋទូត អរគុណចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី KISHIDA ឯក​ឧត្តមរដ្ឋមន្រ្តីការបរទេស ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិ អគ្គបញ្ជាការ ក៏ដូចជា មេបញ្ជាការកងទ័ព និង​បណ្ដាអង្គភាពរបស់កងទ័ពជប៉ុន ដែលបានទទួលមេបញ្ជាការជើងគោក​របស់កម្ពុជា។ វាជាព្រឹត្តិការណ៍កម្រមាន និយាយដោយត្រង់ បើសិនជាខ្ញុំធ្វើជានាយករដ្ឋមន្រ្តីជប៉ុន ក៏ខ្ញុំធ្វើមិនកើតដែរ។ មូលហេតុធ្វើមិនកើត? ធ្វើនា​យករដ្ឋមន្រ្តីកម្ពុជា គ្រាន់មានពេលដើរ គ្រាន់មានពេលវាយកូនហ្គោល។ ធ្វើនាយករដ្ឋមន្រ្តីជប៉ុន អត់មានពេលទេ។ នៅចាំបានទេ ​ឯកឧត្តម MORI ​លាលែងពីតំណែង ក្នុងពេលហ្នឹងមានឧបទ្ទវហេតុនៃការ(ដែល)នាវាអាមេរិកទៅជល់នាវារបស់ជប៉ុន ដែលមាននិស្សិតកំពុងចុះកម្មសិក្សា ដូចជានៅកោះហាវ៉ៃ​។ ពេលនោះគេថតបានឯកឧត្តម MORI វាយកូនហ្គោល។ គាត់វាយកូនហ្គោលឆ្លៀតវាយយប់ទៅទៀត។ វាយយប់ហ្នឹងមិនរួចខ្លួនទេ គេទាមទារឱ្យគាត់លាលែងពីដំណែងទាល់តែបាន។

(ក្នុងក្របខណ្ឌ) ជប៉ុន-មេគង្គ ជប៉ុនមានតែមួយទេ មេគង្គមាន៖ កម្ពុជា, វៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា មានដល់ទៅ ៥ ប្រទេស។ ​​ក្រៅពីការប្រជុំរួមហើយ នាយករដ្ឋមន្រ្តីជប៉ុន គាត់អនុញ្ញាតឱ្យធ្វើទស្សនកិច្ចការងារ។ ដូច្នេះ គាត់ទទួលគណៈប្រតិភូកម្ពុជាផង បាយបន្តិចជាមួយគ្នាទៅ។ អញ្ចឹង ពេលថ្ងៃអញ្ចឹងគាត់ចរចាជាមួយខ្ញុំ (រួច)​​ហើយបាយជាមួយគ្នា។ ដល់ពេលរសៀលត្រូវទៅជាមួយនឹងគណៈប្រតិភូមួយទៀត ជួនកាលយប់គាត់(ជួបគណៈប្រតិភូ)មួយទៀត បាយផុតពីនេះហើយ គាត់ទៅបាយជាមួយ(គណៈប្រតិភូ)មួយទៀត ព្រោះតែទទួលមួយអត់មួយ គឺមិនបាន។ អញ្ចឹង គាត់ត្រូវធ្វើអញ្ចឹង។ ខ្ញុំគិតថា បើសម្រាប់ខ្ញុំ ខ្ញុំធ្វើមិនរួចតែម្តង។ លេងមួយថ្ងៃបាយជាមួយគណៈប្រតិភូ ២ ទៅ ៣ គណៈប្រតិភូអញ្ចេះ។

មេបញ្ជាការជើងគោករបស់កម្ពុជា ត្រូវបានទទួលឱ្យធ្វើសវនាការជាមួយនាយករដ្ឋមន្រ្តីជប៉ុន។ នេះជាចំណុចពិសេសក្នុងទំនាក់ទំនងរបស់យើង​ ដែលខ្ញុំបានបញ្ជាក់ថ្ងៃមុនហើយ ហ៊ុន ម៉ាណែត បានជួបជាមួយនឹងនា​យក​រដ្ឋមន្រ្តីជប៉ុន ៣ នាក់ហើយ ។ (ឆ្នាំ) ២០១០ ជួប HATOYAMA។ (ឆ្នាំ) ២០១៨ ជួប SHINZO ABE។ (ឆ្នាំ) ២០២២ ជួប KISHIDA រដ្ឋមន្រ្តី ឬឧបនាយករដ្ឋមន្រ្តី ឬប្រធានសភា។ ទស្សនកិច្ចនៅជប៉ុនមិនងាយបានជួបជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនទេ ព្រោះគាត់រវល់ណាស់។ ប៉ុន្តែ លើកនេះគឺគាត់ឆ្លៀតទទួល។ (នេះ)បង្ហាញឱ្យឃើញ អំពីកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងការផ្លាស់ប្តូរគណៈប្រតិភូ ហើយយើងក៏នឹងធ្វើដូចគ្នានេះដែរ ជាមួយនឹងការទៅមករកគ្នានៅក្នុងទំនាក់ទំនងរបស់យើង។

ថ្ងៃនេះ តើមេឃនេះវាជាខែរងា ឬត្រៀមភ្លៀង? ព្រឹកហ្នឹងទៅជារងា។ ប៉ុន្តែ និយាយរឿងមួយ រឿងហ្នឹង គឺតែងតែកើតមានយូរហើយ … កើតមាននៅត្រង់អញ្ចេះ។ ឯកឧត្តម MIKAMI Masahiro មិនទាន់ដឹង។ ខ្ញុំនិយាយប្រាប់រឿងមួយ។ រឿងហ្នឹងគេច្រើននិយាយលេង។ មានគូសង្សារមួយគូគេទៅលេងមាត់សមុទ្រ។ ទៅដល់ស្រាប់តែមេឃវាស្រទុំ។ ដល់មេឃស្រទុំ ខាងស្រ្តីនោះគេសួរមកខាងប្រុសថា បងម៉េចបានមេឃស្រទុំ? ខាងប្រុសគេឆ្លើយត្រឡប់ទៅវិញថា “ហ្នឹងបានន័យថា ចាញ់សម្រស់អូន បានជាមេឃវាស្រទុំ”។ កន្លងផុតមកប្រ​មាណជា ៥ ឆ្នាំ (ពួកគេ)ចាប់ផ្តើមទៅលេងកន្លែងហ្នឹងឡើងវិញ។ អ្នកទាំងពីរបានរៀបការជាមួយគ្នាទៅហើយ មានទាំងកូនទៅទៀត។​ ទៅកន្លែងដដែល ហើយមេឃស្រទុំដដែល។ ប្រពន្ធក៏ចាប់ផ្តើមសួរទៅកាន់ប្តីថា ហេតុអ្វីបានមេឃស្រទុំ? ខាងប្រុសឆ្លើយថា មិនដឹងថាមេឃជិតភ្លៀងទេអី ក្បាលកញ្ចាស់ហើយ? …។

ថ្ងៃទី ១៤ កុម្ភៈ រំលឹកដល់ការសង្គ្រោះអ្នកដំណើរនិងនាវិកនាវា Westerdam

រឿង ខៀវ កាញារីទ្ធ បង្ហោះហ្វេសប៊ុកថ្ងៃមុនមានឃើញទេ? ថ្ងៃទី ១៤ កុម្ភៈ សម្រាប់យើង គឺយើងរំលឹកទៅដល់ខួប ២ ឆ្នាំ នៃ Westerdam ដែលយើងជួយសង្រ្គោះឱ្យចូលមកកំពង់ផែរបស់យើង ហើយអ្នកទាំងនោះត្រូវបានត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន។ គាប់ជួនថ្ងៃនោះជាថ្ងៃនៃក្តីស្រឡាញ់។ កាញារីទ្ធ បង្ហោះហ្វេសប៊ុក គាត់ថារបស់បីយ៉ាង ដែលមិនគួរធ្វើកាដូនិងរបស់បីយ៉ាងដែលគួរធ្វើកាដូ។ អារបស់បីយ៉ាង ដែលមិនគួរធ្វើកាដូនោះដូចជាទី (១) កុំផ្តល់កន្សែង ព្រោះតំណាងឱ្យការជូតទឹកភ្នែក ការបែកគ្នា។ ទី (២) កុំកាដូនាឡិកា ព្រោះវាជាតំណាងនៃការបែកគ្នាដែរ។ ទី (៣) កុំទិញស្បែកជើងឱ្យ ព្រោះដើរទៅមុខឬដើរចោល។ ប៉ុន្តែ របស់ដែលគួរតែធ្វើកាដូ ទី (១) ស៊ីម៉ង់ត៍ម៉ាកអូដ្ឋ អាហ្នឹងវាជាប់រឹងមាំ។ ទី (២) ដែកម៉ាកវី អាហ្នឹងវាជាប់ទៀត។ ទី (៣) កាវក្បាលឆ្កែ អាហ្នឹងវាស្អិតជាប់គ្នា។ ចេះតែរកនឹកឃើញ។ ថ្ងៃហ្នឹងដូចមិនឃើញមក។ ជិតអត់មកទេ។ ចំណាំមើល បើថាជិតៗ កាញ្ញារីទ្ធ គេចហើយ។ ប៉ុន្តែឡើងដល់ក្រចេះ កាញារីទ្ធ មានមុខ …។

ប្រជាពលរដ្ឋត្រូវប្រកាន់ភ្ជាប់នូវអនាម័យ និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

ខ្ញុំគួរតែយកឱកាសនេះ ដើម្បីនិយាយសម្រាប់ប្រជាជននៅទីក្រុងភ្នំពេញ។ ទីក្រុងភ្នំពេញរបស់យើងកាលពីជំនាន់ទសវត្សរ៍ទី ៦០ គ្មានការឈឺក្បាលណាមួយ សម្រាប់បញ្ហាសំរាម ឬបញ្ហាទឹកកខ្វក់ ទឹកស្អីទេ។ អត់ទេ។ ខ្ញុំសូមរំលឹក(ឡើងវិញបន្តិច) សម្រាប់ខ្ញុំ ការចាប់ផ្តើមរបស់ខ្ញុំមានរបបតែ ១៦ គីឡូទេ។ អង្ករ ១០ គីឡូ និងពោត ៦ គីឡូ។ ស៊ីមិនឆ្អែត ទៅកាប់ចេកស៊ី ព្រោះ ប៉ុល ពត យកដីដាំចេកនៅទីក្រុងភ្នំពេញ។ យើងទៅអូសទឹកពីទន្លេមេគង្គយកមកប្រើប្រាស់។ ដូច្នេះ ស្ថានភាពពេលនោះ ធ្វើម៉េចឱ្យតែរស់ អត់មានចាំបាច់អនាម័យម្ហូបអាហារស្អីៗទេ ឱ្យតែមានដឹងតែស៊ីតែម្ដង ហើយក៏គ្មានសំរាមឯណា សម្រាប់ដឹកនោះទេ ព្រោះអត់មានអីស៊ីផង​។ ប៉ុន្តែឥឡូវនេះ វាមិនដូចពេលមុនទេ សំរាមក្នុងមួយថ្ងៃ គឺមានប្រមាណ ៣ ០០០ តោន។ រឿងស៊ីនេះជៀសវាមិនរួចទេ ឥឡូវទទួលទានដោយមានអនាម័យ មានការត្រួតពិនិត្យត្រឹមត្រូវ រហូតទៅដល់យើងមានការប្រ​ឆាំងការក្លែងបន្លំស្អីអញ្ចេះអញ្ចុះថែមទៀតផង។

អ្វីដែលជាបញ្ហាកង្វល់របស់យើង គឺ ប្រជាពលរដ្ឋរបស់យើងមិនព្រមរៀបចំសម្អាតអនាម័យ តាមរយៈការប្រ​មូលសំរាមនេះឯង។ ប្រមូលម៉េចអស់? ហើយអ្នកធ្វើអនាម័យធ្វើម៉េចអស់ បើយើងនាំគ្នាដើរតែទទួលទានហើយបោះចោលក្រៅធុងសំរាម? មានធុងសំរាមនៅក្បែរហើយ មិនព្រមដាក់(ចូលធុងសំរាម)។ ឥឡូវ មានការរៀបចំឱ្យមានការញែក រវាងសំរាមដែលជាសំណល់រឹង​ ជាមួយនឹងសំរាមធម្មតា។ ក៏ប៉ុន្តែមិនព្រមញែកអាហ្នឹងទៅទៀត បង្កើតឱ្យមានបញ្ហាទៅទីធ្លាចាក់សំរាម។ ឥឡូវ ត្រៀមដោះដូរពីស្ទឹងមានជ័យ ទៅកាន់កន្លែងផ្សេង។ អញ្ចឹង ខ្ញុំសុំអំពាវនាវចំពោះប្រជាពលរដ្ឋ ដែលរស់នៅទីក្រុងភ្នំពេញ ឬចូលមកលេងទីក្រុងភ្នំពេញ សូមមេត្តាប្រកាន់ភ្ជាប់នូវអនាម័យ។ អនាម័យនេះ វាមិនមែនបានមកសម្រាប់នរណាទេ សម្រាប់យើងទាំងអស់គ្នា។

សូមពលរដ្ឋរបស់យើងក្ដាប់ឱ្យជាប់ពីរឿងនេះ។ យើងបានខិតខំធ្វើហើយ អំពីបញ្ហាទាក់ទិនជាមួយនឹងថង់ប្លាស្ទិកហោះតាមខ្យល់។ ហ្នឹងយើងឃើញថា យើងធ្វើបានជោគជ័យមួយភាគធំ ដែលមុននោះសំពីងសំពោង ហោះតាមខ្យល់។ ក្រដាសក៏ហោះ។ ថង់ប្លាស្ទិកក៏ហោះ។ ប៉ុន្តែ ក្រោយមក គឺឃើញថាថយចុះ។ ថង់ប្លាស្ទិក ក៏កំពុងក្លាយទៅជាប្រធានបទក្ដៅនៅពេលនេះ សម្រាប់បណ្ដាសមុទ្រទាំងអស់ ដែលកំពុងជោគជាំដោយថង់ប្លាស្ទិក។ ការប្រជុំទាក់ទងនឹងបរិស្ថានម្ដងៗគេបានលើកឡើង អំពីបញ្ហាថង់ប្លាស្ទិកនៅតាមសមុទ្រ។

ធ្វើម៉េចកុំឱ្យថង់ប្លាស្ទិក ឬសំរាមនានា វាកកកុញហូរចូលទៅក្នុងទន្លេ ចូលទៅក្នុងបឹង ចូលទៅក្នុងលូ។ ត្រូវខិតខំទាំងអស់គ្នា ដើម្បីទីក្រុងស្អាតរបស់យើង។ ទៅបន្ទោសអ្នកបោសសំរាម។ បោសម៉េច បើខ្លួនឯងដើរពង្រាយសំរាម ហើយរអ៊ូដាក់អាជ្ញាធរខ្វះការទទួលខុសត្រូវទៅលើបញ្ហាបោះចោលសំរាម … ឧទាហរណ៍៖ កាកអំពៅបោះចោលទៅ(ក្រៅធុងសំរាម) ខ្ចប់ស្អីៗមកទទួលទានហើយ បោះចោលទៅ(លើដី) ឯធុងសំរាមនៅក្បែរមិនព្រមដាក់(សំរាមចូល)។ អញ្ចឹង សូមអំពាវនាវ ចំពោះបងប្អូនប្រជាពលរដ្ឋ គួរតែខ្មាសក្មេងៗ។ បច្ចុប្បន្នទទួលបានការអប់រំពីលោក/អ្នកគ្រូ។ ជួនកាលក្មេងៗទៅជាគ្រាន់បើជាមនុស្សចាស់ទៅទៀត ដែលចេះគ្រប់គ្រងសំរាមដែលគាត់ទទួលទានហើយ … នេះជាការអំពាវនាវមួយ។ រឿងវាសាមញ្ញទេ វាអត់មានអីពិបាកទេ ប៉ុន្តែ ដល់ពេលយើងធ្វើឱ្យលំបាក វាក៏ទៅជារឿងលំបាកទៅៗ … ប្រទេសនេះ មិនមែនជាប្រទេសរបស់ខ្ញុំទេ (ជាប្រទេសរបស់យើងទាំងអស់គ្នា)។

មិនគាំទ្រកូន/ចៅ ធ្វើអំពើអាក្រក់ ដែលបំផ្លាញដល់គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ

ខ្ញុំនិយាយឱ្យច្បាស់ ពេលនេះខ្ញុំជានាយករដ្ឋមន្រ្តី។ នៅមិនយូរប៉ុន្មានទេ នៅពេលវេលាមកដល់ ខ្ញុំនឹងក្លាយទៅជាឪនាយករដ្ឋមន្រ្តីម្ដង។ ខ្ញុំបានដាក់បញ្ញតិ្ត សម្រាប់ចៅរបស់ខ្ញុំថា ២០ ឆ្នាំក្រោយ ត្រូវតែប្រគួតប្រជែងយកតំ​ណែងនាយករដ្ឋមន្រ្តី។ ពេលនោះខ្ញុំនឹងក្លាយទៅជាជីតានាយករដ្ឋមន្រ្តីទៀត។ រឿងអីកូនគេធ្វើបាន អ្នកដទៃធ្វើមិនបាន? ឯកូនខ្ញុំទទួលបានការបណ្ដុះបណ្ដាលប៉ុណ្ណឹងធ្វើមិនបានឬ? ប៉ុន្តែ ខ្ញុំសុំបញ្ជាក់ បើសិនជាវាធ្វើអំពើអាក្រក់ ខ្ញុំមិនអាចនឹងគាំទ្រវាបានទេ។ និយាយឱ្យច្បាស់។ ខ្ញុំមិនអាចឱ្យគណបក្សប្រជាជនកម្ពុជាត្រូវបំផ្លាញដោយកូនរបស់ខ្ញុំទេ។ ហើយខ្ញុំក៏មិនទុកឱ្យប្រជាពលរដ្ឋត្រូវបំផ្លាញដោយស្នាដៃកូនរបស់ខ្ញុំទេ។

សម្រាប់​កូនអ្នកដទៃ ទោះបីថាកូនរបស់អ្នកនៅជាមួយគ្នា ឬកូនគណបក្សប្រឆាំង ខ្ញុំមិនដែលស្ដីបន្ទោស ហើយក៏មិនមែនបង្អាប់កូននរណាមួយទេ។ ទោះបីគេវាយប្រហារកូនរបស់ខ្ញុំថា រៀននៅសាលា West Point គេឱ្យសញ្ញាបត្រកិត្តិយស ទៅសាកលវិទ្យាល័យ New York យកអនុបណ្ឌិតសេដ្ឋកិច្ចនៅទីនោះ គេថាអាហ្នឹងសញ្ញាបត្រកិត្តិយសទៀត ទៅដល់ Bristol សញ្ញាបត្របណ្ឌិតរបស់ (ហ៊ុន ម៉ាណែត) គេថាសញ្ញាបត្រកិត្តិ​យសទៀត។ អាហ្នឹងឱ្យគេបង្អាប់ចុះ តែខ្ញុំសរសើរកូនរបស់គេ។ បើសិនជាថាវាយ(ប្រហារ)ខ្ញុំ វាយចុះ។ ខ្ញុំគិតថា អ្នកឯងវាយ(ប្រហារ)ខុសហើយ។ ខ្ញុំ(ចេះតែ)ជួយប្រាប់អ្នកឯងទៅ។ វាផុតត្រឹមមនុស្សដែលគេនិយាយថា អានេះសូម្បីតែកូនក្មេងក៏វាមិនលើកលែង។ ភាសាហ្នឹងខ្មែរទទួលយកមិនបានទេ។ សូមជម្រាប បើអ្នក​ឯងវាយ(ប្រហារ)ខុស ខ្ញុំចង់កែតម្រូវអ្នកឯង ប៉ុន្តែ អ្នកឯងមិនចង់ទេ ខ្ញុំរុញទូកបណ្ដោយទឹក ឱ្យអ្នកឯងធ្វើទៅ។

នរណាក៏ដោយ កុំមកនិយាយបង្រួបបង្រួមជាមួយក្រុមមនុស្ស ដែលប្រមាថប្រពន្ធ និងកូន

អ្នកឯងចោទប្រពន្ធខ្ញុំថា ជាប្រពន្ធរបស់មេដឹកនាំវៀតណាម កូនរបស់ខ្ញុំជាកូនរបស់មេដឹកនាំវៀតណាម។ បើខ្ញុំមិនប្រតិកម្ម ខ្ញុំមិនមែនជាមនុស្សទេ។ អញ្ចឹង បានខ្ញុំប្រាប់មេដឹកនាំប្រទេសមួយចំនួនថា ខ្ញុំអត់ទទួលយកបានទេអាហ្នឹង រឿងចង់ទៅជាស្អីក៏ទៅៗ។ បើអ្នកឯងមិនប៉ះប៉ូវឱ្យខ្ញុំ ទោះបីជាតិក្រោយចាប់ជាតិ ក៏ត្រូវតែប្រយុទ្ធគ្នានៅពេលនោះ។ មិនអាចទទួលយកការប្រមាថបែបនេះបានទេ។ ប្រពន្ធកូនរបស់ខ្ញុំកម្សត់ណាស់។ មុនពេលដែលបានមកជួបខ្ញុំវិញ ខ្ញុំមិនដឹងថាកូន និងប្រពន្ធខ្ញុំស្លាប់ ឬរស់ទេ … ឥឡូវ ខ្ញុំដាក់កម្មវិធីបង្ហោះនៅព្រឹកថ្ងៃទី ២៤ (កុម្ភៈ) រួចស្រេចទៅហើយ។ ខ្ញុំនឹងនិទាននៅក្នុងហ្នឹង។ ខ្ញុំនឹងសរសេរខ្លីទេ មិនសរសេរវែងទេ។ ប៉ុន្តែ រឿងដែលគេមិនធ្លាប់បានស្ដាប់ និងបានឃើញនៅក្នុងហ្វេសប៊ុករបស់ខ្ញុំ។ បង្ហោះនៅម៉ោង ៧ ព្រឹក ថ្ងៃទី ២៤ (កុម្ភៈ) ខាងមុខនេះ គឺជាខួបលើកទី ៤៣ នៃថ្ងៃជួបគ្នាឡើងវិញ រវាងខ្ញុំ និងភរិយាខ្ញុំ។

ការប្រមាថរបស់អ្នកឯង គឺអ្នកឯងត្រូវចាំ។ ចំណុចនេះ សុំមិត្តភក្ដិបរទេសទាំងឡាយត្រូវយល់។ ហ៊ុន សែន មិនយល់ព្រមជាមួយនឹងការប្រមាថបែបនេះនោះទេ។ ខ្ញុំអាចនឹងហៅខ្មែរក្រហមចូលមកស៊ីបាយនៅផ្ទះជាមួយខ្ញុំ ប៉ុន្តែខ្ញុំមិនអាចទទួលយកការប្រមាថធុននេះ មកនិយាយជាមួយនឹងខ្ញុំបានទេ។ អាហ្នឹងខ្ញុំនិយាយឱ្យជាក់លាក់។ បើចង់ធ្វើសកម្មភាពយោធាឡើងវិញ ក៏ខ្ញុំហ៊ានធ្វើ ព្រោះរឿងនេះមិនមែនជារឿងធម្មតាពេកទេ។ រឿងដែលគួរឱ្យហួសចិត្ត នៅពេលមានទំនាក់ទំនងជាមួយ(គ្នា) កូនខ្ញុំវាសួរ។ ស្រាប់តែអ្នកនោះគេឆ្លើយថា អ្នកកី​ឡា ឱ្យតែមានប្រឡោះទាត់ គឺគេទាត់ហើយ … ខ្ញុំគ្រាន់តែបញ្ជាក់អំពីចំណុចនេះ។ បើកូនខ្ញុំទៅបណ្ដុះបណ្ដាលបានប៉ុណ្ណឹង ហើយឱ្យយកមកធ្វើមេចោរ(ឬ)? កូនរបស់អ្នកដទៃសុទ្ធតែមានសិទ្ធិ ចុះកូនខ្ញុំម៉េចក៏គ្មានសិទ្ធិ?

ឃ្លោកលិច អំបែងអណ្តែត

ខ្ញុំគួរតែនិយាយរឿងនេះមួយទៀតដែរ ចេញពាក្យ “ឃ្លោកលិច អំបែងអណ្ដែត” វាបានក្លាយជាអីទៅហើយ? ពីមុនគេហៅពួកយើងសុទ្ធតែពួកអំបែង។ គេថា ពួកអ្នកមានៗ ឬក៏ពួកបញ្ញវន្តមុនៗ គឺឃ្លោក ឯពួកយើងអំបែង។ សុំសួរបញ្ជាក់ កាន់អំណាច ៤៣ ឆ្នាំ តើវាជាឃ្លោក ឬក៏ជាអំបែងពេលនេះ? និយាយឱ្យច្បាស់តែម្ដង។ ក្រុមអ្នកដែលមានពីមុនៗនោះ មានក្នុងរយៈពេលមិនដល់ ២០ ឆ្នាំទេ កាន់អំណាចអត់បាន ២០ ឆ្នាំឯណា។ អាហ្នឹងគេថា គេឃ្លោក។ ចុះឥឡូវពួកដែលចាត់ទុកថាអំបែងនេះ វាកាន់អំណាចជាង ៤០ ឆ្នាំហើយ។ ក្នុង ៤០ ឆ្នាំនេះ កាន់អំណាចជានាយករដ្ឋមន្រ្តី សម្រាប់ខ្ញុំរហូតទៅដល់ ៣៧ ឆ្នាំជាង។ អញ្ចឹង តើខ្លួនខ្ញុំនៅគេប្រថាប់ត្រាជាអំបែង ឬក៏ជាឃ្លោក? ព្រោះ(ថា)ឃ្លោក​បានធ្វើជាអ្នកមាន អ្នកធំ បានត្រឹម ១០ ឆ្នាំ មុនរដ្ឋប្រហារឆ្នាំ ១៩៧០ ឬថាមុនឆ្នាំ ១៩៧៥ គេចាត់ទុកថា អាហ្នឹងឃ្លោក។ ពួកយើងនេះផុសឡើង គេចាត់ជាអំបែង។

ចុះអំបែងនាំគ្នាកាន់អំណាចជាង ៤៣ ឆ្នាំ។ អ្នកឯងកាត់យល់ទៅ។ បកស្រាយឡើងវិញបានទេអាហ្នឹង? តែអ្នកឯងចង់ហៅឃ្លោកក៏បាន ហៅអំបែងក៏បាន ព្រោះខ្ញុំធ្លាប់គេហៅហើយ។ ទៅដល់មូស្គូ គេថាឯងនេះសេរី ទៅដល់ប៉ារីស គេថាឯងនេះកុម្មុយនីស្ដ។ ទីចុងបំផុត ហ៊ុន សែន និយាយថាម៉េច? ចង់នរណាថាអីថាទៅ តែពិតប្រាកដ គឺ ហ៊ុន សែន របស់កម្ពុជា។ និយាយតែប៉ុណ្ណឹងបានហើយ។ វាលំបាកមែនទែន។ ពេលទៅដល់មូស្គូ សហភាពសូវៀត គេថា ហ៊ុន សែន គឺពួកសេរីតើ។ ខ្ញុំមិនដែលបានចូលជួប Leonid Brezhnev, Mikhail Gorbachev ស្អីៗនេះ ជាមួយនឹងប្រទេសសង្គមនិយមទេ។ គេដាក់ខ្ញុំជាមួយនឹងប្រទេស ដូចជាអង់ហ្គោឡា, Mozambique ឯណោះទៅវិញទេ។ អត់ដែលបានចូលទៅជាមួយបក្សកុម្មុយនីស្ដវៀតណាម បក្សប្រជាជនបដិវត្តន៍ឡាវ គុយបាស្អីៗ អត់បានចូលទេ ព្រោះខ្ញុំមិនមែនកុម្មុយនីស្ដនឹងគេ។ ដល់ចេញផុតពីហ្នឹងទៅៗដល់បារាំង គេថាឯងកុម្មុយនីស្ដម្ដង។ ដល់អញ្ចឹង ពិបាកពេក ចង់ថាអីថាទៅ ហ៊ុន សែន របស់កម្ពុជា តែប៉ុណ្ណឹងឆាប់ចប់។

មិនអាចបង្រួបបង្រួមជាមួយក្រុមប្រមាថប្រពន្ធ​និងកូន

… នរណាក៏ដោយ ខ្មែរក៏ដោយ បរទេសក៏ដោយ កុំចលនាឱ្យខ្ញុំបង្រួបបង្រួមជាមួយនឹងក្រុមប្រមាថប្រពន្ធ​ និងកូនរបស់ខ្ញុំឱ្យសោះ។ បើនិយាយដល់កន្លែងហ្នឹងហើយ ខ្ញុំមានតែអរគុណ ដែលខ្ញុំបានស្ដាប់ រួចហើយគោរពលាគ្នាតែប៉ុណ្ណឹង … ព្រោះមិនអាច(លើកលែង)ទេ។ ជាឪពុក/ប្ដី យើងមិនអាចទទួលយកបានទេ ការប្រមាថថា ប្រពន្ធយើងជាប្រពន្ធរបស់អ្នកដទៃ កូនរបស់យើងជាកូនរបស់អ្នកដទៃ ហើយជាជាតិសាសន៍ដទៃទៅទៀត។ អញ្ចឹង ខ្ញុំនឹងអន់ជាងតិរច្ឆានទៅទៀត ប្រសិនបើខ្ញុំសន្ទនាជាមួយមនុស្សបែបនេះ។ ពីមុនអ្នកឯងមិនទាន់បានធ្វើរឿងហ្នឹង ខ្ញុំនៅនិយាយជាមួយអ្នកឯង។ ប៉ុន្តែ នៅពេលដែលអ្នកឯងបានធ្វើរឿងនេះហើយ បានសេចក្ដីថា សភាពការណ៍ហួសហើយ។ អង់គ្លេសគេថា Too Late។ អ្នកឯងចាំផ្ដួលទៅ។ សូមអញ្ជើញមក។ មានអាធុនចូលមកចាប់ ហ៊ុន សែន។ ហើយអង្កាល់ណាមកចាប់? ប្រឹងមកចាប់បន្តិចទៅ។ នៅស្រុកខ្មែរនេះសោះអត់ទាំងហ៊ានផង ចាំឯងរត់ទៅនៅក្រៅប្រទេស។ ចង់មកចាប់ ហ៊ុន សែន ហើយឱ្យប្រជាជន/ទ័ពមកចាប់ ហ៊ុន សែន ក្នុងពេលដែលគេកំពុងតែគ្រប់គ្រង ស៊ីចុកបុកទំពារជាមួយនឹងប្រជាពលរដ្ឋរបស់គេនៅទីនេះ …។

ភ្លៀងធ្លាក់ច្រើន សមត្ថភាពរំដោះទឹកតិច/តូច ទើបមានជំនន់

… អំពាវនាវជាមួយប្រជាពលរដ្ឋរបស់យើង (ប្រកាន់ខ្ជាប់នូវ)អនាម័យ ហើយក៏ត្រូវយល់ដឹងអំពីរបៀបនៅទីក្រុងភ្នំពេញរបស់យើង។ មានតែកន្លែងព្រះបរមរាជវាំងមួយទេ ដែលខ្ពស់ជាងសមុទ្រ ឯក្រៅពីនោះនីវ៉ូរបស់វាទាបជាងសមុទ្រ។ អញ្ចឹងទេ ឱ្យតែធ្លាក់(ភ្លៀង)ចុះ ទោះបីយើងមានលូធំប៉ុណ្ណាក៏ដោយ វាត្រូវមានជំនន់ហ្នឹងហើយ​។ វាត្រូវមានទឹកភ្លៀងហ្នឹងកក(ស្ទះ)មួយរយៈ។ បើភ្លៀងកាន់តែខ្លាំង សមត្ថភាពរំដោះ គឺវាតូច។ អ្វីទៅហៅថា ទឹកជំនន់? ទឹកជំនន់បណ្ដាលមកពីអាមកខាងលើវាច្រើនពេក អាខាងក្រោមរំដោះមិនរួច មិនត្រឹមតែលូទេ សូម្បីតែទន្លេ ហេតុអីបាន​ទន្លេមេគង្គវាចេះតែជន់? វាមកពីទឹកធ្លាក់ពីខាងលើវាច្រើន បានទន្លេមេគង្គវាជន់ កុំចាំបាច់ដល់លូ។ រួចហើយឱ្យតែមានជំនន់ម្ដងៗ ថាឯងកាប់ព្រៃអស់បានទឹកជំនន់ អាមួយថាអញ្ចឹងទៅ។ អាមួយទៀតថា មកពីឯងលុបបឹង។ ចុះកាលពីមុននោះ មិនទាន់មាននរណាលុបបឹង ហេតុអីក៏វាជន់ដែរ? ថាមកពីអាលើនេះវាខ្លាំងពេក។

សូម្បីតែជប៉ុនប៉ុន្មានឆ្នាំមុននោះ ប៉ុន្មានខេត្តរបស់ជប៉ុនទឹកជន់លិចទីក្រុង ស្លាប់អស់មនុស្សប៉ុន្មាននោះ។ សូម្បីតែជប៉ុនដែលមានលូធំៗ ទីក្រុងនៅអឺរ៉ុបជាច្រើន ដែលលិចលង់ដោយសារតែជំនន់ទឹកភ្លៀង។ មូលហេតុងាយយល់ ឧទាហរណ៍៖ ខាងលើធ្លាក់មកក្នុងមួយនាទី យើងថា ១ ០០០ មីល្លីម៉ែត្រ សមត្ថភាពរំដោះនៅខាងក្រោមត្រឹមតែ ៥០០ មីល្លីម៉ែត្រ អញ្ចឹងទេ វាសល់អា ៥០០ វាកើតទៅជាទឹកជំនន់។ បើសិនជាលូយើងត្រូវស្ទះដោយសារតែការចាក់សំរាមថែមទៀត អាហ្នឹងកាន់តែទៅហើយ។ អញ្ចឹង បានជាអង្វរករចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើង កុំយកសំរាមទៅបោះចោលនឹង(មុខ)លូ ដែលនោះវានាំទៅដល់ការស្ទះ ទោះបីថាអាខាងលើ​មក ១ ០០០ (មីល្លីម៉ែត្រ) ខាងក្រោមរំដោះបានទាំង ១​ ០០០ (មីល្លីម៉ែត្រ) អាហ្នឹងគេហៅថា ក្បាលចូល និងក្បាលចេញវាស្មើគ្នា។ ប៉ុន្តែ នៅពេលដែលយកយកសំរាមទៅចាក់ អាក្បាលចេញត្រូវស្ទះ វានៅសល់ត្រឹម ៨០០ អញ្ចឹង ​វានៅសល់ ២០០ វានៅតែមានការលិច …។

៣ ថ្ងៃចុងក្រោយ បន្ទាប់ពី ១ ខែកន្លះ យើងមានមនុស្សស្លាប់ដោយកូវីដ-១៩ វិញ

ឯមួយទៀត ខ្ញុំគួរតែនិយាយអំពាវនាវ ចំពោះប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ខិតខំបន្តការប្រយុទ្ធជាមួយនឹងកូវីដ-១៩ បំប្លែងថ្មី ដែលថ្ងៃនេះ បរិមាណនៃការឆ្លងមានចំនួនដូចជា ៥៩៨ នាក់ សល់តែ ២ គ្រប់ ៦០០។ ថ្ងៃនេះមានស្លាប់ទៀតទេ? ២ (នាក់)ទៀត។ ៣ ថ្ងៃ ជាប់គ្នាហើយ ដែលយើងមានមនុស្សស្លាប់។ ម្សិលម្ង៉ៃ ២ (នាក់) ម្សិលមិញ ៣ (នាក់) ថ្ងៃនេះ ២ (នាក់)។ ជិត ១ ខែកន្លះ(មកហើយ) យើងអត់មានមនុស្សស្លាប់ទេ ប៉ុន្តែ ៣ ថ្ងៃជាប់គ្នាហើយ ដែលយើងមានមនុស្សស្លាប់ … អញ្ចឹងទេ សូមកុំប្រមាថឱ្យសោះថា Omicron នេះវាមិននាំទៅដល់ការស្លាប់។ ពិតហើយ ការឆ្លងឥឡូវនៅកម្ពុជាវាបាត់ Alpha/Delta នៅសល់តែ Omicron។ ប៉ុន្តែ នៅពេលដែលសរីរាង្គរបស់យើងទន់ខ្សោយ វាក៏នឹងបង្កើតទៅជាឧបសគ្គ។ អញ្ចឹងទេ ខ្ញុំសុំអំពាវនាវអង្វរករប្រជាពលរដ្ឋរបស់យើង បន្តប្រកាន់ខ្ជាប់នូវវិធានការ “៣ កុំ ៣ ការពារ” តទៅទៀត។

កាលពីយប់ថ្ងៃសៅរ៍/អាទិត្យ មានល្ខោនបាសាក់លេងនៅព្រែកព្នៅ។ គេថត(ផ្ញើមក)ឱ្យខ្ញុំមើល (មនុស្ស)ទៅកកកុញហើយ អ្នកពាក់ម៉ាស់តិចណាស់។ នេះជាស្ថានភាព នៃការចម្លងមេរោគដាក់ខ្លួន។ មិនត្រឹមតែប៉ុណ្ណឹងទេ យើងទៅទទួលយកមេរោគនៅកន្លែងកម្សាន្តនោះ យកមកចូលផ្ទះ ចម្លងឱ្យប្រពន្ធ/កូន ឬឪពុកម្ដាយ បើសិនយើងជាក្មេង។ អញ្ចឹង សូមមេត្តាប្រុងប្រយ័ត្នតទៅទៀត ជាមួយនឹងវិធានការទាំងឡាយ ដែលផ្នែកសុខាភិបាលបានដាក់ឱ្យយើង។ ពិតមែនហើយ នៅប្រទេសអង់គ្លេស នាយករដ្ឋមន្រ្តីបានប្រកាស គឺអ្នកដែលរកឃើញវិជ្ជមាន គឺមិនដាក់ឱ្យនៅដោយឡែកទៀតទេ គឺគាត់ឱ្យបន្តនៅដំណើរការធម្មតា។ ប៉ុន្តែ សម្រាប់យើង អត់ទាន់បានអនុញ្ញាតឱ្យធ្វើបែបនោះទេ។ នៅអង់គ្លេសស្លាប់មួយថ្ងៃៗក៏មិនតិចដែរ ឆ្លងមួយថ្ងៃៗក៏មិនតិចដែរ នៅតែមានការឆ្លង។ ក្នុងអាស៊ីអាគ្នេយ៍ ឥឡូវ សង្កេតឃើញក្នុងបណ្ដាប្រទេសអាស៊ាន មានតែហ្វីលីពីនមួយទេដែលធ្លាក់ចុះ ពីរាប់ម៉ឺន(នាក់)មកសល់ត្រឹមតែជាង ១ ពាន់ទេ។ រាល់ថ្ងៃ គឺធ្លាក់ចុះ។ ប៉ុន្តែ សម្រាប់ប្រទេសនៅក្នុងតំបន់ផ្សេងទៀត នៅឯប្រ៊ុយណេ ប្រជាជនតែជាង ៤០ ម៉ឺននាក់ ក្នុងមួយថ្ងៃឆ្លងជាង ២ ពាន់(នាក់)។ ម្សិលមិញក៏មានស្លាប់ ២ នាក់ នៅប្រ៊ុយណេ។ ឡាវក៏មានការថមថយ។ ក្រៅពីនោះអត់ទេ វៀតណាមឡើងដល់ជាង ៤ ម៉ឺន(នាក់)។ ថៃឡើងដល់ជិត ២ ម៉ឺន(នាក់) ត្រឡប់មកវិញ។ ឯយើងក៏កំពុងមានកំណើន ដែលត្រូវយកចិត្តទុកដាក់ទៅលើការការពារសុខភាព។

អំពាវនាវនាំកុមារ ៣ ឆ្នាំ ដល់ ៥ ឆ្នាំ ទៅចាក់វ៉ាក់សាំង

សូមកុំគិតថា ខ្លួនយើងទទួលវ៉ាក់សាំងបាន ២ ដូស ៣ ដូស ឬ ៤ ដូស ហើយវាមិនឆ្លង។ វា(នៅតែ)ឆ្លង​។ សូមយកចិត្តទុកដាក់ទៅលើកិច្ចការពារនេះទាំងអស់គ្នា។ (ដោយសារ)ថ្ងៃស្អែក ជាថ្ងៃចាប់ផ្ដើមចាក់វ៉ាក់សាំង សម្រាប់កុមារអាយុ ៣ ឆ្នាំ សុំមាតាបិតា អាណាព្យាបាល នាំកូន/ចៅទៅទទួលវ៉ាក់សាំងនៅតាមទីកន្លែង ដែលបានរៀបចំដោយផ្នែកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យពួកគេមានភាពស៊ាំ ព្រោះអា Omicron ចាប់ផ្ដើមវាយទៅលើកុមារអាយុក្រោម ៥ ឆ្នាំ។ ក្នុងចំនួនអ្នកឆ្លង គឺមានប្រមាណជាង ២០% ជាកុមារ ដែលមានអាយុក្រោម ៥ ឆ្នាំ នេះជារឿងដែលគួរឱ្យបារម្ភ។ ដូច្នេះ ត្រូវប្រុងប្រយ័ត្នជាមួយកូន/ចៅផងដែរ។ យើងត្រូវបន្តការប្រយុទ្ធជាមួយជំងឺដ៏សាហាវនេះតទៅទៀត។ Omicron ពីមុននេះ យើងមិនមានអ្នកស្លាប់។ ពេល Omicron មកដល់ យើងអត់ទាន់មានស្លាប់ទេ។ អញ្ចឹង បានយើងនៅសល់សឹងតែ ១ ខែកន្លះ ដែលយើងអត់មានមនុស្សស្លាប់។ ប៉ុន្តែ ៣ ថ្ងៃចុងក្រោយនេះ យើងមានមនុស្សស្លាប់ ដែលចាត់ទុកថាជាការប្រកាសអាសន្នមួយដែរ សម្រាប់ផ្នែកសុខភាពសាធារណៈ និងការយកចិត្តទុកដាក់​​ផ្ទាល់ខ្លួនម្នាក់ៗ។ ការការពារបាន ឬមិនបាន វាមិនចំណុះទៅលើវិធានការរបស់រាជរដ្ឋាភិបាល/វិស័យសុខាភិបាលតែឯកឯងនោះទេ វាចំណុះទាំងស្រុងទៅលើបុគ្គលម្នាក់ៗធ្វើ ឬមិនធ្វើ ព្រោះគ្មានអ្នកណាទៅឈឺជំនួសយើងទេ។

មិនមានការបិទខ្ទប់ឡើងវិញនោះទេ

ម្យ៉ាងទៀត ខ្ញុំលឺសូរគេខ្សឹបខ្សៀវនៅតាមផ្សារខ្លះ វាមិនទាន់ច្រើនពេកទេ ថានឹងអាចមានការបិទទីក្រុងភ្នំពេញឡើងវិញ។ ខ្ញុំសូម​បញ្ជាក់ ខ្ញុំសម្រេចចិត្តបិទរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅកាលពីឆ្នាំទៅ នៅក្នុងពេលវេលាមួយដ៏លំបាក ដោយសារយើងអត់បានចាក់វ៉ាក់សាំង។ ប៉ុន្តែឥឡូវនេះ យើងអត់មានតម្រូវការណាមួយអំពីការបិទទីក្រុង ឬគោលដៅទេ។ ឧទាហរណ៍៖ កាលពីមុន ផ្សារឆ្លង ៤-១០ តូប យើងឱ្យបិទផ្សារទាំងមូល។ ឥឡូវអត់ទេ អ្នកឆ្លងទៅព្យាបាលទៅ ហើយបាញ់ថ្នាំសម្លាប់ទៅ ហើយ(អ្នកដទៃ)លក់បន្តទៀតទៅ។ អាហ្នឹងទាល់តែវិធានការបែបនេះ យើងអត់មានការចាំបាច់ ដើម្បីបិទទេ។ យើងបានទទួលវ៉ាក់សាំងហើយ វាមិននាំទៅដល់ភាពធ្ងន់ធ្ងរពេកទេ ប៉ុន្តែ និយាយយ៉ាងដូច្នេះ កុំឱ្យថាពឹងពាក់ទៅលើវ៉ាក់សាំងតែមួយមុខ ត្រូវមានវិធានការគួបផ្សំគ្នា ដោយដើរជើងទាំងពីរ ម្ខាងវ៉ាក់សាំង ម្ខាងវិធានការការពារ។ អញ្ចឹង សូមបញ្ជាក់ អ្នកដែលនិយាយខ្សឹបខ្សៀវថា នឹងមានការបិទទីក្រុង ឬប្រទេសឡើងវិញ គឺមិនមានទេ។ ក្នុងតំណែងជានាយករដ្ឋមន្រ្តី ដែលមានសិទ្ធិអំណាចពេញលេញ ក្នុងការបញ្ជាបិទ ឬបើក គឺខ្ញុំមិនអនុវត្តនូវវិធានការបិទខ្ទប់នោះទេ។ នេះសូមបញ្ជាក់សូមកុំឱ្យមានការជ្រួលច្របល់​ទៅទិញឥវ៉ាន់ស្តុកទុកអី។ អត់ទេ។ អាហ្នឹងមួយទៅ។

អំពាវនាវចំពោះអ្នកលក់ថ្នាំពេទ្យ ២ ចំណុច

មួយទៀតក៏សូមអំពាវនាវទៅកាន់អ្នកលក់ថ្នាំទាំងឡាយ យើងត្រូវបង្កើនសមត្ថភាព នៃការផ្គត់ផ្គង់ថ្នាំមកបន្ថែមទៀត ប៉ុន្តែសូមឱ្យយកចិត្តទុកដាក់ទៅលើចំណុច ២ យ៉ាង អំពីបញ្ហាថ្នាំព្យាបាល។ នោះទី (១) តម្លៃថ្នាំកុំបង្កើនទៅតាមចិត្តចង់ ព្រោះឥឡូវឃើញបន្តកន្ទុយគ្នាទៅទិញថ្នាំ ព្រោះប្រជាពលរដ្ឋគាត់មានសមត្ថភាព ដើម្បីនឹងទិញថ្នាំខ្លួនឯង។ បើនៅក្នុងមន្ទីរពេទ្យ អាហ្នឹង គឺពេទ្យព្យាបាលហើយ មិនអីទេ។ ប៉ុន្តែ បើសិនជានៅខ្លះគេមិនចង់ទៅមន្ទីរពេទ្យ គេទិញថ្នាំ(ខ្លួនឯង)។ អញ្ចឹង សូមឱ្យកន្លែងលក់ថ្នាំទាំងអស់ ដែលទទួលបានការអនុញ្ញាត សុំ​កុំតម្លើងថ្លៃទៅតាមចិត្តចង់។ ទី (២) ផ្នែកសុខាភិបាលត្រូវតែពិនិត្យមើលថា ថ្នាំហ្នឹងសុទ្ធ ឬមិនសុទ្ធ ព្រោះអាក្លែងក្លាយនេះវាកើតឡើងច្រើនណាស់ សូម្បីតែអាល់កុលក៏ក្លែងក្លាយ ជែលក៏ក្លែងក្លាយ ស្អីដាក់មក គឺវាក្លែងក្លាយទាំងអស់ គ្រាន់តែចាប់ យើងចាប់បានអាល់កុលក្លែងក្លាយមិនតិចទេ​។ អញ្ចឹង ត្រូវប្រុងប្រយ័ត្ន អំពីថ្នាំក្លែងក្លាយ ដែលវាបង្កើតភ្លាមៗមក រួចហើយវាយកមកលក់ឱ្យប្រជាពលរដ្ឋរបស់យើង ផឹកទៅមិនត្រឹមតែមិនជាទេ ថែមទាំងខូចសុខភាព ព្រោះមិនដឹងវាផ្សំពីស្អីខ្លះ។

អរគុណរដ្ឋាភិបាលជប៉ុន ដែលគាំទ្រដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា

អរគុណចំពោះឯកឧត្តម MIKAMI Masahiro ក៏ដូចជា រដ្ឋាភិបាលជប៉ុន ដែលនៅបន្តគាំទ្រនូវទស្សនកិច្ច​របស់ខ្ញុំទៅកាន់មីយ៉ាន់ម៉ា ដើម្បីសម្រួលនូវសភាពការណ៍មីយ៉ាន់ម៉ា។ ខ្ញុំអរគុណ ហើយខ្ញុំនឹងខិតខំសហការជាមួយដៃគូដទៃទៀតនៅក្នុងអាស៊ាន និងខិតខំសហការជាមួយនឹងភាគីជប៉ុន ដែលមានបទពិសោធន៍ស្គាល់សភាពការណ៍មីយ៉ាន់ម៉ាដែរនោះ ដើម្បីរកវិធីសាស្ត្រជួយឱ្យមីយ៉ាន់ម៉ាឆ្លងកាត់នូវការលំបាកនេះ ជាពិសេស កុំឱ្យមានមនុស្សស្លាប់បន្តដោយសារហិង្សា ហើយត្រូវតែធានានូវការផ្តល់ជំនួយ សម្រាប់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការ(ជំនួយ)ពិតប្រាកដ។ គោលដៅរបស់យើង ត្រូវតែខិតខំបញ្ចៀសសភាពការណ៍មីយ៉ាន់ម៉ាកុំឱ្យមានហិង្សាតទៅទៀត ហើយក្នុងករណីបើវាមាន(ហិង្សា) គឺកាត់បន្ថយឱ្យវានៅតិច។ ជាមួយគ្នានេះ ប្រជាជនមីយ៉ាន់ម៉ាកំពុងត្រូវការជំនួយ រាប់ទាំងជំនួយ សម្រាប់ការពារជំងឺកូវីដ-១៩ ផងដែរ។ មានការងារសាំញ៉ាំច្រើន ហើយខ្ញុំត្រូវបានទទួលការលើកទឹកចិត្តពីសំណាក់មិត្តជប៉ុន ក៏ដូចជា ដៃគូក្នុងអាស៊ានដទៃទៀត។

គោលដៅបី នៃទស្សនកិច្ចនៅមីយ៉ាន់ម៉ា

ខ្ញុំទៅមីយ៉ាន់ម៉ា គឺការចង់បានរបស់ខ្ញុំ៖ ទី (១) គឺបញ្ឈប់អំពើហិង្សា ដែលក្នុងនោះរាប់ទាំងបទឈប់បាញ់ ដែលវាស្ថិតនៅក្នុងចំណុច ទី ១ នៃកុងសង់ស៊ីស ៥ ចំណុច។ កុងសង់ស៊ីស ៥ ចំណុច​ គឺនិយាយពីការអត់ធ្មត់ស្អីៗ ហើយយើងក៏ចាប់ផ្តើមនិយាយពីអាហ្នឹងទៅ។ ទី (២) គឺធ្វើម៉េចឱ្យមានយន្តការសម្របសម្រួលទាក់ទិននឹងការផ្តល់ជំនួយសម្រាប់ប្រជាជនមីយ៉ាន់ម៉ា ដែលត្រូវការ។ ទី (៣) ជម្រុញឱ្យមានការសន្ទនា រវាងបណ្តាភាគីពាក់ព័ន្ធទាំងអស់។ នេះជាគោលដៅ នៃទស្សនកិច្ចរបស់ខ្ញុំទៅមីយ៉ាន់ម៉ា ហើយរឿងរ៉ាវយ៉ាងណាទៅទៀតនោះ មិនមែនជារឿងទៅព្រឹកមកវិញល្ងាច(បានផលនោះ)ទេ? មានអ្នកខ្លះហាក់ដូចជាមានចេតនា ពេលដែលខ្ញុំទៅ មកវិញ គឺបានផល ក្នុងពេលដែលមីយ៉ាន់ម៉ាត្រូវគ្រប់គ្រងដោយកងទ័ពរយៈពេល ៧០ ឆ្នាំ រួចស្រេចទៅហើយ។ មានអ្នកខ្លះទៅជេរប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ (ដែលគាត់)និយាយពីការបែងចែកអំណាច។

អញ្ចឹង មានចេតនាមួយ ដែលកំពុងតែលេចឡើង គឺការកម្ចាត់ចោលកម្លាំងយោធារបស់មីយ៉ាន់ម៉ាទាំងស្រុងតែម្តង។ សួរថា គេសុខចិត្តទេ? បើអ្នកឯងធ្វើតាមហ្នឹង​ វាមិនខុសពីយកក្បាលបោលបុកនឹងជញ្ជាំង ដែលសុទ្ធតែដែកគោលទេ។ ម្យ៉ាងទៀត រដ្ឋធម្មនុញ្ញរបស់មីយ៉ាន់ម៉ា ដែលបានអនុម័តនៅឆ្នាំ ២០០៨ នោះ គេបានបែងចែកអំណាចហើយស្រេចសម្រាប់កងទ័ព។ ២៥% នៃសមាជិកសភា ត្រូវតែងតាំងដោយអគ្គបញ្ជាការទ័ព ចេញមកពីកងទ័ព។ អគ្គបញ្ជាការទ័ពមានសិទ្ធិតែងតាំអនុប្រធានាធិបតីម្នាក់ តែងតាំងរដ្ឋមន្ត្រីការពារជាតិ តែងតាំងរដ្ឋមន្រ្តីមហាផ្ទៃ និងតែងតាំងរដ្ឋមន្ត្រីព្រំដែន។ អញ្ចឹង អំណាចយោធាមានចែងនៅក្នុងរដ្ឋធម្មនុញ្ញហើយតើ។ គ្រាន់តែប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និយាយពីការបែងចែកអំណាចទៅលើយោធា បែរជាមានអ្នកជេរគាត់ទៅវិញ។ អញ្ចឹង ក្រុមជ្រុលនិយមមួយក្រុមអាចនឹងចេញមុខមាត់ ហើយក្រុមនេះ អាចជាក្រុមបង្កើតនូវសង្គ្រាមទៅវិញទេ។

មិនមានជំនឿថាយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ មានតែដំណោះស្រាយនយោបាយមួយគត់

ខ្ញុំមានការយល់ដឹង(ដែល)អាចចាត់ទុកថាវាល្មមដើម្បីយល់ដែរ អំពីដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា។ ខ្ញុំចរចា មិនដឹងថាប៉ុន្មានកន្លែង ប៉ុន្មាន(ដង)ទេ ព្រោះខ្ញុំមិនមានជំនឿថានឹងយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ មានតែដំណោះស្រាយនយោបាយមួយគត់ បានជាខ្ញុំត្រូវប្រឹងប្រែងដើម្បីចូលគាល់ព្រះករុណាបិតាឱ្យបាន តាមរយៈជំនួប ២ ធ្នូ ១៩៨៧ Fère-en-Tardenois ប្រទេសបារាំង។ ចាប់ផ្តើមពីនោះហើយ ដែលដំណើរការចរចាបានបន្តពង្រីកកម្រិត និយាយតាមពាក្យកាត់ថា ពី សីហនុ-ហ៊ុន សែន ទៅបណ្តាភាគីផ្សេងទៀត ទៅក្នុងក្របខណ្ឌអាស៊ាន និងប្រទេសដែលមានការពាក់ព័ន្ធ ទៅក្នុងក្របខណ្ឌប្រទេសធំទាំងប្រាំ និងប្រទេសដែលមានការ​យកចិត្តទុកដាក់ជាមួយនឹងកម្ពុជា រាប់ទាំងការចុះហត្ថលេខានៅទីក្រុងតូក្យូ ឆ្នាំ១៩៩០ ដែលពេលនោះអតីតនាយករដ្ឋមន្ត្រី Toshiki Kaifu ដែលទើបនឹងមរណកាលទៅ​ គាត់ទទួលជំនួបហើយអតីតរដ្ឋមន្ត្រីការបរទេស Taro Nakayama ជាអ្នកធ្វើសាក្សីក្នុងពេលចុះហត្ថលេខា និងអតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិរបស់ថៃ Chavalit Yongchaiyudh ក៏បានទៅទីនោះរួមគ្នាបង្កើតឱ្យមានកិច្ចព្រមព្រៀង។ ពេលនោះ ឯកឧត្តម អៀង ម៉ូលី ទៅជាមួយគ្នា ចេញរូបមន្ត ២+២+២=៦ ឬ ៦+៦។ ហ្នឹងរូបមន្តចេញពីតូក្យូ។

ជម្រុញឱ្យប្រសិតពិសេសរបស់ប្រធានអាស៊ាន ទៅកាន់មីយ៉ាន់ម៉ា ធ្វើកិច្ចការតាមអាណត្តិ

ការចរចាមិនមែនជារឿងងាយស្រួលទេ។ រឿងដែលពិបាកជាងគេ គឺរឿងទិដ្ឋភាពយោធាហ្នឹងតែម្តង។ រំសាយកងទ័ពប៉ុន្មាន ដកអាវុធយ៉ាងម៉េចអីយ៉ាងម៉េច មិនមែនជារឿងលេងសើចឯណា? អ្នកខ្លះចង់ឱ្យខ្ញុំធ្វើជាប្រធានអាស៊ានក្នុងរយៈ ១២ ខែ​ ចង់ឱ្យខ្ញុំដោះស្រាយបញ្ហាមីយ៉ាន់ម៉ា? ឯខ្ញុំចង់ដោះ បែរជាមួយថាត្រូវ មួយថាខុស។ អ្នកឯងថាម៉េចថាទៅ តែខ្ញុំមិនបោះបង់ការខិតខំរបស់ខ្ញុំ ក្នុងឋានៈជាសមាជិកមួយក្នុងចំណោមសមាជិកទាំងដប់របស់អាស៊ានជាមួយមីយ៉ាន់ម៉ា។ ពេលនេះក្នុងឋានៈជាប្រធានអាស៊ាន យើងនឹងបន្តការខិតខំជម្រុញឱ្យប្រសិតពិសេសរបស់ប្រធានអាស៊ានរបស់យើងទៅកាន់មីយ៉ាន់ម៉ា ដើម្បីធ្វើកិច្ចការរបស់គេតាមអាណត្តិ ដែលត្រូវបានប្រគល់ដោយប្រធានអាស៊ាន។ អរគុណមិត្តជប៉ុន ដែលបានគាំទ្រទៅលើដំណើរការរឿងនេះ។ អ្នកដែលយល់ពីសភាពការណ៍ ទើបអាច(ដឹង)ថា តើគួរដោះស្រាយបញ្ហាយ៉ាងម៉េច? ហើយអ្នកដែលមិនយល់ គិតថា ទៅព្រឹកមកវិញល្ងាច (គឺ)ចប់។ មិនមែនអញ្ចឹងទេ។ ខ្ញុំបាននិយាយហើយថា មិនមែនចរចាតែម្តង(ចប់នោះ)ទេ ត្រូវចរចាច្រើនដង អាលើតុក៏មាន អាក្រោមតុក៏មាន។ ប៉ុន្តែ ពួកគេគិតថាវាសាមញ្ញពេក។ អ្នកខ្លះសូម្បីតែប្តី/ប្រពន្ធនិយាយគ្នាមិនត្រូវ លែងលះគ្នា ហើយមកប្រដៅឯងឱ្យដោះស្រាយបញ្ហាមីយ៉ាន់ម៉ាឱ្យឆាប់ចប់ …។

ថ្ងៃនេះ បាននាំមកជូនសាលាខណ្ឌមានជ័យ ថវិកា ២​ លានរៀល។ ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៣ លានរៀល។ ក្រុមតន្ត្រីសម័យ ថវិកា ៥ លានរៀល។ មុននឹងអ្នកទាំងអស់គ្នាចូលមកកន្លែងហ្នឹង គ្រូពេទ្យរបស់ យើងធ្វើតេស្តអស់ហើយ ប៉ុន្តែ បើទោះបីយើងធ្វើតេស្តរួចហើយក៏ដោយ យើងរក្សាគម្លាត គឺជាការល្អ។ កោតសរសើរ ឯកឧត្តម ឃួង ស្រេង ដែលបានខិតខំធ្វើកិច្ចការទាំងអស់នេះ ប្រឹងធ្វើម៉េចមន្ទីរពេទ្យ ដែលដាក់(អ្នកជំងឺកូវីដ-១៩)បានជាង ១ ម៉ឺននាក់ បើទោះបីថាកូវីដ-១៩ ថយចុះ ក៏ត្រូវតែមានមន្ទីរពេទ្យហ្នឹង ដើម្បីរំដោះស្តាតអូឡាំពិករបស់យើង ប្រគល់ទៅឱ្យខាងកីឡាប្រកួតស៊ីហ្គេមឆ្នាំក្រោយ។ បើទោះបីមានកូវីដ-១៩ ក៏ប៉ុន្តែ ស៊ីហ្គេម ខែឧសភា នៅតែធ្វើ។ មិនដឹងថាវៀតណាមឆ្នាំនេះគាត់ធ្វើបានឬមិនបាន បើសភាពការណ៍កំពុងតែអញ្ចឹង។ បាល់ទាត់របស់យើងអ្នកដែលមិនបានចូលប្រកួត ដូចជាបីក្រុម ឬបួនក្រុម។

ចៅ ៥​ នាក់ កូន ១ នាក់ កើតកូវីដ-១៩

ឥឡូវ មានការសិក្សានៅប្រទេសថៃ តាមការសិក្សាស្រាវជ្រាវដំបូង គឺគេសិក្សាថា Omicron ទៅជាអង់ទីគ័រ សម្រាប់ការពារកូវីដ-១៩ ទៅវិញ។ ចង្រៃអីផ្ទះរបស់ខ្ញុំ ចៅខ្ញុំ ៥ (នាក់) កូនខ្ញុំមួយទៀត កើតកូវីដ-១៩។ កុំថាវាមិនកើតប៉ះចំកូន/ចៅនាយករដ្ឋមន្ត្រី។ ឥឡូវ អាចៅទី ២១ ហ្នឹងជាហើយ។ ចៅស្រីៗ ២ នាក់ ហ្នឹងបានជាហើយ(ដែរ) នៅសល់ចៅប្រុស ៣ នាក់ និងម្តាយរបស់វា។ ម្តាយរវល់តែទៅការគេ។ មកវិញនាំ Omicron ចូលផ្ទះ។ អញ្ចឹង ឆ្លងមួយម្តងៗ។ ឥឡូវ អាចៅទី ២១ ស្រក់ទឹកភ្នែក តែមិនយំ ជាហើយ។ បានមើលតែ(តាម)វីដេអូទៅវិញទៅមកតែប៉ុណ្ណោះ តែមិនទាន់បានជួបចៅទេ។ ម្សិលមិញបានចៅ ៣ នាក់ មកបាយជាមួយ។ ចៅ ២ នាក់ បាន ឆ្លង(កូវីដ-១៩) រួចទៅហើយ។ ឆ្លងនៅប្រទេសស្វ៊ីសឯណោះ។

ជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន​ តាមរយៈ JICA ខ្ញុំសូម ជូនពរ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរ និងពរប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...