សម្រង់ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន,​​ សម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៣ ពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត

CNV:

ផ្លូវជាតិលេខ ៣ ជាសមិទ្ធផលមួយថ្មីទៀត នៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងចិន

ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរព ស្រលាញ់

ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ​៣ ប្រវែង ១៣៤,៨០៦ គីឡូម៉ែត្រ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ជាមួយនឹងខេត្តកំពត។ ក្នុងនោះ (ផ្លូវនេះ)បានភ្ជាប់(រាជធានី)ខេត្តចំនួន ០៥ ជាមួយគ្នា គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត។ នេះបង្ហាញឱ្យឃើញពីសមិទ្ធផលមួយថ្មីទៀត នៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលស្ថិតនៅក្នុងក្របខណ្ឌដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងជោគវាសនារួម កម្ពុជា/ចិន។ ខ្ញុំនៅចាំបានថា កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៨ ពេលនោះ ខ្ញុំជាមួយនឹងអតីតអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន Xiong Bo បានបើកការដ្ឋានដើម្បីស្ថាបនាផ្លូវនេះ ដែលវាជាការតភ្ជាប់រវាងទិសខាងជើង ទៅទិសខាងត្បូង ពីទិសខាងត្បូង ទៅទិសខាងជើងរបស់យើង គឺការតភ្ជាប់រវាងទីក្រុងរបស់យើង ជាមួយនឹងខេត្តមាត់សមុទ្ររបស់កម្ពុជា។ ក្នុងរយៈកាលចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ នេះ បន្ទាប់ពីការបើកប្រទេសឡើងវិញ ហើយបន្ទាប់ពីការធូរស្រាលបន្ដិចនៃជំងឺកូវីដ-១៩ យើងបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានមួយចំនួនបន្ថែមទៀត (ដែលកសាងឡើង)តាមរយៈនៃជំនួយដែលផ្ដល់ដោយ(ប្រទេសជាមិត្ត មាន)សាធារណរដ្ឋប្រជាមានិតចិន សា​ធារណ​រដ្ឋកូរ៉េ និងជប៉ុន។ ថ្ងៃនេះ យើងសម្ពោធផ្លូវនៅទីនេះ ហើយសបា្ដហ៍ក្រោយ ខ្ញុំ និងឯកឧត្តម វ៉ាង វិនធៀន និងរួមគ្នាទៅសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យដ៏ធំមួយ នៅឯខេត្តត្បូងឃ្មុំ។ នោះហើយជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរប​ស់​កម្ពុជា ជាមួយនឹងប្រទេសទាំងអស់ ហើយជាពិសេស ជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន។

ផ្លូវជាតិលេខ ៣ មានតួនាទីបែងចែកអំបិលទៅទីផ្សារនៅទូទាំងប្រទេស

អម្បាញ់មិញ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍ទាក់ទងនឹងលក្ខណៈបច្ចេកទេស ហើយឯកឧត្តម វ៉ាង វិនធៀន ក៏បានធ្វើចំណាប់អារម្មណ៍ទាក់ទិននឹងការអភិវឌ្ឍរបស់កម្ពុជា។ ខ្ញុំសុំយកឱកាសនេះ ធ្វើការរំលឹកបន្ដិច ដើម្បីយើងអាចយល់គ្នាអំពីការខិតខំដើម្បីតភ្ជាប់និងសម្រួលសម្រាប់ប្រជាជនរបស់យើង។ ដូចដែលឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍ហើយ យើងបានធ្វើផ្លូវនេះម្ដងរួចហើយ តាមរយៈនៃជំនួយនិងហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ។ ដើម្បីឱ្យកូរ៉េជួយនូវផ្លូវនេះបាន ខ្ញុំនៅចាំបានថា ពេលនោះ ខ្ញុំចរចាជាមួយនឹងឯកឧត្តម Roh Moo-hyun អតីតប្រធានាធិបតីនៃសាធារណរដ្ឋ​កូរ៉េ នៅឯទីស្ដីការគណៈរដ្ឋមន្រ្តី នៅទីក្រុងភ្នំពេញ មុនពេលដែលខ្ញុំ និងគាត់ធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីបើកនូវពិព័រណ៍អង្គរ-ឃ្យុងយូ។ ខ្ញុំទទូចស្នើសុំឱ្យគាត់ជួយចំពោះផ្លូវជាតិលេខ ៣ ហើយអ្វីដែលខ្ញុំសង្កត់ធ្ងន់នៅពេលនោះ ខ្ញុំបានបញ្ជាក់ប្រាប់គាត់ថា ផ្លូវជាតិលេខ ៣ មានតួនាទីសំខាន់ខ្លាំងណាស់ ព្រោះថា ខេត្តកំពត​ គឺជាខេត្តតែមួយគត់ដែលផលិតអំបិល។ ដូច្នេះ ការជួយកសាងនូវផ្លូវជាតិលេខ ៣ វានឹងជួយសម្រួលឱ្យយើង ក្នុងការចែកចាយអំបិល ទៅកាន់បណ្ដាខេត្តនៅទូទាំងប្រទេស ហើយធ្វើឱ្យអំបិលរបស់យើងធ្វើចរាចរងាយស្រួល និងដោយពុំមានការឡើងថ្លៃ។ ចំ​ណុចនេះ គឺជាចំណុចដែលទាក់ទាញការចាប់អារម្មណ៍របស់អតីតប្រធានាធិបតីកូរ៉េ Roh Moon-hyun ហើយផ្លូវនេះក៏បានសាងសង់ តភ្ជាប់រវាងទីក្រុងភ្នំពេញ ជាមួយនឹងខេត្តកំពត។

នាយករដ្ឋមន្រ្តីចិន លី ខឺឈាំង ចុះហត្ថលេខាហិរញ្ញប្បទានផ្លូវជាតិលេខ ៣ ខែមករា ឆ្នាំ ២០១៨

ប៉ុន្តែ យុទ្ធសាស្រ្តធ្វើផ្លូវតាំងពីទសវត្សរ៍ ៩០ រហូតមកដល់ឆ្នាំ ២០០០ ប្លាយ យើងគិតតែធ្វើផ្លូវឱ្យបានវែង។ ផ្លូវរបស់យើងនៅពេលនោះ គឺពង្រីកត្រឹមតែ ១១ ម៉ែត្រតែប៉ុណ្ណោះ ជាមួយនឹងការចាក់កៅស៊ូធម្មតា។ ដូច្នេះ យើងឃើញថា ស្ថានភាពនៃការប្រើប្រាស់ផ្លូវនេះ មិនគ្រប់គ្រាន់ទេ ព្រោះថា ចរាចរណ៍លើផ្លូវជាតិលេខ ៣ នេះ គឺមានចំ​នួនសន្ធឹកសន្ធាប់ខ្លាំងណាស់។ ដូច្នេះ ទន្ទឹមនឹងផ្លូវនេះទ្រុឌទ្រោម យើងក៏បានស្នើសុំទៅសាធារណរដ្ឋប្រជាមានិតចិន ឱ្យសិក្សាពិនិត្យអំពីការពង្រីកផ្លូវថ្នល់នេះបន្ថែមទៀត ហើយដែលខាងមិត្តចិនបានយល់ព្រមនៅក្នុងការផ្ដល់ហិរញ្ញប្បទានសម្រាប់ការពង្រីកផ្លូវថ្នល់ តភ្ជាប់ភ្នំពេញជាមួយនិងខេត្តកំពត ដែលឆ្លងកាត់(រាជធានី)ខេត្តទាំង ០៥ របស់យើងនេះ ដូចដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញ។ ខ្ញុំនៅចាំថា ខែមករា ឆ្នាំ ២០១៨ នៅពេលដែលឯកឧត្តមនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង (Li Keqiang) មកប្រជុំឡានឆាង-មេគង្គ នៅទីក្រុងភ្នំពេញ ហើយក្នុងពេលដែលគាត់ទស្សនកិច្ចផ្លូវការ យើងក៏បានចុះហត្ថលេខាលើហិរញ្ញប្បទាន សម្រាប់ផ្លូវថ្នល់មួយនេះ។

បើយើងនិយាយអំពីកម្រិតនៃធ្វើការផ្លូវ អាចនិយាយបានថា នេះជាប្រភេទផ្លូវដែលមាន ពីរ(គន្លង)ទៅ ពីរ(គន្លង)មក។ គឺជាប្រភេទផ្លូវល្បឿនលឿន បើយោងតាមឯកឧត្តម ស៊ុន ចាន់ថុល បានលើក ព្រោះការពង្រីកផ្លូវ ៣,៧៥ ម៉ែត្រ, ៣,៥០ ម៉ែត្រ ផ្លូវធម្មតា ប៉ុន្តែផ្លូវល្បឿនលឿន ៣,៧៥ ម៉ែត្រ។ អញ្ចឹង គ្រាន់តែផ្លូវទាំងសងខាង គឺមានចំនួនវែង។ ប្រសិនបើគ្រោះថ្នាក់ចរាចរណ៍លើផ្លូវនេះទៀត ខ្ញុំមិនដឹងថាតើវាមកពីមូលហេតុអ្វី? សុំកោតសរសើរដែរ អំពីការដាំដើមឈើ ដាំផ្កានៅតាមកណ្ដាល(ទ្រូង)ផ្លូវនេះ ដែលបង្កើតទៅជាសោភ័ណភាពមួយ​ សម្រាប់ការធ្វើដំណើរ ឬក៏អាចថាភាពបៃតងនៃការធ្វើចរាចរណ៍របស់យើង។ វាត្រជាក់ភ្នែក។ ប៉ុន្តែខ្ញុំជឿថា វាមិនក្លាយទៅជាជម្រកនៃការនោម ឬក៏បន្ទោបង់របស់មនុស្សខ្លះ លេងកណ្ដាល(ទ្រូង)ផ្លូវហ្នឹងតែម្ដង។ សង្ឃឹមថា វាមិនក្លាយទៅជាជម្រកនៃអ្នកដែលខ្វះការទទួលខុសត្រូវ ហើយយកសួនច្បារកណ្ដាល(ទ្រូង)ផ្លូវធ្វើជាកន្លែងបន្ទោ​បង់ ជាការបន្ទោបង់តូចក្ដី ជាធំក្ដី សង្ឃឹមយ៉ាងដូច្នេះ។

ស្ពានអាកាសសម្រាប់អ្នកថ្មើរជើង បញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដើរថ្មើរជើង

ខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ។ នៅពេលដែលការចាប់ផ្ដើម(ធ្វើ)ផ្លូវនេះ ពិតជាបង្កការរំខានដល់ប្រជាពលរដ្ឋ តាមរយៈដីហុយចូលផ្ទះ និងសំឡេងរំខាន (បង្កការ)លំបាកដល់អ្នកដែលរស់នៅតាមដងផ្លូវ។ ក៏ប៉ុន្តែ នៅពេលដែលកសាងរួចហើយ អ្នកដែលទទួលផលមុនគេ គឺអ្នកដែលរស់នៅនៅតាមដងផ្លូវនេះតែម្ដង ដោយសារបានធ្វើការលក់ដូរ ឬក៏សម្រួលគ្រប់យ៉ាងជាមួយនឹងការរស់នៅរបស់ខ្លួន ដែលមុននេះ ធ្លាប់តែនាំភក់ចូលទៅក្នុងផ្ទះ ប៉ុន្តែឥឡូវមិនបាននាំភក់ចូលទៅក្នុងផ្ទះទៀតទេ។ បន្ថែមលើនោះ យើងក៏បានធ្វើស្ពានអាកាស(ឆ្លងថ្នល់) ដើម្បីឱ្យអ្នកថ្មើរជើងឆ្លងកាត់ ព្រោះផ្លូវដែលមានទំហំរហូតទៅដល់ ២៤ ម៉ែត្រ វាលំ​បាកណាស់ក្នុងការឆ្លង។

ពិតមែនហើយ ខ្ញុំនៅចាំបាន​ ហើយអម្បាញ់មិញ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានរំលឹកអំពីការធ្វើផ្លូវនៅកន្លែងណាមួយនោះ ខាងម្ចាស់ផ្សារ បែរជាថា ធ្វើ(ស្ពានអាកាសសម្រាប់អ្នកថ្មើរជើង) នឹងបាត់សោភ័ណភាពផ្សារ។ ពេលនោះ សុំដល់ខ្ញុំ។ (ខ្ញុំ)ចារទៅ “ត្រូវតែធ្វើ បើមិនធ្វើដកយកផ្សារត្រឡប់មកវិញ” និយាយគ្នាឱ្យខ្លី។ ព្រោះបើសិនជា(ផ្លូវ) ២៤ ម៉ែត្រ រថយន្តឆ្លងកាត់នៅកន្លែងហ្នឹង គ្រោះថ្នាក់នឹងផ្សារហ្នឹងទៅទៀត។ អញ្ចឹងទេ យើងមានតែធ្វើ(ស្ពានអាកាសស្ពានអាកាសសម្រាប់អ្នកថ្មើរជើង)។ អញ្ចឹងយើងត្រូវពិនិត្យ តើគួរធ្វើកន្លែងណាទៀត ធ្វើបានក៏ធ្វើ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍(សម្រាប់អ្នកដើរថ្មើរជើង)។

ព្រោះថា នៅពេលខាងមុខ អាចនឹងបង្កើននូវល្បឿន(នៃការបើកបរ)។ ឧទាហរណ៍​ យើងសព្វថ្ងៃនេះ នៅលើផ្លូវនេះ មានកន្លែងដែលបើកបាន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និង ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ប៉ុន្តែមានអ្នកភាន់ច្រឡំ។ ភាន់ច្រឡំត្រង់ថា ឃើញគេដាក់លេខ ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។ អញ្ចឹងគ្នាបើក ៤០ រហូតតាំងពីកំពត រហូតដល់ភ្នំពេញ។ ទោះបីចូលមកដល់កន្លែង(កំណត់ល្បឿន) ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងហើយ ក៏មិនហ៊ានបើក(លឿន) ព្រោះអត់បានមើល(ផ្លាកកំណត់ល្បឿន)កន្លែងដទៃទៀត។ អញ្ចឹងកន្លែងធំ គេឱ្យបើក(ក្នុងល្បឿន) ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកន្លែងតូចបើក(ក្នុងល្បឿន) ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ខ្ញុំគិតថា (ល្បឿន)៨០ គីឡូម៉ែត្រក្នុងមួយម៉ោង អាចនឹងយឺត។ ផ្លូវល្បឿនលឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបន្ដិចទៀតនឹងតភ្ជាប់រវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលកំពុងសាងសង់ដោយក្រុមហ៊ុនចិន។

ឥឡូវនេះ នៅពេលដែលយើងមានគន្លងផ្លូវយ៉ាងនេះ គន្លងផ្លូវបែបនេះ គឺកំពុងតែមាននៅក្នុងផ្លូវជាតិលេខ ៣, ផ្លូវជាតិលេខ ៦, ផ្លូវជាតិលេខ ៥ និងផ្លូវជាតិលេខ ១ អញ្ចឹងគួរ ផ្លូវណាបង្កើនល្បឿន អនុញ្ញាតឱ្យ(បើកបរក្នុងល្បឿន)ឡើងដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ឯផ្លូវណាឡើងដល់ប៉ុន្មាន និងពិនិត្យអំពីបញ្ហានេះ។ បើ(បើកបរក្នុងល្បឿន) ៤០ គីឡូម៉ែត្រក្នុងមួយម៉ោងជាប់ អាហ្នឹងគឺថាវានៅគាំងនៅត្រង់ហ្នឹង។ យើងដាក់តែ ៤០ គីឡូ​ម៉ែត្រក្នុងមួយម៉ោង ក៏ប៉ុន្តែអ្នកដែលបើកពិតប្រាកដ គឺច្រើនជាងហ្នឹង។ ប៉ុន្តែផ្លូវនេះ មានកាមេរ៉ាចាប់ល្បឿន … ផ្លូវនេះដាក់កាមេរ៉ា ១០ កន្លែង។ អញ្ចឹងបើបើកហួសល្បឿន គឺគេចាប់ល្បឿនហើយ​ គេរុញការផាកពិន័យហ្នឹងទៅដល់ផ្ទះតែម្ដង ដើម្បីចាប់(ពិន័យ)ឱ្យបង់ប្រាក់។

យុទ្ធសាស្រ្តនៃការធ្វើផ្លូវត្រូវបានផ្លាស់ប្ដូរ និងមានតម្លៃថ្លៃជាងមុន

ហ្នឹងជាការខិតខំមួយ។ ឥឡូវនេះ យុទ្ធសាស្រ្តនៃការធ្វើផ្លូវរបស់យើង ត្រូវបានផ្លាស់ប្ដូរ។ មុននោះ កាលទស​វត្សរ៍ ៨០ ធ្វើផ្លូវឱ្យតែបានវែង។ អញ្ចឹងបានជាពេលនោះ ហើយរហូតតមកដល់ឥឡូវនេះ បងប្អូនយើងនិយាយថា ធ្វើផ្លូវធ្វើមិនជាប់។ ធ្វើមិនជាប់ មិនមែនមានន័យថា ធ្វើវាមិនជាប់ទេ គឺមានសេចក្ដីថា ពាក្យថា ធ្វើមិនជាប់ ធ្វើទៅដល់មុខខូចខាងក្រោយ ដោយសារធ្វើផ្លូវស្ដើងពេក។ អញ្ចឹង ឥឡូវនេះ នៅក្នុងការស្ថាបនាផ្លូវ យើងក៏ផ្ដើមកែលម្អវា ដែល(ការកសាងផ្លូវថ្មីនោះ)មានតម្លៃថ្លៃជាងពេលមុន។ ពេលមុន យើងធ្វើផ្លូវថ្លៃថោកជាង ប៉ុន្តែវាបានផ្លូវវែង ប៉ុន្តែប្រើបាន(រយៈពេល)ឆាប់ ដោយសារម្ខាង គឺសម្រេចទៅលើគុណភាព បន្ថែមទៅដោយការដឹកលើសទម្ងន់របស់យើង គឺនឹងធ្វើឱ្យផ្លូវឆាប់ខូច។ ដូច្នេះហើយ បានជាយើងត្រូវរៀបចំឱ្យមានការសាងសង់ផ្លូវនេះ ឡើងវិញ។ ក្នុងនោះ សម្រាប់ការធ្វើផ្លូវមួយនេះ យោងតាមការគិតគូរពីមុន ខាងក្រុមហ៊ុនចិនត្រូវធ្វើរហូតដល់ទៅ ៤៨ ខែ ប៉ុន្តែលើការជាក់ស្ដែង ក្រុមហ៊ុនចិនធ្វើត្រឹមតែរយៈពេល ៣៤ ខែតែប៉ុណ្ណោះ។ ជាធម្មតា ជាទំលាប់របស់មិត្តចិន គឺតែងតែដាក់រយៈពេលវែង ប៉ុន្តែនៅពេលដែលធ្វើពិតប្រាកដ គឺប្រើរយៈពេលខ្លីជាង។ សូមអរគុណជាមួយនឹងការយកចិត្តទុកដាក់នៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់របស់ចិន ដែលបានធ្វើផ្លូវនេះ បំព្រួញពី ៤៨ ខែ មកនៅ ៣៤ ខែនៃការសាងសង់ ប្រៀបធៀបទៅនឹងកុងត្រា។

ផ្លូវជាតិលេខ ៣ ចំណាយអស់ ២៥២ លានដុល្លារ/ការធ្វើផ្លូវនៅកម្ពុជា គឺចាក់បេតុងកៅស៊ូ

ខ្ញុំគួរតែបញ្ជាក់ជូនថា ផ្លូវនេះ បើគិតទាំងអស់ពីតម្លៃរបស់វា ឱ្យយើងបានដឹង គឺមានចំនួនរហូតទៅដល់ ២៥២ លានដុល្លារ មិនមែន ២២៥ លានដុល្លារទេ។ ដោយសារតែក្នុងនោះ សម្រាប់យើង ថវិកាបដិភាគមានទៅដល់ ៤៣ លានដុល្លារ។ ក្នុង ៤៣ លានដុល្លារនេះ៖ ការរួមចំណែកសម្រាប់កិច្ចសន្យាទាំង ២៥% គឺ ១០,៩ លានដុល្លារជាង។ ការដោះស្រាយផលប៉ះពាល់ ៤,៤ លានដុល្លារ។ ការបោសសម្អាតមីន ១,៣ លានដុល្លារ។ បន្ទុកលើពន្ធអាករ និងសួយសារ គិតជាមធ្យម ១២% ដែលស្មើនឹង ២៥ លានដុល្លារ។ បើទោះបីថា យើងដក ២៥ លានដុល្លារ ដែលជាពន្ធអាករ ក៏ផ្លូវនេះ ក៏នៅមានចំនួនលើសពីអ្វីដែលយើងបាននិយាយ។ ប៉ុន្តែជាធម្មតា យើងត្រូវគិតដូច្នេះ ដើម្បីយើងគិតអត្រានៃការរំលស់ទុនដែលបានមកពីផ្លូវសម្រាប់វិស័យសេដ្ឋកិច្ច។ ផ្នែកសេដ្ឋកិច្ចត្រូវគិតឱ្យគ្រប់ទាំងវិស័យពន្ធដារ បើសិនជាអស់ពិតប្រាកដ គឺប៉ុន្មាន បើគិតទាំងពន្ធដារ? អញ្ចឹងបើគិតទាំងពន្ធដារនៅផ្លូវនេះ គឺអស់រហូតទៅដល់ ២៥២ លានដុល្លារសហរដ្ឋអាមេរិក ក្នុងចំងាយផ្លូវ ១៣៤,៨០៦ គីឡូម៉ែត្រ។ ចាប់ពីពេលនេះតទៅ ផ្លូវរបស់យើងនឹងមានតម្លៃថ្លៃជាង ដោយសារតែយើងមិនចាក់ Macadam ស្អីនោះទៀតទេ។ យើងបន្តដាក់បេតុងកៅស៊ូ (AC – Asphalt Concrete) ដើម្បីធានាគុណភាពប្រើប្រាស់បានយូរ។

នឹងមានការស្ថាបនាផ្លូវជាតិលេខ ៤១, ៣៣ និង ៣១ … សង្ឃឹមមិត្តចិនជួយតផ្លូវពីកំពតទៅវាលរិញ

សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងទទួលបាននូវផលប្រយោជន៍អំពីផ្លូវថ្នល់នេះ ដែលតភ្ជាប់ពីទិសខាងត្បូង ទៅទិសខាងជើង ដែលតាមភាសាដែលយើងកំពុងនិយាយថា តារារះនៅទិសនិរតី តភ្ជាប់តំបន់មាត់សមុទ្រទាំងអស់របស់យើង(ជាមួយគ្នា) កំពុងត្រូវបានអនុវត្ត។ ជាមួយគ្នានោះដែរ ដូចដែលឯកឧត្តម វ៉ាង វិនធៀន ក៏ដូចជាឯកឧត្តម ស៊ុន ចាន់ថុល បានលើក យើងនឹងឆ្ពោះទៅរកការបើកការដ្ឋាន, យើងកំពុងធ្វើការចរចា ហើយខ្ញុំមានសង្ឃឹមថា យើងនឹងអាចឈានទៅរកការបើកការដ្ឋានសម្រាប់ស្ថាបនាផ្លូវជាតិលេខ ៤១, ផ្លូវជាតិលេខ ៣៣ និងផ្លូវជាតិលេខ ៣១ បន្តទៀត ដែលវាស្ថិតនៅក្នុងទិសដៅខាងខេត្តកំពត ដែលតភ្ជាប់ជាមួយនឹងខេត្តកំពង់ស្ពឺ ខេត្តកែប។

ផ្លូវជាតិលេខ ៣ ដែលតភ្ជាប់ពីខេត្តកំពត ទៅវាលរិញ ក៏ជាកម្មវត្ថុនៃការសិក្សា ដែលខ្ញុំបានស្នើជាជម្រើសពិសេសសម្រាប់ការដោះស្រាយ។ ដោយសារផ្លូវជាតិលេខ ៣ ធ្វើវាមិនជាប់ ហើយមិនមែនមិនជាប់ដោយសារ ស្អីទេ។ ទោះបីជាជីកដល់(ជំរៅ) ៥ ម៉ែត្រហើយ ក៏វានៅតែបញ្ហា។ ហ្នឹងត្រូវដល់ ១៨ ម៉ែត្រទៅក្រោម។ អញ្ចឹងកូរ៉េធ្វើអត់ជាប់ ធនាគារពិភពលោកធ្វើក៏អត់ជាប់។ ដល់ទៅសិក្សា កំណាត់ផ្លូវនេះទាល់តែ ១៨ ម៉ែត្រចុះក្រោម។ តែប៉ុន្មានគីឡូម៉ែត្រទេ គឺ ៥ គីឡូម៉ែត្រទេ។ អញ្ចឹងសង្ឃឹមថា ​មិត្តចិននឹងជួយដោះស្រាយ បើមិនអញ្ចឹងទេ របៀងមាត់សមុទ្ររបស់យើងបាក់នៅអាកន្លែងហ្នឹង។ ផ្លូវជាតិលេខ ៣ នេះវានឹងក្លាយទៅជារបៀងមាត់សមុទ្រ ដែលតភ្ជាប់រវាងព្រះរាជាណាចក្រថៃ ដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ផ្តើមពីកោះកុង ឆ្លងកាត់ខេត្តព្រះសីហនុ ខេត្តកំពត ចូលទៅវៀតណាមដែលជារបៀងមាត់សមុទ្រសុទ្ធ តភ្ជាប់ក្នុងតំបន់អាស៊ានរបស់យើង។

មិត្តចិនសង់ផ្លូវ ២៩ ខ្សែ ប្រវែង ៣០២៦ គីឡូម៉ែត្រ ស្ពាន ៩ ប្រវែង ៨៥៦៥ ម៉ែត្រ

អញ្ចឹងទេ សង្ឃឹមថា សមិទ្ធផលដែលបាននិងកំពុងកើតនៅលើទឹកដីកម្ពុជានេះ វាបានចេញមកកិច្ចសហប្រតិ​បត្តិការរបស់យើងជាមួយដៃគូអភិវឌ្ឍទាំងអស់ជាពិសេសជាមួយ សាធារណរដ្ឋប្រមានិតចិន។ ហើយតាមរយៈ ឯកឧត្តម វ៉ាង វិនធៀន អនុញ្ញាតអោយខ្ញុំផ្ញើជូននូវការដឹងគុណចំពោះរដ្ឋាភិបាលចិន ​និងប្រជាជនចិន ដែលជានិច្ចជាកាលបានផ្តល់នូវការទ្រទ្រង់ខាងថវិកាសម្រាប់ការអភិវឌ្ឍរបស់យើង។​ មកដល់ពេលនេះ (ប្រវែង)ផ្លូវដែលបានសាងសង់រួច ហើយដែលបានដាក់អោយប្រើប្រាស់មានចំនួនជាង ៣០០០ គីឡូម៉ែត្រ គឺផ្លូវ ២៩ ខ្សែ ប្រវែង ៣០២៦ គីឡូម៉ែត្រ និយាយលេខគត់។ គម្រោងផ្លូវដែលកំពុងសាងសង់មានចំនួន ៣ ខ្សែ ប្រវែង ៣៦៣ គីឡូម៉ែត្រ, ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ៩ ស្ពាន ប្រវែង ៨៥៦៥ ម៉ែត្រ, ស្ពានដែលកំពុងសាងសង់នៅសល់ស្ពានមួយទៀតឆ្លងកាត់ទន្លេបាសាក់ ដែលតភ្ជាប់ជាមួយនឹងផ្លូវខ្សែក្រវាត់ក្រុងទី ៣ ចំនួន ៩៩៦ម៉ែត្រ ដែលមានតម្លៃ ៥៦ លានដុល្លារសហរដ្ឋអាមេរិក។

ផ្លូវក្រវ៉ាត់ក្រុងទី ៣ រួចរាល់ ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងភាពកកស្ទះក្នុងក្រុង នឹងត្រូវកាត់បន្ថយ

សូមបញ្ជាក់ថា ផ្លូវខ្សែក្រវាត់ក្រុងនេះ ប្រហែលជាស្រូបលុយបដិភាគច្រើនជាងលុយនៃការអភិវឌ្ឍពិតប្រាកដ។ ម្សិលម្ង៉ៃ ខ្ញុំទើបនឹងចុះហត្ថលេខាបញ្ចេញប្រាក់ជាង ៥ លានដុល្លារបន្ថែមទៀត ជំហានទី ៣២។ យើងបានបោះទុនចេញ ហើយជាមធ្យមបោះម្តង គឺយ៉ាងតូច ៣ លានដុល្លារ, ៤ លានដុល្លារ, ៥ លានដុល្លារចេញទៅ។ យើងគិតអញ្ចេះចុះ យើងគិតថា ជាមធ្យមចេញម្តង ២ លានដុល្លារ ចេញ ១០ ដង ស្មើនឹង ២០ លានដុល្លារ, ចេញ ៣០ ដង អស់ ៦០ លានដុល្លារ … ព្រោះត្រូវដោះស្រាយផលប៉ះពាល់។ បើមិនធ្វើផ្លូវហ្នឹងទេ ក្រុងរបស់យើងនឹងគាំងស្តូកតែម្តង។ ឥឡូវមកកាត់មុខផ្ទះខ្ញុំ ព្រោះដឹកជញ្ជូនតាមផ្លូវតាខ្មៅហ្នឹង។ ថ្ងៃមុនបើសិនជារង់ចាំ គឺមិនបាន។ អោយ(ឯកឧត្តម) ស៊ុន ចាន់ថុល ជួសជុលផ្លូវមុខផ្ទះខ្ញុំ។ ខ្ញុំចេញមកផ្លូវវារបើកអស់រលីងហើយ។ ប៉ុន្តែដល់ទៅពេលផ្លូវខ្សែក្រវាត់ក្រុងទី ៣ រួចរាល់ បានសេចក្តីថា នៅម្តុំតាខ្មៅហើយ។ ចរាចរណ៍នៅក្នុងក្រុង នឹងត្រូវកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងភាពយឺតយ៉ាវនៃការកកស្ទះនឹងត្រូវកាត់បន្ថយ។

គ្រប់គម្រោង ត្រូវតែមានថវិកាបដិភាគ

អញ្ចឹងបានជាខ្ញុំតែងតែនិយាយថា ត្រូវមានការសន្សំសំចៃ។ គម្រោងណាក៏ដោយ។ ទោះបីជាគម្រោងជំនួយឥតសំណងក៏ដោយ គម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍក៏ដោយ ត្រូវតែមានថវិកាបដិភាគ បើគ្មានថវិកាបដិភាគទេ គឺយើងមិនអាចធ្វើបានទេ។ យើងលើកឧទាហរណ៍៖ ផ្លូវជាតិលេខ១ ពីត្រឹមគល់ស្ពានព្រះមុនីវង្សទៅ ខ្ទង់ប្រហែលជាង ១០ គីឡូម៉ែត្រទេ ចំនួនទឹកប្រាក់ជប៉ុនដែលផ្តល់ សម្រាប់ការធ្វើផ្លូវហ្នឹងតិចជាងចំនួនទឹកប្រាក់ដែលរាជរដ្ឋាភិបាលដោះស្រាយផលប៉ះពាល់។ ឥឡូវនេះសឹងថា ផ្លូវក្រវាត់ក្រុងទី ៣ ចំនួនទឹកប្រាក់ដែលហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងទឹកប្រាក់ដែលរាជរដ្ឋាភិបាលយកទៅដោះស្រាយផលប៉ះពាល់ ៣២ លើក ខ្ញុំនឹងអោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបអោយខ្ញុំ ហោចណាស់ខ្ញុំគិតថា ប្រហែលជា ៦០ លានដុល្លាររួចស្រេចទៅហើយ និយាយតាមមួយបែប ព្រោះម្សិលម្ង៉ៃ ទើបបញ្ចេញថវិកាបន្ថែម ៥ លានដុល្លារទៀត។ គេមានបញ្ជីស្នាមត្រឹមត្រូវ ក្នុងការដោះស្រាយផលប៉ះពាល់សម្រាប់ប្រជាជន។ គ្រាន់តែលើផ្លូវនេះ សម្រាប់ផ្លូវរបស់យើងនេះ ដោះស្រាយផលប៉ះពាល់អស់ ៤.៤៥៦.៦៦០,៤៩ ដុល្លារ។ ផ្លូវជាតិដែលមានស្រាប់នេះក៏ត្រូវដោះស្រាយផលប៉ះពាល់ ដើម្បីពង្រីកពី ១១ ម៉ែត្រ អោយទៅជា ២៤ ម៉ែត្រ។

ការអនុវត្តច្បាប់អស្សាមិករណ៍ តម្រូវដោយផលប្រយោជន៍សាធារណៈ ត្រូវសុំការអនុញ្ញាតអោយបានត្រឹមត្រូវ

ហើយដីនេះ បើយោងទៅលើច្បាប់ទាក់ទងនឹងផ្លូវថ្នល់ គឺជាដីរបស់រដ្ឋទេ។ ក៏ប៉ុន្តែ … អ្វីដែលបានកើតឡើងកន្លងទៅ ភាពចិត្តធម៌របស់អាជ្ញាធរឃើញគាត់នៅកន្លែងហ្នឹងហើយ ក៏ចេះតែអោយគាត់នៅទៅ។ ដល់ទៅពេលត្រូវធ្វើផ្លូវ យើងត្រូវតែផ្តល់លុយអោយគាត់។ កន្លែងខ្លះដូចជាផ្លូវតភ្ជាប់រវាងផ្លូវកែង ផ្លូវជាតិលេខ ៦ តភ្ជាប់ទៅផ្អាវ ស្គន់ តភ្ជាប់ទៅខេត្តសៀមរាប ដោះស្រាយផលប៉ះពាល់ចំនួនជាង ៤០០០ គ្រួសារ បានចាកចេញទៅហើយ ទទួលយកនូវការដោះស្រាយ។ នៅសល់ប៉ុន្មានគ្រួសារមិនព្រម។ បើមិនព្រមទេ ជម្រើសដែលនៅសេសសល់ គឺច្បាប់អស្សាមិករណ៍។ យក ឬមិនយក។ ខ្ញុំយកចេញហើយ។ ស្ពានអ្នកលឿងក៏អញ្ចឹងដែរ។ ដោះស្រាយផលប៉ះពាល់អស់ហើយ នៅសល់ ២ គ្រួសារ​អត់ព្រម។ ឥឡូវតើយើងសុខចិត្តបោះបង់ចោល យកស្ពានមួយដែលជប៉ុនជួយនៅពេលនោះ ជាមួយនឹងការដែល ២ គ្រួសារមិនព្រម ឬយ៉ាងម៉េច?

ច្បាប់អស្សាមិករណ៍ ពេលណាផលប្រយោជន៍រដ្ឋតម្រូវ គឺត្រូវតែយកហើយ។ គ្រួសារដទៃទៀត គេទៅអស់រលីងហើយ សល់តែ ២ គ្រួសារនៅរឹងទទឹង។ មានអីមានតែយក អេស្កាវ៉ាទ័រ យកទៅជួសតែប៉ុណ្ណឹង។ ប៉ុន្តែដល់ឃើញ អេស្ការវ៉ាទ័រទៅ យកដែរលុយហ្នឹង។ បើមិនយក អត់។ ប៉ុន្តែមិនមែនស្អីសុទ្ធតែអស្សាមិករណ៍ទាំងអស់នោះទេ។ ហ្នឹងសូមបញ្ជាក់ តិចថាកន្លែងខ្លះអោយតែឃើញប៉ះហើយ បុកយកតែម្តង។ ហ្នឹង អត់ទេ។ ត្រូវមកសុំការអនុញ្ញាតអោយបានត្រឹមត្រូវ ដើម្បីអនុវត្តច្បាប់អស្សាមិករណ៍ ដែលតម្រូវដោយផលប្រយោជន៍របស់ប្រជាជន ផលប្រយោជន៍សាធារណៈសម្រាប់ប្រទេសជាតិរបស់យើង។

ដូច្នេះហើយបានជាយើងមានតម្រូវការទៅក្នុងការប្រើប្រាស់ និងគ្រប់គ្រងថវិកា អោយបានហ្មត់ចត់។ ត្រូវមានថវិកាក្នុងដៃ ដើម្បីធានាថា បើទោះបីថា មួយផ្នែកយើងវិនិយោគដោយខ្លួនឯង តែមួយផ្នែកទៀតដៃគូអភិវឌ្ឍរបស់យើងមកជួយធ្វើផ្លូវមកជួយធ្វើស្ពាន ជួយធ្វើប្រឡាយទឹក យើងក៏ត្រូវមានថវិកាបដិភាគរបស់យើង។ បើអត់ថវិកាបដិភាគ អនុវត្តអត់បានទេ ទាំងជាមួយធនាគារអភិវឌ្ឍអាស៊ី ទាំងធនាគារពិភពលោក ទាំងដៃគូអភិវឌ្ឍទាំងអស់យើងត្រូវមានថវិកាបដិភាគ។ កន្លែងខ្លះគេតម្រូវអោយយើងថវិកាបដិភាគរហូតទៅដល់ ៣០% នៃគម្រោង។ ឧទាហរណ៍៖ គម្រោងហ្នឹងមានតម្លៃ ១០០ លានដុល្លារ យើងត្រូវមាន ៣០ លានដុល្លារ ត្រូវបោះទៅ ទើបអនុវត្តបាន។ យើងចេះតែស្នើសុំការយោគយល់ពីដៃគូរបស់យើង ដើម្បីយើងអាចអនុវត្តបាន។

សូមកុំអោយដឹកលើសទម្ងន់ និងបើកបរហួសល្បឿនកំណត់

ពីនេះតទៅសូមអំពាវនាវដ៏ទទូច សូមកុំអោយដឹកលើសទម្ងន់។ ប្រទេសយើងឥឡូវនេះ កំពុងតែដាក់ជញ្ជីងតាមផ្លូវ។ ខ្ញុំមិនដឹងថា តើពេលណាយើងនឹងដកជញ្ជីងចេញអស់? ព្រោះប្រទេសនានានៅលើពិភពលោកគេធ្វើផ្លូវគេល្អទៅហើយ។ ដល់អញ្ចឹងគេផលិតឡានក៏អាធ្ងន់ដែរ ធុនធំ។ ឡានហ្នឹងយើងទិញពីគេមកដែរ។ ឡានហ្នឹងគេត្រូវការដាក់ច្រើន ដល់ដាក់ច្រើន គេមានផ្លូវគេធំល្អ។ ឯចំពោះយើងកំហិតអោយដាក់ ព្រោះផ្លូវយើងគឺមិនទាន់មានគុណភាពគ្រប់គ្រាន់ទេ។ សូម្បីនៅប្រទេសចិន ដូចប៉ុន្មានខែមុន មានការបាក់ស្ពានអាកាសមួយ ខ្ញុំមិនច្បាស់ទេ តែហាក់ដូចជាមានបាក់ស្ពានអាកាសមួយ ដែលបណ្តាលមកពីការដឹកលើសទំងន់ ឬក៏ខ្ញុំភាន់ច្រឡំថានៅប្រទេសណាក៏មិនដឹង ដឹងតែមានបាក់ស្ពានអាកាសមួយដែលបណ្តាលមកពីការដឹកលើសទំងន់។ អញ្ចឹងទេ សុំអំពាវនាវឲ្យមានការយកចិត្តទុកដាក់គោរពទៅដល់ច្បាប់ចរាចរណ៍កុំដឹកលើសទំងន់ ហើយកុំបើកល្បឿនលឿនហួស។

ពីរថ្ងៃជាប់គ្នា គ្មានអ្នកស្លាប់ដោយដោយកូវីដ-១៩ ប៉ុន្តែស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃ

ថ្ងៃនេះ តាមសម្តេចក្រឡាហោម ស ខេង រុញព័ត៌មានមក គ្រោះថ្នាក់ចរាចរណ៍ដូចជាស្លាប់ ៦ នាក់ របួស ៧ នាក់ កាលពីម្សិលមិញ។ អញ្ចឹងបានសេចក្តីថា អ្នកស្លាប់ដោយសារកូវីដ-១៩ អត់មានទេ ពីរថ្ងៃជាប់គ្នាហើយ យើងអត់មានអ្នកស្លាប់ដោយសារកូវីដ-១៩ ទេ ប៉ុន្តែស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ របួសដោយគ្រោះថ្នាក់ចរាចរណ៍មានរាល់ថ្ងៃ។ អញ្ចឹងទេ បើគ្រាន់តែការសប្បាយ ហើយនាំទៅដល់គ្រោះថ្នាក់ គឺវាមិនគួរគប្បីទេ​។ ខ្ញុំសង្ឃឹមថា យើងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយបន្តអនុវត្ត បើស្រវឹងកុំបើកបរ បើបើកបរកុំផឹក។ ហ្នឹង គឺជាការគ្រោះថ្នាក់ និយាយរួមគោរពច្បាប់ចរាចរណ៍ទៅគ្រប់គ្រាន់ហើយ។ ប្រយ័ត្នទាំងអស់គ្នា។ ប៉ុន្តែ អ្នកខ្លះរំលោភបំពានអត់ស្លាប់ ប៉ុន្តែទៅស្លាប់អ្នកស្លូតត្រង់ អត់ដឹងអី កំពុងតែលក់អីនៅតាមចិញ្ចើមផ្លូវ ឡានហ្នឹងវារុលចូលទៅក្នុងផ្ទះ ក៏ទៅសម្លាប់មនុស្សនៅក្នុងផ្ទះហ្នឹងទៅទៀត។ ហ្នឹងគឺជាការគួរឲ្យសោកស្តាយ។

អំពាវនាវប្រជាពលរដ្ឋពាក់មួកសុវត្ថិភាព ពាក់ម៉ាស់ ចាក់វ៉ាក់សាំង និងអនុវត្ត ៣កុំ និង ៣ការពារ

សុំអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ហើយចំពោះការពាក់មួក និងពាក់ម៉ាស់ត្រូវធ្វើទាំងអស់គ្នា ប៉ុន្តែអ្នកនៅក្នុងឡាន មិនតម្រូវការឲ្យពាក់មួកទេ ប៉ុន្តែ ត្រូវពាក់ម៉ាស់។ ជួនកាល នៅក្នុងឡានផ្ទាល់ខ្លួនមិនតម្រូវឲ្យពាក់ម៉ាស់ទេ ប៉ុន្តែបើសិនជាពាក់ក៏វាល្អ។ ប៉ុន្តែសួរថា លោក ហ៊ុន សែន និងអគ្គរដ្ឋទូតចិនឡើងមកនិយាយ ហេតុអ្វីមិនពាក់ម៉ាស់ បើខ្ញុំនិយាយពាក់ម៉ាស់ និយាយខុលៗ វាអត់ឮ ហើយខ្ញុំទើបនឹងរួចខ្លួនទេ ប៉ុន្មានថ្ងៃមុនខ្ញុំគិតថា ខ្លួនខ្ញុំឆ្លងហើយ។ ប៉ុន្តែ ជាកុសលល្អដែលកូវីដ-១៩ វាមិនឆ្លងមកដល់ខ្ញុំ។

ឥឡូវចៅរបស់ខ្ញុំប៉ុន្មាននាក់ ខ្លះទៅឆ្លងនៅអឺរ៉ុប ខ្លះនៅភ្នំពេញ។ ឯខ្ញុំលេងនៅក្នុងផ្ទះបណ្តោយ។ ក្នុងផ្ទះអ្នកដែលឆ្លង អញ្ចឹងខ្ញុំប៉ះពាល់ផ្ទាល់ ប៉ុន្តែប្រហែលជាខ្ញុំត្រូវអរគុណចំពោះវ៉ាក់សាំងដែលបានចាក់ ៤ ដូស រួចមកហើយ។ ខ្ញុំក៏មិនភ្លេចជាមួយការថ្លែងអំណរគុណចំពោះបារមីដែលតាមថែខ្ញុំតាំងពីតូច រហូតមកដល់ពេលនេះ។ ហ្នឹងត្រូវជឿខ្លះណា បើមិនអញ្ចឹងយើងអាចក្លាយជាអាទុភី។ ម៉េចបានក្លាយទៅជាអាទុ​ភី? ពាលី និងក្របីទុភី គឺប្រយុទ្ធគ្នាប៉ុន្មានយប់ប៉ុន្មានថ្ងៃ។ ពាលីចេះតែសួរទៅទុភីថា អ្ហែងពូកែដោយសារអ្វី? អានោះគេថា ពូកែដោយសារទេវតានៅក្នុងស្នែង។ សួរចុះ សួរឡើង អាទុភីឆ្លើយតែមួយម៉ាត់ទេថា អញពូកែដោយសារស្នែង។ ដល់អញ្ចឹងទេវតាចេញអស់រលីង អញ្ចឹងពាលីកាត់កទុភីបណ្តោយ។

ខ្ញុំអរគុណចំពោះវ៉ាក់សាំងដែលបានចាក់ ហើយអ្នកដែលប៉ះពាល់ជាមួយខ្ញុំ … ប៉ះពាល់តែដៃដូចខ្ញុំជាមួយឯកឧត្តម វ៉ាង វិនធៀន អម្បាញ់មិញហ្នឹងណា។ ធ្វើតេស្ដគ្រប់ទាំងអស់ ហើយគ្នាអត់ដែលទៅណាទៀត។ ក្មេងស្រី និងអ្នកនៅជាមួយខ្ញុំម្នាក់ ធ្វើដំណើរទៅកូរ៉េក៏យកទៅ ធ្វើដំណើរទៅក្រៅក៏យកទៅ។ ម្នាក់ហ្នឹងអត់ទៅណាសោះ ស្រាប់តែមាន(កូវីដ-១៩)ហ្នឹងគេដែរ។ ដំបូងខ្ញុំគិតថា ខ្ញុំជាអ្នកចម្លងឲ្យទៅអ្នកនៅជាមួយហ្នឹង ព្រោះខ្ញុំប៉ះពាល់មនុស្សច្រើនណាស់ ទទួលនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ខ្ញុំដើរទៅជួបទូត ខ្ញុំលូកដៃទៅបុកដៃគ្នា(ស្វាគមន៍) រួចហើយទៅចាប់ដៃគ្នាពេញទឹកពេញដីហ្នឹង។ ខ្ញុំគិតថា ខ្ញុំកើត។ ប៉ុន្តែ ទីចុងបំផុត វាអត់អី។ ធ្វើតេស្តលើកទី ១ សុទ្ធតែ rapid test រួចហើយទៅធ្វើ PCR។ PCR ត្រូវធ្វើម៉ាស៊ីនដល់ទៅ ២ ម៉ាស៊ីន នៅខាងសុខាភិបាលគ្រប់គ្រងមួយ និងទៅម៉ាស៊ីនវិទ្យាស្ថានប៉ាស្ទ័រមួយទៀត ដើម្បីបញ្ជាក់ឲ្យដឹងច្បាស់។ ប៉ុន្តែនៅតែអត់។ ខ្ញុំ និងប្រពន្ធខ្ញុំ នៅតែអត់។

ប៉ុន្តែឥឡូវប្រពន្ធខ្ញុំអត់ទាន់ចូលបន្ទប់វិញ។ គាត់ធ្វើចត្តាឡីស័កដល់ពេលណាទៀតក៏មិនដឹងដែរ។ យ៉ាងណាក៏ដោយ ដោយសារយប់មិញនេះ បើសិនជាគាត់មកហ្នឹង ក៏ត្រូវរំខានដល់គាត់ ព្រោះយប់មិញហ្នឹងភ្ញាក់ម៉ោង ៥ ជាងបន្តិចដើម្បីរៀបចំខ្លួនមកហ្នឹង។ អញ្ចឹងបានជាបញ្ហាទាក់ទិនជាមួយនឹងរឿងកូវីដ-១៩ នេះ ខ្ញុំយកឱកាសនេះ បន្តអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ តាមរយៈវិធានការ ៣ កុំ និង ៣ ការពារ និងការទទួលយកវ៉ាក់សាំងឲ្យគ្រប់តាមការកំណត់។

ក្នុងហ្នឹងប្រជាពលរដ្ឋរបស់យើងដែលបានទទួលវ៉ាក់សាំងរួចហើយ ទាំងដូសទី ១ និងដូសទី ២ មានរហូតដល់ជាង ៩១ ភាគរយ។ អ្វីដែលគួរមានមោទនភាពនោះ គឺកុមារដែលមានអាយុ ៣ ឆ្នាំ ទៅ ៤ ឆ្នាំ ដែលទើបនឹងឲ្យចាក់នៅថ្ងៃទី ២៣ កន្លងទៅនេះ មកដល់ពេលនេះចាក់បានជិត ៣០ ភាគរយ សរុប ២៨ ភាគរយជាង។ ដំបូងខ្ញុំព្រួយក្រែងលោវាតូចពេក វាខ្លាចម្ជុល។ ប៉ុន្តែ មើលទៅតួលេខ ថ្ងៃទី ១ និងថ្ងៃទី ២ ចាក់បាន ២០ ភាគរយ។ ព្រោះ Omicron នេះវាចាប់វាយ។ ពីមុន Alpha និង Delta វាវាយតែមនុស្សចាស់ ប៉ុន្តែដល់ Omicron វាវាយតម្រង់ទិសដៅ ២ ទី ១ កូនក្មេង, ទី ២ មេដឹកនាំ។ Omicron ហ្នឹងឥឡូវវាយតម្រង់មេដឹកនាំ។ សួរថាឥឡូវបាត់ចៅហ្វាយខេត្តកំពង់ស្ពឺទៅណា? វិជ្ជមានបាត់ហើយ។ ដំបូងវាថាធ្វើ​ Rapid test ថាអត់មានទេ។ ដាក់ខ្លួនធ្វើចត្តាឡីស័ក ព្រោះសង្ស័យប៉ះផ្ទាល់។ ស្រាប់ផ្ញើសារមកថាធ្វើ rapid test អត់មានទេ។ អញ្ចឹង ចេញធ្វើការវិញហើយ។ ស្រាប់តែម្សិលមិញផ្ញើសារមកថា វិជ្ជមាន។ អស់ប៉ុន្មានចៅហ្វាយខេត្តហើយ ប៉ុន្តែស្រាលៗ។ ឥឡូវវាយកូនក្មេងផង វាយមេដឹកនាំ ព្រោះកន្លែងមេដឹកនាំជាកន្លែងសំបុកមនុស្សទៅ​ តៃកុងឡានក៏ទៅ ការពារក៏ទៅមិនដឹងថាវាទៅត្រង់ណា រួចហើយវាមកចម្លងឲ្យយើង។

ចេះតែឆ្ងល់នេះ ក្មេងនៅក្នុងផ្ទះខ្ញុំ ២ នាក់នេះ វាអត់ទៅណាទេ ប៉ុន្តែ បែរជាវាកើតដែរ រួចហើយអាការៈរបស់វាអត់មានអីទាំងអស់ ខ្ញុំកំពុងតែសង្ស័យថា ម៉ាស៊ីនច្រឡំ។ ម្សិលមិញនេះ ឆ្លៀតឱកាស ខានវាយប៉ុន្មានថ្ងៃហើយ ​ដោះស្រាយការងាររួច ដាក់តែម្តង លេងវាយកូនគោលក្រោយផ្ទះ។ ដល់ទៅវាយកូនគោលមានអី កម្លាំងនៅខ្លាំងដែរតើ។ អញ្ចឹងវាអត់មានកើតកូវីដ-១៩ អីទេ។ ម្សិលមិញរាងស្អារក ដោយសារម្សិលមិញវាយ ៣ ម៉ោង ធ្លាក់ ២ គីឡូ។ អញ្ចឹងបានថ្ងៃនេះ ខោនេះ វារាងក្របួច ដោយសារខ្ញុំយកខោសម្រាប់ស្លៀក ៨០ គីឡូ ទៅ ៨៦ គីឡូ ឥឡូវហ្នឹងខ្លួនឯងនៅសល់តែគីឡូតែ ៨១ កន្លះ អញ្ចឹងបានរាងក្របួចបន្តិច ព្រោះអង្កាល់ពីមុនធ្លាប់ឡើងដល់ ៨៦ ម្តងហើយ បានជាអាខោហ្នឹងវាធំ។ ដល់ទៅគេឲ្យហាត់ទម្លាក់គីឡូ ទម្លាក់ដល់ ៧២ កាត់ខោអាវថ្មី ប៉ុន្តែរក្សាទុក បើសិនជាខោធំនេះ ត្រូវប្រគល់ទៅឲ្យអ្នកដទៃ ស៊យធំបណ្តោយ អត់ខោអាវស្លៀក។ ថ្ងៃមុនយកមកស្លៀក ប្រុងទៅទទួលនាយករដ្ឋមន្រ្តីម៉ាឡេស៊ី​ ប្រុងយកអាវតូច តូចដែលកាត់ក្រោយ ស្រាប់លទៅ នៅសល់ ៣ ធ្នាប់ទៀត សារេអស់សាច់ គឺថាសល់ ៣ ធ្នាប់ទៀត ពោះវាកាន់តែធំ។

មានវ៉ាក់សាំងជាង ៧ លានដូស ក្នុងសន្និធិ … នាំចូលក្នុងឆមាសទី ១ ប្រមាណ ៨ លានដូសបន្ថែម

សុំបងប្អូនទទួលយកនូវវ៉ាក់សាំងដូសជម្រុញ។ ដូសជម្រុញបច្ចុប្បន្នមើលក្នុងតារាង គឺទើបចាក់បាន ៧ លាននាក់ទេ​។ ត្រូវបន្តទទួលយកដូសទី ៣ ឯដូសទី ៤ ចាក់បានប៉ុន្មានជាង ១ លាននាក់ហើយ។ ខ្ញុំបានដូសទី ៤ យោង ព្រោះដូសទី ៣ របស់ខ្ញុំគឺថា វានៅសល់ត្រឹមតែ ៧០០ ប៉ុណ្ណឹងទេ ប៉ុន្តែដូសទី ៤ ខ្ញុំមិនទាន់យកឈាមទៅមើលឡើងវិញទេ តើបានប៉ុន្មានពិតប្រាកដ? អញ្ចឹងទេ យើងត្រូវអរគុណវ៉ាក់សាំង។ មិត្តចិននឹងបន្តផ្តល់​ជំនួយវ៉ាក់សាំងឲ្យយើងបន្តទៀត​។ ឥឡូវ(យើងមានក្នុងសន្និធិ)វ៉ាក់សាំងប្រមាណជាង ៧ លានដូសជាង ជិត ៨ លាន។ យើងនឹងបន្តការខិតខំ ដើម្បីនាំចូលមកក្នុងប្រទេស នៅក្នុងឆមាសទី ១ ប្រមាណជា ៨ លានដូស​បន្ថែមទៀត។ ធ្វើយ៉ាងម៉េចដើម្បីធានាថា នៅក្នុងឃ្លាំងរបស់យើងមានវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដែលក្នុងនោះមានទាំងកុមារអាយុ ៣ ឆ្នាំឡើងលើ ហើយ ៥ ឆ្នាំទៅ គឺចាប់ទទួលដូសជម្រុញផងដែរ។ នេះគឺជាការខិតខំរបស់យើង ដើម្បីប្រយុទ្ធជាមួយនឹង កូវីដ-១៩។

អញ្ចឹងខ្ញុំសុំអំពាវនាវទី ១ ត្រូវបន្តការការពារ កុំឲ្យរបូតរឿងហ្នឹង។ កូនខ្ញុំគ្រាន់តែប្រហែសម្តាយវាមួយ ឆ្លងកូនពេញមួយផ្ទះ។ កូនទាំង ៥ ឆ្លងទាំងអស់​​ រាប់ទាំងនាងទី ២១ ដែលខ្ញុំនិយាយថា ស្រក់ទឹកភ្នែកតែមិនយំ។ គេតែងចម្រៀងមិនចេះតិច។ នាងហ្នឹងកើតនឹងគេដែរ អាយុមិនទាន់ ២ ខួបផង ចុះបើវាឆ្លងហើយ។ ប៉ុន្តែឥឡូវជាអស់ហើយ ឈឺតែប៉ុន្មានថ្ងៃ។ ខ្លួនចៅៗ វាមិនដឹងថាវាកើតផង រត់លេងរពឹសពេញហ្នឹង។ តែយើងមិនឲ្យកើត ល្អជាងឲ្យកើត។ ខ្លួនខ្ញុំក៏នៅមិនទាន់ប្រាកដថារួចផុតនោះទេ ពិតមែនតែរួចផុតពីដំណាក់កាលមួយ ដូចជារួចផុតបាន ៣ លើកហើយ។ រួចផុតទី ១ គឺជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី រួចទី ២ ឆ្លងក្នុងផ្ទះ ខែមេសាឆ្នាំទៅ រួចទី ៣ លើកនេះ ប្រហែលជាលើកទី ៤ ពិបាក ប៉ុន្តែលើកទី ៤ ខ្ញុំត្រូវប្រយ័ត្នដែរ។ ហ្នឹងគឺជារឿងដែលយើងពិបាកគេច ប៉ុន្តែបើយើងខិតខំគេច ក៏នៅតែធ្វើទៅរួច។ លើកលែងតែវាមកពីត្រង់ណា ហ្នឹងយើងមិនដឹងទេ។ ដូចជាថាក្មេងៗនៅក្នុងផ្ទះខ្ញុំអត់មានទៅណាសោះ ស្រាប់តែកើតនឹងគេដែរ។ អ្នកខ្លះថាអត់ទៅនេះទៅនោះ ប៉ុន្តែអ្នកដើរលេងខ្លះ ប្រទេសខ្លះកើតសង្គ្រាម បែរជាអត់មានកូវីដ-១៩ ទៅវិញ។ វាទៅជាអញ្ចឹងវិញ។ បង្កើតសង្គ្រាមមានហឹង្សា បែរជាកូវីដវាមិនទៅរក បែបអាហ្នឹងខ្លាចរំសេវដែរ។

កម្ពុជាមិនគាំទ្រការប្រើប្រាស់កម្លាំង ការគំរាមកំហែងប្រើប្រាស់កម្លាំង ពីភាគីមួយប្រឆាំងនឹងភាគីមួយទៀត

អម្បាញ់មិញឯកឧត្តម វ៉ាង វិនធៀន បានធ្វើការជូនពរ និងលើកទឹកចិត្ត ដែលកម្ពុជាធ្វើប្រធានអាស៊ានប្តូរវេននៅឆ្នាំ ២០២២។ ខ្ញុំអរគុណសម្រាប់តួអង្គទាំងអស់ ដែលបានគាំទ្រកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយការលើកទឹកចិត្ត ក្នុងន័យស្ថាបនា ​ដែលនឹងធ្វើឲ្យកម្ពុជាអាចសម្រេចជោគជ័យ រួមជាមួយនឹងសហគមន៍អន្តរជាតិ ក៏ដូចជាដៃគូក្នុងអាស៊ាន ដើម្បីធានាជោគជ័យនៃការដោះស្រាយបញ្ហានានា។ ក៏ប៉ុន្តែធ្វើប្រធានអាស៊ានឆ្នាំ ២០២២ មិនសាមញ្ញទេ។ រឿងមួយមិនទាន់ចប់ រឿងមួយបានកើតឡើង។ រឿងមួយបានកើតឡើង រឿងមួយទៀតបានកើតឡើងបន្ត។ យើងកំពុងបន្តជម្រុញ COC រវាងអាស៊ាន-ចិនឲ្យចេញទៅមុខ (ក៏ស្រាប់តែ)កើតឡើងនូវបញ្ហាមីយ៉ាន់ម៉ា។ បញ្ហាមីយ៉ាន់ម៉ាមិនទាន់ចប់ ឥឡូវកើតឡើងបញ្ហារុស្ស៊ី និងអ៊ុយក្រែន ដែលបើទោះបីជាភូមិសាស្ត្រនៅឆ្ងាយពីគ្នា ក៏ប៉ុន្តែគេតម្រូវឲ្យយើងបញ្ចេញនូវឥរិយាបថរបស់យើងផងដែរ។

នៅក្នុងថ្ងៃនោះ ខ្ញុំអត់ដឹងថាគេផ្ទុះអាវុធនៅឯអ៊ុយក្រែនទេ។ ខ្ញុំកំពុងតែពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ខ្ញុំបានប្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីយ៉ាងច្បាស់ថា កម្ពុជាមិនលើកទឹកចិត្តឲ្យមានការបំបែករដ្ឋទេ ករណីដូចជាកូសូវូ កម្ពុជាអត់ទទួលស្គាល់ទេ។ ការលើកទឹកចិត្តណាមួយក្នុងការបំបែករដ្ឋ គឺកម្ពុជាអត់ចូលរួមទេ។ នា​យករដ្ឋមន្ត្រីម៉ាឡេស៊ី គាត់មានជំហរទស្សនៈរបស់គាត់ទាក់ទិនទៅនឹងអព្យាក្រឹត្យភាព។ ប៉ុន្តែសម្រាប់ខ្ញុំៗ បញ្ជាក់ ខ្ញុំនៅតែរក្សាទស្សនៈទាន គឺមិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ។ គោលជំហររបស់យើងតាំងពីដើមរហូតដល់ចប់ គឺមិនគាំទ្រការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងប្រើប្រាស់កម្លាំង ពីភាគីមួយប្រឆាំងនឹងភាគីមួយទៀត។

នេះជាគោលជំហរផ្លូវការរបស់យើង។ នេះជាការចង់បានរបស់យើង ដែលខ្ញុំធ្លាប់ថ្លែងនៅឯអង្គការសហប្រជាជាតិ ធ្លាប់ថ្លែងនូវចលនាមិនចូលបក្សសម្ព័ន្ធ ធ្លាប់ថ្លែងនៅវេទិកាត្បូងត្បូងថា យើងមិនលើកទឹកចិត្ត យើងជំទាស់នឹងការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងប្រើប្រាស់កម្លាំង ប្រឆាំងនឹងភាគីមួយទៀត។ ចំណុចនេះគេអាចយល់បានអំពីទស្សនៈវិស័យនៃកិច្ចការបរទេសរបស់កម្ពុជា។

ជម្លោះរុស្ស៊ីនិងអ៊ុយក្រែន កំពុងក្លាយទៅជាអឺរ៉ុបភាវូបនីយ៍កម្មសង្គ្រាម ជាមួយរុស្ស៊ី

ឥឡូវ ជម្លោះការវាយប្រហារពីរុស្ស៊ី ទៅកាន់អ៊ុយក្រែន វាកំពុងក្លាយទៅជាអឺរ៉ុបភាវូបនីយ៍កម្មសង្គ្រាមជាមួយរុស្ស៊ីទៅហើយ។ ដោយសារអី? ពីដើម វាជាការវាយប្រហារពីរុស្ស៊ី ទៅកាន់អ៊ុយក្រែនពិតប្រាកដ។ នេះជារូបភាពដែលយើងមើលឃើញទាំងអស់គ្នា។ ក៏ប៉ុន្តែឥឡូវនេះ បញ្ហាស្ថិតនៅត្រង់កន្លែងណា? ប្រទេសនានានៅក្នុងអឺរ៉ុបបាននាំគ្នាប្រគល់ទាំងមនុស្សឲ្យចូលទៅជួយច្បាំងនៅក្នុងអ៊ុយក្រែន ប្រគល់ទាំងអាវុធ ប្រគល់ទាំងយន្តហោះចម្បាំងតទៅទៀត។ មកតាមផ្លូវអម្បាញ់មិញមានតែប៉ូឡូញ និងប៉ុលហ្គារីទេ ដែលបដិសេធមិនឲ្យយន្តហោះ។ បើដូច្នោះសង្គ្រាមរវាងរុស្ស៊ី ជាមួយនឹងអ៊ុយក្រែន មិនមែនជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទៀតទេ ជាសង្គ្រាមរុស្ស៊ី ជាមួយអឺរ៉ុបហើយ តាមរយៈនៃការផ្តល់ជំនួយ(អាវុធ)យោធា រហូតទៅដល់ផ្តល់យន្តហោះ នេះជាការលើកទឹកចិត្តបន្ថែមនៃការធ្វើសង្គ្រាម។

ខ្ញុំយល់ថា មិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ។ ប៉ុន្មានថ្ងៃមុន ខ្ញុំធ្វើសម្ភាសន៍ ពេលដែលខ្ញុំធ្វើចត្តាឡីស័ក (ខ្ញុំថា)រុស្ស៊ីមិនអាចផ្តួលរំលំអ៊ុយក្រែនតាមកម្លាំងយោធាបាន ឯអ៊ុយក្រែនក៏មិនអាចនឹងកម្ទេចកម្លាំងយោធារបស់រុស្ស៊ីបានដែរ។ អត់បានទេ។ ពិតជាទៅមិនរួច។ យើងលើកឧទាហរណ៍អញ្ចេះ។ មិនចាំបាច់ថា ប្រ​ទេសក្រៅទេ យើងគិតថាតាកែវ បូកកំពត បូកកំពង់ស្ពឺ បូកកំពង់ឆ្នាំង វ៉ៃចូលទៅខេត្តកណ្តាល។ ឥឡូវខ្ញុំឲ្យបូកចឹងទៅចុះ។ អ្នកឯងវាយចូលបាន សួរថា អ្នកឯងសម្លាប់មនុស្សអស់ទេ។ គេបើកឲ្យចូលៗ ទៅតាមផ្លូវជាតិលេខ ២ ក៏បាន ចូលតាមផ្លូវជាតិលេខ ៣ ក៏បាន ចូលខេត្តកណ្តាល ឲ្យចូលមកតាំងពីផ្លូវជាតិលេខ ៥ មកទៀត ចូលខេត្តកណ្តាល ប៉ុន្តែអ្នកឯងចូលបានតែតាមផ្លូវជាតិ។ ចុះឆ្ងាយផ្លូវជាតិ ៥ គីឡូម៉ែត្រ នៅសល់កម្លាំងគេ។ ជាក្រឹត្យក្រមយោធា ពេលដែលទ័ពនៅទល់ដែន មុនពេលចេញដំណើរ កម្លាំងគឺនៅណែន នៅផ្គុំគ្នា ប៉ុន្តែនៅពេលដែលចាប់ផ្តើមចេញដំណើរទៅ កម្លាំងស្តួចដូចទាញខ្សែចឹង។ អញ្ចឹង ងាយណាស់ នឹងធ្វើឱ្យសង្គ្រាមឈ្លបអាចវាយប្រហារកាត់ជាកង់ៗតែម្តង។ ខ្ញុំកំពុងគិតថា អ៊ុយក្រែន កំពុងប្រើយុទ្ធវិធីនេះ គឺនៅពេលរុស្ស៊ីចូលកាន់តែជ្រៅ គឺកម្លាំងទ័ពរុស្ស៊ីកាន់តែស្តើង។ រុស្ស៊ីមិនអាចលើកទ័ពពីរុស្ស៊ីមកទាំងស្រុងបានទេ។ សង្គ្រាមនេះនឹងអូសបន្លាយ ប្រសិនបើរុស្ស៊ីសម្រេចចិត្តទុកកងទ័ពនៅក្នុងអ៊ុយក្រែន។ នឹងអូសបន្លាយទៅជាសង្គ្រាមឈ្លបមួយ ដែលនឹងសងខាងហូរឈាមរាល់ថ្ងៃ។

យើងមិនលើកទឹកចិត្តឱ្យធ្វើបែបនេះទេ។ រាប់ទាំងយើងមិនលើកទឹកចិត្តឱ្យមានការផ្តល់ជំនួយយោធាទៅកាន់ភាគីណាមួយទេ។ អញ្ចឹង បានជាយើងពិបាកយកជំហរឥរិយាបថដែរ។ បើសិនវាជាគ្រាន់តែជាបញ្ហា រវាងរុស្ស៊ី និងអ៊ុយក្រែន យើងងាយនឹងប្រកាន់ឥរិយាបថ។ ប៉ុន្តែឥឡូវវាមិនទៅអញ្ចឹងទេ។ អន្តរជាតិតូបនីយ៍កម្មសង្គ្រាម ឬអាចថា អឺរ៉ុបភាវូបនីយកម្មសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន តាមរយៈបើកច្រកឱ្យពលរដ្ឋរបស់ខ្លួនអាច ចូលទៅធ្វើទាហានអ៊ុយក្រែនបាន។ ម្ខាងទៀត គឺផ្តល់អាវុធ ផ្តល់ទាំងយន្តហោះចម្បាំងទៅទៀត។ ឥឡូវ លើកជាសំណួរថា តើអ៊ុយក្រែនមាន pilot គ្រប់គ្រាន់ ដើម្បីនឹងបើកបរយន្តហោះចម្បាំងនោះទេ? ច្បាស់ជាមិនមានគ្រប់ទេ បើមិនមានគ្រប់ ត្រូវប្រើ pilot ដែលគ្រប់គ្រងយន្តហោះ។ បើដូច្នោះ វាមិនមែនជាសង្គ្រាម រវាងអ៊ុយក្រែន និងរុស្ស៊ីទៀតទេ វាទៅជាសង្គ្រាមរបស់ប្រទេសដែលជួយផ្តល់(យុទ្ធោបករណ៍)។

រឿងនេះ ខ្ញុំគ្រាន់តែបញ្ចេញទស្សនៈផ្ទាល់(ខ្លួន) មិនមែនជាទស្សនៈរបស់អាស៊ានទេ។ អាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយដោយមានការប្រុងប្រយ័ត្នរួចហើយ អំពាវនាវឱ្យមានការចរចា មិនទាន់អស់ឱកាសចរចាទេ។ ខ្ញុំនៅតែមានការជឿជាក់លើការចរចា ដោយមានការធានាឱ្យគ្នា​។ សូម្បីតែម្សិលមិញដូចជាមានព័ត៌មានដែលបង ហោ ណាំហុង ផ្តល់មកឱ្យខ្ញុំ គឺប្រធានាធិបតី ពូទីន ជួបជាមួយប្រធានាធិបតីបារាំង ដោយយោង ទៅលើលក្ខខណ្ឌបីយ៉ាងសម្រាប់រុស្ស៊ី។ អញ្ចឹង ការសន្ទនាគ្នា រវាងរុស្ស៊ី និងអ៊ុយក្រែន យោងតាមព័ត៌មានថ្ងៃនេះ ដូចជាការចរចាជុំទី ២។ អញ្ចឹង អ្នកទាំងពីរនៅតែបន្តចរចាគ្នាបាន។

យើងលើកទឹកចិត្តឱ្យមានការសន្ទនា មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ ហើយសូមកុំភាន់ច្រឡំថា ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីរត់ចោលស្រុក។ បើទោះបីជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរត់ចោលស្រុក ក៏ប្រជាជនអ៊ុយក្រែននឹងមិនសុខចិត្តនោះទេ សង្គ្រាមឈ្លបវាយប្រហារនៅតែកើតមាននៅលើទឹកដីអ៊ុយក្រែន ក្លាយទៅជាសង្គ្រាមវិលវល់រកទីបញ្ចប់គ្មាន។ ដូច្នេះ មានតែការសន្ទនាស្វែងរកដំណោះស្រាយមួយ ដែលធានាផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ខ្ញុំសូមបញ្ជាក់ថា នេះមិនមែនជាគោលជំហររបស់អាស៊ានទេ ខ្ញុំនិយាយក្នុងនាមទស្សនៈផ្ទាល់របស់ខ្ញុំ ដែលក្នុងនោះកម្ពុជាធ្លាប់បានទទួលមេរៀនគ្រប់គ្រាន់ហើយអំពីសង្គ្រាម។ យើងបានឆ្លងកាត់នូវការលំបាកច្រើនណាស់ មានតែការចរចាមួយគត់ ដែលអាចដោះស្រាយបានបញ្ហានេះ។ ខ្ញុំគិតថា ទាំងចិនក៏ពិបាកយកគោលជំហរ ទាំងកម្ពុជាក៏ពិបាកយកគោលជំហរ ទាំងអាស៊ានក៏ពិបាកយកគោលជំហរ បើយើងនិយាយអំពី … ការប្រុងប្រយ័ត្ន និងលើកទឹកចិត្តឱ្យមានការសន្ទនា។

ខ្ញុំសូមគូសបញ្ជាក់ អំពីចំណុចពិសេស ដែលខ្ញុំបានបញ្ជាក់ពីខាងដើមរួចមកហើយថា កម្ពុជានៅក្នុងសណ្តាប់ធ្នាប់អន្តរជាតិថ្មី យើងជំទាស់នឹងការប្រើប្រាស់កម្លាំង និងការគម្រាមប្រើប្រាស់កម្លាំងប្រឆាំងទៅនឹងភាគីមួយទៀត នេះជាគោលជំហររបស់យើង។ យើងលើកទឹកចិត្តឱ្យមានការសន្ទនា សម្រាប់ដោះស្រាយបញ្ហា។ សង្ឃឹមថា មិត្តភក្តិទាំងសងខាងនឹងយោគយល់ដល់គោលជំហររបស់កម្ពុជា ដែលត្រូវប្រកាន់យកនៅតាមវេទិកាអន្តរជាតិនានា ដែលសូមយោគយល់អំពីគោលជំហររបស់យើង ហើយក៏មិនគួរចាប់បង្ខំយើងឱ្យទៅនៅភាគីនេះ/នោះ។ នេះជាចំណុចខ្ញុំចង់និយាយខ្លីទេ ព្រោះប៉ុន្មានថ្ងៃខាងមុខនឹងមានលេចឡើងបញ្ហាតទៅទៀត។ ក្រុមប្រឹក្សាសន្តិសុខបានទៅរួចហើយ ឥឡូវ កំពុងតែមហាសន្និបាតអង្គការសហប្រជាជាតិ អាចបោះឆ្នោតថ្ងៃហ្នឹង ឬក៏បោះឆ្នោតរួចហើយក៏មិនដឹងទេ។

សេដ្ឋកិច្ចពិភពលោកញ៉ាំញីដោយកូវីដ-១៩ ទទួលបន្ទុកបន្ថែមពីសង្គ្រាមរុស្ស៊ី/អ៊ុយក្រែន

អ្វីដែលយើងបាននឹងកំពុងមើលឃើញ ប៉ះពាល់ទៅដល់ពិភពលោកសព្វថ្ងៃ គឺប្រេងឡើងថ្លៃ ព្រោះរុស្ស៊ីក៏ជាប្រ​ទេសផលិតប្រេងមួយដ៏ធំនៅលើពិភពលោក។ ឥឡូវ ប្រេងចាប់ឡើងថ្លៃ។ នេះជាផលប៉ះពាល់ដែលចេញមកពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលចាប់ផ្តើមដំបូងអាចនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ដែលកំពុងញ៉ាំញីដោយកូវីដ-១៩ ក្លាយទៅជាការដាក់បន្ទុកបន្ថែមចេញពីសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែននេះតែម្តង។ សេដ្ឋកិច្ចរបស់កម្ពុជារងផលប៉ះពាល់ពី Omicron ដែលថ្ងៃនេះ យើងមានអ្នកឆ្លងជាង ៣០០ នាក់ តែចំនួនអ្នកស្លាប់មិនទាន់ដឹងនៅឡើយ។ បើសិនជាមានក៏មិនលើសពី ៣ នាក់ដែរ ឬក៏មិនដែលលើសពី ៥ នាក់ទេ។ ប៉ុន្តែ យើងមិនចង់ឱ្យមានការស្លាប់ណាមួយនោះទេ។ យើងមើលឃើញអ្នកដែលសម្រាកនៅពេទ្យ ក៏មានអ្នកនៅក្នុង ICU ចំនួនរាប់សិបនាក់ដែរ។

សេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់ចេញមកពីកូវីដ-១៩ ក៏ប៉ុន្តែអាចនឹងរងផលប៉ះពាល់បន្ថែមទៀតដោយ​សារ​តែសង្គ្រាម(រវាង)រុស្ស៊ី និងអ៊ុយក្រែន ហើយកំពុងតែពង្រីកទៅជាសង្គ្រាម រវាងអឺរ៉ុបជាមួយនឹងរុស្ស៊ីទៅវិញ តាមរយៈការផ្តល់ជំនួយអាវុធ/យន្តហោះ ជំនួយស្អីៗហ្នឹង។ ហ្នឹងវាទៅជារឿងមួយទៀត ដែលយើងពិបាកនឹងប្រកាន់យកឥរិយាបថ ប៉ុន្តែ យើងបានមើលឃើញផលប៉ះពាល់ទៅលើពិភពលោក និយាយជារួម និងនិយាយដោយឡែក ចំពោះកម្ពុជា គឺប្រេងឡើងថ្លៃ ហើយនឹងអាចរុញអតិផរណានៅតាមបណ្តាប្រទេស(មួយចំនួន)ឱ្យកើនខ្ពស់ដោយសារតម្លៃប្រេង។

ពេលដែលខ្ញុំបង្ហោះសារ ដែល Fresh News ធ្វើបទសម្ភាសន៍ជាមួយខ្ញុំតាមហ្វេសប៊ុករបស់ខ្ញុំ មានអ្នកចូលខម្មិនថា សម្តេច! មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាម ចុះសង្គ្រាមលោកលើកទី ២ អាមេរិកទម្លាក់(គ្រាប់បែកប៉ារាមាណូ) ២ គ្រាប់ នៅជប៉ុន គឺធ្វើឱ្យសង្គ្រាមចប់។ បានខ្ញុំឆ្លើយតបថា បើធ្វើដូចនេះមែន គឺប្រទេសអឺរ៉ុបភាគច្រើន រាប់ទាំងអាមេរិក និងរុស្ស៊ី សុទ្ធតែត្រូវគ្រាប់ប៉ារាមាណូទាំងអស់ ហើយក៏មិនអាចបញ្ចប់សង្គ្រាមបានដែរ។ មិនអាចដូចសង្គ្រាមលោកលើកទី ២ ជប៉ុនដាក់អាវុធនោះទេ។ លើកនេះបើនុយក្លេអ៊ែរផ្ទុះហើយ គឺទៅហើយ។ អត់មានអ្នកណាមួយព្រមចាញ់ទេ។ កាលពីមុនមានតែអាមេរិកទេ ដែលមាននុយក្លេអ៊ែរ។ ឥឡូវ មិនមែនមានតែអាមេរិកឯណា មាននុយក្លេអ៊ែរច្រើនប្រទេសណាស់។

មានម្នាក់ចូលមកខម្មិនឆ្កុយថា “សម្តេច! សូមលើកទ័ពវាយយកកម្ពុជាក្រោម”។ (ខ្ញុំ)ឆ្លើយតបទៅវិញថា “ទៅវាយខ្លួនឯងទៅ”។ ប៊ិះថែមមួយបន្ទាត់ទៀតថា ទៅវាយខ្លួនឯងទៅ ខ្ញុំជួយធ្វើក្តាមឈូស និងកប់ខ្មោចឱ្យ។ កម្ពុជាក្រោមបាត់តាំងពីខ្ញុំមិនទាន់កើត ឪពុកខ្ញុំមិនទាន់កើត រឿងអីមកឲ្យខ្ញុំទៅយក? អ្នកណាពូកែសូមអញ្ជើញទៅ ហើយខ្ញុំជួយក្នុងការធ្វើក្ដារមឈូស និងជួយកប់ឲ្យផង។ រឿងហ្នឹងខ្ញុំបាននិយាយតាំងពីឆ្នាំ ១៩៩៥-១៩៩៦ នោះ។ នៅពេលនោះមានការព្យាយាមចង់ធ្វើ ហើយខ្ញុំប្រកាសត្រង់ភ្លឹងតែម្ដង។ រឿងអតីតកាលវាបានកន្លងផុតមិនដឹងផុតទៅណានោះ ពិភពលោកគេគូសផែនទី សូម្បីតែនៅលើយន្តហោះដែលគេដាក់ផែនទីឲ្យយើងមើលថាហោះដល់កន្លែងណាអីកន្លែងណា ព្រំដែនយើងនៅតែប៉ុនរាល់ថ្ងៃហ្នឹងទេតើ។ មានទៅនៅវៀតណាម មានទៅនៅឯថៃប៉ុន្មានខេត្តនៅថៃ នៅវៀតណាមនេះទៀត មានទៅផុតពីផែនទីហ្នឹងឯណា?

មានស្អីទេមួយទៀត សួរមកខ្ញុំ។ ខ្ញុំបង្ហោះ គេចូលមកសួរ ហើយមានមួយនោះ យើងដឹងថាអ្នកមួយហ្នឹងប្រឆាំងហើយ ថាខ្ញុំហ៊ានភ្នាល់ជាមួយ ហ៊ុន សែន ថាសង្គ្រាមនេះ អ៊ុយក្រែន ឈ្នះ។ ភាសាហ្នឹងគឺភាសា(ពួកហ្នឹង)។ ខ្ញុំ​ក៏ចាក់បណ្ដោយ ខ្ញុំថា ខ្ញុំក៏យល់អញ្ចឹងដែរ ព្រោះអ្នកទៅពីចំងាយលើកកងទ័ពទៅនោះ មិនអាចយកឈ្នះអ្នកនៅក្នុងទេ។ ខ្ញុំជឿថា មិនអាចទេ។ កម្ពុជាខ្លួនឯងធ្លាប់ជួបប្រទះហើយតើ។ បារាំងចូលមកក៏ធ្វើអីមិនកើត។ ជប៉ុនចូលមកក៏ធ្វើអីមិនកើត។ អាមេរិកចូលមកក៏ធ្វើអីមិនកើត។ វៀតណាមចូលមក ទោះបីក្រោមហេតុផលជួយក៏ដោយ ក៏ប៉ុន្តែវៀតណាមត្រូវតែដកចេញត្រឡប់ទៅវិញ។ គឺមានតែម្ចាស់ប្រទេសតែប៉ុណ្ណោះ ដែលជាអ្នកឈរជើងនៅក្នុងប្រទេសរបស់គេ។ អញ្ចឹងចូលមកថា សង្គ្រាមនេះ អ៊ុយក្រែន ឈ្នះ ខ្ញុំក៏ថា ត្រូវហើយ។ ខ្ញុំក៏យល់អញ្ចឹង ព្រោះម្ចាស់ផ្ទះ គេទៅណា? អ៊ុយក្រែន មិនអាចលុបចេញពីផែនទីពិភពលោកបានទេ។ និយាយគ្នាឲ្យច្បាស់។ ចូលមកញោះ ចង់មកបបួលភ្នាល់ជាមួយជើងចាស់ឬ? មិនមែនជើងចាស់ទេ ជើងយូរសុទ្ធ។

សន្តិភាពជាចំណុចពិសេសនិងអាទិភាពខ្ពស់បំផុតនៃនយោបាយរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន

មកដល់ពេលនេះ ធ្វើរដ្ឋមន្រ្តីការបរទេស ៤៣ ឆ្នាំជាងហើយ ល្មមគ្រប់គ្រាន់នឹងយល់ដឹង និងវិភាគសភាពការណ៍ ហើយក៏មិនមែនឆ្លងកាត់តែដំណាក់កាលសន្តិភាពទេ។ តាំងពីដំណាក់កាលសង្គ្រាម ប៉ុន្តែនាំមកនូវសន្តិភាពសម្រាប់ប្រទេសមួយនេះ។ កាលពីមុន ខេត្តតាកែវរបស់យើង មិនបាច់ចាំទៅណា គិរីចុងកោះ នៅគិរីវង្សហ្នឹង ខ្ញុំទៅដេកនៅហ្នុង។ ពួកហ្នុងដាក់ទ័ពយាមមិនចេះតិច ព្រោះនៅភ្នំដំរីរមាលស្អីណាក្បែរៗហ្នឹង ចេញមកឆាឆៅពេញតែហ្នឹង។ តាកែវមានតាកែនកោះស្លា កំពតមានភ្នំម្រោម មានភ្នំវល្លិ៍ នោះហើយជាដំណាក់កាលសង្រ្គាមវាអញ្ចឹង។ វាពិបាក។ ទេសចរបរទេសធ្វើដំណើរលើហ្នឹង មានជនជាតិបារាំងម្នាក់ អង់គ្លេសម្នាក់ អូស្រ្តាលីម្នាក់ ត្រូវពួកខ្មែរក្រហមយកទៅសម្លាប់នៅភ្នំវល្លិ៍នោះ។ ឥឡូវនេះ បងប្អូនធ្វើដំណើរទាំងយប់ទាំងថ្ងៃប្រកបដោយសុវត្ថិភាព។ ដោយសារអី? ដោយសារប្រទេសយើងមានសន្តិភាព។ មិនត្រឹមតែមានសន្តិភាព មានផ្លូវបើកបរ ដែលធ្វើឲ្យបងប្អូនអាចជួនកាលបើកទៅងងុយដេក ឈប់មួយសន្ទុះដេកក្នុងឡានសិន រាងស្វាងហើយបើកទៅទៀត។ បើធ្វើអញ្ចឹងល្អ កុំបំពាន ងងុយហើយចេះតែជាន់ទៅមុខ។ អញ្ចឹង សន្តិភាពជាចំណុចពិសេសនិងអាទិភាពខ្ពស់បំផុតនៃនយោបាយរបស់​រាជរដ្ឋាភិបាលបច្ចុប្បន្ន។ បើធានាសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍ។ បើធានាសន្តិភាពមិនបានទេ អ្នកឯងកុំនិយាយអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ដំបូងបំផុត អ្នកឯងត្រូវតែធានាសន្តិភាព ដើម្បីធានាថាសិទ្ធិរស់រានមានជីវិតចៀសផុតពីការស្លាប់ដោយ​សារអាវុធ ចៀសផុតពីការភ័យខ្លាចដោយសារគ្រាប់កាំភ្លើង និងគ្រាប់បែក។

ខ្ញុំនៅតែបញ្ជាក់សាជាថ្មីថា ខ្ញុំមិនអាចរកសន្តិភាពខាងផ្លូវចិត្តជូនអស់លោកអ្នកបានទេ។ ឥឡូវនេះ គេអត់និ​យាយអីទេ គេប្រឹងឲ្យខ្ញុំរកសន្តិភាពផ្លូវចិត្តឲ្យគេ។ ​ខ្ញុំធ្លាប់បញ្ជាក់ហើយ សូម្បីតែ (ខៀវ) កាញារីទ្ធ ក៏អត់មានសន្តិភាពផ្លូវចិត្តដែរ … ព្រោះគេថា បើអត់មានសន្តិភាពផ្លូវចិត្តទេ គឺមិនអាចហៅថា សន្តិភាពទេ។ អញ្ចឹងសូមអ្នកឯងនៅរកនៅឋានព្រះឥន្ទទៅ។ នៅឋានព្រះឥន្ទ ក៏មិនប្រាកដថា មានសន្តិភាពផ្លូវចិត្តទេ ដោយសារអី? រវាងឋាននរក ឋានមនុស្ស និងឋានសួគ៌ ខ្ញុំសុខចិត្តនៅឋានមនុស្សហើយ។ ឋានសួគ៌បើទោះបីត្រូវឲ្យខ្ញុំឡើង ក៏សុំនៅឋានមនុស្ស ព្រោះទៅនៅឋានសួគ៌នៅធ្វើអី បើនៅឋានសួគ៌គង់តែមានទេវតាយាមទ្វារខាងកើត ទេវតាយាមទ្វារខាងលិច នៅតែមានទាហានដដែលហ្នឹង យើងទៅធ្វើអី? ឋាននរកច្បាស់ជាមិនទៅហើយ។ តែប្រៀបធៀបឋានមនុស្ស និងឋានសួគ៌ តើគួរទៅណា? ខ្ញុំសុខចិត្តនៅឋានមនុស្ស ព្រោះមានគុយទាវស៊ី … ឥឡូវយើងមើល ទិព្វសូដាចន្ទ ដែលជាកូនទេវតាចុះមកមានប្ដីជាមនុស្សលោក ក៏គ្មានសន្តិភាពផ្លូវចិត្តឯណា មកនៅជាមួយប្ដីវាទើសចិត្តឪពុក។ ​ដល់ឡើងទៅឪពុក ត្រូវចោលកូននិងប្ដីនៅនេះ​។ អញ្ចឹងអ្នកដែលសុំឲ្យខ្ញុំធានាផ្លូវចិត្តឲ្យគេ សូមទៅរកខ្លួនឯងទៅ អាត្មាមិនទៅរកបានទេ …។

ខ្ញុំធានាបានតែម្យ៉ាងទេ សន្តិភាពដោយគ្មានជម្លោះប្រដាប់អាវុធលើដែនដីដែលកម្សត់របស់ខ្លួន​។ ​ពីកងទ័ព ៤ ភាគី មកនៅជាកងទ័ព ១ ភាគី ពីទឹកដីដែលធ្លាប់តែមានការបែងចែក គ្រប់គ្រងជាតំបន់ ទៅជាទឹកដីតែមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ ខ្ញុំធ្វើបានតែប៉ុណ្ណឹងទេ។ ត្រង់ថា អស់លោកមានប្រពន្ធទីមួយ ប្រពន្ធទីពីរ ប្រពន្ធទីបី ប្រពន្ធទីបួន ប្រពន្ធទីប្រាំ ដណ្ដើមចែកគ្នា ហើយលោកចេញពីទីមួយទៅរកទីពីរ ឬទីបី អាហ្នឹងស្រេចលើអស់លោកចុះ។ ហ្នឹងគឺអស់​លោកទទួលខុសត្រូវខ្លួនឯងទេ ខ្ញុំអត់ទទួលបានទេអាហ្នឹង។ បើកាលណាយើងកុំធ្វើឲ្យមានពិរុទ្ធភាព ផ្លូវចិត្តរបស់យើងក៏អត់មានអីពិបាកដែរ។

ខ្ញុំនិយាយច្រើនពេកហើយ ក៏ប៉ុន្តែខ្ញុំបានបញ្ជាក់ថ្ងៃនេះ អ្វីដែលខ្ញុំតឹងទ្រូង ខ្ញុំត្រូវនិយាយចេញ។ គោលជំហរផ្លូវការរបស់យើង សម្រាប់ក្របខណ្ឌអាស៊ាន ឬសម្រាប់គណៈប្រតិភូរបស់យើង នៅតាមទីកន្លែងដែលត្រូវធ្វើការបោះឆ្នោត យើងនឹងមើលទៅតាមការវិវត្តនៃសភាពការណ៍ ហើយយើងនឹងប្រកាន់ឥរិយាបថ យើងមិនដាក់ការប្រដៅចំពោះប្រទេសណាទាំងអស់។ យើងគ្រាន់តែបញ្ជាក់នូវគោលជំហររបស់យើងថា យើងមិនគាំទ្រការប្រើប្រាស់កម្លាំងឬ​គំរាមកំហែងប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសណាមួយទេ។ លើកទឹកចិត្តឲ្យមានការចរចា។ យើងកំពុងមើល​ឃើញថាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងតែធ្វើអន្ដរជាតិតូបនីយកម្មតាមរយៈការផ្គត់ផ្គង់អាវុធពីប្រទេសមួយចំនួន ការផ្ដល់មនុស្សទៅធ្វើទាហាននៅអ៊ុយក្រែន តាមរយៈការផ្ដល់យន្ដហោះ​ឲ្យចូលទៅទីនោះ។

បើផ្ដល់ជំនួយជាស្បៀងអាហារ ថ្នាំពេទ្យ គឺ វាមិនមែនជាការលើកទឹកចិត្តឲ្យធ្វើសង្គ្រាមទេ។ នេះនៅពេល​បញ្ជូន(អាវុធយុទ្ធភ័ណ្ឌ)ទៅ​សង្គ្រាមនឹងកាន់តែផ្ទុះធំជាងមុន ដោយសារតែពីមុនអ៊ុយក្រែនខ្វះអាវុធ ឥឡូវសំបូរ​អាវុធ ដូច្នេះសង្គ្រាមផ្ទុះខ្លាំងជាងមុន។ តម្រូវឲ្យរុស្ស៊ីត្រូវប្រើកម្លាំងខ្លាំងជាង។ អញ្ចឹងសង្គ្រាមនេះឡើង(ខ្លាំងទៅ)ពីមួយថ្ងៃទៅមួយថ្ងៃ ពីកម្រិតមួយទៅកម្រិតមួយ រហូតដល់ឲ្យមានការត្រៀមប្រុងជើងការ​ទៅលើការប្រើនុយក្លេអ៊ែរ​ពីសំណាក់ប្រធានាធិបតី ពូទីន ដែលជាកង្វល់ធំ​បន្ទាប់ពីសង្គ្រាមលោកលើកទី ២។ រឿងនេះធ្លាប់កើតឡើង​នៅឆ្នាំ ១៩៦២ ជំនាន់សូវៀតយកប៉ារាម៉ាណូដាក់នៅគុយបា ពេលនោះមានការនិយាយភាសានុយក្លេអ៊ែរ​ ក៏ប៉ុន្ដែឥឡូវយើងបានលឺសាជាថ្មីម្ដងទៀត។

ក្នុងឋានៈ(ខ្ញុំ)ជាមេដឹកនាំប្រទេស ក៏ត្រូវហ៊ានធ្វើការវិភាគជូនពលរដ្ឋរបស់យើងដើម្បីជ្រាប។ ​សូមប្រជាពលរដ្ឋរបស់យើងមានការយោគយល់ ការឡើងថ្លៃប្រេង​ មិនមែនឡើងតែប្រទេសកម្ពុជារបស់យើងទេ​ ឡើង​គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ យើងមិនមែនជាប្រទេសផលិតប្រេងទេ សូម្បីប្រទេសផលិតប្រេង​ក៏ប្រេងឡើងថ្លៃដែរ។ ថ្ងៃនេះខ្ញុំបាននាំមកសម្រាប់សាលាស្រុកបាទីខេត្តតាកែវ ២ លានរៀល។ សាលាស្រុកគងពិសី ចំនួន ២ លានរៀល ក្រុមគ្រូពេទ្យប្រចាំអង្គពិធី ៣ លានរៀល។ ក្រុមតន្ដ្រីសម័យ ចំនួន ៥ លានរៀល​។

ការជួបជុំថ្ងៃនេះ យើងធ្វើនៅក្នុងគម្លាតមួយ ដែលកាលពីដើមយើងធ្វើ(ពិធី)ប៉ុណ្ណឹងយើងដាក់(មនុស្ស)ប្រហែល ៣ ទៅ ៤ ពាន់ នាក់។ ប៉ុន្ដែថ្ងៃនេះមកពីកំពង់ស្ពឺ ឃើញ សំណាង វ៉ៃមកឲ្យយើងដាក់ប្រហែល ៤០០ នាក់ សរុប ៨០០ នាក់ (តាកែវ ៤០០ នាក់) ប៉ុន្ដែសម័យមុនកូវីដ-១៩ អាចដាក់ ដល់ ៣ ទៅ ៥ ពាន់(នាក់)។ ប៉ុន្ដែកូវីដ-១៩បាន​បំផ្លាញចោលនូវអ្វីដែលដូនតាទុកឲ្យរាប់រយ រាប់ពាន់ឆ្នាំ ដែលធ្លាប់តែកៀកកគ្នា ឥឡូវកៀកកគ្នាអត់បាន កៀកកបានកៀកកប្រពន្ធ ប៉ុន្ដែពេលខ្លះក៏តម្រូវឲ្យឃ្លាតឆ្ងាយពីគ្នាបន្ដិច បើប្រពន្ធខ្ញុំទៅហើយកុំឲ្យខ្ញុំទៅ បើខ្ញុំទៅហើយកុំឲ្យប្រពន្ធខ្ញុំទៅ ត្រូវឃ្លាតឆ្ងាយពីគ្នាបន្ដិច ត្រូវទុកមួយគ្រាន់មើល។ សូមឯកឧត្តម វ៉ាង វិនធៀន ពាំនាំនូវការថ្លែងអំណរគុណរបស់ខ្ញុំសាជាថ្មីម្ដងទៀត ជូនឯកឧត្តមប្រធានាធិបតី ​ស៊ី ជិនពីង (Xi Jinping) និងឯកឧត្តម លី ខឺឈាំង (Li Keqiang) ដែលគាត់ជាអ្នកមកចូលរួមចុះហត្ថលេខាសម្រាប់គម្រោងផ្លូវថ្នល់នេះ នៅខែមករា ឆ្នាំ ២០១៨។

មិនគាំទ្រ ឬទទួលស្គាល់រដ្ឋផ្ដាច់ខ្លួនដោយការប្រើកម្លាំងបង្ខិតបង្ខំ

អ្វីដែលជាគោលជំហររបស់ខ្ញុំអម្បាញ់មិញនេះ ជាគោលជំហរដាច់ដោយឡែករបស់កម្ពុជា មិនពាក់ព័ន្ធជាមួយនឹងចិនទេ ប៉ុន្ដែក៏មានន័យថាអ្វីដែលខ្ញុំនិយាយជានាយករដ្ឋមន្ដ្រីម៉ាឡេស៊ីថា ខ្ញុំមិនលើកទឹកចិត្តឲ្យ​មានការផ្ដាច់ខ្លួន ក៏មានន័យជូន(ការ)គាំទ្រទៅចិនដែរ។ កុំឲ្យមានការផ្ដាច់ខ្លួនពីសំណាក់ ហុងកុង តៃវ៉ាន់ ទីបេ ស៊ីជាំង គឺមានន័យដូចគ្នា។ អញ្ចឹងបានកម្ពុជាមិនទទួលស្គាល់កូសូវ៉ូ (Kosovo) ទេ ដែលជាការប្រើកម្លាំងបង្ខិតបង្ខំដើម្បីផ្ដាច់ចេញពីស៊ែប (Serbia) នេះជាគោលជំហរផ្លូវការរបស់ខ្ញុំ ព្រោះយើងត្រូវគិត។ ឧទាហរណ៍៖ ស្រាប់តែមានប្រ​ទេសណាមួយមកកាត់យកខេត្តកណ្ដាល តាកែវ ចេញពីទឹកដីម្ពុជា។ តើយើង(កម្ពុជា)ព្រមទេ? ហើយនេះមិនមែនជាសារអ្វីទេ ប៉ុន្ដែជំហររបស់យើង(កម្ពុជា)គឺ​យ៉ាងដូច្នេះ។

ហើយចុងបញ្ចប់ ខ្ញុំសូមជូនពរមិត្តភាពកម្ពុជាចិនបន្ដការរីកចំរើនក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ក្នុងក្របខណ្ឌជាមិត្តដែកថែប និងវាសនារួម កម្ពុជាចិន។ សូមជូនពរសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់សូមប្រកបដោយជោគជ័យ និងសូមប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិប្រវែង ១៣៤,៨០៦ គម ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅទីក្រុងកំពត ចាប់ពីពេលនេះតទៅ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...