សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការភូមិកុមារ SOS ខេត្តព្រៃវែង

លោកបណ្ឌិត Dereje Wordofa ប្រធានភូមិកុមារ SOS អន្តរជាតិ និងគណៈប្រតិភូ!
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិជាទីស្រឡាញ់!

សម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS នៅខេត្តព្រៃវែង ដែលជាភូមិទី ៧

ថ្ងៃនេះ យើងសប្បាយរីករាយ ក្នុងភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងភូមិកុមារ SOS។ យើងសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS នៅខេត្តព្រៃវែង ដែលជាភូមិទី ៧ បន្ទាប់ពីការចាប់ផ្តើម​របស់យើងនៅចុងទសវត្សរ៍ ១៩៩០ ដែលចាប់ផ្តើមសម្ពោធដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅទីក្រុងភ្នំពេញ នាឆ្នាំ ២០០២។ អម្បាញ់មិញ ឯកឧត្តម វង សូត បានធ្វើរបាយការណ៍ពាក់ព័ន្ធ ហើយលោកបណ្ឌិតប្រធានអង្គការក៏បាននិយាយពាក់ព័ន្ធជាមួយនឹងបញ្ហាការធ្វើនៅទីនេះ ក៏ដូចជាធ្វើនៅទីកន្លែងដទៃទៀត។ ខ្ញុំមិនអាចបំ​ភ្លេចបាននូវការខិតខំរបស់យើងក្នុងភាពជាដៃគូ ដែលយើងបានធ្វើរួមគ្នា ដែលចាប់ផ្តើមពីភូមិកុមារ SOS នៅទីក្រុងភ្នំពេញ ឆ្នាំ ២០០២ ដាក់ឱ្យប្រើប្រាស់ដោយខ្ញុំនិងលោកប្រធាន Helmut Kutin ដែលបានចូលនិវត្តទៅហើយនោះ។ ហើយតាមសួរ គាត់កំពុងទស្សនកិច្ចនៅប្រទេសវៀតណាម។

ឆ្នាំ ២០០៣ យើងសម្ពោធដាក់ឱ្យប្រើប្រាស់នៅឯខេត្តសៀមរាប ដែលពេលនោះក៏មាន លោក Helmut Kutin ចូលរួមផងដែរ។ ឆ្នាំ ២០០៦ យើងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខេត្តបាត់ដំបង ដែលមានលោក Helmut Kutin អតីតប្រធានចូលរួម។ បន្ទាប់ទៅ យើងក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅខេត្តរតនគិរី ដែលមានលោក Helmut Kutin ធ្វើនៅទីនោះ។ បន្ទាប់ទៅទៀតភូមិទី ៥ គឺនៅក្រចេះ មានលោក Siddhartha Kaul​ ដែលជាប្រធាននៅពេលនោះ។ បន្ទាប់ទៅទៀតនៅខេត្តកំពត ក្នុងឆ្នាំ ២០១៦ គឺមានលោក Siddhartha Kaul ផងដែរ។ ថ្ងៃនេះ លោកប្រធានថ្មីក៏បានបន្តអនុវត្តតាមគម្រោងចាស់ ដែលមានពីមុនមក ដែលគម្រោងចាស់នោះ មានតាំងពីការចាប់ផ្តើមនៃការរៀបចំតាមដំណាក់ៗ ដែលយើងធ្វើតាំងពីទីក្រុងភ្នំពេញ ទៅសៀមរាប ទៅបាត់ដំបង និងកន្លែងដទៃទៀត។ ខ្ញុំនៅចាំច្បាស់ថា ខេត្តព្រៃវៃង គឺជាខេត្តគោលដៅមួយ …។

អរគុណសម្តេចក្រឡាហោម ស ខេង ដែលបានផ្តល់ដីសាងសង់ភូមិកុមារ SOS នៅខេត្តព្រៃវែង

ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការអរគុណ ចំពោះសម្តេចក្រឡាហោម ស ខេង ដែលបានផ្តល់ដី សម្រាប់ការសាងសង់នៅទីនេះ ដែលធ្វើឱ្យភូមិកុមាររបស់យើងនៅទីនេះស្ថិតនៅក្នុងទីក្រុងព្រៃវែងតែម្តង ដែលជាចំណែកមួយជួយដល់កុមារយើងឲ្យស្ថិតនៅក្នុងសហគមន៍ ជាមួយនឹងការថែទាំដ៏ល្អរបស់លោក/អ្នកគ្រូ របស់អ្នកម្ដាយទាំងឡាយ ដែលមាននៅទីនេះ។ ខ្ញុំពិតជាអរគុណជាមួយនឹងការយកចិត្តទុកដាក់បន្តរបស់លោកប្រធាន ដែលថ្ងៃនេះយើងសម្ពោធជាមួយគ្នា ហើយល្ងាចនេះយើងនឹងបន្តការពិភាក្សាជាមួយគ្នាទៀត។ មុននោះ គ្រោងថាពិភាក្សា ជាមួយគ្នា នៅថ្ងៃទី ១៤ ប៉ុន្តែដោយសារតែប៉ុន្មានថ្ងៃមុននេះ (កម្មវិធីការងាររវល់ពេក)។ ម្សិលមិញ​នេះ ខ្ញុំនៅឯខេត្តព្រះសីហនុឯណោះទេ។ កម្មវិធី(ការងារ)ក្នុងអាទិត្យនេះពិតជារវល់ខ្លាំងណាស់។ ថ្ងៃអាទិត្យ គឺចំថ្ងៃដែលនាយករដ្ឋមន្ត្រីជប៉ុនមកទស្សនកិច្ចនៅកម្ពុជាទៀតផង។ យ៉ាងណាក៏ដោយ កម្មវិធីសម្ពោធនេះមិនត្រូវបានលើកពេលនោះទេ។ ជំនួបរបស់យើង ទោះបីលើកពេលពីថ្ងៃទី ១៤ ក៏ដោយ ក៏ប៉ុន្តែល្ងាចនេះយើងនឹងទៅជួបពិភាក្សាគ្នានៅវិមានសន្តិភាព ដោយយើងនឹងបន្ត(ពិភាក្សាគ្នា) ហើយហាក់ដូចជាមានគម្រោងទៅខេត្តត្បូងឃ្មុំមួយទៀត។ យើ​ងនឹងពិភាក្សាអំពីការបន្តដំណើរការនេះ។

កម្ពុជាបានធ្វើកិច្ចការជាច្រើន ដើម្បីកុមារ ដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

កិច្ចការដែលកម្ពុជាបានធ្វើដើម្បីកុមារមានច្រើនណាស់។ នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ ដែល មានកុមាររងគ្រោះដូចជាកម្ពុជានោះទេ។ កម្ពុជាមានកុមាររងគ្រោះច្រើនជាងគេ ដោយសារតែរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបន្សល់ទុក។ កុមារដែលត្រូវបានពួក ប៉ុល ពត សម្លាប់ឪពុកម្តាយ បន្សល់ទុកឱ្យយើងចិញ្ចឹមកុមារទាំងអស់នោះ។ ខ្ញុំនៅចាំបានថា ដោយមានការចូលរួមតាំងពីឆ្នាំ ១៩៧៩ ក្នុងការគ្រប់គ្រងប្រទេសជាមួយថ្នាក់ដឹកនាំដទៃទៀត អ្វីដែលជាអាទិភាពរបស់យើងនៅពេលនោះ គ្រប់ខេត្តទាំងអស់មិនមែនអគារធ្វើការរបស់ចៅហ្វាយខេត្ត ឬមន្ទីរជុំវិញខេត្តនោះទេ ក៏ប៉ុន្តែ បែរជាទីកន្លែងការចិញ្ចឹមកុមារកំព្រាទៅវិញទេ។ នេះជារឿងដែលបានកើតឡើងនៅលើទឹកដីកម្ពុជាដ៏កម្សត់របស់យើង។

ក៏ប៉ុន្តែ យើងក៏មានមោទនភាព ដោយសារតែយើងមិនបានទុកឱ្យកុមារណាម្នាក់ស្លាប់ដោយគ្មានការយកចិត្តទុកដាក់ថែទាំ។ បន្ថែមលើនោះ យើងក៏មានមោទនភាព ដោយសារកុមាររបស់យើងត្រូវបានទទួលការអប់រំ និងបណ្តុះបណ្តាល បើប្រៀបធៀបកុមារនៅតាមមជ្ឈមណ្ឌលកុមារកំព្រា រាប់ទាំងកុមារដែលមាននៅទីនេះ (គឺ)ទទួលបាននូវការមើលថែទាំ/បណ្ដុះបណ្តាល ជួនកាលច្រើនជាងកុមារ ដែលរស់នៅតាមក្រុមគ្រួសារទៅទៀត ដោយសារយើងបានដាក់កំណត់កាលពីពេលនោះ ដរាបណាមិនទាន់ចប់មធ្យមសិក្សាបឋមភូមិទេ​ យើងមិនអនុញ្ញាតឱ្យឈប់រៀនទេ។ ហើយអ្នកដែលមានលទ្ធភាព គឺយើងបន្តឱ្យមានការសិក្សារហូតទៅដល់គេរកការងារធ្វើបាន។

អ្នកចេញពីមណ្ឌលកុមារកំព្រាបានក្លាយទៅជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ

លោកប្រធាន Dereje Wordofa បានលើកឡើងអម្បាញ់មិញ គឺជារឿងមោទនភាព គាត់និយាយថា តាមអ្វីដែលខ្ញុំដឹង គឺថា កូនៗរបស់យើងធ្វើបានល្អក្នុងការអប់រំ។ អ្នកដែលចាកចេញពីកន្លែងថែទាំ ៤ នាក់ ក្លាយទៅវេជ្ជបណ្ឌិត, ៥ នាក់ ក្លាយទៅជាវិស្វករ, ៧ ​នាក់ (ក្លាយទៅ)ជាធនាគារិក, ៣ នាក់ បានចាកចេញពីការថែទាំ(ក្លាយ)ទៅជាស្ថាបត្យករ, ២ នាក់ (ក្លាយ)ទៅអ្នករចនា និងច្រើនអ្នកទៀតក្នុងវិស័យអាជីវកម្ម សេវាបម្រើអតិថិជន និងបម្រើការងារក្នុងជួរ(រាជ)រដ្ឋាភិបាល។ ចំណុចនេះហើយ ដែល(បញ្ជាក់ថា)កម្ពុជាមានកុមារកំព្រាច្រើន សូម្បីតែ(គិត)ក្នុងក្របខណ្ឌនៃការអប់រំ ក្នុងរយៈកាល ២០ ឆ្នាំ។ ឆ្នាំនេះ ខួបទី ២០ នៃការសម្ពោធដាក់ឱ្យប្រើប្រាស់នូវភូមិកុមារលើកទី ១ នៅទីក្រុងភ្នំពេញ។ គ្រាន់តែផ្នែកតូចមួយនេះ ក៏បានផលិតធនធានមនុស្សសម្រាប់សង្គមជាតិរបស់យើង។ ឯកុមាររងគ្រោះនិងបានក្លាយទៅជាកុមារកំព្រានាឆ្នាំ ១៩៧៩ និងក្រោយឆ្នាំ ១៩៧៩ យើងក៏បណ្តុះបណ្តាលពួកគេ ដែលពេលនេះ​ពួកគេក្លាយទៅជាឪពុកម្តាយ ឬខ្លះទៀតក្លាយទៅជាជីដូនជីតារបស់គេថែមទៀតផង។ ចំណុចនេះ បង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់របស់យើង ជាមួយនឹងសុខទុក្ខរបស់កុមារ ដែលនៅរស់រានមានជីវិតបន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ចំណុចនេះគប្បីយើងមើលឃើញ ហើយរំលឹកឡើងវិញនូវអ្វីដែលបានកើតឡើងនៅប្រទេសកម្ពុជា​។

ជំនួយឧបត្ថម្ភសង្គមដល់ស្រ្ដីមានផ្ទៃពោះ ធានាសុខុមាលភាពម្ដាយនិងកូន ចាប់អនុវត្តពីឆ្នាំ ២០១៩ មក

ឯកឧត្តម វង សូត បានលើកឡើង វាក៏ជាការឆ្លើយតបជាមួយនឹងការអំពាវនាវរបស់លោកប្រធានអម្បាញ់មិញ ដែលខ្ញុំគួរតែត្រូវបានបញ្ជាក់បន្ថែមឱ្យបានជ្រាបថា យើងមានកម្មវិធីទ្រទ្រង់ចំពោះកុមារ។ មុននេះ យើងគ្រាន់តែធ្វើកម្មវិធីទ្រទ្រង់កុមារ តាមរយៈមជ្ឈមណ្ឌលកុមារកំព្រា និងតាមរយៈមជ្ឈមណ្ឌលសង្គ្រោះកុមារ ដែលត្រូវគេរំលោភ ហើយកុមារគ/ថ្លង់ និងពិការភ្នែក។ យើងធ្វើសកម្មភាពច្រើន ក៏ប៉ុន្តែ​ វាមិនគ្រប់គ្រាន់ទេលើរឿងនេះ។ យើងក៏ចាប់បាននិងកំពុងអនុវត្តចាប់តាំងពីឆ្នាំ ២០១៩ មក (នូវកម្មវិធីសង្គមសំរាប់)ម្ដាយនិងកុមារជាង ២៥ ម៉ឺននាក់ ដែលបានទទួលសេវាពីការចាប់ផ្ដើមមានផ្ទៃពោះរហូតទៅដល់កូនមានអាយុ ២ ឆ្នាំ។ នេះជាកម្មវិធីអចិន្ត្រៃយ៍ដែលយើងបន្តការខិតខំ។ យើងមិនត្រឹមតែយកចិត្តទុកដាក់នូវកុមារដែលបានកើតឡើង ហើយដែលត្រូវបានគេបោះបង់ចោលយកទៅថែទាំទេ។

ប៉ុន្មានឆ្នាំរួចហើយ ដែលយើងបានយកចិត្តទុកដាក់ទៅលើស្ត្រីក្រីក្រ។ ពេលចាប់ផ្ដើមមានផ្ទៃពោះភ្លាម យើងចាប់ផ្ដើមជួយឧបត្ថម្ភ។ មុនពេលឆ្លងទន្លេ យើងត្រូវជួយឧបត្ថម្ភ ៤ ដង ដើម្បីឱ្យគេទៅទទួលយកនូវសេវានៃការពិនិត្យផ្ទៃពោះ។ នៅពេលដែលគេទៅពិនិត្យ ធម្មតានៅប្រទេសដទៃ ទៅពិនិត្យគឺពេទ្យយកប្រាក់។ ប៉ុន្តែនៅទីនេះ ពេលដែលទៅពិនិត្យផ្ទៃពោះបែរជាទទួលប្រាក់ត្រឡប់មកវិញ។ នេះជាកម្មវិធីរបស់យើង។ ពេលឆ្លងទន្លេយើងមានកញ្ចប់ថវិកាមួយជូនគេ។ បន្ទាប់ពីហ្នឹងទៅ យើងប្រើពេល ៨ ដងទៀត រយៈពេល ២ ឆ្នាំ ដើម្បីឱ្យកុមាររីកធំធាត់រហូតទៅដល់អាយុ ២ ឆ្នាំ ទើបយើងកាត់ផ្ដាច់ការឧបត្ថម្ភ។ អញ្ចឹងមានន័យថា យើងប្រើពេលសម្រាប់ស្ត្រីនិងកុមារ ធានាទាំងសុខុមាលភាពរបស់ម្ដាយ និងធានាទាំងសុខុមាលភាពកូននៅក្នុងផ្ទៃ និងក្រោយពេលដែលកូនបានចាកផ្ទៃរួចមកហើយ ត្រូវផ្ដល់អាហារូបត្ថម្ភឱ្យគេ។

នេះជាកម្មវិធីរបស់យើងជាក់លាក់។ យើងកំពុងតែពិនិត្យថា យើងនឹងបង្កើនចំនួនប្រាក់បន្តទៀត នៅពេលដែលសេដ្ឋកិច្ចរបស់យើងអនុញ្ញាត។ កម្រិតនៃការឧបត្ថមរបស់យើងមានចំនួនមិនច្រើនទេ ប៉ុន្តែនៅពេលដែលសេដ្ឋកិច្ចរបស់យើងរីកលូតលាស់ យើងក៏អាចពិនិត្យបន្ថែមជាមួយនឹងករណីនេះ។

ផ្នែករដ្ឋតម្រូវឱ្យយកជនពិការចំនួន ២% និងវិស័យឯកជន ១% សម្រាប់បម្រើឱ្យការងារ

នេះជាអ្វីដែលលោកប្រធានអង្គការបានលើកអំពាវនាវអម្បាញ់មិញ អំពីឱ្យ(មាន)ការយកចិត្តទុកដាក់បន្ថែម។ ខ្ញុំគិតថា គប្បីជម្រាបលោកប្រធានឱ្យបានជ្រាបអំពីកម្មវិធីទាក់ទងនឹងកុមារនិងមាតា ដែលត្រូវបានទទួលមើលការថែទាំពីរាជរដ្ឋាភិបាលតែម្ដង។ ពិតមែនហើយ រឿងនេះវាមិនទាន់គ្រប់ទេ។ យើងនៅមានរឿងច្រើនណាស់។ កុមារកំព្រាមានការថយចុះនៅតាមមណ្ឌល ហើយមណ្ឌលមួយចំនួនក៏ត្រូវបានបិទ ដូចជាមណ្ឌលថែទាំកុមារកំព្រា ដែលបន្សល់ទុកដោយរបប ប៉ុល ពត ក៏ប៉ុន្តែយើងក៏នៅមានមណ្ឌលមួយចំនួនដូចជា មណ្ឌលមួយដែលខ្ញុំបានសាងសង់ផ្ទះឱ្យពួកគេ ហើយឥឡូវគេមានរបបជាប្រាក់ខែទៅទៀត។ នោះទាក់ទងទៅនឹងកុមារី ដែលត្រូវឪពុកបង្កើតរំលោភ ឬជីតាបង្កើតរំលោភទៅទៀត។ នេះជារឿងអកុសល។ ធាតុជាតិរច្ឆានរបស់មនុស្សបែបនេះ។ រឿងអ្នកបង្កើតបញ្ហាវាជារឿងមួយ អ្វីដែលយើងត្រូវយកចិត្តទុកដាក់គឺកុមារីដែលទទួលការរំលោភបំពាន។ យើងមានមជ្ឈមណ្ឌលបែបនេះ ហើយផ្ទះទើបនឹងសាងសង់ហើយមិនទាន់បានសម្ពោធទេ ក៏ប៉ុន្តែបានចូលស្នាក់នៅរួចស្រេចទៅហើយ។

យើងក៏បានរៀបចំឱ្យមានសាលាដើម្បីបណ្ដុះបណ្ដាលចំពោះកុមារគ/ថ្លង់ ដែលឥឡូវនេះពួកគេមួយចំនួនកំពុងស្ថិតនៅក្នុងការរៀនកម្រិតបឋម(សិក្សា)​ មួយចំនួនកំពុងរៀនមធ្យមសិក្សា មួយចំនួនទៀតកំពុងរៀននៅ​តាមមហាវិទ្យាល័យនានា ហើយមួយចំនួនក៏កំពុងបម្រើការងារឱ្យផ្នែករដ្ឋ ដែលផ្នែករដ្ឋតម្រូវឱ្យយកជនពិការចំនួន ២% សម្រាប់បម្រើឱ្យការងាររដ្ឋ។ យើងកំពុងតែពិនិត្យតាមស្ថាប័ននានា តើអនុវត្តបានគ្រប់គ្រាន់ហើយឬនៅ? វិស័យឯកជនយើងតម្រូវឱ្យយក ១% វិស័យរដ្ឋគឺអនុញ្ញាតឱ្យយក ២% ​ដើម្បីយកទៅបម្រើការ។ ដូច្នេះអ្វីដែលជាគោលនយោបាយ យើងមិនទុកចោលឱ្យអ្នកណាមួយ ទោះបីអ្នកនោះចេញពីប្រភេទអ្វីក៏ដោយ ដែលមានពិ​ការភាព លើកលែងតែចោរលួច/ប្លន់អាហ្នឹងគឺមានកន្លែងទុកដាក់កន្លែងមួយដោយឡែក តែសម្រាប់អ្នកដែលរងគ្រោះមានវិធីអប់រំរបស់យើង។

មនុស្សកើតមកមានភ័ព្វវាសនាខុសគ្នា … សំខាន់បំផុតគឺត្រូវផ្ដល់ឱកាសស្មើគ្នា

ថ្ងៃនេះយើងឃើញចៅៗតូចៗ អង្គុយនៅទីនេះ ពួកគេមានម្ដាយមើលថែទាំ ហើយនេះវាជាអនាគតរបស់គេ ដែលយើងត្រូវថែទាំពួកគេ។ ខ្ញុំសង្ឃឹមថា SOS នឹងបន្តខិតខំជាមួយយើង ដើម្បីយើងដំណើរឆ្ពោះទៅមុខដើម្បីអនាគតរបស់ពួកគេ។ មនុស្សកើតឡើងគ្រាន់តែមានភ័ព្វវាសនាខុសគ្នាតែប៉ុណ្ណោះ ប៉ុន្តែគ្មានអ្នកណាមួយកើតឡើងដោយស្ពាយទ្រព្យសម្បត្តិ​មកជាមួយនោះទេ គ្រាន់តែមនុស្សខ្លះគេកើតក្នុង(គ្រួសារ)កូនអ្នកមាន ខ្លះគេកើតក្នុង(គ្រួសារ)អ្នកក្រតែប៉ុណ្ណឹងទេ អត់មានអ្នកណាស្ពាយទ្រព្យសម្បត្តិមកជាមួយទេ។ សំខាន់បំផុតគឺឱកាស​ដែលយើងបានផ្ដល់ឱ្យគេ។ ឥឡូវនេះ បើទោះបីជាបានកើតហើយត្រូវបានគេបោះបង់ចោល ឬក៏ឪពុកម្ដាយស្លាប់ចោល ការយកមកថែទាំនៅតាមមណ្ឌលនានា ពួកគេពិតជាអភ័ព្វ ប៉ុន្តែជាសំណាងរបស់ពួកគេ ដែលមានពួកយើងជាមនុស្សចាស់ថែទាំពួកគេ។ ថ្ងៃក្រោយពួកគេអាចវិវឌ្ឍខ្លួនទៅជាអ្នកដែលមានលទ្ធភាពរហូតដល់ដឹកនាំប្រទេស។

ធ្វើនាយករដ្ឋមន្ត្រីរហូតដល់ឈប់ចង់ធ្វើ

យើងពិនិត្យមើលអ្នកដឹកនាំប្រទេសសព្វថ្ងៃ មិនថាខ្ញុំ មិនថាសម្ដេចក្រឡាហោម ស ខេង មិនថាឯកឧត្តម ជាម យៀប និងមេដឹកនាំដទៃទៀតទេ ពួកយើងកើតឡើងក្នុងសម័យនោះ កើតឡើងក្នុងដំណាក់កាលកន្ទុយអាណានិគមរបស់បារាំង។ យើងកើតឡើងនៅក្នុងស្ថានភាពដ៏លំបាក។ យើងស្វែងរកនូវការសិក្សាដ៏លំបាក ទម្រាំនឹងមានថ្ងៃនេះ។ យើងបានឆ្លងកាត់នូវការលំបាកច្រើនណាស់ ជីវិតជាកូនសិស្សលោក ជីវិតជាកូនអ្នកក្រវាជួបការលំបាក ក៏ប៉ុន្តែការខិតខំប្រឹងប្រែងរបស់យើង។ យើងបានក្លាយទៅជាមេដឹកនាំប្រទេស ដែលខ្ញុំនិយាយសាជាថ្មីថា ខ្ញុំនឹងធ្វើនាយករដ្ឋមន្ត្រីដល់ខ្ញុំឈប់ចង់ធ្វើ។ ចង់អ្នកណាថាអីថាទៅ។ កុំឱ្យវាលំបាកពេក។ ខ្ញុំនឹងធ្វើនា​យករដ្ឋមន្ត្រីរហូតដល់ឈប់ចង់ធ្វើ។ ដំបូងដាក់ពេលវេលា ១០ ឆ្នាំ្ទទៀត ៥ ឆ្នាំទៀត ប៉ុណ្ណេះ/ប៉ុណ្ណោះឆ្នាំ ឥឡូវអត់ទេ។ ខ្ញុំបាននិយាយប៉ុន្មានខែមុននេះ តាំងពីឆ្នាំទៅថាធ្វើរហូតឈប់ចង់ធ្វើ។ ន័យនេះគេអាចយល់បាន។

មិនប្រាកដថាខួរក្បាលអ្នកកើតក្នុងប្រទេសមាន ល្អជាងអ្នកកើតក្នុងប្រទេសក្រទេ

ចំណុចដែលខ្ញុំចង់និយាយមនុស្សទាំងអស់នៅលើពិភពលោក មិនមែនគ្រាន់តែនៅកម្ពុជា កើតឡើងស្រាតដូចគ្នា។ គ្មានអ្នកណាកើតឡើងដោយមានសម្លៀកបំពាក់ជាប់ខ្លួនទេ។ អញ្ចឹងបានជាមានពេលខ្លះដែលមានការធុញទ្រាន់នឹងការប្រមាថ ខ្ញុំបាននិយាយជាមួយអ្នកដែលបានសន្ទនាជាមួយខ្ញុំដោយត្រង់ៗថា ពួកអ្នកឯងមានសំណាងត្រង់ពួកអ្នកឯងមានសំណាងកើតក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះ ប៉ុន្តែត្រង់ខួរក្បាលអ្នកឯងមិនប្រា​កដថាពូកែជាងខ្ញុំ។ ខ្ញុំនិយាយត្រង់ៗ។ (ពួកគេ)មកនិយាយរបៀបប្រដៅយើង។ ដល់ប្រដៅយើង អញ្ចឹងមានអីបកទៅវិញ សម្លឹងមើលមុខ។ អ្នកឯងមានសំណាង ត្រង់អ្នកឯងកើតក្នុងប្រទេសអ្នកមាន អញ្ចឹងអ្នកឯងមានសិទ្ធិនិយាយប្រដៅខ្ញុំគ្រប់យ៉ាង។ ប៉ុន្តែខួរក្បាលអ្នកឯងមិនប្រាកដថាពូកែជាង(ពួក)ខ្ញុំ(ទេ)។ ហ្នឹងការពិត។

ម​នុស្សកើតឡើងមានភ្នែក មានច្រមុះ និងខួរក្បាលដូចតែគ្នាទេ ប៉ុន្តែគ្រាន់តែប្រទេសយើងជាអ្នកក្រ គេថាយើងវាអន់ ហើយប្រទេសអ្នកមានគឺមានទាំងអស់។ អត់ទេ! កើតក្នុងប្រទេសអ្នកមានខ្លះឡប់តើ។ យើងកើតប្រទេសអ្នកក្រ។ អម្បាញ់មិញខ្ញុំបានប្រាប់លោកប្រធាន កាលពីឆ្នាំ១៩៧៩ ខ្ញុំទៅប្រទេសលោក។ ពេលនោះ​ Addis Ababa ជំនាន់ (Mengistu) Haile Mariam ហើយកុំភ្លេចថាព្រះចៅ Haile Selassie ពី Ethiopia ធ្លាប់មកទស្សនកិច្ចនៅកម្ពុជា។ ខ្ញុំជារដ្ឋមន្ត្រីការបរទេស ទើបអាយុ ២៧ ឆ្នាំ ខ្ញុំទៅដល់ Addis Ababa នៅឆ្នាំ ១៩៧៩ រហូតមកដល់ពេលនេះគឺ ៤៣ ឆ្នាំ ហើយដែលខ្ញុំទៅប្រទេសរបស់លោក។ ពេលនោះនៅទីនេះក្រណាស់ រកតែស្អីស៊ីមិនបានផង។

​ជាប្រទេសក្រ ប៉ុន្តែកម្ពុជាបានចាក់វ៉ាក់សាំងជាង ៩២% នៃប្រជាពលរដ្ឋទូទាំងប្រទេស

អញ្ចឹងបានជាមានចំណុចខ្លះយើងត្រូវមើលឃើញ។ យើងមិនមែនមោទនភាពអីជ្រុលទេ ក៏ប៉ុន្តែសុំឲ្យគេផ្តល់តម្លៃឲ្យយើង។ ជាទូទៅ គឺយើងបានធ្វើកិច្ចការ ទោះបីអ្នកណាឲ្យតម្លៃឬមិនឲ្យតម្លៃ។ រឿងធំបំផុត ស្នូលធំបំផុត គឺរឿងយើងដោះស្រាយបញ្ហារបស់យើង។ ដូចជាករណី កូវីដ-១៩ មុននោះ តើប៉ុន្មានប្រទេស សារព័ត៌មានប៉ុន្មានប្រមាថយើង អំពីប្រព័ន្ធសុខាភិបាលទន់ខ្សោយរបស់កម្ពុជា។ ឥឡូវអ្នកទាំងនោះគេយល់យ៉ាងម៉េចចំពោះយើង … ថ្ងៃនេះឆ្លងប៉ុន្មានជាង ១៣០ ករណីប៉ុណ្ណោះ អូមីក្រុង។ ករណីស្លាប់មិនទាន់បញ្ចេញតួលេខទេ ម្សិលមិញស្លាប់ម្នាក់។ ថ្ងៃខ្លះអត់មានស្លាប់ទេ។ ក្នុងប្រទេសជាច្រើនលើពិភពលោក កំពុងតែស្លាប់ រាប់រយរាប់ពាន់ ឆ្លងរាប់ម៉ឺននាក់។ ប្រទេសខ្លះ ១០ ម៉ឺន ២០ ម៉ឺន ៣០ ម៉ឺននាក់ ក្នុងមួយថ្ងៃ។

តើវាយតម្លៃអំពីបច្ចេកវិទ្យាឬវាយតម្លៃពីការទទួលខុសត្រូវ? បើវាយតម្លៃពីការទទួលខុសត្រូវ ទោះបីអ្នកកើត និង/ឬដឹកនាំប្រទេសដោយមានបច្ចេកវិទ្យានិងសុខាភិបាលទាន់សម័យ ក៏ប៉ុន្តែការគិតរបស់អ្នកអាចនឹងមានកម្រិត បើប្រៀបធៀបជា​មួយសកម្មភាពដែលកម្ពុជាប្រកាន់យកមកដល់ពេលនេះ។ កម្ពុជាជាប្រទេសមួយក្រ ក៏ប៉ុន្តែកម្ពុជាបានចាក់វ៉ាក់សាំងជាង ៩២%​ នៃប្រជាពលរដ្ឋទូទាំងប្រទេស ហើយដែលកំពុងតែដំណើរការចាក់ឲ្យក្មេងអាយុ ៣ និង ៤ ឆ្នាំ ដែលរហូតមកដល់ពេលនេះ ចាក់បានជិត ៥០% នៃចំនួនកុមារអាយុ ៣ និង ៤ ឆ្នាំរួចហើយ។ សួរថា ចំណុចអស់ទាំងនេះស្តែងបង្ហាញអ្វី? ប្រទេស/អ្នកដែលអួតអាងពីប្រព័ន្ធសុខាភិបាល​ខ្លាំង និងបន្តុះបង្អាប់យើងថាប្រព័ន្ធសុខាភិបាលខ្សោយ តើយើងបានសង្គ្រោះប្រជាជនយ៉ាងម៉េច?

ការសម្រេច ៣៖ មិនតម្រូវឲ្យមានការធ្វើតេស្ត PCR, មិនចាំបាច់ធ្វើតេស្តរហ័ស, យក Visa ពេលមកដល់

បានជាឆ្លៀត​និយាយដល់បញ្ហាហ្នឹង កូវីដ-១៩ ទៅហើយ ខ្ញុំនៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើង​យកចិត្តទុកដាក់បន្តក្នុងកិច្ចការពារខ្លួន តាមរយៈ ៣ កុំ ៣ ការពារ។ ទន្ទឹមនឹងរាជរដ្ឋាភិបាលកាត់បន្ថយការរឹតបន្តឹងលើបញ្ហាមួយចំនួន ម្សិលមិញប​ន្ទាប់ពីត្រឡប់មកពីខេត្តព្រះសីហនុ ខ្ញុំបានសម្រេចលើបញ្ហា ៣ ដើម្បីដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃហ្នឹងតទៅ៖

ទី ១ អ្នកមកពីក្រៅប្រទេស មិនតម្រូវការឲ្យមានការធ្វើតេស្ត PCR រយៈពេល ៧២ ម៉ោងទៀតទេ។ ប៉ុន្តែលោកប្រធានបានមកមុន ហ្នឹងត្រូវការវិញ្ញាបនបត្របញ្ជាក់តាម PCR ថា ៧២ ម៉ោងអត់មាន COVID-19។ តែឥឡូវនេះកម្ពុជាអត់មានតម្រូវការទេ។ យើងគិតថាបណ្តាក្រុមហ៊ុនយន្តហោះមានការទទួលខុសត្រូវហើយ ទៅលើបញ្ហាការធ្វើដំណើរ ហ្នឹងការលើកលែងទី ១។

ការលើកលែងទី ២ មកដល់ព្រលានយន្តហោះរបស់យើង មិនចាំបាច់ធ្វើតេស្តទៀតទេ។ ពីមុនយើងធ្វើ rapid test។ ពីមុន(បង្អស់)ធ្វើ PCR ហើយត្រូវរង់ចាំលទ្ធផល។ ក្រោយមកយើងលុ​បចោលការធ្វើ​ PCR មកធ្វើ rapid test ១៥ ឬ ២០ នាទី យើងអាចដឹងលទ្ធផល។ ឥឡូវនេះមិនបាច់ឆ្កឹះច្រមុះទេ មកដល់គឺកាន់កាតាប យក passport ចេញដំណើរទៅតែម្ដង។ ហ្នឹងគឺចំណុចការលើកលែងទី ២។

ការលើកលែងទី ៣ គឺមិនចាំបាច់ទៅយក Visa តាមប្រទេសណាទេ គឺយក Visa ពេលមកដល់តែម្តង តាមសំណូមពររបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ មុនហ្នឹងមកដល់កម្ពុជា ពីមុនគឺត្រូវទៅយក Visa នៅកន្លែងនេះ Visa នៅកន្លែងនោះ ប៉ុន្តែឥឡូវយើងប្រើ Visa ពេលមកដល់តែម្តង។

សម្រួលការតម្រូវទាំងនេះ ទាក់ទាញវិនិយោគិន ធុរជន ក៏ដូចជាទេសចរ

អញ្ចឹង ៣ ចំណុចនេះ យើងបន្ធូរបន្ថយសម្រាប់ការធ្វើដំណើររបស់ពលរដ្ឋយើងចេញទៅក្រៅប្រទេស ពីក្រៅប្រទេសចូលមកក្នុងប្រទេស​។ ប៉ុន្តែទៅក្រៅប្រទេស វាតម្រូវទៅតាមប្រទេសនីមួយៗ។ សម្រាប់ចូលមកក្នុងប្រទេសកម្ពុជា ឧទាហរណ៍ថា មួយថ្ងៃៗពលរដ្ឋរបស់យើងចេញទៅរាប់រយនាក់ ពេលត្រឡប់មកវិញត្រូវទៅរកខាងផ្នែកសុខាភិបាលប្រទេសដែលខ្លួននៅនោះ ធ្វើលិខិតបញ្ជាក់។ ឥឡូវនេះបងប្អូនជនរួមជាតិកម្ពុជារបស់យើង មិនថាបងប្អូនខ្មែរដែលចេញទៅក្រៅ ឬបងប្អូនខ្មែរដែលនៅខាងក្រៅប្រទេស ត្រឡប់មកប្រទេសរបស់ខ្លួនទេ គឺមិនចាំបាច់មានការបញ្ជាក់បែបនោះទេ យើងមិនមានតម្រូវការបញ្ជាក់បន្ថែមលើរឿងនេះទេ។

ពេលមកដល់ គឺក៏មិនចាំបាច់ឲ្យគេខ្វេះច្រមុះដែរ ព្រោះខ្វេះច្រមុះហ្នឹងវាមិនគ្រាន់តែឈឺច្រមុះទេ អានេះវាអស់លុយ​។ មួយថ្ងៃៗ រដ្ឋាភិបាលចាយលុយច្រើនណាស់។ ឯណាឧបករណ៍ធ្វើតេស្ត ឯណាទៀតសំលៀកបំពាក់ ព្រោះមិនមែនធ្វើតេស្តដំឡូងមូល​ឯណា ត្រូវស្លៀកខោអាវពេទ្យឲ្យត្រឹមត្រូវបានទៅធ្វើតេស្ត បើមិនចឹងទៅធ្វើតេស្តគេឆ្លងខ្លួនឯង ហើយក៏វារំខានទៅដល់ការងារ។ អញ្ចឹងយើងសម្រួលបញ្ហានេះ ដើម្បីទាក់ទាញការធ្វើវិនិយោគ និងសម្រួលទៅឲ្យអ្នកដែលមកធ្វើធុរកិច្ច ក៏ដូចជាទេសចរណ៍នៅកម្ពុជា។

កម្ពុជានឹងរៀបចំកិច្ចសន្ទនាសកលអំពីសេដ្ឋកិច្ចលើកទី ២

ចំណុចអស់ទាំងនេះ យើងនៅតែបន្តក្នុងការធ្វើសកម្មភាពឆ្ពោះទៅមុខ ដើម្បីគោលដៅនៃការអភិវឌ្ឍរៀនរស់ជាមួយនឹង COVID-19។ ម្សិលមិញខ្ញុំមានឱកាស ដើម្បីពិភាក្សាជាមួយនឹងអនុប្រធានធនាគារពិភពលោក ដែលកម្ពុជានឹងត្រូវរៀបចំធ្វើជាកិច្ចសន្ទនាសកលលើបញ្ហាពាក់ព័ន្ធជាមួយនឹងអាស៊ាន។ ដោយសារកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន កម្ពុជានឹងរៀបចំកិច្ចសន្ទនាសកលលើកទី ២ ដែលលើកទី ១ បានធ្វើនៅឆ្នាំ ២០១២ ដោយមានការចូលរួមពីតួអង្គអាស៊ាន ដៃគូអាស៊ាន។ យើងបានអញ្ជើញ IMF ធនាគារពិភពលោក ធនា​គារ​អភិវឌ្ឍន៍អាស៊ី។ លើកនេះយើងអាចទាញនូវបណ្តាដៃគូដទៃទៀត ដើម្បីចូលរួមតាមរយៈការចូលរួមផ្ទាល់ក្តី តាមរយៈការធ្វើតាមអនឡាញក្តី។ យើងកំពុងជ្រើសរើសប្រធានបទ។ ប្រធានបទពិតជានឹងនិយាយដល់បញ្ហាសេដ្ឋកិច្ច។ ប៉ុន្តែសេដ្ឋកិច្ចក្នុងដំណាក់កាលណា យើងក៏ត្រូវគិតទៅដល់ពេលវេលានោះ។ ឥឡូវដំ​ណាក់កាលបើកសកម្មភាពសេដ្ឋកិច្ច-សង្គម ក្នុងដំណាក់កាលរៀនរស់នៅជាមួយ​ Covid-19។

ត្រៀមស្តារសេដ្ឋកិច្ចក្រោយដំណាក់កាល Covid-19 ប៉ុន្តែតើ Covid-19 នឹងចប់នៅពេលណា?

មានប្រទេសមួយចំនួនក៏​បានត្រៀមរៀបចំសម្រាប់ការស្តារសេដ្ឋកិច្ចក្រោយដំណាក់កាល Covid-19។ ប៉ុន្តែ តើ Covid-19 វានឹងចប់នៅពេលណា? គ្មានអ្នកណាអាចឆ្លើយរួចទេ។ ឥឡូវនេះស្ថានភាពអូមីក្រុង ហើយអូមីក្រុងនេះ គឺវាឆ្លងលឿន តែវាមិនសម្លាប់មនុស្សសាហាវដូចជា ដែលតា និងអាល់ហ្វាទេ។ ពិភពលោកបច្ចុប្បន្នឃើញឆ្លងច្រើ​ន សូម្បីតែនៅវៀតណាមម្សិលមិញនេះ ឆ្លង ១៨ ម៉ឺននាក់ ក៏ប៉ុន្តែអត្រាស្លាប់ចេះតែមានការថយចុះ។ ឯយើងគឺភាគច្រើនគឺអូមីក្រុងហ្នឹងតែ​ម្តង។ នៅលើពិភពលោក អូមីក្រុង នេះវាប្រមាណជាជាង ៩៥% ដែល​ធ្វើឲ្យប្រទេសនានាឆ្លងច្រើន ប៉ុន្តែគឺការស្លាប់ថយចុះ។ ឥឡូវនៅប្រទេសអង់គ្លេសឈប់គិតហើយ។ គេលែងយកទៅដាក់នៅក្នុងទិន្នន័យឆ្លងប៉ុន្មាន ស្លាប់ប៉ុន្មាន អីប៉ុន្មាន ព្រោះគេចាត់ទុកថាអាហ្នឹងដូចជំងឺធម្មតា។ អ្នកឯងតឹងច្រមុះ លេបថ្នាំបំបាត់តឹងច្រមុះទៅ អាហ្នឹងទៅរឿងធម្មតា។

មានរឿងមួយ ខ្ញុំនិយាយរឿងកូនខ្ញុំ ចៅខ្ញុំបន្តិច។ កូនស្រីពៅរបស់ខ្ញុំ ប្តីប្រពន្ធវាក៏កើត ចៅខ្ញុំ ៥ រាប់ទាំងកូនអាយុ ២ ខួប វាក៏កើត។ អញ្ចឹងចៅទាំង ៥ ក៏កើត។ ៧ នាក់ក្នុងផ្ទះ សាច់បង្កើត កូនបង្កើត និងចៅបង្កើត កើតទាំង ៧ នាក់ បូករួមទាំងមេដោះ អ្នកនៅជាមួយស្អីៗហ្នឹង ឆ្លងពេញហ្នឹង។ ប៉ុន្តែមានរឿងមួយ ក្នុង ៧ នាក់ យកទៅពិនិត្យ តើវាជាអូមីក្រុង ជាអាល់ហ្វា ឬដែលតា? ស្រាប់តែចេញលទ្ធផល​មក គឺ ៦ នាក់ អូមីក្រុង ប៉ុន្តែកូនស្រីពៅរបស់ខ្ញុំទៅជាអាល់ហ្វា។ ស្រាប់តែនាងនោះមិ​នសុខចិត្ត ថាកើតកំពុងតែកើតហើយ ប៉ុន្តែបើកើតៗអាទាន់សម័យ។ ខ្ញុំថាវាម៉េច? កើតអាទាន់សម័យហ្នឹង? កើតទាន់សម័យបានន័យថា អូមីក្រុងហ្នឹង។ បើអ្នកណាមិនទាន់កើតអូមីក្រុងហ្នឹងទេ គេថាម​នុស្សមិនទាន់សម័យ។ អាណិតទៅ។

ឥឡូវ Omicron ហ្នឹងទេណា កាលជំនាន់ Alpha និង Delta វាវាយរកតែមនុស្សចាស់។ មនុស្សដែលមានបញ្ហាសួត និងជំងឺរ៉ាំរ៉ៃ។ ប៉ុន្តែ ដល់ Omicron វាយអត់រើសមុខទេ អាយុ ១ ឆ្នាំ ឬ ២ ឆ្នាំ ក៏វាវាយ រួចហើយវាយរកអ្នកធំ ប៉ុន្តែគឺវាមិនធ្ងន់ធ្ងរ។ អញ្ចឹងបានថ្ងៃមុន បង្អាប់ ចិន្តា (អភិបាលខេត្តកំពង់ចាម) លេង ព្រោះ ចិន្តា កើត គឺគេហៅថាអភិបាលខេត្តទាន់សម័យ កើត Omicron។ អញ្ចឹងឥឡូវវាវាយរក(សុទ្ធតែអភិបាលខេត្ត) ប៉ុន្តែគ្រាន់តែមិនទាន់វាយប៉ះនាយករដ្ឋមន្រ្តីតែប៉ុណ្ណឹងទេ។ តែមិនដឹងថាពេលណា យើងមើលស្រាលក៏វាមិនបានដែរ​ នៅតែប្រើវិធីថែទាំរបស់យើង។

ឆ្នាំ ១៩៨៣ សន្និបាតខេត្តព្រៃវែង អូស្រ្តាលីលែងទទួលស្គាល់ខ្មែរក្រហមនៅ UN

ខ្ញុំសូមយកឱកាសនេះជាថ្មីម្តងទៀត អរគុណជាមួយនឹងការខិតខំទាំងឡាយ ដែលយើងបានធ្វើ។ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ដែលបានធ្វើកិច្ចការដ៏ល្អ ធ្វើឲ្យខេត្តព្រៃវែងរបស់យើងមានវឌ្ឍនភាពដ៏ច្រើន។ កាលពីខែមួយ(មករា) ខ្ញុំមកសម្ពោធផ្លូវជាតិលេខ ១១ ដែលតភ្ជាប់រវាងអ្នកលឿង និងថ្នល់ទទឹង ទៅផ្លូវជាតិលេខ ៧។ ឯស្ពាន ២ ទៀត ដែលជាជំនួយរបស់ជប៉ុនគឺយកទៅសម្ពោធនៅឯក្រចេះនោះ ដើម្បីសម្ពោធរួមគ្នាចំនួនស្ពាន ៧។ ទីរួមខេត្តព្រៃវែងនេះ ខ្ញុំនិងបង ជាម យៀប មានអនុស្សាវរីយ៍ច្រើន។ ខ្ញុំនៅចាំបានឆ្នាំ ១៩៨៣ ខ្ញុំមកសន្និបាតខេត្ត ហើយមកជាមួយ (ខៀវ) កាញ៉ារីទ្ធ។ ថ្ងៃនោះជាថ្ងៃដែលអូស្រ្តាលីបានប្រកាសឈប់ទទួលស្គាល់ខ្មែរក្រហមនៅឯអង្គការសហប្រជាជាតិ។

ចាំទេ? ព្រឹត្តិ​ការណ៍​អស់ទាំងហ្នឹង យើងត្រូវចងចាំ។ ខ្ញុំនឹងសរសេរសៀវភៅឲ្យមានភាពលម្អិត តាមប្រទេសមួយៗ ទំនាក់ទំនងចាប់ផ្តើមវាយ៉ាងម៉េច អីយ៉ាងម៉េច? រាប់ទាំង Ethiopia ក៏ខ្ញុំត្រូវសរសេរដែរ ព្រោះខ្ញុំទៅដល់ Ethiopia ដែរតើ។ កាលជំនាន់ហ្នឹង ជាបុណ្យលើកទីប៉ុន្មានទេនៃការឡើងកាន់អំណាចរបស់ Mangistu Haile Mariam ជំនួសព្រះចៅអធិរាជ Haile Selassie។ ខ្ញុំក៏ត្រូវសរសេរ សៀវភៅរបស់ខ្ញុំមើលទៅប្រហែលជារាប់ម៉ឺនទំព័រទើបអស់ ព្រោះរឿងមនុស្សធ្វើការច្រើន។ ប៉ុន្តែសរសេរតែអាល្អៗ អាមិនល្អអត់សរសេរទេ។ អាមិនល្អក៏សរសេរដែរ ប៉ុន្តែខ្លះគេត្រូវលាក់ដែរ។ ហ្នឹងសួរ​ កាញ៉ារីទ្ធ … ដឹងតែលាក់ …។

នាយករដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំសម័យកម្ពុជាប្រជាមានិត/រដ្ឋកម្ពុជា ដើរតាមមូលដ្ឋានពិនិត្យការអភិវឌ្ឍ

ក្រោយមកនៅចាំទេបង យៀប ? សាលាខេត្តចង្អុលទៅខាងណា? … អតីតចៅហ្វាយខេត្តចង្អុលខុសទិស … ដើមគគីរធំៗ នៅមានដល់ឥឡូវ។ ឥឡូវគ្រាន់តែថាយើងសោកស្តាយអ្នកដែលមកជាមួយនឹងគឺ បង ឈឹម សេង គាត់ស្លាប់ទៅមុន។ អែម សំអាន និង វ៉ាន់ ស៊ុនហេង ប៉ុន្តែពេលហ្នឹង អ្នកដែលជាប់ជាមួយ មាន បង យៀប មាន អែម សំអាន និង ឈឹម សេង។ ឲ្យតែយប់ៗ បង យៀប លេងអក គាត់ចេះលេងភ្លេង។ ចាំរឿងមួយ យើងចេញអង្កាល់ហ្នឹងមកដេកនៅឈើកាច់ ហើយចេញពីឈើកាច់រហូតមកដេកនៅជាខ្លាង។ ជាខ្លាង​ចង្អុលទៅត្រង់ណា? ដេកនៅជាខ្លាង​ ហើយ ព្រហ្ម ម៉ាញ មកលេង។ ដល់រួចហើយ យើងត្រូវចេញដំណើរទៅកំពង់ចាម។ ខ្ញុំខំទៅសំងំដេកថ្ងៃត្រង់។ ក្រុមនេះគេលេងទៀងលេន។ បង យៀប ចុះ ស្វ៊ីត ១២ សន្លឹក។ ទៀងលេនមាន ១៣ សន្លឹក។ បង យៀប ចុះស្វីត ១២ សន្លឹក។ អែម សំអាន ​ស៊ីពីលើបាន។ ស្រាប់តែឡូឡាថា អានេះលេងបន្លំ។ ឆែកមើលបៀ រហូតដល់ខ្ញុំភ្ញាក់ពីដេក ទ្រាំមិនបាននាំគ្នាធ្លាក់ទៅកំពង់ចាម។ នាំគ្នាទៅដេកនៅកំពង់ចាម។ កាលហ្នឹងយើងដើរច្រើនណាស់។ នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនានាដើរតាមមូលដ្ឋានដើម្បីពិនិត្យមើលនូវការអភិវឌ្ឍ។

ព្រៃវែងមានសាកលវិទ្យាល័យ តែមិនទាន់ចាក់កៅស៊ូផ្លូវច្រើន, ពន្យារគម្រោងខ្លះ ទុកទុនប្រយុទ្ធកូវីដ-១៩

ព្រៃវែងពីអតីតកាល មកដល់ព្រៃវែងបច្ចុប្បន្ននេះ វាបានឆ្លងផុតដំណាក់កាលច្រើនណាស់ទៅហើយ។ ព្រៃវែងបច្ចុប្បន្នមានដល់សាកលវិទ្យាល័យ មានសាលារៀន វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សាច្រើន មានផ្លូវថ្នល់ច្រើន។ ពិតមែនហើយ ដែលខ្ញុំទទួលស្គាល់ថា ព្រៃវែងនៅសល់ផ្លូវច្រើនណាស់ ដែលយើងមិនទាន់បានចាក់កៅស៊ូ។ ការតភ្ជាប់នៅក្នុងខេត្តព្រៃវែងមានការចាំបាច់ ប៉ុន្តែដោយសារតែបញ្ហាទុនរបស់យើង។ ទុនរបស់យើងវាមានលទ្ធភាពដែរ​។ នៅពេលដែលមានតម្រូវការមកដល់អំពីកូវីដ-១៩ យើងក៏ត្រូវតែសន្សំសំចៃ​ ពន្យារគម្រោង​ខ្លះ ដើម្បីយើងត្រៀមចំណាយលើជំងឺនេះ ដែលវាមិនទាន់ដឹងថាចប់នៅពេលណា?

ក្នុងន័យនេះ ម្សិលមិញជាមួយនឹងអនុប្រធានធនាគារពិភពលោក យើងបានពិភាក្សាថា ឥឡូវដាក់ថាការស្តារសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្រោយដំណាក់កាលកូវីដ-១៩។ បើក្រោយដំណាក់កាលកូវីដ-១៩ វាមិនដឹងថាពេលណា? បើវាចប់ពាក់កណ្តាលឆ្នាំទៅ អាហ្នឹងចាំទៅនិយាយហ្នឹងវាត្រូវ។ អញ្ចឹងទេ ឥឡូវនេះ វាជាដំណើរឡូកឡំរវាងការបើកសេដ្ឋកិច្ចក្នុងដំណាក់កាលកូវីដ-១៩ នោះគឺដំណាក់កាលនៃការរៀនរស់នៅជាមួយនឹងកូវីដ-១៩។ អញ្ចឹងបានជាតម្រូវការឲ្យមានការពាក់ម៉ាស​ តម្រូវការរក្សាគម្លាត កន្លែងនេះអាចដាក់បានដល់ទៅ ៤ ទៅ ៥ ពាន់នាក់ ដែលអាចធ្វើរោងបានច្រើនជាងហ្នឹង ប៉ុន្តែ ឥឡូវយើងដាក់បាន ៥០០ នាក់ ប៉ុណ្ណឹង។

មានការបំភ្លៃការពិតទៅលើការប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក

ទាក់ទងដល់បញ្ហាហ្នឹង ខ្ញុំមិនភ្លេចជាមួយនឹងការបញ្ជាក់បន្តិច។ រឿងខ្លះការមិនយល់ ឬរឿងខ្លះចេះមិនដល់ វាបង្កើតបាននូវបញ្ហា។ ខ្ញុំធ្លាប់បាននិយាយហើយថាឆ្នាំនេះ ខ្ញុំរវល់ណាស់ទាំងក្នុងប្រទេស និងក្រៅប្រទេស​។ ពិត​មែនតែកាត់កម្មវិធីខ្លះ ក្នុងការទៅក្រៅប្រទេស ដោយសារខ្ញុំមានកិច្ចការនៅក្នុងប្រទេស ប៉ុន្តែកន្លងទៅមានការបកស្រាយដោយបំភ្លៃការពិត ទៅលើការប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ និងថ្ងៃទី ២៩ ខែមីនា។ ចំណុចនេះត្រូវបានបកស្រាយដោយមនុស្សមួយចំនួនថាប្រធានអាស៊ាន មិនយល់ស្របក្នុងការប្រជុំរវាងអាស៊ាន និងអាមេរិក នោះទេ។

ខ្ញុំគួរតែប្រដៅពួកគេ​ ហើយនិងផ្តល់នូវព័ត៌មានជាក់លាក់សម្រាប់ការយល់ដឹងរបស់ប្រជាជនកម្ពុជា ជំនួសឲ្យការខ្វះការចេះដឹងរបស់អ្នកខ្លះជាបណ្ឌិត អ្នកខ្លះជាសាស្ត្រាចារ្យ។ បញ្ជាក់ថា របៀបធ្វើការអាស៊ានវាអញ្ចេះ។ យើងជាប្រធានអាស៊ានវាច្បាស់ហើយ ប៉ុន្តែ ក្នុងអាស៊ានគេមានបែងចែក​ឲ្យប្រទេសមួយៗ ទទួលខុសត្រូវក្នុងការសម្របសម្រួលរវាងអាស៊ានជាមួយនឹងប្រទេសណាមួយ។ ឥឡូវនេះ ប្រទេសដែលធ្វើការសម្របសម្រួលរវាងអាស៊ាន និងអាមេរិក គឺប្រទេសឥណ្ឌូនេស៊ី។ អញ្ចឹងតួនាទីសម្របសម្រួលរវាងអាស៊ាន-អាមេរិក គឺជាតួនាទីរបស់ឥណ្ឌូនេស៊ី។ អាមេរិកប្រកាសថ្ងៃ ២៨ – ២៩ គឺនៅពេលដែលឥណ្ឌូនេស៊ី មិនទាន់ធ្វើការសម្របសម្រួលជាមួយនឹងសមាជិកអាស៊ានទេ។ ដល់ទៅពេលឥណ្ឌូនេស៊ីចាប់ធ្វើការសម្របសម្រួលជាមួយអាស៊ាន ប្រទេស ៤ ដែលមិនអាចទៅប្រជុំថ្ងៃទី ២៨ -២៩ បាន។

មានប្រទេសដែលអាចទៅ(បាន)គេស្នើសុំឲ្យប្រជុំថ្ងៃ ២៦ និង ២៧ មីនា ជំនួសវិញ។ ប៉ុន្ដែខាងភាគីអាមេរិកបានផ្ដល់ចម្លើយមកវិញថា​ថ្ងៃ ២៦ និង ២៧ នេះ មិនអាចប្រជុំបានទេ។ អញ្ចឹងជម្រើស​ដែលល្អ ភាគីទាំងពីរស្នើលើកពេលវេលា(ប្រជុំ)សិន ដើម្បីធ្វើការសម្របសម្រួលតាមក្រោយ។ តាមការប៉ាន់ស្មានរបស់ខ្ញុំប្រធានា​ធិបតីអាមេរិកអាចនឹងទៅអឺរ៉ុប។ បើយោងតាមគម្រោង គាត់នឹង(អាច)មានការប្រជុំបន្ទាន់ក្នុងក្របខណ្ឌ NATO អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអូតង់។ កាលបរិច្ឆេទដែលយើងទទួលបាន (មាន)ព័ត៌មានថា ប្រធា​នា​ធិបតីអាមេរិកអាចចេញ(ទៅអឺរ៉ុប)ថ្ងៃ ២៤ មីនា។ ដូច្នេះ ប្រធានាធិបតីអាមេរិកក៏មានការជាប់រវល់កម្មវិធីដែលមិនអាចលើកពេលបាន ដោយមានការសម្របសម្រួលជាមួយក្រុម NATO នៅអឺរ៉ុបរួចស្រេចទៅហើយ។

ឯចំពោះមេដឹក​នាំអាស៊ាន គឺប្រទេសនីមួយៗ មានកម្មវិធីរៀងខ្លួនៗ។ ខ្ញុំសូមពន្យល់ចំពោះប្រជាពលរដ្ឋរបស់យើង សូមឲ្យយល់ថា កម្ពុជាជាសមាជិកម្នាក់ ប៉ុន្ដែ(ឆ្នាំ្ននេះ) ជាប្រធានអាស៊ាន(ប្ដូរវេន)។ ប្រធានអាស៊ាននេះគ្មានសិទ្ធិក្នុងការកំណត់​ការបរិច្ឆេទទេ​។ ប្រធានអាស៊ានមានសិទ្ធិត្រឹមតែបញ្ចេញយោបល់លើការសម្របសម្រួល​ពេលវេលា ដើម្បីមាន​កុង​សង់ស៊ីសក្នុងចំណោមអាស៊ាន ១០។ ប្រទេសសម្របសម្រួលគឺឥណ្ឌូនេស៊ីទេ សូមកុំភាន់ច្រលំ។ សូម​អ្នកដែលមិនយល់សូមទៅរៀនពីការងារអាស៊ានឡើងវិញ សង្ឃឹមថា អស់លោកបណ្ឌិត សាស្ដ្រាចារ្យកិច្ចការអន្ដរជាតិជាដើម ។ល។​ រៀន​សូត្រឲ្យចេះដឹងច្រើនជាងនេះ កុំឲ្យគេហៅថាអាល្ងង់ទូ។ ព្រោះប្រទេសរបស់យើងមានសេដ្ឋវិទូ មានទស្សនវិទូ ប៉ុន្ដែការមាន​អាល្ងង់ទូដែរ។ ការមិនមានការចេះដឹងគ្រប់គ្រាន់ គឺធ្វើឲ្យ​ចេញទៅជាបែបមនុស្សបោកប្រាស់។ ឧទាហរណ៍​ ការទម្លាក់កំហុសឲ្យប្រធានអាស៊ាន​ ថា អត់ចង់ប្រជុំរវាងអាស៊ាន និងអាមេរិក។ វាទៅជាឆ្កុយអញ្ចឹងទៅ​។

ឆ្នាំនេះចេញក្រៅប្រទេសរាងច្រើន ប្រជុំបញ្ហាទឹកនៅជប៉ុន, WEF នៅស្វ៊ីស

ថ្ងៃនេះខ្ញុំក៏បានឱកាសដើម្បីបញ្ជាក់ដែរ ប៉ុន្ដែខ្ញុំក៏សូមបញ្ជាក់ថា(ការ)ចេញទៅក្រៅប្រទេសរាងច្រើនបន្ដិច។ ប្រ​សិន​បើគ្មាន​ការប្រែប្រួលទេ ក្រោយចូលឆ្នាំខ្មែរ ខែមេសា ខ្ញុំអាចចេញទៅជប៉ុន ដើម្បីចូលរួមប្រជុំដោយផ្ទាល់អំ​ពី​បញ្ហាទឹក។ តាមទម្រង់ដើម គេចង់ប្រជុំតាមអនឡាញទេ ក៏ប៉ុន្ដែដោយសារសភាពការណ៍ធូរស្រាល គេកំពុងគិតដោយការ​ប្រជុំអនឡាញផង និងប្រជុំផ្ទាល់ផង។ ដោយឡែក សំរាប់វេទិកាផ្នែកទឹកនេះ កម្ពុជា(នឹង)ទៅផ្ទាល់​។ អញ្ចឹងលទ្ធភាពខ្ញុំធ្វើដំណើរទៅប្រទេសជប៉ុនដើម្បីចូលរួមការប្រជុំនោះ(មានច្រើន)។ បន្ទាប់ទៅត្រូវទៅចូល​រួមវេទិកាសេដ្ឋកិច្ចពិភព​លោកនៅប្រទេសស្វ៊ីស ប៉ុន្ដែខ្ញុំត្រូវមកមុនមួយថ្ងៃ ដើម្បីខ្ញុំប្រជុំតាមអនឡាញជា​មួយ​ថ្នាក់ដឹកនាំដទៃទៀត អំពីអនាគត​អាស៊ី​ ពីរពេល។ ខ្ញុំនឹងចុះ(ចត)នៅថ្ងៃទី ១៦ ឧសភា ចេញទៅមុនថ្ងៃ ១២ ដើម្បីចូលរួមប្រជុំ។ ម៉ោង ៦ ព្រឹក ថ្ងៃ ១២ ឧសភា ត្រូវចុះឲ្យដល់ព្រលានយន្ដហោះពោធិចិនតុង ម៉ោង ១១ កន្លះ (ថ្ងៃ ១៦ ឧសភា) ខ្ញុំត្រូវថ្លែង និងចោទជាសំណួរទៅវិញទៅមក។ បន្ទាប់ទៅនៅពេលល្ងាច យើងនឹងមានការពិភាក្សាជាមួយក្រុមមួយទៀត ដោយក្នុងនោះមានទាំងនាយករដ្ឋមន្ដ្រី​ជប៉ុន​ក៏ចូលរួមផងដែរ។

មិនទាន់ដឹងពេលវេលាច្បាស់លាស់ នៃការប្រជុំអាស៊ាន-អាមេរិក

យើងក៏មិនទាន់ដឹងទេថាការប្រជុំអាស៊ាននឹងអាមេរិកកើតឡើងនៅពេលណា​? ទុក​លទ្ធ​ភាពឲ្យឥណ្ឌូនេស៊ីធ្វើការ។ នៅពេលដែលមានកុងសង់ស៊ីស​រួចហើយ ទើបយើងរៀបចំឲ្យមានពេលវេលាជាក់​លាក់​ម្ដងទៀត រវាងអាស៊ាន និងអាមេរិក។ អញ្ចឹងសូមកុំភាន់ច្រឡំថា ប្រធានអាស៊ានមិនព្រមប្រជុំ រវាង អាស៊ាន និងអាមរិក។​ អ្នកដែលទទួលបន្ទុកហ្នឹង គឺឥណ្ឌូនេស៊ីទទួលបន្ទុក ក្នុងការសម្របសម្រួល។ ប្រធានអាស៊ានជាសមាជិក​អាស៊ាន​មួយ ដែលត្រូវធ្វើការសម្របសម្រួលក្រោម​ភាពជាអ្នកសម្របសម្រួលរបស់ឥណ្ឌូនេស៊ីតែប៉ុណ្ណោះ។ អញ្ចឹងសង្ឃឹមថា លោកបណ្ឌិត លោកសាស្ដ្រាចារ្យ គឺរៀនយល់ពីអាស៊ាន។

ខ្ញុំចង់ឲ្យ​អ្នកទាំងអស់គ្នាទៅរៀនពីចៅរបស់ខ្ញុំដែលកំពុងសិក្សា​។ យប់មិញចៅរបស់ខ្ញុំ គេបានប្រាប់មកខ្ញុំថា លោកតា ឥឡូវ​នេះ Tony Blair អតីតនាយករដ្ឋមន្ដ្រីអង់គ្លេសមកធ្វើបទឧទ្ទេសនាម។ ចៅរបស់ខ្ញុំបានដាក់សំណួរពីរជាលាយលក្ខណ៍អក្សរ ប៉ុន្ដែគេមិនបានជ្រើសរើសយកទេ ដោយសារ Tony Blair អត់មានពេល។ គេមកតែមួយម៉ោងទេ។ ខ្ញុំសួរ​ថា ចៅដាក់សំណួរទៅ Tony Blair ពីរឿងអី? ចៅខ្ញុំគេថា ទី ១ គេដាក់សំណួរ(ទាក់ទងនឹង)សង្គ្រាមអ៊ីរ៉ាក់។ ហេតុអ្វីបានជាអាមេរិកនិងអង់គ្លេសលើកទ័ព​ទៅវ៉ៃអ៊ីរ៉ាក់? ឯទី ២ សួរពីសភាពការណ៍នៅប្រទេសអង់គ្លេសបច្ចុប្បន្ន។ កាលពីប៉ុន្ដែ​ខែមុន សួរចៅ គេកំពុងសរសេរសារណា (ខ្ញុំ)សួរថាចៅសរសេរពីអី? ចៅថាសរសេរពីភាពខុសគ្នារវាងអាស៊ាន និង EU។ បើអញ្ចឹងចៅកំពុងរៀនតាមដានអំពីកិច្ចការរបស់អាស៊ានហើយតើ។

ដូចនេះ ប្រហែលចៅរបស់ខ្ញុំអាចបង្រៀន បណ្ឌិតសាស្រ្ដាចារ្យ មួយចំនួន ដែលវិភាគបែបឆ្កុយមក(ថា)ប្រធានអាស៊ានអត់ចង់ប្រជុំជាមួយអាមេរិក។ ​ ខ្ញុំគិតថា មេដឹកនាំអាមេរិក និងអ្នកការទូតអាមេរិកនៅភ្នំពេញមិនល្ងង់ រហូតទៅតាមការវិភាគញុះញង់របស់ពួកអ្នកបណ្ឌិត សាស្ដ្រាចារ្យ និងអ្នកវិភាគអស់ទាំងហ្នឹងទេ។ អ្វីដែលខ្ញុំចង់បញ្ជាក់សម្រាប់ប្រជាពលរដ្ឋរបស់យើងមានការ​យល់ដឹងពីអាស៊ាន ព្រោះមិនមែនមានតែមេដឹកនាំប៉ុន្មាននាក់នៅភ្នំពេញធ្វើការអាស៊ានទេណា។ យើងកំពុងតែអប់រំ ធ្វើយុទ្ធនាការ​យល់ដឹងអំពីអាស៊ាន ព្រោះថ្ងៃក្រោយយើងនឹងធ្វើការកាន់តែជិតសិ្នទ្ធ នៅពេលអាស៊ានធ្វើសហការពេញលេញជាមួយគ្នា។ អាស៊ានមានកិច្ចការច្រើនណាស់ សូម្បីដំណាក់កាលកូវីដ-១៩ នេះ ការបំពេញឲ្យគ្នានៅក្នុងក្របខណ្ឌ​អាស៊ានធ្វើទៅបានយ៉ាងល្អ បើទោះបីជាប្រទេសមួយៗ យកវិធានការដាច់ដោយឡែកពីគ្នា។

គ្រា​ កូវីដ-១៩ … ទំហំពាណិជ្ជកម្មកើនឡើងរវាងបណ្ដាប្រទេសក្នុងអាស៊ាន ដោយសារការបំពេញឲ្យគ្នា

អ្នកមួយ​ចំនួន ពេលមកជួបខ្ញុំគាំទ្រភាពជាប្រធានរបស់កម្ពុជា ហើយសួរខ្ញុំថា ឯកឧត្តម ចង់បានអីពិតប្រាកដ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន? ក្រៅពីបញ្ហាមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង រឿងCOC ខ្ញុំបានប្រាប់​ថា អ្វីដែលខ្ញុំចង់បាន គឺកិច្ចសហប្រតិបត្ដិការនៅក្នុងក្របខណ្ឌអាស៊ានខ្លួនឯងទាក់ទងនឹងកិច្ចព្រមព្រៀងសេរីអាស៊ាន AFTA ព្រោះនៅពេលដែលចាប់ផ្ដើមកូវីដ-១៩ ប្រទេសនីមួយៗ យកវិធានការខុសៗគ្នា។ ខ្លះបិទទល់ដែន។ គិតតែបិទ។ បើយើងមើលត្រឡប់ទៅវិញ បើទោះបីវិធានការខុសគ្នាក៏ដោយ ទំហំពាណិជ្ជកម្មមានការកើនឡើងរវាងបណ្ដាប្រទេសក្នុងអាស៊ាន។ ដោយសារអី? គឺការបំពេញឲ្យគ្នា។

កម្ពុជា និងវៀតណាម មុននេះដាក់គោលដៅទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ត្រឹមតែ ៥ ពាន់លានដុល្លារទេ។ ប៉ុន្ដែ​ជាក់ស្ដែងយើងធ្វើបានជិត ១០ ពាន់លានដុល្លារ​ ពីរឆ្នាំជាប់គ្នា … ពីមុននេះ ទំហំ​នាំចូលពីវៀតណាមមកកម្ពុជាច្រើន ជាងកម្ពុជានាំ​ចេញទៅវៀតណាម។ ប៉ុន្ដែនៅពេលដំណាក់កាលកូវីដ-១៩ នេះការបំពេញឲ្យគ្នា កម្ពុជានាំចេញទៅវៀតណាមច្រើន។ កម្ពុជា និងថៃ ក៏មានទំហំពាណិជ្ជកម្មប្រមាណជាង ១០ ពាន់លានដុល្លារដែរ។ កម្ពុជា និងម៉ាឡេស៊ី ទំហំពាណិជ្ជកម្ម​កើនឡើងរហូតដល់ជាង ៥០០ លាន។ នេះយើងគ្រាន់តែពិនិត្យ(ទំហំពាណិជ្ជកម្មរវាងកម្ពុជានិង)ប្រទេសបី។

ប្រើ AFTA ឲ្យអស់លទ្ធភាព បន្ថែមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានជាមួយចិន និង RCEP

អញ្ចឹងបានជាយើងត្រូវប្រើឲ្យអស់លទ្ធភាព នៃការធ្វើសមាហរណកម្មក្នុងក្របខណ្ឌអាស៊ានរបស់យើង​កាន់តែស៊ីជម្រៅ។ យើងនៅប្រើមិនទាន់អស់ AFTA (នៅឡើយទេ) បន្ទាប់ទៅយើងនឹងប្រើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន​ជាមួយចិន។ យើងប្រើក្របខណ្ឌកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​​​ RCEP ជាមួយនឹងអាស៊ាន ១០ បូកនឹងដៃគូ ៥ ដែលមានចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងណូវែលហ្សេឡង់។ បើធ្វើអាហ្នឹងបាន គឺធានាថានឹងមានលំហូរពាណិជ្ជកម្មច្រករបៀងនៃការធ្វើដំណើររបស់អាស៊ាន។ ឥឡូវ ដូចជាវៀតណាមមកកម្ពុជា គាត់ត្រូវហោះទៅកូរ៉េខាងត្បូង ហើយបានហោះពីកូរ៉េខាងត្បូងមកចុះនៅពោធិចិនតុង ឬក៏ហោះទៅសិង្ហបុរី ទើបបានហោះចូលមកកម្ពុជា។ ចុះបើសិនបើកមានការហោះត្រង់តែម្ដងទៅ វាក៏ជាការល្អនៃដំណើរការសេដ្ឋកិច្ច។ វាកាត់បន្ថយពេលវេលា និងការចំណាយ។ ថៃ និងកម្ពុជា សិង្ហបុរី និងកម្ពុជា ម៉ាឡេស៊ី និងកម្ពុជា បើកការហោះហើរត្រង់រួចស្រេចមកហើយ។

ដំណើរការសេដ្ឋកិច្ចក្នុងកាលៈទេសៈរៀនរស់ជាមួយកូវីដ

អញ្ចឹង អ្វីដែលយើងចង់បាន គឺដំណើរការសេដ្ឋកិច្ចក្នុងកាលៈទេសៈរៀនរស់នៅជាមួយនឹងកូវីដ-១៩​។ ឥឡូវប្រ​ជាជនកម្ពុជាយើងទៅថៃ ក៏អត់ត្រូវធ្វើចត្តាឡីស័ក ទៅសិង្ហបុរីក៏អត់ចាំបាច់ធ្វើចត្តាឡីស័ក។ អាហ្នឹងវាមានទៅមានមក។ ធ្វើទៅធ្វើមក។ ឯយើងមិនចាំបាច់គេថាមានបដិការទេ។ អ្នកណាក៏ដោយឲ្យតែមកដល់ មិនចាំបាច់ធ្វើតេស្ដទេ ដល់ម៉ោងដែលត្រូវអនុវត្តហើយ​។ ប៉ុន្តែ ឯកឧត្ដម ម៉ម ប៊ុនហេង ម៉ាស៊ីនវាស់កំដៅគួរត្រូវទុក ព្រោះវាមានប្រដាប់ស្កេនស្រាប់តើ ដើរកាត់តាមហ្នឹង។ អ្នកណាកំដៅប៉ុន្មានយើងអាចវាស់វែងបាន។ ប៉ុន្តែ យើងគ្រាន់តែបញ្ឈប់ការធ្វើតេស្ដតែប៉ុណ្ណឹង ហើយទិដ្ឋាការក៏មិនចាំបាច់យកតាមស្ថានទូតនានា មកដល់យើងវាយទិដ្ឋាការឲ្យចូលមក។ មិនមានតម្រូវការអំពីការពិនិត្យវិញ្ញាបនបត្រ ៧២ ម៉ោង សម្រាប់ PCR នោះទេ។ អញ្ចឹង នេះជាការបន្ធូរបន្ថយសម្រាប់សេដ្ឋកិច្ចរបស់យើង។

ព្រៃវែងរួមចំណែកដល់អតិរេកស្បៀង, សភាពការណ៍យ៉ាងម៉េចក៏ដោយ មិនឲ្យប្រជាជនកម្ពុជាខ្វះអង្ករ

ព្រៃវែងក៏ក្លាយទៅជាខេត្តមួយ ដែលរួមចំណែកធ្វើឲ្យមានអតិរេកស្បៀងនៅកម្ពុជាផងដែរ។ ឆ្នាំនេះតាមការប៉ាន់ប្រមាណ ស្បៀងរបស់យើងមានប្រមាណមិនតិចជាង ៥ លានតោនទេ។ ក្នុងការហោះហើរមកនេះ យើងឃើញ​ថា ស្រូវប្រាំងរបស់យើងខ្លះកំពុងច្រូត ខ្លះកំពុងបែកគុម្ព ខ្លះកំពុងចេញ។ ដូច្នេះ ដំណើរការសេដ្ឋកិច្ចរបស់យើង(ប្រព្រឹត្តទៅជាធម្មតា)។ រឿងដែលធំជាងគេម្សិលមិញ ខ្ញុំបានប្រាប់អនុប្រធានធនាគារពិភពលោកថា ពិតហើយ យើងត្រូវធ្វើគ្រប់ផ្នែកទាំងអស់ ដើម្បីឲ្យវាងើបឡើងវិញសេដ្ឋកិច្ចរបស់យើង។ ប៉ុន្តែរឿងដែលធំមួយសំ​ខាន់ជាងគេ បើទោះបីសភាពការណ៍កើតឡើងយ៉ាងម៉េចក៏ដោយមិនទុកឲ្យប្រជាជនកម្ពុជាខ្វះអង្ករច្រកឆ្នាំង។ អញ្ចឹងកម្ពុជានៅតែមានស្បៀង។ នេះជាស្រូវ ជាអង្ករ ជាការដំាំដុះរបស់យើង ជាត្រី ជាសាច់ ដែលយើងផលិតក្នុងស្រុករបស់យើងៗ បន្តនូវដំណើរការ​អស់ទាំងនេះតទៅទៀត។

១៦ គណបក្សដាក់បេក្ខជនសម្រាប់ប្រកួតប្រជែងយកអាសនៈនៅតាមក្រុមប្រឹក្សាឃុំ/សង្កាត់

ពិតហើយ ប្រធានបទ(ថ្ងៃនេះ)និយាយពីរឿងកូនក្មេងនៅក្នុងមណ្ឌលនេះ គឺខ្ញុំនិយាយត្រឹមតែ ៥ នាទី គឺវាចប់បាត់ហើយ។ ប៉ុន្តែនាយករដ្ឋមន្រ្តីម្នាក់ មកនិយាយត្រឹមតែ ៥ នាទី និយាយតែពីអាហ្នឹង វាអត់មានទាក់ទងដល់កន្លែងដទៃទៀត ជាប្រធានបទចាំបាច់ត្រូវនិយាយ មិនមែននាយករដ្ឋមន្រ្តីឯណា វាជាប្រធានមណ្ឌល។ ខ្ញុំត្រូវនិយាយឲ្យអស់ រាប់ទាំងកិច្ចការបរទេស។ រាប់ទាំងការពន្យល់របៀបធ្វើការរបស់អាស៊ាន ហើយសុំកុំឲ្យគេទម្លាក់ថា កម្ពុជាមិនចង់ប្រជុំរវាង អាស៊ាន និងអាមេរិក។ ខ្ញុំក៏បានបញ្ជូនសារទៅហើយថា នៅចុងខែ ៥ និងខែ ៦ ខ្ញុំមិនអាចចេញពីប្រទេសបានទេ ព្រោះពេលនោះ គឺយើងត្រូវធ្វើការបោះឆ្នោត។ មាន ១៦ គណបក្សចូលរួម ធ្វើការបោះឆ្នោត បានដាក់បេក្ខជនសម្រាប់ប្រកួតប្រជែងយកអាសនៈនៅតាមក្រុមប្រឹក្សាឃុំ/សង្កាត់។ នាយករដ្ឋមន្រ្តីត្រូវតែនៅក្នុងប្រទេស។ បើលើកមកពេលហ្នឹង គឺខ្ញុំមិនអាចចេញពីប្រទេសបាន។

ឥឡូវ(ថា) ពេលណាក៏បាន ខ្ញុំអាចលុបចោលកម្មវិធីក្នុងស្រុក។ ខ្ញុំអាចចេញទៅ។ ប៉ុន្តែសុំកុំឲ្យថា កម្ពុជាអត់ចង់ប្រជុំជាមួយអាមេរិក។ វាមិនមែនអញ្ចឹង។ រឿងហ្នឹងរឿងរបស់ឥណ្ឌូនេស៊ីដែលត្រូវបន្ត។ ខ្ញុំមិនបញ្ចេញនូវកាលបរិច្ឆេទថ្មី ដែលឥណ្ឌូនេស៊ីបានស្នើមកកម្ពុជាទេ ព្រោះយើងទុកឲ្យប្រទេសសម្របសម្រួលធ្វើការសិន។ ពេលដែលមានការឯកភាពគ្នាហើយ ទើបមានការប្រកាស ទាំងសហរដ្ឋអាមេរិកក៏ប្រកាស ទាំងខាងអាស៊ានក៏ប្រកាស អំពីការដែលត្រូវប្រជុំនេះ។

ឥឡូវនេះ នៅក្នុងមជ្ឈមណ្ឌលរបស់យើងនេះ គឺមិនទាន់មានចំនួនក្មេងច្រើននៅឡើយទេ តែអាចថ្ងៃក្រោយមានដែរ។ អ្វីដែលឃើញនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ពីម្សិល ស្លាប់ ៥ នាក់។ ឥឡូវនេះ ខ្ញុំបញ្ជាក់ឡើងវិញ ឆ្នាំទៅ នៅពេលដែល កូវីដ-១៩ រាតត្បាត ចំនួនអ្នកគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ដល់សូន្យ។ អត់មានស្លាប់។ អត់ឲ្យធ្វើដំណើរ។ អញ្ចឹងអត់មានស្លាប់។ ឯអ្នកស្លាប់ គឺស្លាប់ដោយកូវីដ។ ដល់ឥឡូវ អ្នកស្លាប់ដោយកូវីដ ធ្លាក់ចុះរហូតដល់សូន្យ អ្នកគ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃៗគឺ ៥ យ៉ាងតិច ព្រោះឥឡូវនាំគ្នាដើរវិញហើយ។

ខឹងវេណេហ្ស៊ូអេឡា ដាក់ទណ្ឌកម្ម ឈប់ទិញប្រេង, ឥឡូវដាក់ទណ្ឌកម្មរុស្ស៊ី ចរចាទិញប្រេងពីវេណេហ្ស៊ូអេឡា

សាំងឡើងថ្លៃ សុំកុំជេរ ហ៊ុន សែន អី។ រឿងហ្នឹងវាជារឿងសភាពការណ៍អន្តរជាតិដែលបានកើតឡើង។ សង្រ្គាម​រវាងរុស្ស៊ី និងអ៊ុយក្រែន បានបង្កើតជាបញ្ហាសម្រាប់សេដ្ឋកិច្ចសកលហើយ។ អតិផរណានៅសហរដ្ឋអាមេរិក គេថាមិនធ្លាប់មានក្នុងរយៈពេល ៤០ ឆ្នាំ។ នៅអឺរ៉ុបក៏កំពុងទទួលរងផលប៉ះពាល់។ ឥឡូវ គេនាំគ្នាឈប់ទិញប្រេងពីរុស្ស៊ី … កាលពីខឹងវេណេហ្ស៊ូអេឡា ឈប់ទិញប្រេងពីវេណេហ្ស៊ូអេឡា ដើម្បីដាក់ទណ្ឌ​កម្មទៅលើវរណេហ្ស៊ូអេឡា។ ដល់ឥឡូវត្រូវដាក់ទណ្ឌកម្មលើរុស្ស៊ី អាមេរិកត្រូវចរចាទិញប្រេងពីវេណេហ្ស៊ូអេឡា ដើម្បីឈប់ទិញប្រេងពីរុស្ស៊ីម្ដង។ ចុះបើសិនពេលហ្នឹង ខាងវេណេហ្ស៊ូអេឡាថា អត់លក់ឲ្យ អញ្ចឹងវាមិនទៅជាយ៉ាងម៉េចទៅហើយ? ប្រេងនឹងឡើងថ្លៃទៀត។ ប៉ុន្តែ ដំណោះស្រាយអាចមាន។ យើងកាត់បន្ថយធ្វើដំណើរខ្លះ ឧទា​ហរណ៍ថា​ ការធ្វើដំណើរធ្លាប់ត្រូវការឡានពីរ យើងប្រើតែឡានមួយទៅ វាក៏ធូរស្រាលបន្តិចដែរ។ ប៉ុន្តែ រអ៊ូៗថាសាំងឡើងថ្លៃ តែស្ទះឡានពេញទាំងផ្លូវ។ ប៉ុន្តែធ្វើម៉េចអាហ្នឹងវាជាតម្រូវការ ខ្ញុំអត់អាចទៅរារាំងបានទេ។

ភូមិកុមារ SOS មិនតម្រូវអោយកុមារគោរពសាសនាម្ចាស់ជំនួយ

ពេលនេះ ខ្ញុំក៏សុំលោកប្រធាន ពាំនាំនូវការគោរពរបស់ខ្ញុំជូនចំពោះលោក Helmut Kutin ក៏ដូចជា លោក Siddhartha Kaul ផ្ដាំនូវការសាកសួរសុខទុក្ខចំពោះអ្នកទាំងពីរផង ដែលគាត់ធ្លាប់មកទស្សនកិច្ចនៅកម្ពុជាកាលពីពេលមុន។ លោក Siddhartha Kaul គាត់មកពីរដង ឯលោក Helmut Kutin គឺមក ៤​ ដង។ ប៉ុន្តែអង្គការហ្នឹង អ្នកដែលនៅសម្របសម្រួល គឺ នឹម ថូត ដដែល? ជាសមាជិកដែលទទួលបន្ទុកធ្វើការសម្របសម្រួលជាមួយអង្គការនេះ។ នៅឡាវ ឥឡូវនេះ ឡាវគាត់ធ្វើអ្នកសម្របសម្រួលតាំងពីគាត់នៅធ្វើជាអនុរដ្ឋមន្រ្តី ធ្វើជារដ្ឋមន្រ្តី ឥឡូវគាត់ឡើងធ្វើជាប្រធានាធិបតី នៅនឹងភូមិ SOS ហ្នឹង Thongloun (Sisoulith) គាត់ធា្លប់ជាអ្នកស​ម្របសម្រួលធ្វើការជាមួយនឹងខាងភូមិកុមារ។

ភូមិកុមារនេះទៀតសោត អនុញ្ញាតឲ្យខ្ញុំកត់សម្គាល់ បន្តិច មិនបានចាប់បង្ខំឲ្យគោរពសាសនាណាមួយទេ។ យើងមើលគ្រប់បន្ទប់ទាំងអស់ អត់មានដាក់ស្អីទេ។ កន្លែងខ្លះ យើងមិនទិតៀនទេ តែគេបានដាក់រូបសាសនានេះ/នោះ។ អញ្ចឹងក្មេងៗដែលទៅជ្រកកោន ត្រូវបង្ខំចិត្តគោរពសាសនានោះ។ អង្គការនៅស្រុកយើងគឺមានករណីអញ្ចឹង។ ប៉ុន្តែ ចំណុចពិសេសរបស់ SOS គឺអត់មានដាក់ថា អ្នកឯងត្រូវគោរពសាសនានេះ ទើបអ្នកឯងនៅកន្លែងហ្នឹងបានទេ។ ចំណុចនេះ គប្បីប្រើតទៅទៀត ហើយគួរអង្គការដទៃប្រើប្រាស់។ អង្គការខ្លះ​យើងទៅ នាំយើងចូលទៅបន្ទប់ មានដាក់សាសនាដែលគាត់គោរព។

អញ្ចឹងក្មេងដែលចូលទៅ ទោះបីឪពុកម្ដាយគោរពព្រះពុទ្ធសាសនា ក៏ចូលទៅត្រូវគោរពសាសនាដែលជាម្ចាស់ជំនួយកន្លែងនោះ។ ហ្នឹងជាការមួយដែលគេហៅថា មិនសមស្របជាមួយនឹងសិទ្ធិជំនឿ។ គ្នាអត់មានជម្រើសត្រូវទៅនៅ ដល់ទៅនៅ ត្រូវគោរពសាសនាដែលខ្លួនទៅនៅកន្លែងនោះ។ អាហ្នឹងជាចំណុចដែលធ្វើការកត់សម្គាល់ជាមួយ SOS។

មិនអនុញ្ញាតអោយពលរដ្ឋកម្ពុជាទៅធ្វើទាហាននៅអ៊ុយក្រែន តែអាចនឹងទទួលជនភៀសខ្លួន

ដោយសារថ្ងៃនេះគឺខ្ញុំត្រូវត្រឡប់ទៅវិញ ល្ងាចនេះមានភ្ញៀវដល់ទៅពីរ។ ពេលដែលទទួលលោកប្រធានហើយ ខ្ញុំត្រូវទទួលប្រធានមូលនិធិអាស៊ីមួយទៀត … អញ្ចឹងស្រួលហើយខ្ញុំជួបតែមួយភ្លែតទេ។ រឿងស្អីៗទៅជួបជាមួយសម្ដេច(ក្រឡាហោម)ទៅ … (រឿងអាហ្វហ្គានីស្ថាន) សំខាន់រឿងនោះ។ យើងក៏ធ្វើចិត្តមនុស្សធម៌ដែរ ដើម្បីផ្ដល់ឱកាសឲ្យអ្នកដែលត្រូវការជ្រកកោននៅក្នុងប្រទេសរបស់យើង។ អញ្ចឹង ពេលដែលមកជួបខ្ញុំៗ នឹងថា ស្អែកជួបជាមួយសម្ដេចក្រឡាហោម និយាយជាក់ស្ដែងជាមួយគាត់ថែមទៀតទៅ អំពីលក្ខខណ្ឌការរស់នៅស្អីៗ មានការលំបាកស្អីៗ និយាយជាមួយគាត់ទៅ។ ប៉ុន្តែ ត្រូវតែឲ្យគាត់សម្ដែងការគួរសម ព្រោះយើងជាម្ចាស់ផ្ទះ ហើយគេក៏ពឹងពាក់យើង …។

ខ្ញុំនៅតែបញ្ជាក់ យើងសុខចិត្តទទួលប្រជាពលរដ្ឋមកពីអាហ្វហ្គានីស្ថាន ប៉ុន្តែខ្ញុំនៅតែ​មិនអនុញ្ញាតឲ្យពលរដ្ឋកម្ពុជាធ្វើទាហានស្ម័គ្រចិត្តទៅច្បាំងនៅអ៊ុយក្រែន​។ អ្នកណាចង់ សូមអញ្ជើញ ប្រទេសណាទៅក៏ទៅៗ ប៉ុន្តែពលរដ្ឋកម្ពុជាគឺហាម។ អត់ទេ។ យកសាំងទៅចាក់លើភ្លើងទេអាហ្នឹងនោះ។ ទុកឲ្យគេចរចា ឲ្យគេរកដំណោះស្រាយទៅ។ ប៉ុន្តែ ដល់ថាស្ម័គ្រចិត្តរៀបចំជួរដើម្បីទៅធ្វើទាហាននៅអ៊ុយក្រែន ហើយខាងអ៊ុយក្រែននោះថា អ្នកណាទៅធ្វើទាហាន ថានឹងប្រគល់ឲ្យសញ្ជាតិថែមទៀត។ លើកទឹកចិត្តឲ្យទៅ។ អ្នកខ្លះចង់បានសញ្ជាតិអ៊ុយក្រែនទៅមួយភ្លែតទៅ ហើយត្រឡប់មកវិញ។ ហ្នឹងតែគេបាញ់ រត់រំបល់យ៎ក។ វាមានស្គាល់សាសន៍អីវា។ ខ្ញុំមិនលើកទឹកចិត្តទេអារឿងហ្នឹង។ ប៉ុន្តែ ក្នុងករណីដែលមានជនជាតិអ៊ុយក្រែនភៀសខ្លួនមកដល់កម្ពុជា អាហ្នឹងយើងត្រូវតែឲ្យនៅហើយ ព្រោះយើងមិនដឹងធ្វើម៉េច?

ការសង្គ្រោះជនអាល្លឺម៉ង់ ជាការយកចិត្តទុកដាក់លើមនុស្សជាតិ មិនថាជាតិសាសន៍ណាឡើយ

ឥឡូវមិនចាំបាច់អ៊ុយក្រែនទេ ម្សិលម្ងៃរកឃើញជនជាតិអាល្លឺម៉ង់មួយ អនាថាពេញតែហ្នឹង​ ទូតអាល្លឺម៉ង់មិនដឹងទៅសួរសុខទុក្ខហើយឬនៅ? គ្នាដើរឈឺដំបៅជើងផងអីផង អត់មាន Passport អត់មានអីផង ឃើញគេបង្ហោះហ្វេសប៊ុក។ ខ្ញុំក៏ឲ្យ ឆៃស៊ីណារិទ្ធ តាមរក។ ដល់រកឃើញយកទៅពេទ្យកាល់ម៉ែត ធ្វើការវះជើងគាត់មុតស្អីតាំងពីនៅអាល្លឺម៉ង់នោះ ហើយឲ្យគាត់សម្រាកពេទ្យ។ ប្រាប់ទៅទូតអាល្លឺម៉ង់ហើយ។ ទូតអាល្លឺម៉ង់មិនទាន់ទៅសួរសុខទុក្ខផង។ ប៉ុន្តែយើងចិត្តធម៌ យើងជួយពលរដ្ឋបរទេសដែលនៅប្រទេសយើង។ យើងត្រូវមើលការខុសត្រូវ។ និយាយអញ្ចឹងក៏ដូចជាផ្ដាំទៅអគ្គរដ្ឋទូតអាល្លឺម៉ង់ផងដែរ ព្រោះបានជូនដំណឹងតាមរយៈការទូត ឬតាមរយៈសមត្ថកិច្ចរបស់កម្ពុជាហើយ ប៉ុន្តែអត់ទាន់បានឃើញទូតអាល្លឺម៉ង់ទៅសួរសុខទុក្ខ …។

ឥឡូវ(ជនអាឡឺម៉ង់នោះ)កំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត ហើយនៅបន្ទប់ VIP ទៀត។ ម្ហូបអាហារចិញ្ចឹមប៉ុន្មានថ្ងៃ គឺដេកពេទ្យហើយយើងចេញ។ យើងត្រៀម បើគាត់អត់លុយ យើងត្រៀមទិញសំបុត្រយន្តហោះឲ្យគាត់ទៅស្រុក។ ប៉ុន្តែ គាត់អត់មាន Passport វាទាល់តែស្ថានទូតអាល្លឺម៉ង់ចេញឲ្យគាត់។ អញ្ចឹងដូចជាផ្ដាំ។ ដោយសារតែមន្រ្តីខាងក្រោមបញ្ជូនព័ត៌មានទៅដល់ទូតអាល្លឺម៉ង់ តែទូតអាល្លឺម៉ង់មិនទាន់ឃើញតប អញ្ចឹងមានតែនាយករដ្ឋមន្រ្តីស្រែកឲ្យលឺតែម្ដង បង្ហាញពីការកាយវិការរបស់យើងយកចិត្តទុកដាក់និយាយរួម មនុស្សជាតិ មិនថាជាតិសាសន៍ណាទេ។

ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់កុមារដែលស្នាក់នៅភូមិកុមារ SOS ចំនួន ២៧ នាក់ ក្នុងម្នាក់ៗចៅៗទទួលបាន ៥ ម៉ឺនរៀល។ ជូនអ្នកម្ដាយ និងបុគ្គលិក ១៥ នាក់ ក្នុងម្នាក់ៗ ១០ ម៉ឺនរៀល។ ជូនភូមិកុមារ SOS ខេត្តព្រៃវែង ចំនួន ៥ លានរៀល។ ជូនសាលាក្រុងព្រៃវែង ២ លានរៀល។ ជូនគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣ លានរៀល។ ជូនក្រុមតន្រ្តីសម័យ ៥ លានរៀល។ នេះគឹមានតែប៉ុណ្ណឹងទេ។ ហើយជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះភូមិកុមារ SOS ខេត្តព្រៃវែង ខ្ញុំសូមជូនពរសម្ដេច ឯកឧត្ដម លោកជំទាវ បងប្អូនជនរួមជាតិ សូមប្រកបតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ