រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី : គ្មាន​ប្រទេស​ណាមួយ​មានកម្ម​សិទ្ធិផ្តាច់មុខ​លើ​លក្ខណៈវិនិច្ឆ័យ​នៃ​លទ្ធិប្រជាធិបតេយ្យ​នោះទេ​

ភ្នំពេញៈ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រីបាន​បញ្ជាក់ថា គ្មាន​ប្រទេស​ណាមួយ​មានកម្ម​សិទ្ធិផ្តាច់មុខ​លើ​លក្ខណៈវិនិច្ឆ័យ​នៃ​លទ្ធិប្រជាធិបតេយ្យ​នោះទេ​ហើយក៏​មិនអាច​កម្រិត​សិទ្ធិ​របស់​ប្រជាជន ក្នុងការ​ស្វែងរក​និង​ការជ្រើសរើស​គំរូ​ប្រជាធិបតេយ្យ​នោះដែរ​។ ដូច​សុភាសិត​មួយ​និយាយថា “​មានតែ​អ្នក​ពាក់​ស្បែកជើង​ទេ​ទើប​ដឹងថា ស្បែកជើង​នោះ​ត្រូវ​ជើង​គេ​ឬ​អត់​”​។ ការវិនិច្ឆ័យ​ថា​តើ​ប្រទេសមួយ​មាន​ប្រជាធិបតេយ្យ​ឬ​អត់ គួរ​ធ្វើឡើង​ដោយ​ប្រជាជន​នៃ​ប្រទេស​នោះ មិនមែន​ដោយ​មនុស្ស​មួយ​ក្តាប់​តូច​ណា​នោះទេ​។


ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ​ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចសន្ទនា​លើក​ទី​២​ស្តីពី​ការផ្លាស់ប្តូរ​និង​ការស្វែងយល់​ពី​អារ្យធម៌​រវាង​គ្នា​ដោយមាន​ការចូលរួម​ពី​សំណាក់ អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន រដ្ឋមន្ត្រី​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន រួមទាំង​ភាគី​ពាក់ព័ន្ធ​។​កិច្ចសន្ទនា​នេះ​ត្រូវបាន​ថត​ទុក​និង​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០២២​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​ថ្លែងថា លក្ខណៈពិសេស​នៃ​អារ្យធម៌​មិន​ខុសគ្នា​ពី​លក្ខណៈពិសេស​នៃ​ប្រជាធិបតេយ្យ​នោះទេ​។ ក្នុង​ពិភពលោក​យើង​នេះ​អារ្យធម៌​មាន​លក្ខណៈ​សម្បូរបែប​និង​ពិពិធ​ភាព​ហើយ​ប្រជាធិបតេយ្យ​ក៏​ដូច្នោះ​ដែរ​។ ​ប្រជាធិបតេយ្យ​មិនមែនជា​ផលិតផល​ដែលមាន​គំរូ​ឬ​រូបសណ្ឋាន​តែមួយ​សម្រាប់​ប្រទេស​នានា​ជុំវិញ​ពិភពលោក​នោះទេ​។​មាន​វិធី​ជាច្រើន​ដើម្បី​ធ្វើឱ្យ​ប្រជាធិបតេយ្យ​ទទួលជោគជ័យ ហើយ​មិន​អាចមាន​គំរូ​ប្រជាធិបតេយ្យ​ណាមួយ ដែល​អាច​យកទៅអនុវត្ត​នៅ​គ្រប់​ប្រទេស​បាន​នោះទេ​។ ប្រទេស​នានា​មាន​ប្រវត្តិសាស្ត្រ វប្បធម៌ អារ្យធម៌ ទំនៀមទម្លាប់ ប្រពៃណី​និង​លក្ខខណ្ឌ​ជាតិ​ដោយឡែកៗ​របស់ខ្លួន​។​ដូច្នេះ​ពួកគេ​គួរតែបង្កើត​ទម្រង់​លទ្ធិប្រជាធិបតេយ្យ ដែល​សមស្រប​បំផុត​ស្របតាម​លក្ខណៈ​និង​តថភាព​របស់ខ្លួន​។​គ្មាន​ប្រទេស​ណាមួយ​មានកម្ម​សិទ្ធិផ្តាច់មុខ​លើ​លក្ខណៈវិនិច្ឆ័យ​នៃ​លទ្ធិប្រជាធិបតេយ្យ​នោះទេ ហើយក៏​មិនអាច​កម្រិត​សិទ្ធិ​របស់​ប្រជាជន​ក្នុងការ​ស្វែងរក​និង​ការជ្រើសរើស​គំរូ​ប្រជាធិបតេយ្យ​នោះដែរ​។ ដូច​សុភាសិត​មួយ និយាយថា​”​មានតែ​អ្នក​ពាក់​ស្បែកជើង​ទេ​ទើប​ដឹងថា​ស្បែកជើង​នោះ​ត្រូវ​ជើង​គេ​ឬ​អត់​”​។​ការវិនិច្ឆ័យ​ថា​តើ​ប្រទេសមួយ​មាន​ប្រជាធិបតេយ្យ​ឬ​អត់ គួរ​ធ្វើឡើង​ដោយ​ប្រជាជន​នៃ​ប្រទេស​នោះ មិនមែន​ដោយ​មនុស្ស​មួយ​ក្តាប់​តូច​ណា​នោះទេ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីបានលើកឡើង​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន​ថា​ប្រទេស​កម្ពុជា​និង​ចិន​មាន​ប្រវត្តិ​ទំនាក់ទំនង​ជាមួយគ្នា​ជា យូរលង់​ណាស់​មកហើយ​។​ប្រទេស​ទាំងពីរ​មាន​វប្បធម៌​និង​អារ្យធម៌​ស្រដៀង​គ្នា​ហើយ​ចំពោះ​ការប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​មេត្រីភាព​រវាង​ប្រទេស​ទាំងពីរ មាន​ប្រវត្តិ​ជាង​១០០០​ឆ្នាំ​មកហើយ​។

​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទបាយ័ន​បានបង្ហាញ​ពី​ទិដ្ឋភាព​ដ៏​រស់​រវើក​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ពាណិជ្ជករ​ចិន​និង​ប្រជាជន​កម្ពុជា​កាលពី សម័យបុរាណ​។ ចាប់តាំងពី​ឆ្នាំ​១៩៥៨ មក ទំនាក់ទំនង​កម្ពុជា​-​ចិន គឺជា​បងប្អូន​ល្អ ជា​អ្នកជិតខាង​ល្អ និង​ជា​ដៃគូ​ល្អ ដែលជា​និច្ចកាល កម្ពុជា​និង​ចិន​តែងតែ​គាំទ្រ​គ្នា​ទៅវិញទៅមក ហើយ​មាន​កិច្ចសហការ​ល្អ​។​

​កំណាព្យ​បុរាណ​ចិន​មួយ​ឃ្លា​ពោលថា «​ភ្នំ​ទាំងឡាយ​ទោះ​នៅ​ឆ្ងាយ​ពីគ្នា តែ​ស្រស់បំព្រង​ក្រោម​ដំណក់ទឹកភ្លៀង​រួមគ្នា​។ ដូច្នេះ​យើង​នៅ ឃ្លាតឆ្ងាយ​ពីគ្នា​យ៉ាងម៉េច​កើត បើ​យើង​ទទួល​ពន្លឺ​ព្រះ​ចន្ទ​តែមួយ​?» ដូចគ្នា​នឹង​ប្រជាជន​កម្ពុជា​តែង​និយាយថា យើង​ត្រូវ​រួម​វាសនា​ជាមួយគ្នា ព្រោះ​យើង​រស់​ក្រោម​ដំបូល​មេឃ​តែមួយ ស្រូបយក​ខ្យល់​អុកស៊ីសែន​ពី​លំហ​អាកាស​តែមួយ និង​ផឹកទឹក​ទន្លេមេគង្គ ជាមួយគ្នា​។ ក្នុងនាម​ជា​ប្រទេសជិតខាង និង​ជា​ដៃគូ​ជិតស្និទ្ធ កម្ពុជា​និង​ចិន​បាន​បង្កើត​និង​ថែរក្សា​ចំណងមិត្តភាព «​ដែកថែប​» ដែល​មិនអាច​បំបែក​បាន ដែល​ឆ្លងកាត់​ការសាកល្បង​និង​ការលំបាក​ផ្សេងៗ​ជាច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​។​

ទំនាក់ទំនង​ដ៏​រឹងមាំ​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ​បង្កើតបានជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ការរីកចម្រើន​ជា​បន្តបន្ទាប់​នៃ​កិច្ចសហប្រតិបត្តិការ​ជា​មិត្តភាព​រវាង​កម្ពុជា​និង​ចិន​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ចិន​ត្រូវបាន​ពង្រឹង លើ​គ្រប់​វិស័យ​៕ ដោយៈ ពល ជ័យ​

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...