សុន្ទរកថាបើក របស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងស្វាគមន៍ ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន២០២២ លើកទី៤០ (ATF 2022) ក្រោមប្រធានបទ« អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ» ខេត្តព្រះសីហនុ, ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២

CNV:

ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍នៃបណ្តាប្រទេសសមាជិកអាស៊ាន
ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអង្គការទេសចរណ៍ពិភពលោក សមាគមទសចរណ៍ដៃគូអាស៊ាន
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ!

ជាកិច្ចចាប់ផ្តើម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះវត្តមានរបស់គណៈ ប្រតិភូជាតិ និងអន្តរជាតិទាំងអស់ ក្នុងវេទិកាទេសចរណ៍អាស៊ាន ២០២២ លើកទី ៤០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍ សន្តិភាព និងវាសនាតែមួយ” នៅខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូអន្តរជាតិទាំងអស់ ក្នុងការធ្វើដំណើរមកចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នាពេលនេះ តាមផ្លូវគោក និងផ្លូវអាកាស ទោះជាត្រូវប្រើពេលវេលាវែង និងបំពេញបែបបទធ្វើដំណើរបន្ថែម ក្នុងបរិបទជំងឺកូវីដ-១៩ យ៉ាងណាក្តី។ ការចូលរួមនេះ ពិតជាបានបង្ហាញអំពីឆន្ទៈរួមសាមគ្គីភាព និងមិត្តភាព ក្នុងការអភិវឌ្ឍ និងស្តារវិស័យទេសចរណ៍ឱ្យងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងស្មារតីនាំមកនូវវិបុលភាព និងភាពចម្រើនជូនប្រជាពលរដ្ឋអាស៊ាន និងឈានទៅសម្រេចបាននូវចក្ខុវិស័យអាស៊ាន ជា “សហគមន៍តែមួយ វាសនាតែមួយ” ។

អស់រយៈពេល ២ ឆ្នាំមកហើយ ដែលវិបត្តិនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ មកលើសង្គម-សេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍ ដែលធ្វើឱ្យមានការធ្លាក់ចុះយ៉ាងគំហុកនូវចំនួនភ្ញៀវទេសចរ ទាំងក្នុងប្រ ទេស តំបន់ ក៏ដូចជាសកលលោកទាំងមូល។ វិបត្តិនេះ ពិតជាធ្វើឱ្យភាពរីកចម្រើននៃវិស័យទេសចរណ៍ដើរថយក្រោយ ហើយដែលថ្នាក់ដឹកនាំទេសចរណ៍ ទាំងផ្នែករដ្ឋ ឯកជន និងសហគមន៍អន្តរជាតិ ត្រូវគិតគូរឡើងវិញនូវនយោបាយអភិវឌ្ឍ គំរូធុរកិច្ចសមស្រប (Adaptive Business Model) ក៏ដូចជាផែនការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យទេសចរណ៍ ក្នុងបរិបទនៃការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ច្បាស់ណាស់ថា វិស័យទេសចរណ៍នឹងត្រូវប្រឈមនិន្នាការថ្មីៗ នៃតម្រូវការ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឌីជីថល ការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគិតគូរ កាន់តែស៊ីជម្រៅដល់សុខភាពសាធារណៈជាសកល។

កម្ពុជាពិតជាមានសេចក្តីសោមនស្ស ដោយបានសង្កេតឃើញការបើកប្រទេសឡើងវិញជាបណ្តើរៗ នៅតាមបណ្ដាប្រទេសក្នុងតំបន់ និងសកលលោក និងជាពិសេស ការរួបរួមសាមគ្គីគ្នា និងការសហការយ៉ាងសកម្មរវាងប្រជាជនអាស៊ាន ប្រទេសដៃគូ និងស្ថាប័នអន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមរបស់តំបន់ និងសកលលោក។ ក្នុងស្មារតីនេះ កម្ពុជាសូមកោតសរសើរ ចំពោះរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលបានបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ និងបានដាក់ចេញនូវផែនការស្តារវិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិនៃជំងឺកូវីដ-១៩ សេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីទេសចរណ៍អាស៊ាន ប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់កាន់តែប្រសើរ ក៏ដូចជាផែនការយុទ្ធសាស្ត្រ កម្មវិធីការងារ និងគោលការណ៍ណែនាំអាស៊ានផ្សេងទៀត ស្របតាមក្របខណ្ឌអាស៊ាន ស្តីពីការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ។

ដូចប្រទេសនានាលើសកលលោក កម្ពុជាក៏បានទទួលរងឥទ្ធិពលអវិជ្ជមានពីវិបត្តិនៃជំងឺកូវីដ-១៩ បច្ចុប្បន្ន យ៉ាងធ្ងន់ធ្ងរផងដែរ ជាពិសេសខ្សែច្រវាក់ផ្គត់ផ្គង់ទេសចរណ៍ ស្ទើរតែកាត់ផ្តាច់ទាំងស្រុង។ ជាក់ស្ដែង អាជីវកម្មទេសចរណ៍ជាច្រើនត្រូវបានផ្អាកដំណើរការ បុគ្គលិករាប់ម៉ឺននាក់បានបាត់បង់ការងារ ជំនាញ និងទេពកោសល្យមួយចំនួនត្រូវបានបាត់បង់ ព្រមទាំងផលអវិជ្ជមានផ្ទាល់ និងមិនផ្ទាល់ជាច្រើនផ្សេងទៀត។

ទោះជាយ៉ាងនេះក៏ដោយ ជាមួយនឹងភាពបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយ រាជរដ្ឋាភិបាលកម្ពុជាបានគ្រប់ គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព ជាពិសេសតាមរយៈ ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ ២០២១។ គិតត្រឹមថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ កម្ពុជាសម្រេចបាននូវអត្រាគ្របដណ្តប់នៃការចាក់វ៉ាក់សាំងរហូតដល់ជាង ៨៩% និងដូសជំរុញបានជាង ២៥% នៃចំនួនប្រជាជនសរុប ប្រមាណ ១៦ លាននាក់។ ការណ៍នេះបានអនុញ្ញាតឱ្យកម្ពុជា សម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១។ កម្ពុជាក៏បានបើកទទួលស្វាគមន៍ទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញ ដោយមិនតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័កឡើយ ចាប់ពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ ផងដែរ។

ក្នុងគោលបំណងធានាឱ្យបាននូវប្រសិទ្ធភាពនៃការបើកដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលក៏សម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រ ស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ និងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាព សម្រាប់ឆ្នាំ ២០២១-២០២៣ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១។ ជាមួយគ្នានេះផងដែរ ក្នុងវិស័យទេសចរណ៍ រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ ២០២១–២០២៣ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១។

ក្នុងស្មារតីបន្តពង្រឹងទំនាក់ទំនងអាស៊ាន ឱ្យកាន់តែប្រសើរឡើង ក៏ដូចជា គាំទ្រនិងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទេសចរណ៍តំបន់ ឆ្ពោះទៅអនាគតនិងវិបុលភាពរួម ស្របតាមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ” និងឈរលើទស្សនៈវិស័យ “ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត” ខ្ញុំសូមចែករំលែកនូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១. ការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញជាបណ្តើរៗឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ប្រទេសទាំងអស់ក្នុងអាស៊ាន ដោយហេតុថា ស្ថានភាពទីផ្សារទេសចរនឹងមានភាពតូចចង្អៀត ជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាពផលិតផល និងសេវាកម្ម តម្លៃសមរម្យ ទំនុកចិត្តលើសុវត្ថិភាពនៃគោលដៅទេសចរណ៍, វិធានការក្នុងការគ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការសម្រួលដល់ការធ្វើដំណើរ។ ចំណុចទាំងនេះ គឺជាកត្តាគន្លឹះសម្រាប់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទេសចរណ៍ក្នុងបរិបទថ្មី។ ក្នុងន័យនេះ ផែនការស្តារវិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិនៃជំងឺកូវីដ-១៩ (Post-COVID-19 Recovery Plan for ASEAN Tourism) នឹងក្លាយជាគន្លឹះយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការបើកឱ្យដំណើរការឡើងវិញជាបណ្តើរៗ នៃការទទួលភ្ញៀវទេសចរអន្តរជាតិ ដោយឈរលើគោលការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ ឱ្យបានឆាប់ទៅរក “ប្រក្រតីភាពថ្មី” នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអាស៊ាន។

ទី២. ខ្ញុំសូមគាំទ្រគំនិតផ្តួចផ្តើមសម្រាប់បណ្តាប្រទេសអាស៊ាន ក្នុងការរៀបចំការអនុវត្តវិធានសុខាភិបាលក្នុងឧស្សាហកម្មទេសចរណ៍ ដែលជាយន្តការចូលរួមដ៏មានសារៈសំខាន់ ក្នុងការធានាបាននូវដំណើរការអាជីវកម្មទេសចរណ៍ឡើងវិញផង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តគោលការណ៍រួម ជាអតិបរមា។ កម្ពុជា បច្ចុប្បន្ន បាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ “វិធានសុវត្ថិភាពទេសចរណ៍” (Tourism Safety Measures) និង”នីតិវិធីប្រតិបត្តិស្តង់ដា” (Standard Operating Procedures – SOP) សម្រាប់ប្រតិបត្តិ លើការបើកដំណើរការអាជីវកម្មទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី។

ទី៣. ក្នុងរយៈពេលខ្លី អាស៊ានត្រូវគិតគូរជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀត ស្របតាមទស្សនៈ “អាស៊ានដើម្បីអាស៊ាន” (ASEAN For ASEAN) ហើយខ្ញុំសូមគាំទ្រទាំងស្រុងនូវគំនិតផ្ដួចផ្ដើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាលើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ខ្ញុំសូមគាំទ្រឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សានិងឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ (Reopening of ASEAN Tourism) នៅថ្ងៃស្អែក ចេញពីក្រុងព្រះសីហនុ។ ទន្ទឹមនេះ ដើម្បីធានានូវជោគជ័យនៃការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ គឺចាំបាច់ត្រូវធានាឱ្យបាននូវភាពជឿជាក់ និងទំនុកចិត្តថា ជា “គោលដៅទេសចរណ៍អាស៊ានមានសុវត្ថិភាព” ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រនូវកម្មវិធី “ទេសចរណ៍វ៉ាក់សាំង” ដែលបានដាក់ចេញនៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញយុទ្ធនាការ “អាស៊ានជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្ដៅ និងសុវត្ថិភាព”។

ខ្ញុំសូមអំពាវនាវឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន ត្រូវធ្វើការសិក្សា និងរៀបចំនូវប្រព័ន្ធរួមមួយ សម្រាប់ការបញ្ជាក់ទទួលស្គាល់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស (Vaccination Passport ឬ Digital Health Pass) នៅក្នុងតំបន់អាស៊ាន និងស្នើឱ្យអាស៊ាន គិតគូរពិចារណាក្នុងការសម្រួលលក្ខខណ្ឌនៃការធ្វើដំណើរទេសចរណ៍ជាបណ្តើរៗឡើងវិញ ដោយឈរលើគោលការណ៍នៃការប្រុងប្រយ័ត្នខ្ពស់។

ទី៤. រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ប្រទេសដៃគូអាស៊ាន និងថ្នាក់ដឹកនាំអង្គការទេសចរណ៍ពិភពលោក ព្រមទាំងសមាគមទេសចរណ៍ដៃគូអាស៊ាន គួរបន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្ស ខិតខំអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ព្រមទាំងបង្កើនការផ្លាស់ប្ដូរចែករំលែកបទពិសោធន៍ល្អៗ ជុំវិញការទាក់ទាញ និងអភិវឌ្ឍទេពកោសល្យ ដោយគិតគូរផងដែរ នូវការជំរុញកម្មវិធីអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងការជួយគាំទ្រសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ ដល់កម្រិតមូលដ្ឋាន និងត្រូវទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ ការតភ្ជាប់ឌីជីថល និង បដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីការអភិវឌ្ឍទេសចរណ៍អាស៊ាន ប្រកបដោយវៃឆ្លាត ចីរភាព និងបរិយាប័ន្ន។

ទី៥. អាស៊ានត្រូវរួមគ្នាជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ ប្រកបដោយភាពធន់ និងឆ្ពោះទៅអនាគត កាន់តែប្រសើរជាងមុន ប្រកបដោយគុណភាព ចីរភាព និងបរិយាប័ន្ន។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវឱ្យអាស៊ាន បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍នានា និងកសាងភាពជាដៃគូរដ្ឋ-ឯកជន (PPP) ទាំងក្នុងប្រទេស តំបន់ និងសកលលោក សំដៅឆ្ពោះទៅរកការរីកចម្រើននៃវិស័យ ទេសចរណ៍ ប្រកបដោយភាពធន់ តាមគន្លងប្រក្រតីភាពថ្មី និងនាំមកនូវវិបុលភាពរបស់អាស៊ានទាំងមូល។-

[ផ្តើមសេចក្តីអធិប្បាយ]

ឆ្នាំ ២០២២ បន្តខិតខំទប់ស្កាត់កូវីដ-១៩ និងបើកច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

អនុញ្ញាតឲ្យខ្ញុំគូសបញ្ជាក់ពីទីនេះបន្តិច។ នៅក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ប្រទេសនីមួយៗបានប្រកាន់យក វិធានការដោយឡែកៗពីគ្នា ព្រោះជាតម្រូវការនៅក្នុងស្ថានភាពនាពេលនោះ។ ប្រទេសនីមួយៗ ខិតខំប្រឹងប្រែងរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួន រាប់ទាំងការបិទព្រំដែន ទាំងព្រំដែនគោក ព្រំដែនទឹក និងព្រំដែនអាកាសថែមទៀត។ ករណីដូចនេះ បានកើតឡើងនៅក្នុងក្របខណ្ឌប្រទេសជាច្រើននៅលើពិភពលោក រាប់ទាំងប្រទេសនៅក្នុងអាស៊ានរបស់យើងផងដែរ។ ស្ថានភាពបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការសម្រួលពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ ជាពិសេសរបៀងនៃការធ្វើដំណើរនៅក្នុងក្របខណ្ឌអាស៊ាន។ កាលពីប៉ុន្មានសប្តាហ៍មុននោះ ខ្ញុំបានពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ហើយពីម្សិលមិញនេះ ខ្ញុំបានពិភាក្សាជាមួយឯកឧត្តមអគ្គលេខាធិការអាស៊ាន អំពីការបន្តការខិតខំនៅក្នុងឆ្នាំ ២០២២ នេះ ទប់ស្កាត់កូវីដ-១៩ ម្ខាង និងម្ខាងទៀតត្រូវបើកច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន។

នេះជាវិធី ដើម្បីការតភ្ជាប់ឡើងវិញរវាងប្រជាជននិងប្រជាជន នៅក្នុងក្របខណ្ឌទេសចរណ៍ផង ក្នុងក្របខណ្ឌធុរកិច្ច និងការធ្វើពាណិជ្ជកម្មរវាងបណ្តាប្រទេសនៅក្នុងអាស៊ានរបស់យើងផងដែរ។ ដំណាក់កាលមុនជាដំ​ណាក់កាលដែលយើងមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ ប៉ុន្តែដំណាក់កាលនេះ គឺជាដំណាក់កាលនៃការចាក់វ៉ាក់សាំង ដែលយើងឈានទៅទទួលស្គាល់គ្នាទៅវិញទៅមកអំពីការចាក់វ៉ាក់សាំង ដូចដែលកម្ពុជាកំពុងតែអនុវត្ត (សំរាប់)អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ ២ ដូសមូលដ្ឋានរួចហើយ គឺគ្រាន់តែធ្វើតេស្តរហ័សត្រឹមតែ ១៥ ឬ ២០ នាទីប៉ុណ្ណោះ បន្ទាប់ទៅគេអាចចាកចេញ ធ្វើដំណើរទៅទីណាក៏បាន។ នេះក៏បានកាត់បន្ថយនូវការលំ​បាកក្នុងការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់អាស៊ាន។

យើងក៏សូមកោតសរសើរចំពោះព្រះរាជាណាចក្រថៃ ដែលមុននេះបានអនុវត្តជាមួយកម្ពុជា ដោយប្រជាជនកម្ពុជាទៅប្រទេសថៃ មិនធ្វើចត្តាឡីស័ក ឯប្រជាជនថៃក៏មកកម្ពុជាមិនធ្វើចត្តាឡីស័ក។ ក្រោយមកយើងបើកក្របខណ្ឌទូទាំងពិភពលោក (អ្នកបានទទួលការចាប់វ៉ាក់សាំងដូសមូលដ្ឋានហើយ) មិនត្រូវបានធ្វើចត្តាឡីស័កនោះទេ លើកលែងតែអ្នកមិនទទួលបានការចាក់វ៉ាក់សាំង។ វាមិនមែនជាទណ្ឌកម្មចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងនោះទេ ក៏ប៉ុន្តែយើងមានតម្រូវការការពារប្រជាពលរដ្ឋ ទាំងប្រជាពលរដ្ឋកម្ពុជា ទាំងប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌអាស៊ាន។ អ្នកណាមិនបានទទួលការចាក់វ៉ាក់សាំង អ្នកនោះមិនអាចធ្វើដំណើរបានទេ។ ភា​សានេះ អាចចាត់ទុកថាខ្ញុំជាមនុស្សដំបូងគេ និយាយអំពីវ៉ាក់សាំងកាតព្វកិច្ច។

ប្រជាជនកម្ពុជាបានស្មោះស្ម័គ្រទៅចាក់វ៉ាក់សាំង សូម្បីតែក្មេងអាយុ ៥ ឆ្នាំ ក៏បានទៅចាក់វ៉ាក់សាំង ដោយគ្មានការបង្ខិតបង្ខំនោះទេ។ នៅប្រទេសដទៃ គឺ(មានការអនុវត្ត)កាតព្វកិច្ចវ៉ាក់សាំង។ សូម្បីតែសហរដ្ឋអាមេរិក តុលាការកំពូលសហរដ្ឋអាមេរិក ទាត់ចោលនូវបំរាមចេញដោយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden អំពីករណីចាក់វ៉ាក់សាំងកាតព្វកិច្ច ចាក់វ៉ាក់សាំង និងការពាក់ម៉ាសជាដើម។ ដូច្នេះ យើងមិនដឹងថា តើមានអ្វីនឹងកើតឡើងអំពីស្ថានភាពនេះតទៅទៀត។ សម្រាប់អាស៊ាន ខ្ញុំពិតជាមានមោទនភាពដោយយើងទាំងអស់គ្នាបានមកជួបជុំគ្នានៅទីនេះ ហើយអ្នកដែលបានមកដល់ទីនេះ ខ្ញុំមិនដឹងថា (ពេល)ត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ត្រូវជាប់ការធ្វើចត្តាឡីស័កឬអត់ទេ។ ប៉ុន្តែអ្នកទាំងអស់គ្នាបានមកដល់ទីនេះ បានទទួលការស្វាគមន៍ ដោយមិនមានការធ្វើចត្តាឡីស័កណាមួយទេ ហើយអាចធ្វើដំណើរបានគ្រប់ទីកន្លែង។

ខ្ញុំចង់ឲ្យអាទិភាពនៃកិច្ចការអាស៊ានឆ្នាំ ២០២២ នេះ គឺការបន្តប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ជាមួយនឹងការបើកសេដ្ឋកិច្ច-សង្គមឡើងវិញ និងរៀបចំច្រករបៀងនៃការធ្វើដំណើរក្នុងក្របខណ្ឌអាស៊ាន ដែលបញ្ហានេះត្រូវបានលើកជាគំនិតផ្តួចផ្តើម ដោយប្រទេសឥណ្ឌូនេស៊ី។ ខ្ញុំសង្ឃឹមថា រដ្ឋមន្រ្តីទេសចរណ៍អាស៊ានរបស់យើង នឹងចូលរួមចំណែកដើម្បីរៀបចំជាច្រករបៀងធ្វើដំណើរ សម្រាប់វិស័យទេសចរណ៍នៅក្នុងក្របខណ្ឌអាស៊ានរបស់យើង ហើយក៏នៅក្នុងក្របខណ្ឌនៃដៃគូរបស់អាស៊ានផងដែរ។

ឆ្នាំ ២០២២ អាស៊ានមានការងារច្រើន និងមិនមែនជាចំណាប់ខ្មាំងនៃបញ្ហាមីយ៉ាន់ម៉ាទេ

ខ្ញុំសុំបញ្ជាក់ថា ​កិច្ចការរបស់អាស៊ានឆ្នាំ ២០២២ ​មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាតែមួយនោះទេ។ ដូចអ្នកទាំងឡាយបាននិយាយយ៉ាងច្រើនក្នុងរយៈពេលប្រមាណជាជិត ៣ អាទិត្យនេះ។ ខ្ញុំសុំនិយាយថា យើងមានកិច្ចការជាច្រើនដែលត្រូវធ្វើក្រៅពីរឿងមីយ៉ាន់ម៉ា។ អាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហាមីយ៉ាន់ម៉ានោះទេ។ នេះជាការបញ្ជាក់យ៉ាងខ្លីដ៏សង្ខេប ដើម្បីចង្អុលបង្ហាញទិសទៅអ្នកតាមដានសភាពការណ៍ទាំងឡាយ អំពីការគិត​គូររបស់យើងនៅក្នុងក្របខណ្ឌតំបន់។ ខ្ញុំសប្បាយរីករាយដោយឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ានបានជួបជាមួយនឹង​ដៃគូនានាដែលនៅក្នុងប្រទេសកម្ពុជា ដែលមានសហគមន៍-នយោបាយ-សន្តិសុខ សហគមន៍-សេដ្ឋកិច្ច សហគមន៍-វប្បធម៌ ធ្វើកិច្ចការជាមួយគ្នាយ៉ាងល្អ ដើម្បីត្រៀមរៀបចំឲ្យដំណើរការកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយជោគជ័យ។

ខ្ញុំសុំបញ្ជាក់ថារបៀបវារៈនៃកិច្ចការអាស៊ាន មិនមែនមានបញ្ហាតែមួយនោះទេ គឺមានបញ្ហាច្រើនដែលត្រូវធ្វើ រាប់ទាំងបញ្ហាធ្វើយ៉ាងម៉េចឲ្យទេសចរណ៍រស់ឡើងវិញនៅក្នុងបរិបទនៃកូវីដ-១៩។ ឥឡូវនេះ យើងមិនទាន់ច្បាស់យ៉ាងម៉េចទេ ក៏ប៉ុន្តែ យើងបានឃើញថានាយករដ្ឋមន្រ្តីអេស្ប៉ាញ បានចេញមកអំពាវនាវឲ្យទទួលស្គាល់ថាជំងឺកូវីដ-១៩ គឺជាជំងឺផ្តាសាយធម្មតា។ ខ្ញុំហាក់ដូចជាមាននិន្នាការគាំទ្រអំពីដំណើរវិវឌ្ឍដើម្បីរស់នៅជាមួយនឹងកូវីដ-១៩។ ប៉ុន្តែ ត្រូវតែមានការប្រុងប្រយ័ត្ន ត្រូវតែចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់សម្រាប់ការពារនូវជំងឺនេះ។ បើទោះបីចាត់ទុកវាគ្រាន់ជាប្រភេទជំងឺផ្តាសាយធម្មតាក៏ដោយចុះ តែការចាក់វ៉ាក់សាំង កិច្ចការពារខ្លួន ដូចដែលយើងកំពុងតែធ្វើ ពាក់ម៉ាស លាងដៃ និងរក្សាគម្លាត​ គឺជាឧទាហរណ៍ស្រាប់នៅក្នុងបរិបទថ្មីនេះ នេះជាការបញ្ជាក់បន្ថែម។

[បញ្ចប់សេចក្តីអធិប្បាយ]

ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណជូនចំពោះឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន ថ្នាក់ដឹកនាំអង្គការទេសចរណ៍ពិភពលោក សមាគមទេសចរណ៍ដៃគូអាស៊ាន និងក្រុមហ៊ុនទេសចរណ៍ជាតិ និងអន្តរជាតិនានា ដែលបានគាំទ្រកម្ពុជា ក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ លើកទី ៤០ នេះ។ ក្នុងនាមជាប្រធានអាស៊ានលើកទី ៣ ក្នុងឆ្នាំ ២០២២ នេះ កម្ពុជានឹងលើកកម្ពស់ពន្លឿននិងធ្វើសុខដុមនីយកម្ម រាល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញលើគ្រប់វិស័យ ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN : Addressing Challenges Together)។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យវេទិកានេះ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងជោគជ័យ និងសូមឱ្យការស្នាក់នៅរបស់គណៈប្រតិភូទាំងអស់ នៅលើទឹកដីឆ្នេរសមុទ្រ “តារារះនាទិសនិរតី” នៃកម្ពុជា “ព្រះរាជាណាចក្រអច្ឆរិយៈ” ដែលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ទទួលបានសុវត្ថិភាព ផាសុខភាព ភាពរីករាយ និងការចងចាំល្អៗដ៏មានអត្ថន័យ។

ខ្ញុំក៏សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ឱ្យជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមប្រកាសបើក វេទិកាទេសចរណ៍អាស៊ាន ២០២២ លើកទី ៤០ ចាប់ពីពេលនេះតទៅ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ