ថ្ងៃនេះខួបទី៣៧ឆ្នាំ នៃការកាន់តំណែងនាយករដ្ឋមន្ត្រី ដឹកនាំនាវាកម្ពុជា របស់បុរសខ្លាំងតេជោ សែន

(ភ្នំពេញ)៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ គឺជារយៈពេល៣៧ឆ្នាំហើយ (១៤ មករា ១៩៨៥-១៤ មករា ២០២២) ដែលបុរសខ្លាំងកម្ពុជា សម្តេចតេជោ សែន បានដឹកនាំប្រទេសកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភា ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ការទទួលបានតំណែងជានាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីសម្តេចបានបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយៈពេល៦ឆ្នាំ ហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទីជាង៣ខែ ពេលដែលលោក ចាន់ ស៊ី ចេញទៅព្យាបាលជំងឺ និងទទួលមរណភាពនៅទីក្រុងមូស្គូ សហភាពសូវៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានក្លាយជានាយករដ្ឋមន្ត្រីតាំងពីមានវ័យក្មេងជាងគេ ហើយបន្តកាន់តំណែងរហូតក្លាយជានាយករដ្ឋមន្ត្រី មានអាយុច្រើនជាងគេ ក្រោមការគាំទ្ររបស់ប្រជាពលរដ្ឋរូបនេះ ធ្លាប់បានឱ្យដឹងថា តំណែងជានាយករដ្ឋមន្ត្រីលើកដំបូងរបស់សម្តេច ទទួលបានការគាំទ្ររបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ។ ជាពិសេសគឺសម្តេច ហេង សំរិន, សម្តេច ជា ស៊ីម, លោក សាយ ភូថង និងលោក ជា សុទ្ធ។ល។

បុរសដែលបានកាន់តំណែងយូរជាងគេនៅតំបន់អាស៊ីរូបនេះ បានបញ្ជាក់ថា «អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុត គឺការបោះឆ្នោតជាសម្ងាត់នៅក្នុងរដ្ឋសភា គឺខ្ញុំទទួលបានសំឡេងឆ្នោតគាំទ្រ១០០%។ គ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោតអនុប្បវាទ គ្មានសន្លឹកឆ្នោតមោឃៈ។ នាយករដ្ឋមន្ត្រី២រូបមុនខ្ញុំ តែងមានសន្លឹកឆ្នោតប្រឆាំងមិនតិចជាង៥សំឡេង។ កម្លាំងគាំទ្រដ៏ខ្លាំងបែបនេះហើយ ទើបធ្វើឲ្យខ្ញុំសម្រេចបាននូវរបៀបវារៈនយោបាយ ដែលប្រជាជនកម្ពុជា បាន និងកំពុងទទួលផលរហូតសព្វថ្ងៃនេះ»។

នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកជីវិតរំលត់ភ្លើងសង្គ្រាមរូបនេះ បានរំលឹកថា ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច គឺចំពេលប្រទេសជាតិ ខ្វះស្បៀងអាហារយ៉ាងខ្លាំង ព្រោះតែការរងនូវទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងឆ្នាំ១៩៨៤។

បើទោះបីជាការឡើងដឹកនាំប្រទេសក្នុងស្ថានភាពខ្វះស្បៀងអាហារបែបនេះក្តី នាយករដ្ឋមន្ត្រីដ៏វ័យក្មេងរូបនេះបានថ្លែងទៅកាន់រដ្ឋសភាថា មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ ដោយអត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។ ទ្រឹស្តីនេះ បានបន្សល់ទុករហូតបច្ចុប្បន្ន មិនគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះទេ តែជាសកម្មភាពជាក់ស្ដែងរបស់គណបក្សប្រជាជនកម្ពុជាទាំងមូល។

«ខ្ញុំក្លាយខ្លួនជានាយករដ្ឋមន្ត្រីក្នុងវ័យ ៣២ឆ្នាំ និងស្ថិតក្នុងស្ថានភាពប្រទេសជាតិ មានសន្តិភាពផង និងមានសង្គ្រាមផង»។ នេះជាការរំលឹកនូវគ្រាដ៏កម្សត់នៃការដឹកនាំរបស់បុរសខ្លាំងកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ការផ្តើមជីវិតជានាយករដ្ឋមន្ត្រី ក្នុងប្រទេសទើបរំដោះចេញពីភ្នក់ភ្លើងសង្គ្រាម និងរំខានដោយភ្លើងសង្គ្រាមតាមជាយដែន ព្រមទាំងមានការហ៊ុព័ទ្ធសេដ្ឋកិច្ច ពីប្រទេសជិតខាងផងនោះ គឺជាវិញ្ញាសារនៃការដឹកនាំដ៏សែនលំបាកជាទីបំផុត សម្រាប់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលឹកជីវិតជានាយករដ្ឋមន្ត្រី ក្នុងប្រទេសដ៏ក្រីក្រនាពេលនោះយ៉ាងដូច្នេះ «កូនៗរបស់ខ្ញុំនៅតូចៗណាស់ ហើយអាយុខុសគ្នាតែ ១ឆ្នាំៗ ព្រោះភរិយាខ្ញុំកូនញឹកមួយឆ្នាំកូន១។ មានតែ ម៉ាណែត មួយទេ ដែលអាយុច្រើនជាងប្អូនបន្ទាប់ ៤ឆ្នាំ តែក៏មិនទាន់ចេះមើលប្អូនដែរ»។

សម្តេចតេជោបន្តថា «គ្រួសារខ្ញុំមិនមានអ្នកបម្រើ ឬមេដោះទេ។ ប្តី-ប្រពន្ធរបស់យើងបានថែទាំកូនៗដោយខ្លួនឯង។ យប់ខ្លះកូននោមដាក់ និងរាល់ពេលព្រឹកតែងតែសំអាតគ្រែ កន្ទេល បោកភួយ ហាលខ្នើយ។ល។ ព្រោះកូនខ្ញុំ ២នាក់តែងតែនោមយប់ មួយបន្ទប់សម្រាក ៧នាក់ឪពុក ម្តាយ ២នាក់ កូន ៥នាក់ បើកូនមិននោមដាក់ទេ ក៏ធំខ្លិនទឹកនោមដែរ ហើយពិបាកជាងគេ គឺនៅពេលភរិយាខ្ញុំមិននៅផ្ទះខ្ញុំត្រូវឆុងទឹកដោះគោបំបៅកូន។ ពេលមួយខ្ញុំឆុងទឹកដោះគោឲ្យស្រីពៅរវល់ដាំទឹក ម៉ានិត មកស៊ីអស់ម៉្សៅទឹកដោះគោ ខំឲ្យអ្នកបើកបរទៅទិញម៉្សៅទឹកដោះគោពីផ្សារទំរាំមកមកដល់ស្រីពៅយំរហូតគេងលក់។ ពេលភ្លៀងម្តងៗដំបូលផ្ទះវាលិចខំយកក្រណាត់កៅស៊ូគ្របលើកូន។ រហូតដល់ឆ្នាំ១៩៩៤ ទើបដំបូលផ្ទះខ្ញុំឈប់លិច»។

* ការវិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមការដឹកនាំរបស់បុរសខ្លាំតេជោ សែន

ការផ្តើមជីវិតជានាយករដ្ឋមន្ត្រីរបស់អតីតយុទ្ធជនឆ្លងកាត់ និងពុះពារសមរភូមិរាប់មិនអស់រូបនេះ ត្រូវប្រឈមការលំបាកជាច្រើនគ្រា ដែលប្រទេសត្រូវបានហ៊ុព័ទ្ធសេដ្ឋកិច្ច ដោយបណ្តាប្រទេសលោកសេរី និងមានការយាយីរំខានពីចលនាប្រយុទ្ធរបស់ទ័ពខ្មែរក្រហម ប៉ុនប៉ងកាន់កាប់ប្រទេសជាថ្មី។

ទសវត្សរ៍ឆ្នាំ៨០ ជាពេលដែលប្រទេសកម្ពុជា ត្រូវប្រឹងរើបម្រះជម្នះឧបសគ្គសព្វបែបយ៉ាង។ ប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសក្រីក្របំផុតនៅអាស៊ីអាគ្នេយ៍។ ប្រជាពលរដ្ឋកម្ពុជា ក្រីក្រតោកយាកបំផុតពឹងតែលើការធ្វើស្រែចម្ការយកអង្កហូប និង ការជួញដូរបន្តិចបន្តួចតែប៉ុណ្ណោះ មិនមានការធ្វើជំនួញជួញដូរអ្វីជាដុំកំភួននោះឡើយ។

ក្រៅពីបញ្ហាសេដ្ឋកិច្ចនៅមានបញ្ហាជាច្រើនទៀត ដូចការការអប់រំបណ្តុះបណ្តាលធនធានមនុស្ស និងការបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា សុទ្ធសឹងជារឿង ដែលនាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះត្រូវពុះពារសម្រេចឱ្យខានតែក្នុងនាមជាអ្នកទទួលខុសត្រូវលើជោគវាសនាជាតិ និងប្រជាជន។

ទោះបីជាបញ្ហារាប់ម៉ឺនជំពូកយ៉ាងណាក្តី នាយករដ្ឋមន្ត្រីមានវ័យក្មេងតេជោ សែន បានប្រឹងប្រែងជម្នះឧបសគ្គ និង ដោះស្រាយបញ្ហាជាបន្តបន្ទាប់។ ទីបំផុតបញ្ញាញាណដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់មេដឹកនាំវ័យក្មេងរបស់កម្ពុជានាពេលនោះ បានឈានទៅរកការចរចាស្វែងសន្តិភាពជាមួយខ្មែរតាមជាយដែន ដោយការចរចាជាមួយសម្តេចព្រះបរម រតនកោដ្ឋ នរោត្តម សីហនុ រហូតមានកិច្ចព្រមព្រៀទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងនាំឲ្យមានការបោះឆ្នោត និងបង្កើតបានព្រះរាជាណាចក្រកម្ពុជាជាថ្មី។

ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ និងដោយមានការជួយជ្រោមជ្រែង ពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងនៅតំបន់អឺរ៉ុបផងនោះ បានធ្វើឲ្យសន្ទុះនៃការអភិវឌ្ឍរបស់កម្ពុជា បានបោះពួយជាបន្តបន្ទាប់ ក្រោមការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ដ៏មុតស្រួច របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

គេក៏មិនអាចភ្លេចបានដែរ បើទោះបីជាមានការជួយជ្រោមជ្រែងពីបរទេស និងមានការដាក់ចេញគោលនយោបាយច្បាស់លាស់បែបណាក៏ដោយ ក៏ប្រទេសកម្ពុជា មិនអាចបោះពួយការអភិវឌ្ឍរបស់ខ្លួនឲ្យបានខ្លាំងក្លាឡើយ ប្រសិនបើចលនារបស់ខ្មែរក្រហម នៅតាមជាយដែនខ្មែរ-ថៃ មិនត្រូវបានបិទបញ្ចប់ទេនោះ។

ក្រោមក្រសែចក្ខុដែលមើលឃើញយ៉ាងច្បាស់ថា ការបិទបញ្ចប់សង្គ្រាមតាមទល់ដែន ជាចំណុចគោលសំខាន់សម្រាប់នាំមកនូវការអភិវឌ្ឍជាតិនោះ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញផែនការ និងអនុវត្តន៍គោលនយោបាយឈ្នះ-ឈ្នះ ដោយបើកការចរចាជាមួយខ្មែរក្រហម រហូតយកកម្លាំងតស៊ូរបស់ខ្មែរក្រហមមកជ្រកក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ នាំឲ្យកម្ពុជាបិទបញ្ចប់ការប្រយុទ្ធរវាងជាតិឯងទាំងស្រុងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨។

ផ្តើមចេញពីការបិទបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ បានធ្វើឲ្យកម្ពុជាទទួលបានឱកាសពេញបរិបូរណ៍ ក្នុងអភិវឌ្ឍន៍ប្រទេសជាតិ។ រយៈពេល ៣៧ឆ្នាំក្រោមការដឹកនាំនាវាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជា ដែលជាប្រទេសក្រីក្របំផុតក្រោយរំដោះចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ១៩៧៩ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន។ ប្រជាពលរដ្ឋកម្ពុជា ដែលជាប្រជាពលរដ្ឋមិនមានចំណូលសោះ មកជាប្រជាពលរដ្ឋមានចំណូលជាមធ្យមប្រមាណជា ១,៧៣០ដុល្លារអាមេរិកនាពេលបច្ចុប្បន្ន។

ប្រទេសកម្ពុជាក្រោយរំដោះពីរបបប្រល័យពូជសាសន៍ ដែលមានប្រជាពលរដ្ឋត្រឹមតែជាង ៥លាននាក់ បានក្លាយជាប្រទេសមានប្រជាពលរដ្ឋប្រមាណជា ១៦លាននាក់នាពេលបច្ចុប្បន្ន។

កម្ពុជាដែលធ្លាប់តែខ្វះប្រព័ន្ធគមនាគមន៍ ផ្លូវ ស្ពាន ថ្នល់ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងបម្រើដល់ការដឹកជញ្ជូនពីអតីតកាលនោះ កំពុងក្លាយជាប្រទេសមានប្រព័ន្ធផ្លូវថ្នល់ ស្ពានយ៉ាងប្រទាក់ក្រឡាពីខេត្តមួយទៅខេត្តមួយ ក្នុងនោះមានស្ពានធំៗឆ្លងកាត់ទន្លេជាច្រើន ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។

ស្ពានឆ្លងកាត់ទន្លេកើតក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានដូចជា៖ ស្ពានអ្នកលឿង ស្ពានព្រះមុនីវង្សទី២ ស្ពានស្ពានកោះធំ ស្ពានជ្រោយចង្វា២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែតាម៉ាក់ ស្ពានមេគង្គស្ទឹងត្រែង និងស្ពានតាខ្មៅ ស្ពានព្រែកព្នៅ…។ល។

រាជធានីភ្នំពេញ ដែលជាបេះដូងសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍របស់កម្ពុជា ដែលមានផ្ទៃដីត្រឹមតែជាង ៣០០គីឡួម៉ែត្រក្រឡា បានក្លាយទៅជារាជធានី ដែលមានផ្ទៃដីរហូតជាង ៧៦០គីឡូម៉ែត្រក្រឡានាពេលបច្ចុប្បន្ន។

រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋតិចតួចបំផុត កំពុងក្លាយជារាជធានី ដែលប្រមូលផ្តុំទៅដោយប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះកររហូតប្រមាណជា ៣លាននាក់ និងមានអ្នកមកស្នាក់អាស្រ័យ ដើម្បីប្រកបរបរចិញ្ចឹមជីវិត បម្រើការងារ និងសិក្សារៀនសូត្រ ក៏ដូចជាទេសចរណ៍ជាដើមនោះរហូត ដល់ជិត ២លាននាក់ថែមទៀតនាពេលបច្ចុប្បន្ន។

រាជធានីភ្នំពេញ ដែលមានអគារលំនៅឋានតិចតួចសេសសល់ពីភ្លើងសង្គ្រាម កំពុងក្លាយជារាជធានី ដែលមានអគារលំនៅឋាន អគារពាណិជ្ជកម្មខ្ពស់ទាបយ៉ាងច្រើនស្អេកស្កះ។

ក្រៅពីវិស័យដែលបានរៀបរាប់ខាងលើ គេក៏បានឃើញថា វិស័យសំខាន់ៗជាច្រើនរបស់កម្ពុជា កំពុងបោះពួយរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរបើធៀបពីអតីតកាល និងពេលបច្ចុប្បន្ន។ ក្រឡេកទៅសេដ្ឋកិច្ចរបស់កម្ពុជាវិញ កំពុងមានសន្ទុះទៅមុខគួរឲ្យកត់សម្គាល់ផងដែរ។ មុនឆ្នាំ២០២០ ដែលជាឆ្នាំយាយីដោយជំងឺកូវីដ១៩នោះ កម្ពុជារក្សាបានអត្រាកំណើនក្នុងរង្វង់ប្រមាណ ៧ភាគរយរយៈពេលប្រមាណ២ទសវត្សរ៍។

ភាពឈ្លាសវៃ ប៉ិនប្រសប់ ពោរពេញដោយឆន្ទៈ ទស្សនវិស័យវែងឆ្ងាយ ច្បាស់លាស់ និងការតម្កល់ប្រយោជន៍ជាតិ ប្រជាជនជាចម្បង បានធ្វើឱ្យការដឹកនាំរបស់សម្តេចតេជោ នៅតែបន្តរក្សាបានភាពខ្លាំងក្នុងពេលបច្ចុប្បន្នបើទោះបីសង្គមកំពុងប្រឈមវិបត្តិកើតចេញពីការរាតត្បាត និងយាយីដោយជំងឺកូវីដ១៩ក៏ដោយនោះ។

* សមរភូមិប្រជាធិបតេយ្យ ៦អាណត្តិ បុរសខ្លាំងតេជោ សែន បានផ្តួលគូប្រកួត ៥អាណត្តិជាប់ៗគ្នា

មិនរាប់បញ្ចូលព្រឹត្តិការណ៍នៃការបោះឆ្នោតឆ្នាំ១៩៩៣ ដែលជាការបោះឆ្នោតលើកដំបូង ហើយការចូលរួមរបស់ប្រជាពលរដ្ឋមិនបានពេញលេញនោះ ៥អាណត្តិចុងក្រោយចាប់តាំងពីឆ្នាំ១៩៩៨ សម្តេចតេជោ ហ៊ុន សែន បេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា តែងទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឆ្ពោះទៅការដឹកនាំរាជរដ្ឋាភិបាល។

សរុបរួមមកវិញរយៈពេល ៣៧ឆ្នាំក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានកាន់ចង្កូតនាវាកម្ពុជាយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្តារ និងនាំប្រទេសដ៏កម្សត់មួយនេះឆ្ពោះមកកាន់ទំព័រសករាជថ្មី ដែលមានការអភិវឌ្ឍលើគ្រប់វិស័យគួរឲ្យកត់សម្គាល់ និងបានជួយឲ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរផងដែរ។ កសាងនូវកិត្តិយស កិត្តិនាមពោរពេញដោយមោទនភាព និងក្តីសង្ឃឹមសម្រាប់វឌ្ឍនភាព និងការរីកចម្រើន។

តាមរយៈសារនយោបាយនានា នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានកំពុងកំណត់គោលដៅរបស់ខ្លួនរុញនាវាកម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈគម្រោងវិនិយោគធំៗជាមួយទុនរាប់ពាន់លានដុល្លារជាច្រើន កំពុងលេចចេញជារូបរាងនាពេលបច្ចុប្បន្ន៕

អត្ថបទ៖ Fresh News

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ