ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតទទួលជួបពិភាក្សាការងារមួយចំនួនជាមួយ ឯកឧត្តម ប៉ាប្លូ ជីហូ កាង (Pablo Chiho Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលជំនួបនេះបានធ្វើឡើងនៅខុទ្ទកាល័យឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៅអគារមិត្តភាព។

ឯកឧត្តម ប៉ាប្លូ ជីហូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានជម្រាបជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដោយផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់រឹងមាំបន្ថែមទៀត រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងអូស្ត្រាលី ក្នុងនោះក៏បានលើកឡើងពីគំនិតផ្តួចផ្តើមដែលប្រកាសដោយរដ្ឋាភិបាលអូស្ត្រាលី នូវអ្វីដែលបានអះអាងថា ក្នុងភាពជាដៃគូរវាងអូស្ត្រាលី ជាមួយបណ្តាប្រទេសទាំង៥ នៃតំបន់ទន្លេមេគង្គ ក្នុងគោលបំណងលើកកម្ពស់វិស័យសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម វិនិយោគ និងបរិស្ថានជាដើម។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏បានលើកឡើងអំពីការត្រៀមនឹងបន្ត ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឱ្យបានទទួលការសិក្សានៅប្រទេសអូស្ត្រាលី ដើម្បីការកសាងធនធានមនុស្ស និងការបណ្តុះបណ្តាលក្នុងភាពជាអ្នកដឹកនាំផងដែរ បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ- ១៩ បានស្ងប់ស្ងាត់ទៅវិញនាពេលខាងមុខ។

ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ាប្លូ ជីហូ កាង មានប្រសាសន៍ពាក់ព័ន្ធនឹងដំណើរការ និងសមិទ្ធផលនានារបស់សាលាក្តីខ្មែរក្រហម អ.វ.ត.ក និងបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីបន្តជួយ អ.វ.ត.ក នូវទឹកប្រាក់១លានដុល្លារសម្រាប់ឆ្នាំនេះ និង១លានដុល្លារទៀតសម្រាប់ឆ្នាំក្រោយ និងចង់ឱ្យមានការបង្វែរប្រាក់ជំនួយនេះទៅចំណាយមួយផ្នែកលើសកម្មភាពចូលរួមរបស់ជនរងគ្រោះ និងការរក្សាកេរ្តិ៍ដំណែលរបស់ អ.វ.ត.ក។

មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា រហូតមកដល់ពេលនេះ អង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម បានបញ្ចប់ជាស្ថាពរនូវសំណុំរឿងសំខាន់ៗចំនួន៤រួចហើយ និងបានគាំទ្រនូវការចូលរួមរបស់អូស្ត្រាលី ក្នុងការចង់រក្សាកេរ្តិ៍ដំណែលរបស់ អ.វ.ត.ក ដោយបានចាត់ទុកថា ជាកត្តាសំខាន់ក្នុងការថែរក្សាទុកសម្រាប់អ្នកជំនាន់ក្រោយឱ្យមានការចងចាំ ក៏ដូចជាការអប់រំទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ជាពិសេស ដំណើរការនីតិវិធីតុលាការ និងការជំនុំជម្រះក្តីនៅ អ.វ.ត.ក បានចូលរួមដល់ការពង្រឹងនីតិរដ្ឋ និងដំណើរការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាមរយៈការផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ការងារនានាជាច្រើន។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីគឺជាប្រទេសលំដាប់ទី៣ ដែលបានផ្តល់ថវិកាសរុបចំនួនជិត៤០លានដុល្លារអាមេរិកហើយ សម្រាប់ដំណើរការរបស់អង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម ក្នុងនោះទឹកប្រាក់ចំនួន៣១លានដុល្លារសម្រាប់ជួយដល់ភាគីអន្តរជាតិ និងក្រៅពីនេះគឺទឹកប្រាក់សម្រាប់ការជួយដល់ភាគីកម្ពុជា។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតក៏បានសំណូមពរឱ្យអូស្ត្រាលីជួយផ្តល់ថវិកាដល់ភាគីជាតិនៃអ.វ.ត.ក. នៅឆ្នាំ២០២២ ដែលជាឆ្នាំចុងក្រោយដែល អ.វ.ត.ក គ្រោងនឹងបញ្ចប់សំណុំរឿងទំាងអស់ដែលនៅសេសសល់ ហើយនឹងបន្តជួយនៅឆ្នាំបន្តបន្ទាប់ទៀតសម្រាប់អនុវត្តមុខងារសេសសល់ផ្នែកយុត្តាធិការនិងមិនមែនយុត្តាធិការក្រោមកិច្ចព្រមព្រៀងបន្ថែម។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការបានវាយតម្លៃខ្ពស់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី គឺមានភាពល្អប្រសើរតាំងពីយូរយារណាស់មកហើយ ហើយការចូលរួមផ្តល់ថវិការបស់រដ្ឋាភិបាលអូស្ត្រាលី សម្រាប់សាលាក្តីខ្មែរក្រហម គឺជាមរតក និងជាគុណសម្បត្តិដ៏ធំធេងរបស់អូស្ត្រាលីដែលបានជួយជ្រោមជ្រែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា