សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅដល់ព្រះសង្ឃនិងប្រជាពលរដ្ឋដែលទៅលេងនៅតាមតំបន់នានា សូមរក្សាឲ្យបានខ្ជាប់ខ្ជួននូវ ៣កុំ ៣ការពារ

តាមរយៈសាររបស់សម្តេចតេជោ ដែលបានបង្ហោះលើទំព័រ Facebook ផ្លូវការនៅថ្ងៃទី៦ ខែតុលានេះមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
 
ថ្ងៃទី ៦តុលា នេះគឺជាថ្ងៃកាន់បិណ្ឌធំនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិតាំងពីបុរាណកាលមក។ ដោយសារស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ យើងមិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីជាតិបាននៅតាមទីវត្តអារាម។ អ្វីដែលសំខាន់បំផុតនៅពេលនេះគឺយើងត្រូវតែថែរក្សាអាយុជីវិតអោយបាន នោះគឺយើងនៅតែមានឱកាសអាចប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យសំខាន់ៗជាច្រើនទៀតនៅពេលក្រោយ។
 
សូមអរគុណដល់បងប្អូនជនរួមជាតិដែលដែលបាននាំយកនូវបច្ច័យទ័យ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដោយអនុវត្តន៍ទៅតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ចំពោះបងប្អូនដែលទៅកំសាន្តនៅទីរមណីយដ្ឋាននានា សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺត្រូវពាក់ម៉ាស់ ដុសសម្អាតដៃជាមួយសាប៊ូ ចិលឬអាល់កុលអោយបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ កុំទៅទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដែលមានហានិភ័យខ្ពស់។
 
សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាព ណ្តាប់ធ្នាប់សាធារណៈ​ ទាំងតាមដងផ្លូវធ្វើដំណើរ តាមទីរមណីយដ្ឋាននានា និងនៅតាមវត្តអារាមដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសុខភាពបង្កាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
 
សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយគ្រប់ទីកន្លែង មានសុវត្ថិភាពក្នុងការធ្វើដំណើរ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ