សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិ មរតកតេជោ ជំនួយឥតសំណងនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះព្រះរាជាណាចក្រកម្ពុជា

CNV:

ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន
សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!

កំណត់ត្រាថ្មីនៃទំនាក់ទំនងដែកថែប កម្ពុជាចិន

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាមួយឯកឧត្តម Wang Yi ដើម្បីធ្វើពិធីប្រគល់ និងទទួលវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយឥតសំណងនៃសាធា​រណរដ្ឋប្រជាមានិតចិន។ អម្បាញ់មិញ យើងទាំងអស់គ្នាបានស្ដាប់នូវរបាយការណ៍របស់ឯកឧត្តម ថោង ខុន ក៏ដូចជាបានស្ដាប់ការលើកឡើងនៅក្នុងសុន្ទរកថារបស់ឯកឧត្តម Wang Yi។ (សមិទ្ធិផល)ទាំងអស់នេះគឺបានកើតឡើងពីការខិតខំប្រឹងប្រែងនៅក្នុងទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ ថ្ងៃនេះគឺជាកំណត់ត្រាថ្មីមួយទៀតនៃទំនាក់ទំនងដែកថែបរវាងកម្ពុជា និងចិន ដែលយើងបានទទួលនូវជំនួយមួយ ដែលយើងមិននឹកស្មានសូម្បីតែមកដល់ឆ្នាំ ២០០០ (ត្រូវជា)២០ឆ្នាំមុននេះយើងមិនស្មានថានឹងមានពហុកីឡដ្ឋានដ៏ល្អមួយនៅទីនេះនោះទេ។

មិនទាន់ទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ដោយសារត្រូវការហេដ្ឋារចនាសម្ព័ន្ធបម្រើសេដ្ឋកិច្ច និងសង្គមសិន

… ខ្ញុំគួរតែជម្រាបជូន ហើយក៏ធ្លាប់បាននិយាយខ្លះៗ រួចមកហើយដែរថា ខ្លួនខ្ញុំផ្ទាល់បានសុំការអធ្យាស្រ័យពីសំណាក់ដៃគូអាស៊ានដទៃទៀត ដែល(សុទ្ធតែ)បានធ្វើស៊ីហ្គេមក្នុងរយៈកាល ២ ឆ្នាំម្ដង (ថា) សម្រាប់កម្ពុជា យើងពុំទាន់មានលទ្ធភាពដើម្បីនឹងធ្វើបែបនោះទេ។ យើងសុំការយោគយល់ពីមិត្តភក្តិនៅក្នុងក្របខណ្ឌអាស៊ាន ដោយយើងមានតម្រូវការចាំបាច់ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាមុន។ ប៉ុន្តែ នៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើទំនាក់ទំនងដ៏ល្អជាមួយដៃគូដែលជឿទុកចិត្តគ្នា នៅក្នុងក្របខណ្ឌនៃទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ពិសេសជាមួយឯកឧត្តមប្រធានាធិបតី  Xi Jinping ពេលនោះយើងក៏បានទទួលនូវសញ្ញានៃការផ្ដល់នូវវិភាគទានសម្រាប់ការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឱ្យការប្រកួតស៊ីហ្គេម។ យើងក៏បានប្រកាសដាក់ចេញនូវបេក្ខភាពសម្រាប់ទទួលយកនូវការប្រកួតស៊ីហ្គេមនៅឆ្នាំ ២០២៣​។

… ថ្ងៃនេះយើងធ្វើពិធីប្រគល់ និងទទួលជាមុនសិន។ ការបើកឱ្យដំណើរការ និងសម្ពោធឱ្យប្រើប្រាស់នឹងធ្វើនៅពេលក្រោយ។ មុននេះខ្ញុំគិតថា (បើ)ពុំមាន Covid-19 ទេ ខ្ញុំដាក់មនុស្សពេញស្តាតហ្នឹងតែម្ដង។ ប៉ុន្តែ ដោយសារតែការ(ចាំបាច់ត្រូវ)រក្សាគម្លាត នៅក្នុងដំណាក់នៃ Covid-19 ថ្ងៃនេះយើងជួបគ្នាត្រឹមគ្នាត្រឹមតែជាង ១០០០ នាក់។ ប៉ុន្តែ ក្នុងពេលសម្ពោធ ខ្ញុំសង្ឃឹមថា យើងនឹងអាចដាក់មនុស្សច្រើនជាងនេះ ដើម្បីឱ្យប្រជាជនកម្ពុជាយើងមើលឃើញនូវសមិទ្ធផលទាំងឡាយ ដែលយើងសម្រេចបានតាមរយៈផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

ពហុកីឡដ្ឋាន “មរតកតេជោ” មោទនភាពរបស់ជាតិខ្មែរទាំងមូល

ថ្ងៃនេះយើងពិតជាមានមោទនភាព វាមិនមែនគ្រាន់តែខ្ញុំដែលជាអ្នកផ្តួចផ្តើមគំនិត និងជាអ្នកទៅស្វះស្វែងរកជាមួយនឹងដៃគូ ជាពិសេស ជាមួយនឹងឯកឧត្តមប្រធានាធិ​បតី Xi Jinping តែប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាមោទនភាពរបស់ជាតិខ្មែរទាំងមូល ដែលទទួលបានជំនួយដ៏សប្បុរសពីមិត្តរបស់យើង។ យើងកសាងដើម្បីជាតិយើងទាំងអស់គ្នា ដើម្បីសុខុមាលភាពរបស់ប្រជាជន ជាពិសេស យុវជន និងកុមាររបស់យើង។ កិច្ចការទាំងនេះបានតម្រូវឱ្យយើងរួមគ្នាធ្វើ ដែលក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះបណ្ដាក្រុមហ៊ុន ​វិស្វករ ក៏ដូចជាអ្នកជំនាញទាំងឡាយ ដែលបានខិតខំចូលរួមកសាងនូវពហុកីឡដ្ឋាននេះឡើង។ ខ្ញុំនៅចាំបានថា ពេលបើកការដ្ឋានសាងសង់នូវពហុកីឡដ្ឋាននេះ គឺចំថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៧ គឺចំខួបកំណើតរបស់ខ្ញុំតែម្ដង។ យើងជួបគ្នាពេលព្រឹកនៅទីនេះ ហើយបន្ទាប់ទៅពេលល្ងាចយើង(ហូប)បាយជាមួយកីឡាករ/ការនី។ សូមជម្រាបជូនឯកឧត្តម Wang Yi ផងដែរ ជារៀងឆ្នាំ ខ្ញុំតែជួបហូបបាយជាមួយកីឡាករ/ការនី ជារៀងរាល់ឆ្នាំ។ មានជំនួបច្រើន (ដូចជា)ជំនួបបាយជាមួយកីឡាករ/ការនី សិល្បករ/ការនី ជាមួយផ្នែកផ្សេងៗទៀត ឥស្លាម មានជំនួបច្រើនដែលត្រូវធ្វើការប្រាស្រ័យទាក់ទងរវាងនាយករដ្ឋមន្ត្រីជាមួយគ្រប់មជ្ឈដ្ឋាន ក្នុងនោះកីឡាករ/ការនី។ ប៉ុន្តែ ជាអកុសលចាប់តាំងពីឆ្នាំ ២០២០-២០២១ នេះយើងមិនទាន់បានជួបគ្នានៅឡើយទេ។

ពហុកីឡដ្ឋាន “មរតកតេជោ” ជំនួយឥតសំណងសាធារណរដ្ឋប្រជាមានិតចិន

សំរាប់កិច្ចការទាំងអស់ ខ្ញុំយកឱកាសនេះថ្លែងនូវការកោតសរសើរ និងអរគុណឯកឧត្តមអគ្គរដ្ឋទូត Wang Wentian ដែលជានិច្ចកាលចូលរួមនៅទីនេះ បន្ទាប់ពីឯកឧត្តម Xiong Bo ដែលឥឡូវជាអគ្គរដ្ឋទូតចិនប្រចាំសាធារណរដ្ឋសង្គមនិយមរៀតណាម ដែលតែងមកកាន់ទីនេះធ្វើកិច្ចការងារនៅទីនេះ។ ខ្ញុំក៏សុំថ្លែងអំណរគុណចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ថោង ខុន ក៏ដូចជាសហការីផ្នែកខាងកម្ពុជា ដែលជានិច្ចកាលបានមកចូលរួមប្រឹក្សាយោបល់ និងតាមដានការវិវត្តនៃការសាងសង់នៅទីនេះ។ អ្នកទាំងអស់មិនដែលផ្ដល់នូវការរំខានណាមួយសម្រាប់ខ្ញុំនោះទេ … ការសម្របសម្រួលរវាងដៃគូកម្ពុជា-ចិន ធ្វើទៅដោយរលូន តាមរយៈតំណាងរបស់កម្ពុជា និងតំណាងរបស់ភាគីចិន គឺមានអគ្គរដ្ឋទូត Wang Wentian នៅទីនេះ។ ការកើតឡើងនូវសមិទ្ធផលនៅថ្ងៃនេះ មិនមែនជាការចៃដន្យទេ។ ឯកឧត្តម ថោង ខុន អានមានការភាន់ច្រឡំបន្តិចត្រង់ថា ១ ពាន់ ១ រយ លានយេន ស្មើនឹង ៥០ លានដុល្លារ(សហរដ្ឋអាមដេរិក)។ មិនមែនទេ។ គឺ ១៥០ លានដុល្លារ។ សមិទ្ធផលនេះ សូ​ម្បីតែខ្លួនខ្ញុំ ឆ្នាំ ២០០០ ហើយ ក៏ខ្ញុំ​មិនដែលនឹកស្មានថាមានសមិទ្ធផលបែបនេះនោះទេ។ ប៉ុន្តែ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន យើងមានឱកាស។ ថ្ងៃនេះគ្រាន់តែជាពិធីដើម្បីប្រគល់ និងទទួល ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបទេសចិនតែប៉ុណ្ណោះ ប៉ុន្តែ យើងនឹងធ្វើពិធីសម្ពោធមួយទៀត ដោយសង្ឃឹមថា មានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនមកចូលរួម ដើម្បីអបអរសាទរនូវសមិទ្ធផល ដែលចេញមកពីការខិតខំប្រឹងប្រែង និងផ្លែផ្កានៃចំណងមិត្តភាពរវាងកម្ពុជា និងចិ​ន។

ការទទួលផលដើមរដូវនៃចំណងមិត្តភាពដែកថែប

ខ្ញុំអាចចាត់ទុកថា នេះគ្រាន់តែជាការទទួលផលដើមរដូវនៃចំណងមិត្តភាពដែកថែប ដែលប្រធានាធីបតី Xi Jinping បានប្រសិទ្ធិនាមឡើង។ ហេតុអ្វីបានជាខ្ញុំនិយាយថា វាជាការទទួលផលដើមរដូវ? យើងមិនមែនទាក់ទងជាមួយចិនត្រឹមតែថ្ងៃនេះ ឬថ្ងៃស្អែក បន្ទាប់ពីទទួលស្តាតនេះរួចហើយនោះទេ។ យើងត្រូវធ្វើជាមិត្តចិន ច្រើនឆ្នាំតទៅទៀត។ បើនិយាយមកដល់ពេលនេះ យើងគួរតែរំលឹកទៅដល់សម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែលព្រះអង្គបានកសាងទំនាក់ទំនងជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន តាំងពីជំនួបដំបូងរវាងព្រះករុណា ព្រះមហាក្សត្រ ដែលពេលនោះព្រះអង្គដឹកនាំប្រទេស ជាមួយនឹងអតីតនាយករដ្ឋមន្ត្រីចិន Zhou Enlai នៅ បានឌុង ដែលជាការចាប់ផ្តើមនាំមកនូវទំនាក់ទំនងដ៏ល្អ។ សុំបញ្ជាក់ថា វាមិនមែនជាការចៃដន្យកើតឡើងនោះទេ ក៏ប៉ុន្តែមានការត្រួសត្រាយផ្លូវដោយព្រះបិតាជាតិរបស់យើង ជាមួយនឹងមេដឹកនាំជំនាន់ដើមរបស់ចិន។

មហាក្សត្រ និងរាជរដ្ឋាភិបាល បន្តអនុវត្តនយោបាយចិនមួយ និងទំនាក់ទំនងដ៏ល្អ

កម្ពុជាបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន តាំងពីចិនមិនទាន់ចូលជាសមាជិកអង្គការសហប្រជាជាតិមកម្ល៉េះ។ នេះជាចំណុចដែលត្រូវចងចាំ។ មុននេះ ចិនមិនមែនជាតំណាង នៅអង្គការសហប្រជាជាតិទេ ដោយសារមានចិន ២ ហើយពេលនោះ សម្តេចព្រះនរោត្តម សីហនុ សម្រេចព្រះទ័យទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ដែលមិនមានអាសនៈនៅអង្គការសហប្រជាជាតិ។ មានន័យថាម៉េច? បានសេចក្តីថា ព្រះអង្គមានព្រះរាជចក្ខុវិស័យវែងឆ្ងាយ(ថា) ទៅថ្ងៃអនាគតគឺច្បាស់ជាសាធារណរដ្ឋប្រជាមានិតចិន (ហើយ)វាបានកើតឡើងពិតប្រាកដ។ បន្ទាប់ពីព្រះអង្គទៅ នៅមានព្រះរាជបុត្ររបស់ព្រះអង្គកំពុងគ្រងរាជ្យសព្វថ្ងៃ គឺព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ក៏ដូចជាកូនចៅរបស់ព្រះអង្គ រួមមានទាំងរូបខ្ញុំផងដែរ បន្តអនុវត្តនយោបាយចិនមួយ និងបន្តនូវការគ្រប់គ្រងទំនាក់ទំនងដ៏ល្អនេះបន្ថែមទៀត។

ពីមិត្តមានការជឿទុកចិត្ត ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តភាពដែកថែប

បន្តិចម្តងៗ យើងក្លាយពីមិត្តដែលមានការជឿទុកចិត្ត ទៅជាមិត្តក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ បន្ទាប់ទៅ ឯកឧត្តមប្រធានាធិបតី Xi Jinping ផ្ទាល់បានហៅ(ភាពជាដៃគូនេះ)ថា ជាមិត្តភាពដែកថែប​។ មិត្តភាពដែកថែបនៅទីនេះ បើតាមន័យដែលខ្ញុំកាត់យល់ និងការយល់ដឹងរបស់ខ្ញុំ គឺការជឿទុកចិត្តគ្នា​ ដែលសង្កត់ន័យបន្ថែមទៅលើទំនាក់ទំនងក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រ​ទេសមិនតិចទេ ​ដែលមានកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ ឬភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិនជាមួយនឹងប្រទេសនានា ក៏ប៉ុន្តែនៅទីនេះ ឯកឧត្តមប្រធានាធិបតី Xi Jinpijg បានបន្ថែមពាក្យគឺមិត្តដែកថែប។

មិនដោយរោយតាមការគំរាមឬលួងលោមណាឡើយ តែគោរពនិងស្មោះត្រង់ក្នុងទំនាក់ទំនង

ខ្ញុំយល់ពីន័យនេះ(ថា នោះ)គឺការជឿទុកចិត្តគ្នាខាងនយោបាយពិតប្រាកដ ដែលគ្មានពេលណារង្គោះរង្គើរវាងភាគីទាំង ២ ទោះបីត្រូវទទួលសម្ពាធពីអ្នកនេះ សម្ពាធពីអ្នកនោះ ក៏ប៉ុន្តែយើងមិនបានដោយរោយទៅតាមការគំរាម ដោយរោយទៅតាមការលួងលោមរបស់អ្នកណាទាំងអស់។ យើងគោរព និងមានការស្មោះត្រង់ក្នុងទំនាក់ទំនងជាមួយគ្នានេះ។ នោះហើយជាគោលនយោ​បាយការបរទេស បើនិយាយជារួមគឺរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ដែលមានកុងសង់ស៊ីសខាងនយោបាយក្នុងទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ហើយបើនិយាយដោយឡែក គឺតួអង្គ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី ទទួលខុសត្រូវក្នុងការដឹកនាំនយោបាយ ទាំងនយោបាយក្នុងប្រទេស និងក្រៅប្រទេស។

ស្ថាបត្យកម្មពហុកីឡដ្ឋានរាងសំពៅ បង្ហាញបរិបទប្រវត្តិសាស្ត្រ បច្ចុប្បន្នភាព និងអនាគត

(សមិទ្ធផល)ដែលយើងបានទទួលផលនៅក្នុងក្របខណ្ឌនេះ វាក៏មិន​នៅដាច់ដោយឡែកពីក្របខណ្ឌនៃកិច្ច សហប្រតិបត្តិការទ្វេភាគីដែលមានពីមុនមក នៅក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផង នៅក្នុងក្របខណ្ឌអាស៊ានចិនផង។ ពិសេសជាងនេះទៅទៀត នៅក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ ព្រមទាំងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ដែលខ្ញុំបានជ្រើសយកគំរូ(រចនាបទ)សំពៅ ដើម្បីធ្វើជាពហុកីឡដ្ឋាននេះ។ មាន(ពង្រៀង)ជំរើស(ប្លង់ស្ថាបត្យកម្ម) ៣ (សំរាប់ខ្ញុំជ្រើសរើស)។ ហេតុអីបានជាខ្ញុំជ្រើសរើសយក(ប្លង់ស្ថាបត្យកម្មមានរាង)សំពៅ? (គឺ)ដោយសារវាសមស្របទៅនឹង(ការគិតគូរពី)សម័យកាលដើម បូកជាមួយនឹងចក្ខុវិស័យ និងគំនិតផ្តួចផ្តើម​របស់ ប្រធានាធិបតី Xi Jinping ស្តីពីសូត្រសមុទ្រសតវត្សរ៍ទី ២១។ យើងចង់ឲ្យអ្វីៗវាបានកើតឡើង ស្របគ្នាជាមួយនឹងបរិបទប្រវត្តិសាស្ត្រផង និងបច្ចុប្បន្នភាព ក៏ដូចជាទៅអនាគតផង។

បើមិនមានចិន តើមាននរណាជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់វ៉ាក់សាំងឲ្យកម្ពុជា

… កាលពីប៉ុន្មានខែមុន ប្រហែលជាប្រជាជនកម្ពុជាជាងពាក់កណ្តាលបានស្តាប់លឺខ្ញុំនិយាយថា បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំពឹងអ្នកណា? នេះមិនមែនជាសំដីលេងសើច ហើយក៏មិនមែនជាសំដីដើម្បីផ្ចាញ់ផ្ចាលអ្នក​ណាទេ។ នេះជារឿងពិត។ នៅពេលដែលឯកឧត្តម Wang Wentian ជាមួយខ្ញុំ ទៅសម្ពោធផ្លូវលេខ ៥៥ តភ្ជាប់ខេត្តពោធិសាត់ ទៅព្រំដែនកម្ពុជា-ថៃ ពេលនោះខ្ញុំបាននិយាយថា តើមានអ្នកណាដើរតួនាទីជំនួសចិនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា? ផ្លូវរាប់ពាន់គីឡូម៉ែត្រ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី និងផ្នែកដទៃទៀត។ តើអ្នកណាមកជំនួស បើសិនជាមិនមានចិនជួយ? … នៅពេលខ្ញុំចូលរួមសន្និ​សីទស្តីពីអនាគតអាស៊ី អ្នកសម្របសម្រួលបានសួរមកកាន់ខ្ញុំថា ឯកឧត្ដម ហាក់ដូចជាងាកទៅរកចិន។ ខ្ញុំក៏បានឆ្លើយដោយត្រង់ៗ មិនមែនជាការវាយបកទេ តែនេះជាន័យពិតប្រាកដ “បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំពឹងអ្នកណា?”។ សូមប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលកំពុងស្ដាប់ការផ្សាយបន្តផ្ទាល់ ប្រហែលជាជិត ២០ ទូរទស្សន៍ និងប្រព័ន្ធបណ្ដាញវិទ្យុ និងអនឡាញរាប់សិប (ពិចារណា) តើខ្ញុំមានកំហុសទេ នៅពេលខ្ញុំ(ធ្វើ)ទំនាក់ទំនងជាមួយនឹងមិត្តចិន ហើយបានមកនូវសមិទ្ធផលបែបនេះ? នេះគ្រាន់តែជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលរាប់រយ ដែលជាការដ្ឋានធំៗ។

ពេលប្រជុំមហាអនុតំបន់មេគង្គថ្ងៃមុន ខ្ញុំ(បាន)បូកសរុប គ្រាន់តែផ្លូវជាង ២ ពាន់គីឡូម៉ែត្រ តភ្ជាប់ផ្ទៃក្នុង កម្ពុជាផង តភ្ជាប់ជាមួយនឹងបណ្តាប្រទេសជិតខាងផង។ ព័ទ្ធជុំវិញផ្ទៃប្រទេសរបស់យើង សុទ្ធតែផ្លូវដែលចិនជួយ។ ស្ពានឆ្លងកាត់ទន្លេមេគង្គ ឆ្លងកាត់ទន្លេសាប ឆ្លងកាត់ទន្លេបាសាក់ បើសិនជាគ្មានចិនជួយ តើបានអ្នកណាជួយ? សូម្បីតែឥឡូវនេះ បើសិនជាចិនមិនជួយទេ តើអ្នកទាំងអស់គ្នាបានចាក់វ៉ាក់សាំងហើយឬនៅ? កុំភ្លេចណា កីឡាករ/ការនីរបស់យើង បូកទាំងអ្នកសារព័ត៌មានសុទ្ធតែបានចាក់វ៉ាក់សាំងដូសទី ៣ រួចហើយ។ ប៉ុន្តែ បើគ្មានមិត្តចិនទេ សួរថា តើអ្នកទាំងអស់គ្នាបានទទួលវ៉ាក់សាំងហើយឬនៅ? នេះជារឿងពិត។ ខ្ញុំសង្ឃឹមថា អ្នកធ្វើការវិភាគខាងនយោបាយ មិនថាអ្នកនៅក្នុងប្រទេស ឬអ្នកនៅក្រៅប្រទេស ឬជនជាតិកម្ពុជា ឬជនជាតិបរទេស ត្រូវមើលឃើញការជាក់ស្តែងមួយ ដែលវាបានកើត កំពុងកើត ហើយវានឹងបន្តកើតទៅថ្ងៃអនាគត។

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មានទាំងទ្រឹស្តី មានទាំងធនធានហិរញ្ញវត្ថុ

ផ្លូវសូត្រសតវត្សរ៍ទី ២១ ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញ ចិនមិនបានដាក់ ចេញត្រឹមតែទ្រីស្តីទេ។ នៅពេលដែលខ្ញុំចូលរួមប្រជុំអំពីខ្សែក្រវាត់ និងផ្លូវ ចិនបានដាក់ចេញហើយ ដាក់ចេញទាំងលុយតែម្តង។ ពេលនោះ ក្នុងសុន្ទរកថា ខ្ញុំក៏បាននិយាយត្រង់ទៅប្រធានាធិបតី Xi Jinping ថា “មានគម្រោងច្រើននៅក្នុងក្របខណ្ឌអាស៊ាន ក្របខណ្ឌអាស៊ី ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់អត់លុយ”។ (ជាការជាក់ស្តែង) គំនិតផ្ដួចផ្ដើមដែលបានដាក់ចេញមកនេះ គឺដាក់ចេញមកទាំងលុយ សម្រាប់បម្រើឲ្យការអភិវឌ្ឍសម្រាប់បណ្តាប្រទេសក្រីក្រ ហើយយើងក៏ជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសដែលទទួលបានផលប្រយោជន៍ អំពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។

កម្ពុជាមិនបដិសេធជំនួយពីគ្រប់ប្រភព មិនយកនរណាជាសត្រូវទាំងអស់

… គេមិនត្រូវនិយាយអំពីបញ្ហាកម្ពុជាលំអៀងទៅចិនទេ ព្រោះកម្ពុជាមិនដែលបានទាល់ចោលជំនួយអ្នកណាទាំងអស់ ហើយក៏មិនដែលយកអ្នកណាធ្វើជាសត្រូវដែរ។ បញ្ហាវាស្ថិតនៅត្រង់ថា វាអត់មានអ្នកណាជួយ។ បើសិនជាខ្ញុំមិនច្រឡំទេ បើកុំមានចិនជួយផ្ដល់ និងផ្គត់ផ្គង់ មកដល់ពេលនេះ ច្រើនណាស់កម្ពុជា(មាន) វ៉ាក់សាំង (ដែលអាច)ចាក់បាន ២ លាននាក់។ ប៉ុន្តែ សូមជម្រាបជូន យប់នេះ(ចំនួនអ្នកបានចាក់​វ៉ាក់សាំងហើយ)អាចដល់ ១១,៥ លាននាក់ ខណៈអ្នកដែលបានចាក់(វ៉ាក់សាំង) ក្នុង ១១,៥ លាននាក់នេះ មានអ្នកចាក់ដូសទី ៣ (រួចចំនួន) ៨០ ម៉ឺននាក់ រួចស្រេចទៅហើយ ហើយក្មេងៗ (ដែលបានចាក់វ៉ាក់សាំងរួចមានចំនួន) ១ លាន ៦ សែននាក់ រួចស្រេចទៅហើយ។ នៅទូទាំងពិភពលោក កម្ពុជាតែមួយគត់ ដែលមានវ៉ាក់សាំងស្រោចនៅរាជធានី សូម្បីតែទីក្រុងប៉េកាំង ប្រហែលជាពេលនេះមិនទាន់ចាក់ដល់ ៩៩% នៃប្រជាជន។ កាសែតអូស្ត្រាលី ថ្ងៃមុនផ្សាយថា ដោយសារកម្ពុជាស្និទ្ធស្នាលជាមួយចិន ទើបកម្ពុជា ចាក់វ៉ាក់សាំងបានច្រើនជាងគេនៅក្នុងរាជធានីរបស់ខ្លួន។ នេះវាជារឿងពិត មិនមែនជារឿងប្រឌិត ហើយលើកខុសរឿងនោះទេ។

បើសិនជា(ការ)ទទួលបានសមិទ្ធផលបែបនេះ ជាជំនួយឥតសំណង ១៥០ លានដុល្លារ បែរជាខុស សូមអ្នក(ដែលលើកឡើង)មានទឡ្ហីករឲ្យបានត្រឹមត្រូវមក(បញ្ជាក់ និង/ឬបង្ហាញខ្ញុំ)។ ឥឡូវនេះ មិនខ្វះ(កន្លែងធ្វើ)ទេ។ បើសិនជា(មាន)ប្រទេសដទៃត្រូវការ(ចង់ជួយ) កសាងកន្លែងប្រកួតកីឡាឲ្យកម្ពុជាបន្តទៀត កម្ពុជាមានកន្លែងនៅសល់ (មាន) ២៤ ខេត្ត/ក្រុងទៀតមិនទាន់មាន។ សូមអញ្ជើញមក កម្ពុជាស្វាគមន៍។ ចិនបានធ្វើស្ពាន ៧ ត្រៀមស្ពានទី ៨ ហើយកំពុងតែសុំឥណទាន។ ឥឡូវ នៅខ្វះស្ពានច្រើនណាស់។ សូមអញ្ជើញចូលរួមកសាងស្ពាន។ ឥឡូវ សាធារណរដ្ឋកូរ៉េ ត្រៀមធ្វើមួយដែរ។ កម្ពុជាអត់បដិសេធទេ។ ខ្ញុំមិនមែនយកឱកាសនេះ ដើម្បីនិយាយអំពីនយោបាយការបរទេសរបស់កម្ពុជាទេ ក៏ប៉ុន្តែ ដោយសារទិដ្ឋភាពជាក់ស្តែងវាតម្រូវឲ្យខ្ញុំត្រូវតែនិយាយ ដើម្បីចង្អុលបង្ហាញថា សមិទ្ធផលបែបនេះវាមិនអាចកើតមានបានទេ ប្រើសិនបើគ្មានទំនាក់ទំនងល្អជាមួយនឹងមិត្តចិន ហើយបើចិនមិនផ្ដល់នូវជំនួយនេះ។

កម្ពុជាចិន នឹងចុះហត្ថលេខាជំនួយឥតសំណង ប្រហែល ២៥០ លានដុល្លារ

សុំជម្រាបមុនបន្តិចទៅចុះ ពេលនេះយើងសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលមួយ ដែលមានតម្លៃ ១ ១០០ លានយន់ ស្មើនឹង ១៥០ លានដុល្លារ(អាមេរិក) ប៉ុន្តែ បន្តិចទៀតនេះ ក្រោមអធិបតីភាពខ្ញុំ និងឯកឧត្តម Wang Yi យើងនឹងចុះហត្ថលេខាលើជំនួយឥតសំណងរបស់មិត្តចិនចំនួន ១៧៥០ លានយន់ ស្មើប្រហាក់ប្រហែល ២៥០ លានដុល្លារអាមេរិក។ ល្ងាចនេះ ឯកឧត្តម Wang Yi នឹងនៅជាមួយខ្ញុំ។ ប្រ​ហែលជាយើង(នៅដល់)យប់បន្តិចក៏បានដែរ ព្រោះលឺថាឯកឧត្តមដាក់ Maotai មួយមក។ ល្ងាចនេះ ចេញពីនេះទៅ ជួបចរចាជាមួយគ្នា រួចហើយចុះហត្ថលេខា រួចហើយទៅបាយជាមួយគ្នា។ ជជែកគ្នានៅទីនោះ។ ស្អែកម៉ោង ៩ (ព្រឹក)បានឯកឧត្តមចេញដែរ។ ដូច្នេះ ចេញពីខ្ញុំទៅក៏សម្រាក ឯខ្ញុំស្អែកក៏មិនទាន់ចាក់វ៉ាក់សាំងដូសទី ៣ ខ្ញុំនឹងចាក់នៅថ្ងៃខានស្អែកទៅវិញ ព្រោះខ្ញុំដឹងថា យប់នេះខ្ញុំនឹងផឹកស្រាជាមួយឯកឧត្តម។ អញ្ចឹងផឹកឲ្យហើយ បានចាក់ ព្រោះចាក់ដូសទី ៣ គេហាមផឹកស្រា។

គោលនយោបាយរបស់កម្ពុជា សន្តិសហវិជ្ជមាន អព្យាក្រឹត្យ អចិន្ត្រៃយ៍

ចំណុចនេះគួរតែត្រូវនិយាយ ព្រោះមានមនុស្សមួយចំនួនមើលមកកម្ពុជានៅក្នុងក្រសែភ្នែកដែលមិនត្រឹមត្រូវ។ ខ្ញុំចង់បញ្ជាក់ឡើងវិញថា កម្ពុជាអនុវត្ដនយោបាយសន្ដិសហវិជ្ជមាន អព្យាក្រឹត្យ អចិន្ដ្រៃយ៍ យើងធ្វើមិត្ត ជាមួយ​ប្រទេសទាំងអស់ គ្មានយកអ្នកណាជាសត្រូវ លើកលែងតែពួកភេរវកម្ម​ទេ​ ដែល​ជាសត្រូវរបស់​យើង។ ប៉ុន្ដែ លើការជាក់ស្ដែង ការអនុវត្ត វាស៊ីសងលើបញ្ហា តើអ្នកណាហ៊ានផ្ដល់ជំនួយឲ្យ​យើង? ការអនុវត្ដនយោបាយការបរទេសមិនមែនជារឿងលេងសើចទេ​។ ​ ត្រូវប្រាកដប្រជា ត្រូវប្រាកដនិ​យម មិនអាចទៅឆ្វេង មិនអាចទៅស្ដាំ មិនអាចម្ដងទៅលិច ម្ដងទៅកើត ម្ដងទៅជើង ម្ដងទៅត្បូងនោះទេ។ ធ្វើយ៉ាងនេះ វានឹងខូច​ផលប្រយោជន៍របស់ជាតិយើង។ និយាយដោយត្រង់ អ្វីដែល(សំរេចបាន)ជាមួយ​ទំនាក់​ទំនងកម្ពុជា-ចិន​​ ក្នុងប្រវត្ដិសាស្ដ្ររបស់កម្ពុជានិងចិន មិនមែនទើបតែនឹងសម័យក្រោយនេះទេ គឺច្រើន​សតវត្សរ៍ហើយ។​ អ្វីដែលគួរឲ្យកត់សំគាល់បំផុត គឺទំនាក់ទំនងដែលកសាងឡើងដោយព្រះករុណា​ព្រះបិតា សម្ដេចព្រះនរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ ជាមួយនឹងថ្នាក់ដឹកនាំចិនជំនាន់មុន ហើយបន្ដរហូតមក​ដល់ពេលនេះ នៅមានអ្នកបន្ដវេនពង្រឹង​នូវទំនាក់ទំនងនេះ។

មិត្តល្អពិតប្រាកដគឺមិត្តដែលជួយគ្នាគ្រាមានអាសន្ន

ខ្ញុំសូមយកឱកាសនេះ តាមរយៈឯកឧត្តម Wang Yi ថ្លែងនូវអំណរគុណ​ដ៏​ជ្រាលជ្រៅជូន​ចំពោះ បក្ស រដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស ​ឯកឧត្តម Xi Jinping ឯកឧត្តម Li Keqiang ដែលបាន​គាំទ្រនូវគម្រោងទាំងឡាយ សម្រាប់ការអភិវឌ្ឍកម្ពុជា។​ ថ្មីៗនេះ អរគុណជាពិសេស ដែលបានកាត់​បន្ថយការស្លាប់របស់ប្រជាជនកម្ពុជានៅក្នុង​មហន្ដរាយ នៃ​ជំងឺរាតត្បាតនៃជំងឺកូវីដ-១៩។ ពិតមែនតែ កម្ពុជាមានការឆ្លងច្រើន តែអត្រានៃការ​ស្លាប់​និងអត្រា​នៃ​ការចូលពេទ្យមានកម្រិតទាប ដោយសារ​តែពួកគេ​បានទទួលវ៉ាក់សាំង។ ថ្ងៃនេះ មុននឹងចូលមកទីនេះ មានការធ្វើតេស្ដមួយ មន្ដ្រីម្នាក់នៃក្រសួងព័ត៌មាន មានវិជ្ជមានកូវីដ-១៩ ​តែគេមិនបានដឹងថាខ្លួនគេមានកូវីដ-១៩ផង (មិនមានរោគសញ្ញា) ព្រោះ​ដោយសារគេបាន​ទទួល​វ៉ាក់​សាំងរួចស្រេច។ អញ្ចឹងពេលដែលគាត់ឆ្លង គាត់អត់ដឹងខ្លួនថាបានឆ្លងទេ។ អញ្ចឹងបានជាយើងអនុញ្ញាត​ឲ្យគេព្យាបាលនៅតាមផ្ទះ ឬទៅកន្លែងធ្វើចត្ដាឡីស័ក ព្យាបាលកន្លែងស្រាល ​ដើម្បីសម្រាលដល់​មន្ទីរ​ពេទ្យរបស់យើង។ យើងមិនទាន់ហូរហៀទៅដោយមនុស្ស ដោយខ្វះគ្រែសម្រាក​នោះទេ។

នោះហើយដែល យើង​ឃើញថា មិត្តល្អគឺជួយគ្នាក្នុងគ្រាអាសន្ននេះឯង។ ​ បើនៅក្នុងពេលអាសន្ន បែរជារត់ចោលគ្នា តើធ្វើជាមិត្តនឹងគ្នាយ៉ាងម៉េច? អ្នកខ្លះបានពេបជ្រាយឲ្យខ្ញុំ នៅពេលដែលខ្ញុំបានធ្វើដំណើរទស្សនកិច្ចទៅប៉េកាំង ​នៅ​ពេលកូវីដ-១៩ រាតត្បាត។ ពេលនោះ ឯកឧត្តម Wang Yi បាន​ទៅទទួលខ្ញុំនៅព្រលានយន្ដហោះ​​ប៉េកាំង។ យើងទាំងពីរនាក់មិនទាំងបានពាក់ម៉ាស់ផង។ ពេលនោះ ខ្ញុំបានប្រាប់ ឯក​ឧត្តម Xi Jinping ឯកឧត្តម Li Keqiang  រួចហើយឯកឧត្តម Wang Yi មកបាយជាមួយ​គ្នា​មុនពេលដែល​ខ្ញុំចាក​ចេញមក​ទាំងយប់ ថា “បើខ្ញុំពាក់ម៉ាស គឺស្មើនឹងការបញ្ជូនសារភ័យខ្លាចមួយ​ទៅកាន់​ប្រជាជន​កម្ពុជា​ និងក៏បញ្ជូនសារនៃការភ័យខ្លាចចំពោះនិស្សិតកម្ពុជា​ ដែលកំពុងរៀន​នៅចិនរួម​ទាំង​មាន​នៅ Wuhan ផងដែរ”។ ខ្ញុំចង់ទៅទាំង​ Wuhan ថែមទៀត ដើម្បីបង្ហាញពីសាមគ្គីភាពរបស់កម្ពុជា ជាមួយនឹងមិត្តចិននៅក្នុងគ្រាមានអាសន្ន។

កសាងមិត្ត ១៤០០ លាននាក់

ឥរិយាបទ(ដែលបានប្រកាន់យក)បែបនេះ ក៏ត្រូវបានឆ្លើយតប … នៅពេលដែលកម្ពុជាត្រូវការចិនឲ្យជួយ ចិនជួយភ្លាម។ តើវាមានការខាតបង់អ្វីដែលយើងកសាងមិត្តចំនួន ១៤០០ លាននាក់ ដែលខ្ញុំធ្លាប់និយាយលេងថា គ្រាន់តែនោមស្មើគ្នាក្លាយទៅជាទឹកជំនន់មួយទៅហើយ។ ប្រជាជន ១៤០០ លាននាក់ បូកប៉ុន្មានទ្វីបទៅ។ ទ្វីបខ្លះមានត្រឹម ៥០០ លាននាក់ ទ្វីបខ្លះមានតិចមានតួច ប៉ុន្តែគឺសម្រាប់ប្រជាជន ១៤០០ លាននាក់ មិនរឿងតូចតាចទេ។ ប្រទេសយើងមានតែ ១៦ លាននាក់។ តិចណាស់ប្រៀបធៀបជាមួយប្រជាជនចិន។ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ ខ្ញុំធ្វើការជាមួយមេដឹកនាំចិនកាលពីមុន សុទ្ធតែមានអាយុច្រើនជាងខ្ញុំ តែឥឡូវខ្ញុំអាយុច្រើនជាងមេដឹកនាំចិនទៅវិញ។ ឯកឧត្តម Xi Jinping គាត់អាយុតិចជាងខ្ញុំ ឯកឧត្តម Li Keqiang ក៏អាយុតិចជាងខ្ញុំ។ Wang Yi គាត់អាយុតិចជាងខ្ញុំមួយឆ្នាំ។ ប៉ុន្តែ ពេលដែលខ្ញុំធ្វើការជាមួយឯកឧត្តម Jiang Zemin ឯកឧត្តម Li Peng ក្រោយមកឯកឧត្តម Zhu Rongji ជានាយករដ្ឋមន្រ្តីបន្តពីឯកឧត្តម Li Peng ក្រោយមកឯកឧត្តម Hu Jintao ជាមួយឯកឧត្តម Wen Jiabao បន្ទាប់មកទៀតឯកឧត្តម Xi Jinping ជាមួយនឹងឯកឧត្តម Li Keqiang។

ឥរិយាបថចិន មានការគោរព មិនប្រកាន់ថាប្រទេសតូច/ក្រីក្រ ឬមេដឹកនាំជាក្មេងជំនាន់ក្រោយ

 

បើទោះបី ចិនជាប្រទេសធំ ហើយ(មេដឹកនាំ)គាត់ជាមនុស្សចាស់ជាងយើង ក៏ប៉ុន្តែការគោរពគ្នាគឺច្បាស់លាស់។ (ពួកគាត់)អត់មើលមកយើងថាជាប្រទេសតូច ប្រទេសក្រីក្រ ឬក៏ក្មេងជំនាន់ក្រោយនោះទេ។ នេះជាឥរិយាបទដែលខ្ញុំសុំវាយតម្លៃខ្ពស់ និងសម្តែងនូវការគោរព។ ឥឡូវ ព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រះអង្គកំពុងតែពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គនៅឯប៉េកាំង។ ទីនោះគឺជាទីកន្លែងសមស្របសម្រាប់ព្រះមហាក្សត្រ និងហ្លួងម៉ែដែលព្រះអង្គតែងតែពិនិត្យសុខភាព ដែលយើងបានស្នើសុំឲ្យមិត្តចិនជួយថែទាំព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ។ ខ្ញុំនិយាយច្រើនពេក ប៉ុន្តែដោយសារតែយើងនៅជាប់គ្នា ព្រោះឯកឧត្តមចេញពីហ្នឹង មិនមែនទៅជួបអ្នកផ្សេងឯណា ចេញពីត្រង់ហ្នឹងទៅជួបខ្ញុំដដែល។ គ្រាន់តែខ្ញុំជិះឡានទៅមុន។ អញ្ចឹង ខ្ញុំនិយាយរាងវែងបន្តិច។ តែបានក្បាលមេក្រូហើយគឺទៅហើយ។

អតីតសមរភូមិក្លាយតំបន់អភិវឌ្ឍ … នយោបាយឈ្នះឈ្នះនិងសន្តិភាព ត្រូវតែបានថែទាំ

យើងមានកិច្ចការបន្តបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកការសម្ពោធ និងឈានឆ្ពោះទៅរកស៊ីហ្គេម​ឆ្នាំ ២០២៣។ ខ្ញុំបានអនុញ្ញាតឲ្យឯកឧត្តម សៅ សុខា ដែលជាប្រធានសហព័ន្ធបាល់ទាត់ដេញថ្លៃយកគម្រោងទាត់បាល់ទាត់បរទេសមកទាត់នៅហ្នឹងឆ្នាំ ២០២២ ឲ្យមកហ្វឹកហាត់នៅហ្នឹង។ កីឡាករ កីឡាការនី ដែលក្រសួងអប់រំ យុវជន និងកីឡា បានឲ្យប្រកួតតាមភូមិភាគ ដល់ពេលមកផ្តាច់ព្រាត់គួរមកផ្តាច់ព្រាត់នៅកន្លែងហ្នឹង ដើម្បីបង្កើតកន្លែងហ្នឹងឲ្យទៅជាតំបន់មួយនៃការទាក់ទាញ។ ឥឡូវយើងមានកសាងផ្ទះ ដោយគួបផ្សំការសហការរវាងរដ្ឋ និងឯកជន។ យើងអនុញ្ញាតឲ្យឯកជនកសាងផ្ទះសម្រាប់កីឡាករ។ បន្ទាប់ពីកីឡាករប្រកួតហើយនោះ ផ្ទះនោះនឹងត្រូវដាក់លក់ឲ្យប្រជាជន …។

ខ្ញុំបានដឹងទៀតថា កីឡាករ កីឡាការនីមួយចំនួនរបស់យើងត្រូវត្រៀមទៅហាត់នៅសាធារណរដ្ឋប្រជាមានិតចិន។ នៅទីនេះ ជាតំបន់មួយដែលមុននេះ គ្មានអ្នកណានឹកដល់ថា កន្លែងនេះជាតំបន់អភិវឌ្ឍន៍ទៅជាកូនក្រុងមួយ ដែលមានសណ្ឋាគារផ្កាយប្រាំ មិនឆ្ងាយពីទីនេះ កន្លែងលេងទឹក កន្លែងលេងស្អីៗ ហើយមានកន្លែងការប្រកួតចម្រុះខ្នាតអន្តរជាតិបែបនេះទេ។ ចាប់តាំងពីក្រោយរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ តំបន់នេះជាតំបន់សង្គ្រាមវាយគ្នា។ រហូតមកដល់ឆ្នាំ ១៩៨៩ ហើយ កន្លែងនេះគឺជាកន្លែងដាក់គ្រាប់ផ្លោងចូលទីក្រុងភ្នំពេញ។ ចូលដល់ឆ្នាំ ៩០ ប្លាយជាងហើយ កន្លែងនេះនៅជាកន្លែងអសន្តិសុខនៅឡើយទេ ពេលនោះឯកឧត្ដម ថោង ខុន ធ្វើអភិបាលក្រុងភ្នំពេញ។ មកខ្ញុំស៊ីញ៉េកាត់ដីឲ្យមិនដឹងប៉ុន្មានដង។ ព្រំប្រទល់ខេត្តកណ្ដាល និងភ្នំពេញកាលពីមុននៅនឹងជើងស្ពានជ្រោយចង្វា។ ក្នុងឋានៈជានាយករដ្ឋមន្រ្តី ខ្ញុំស៊ីញ៉េកាត់ដីខេត្តកណ្ដាលឲ្យទីក្រុងភ្នំពេញ ៣ ដង រួចស្រេចទៅហើយ (ក្នុងនោះ)ភ្ជាប់ទាំងពហុកីឡដ្ឋាននេះផង។ អញ្ចឹងយើងបានប្រែក្លាយអតីតសមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍន៍ហើយ។ ចំណុចនេះនយោបាយឈ្នះឈ្នះសន្តិភាពរបស់យើងដែលរកបានដោយលំបាក ត្រូវតែថែទាំ។

ប្រាក់អមមេដាយសន្តិភាពពិភពលោក ១ លានដុល្លារ យកទៅសង់ផ្ទះជូនអតីតយុទ្ធជន

ព្រឹកមិញ ខ្ញុំបានចូលរួមជាមួយនឹងសន្និសីទស្ដីអំពីសន្តិភាព ហើយក៏ទទួលបាននូវមេដាយមួយ ហើយមេដាយនោះអមដោយទឹកប្រាក់មួយលានដុល្លារ។ ខ្ញុំសុំយកឱកាសនេះប្រកាសថា មួយលានដុល្លារដែលអមជាមួយមេដាយដែលខ្ញុំទទួលនោះ នឹងយកទៅកសាងផ្ទះឲ្យអតីតយុទ្ធជន។ ខ្ញុំមិនយកប្រាក់នោះ(មកទុកសម្រាប់ខ្លួនឯង)ទេ។ (កាលមុន)បានមេដាយមួយ ហើយប្រាក់អមមេដាយហ្នឹងគឺ ១០ ម៉ឺន។ ហ្នឹងគឺខាងក្រុមប្រឹក្សាវប្បធម៌ប្រើប្រាស់។ ប៉ុន្តែមេដាយព្រឹកមិញដែលគេឃើញខ្ញុំពាក់នោះ អមដោយទឹកប្រាក់មួយលានដុល្លារ។ មួយលានដុល្លារហ្នឹងយកទៅធ្វើផ្ទះឲ្យយុទ្ធជនបានច្រើនដែរ ព្រោះផ្ទះមួយតម្លៃ ៤ ពាន់ដុល្លារអីដែរ។ ដូច្នេះធ្វើបានច្រើនដែរឲ្យអតីតយុទ្ធជន។ ប្រពន្ធខ្ញុំគាត់ធ្វើផ្ទះច្រើនណាស់ឲ្យអតីតយុទ្ធជន។ អញ្ចឹងទេ ខ្ញុំត្រូវប្រណាំងជាមួយគាត់ ព្រោះខ្ញុំជាប្រធានអតីតយុទ្ធជន អញ្ចឹងទេបានលុយធ្វើដែរ … កិច្ចការដែលយើងត្រូវបន្តធ្វើ ក្រៅពីការកសាង ក្រៅពីអ្វីៗ អ្វីដែលសំខាន់ជាងគេ គឺការថែទាំ។ ការធ្វើឲ្យកើតចេញជារូបរាង គឺវាជាការលំបាកមួយហើយ តែដើម្បីធានានិរន្តរភាព វាលំបាកជាងទៀត។ ត្រូវតែមានការថែទាំឲ្យបានច្បាស់លាស់ ចៀសវាងការខូចខាត។ សំណង់ដែលត្រូវប្រើ ៥០ ទៅ ១០០ ឆ្នាំ យើងបែរទៅជា ៤ ទៅ ៥ ឆ្នាំ ខូច។ សូមដាស់តឿន សូមយកចិត្តទុកដាក់ទៅលើបញ្ហានេះ ហើយត្រូវប្រឹងប្រែងរៀនសូត្រពីមិត្តចិន អំពីរបៀបថែទាំយ៉ាងណាអីយ៉ាងណា យើងត្រូវធ្វើកិច្ចការងារនោះ។

បើកយុទ្ធនាការដូសទី ៣ នៅខែ តុលា ដើម្បីភាពស៊ាំសហគមន៍ បើកសាលារៀននិងសេដ្ឋកិច្ច

ខ្ញុំហាក់ដូចជានិយាយច្រើនហួស ក៏ប៉ុន្តែ វាក៏ជាសារនយោបាយមួយសម្រាប់ប្រជាជនកម្ពុជារបស់យើង អំពីទំនាក់ទំនងរវាងកម្ពុជា-ចិន និងផលប្រយោជន៍ដែលកម្ពុជាបានទទួលពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងចិន។ យើងក៏នៅតែបន្តស្វាគមន៍ជាមួយមិត្តភក្ដិបរទេស ដែលបានបរិច្ចាគជួយយើង។ ខ្ញុំមិនទាត់ចោលទេ។ ខ្ញុំអរគុណចំពោះប្រទេសទាំងឡាយដែលបានផ្ដល់វ៉ាក់សាំងដល់កម្ពុជា ក្នុងរយៈពេលកន្លងទៅ តាម COVAX ក្ដី តាមទ្វេភាគីក្ដី។ ប៉ុន្តែល្ងាចនេះខ្ញុំត្រូវនិយាយជាមួយឯកឧត្ដម Wang Yi បន្ថែម ព្រោះខ្ញុំត្រូវការដូសទី ៣ ដែលឥឡូវកំពុងតែដំណើរការចាក់ ហើយខែ ១០ នេះ នឹងបើកយុទ្ធនាការដូសទី ៣ ដើម្បីរក្សាភាពស៊ាំក្នុងសហគមន៍ ហើយយើងឈានទៅបើកសាលារៀន បើកសេដ្ឋកិច្ចឡើងវិញ។

យើងត្រូវការធ្វើកិច្ចការទាំងអស់នោះ ព្រោះយើងត្រូវរៀនរស់នៅជាមួយកូវីដ-១៩។ ឥឡូវនេះ កូវីដ-១៩ បានបំផ្លាញនូវរបៀបរបបដែលបន្សល់ទុកពីដូនតាមករាប់លានឆ្នាំមកហើយ។ វាតម្រូវឲ្យយើងអង្គុយឆ្ងាយពីគ្នាយ៉ាងតិច ១ ម៉ែត្រកន្លះ ពាក់ម៉ាស មើលមុខគ្នាអត់ស្គាល់ ធ្លាប់ដាក់មនុស្សច្រើនមកជាដាក់មនុស្សតិចជាង។ ដល់ពេលខាងមុខ យើងក៏ត្រូវរៀនលេងកីឡាក្នុងដំណាក់កាលកូវីដ-១៩ … យើងត្រូវរស់នៅជាមួយកូវីដ-១៩ ច្រើនឆ្នាំតទៅទៀត។ គ្រប់វិស័យទាំងអស់គឺមាន(ផលប៉ះពាល់)ដូចៗគ្នា ប្រហែលមានតែវិស័យកសិកម្មខ្លះ គេហៅកសិកម្មប្រពៃណី ដែលមិនមានការប្រែប្រួលច្រើន។ នៅក្នុងវិស័យឧស្សាហកម្ម សេវា កីឡា គឺសុទ្ធតែមានការប្រែប្រួល ដែលតម្រូវឲ្យមានការរស់តាមគន្លងថ្មី។

ជាថ្មីម្ដងទៀត សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រជាជនចិន ដែលបានផ្ដល់ជំនួយឥតសំណង ដែលយើងធ្វើពិធីចុះហត្ថលេខាប្រគល់-ទទួលនៅថ្ងៃនេះ ហើយនិងធ្វើពិធីសម្ពោធផ្លូវការនៅពេលខាងមុខ ដែលនឹងមានការចូលរួមដោយខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំរបស់ចិន។ ក្នុងពេលដែលខ្ញុំមកនេះ ក៏បាននាំមកជូនជាមួយកម្មករ/ការិនីដែលមកចូលរួមចំនួន ៦០០ នាក់ បុគ្គលិកសន្តិសុខ ៤៦៩ នាក់ ទាំងអស់ ១០៦៩ នាក់ ក្នុងម្នាក់ថវិកា ១០ ម៉ឺនរៀល ដែលជូនទៅតាមគណៈកម្មការអូឡាំពិករួចហើយ ដែលក្មួយៗនឹងទទួលនៅពេលក្រោយ។ ចុងបញ្ចប់ ជូនពរចំពោះចំណងមិត្តភាពកម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ។ ជូនពរចំពោះសម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី សូមជួបប្រទះតែនឹងពុទ្ធពរនិងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ