សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន៖ ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន

CNV:

  • ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro), ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា,
  • សម្តេចឯកឧត្តមលោកជំទាវលោកលោកស្រី!

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមផ្ទាល់ ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ ជើងទី ១ ចំនួន ៣៣២ ០០០ ដូស នៃវ៉ាក់សាំង AstraZeneca សរុបចំនួន ១ លានដូស ដែលជាជំនួយដ៏ថ្លៃថ្លា ប្រកបដោយសប្បុរសធម៌ និងសន្តានចិត្តល្អពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅគ្រប់ប្រទេស និងដែនដីទាំងអស់នៅលើសកលលោក។

ជាការពិត ក្នុងឆ្នាំ ២០២១ នេះ ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ក៏នៅតែបន្តវិវឌ្ឍយ៉ាងលឿន ជាពិសេស តាមរយៈការបំប្លែងខ្លួនជាប្រភេទវីរុសកូវីដ-១៩ ថ្មី  ដែលមានសមត្ថភាពចម្លង និងបង្កគ្រោះថ្នាក់កាចសាហាវជាងមុនច្រើនដង ដល់អាយុជីវិតមនុស្ស។ ដោយឡែកសម្រាប់កម្ពុជា ទោះបីជារាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងស្មារតីបុរេសកម្ម និងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងការហូរចូល និងការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍ជាបន្ដបន្ទាប់ក្ដី, «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» នៅតែបន្ត   រីករាលដាលក្នុងទ្រង់ទ្រាយធំ និងបានបង្កើតនូវសម្ពាធយ៉ាងធ្ងន់ធ្ងរមកលើប្រព័ន្ធសុខាភិបាលកម្ពុជា។

ក្នុងបរិការណ៍នេះ ដូចគ្នានឹងប្រទេសដទៃទៀត រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះ ដ៏មានប្រសិទ្ធភាពមួយ ដែលត្រូវអនុវត្តគួបផ្សំជាមួយនឹងវិធានការ «៣-កុំ និង ៣-ការពារ» ក្នុងការរួមចំណែកគ្រប់គ្រងមិនឱ្យមានការឆ្លងរីករាលដាល, ធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័ស ទៅរក «ប្រក្រតីភាពថ្មី» នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ  និង      កិច្ចដំណើរការនៃវិស័យសង្គម-សេដ្ឋកិច្ច។ មកទល់ពេលនេះ (គិតត្រឹមថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១) រាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំងជូនប្រជាជនគ្រប់រូប ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ បានចំនួន៦៤,៥៥%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់។ ថ្មីៗនេះ រាជដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៦ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ ដែលក្នុងនោះរួមមាន៖ (១). បន្តទប់ស្កាត់ការនាំចូលនូវមេរោគកូវីដ-១៩ បំប្លែងថ្មី (២). កាត់បន្ថយទំហំតំបន់ឆ្លង និងចំនួនឆ្លងឱ្យមានកម្រិតទាប (៣). បន្តខិតខំព្យាបាលអ្នកឆ្លងឱ្យបានជាសះស្បើយ និងកាត់បន្ថយអត្រាអ្នកស្លាប់ (៤). រុករក និងគ្រប់គ្រងករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (៥). ការរៀបចំបូជាសព និងបញ្ចុះសពអ្នកស្លាប់ឱ្យបានល្អប្រសើរ និង (៦). ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង។ឮ

  • សម្តេចឯកឧត្តមលោកជំទាវលោកលោកស្រី!

រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ពិតជាទទួលបានភាពកក់ក្តៅ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅដល់សំណាក់រដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រ និងជ្រោមជ្រែងដល់កម្ពុជា ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះឱ្យខាងតែបាន តាមរយៈការផ្តល់ជាជំនួយឧបករណ៍បរិក្ខារសុខាភិបាល និងហិរញ្ញប្បទាន ជាបន្តបន្ទាប់នាពេលកន្លងមក។ ជាការពិតណាស់, ការផ្ដល់ជំនួយវ៉ាក់សាំង ចំនួន ១ លានដូស នេះ ជាសក្ខីកម្មមួយថ្មី ដែលបានឆ្លុះបញ្ចាំងពីកាយវិការសប្បុរសធម៌ សន្តានចិត្តជ្រាលជ្រៅ និងការទទួលខុសត្រូវខ្ពស់របស់ជប៉ុន ក្នុងការជួយគាំទ្រប្រទេសដែលធនធាន និងលទ្ធភាពនៅមានកម្រិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។  ជាងនេះទៅទៀត ការផ្ដល់ជំនួយនេះនឹងបង្កើនវ៉ាក់សាំងដែល​កម្ពុជាមានក្នុងដៃ សរុប ១៨ លានដូស ជាពិសេស ចូលរួមចំណែកពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ ក៏ដូចជាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាអាយុ ១២-១៧ ឆ្នាំ នាពេលខាងមុខ។

មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល, ខ្ញុំសូមរំលឹកដល់ក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធទាំងអស់ ឱ្យបន្តបង្កើន និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនយើង នៅគ្រប់ទិសដៅ។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូប សូមគោរព និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ដើម្បីការពារសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុខុមាលភាពរបស់គ្រួសារ សហគមន៍ និងសង្គមជាតិយើងទាំងមូល។

ជាចុងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់, ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀតដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះជំនួយវ៉ាក់សាំង ១ លានដូស និងសូមជូនពររដ្ឋាភិបាល និងប្រជាជនជប៉ុនទទួលបានជោគជ័យនៅក្នុងរាល់កិច្ចការ និងវិបុលភាពចម្រើនរុងរឿង។

[សេចក្តីដកស្រង់ប្រសាសន៍បន្ថែមលើសុន្ទរកថា]

ថ្ងៃ ១ សីហា បើកយុទ្ធនាការចាក់វ៉ាក់សាំងកុមារ និងយុវវ័យនៅភ្នំពេញ អាយុពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ

ខ្ញុំសុំយកឱកាសនេះ ដើម្បីបញ្ជាក់ជូនសម្ដេច ឯកឧត្តម លោកជំទាវ ក៏ដូចជាបងប្អូនជនរួមជាតិនៅទូទាំងប្រទេសឱ្យបានជ្រាបថា យុទ្ធនាការនៃការចាក់វ៉ាក់សាំង(ប្រឆាំងCOVID-19) សម្រាប់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ នឹងត្រូវចាប់ផ្ដើម នៅព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២១។ ខ្ញុំនឹងទៅធ្វើជាអធិបតី នៃការចាក់វ៉ាក់សាំងនេះនៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់ទៅ ខ្ញុំនឹងធ្វើសន្និសីទកាសែតនៅទីនោះ។​ ខ្ញុំនឹងនាំចៅៗរបស់ខ្ញុំ រួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ ដែលមានកូនមានចៅអាយុ ១២​ ឆ្នាំឡើងទៅ ចូលរួមចាក់។ (យើង)បើកយុទ្ធនាការ ដោយចាប់ផ្ដើមពីទីក្រុងភ្នំពេញ ជាចំណុច យុទ្ធសាស្ត្រផ្ការីកជាបន្តទៀត។ (យុទ្ធនា)ការចាក់របស់យើងនេះ អាចចាប់ផ្ដើមនៅថ្ងៃ ០១ សីហា នៅទីក្រុងភ្នំពេញ ប៉ុន្តែនៅពេលដែលយើងមានវ៉ាក់សាំងគ្រប់គ្រាន់ នៅទីកន្លែងមួយចំនួន យើងចាក់ទាំងមនុស្សចាស់ និងកូនក្មេងទៅជាមួយគ្នា។

បើចាក់វ៉ាក់សាំងបាន ១៣ លាននាក់ ឬ ៨២,២៥% នៃប្រជាជន អាចនឹងសំរេចបានភាពស៊ាំ

យើងបានគិតគូរថា នៅពេលដែលយើងកំពុងតែដាក់ផែនការចាក់វ៉ាក់សាំង ដែលយើងចាក់បាន ៦៥,៥៣ ភាគរយនៃចំនួនប្រជាជនដែលត្រូវចាក់ ១០ លាននាក់។ យើងនឹងចាក់បាន ៦២,៥ ភាគរយនៃប្រជាជន ១៦ លាននាក់។ ប្រសិនបើយើងចាក់ចំពោះក្មេងអាយុ ១២ ឆ្នាំ ដល់ ១៧ ​ឆ្នាំ ដែលយើងប៉ាន់ស្មានថា ​នឹងមានប្រមាណ ២ លាននាក់ នោះក្នុងចំនួន ១២ លាននាក់, ១០ លាននាក់ (១៨ ឆ្នាំឡើង) បូក ២ លាននាក់ (១២ ឆ្នាំដល់ ១៧ ​ឆ្នាំ) យើងនឹងមានប្រជាជនដែលត្រូវបានចាក់វ៉ាក់សាំង ៦៥ ភាគរយ។ ប៉ុន្តែ នៅពេលដែលយើងអាចនឹងមានប្រជាជនច្រើនជាងនេះ ហើយអនុញ្ញាតឱ្យមានការចាក់ក្នុងអាយុក្រោម ១២ ឆ្នាំទៀត យើងគិតត្រឹមតែ ១៣ លាននាក់ យើងនឹងចាក់បាន ៨២,២៥ ភាគរយនៃចំនួនប្រជាជន (ដែលចំនួននេះ)អាចចាត់ទុកថាជាមានភាពស៊ាំបាន។

ផ្ដាំផ្ញើទៅមាតាបិតា អាណាព្យាបាល យកកូនទៅចាក់វ៉ាក់សាំង

ខ្ញុំសូមផ្ដាំផ្ញើទៅមាតាបិតា អាណាព្យាបាល យកកូនទៅចាក់វ៉ាក់សាំងដើម្បីការពារជំងឺរាតត្បាតនេះ។ វាមិនមានអ្វីចម្លែកនោះទេ បើប្រៀបធៀបទៅនឹងទារក និងកុមារ ដែលបានទទួលវ៉ាក់សាំងជាបន្តបន្ទាប់ ដើម្បីការពារជំងឺច្រើនមុខ ដែលគេចាប់ផ្ដើមទទួលវ៉ាក់សាំងតាំងពីកើត។ ដូច្នេះ សូមកុំមានការបារម្ភ។ ខ្ញុំសូមបញ្ជាក់ ចៅរបស់ខ្ញុំម្នាក់ទើបនឹងមានអាយុ ១៧ ឆ្នាំ ប៉ុន្តែ គេបានចាក់វ៉ាក់សាំងរួចស្រេចទៅហើយ ដោយសារតែគេត្រូវចេញទៅរៀននៅក្រៅប្រទេសនៅខែក្រោយនេះ។ ដូច្នេះ វាគ្មានហានិភ័យណាមួយកើតឡើងសម្រាប់ការចាក់វ៉ាក់សាំងនោះទេ។

អរគុណជាថ្មីម្ដងទៀត ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន

អម្បាញ់មិញ មុននឹងមកដល់ទីនេះ ខ្ញុំបានជួបជាមួយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ  អគ្គរដ្ឋទូតជប៉ុន ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្តនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ព្រមទាំងសហប្រតិបត្តិការដទៃទៀត។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណសាជាថ្មីម្ដងទៀត ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់នូវសម្ភារៈ បរិក្ខារ ដែលរាប់ទាំងមធ្យោបាយដឹកជញ្ជូនអ្នកជំងឺ ដែលជំនួយនេះធ្វើឱ្យកម្ពុជាធូរស្រាលក្នុងការដោះស្រាយការចល័តអ្នកជំងឺទៅកាន់មន្ទីរពេទ្យ។ តាមរយៈឯកឧត្ដម ខ្ញុំបានផ្ញើជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន នូវការអរគុណពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ខ្ញុំសង្ឃឹមថា វ៉ាក់សាំងដែលនៅសេសសល់ នឹង(ត្រូវបាន)ដឹកជូនមកដល់កម្ពុជា ដើម្បីយើងអាចប្រើប្រាស់ក្នុងយុទ្ធនាការ ដែលខ្ញុំសង្ឃឹមថា យ៉ាងយូរនៅក្នុងខែតុលា យើងអាចនឹងបញ្ចប់(ការចាក់វ៉ាក់សាំង) ១០ លាននាក់។ ហើយទៅជាមួយគ្នា យើងអាចនឹងបន្ថែម ២ លាននាក់ ឬច្រើនជាង ២ លាននាក់ សម្រាប់កុមារ និងយុវវ័យនៅក្នុងប្រទេសរបស់យើង។

រាជរដ្ឋាភិបាលសម្រេចឲ្យបានការចាក់វ៉ាក់សាំងជូនប្រជាជនដល់អាយុ និងដែលពេទ្យអនុញ្ញាត

ដោយឡែកសម្រាប់ទីក្រុងភ្នំពេញ ត្រូវរៀបចំឱ្យរួចរាល់ដើម្បីចេញដំណើរចា​ប់ពីថ្ងៃ ០១ ខែសីហានេះទៅ។ យោងទៅលើស្ថិតិអ្នកដែលរស់នៅបច្ចុប្បន្នទីក្រុងភ្នំពេញ កុមារ និងយុវវ័យ មានត្រឹមតែជាង ១៩ ម៉ឺននាក់តែប៉ុណ្ណោះ។ ប៉ុន្តែ ដោយទាំងអ្នកដែលមកធ្វើការនៅទីក្រុងភ្នំពេញ មានកូនយើងក៏ត្រូវតែចាក់ឲ្យពួកគេ ដែលមានស្ថិតិរហូតទៅដល់ ២៨ ម៉ឺននាក់។ គណៈកម្មការវ៉ាក់សាំងនឹងផ្តល់(វ៉ាក់សាំង)ជូន ២៣ ម៉ឺន … ខ្ញុំក៏សុំបញ្ជាក់ថា កុំថាឡើយត្រឹម ២៣ ម៉ឺន ឬ ២៨ ម៉ឺន សូម្បីតែ ៥០ ម៉ឺន ក៏យើងត្រូវចាក់ឲ្យ។ (ចំនួនអ្នកទទួលវ៉ាក់សាំង)នៅទីក្រុងភ្នំពេញ(មានច្រើន) ព្រោះឪពុកម្តាយមកធ្វើការ នាំកូនមកជាមួយ ក៏ដូចជាអ្នកមករៀន។ វាក៏នឹងធូរស្រាលចំពោះអ្នកនៅខេត្តទៅវិញទេ។ ដូច្នេះយើងត្រូវបើកយុទ្ធនាការមួយទៀត ដើម្បីនឹងចាក់វ៉ាក់សាំងនេះ។ ទោះដោយតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែសម្រេចឲ្យបាននូវការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជាដែលដល់អាយុត្រូវចាក់ ហើយដែលពេទ្យអនុញ្ញាតឲ្យចាក់។

ទទួលវ៉ាក់សាំងហើយក្តី ត្រូវបន្តអនុវត្តវិធានការ ៣ កុំ ៣ ការពារ

ពិភពលោក ក៏ដូចជាកម្ពុជា នៅសង្ឃឹមតែលើករណីវ៉ាក់សាំងនេះប៉ុណ្ណោះ។ យើងក៏បានមើលឃើញសញ្ញានៃការថមថយចុះ ជាពិសេសនៅក្នុងតំបន់រោងចក្រនៃទីក្រុងភ្នំពេញមានការថមថយចុះនូវការឆ្លង។ ក្នុងករណីដែលមានការឆ្លង ក៏ស្ថានភាពវាមិនរុញទៅរកជំងឺធ្ងន់ធ្ងរ ឬដល់ការស្លាប់នោះទេ។ វាអាចកាត់បន្ថយបាន។ ករណីចាក់វ៉ាក់សាំង ២ ដូសហើយ នៅតែឆ្លង ហើយនៅតែស្លាប់ មិនមែនមានតែករណីនៅកម្ពុជាទេ។ សូម្បីតែនៅសហរដ្ឋអាមេរិក នៅអង់គ្លេស និងនៅប្រទេសអឺរ៉ុប គឺមានដូចគ្នា។ សុទ្ធតែវ៉ាក់សាំងដែលអួតថាខ្លាំងៗ(ផង)។ ដូច្នេះ ទោះបីបានទទួលវ៉ាក់សាំងហើយក្តី មិនទាន់ទទួលវ៉ាក់សាំងហើយក្តី ការការ​ពារតាមវិធានការ ៣ កុំ ៣ ការពារ នៅតែត្រូវបន្ត។ នេះជាវិធីដ៏ល្អបំផុត។

ចាក់វ៉ាក់សាំងឲ្យបានជាង ៨០% ជាគោលដៅ

… បន្ទាប់ពីឪពុកម្ដាយបានចាក់ ហើយគ្មានបញ្ហា​ នឹងនាំកូនដែលមាន​អាយុចាប់ពី ១២ ឆ្នាំ ឡើងទៅចាក់វ៉ាក់សាំង។ បើនៅក្នុងផ្ទះចាក់បាន​តែពីរ​នាក់ប្ដីប្រពន្ធ ឯកូនបីនាក់មិនបានចាក់ នោះមិនមានភាពស៊ាំនៅក្នុងផ្ទះទេ។ ដូច្នេះ គោលដៅរបស់​ខ្ញុំ ចង់​ចាក់ឲ្យបានជាង ៨០%។ អញ្ចឹង យើងគិតក្នុងចំនួននេះ បើចាក់ ១២ លាននាក់ យើងមាន ៧៥% បើចាក់ដល់ ១៣ លាននាក់ យើងមានទៅដល់ ៨១,២៥%។ ដូច្នេះ​ពេលនោះយើងនឹងមានភាពស៊ាំ​នៅក្នុងសង្គម ដែលនៅសល់តែក្មេងតូចៗ។ ហើយក្មេងតូចៗទាំងនោះសុទ្ធតែជាអ្នកទទួលបាន​វ៉ាក់សាំង​បង្ការការពារជំងឺ ៦ មុខ រួចស្រេចទៅហើយ។​ នេះជាការប្រឈមដែលយើង​ត្រូវដោះស្រាយ។ ទោះបីជាតម្លៃណាក៏ដោយ វ៉ាក់សាំងត្រូវតែរកដើម្បីចាក់ជូន​ប្រជាជន​កម្ពុជា​។

មរតកសំខាន់ គឺសុខុមាលភាព និងអាយុជីវិតរបស់ប្រជាជនត្រូវបានធានា

មានអ្នកខ្លះធ្វើអត្ថាធិប្បាយថា ប្រហែលជាមរតកធំបំផុតរបស់ ហ៊ុន សែន គឺវ៉ាក់សាំង។​​ ប៉ុន្ដែ ខ្ញុំសូមបញ្ជាក់ត្រឡប់ទៅវិញថា មរតក ហ៊ុន សែន មិនមែនមានត្រឹមតែវ៉ាក់សាំងនោះទេ។ មរតក ហ៊ុន សែន (គឺ)បានយកប្រជាជនចេញពីការស្លាប់នៃ(របបប្រល័យពូជសាសន៍) នៅថ្ងៃ ៧ មករា ១៩៧៩។ មរតក ហ៊ុន សែន ក៏បានយកប្រជាជនកម្ពុជាចេញផុតពីសង្រ្គាម (គឺ) ការនាំយកនូវសន្ដិភាព និងការអភិវឌ្ឍមកជូនប្រជាជនរហូតមកដល់សព្វថ្ងៃ។ មរតក ហ៊ុន សែន មានច្រើនទៀត។ ខ្ញុំគ្រាន់តែចង់រំលឹកថា ខ្ញុំមិនចង់បាន(ជា)មរតក ឬមិនមរតក(អ្វី)ទេ។ អ្វីដែលសំខាន់សំរាប់ខ្ញុំ​ គឺសុខុមាលភាព​របស់ប្រជាជន (និង)ជីវិតរបស់ប្រជាជនត្រូវបានធានា​។ ដំបូងបំផុត មិនមែនសិទ្ធិបញ្ចេញ​មតិ ឬប្រជាធិបតេយ្យទេ​ គឺសិទ្ធិរស់រានមានជីវិត ដែលត្រូវទទួលបានមុនគេ។ ដូច្នេះ ទោះបី​អ្នកណា​ចង់​និយាយពីអ្វី ក៏និយាយ។ (បើ)ទិតៀនច្បាប់កម្ពុជា ក៏ទិតៀនទៅចុះ តែច្បាប់របស់កម្ពុជាធ្វើដើម្បីការពារ​ជីវិត​មនុស្ស។ អ្នកចង់និយាយពីអ្វីគឺនិយាយតាមចិត្តអ្នកចង់។ អ្វីដែលខ្ញុំបាននិងកំពុងធ្វើ គឺការពារ​ជីវិតរបស់ប្រជាជនកុំឲ្យស្លាប់។

ការរៀបចំក្តារមឈូស មិនមែនជាការប្រមាថ តែជាការគោរពចំពោះសាកសព

ទោះបីយើងខិតខំការពារ ក៏ប៉ុន្តែយើងមិនអាចឃាត់មនុស្សមិនឲ្យស្លាប់បានទេ។ ដូចយ៉ាង ការរៀបចំក្តារមឈូសដែលគេចាត់ទុកថាការប្រមាថ តែខ្ញុំចាត់ទុកថាជាការគោរពរបស់ខ្ញុំចំពោះសាកសពទាំងឡាយដែលបានស្លាប់ដោយកូវីដ-១៩។ ខ្ញុំមិនចង់ឃើញប្រជាជនកម្ពុជាណាម្នាក់ នៅពេលដែលទទួលមរណភាពដោយកូវីដ-១៩ បែជាត្រូវរុំនឹងកន្ទេលហើយយកទៅកប់ដោយគ្មានក្តារមឈូស ឬយកទៅដុតដោយគ្មានក្តារមឈូសនោះទេ។ ខ្ញុំចង់បញ្ជាក់ថា ខ្ញុំមិនបានប្រមាថជីវិតប្រជាជនទេ។ នៅក្នុងសង្គមខ្មែរយើង មនុស្សចាស់ច្រើនណាស់ដែលធ្វើក្តារមឈូសខ្លួនឯងទុក ដើម្បីពេលដែលស្លាប់ទៅមានក្តារមឈូស។ ដូច្នេះ ខ្ញុំមិនមានកំហុសពីការ(ដែលបាន)រៀបចំឲ្យមានកន្លែងសម្រាប់បញ្ចុះសាកសព មានប៉ាឆាសម្រាប់ដុត និងមានក្តារមឈូសសម្រាប់សាកសពនៃកូវីដ-១៩ នោះទេ។ នេះជាការបញ្ជាក់ ដោយសារខ្ញុំពុំមានឱកាសដើម្បីធ្វើសន្និសីទសារព័ត៌មានទេ។ ខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី ១​ ខែសីហា ឆ្នាំ ២០២១ អាទិត្យខាងមុខនេះ។ នៅពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យរួចហើយ ពេលនោះខ្ញុំនឹងអនុញ្ញាតឲ្យមានការសួរ តែខ្ញុំក៏មិនអាចនឹងមិនពន្យល់ជូនប្រជាជនកម្ពុជានូវអ្វីដែលជាទង្វើរបស់ខ្ញុំពាក់ព័ន្ធជាមួយនឹងទីកន្លែងកប់សាកសពទាក់ទងនឹងប៉ាឆា និងការរៀបចំក្តារមឈូសនោះ។ មានអ្នកខ្លះបានផ្ចាញ់ផ្ចាលថា ទីចុងបំផុតវាសនាចុងក្រោយបានត្រឹមក្តារមឈូស។ ការ(ពិតវា)គួរតែត្រូវអរគុណខ្ញុំដែលមានក្តារមឈូសសម្រាប់កប់ រាប់ទាំងខ្មោចបងប្អូនអ្នកឯងដែលបានទិតៀនខ្ញុំ។ តើអ្នកឯងចង់ឲ្យបងប្អូនអ្នកឯងស្លាប់ដោយរុំនឹងកន្ទេលយកទៅកប់ ឬយកទៅដុតទេ? …៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...