(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសអំពីការចាក់វ៉ាក់សាំងអាស្ត្រាហ្សែនីកា ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ(ស្វាមីឬភរិយា) និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២រួចរាល់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ។![](data:image/svg+xml,%3Csvg%20xmlns='http://www.w3.org/2000/svg'%20viewBox='0%200%201920%201080'%3E%3C/svg%3E)
កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង លេខ ០៦៤ សជណ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្នុងការចាក់វ៉ាក់សាំងអាស្ត្រាហ្សែនីកា ដូសជំរុញ ឬ ដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និង បុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញរួចមកហើយ។ ស្របពេល ជាមួយគ្នានេះស្ថិតក្នុងបរិការណ៍នៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគ កូវីដបំប្លែងខ្លួនថ្មី ជាពិសេសមេរោគកូវីដ ប្រភេទដែលតា (Delta) ដែលបាននិងកំពុងវាយលុកយ៉ាងសកម្មតាមបណ្តា ទីក្រុងនានានៃប្រទេសក្នុងតំបន់អាស៊ាន រួមទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចដាក់ចេញបន្ថែមនូវ «យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬ ដូសជំរុញ» ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ សំដៅបង្កើនភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ និងជាការគិតគូរបន្ថែមដល់សុខុមាលភាពរបស់ប្រតិបត្តិករជួរមុខ ដើម្បី កាត់បន្ថយកម្រិតហានិភ័យ និងអត្រានៃការឆ្លងចូលក្នុងសហគមន៍ ឱ្យបានជាអតិបរមា។
រដ្ឋបាលរាជធានី បានប្រកាសបន្ថែមថា ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស (គ.វ.ក-១៩) និងអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងអាស្កាហ្សែនីកា ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាល ខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ន្ធ (ស្វាមី ឬភរិយា) និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និង ដូសទី២រួចរាល់ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ តាមកម្មវិធី និងទីកន្លែងដែល បានកំណត់ជូនក្នុងសេចក្តីជូនដំណឹងនេះ (ជូនភ្ជាប់ក្នុងតារាងឧបសម្ព័ន្ធ)។
ចំពោះឯកសារតម្រូវចាំបាច់ដែលត្រូវភ្ជាប់មកជាមួយ រួមមាន (១) បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ (២) បណ្ណ សម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក និង (៣) អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការ ចាក់វ៉ាក់សាំងដូសទី១ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបាន វ៉ាក់សាំងដូសជំរុញរបស់ពួកគាត់ដែលបាន ចាក់វ៉ាក់សាំង ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតរយៈពេលចាប់ពី ០៤ (បួន) ទៅ ០៦ (ប្រាំមួយ) ខែឡើង បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានក្រើនរំលឹក និងអំពាវនាវដល់លោក-លោកស្រីដែលអញ្ជើញ ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដុសជំរុញ ឬ ដូសទី៣ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាត សុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ហើយសូមចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែន៕