សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបើកពិធីអន្តរសាសនាប្រឆាំងការជួញដូមនុស្ស និង ជំងឺរាត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១

* សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងសុខុដុមនីយកម្មគ្រប់ជាតិសាសន៍ និងជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសស្មារតីជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជានៅក្នុង គ្រប់កាលៈទេសៈ ក៏ដូចជាពិភពលោកដើម្បីសេចក្តីសុខក្សេមក្សាន្តនៃមនុស្សជាតិ ។

* សម្តេចតេជោ បានថ្លែងថា ចាប់តាំងពីឆ្នាំ២០១៧ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងប្រារព្ធពិធីអន្តរសាសនាយ៉ាងអធិកអធមប្រឆាំងការជួញដូរមនុស្ស ហើយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជនផងតែងជួបជុំគ្នា វើពិធីបួងសួងតាមបែបសាសនា និងប្តេជ្ញាចិត្តរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សក្នុងគ្រប់រូបភាព។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្តថា វេទិកាអន្តរសាសនាត្រូវតែរៀបចំតាមគន្លងថ្មី ដើម្បីក្រើនរំលឹកផ្នែកស្មារតីដល់ប្រជាជនគ្រប់ជាតិសាសន៍ និងជំនឿសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោក ដើម្បីផ្លាស់ប្ដូរ ហើយសម្របខ្លួនតាមបែបគន្លងថ្មីក្នុងសម័យកូវីដ ជាមួយនឹងការប្រកាន់ខ្ជាប់នូវស្មារតីមនុស្សធម៌ សន្តោសប្រណី យកចិត្តទុកដាក់ដល់អាយុជីវិត និងសេចក្តីថ្លៃថ្នូរនៃមនុស្សជាតិគ្រប់ជាតិសាសន៍ និងជំនឿសាសនា។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចមានមោទនភាពចំពោះការរក្សាបាននូវភាពសុខុដុមរមនានៃគ្រប់ជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហការយ៉ាងសកម្ម ជាពិសេស ការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ចែករំលែកពុំចេះរីងស្ងួត ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងត្រា ដ៏លំបាកនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បាននិងកំពុងពុះពារគ្រប់ឧបសគ្គ ដើម្បីដោះស្រាយបញ្ហាធំៗនៅក្នុងសង្គម ជាពិសេសការបង្ការទប់ស្កាត់គ្រប់រូបភាពទៅនឹងជំងឺរាតត្បាតសកល ហើយទទួល បានលទ្ធផលគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់ ដើម្បីឱ្យប្រទេសជាតិ និងប្រជាជនយើងវិលត្រឡប់ទៅរកស្ថានភាព ប្រក្រតីវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តយ៉ាងសកម្ម តាមរយៈដៃម្ខាងរក្សាការពារសន្តិសុខ សណ្ឋាប់ធ្នាប់ និងស្ថិរភាពសង្គម ដើម្បីទ្រទ្រង់ជីវភាពប្រជាជន និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងដៃម្ខាង ទៀត ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលកូវីដ១៩ តាមគ្រប់រូបភាព ទាំងការបង្ការទប់ស្កាត់ ការព្យាបាល និង ការស្តារនីតិសម្បទាជនរងគ្រោះ និងសហគមន៍ដែលទទួលរងនូវផលប៉ះពាល់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ប្រជាពលរដ្ឋ ឬ អ្នកត្រឡប់មកពីតំបន់មានហានិភ័យឱ្យស្ថិតក្នុងការធ្វើចត្តាឡីស័ក ឬ ការបិទខ្ទប់តំបន់ដែលមានអត្រាឆ្លង ឬចរន្តនៃការឆ្លងខ្ពស់ ឬផ្លាកការឆ្លងដែនខុសច្បាប់នៅក្នុងដំណាក់កាលនៃការរឹតបន្ដឹងវិធានការការពារសុវត្ថិភាព មិនមានន័យថា ជាការបិទសិទ្ធិសេរីភាព ឬ ការរើសអើង ដូចក្រុមជនអគតិបង្កបញ្ហាមួយក្រុមដែលមាននិន្នាការ ប្រឆាំងផ្កាបមុខ បាននិងកំពុងតែឃោសនាមួលបង្កាច់បំបាក់ស្មារតីប្រជាពលរដ្ឋ ប៉ុន្តែនេះគឺជាវិធានការការពារ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវកិច្ចការពារ ចៀសផុតពីការឆ្លងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជិតសម្រេចបានតាមផែនការជាស្ថាពរ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅចាក់វ៉ាក់សាំងជូនកុមារ យុវវ័យ អាយុចាប់ពី ១២ឆ្នាំ និងក្រោម ១៨ឆ្នាំ ឱ្យបានមុនដំណាច់ឆ្នាំ២០២១ ដើម្បីបង្កើតភាពសុាំ កាត់បន្ថយការចម្លងចូលក្នុងសហគមន៍ ធ្វើឱ្យប្រជាជនយើង មានជីវភាពប្រក្រតីឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរគុណចំពោះស្មារតីសាមគ្គីភាព និងការជួយគ្នាក្នុងគ្រាលំបាក នៃបញ្ហាប្រទេសជាមិត្តដែលបានផ្តល់វ៉ាក់សាំងទាន់ពេលវេលា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសឈានមុខក្នុងការផ្ដល់វ៉ាក់សាំង ទាំងជំនួយមនុស្សធម៌ ទាំងតាមការបញ្ជាទិញ ក៏ដូចជាប្រទេសជប៉ុន ប្រទេសអង់គ្លេស ប្រទេសអាមេរិកដែលធ្វើឱ្យកម្មវិធីចាក់វ៉ាក់សាំងប្រព្រឹត្តទៅលឿនជាងការគ្រោងទុក។

* សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជាពិសេសអង្គការសុខភាពពិភពលោក (WHO), អាយអូអឹម (IOM), យូអិនអេហ្វអេ (UNFPA), យូនីសេហ្វ (UNICEF), អង្គការហ្វាវ (FAO), យូអិនឌីភី (UNDP) និងអង្គការដៃគូអភិវឌ្ឍអន្តរជាតិ និងស្ថានឥណាងពីបញ្ហាប្រទេសនានាក្នុងសកលលោក ព្រមទាំងវិនិយោគិនបរទេស និងក្នុងស្រុកដែលតែងតែនៅជាមួយកម្ពុជា សហការជួយដោះស្រាយ ក្នុងស្ថានភាពដ៏លំបាកនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែអំណរព្រះគុណ ព្រះមហាក្សត្រខ្មែរ ព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន អង្គភាព ក្រុមគ្រូពេទ្យ ទាំងស៊ីវិល ទាំងកងកម្លាំងការពារជាតិ កម្លាំងនគរបាល គ្រូពេទ្យស្ម័គ្រចិត្ត អាជ្ញាធរសមត្ថកិច្ច គ្រប់ផ្នែក និងមន្ត្រីជួរមុខតាមបណ្ដាខេត្តជាប់ព្រំដែន អ្នកបម្រើការតាមមណួលចត្តាឡីស័ក តាមមន្ទីរព្យាបាល នៅសហគមន៍ ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល គ្រប់និកាយសាសនា វិស័យឯកជន និងសប្បុរសជន ដែលបានលះបង់កម្លាំងកាយចិត្ត ធនធានសម្ភារៈ និងថវិកា ដើម្បីជួយជ្រោមជ្រែងរាជរដ្ឋាភិបាលដោះស្រាយគ្រប់ បញ្ហា និងគ្រប់ដំណាក់កាល។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្នាក់ដឹកនាំសាសនា អង្គការកវីតាសកម្ពុជា និងអន្តរជាតិ បញ្ហាអង្គការជាដៃគូដែលបានចូលរួមគាំទ្រវេទិកាជាតិ អន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ជនរួមជាតិ បន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្លួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ ដែលរាជរដ្ឋាភិបាលផ្ដល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពសាំ ចៀសផុតពីការឆ្លងនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេ...

េះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៧ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា