សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីជនរួមជាតិដែលបានចាក់វ៉ាក់សាំង Astra Zeneca ដោយសារតែមិនអាចផ្តល់ជូន Astra Zeneca សម្រាប់ដូសទី៣ទៀតបាន ព្រោះតែពុំសិក្សាពីគម្លាត និងពុំមានវ៉ាក់សាំងនេះគ្រប់គ្រាន់ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានស្នើសុំការយោគយល់ពីជនរួមជាតិដែលបានចាក់វ៉ាក់សាំង Astra Zeneca សម្រាប់ដូសទី១ និងដូសទី២ ដោយសាររាជរដ្ឋាភិបាលកម្ពុជា តែមិនទាន់អាចផ្តល់ជូនវ៉ាក់សាំង Astra Zeneca សម្រាប់ដូសទី៣ទៀតបាន ព្រោះតែពេលនេះ កម្ពុជាពុំទាន់បានសិក្សាពីគម្លាត និងពុំមានវ៉ាក់សាំង Astra Zeneca គ្រប់គ្រាន់សម្រាប់ផ្តល់ជូនពួកគេទេ។

តាមរយៈសារសំឡេងរបស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca សម្រាប់ជាដូសទី៣ ឬដូសជំរុញ ដល់មន្រ្តីជួរមុខ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់នោះ មានបុគ្គលមួយចំនួន ដែលបានចាក់វ៉ាក់សាំង Astra Zeneca ចំនួន២ដូសហើយនោះ បានស្នើសុំចាក់វ៉ាក់សាំងនេះជាដូសទី៣ ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «សម្រាប់ការចាក់ដូសទី៣ គឺសុំឱ្យផ្អាកការដាក់សំណើស្នើសុំ គឺផ្អាកលុះត្រាតែមានការសិក្សាបានម៉ត់ចត់ អំពីគម្លាតដូសទី១ ទី២ និងទី៣ ហើយលុះត្រាតែយើងមានវ៉ាក់សាំង ទើបយើងអា ចចាក់ជូនអ្នកដែលបានចាក់ដូសទី១ ដូសទី២ នៃវ៉ាក់សាំង Astra Zeneca ។ សម្រាប់អ្នកដែលមិនទាន់ ហើយបែរជាមកស្នើសុំចាក់ Astra Zeneca គឺយើងមិនផ្តល់ជូននោះទេ ដោយសារយើងមានតម្រូវការចាក់ដូសទី៣ សម្រាប់ឱ្យកម្លាំងជួរមុខរបស់យើង ដែលកំពុងពង្រាយ ទៅចាក់ជូនខេត្តចំនួន៧ កាលពីថ្ងៃអាទិត្យកន្លងទៅ និងកំពុងបែងចែកទៅបណ្តាខេត្តដទៃទៀត បូកនឹងការបញ្ជូនទៅកងទ័ព ដែលចាក់ឱ្យទាំងកងទ័ព ចាក់ឱ្យកម្លាំងនគរបាល ដែលនៅជាមួយ ចាក់ឱ្យទាំងអតីតយុទ្ធជន និងកីឡាករ ដែលត្រៀមប្រកួតស៊ីហ្គេម»។

បើតាមសម្តេចតេជោ ហ៊ុន សែន ករណីបែបនេះ រាជរដ្ឋាភិបាល ក៏មិនទាន់បានសិក្សា អំពីគម្លាតនៃការចាក់វ៉ាក់សាំង Astra Zeneca ពីដូសទី១ ទី២ និងដូសទី៣ គឺរាជរដ្ឋាភិបាល បានសិក្សាតែពីគម្លាតរបស់ស៊ីណូហ្វាម និងស៊ីណូវ៉ាក់តែប៉ុណ្ណោះ។ ហើយចំណុចមួយទៀត គឺយើងមិនមានវ៉ាក់សាំង Astra Zeneca គ្រប់គ្រាន់ ដើម្បីដំណើរការចាក់នោះទេ ដោយសម្តេចសម្តេចក៏កំពុងតែបញ្ជាឱ្យគណៈកម្មការចំពោះកិច្ចសម្រាប់ការធ្វើលទ្ធកម្ម ស្វះស្វែងរកទិញវ៉ាក់សាំង Astra Zeneca បន្ថែមទៀត។

សម្តេចបញ្ជាក់បន្ថែមថា «ដូច្នេះយើងមិនទាន់មានលទ្ធភាព ដើម្បីរក Astra Zeneca តាមសំណើស្នើសុំនោះទេ»។ សម្តេចបានស្នើឱ្យជនរួមជាតិ ទទួលយកអ្វីដែលរាជរដ្ឋាភិបាលកំពុងរៀបចំពេលនេះ និងបានប្រាប់ទៅអ្នកដែលបានចាក់ Astra Zeneca ឱ្យរង់ចាំវ៉ាក់សាំងនេះបន្តទៀត។ សម្តេចបានសុំយោគយល់នូវការលំបាកដែលយើងទាំងអស់គ្នាកំពុងឆ្លងកាត់នាពេលនេះ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីដេីមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់។ ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់។

ការចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣ ឬដូសជំរុញ ត្រូវបានក្រសួងសុខាភិបាល ប្រកាសចាក់ជូនដល់មន្រ្តីជួរមុខ នៅខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា -ថៃ ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ក្នុងនោះមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។