សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស

  • លោក ម៉ាក ហ៊ែរ (Marc Thayre) ភារធារីស្តីទីនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៃកម្ពុជា,
  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍ និងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំនួន ៤១៥ ០០០ ដូស ប្រភេទ AstraZeneca ដែលជាជំនួយសប្បុរសធម៌ថ្លៃថ្លា និងជាសន្តានចិត្តជួយគ្នាក្នុងគ្រាលំបាក ក្នុងបរិការណ៍ដែលវ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅគ្រប់ទិសទីនៃពិភពលោក។

ជាការពិត ស្ថានភាពបច្ចុប្បន្ននេះ គឺពោរពេញទៅដោយភាពមិនប្រាកដប្រជា ដោយសារមេរោគកូវីដ-១៩ បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរ ទៅជាប្រភេទមេរោគបំប្លែងថ្មី ជាពិសេស មេរោគប្រភេទដែលតា​ (Delta) ដែលបាន និងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅតាមបណ្តាប្រទេសនានាក៏ដូចជានៅកម្ពុជា។ ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះសុខភាពសាធារណៈ និងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ខេត្តមួយចំនួន និងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ និងដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ កម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាច្រើន បាន និងកំពុងផ្ដោតការយកចិត្តទុកដាក់ជាសំខាន់លើយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏សមស្របបំផុត ក្នុងការប្រយុទ្ធ និងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ យោងតាមអង្គការសុខភាពពិភពលោក (WHO) វ៉ាក់សាំងពិតជាអាចផ្ដល់ការការពារទៅនឹងមេរោគកូវីដ-១៩ រួមទាំងមេរោគបំប្លែងថ្មី ប្រភេទដែលតា ផងដែរ។ ដោយយល់យ៉ាងច្បាស់លាស់អំពីអត្ថប្រយោជន៍ដ៏សំខាន់នេះ រាជរដ្ឋាភិបាលបានខិតខំ និងព្យាយាមស្វែងរកវ៉ាក់សាំងតាមរយ​​​​​​​​​​​​​​​​​​​​​​​ៈយន្តការដែលមានដែលមាន ជាទ្វេភាគីក្ដី ជាពហុភាគីក្ដី ក្នុងរូបភាពជាជំនួយមនុស្សធម៌ក្ដី និងជាការបញ្ជាទិញដោយផ្ទាល់ក្ដី។ ការធានាបាននូវចំនួនវ៉ាក់សាំងគ្រប់គ្រាន់ ទាន់ពេលវេលា និងតាមផែនការដែលបានកំណត់ បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចាប់តាំងពីថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ ប្រកបដោយវឌ្ឍនភាពដ៏ល្អប្រសើរ តាមរយៈការប្រកាន់យកអភិក្រម «ផ្ការីក» ជាគោល។ ជាមួយនឹងភាពច្បាស់លាស់ និងប្រាកដនិយមនៃការមកដល់នៃចំនួនវ៉ាក់សាំងតាមគ្រប់យន្តការដែលមាន កាលពីថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២១ នេះ រាជរដ្ឋាភិបាលបានសម្រេចមួយជំហានបន្ថែមទៀត គឺការចាប់ផ្ដើមបើក យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារយុវវ័យ អាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ដែលមានចំនួនសរុបប្រមាណ ២ លាននាក់បន្ថែមទៀត។ ស្របពេលជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ចេញនូវ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី ៣ ឬដូសជំរុញ ជូនដល់មន្រ្តីបម្រើសេវាសាធារណៈជួរមុខ ដែលកំពុងបម្រើការនៅតាមបណ្ដាខេត្តនានា ដែលស្ថិតនៅតាមព្រំដែនជាមូយនឹងប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ប្រភេទដែលតា កំពុងវាយលុក និងរាលដាល។ ខ្ញុំសូមគូសបញ្ជាក់ថា វ៉ាក់សាំង AstraZeneca ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនេះ នឹងត្រូវប្រើប្រាស់ក្នុង យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី ៣ ឬដូសជំរុញ នេះ។ ជាមួយគ្នានេះ ខ្ញុំសូមស្នើចក្រភពអង់គ្លេសផ្ដល់ជាជំនួយមនុស្សធម៌ជាវ៉ាក់សាំងបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជានៅក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែម សម្រាប់បំពេញសេចក្ដីត្រូវការចាំបាច់នាពេលអនាគត៊។

  • សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី!

ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបចូលរួមសហការយ៉ាងសកម្ម និងពេញលេញ ជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេស វិធានការ «៣-ការពារ និង ៣-កុំ» និងចូលរួមនៅក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដើម្បីការពារសុវត្ថិភាពសុខភាព ក៏ដូចជាសុខុមាលភាពរបស់គ្រួសារ, សហគមន៍ ​និងសង្គមជាតិទាំងមូល។ ខ្ញុំក៏សុំអំពាវនាវជាថ្មីទៀត ជាពិសេសដល់មាតាបិតា និងអាណាព្យាបាល ក្នុងការអនុញ្ញាត និងនាំកូនចៅ និងកូនក្មួយ ដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ មកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងមិនត្រូវឱ្យមានប្រជាជនកម្ពុជាណាម្នាក់មិនបានចាក់វ៉ាក់សាំង នៅពេលដល់វេនរបស់ខ្លួននោះឡើយ។

ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀត ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានផ្តល់នូវជំនួយវ៉ាក់សាំង AstraZeneca ចំនួន ៤១៥ ០០០ ដូស ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំក៏សូមជូនពរដល់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាជននៃប្រទេសទាំងពីរ ឱ្យទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច និងសូ​មជួបប្រទះនូវវិបុលភាពរីកចម្រើន រុងរឿងទៅមុខជានិរន្តរ៍​។

សូមអរគុណ!

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...