សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន៖ ក្នុងសន្និសីទសារព័ត៌មាន បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារ កូវីដ-១៩ ជូនជនវ័យជំទង់ អាយុពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ

CNV:

ធ្វើវ៉ាក់សាំងវ័យជំទង់ បង្កើតភាពស៊ាំក្នុងសហគមន៍ ដើម្បីបើកសាលារៀនចាប់ពីអនុវិទ្យាល័យ

ថ្ងៃនេះ យើងបានរួមគ្នាដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវវ័យ ដែលកិច្ចការនេះមិនមែនជាការរៀបចំដោយចៃដន្យទេ។ យើងបានគិតគូរហ្មត់ចត់ ទម្រាំយើងមានយុទ្ធនាការនៅថ្ងៃនេះ ព្រមពេលជាមួយនឹងយុទ្ធនាការ ដែលយើងកំពុងតែបន្តទៅលើមនុស្សចាប់ពី ១៨ ឆ្នាំឡើងលើ។ ការចាក់វ៉ាក់សាំងរបស់កុមារ(វ័យជំទង់)ថ្ងៃនេះ គឺជាជំ​ហានដ៏សំខាន់ដើម្បីឱ្យមានភាពស៊ាំនៅក្នុងសហគមន៍។ យើងធ្លាប់និយាយជាហូរហែមកថា កុមារជាទំពាំងស្នងឫស្សី។ (ប៉ុន្តែ)ប្រសិនបើកុមារខូចសុខភាពចាប់ពីពេលនេះ យើងពុំមានឫស្សីដែលល្អនោះទេ។ មួយផ្នែកទៀត ផលប៉ះពាល់ដែលបានកើតឡើង ក្នុងពេលវេលានៃ កូវីដ-១៩ គឺប៉ះពាល់យ៉ាងធ្ងន់ទៅលើបញ្ហា​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស។ ស្ទើរគ្រប់ប្រទេស មានការបិទសាលារៀន។ ចំណុចនេះ យើងកំពុងគិតគូររៀបចំធ្វើយ៉ាងណាឱ្យបានបើកសាលារៀនឡើងវិញ ហោចណាស់ ចាប់ពីអនុវិទ្យាល័យឡើងទៅ។ ការធ្វើសន្និសីទថ្ងៃនេះ ដើរព្រមជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំង ដែលមុននេះ ខ្ញុំគ្រាន់តែបានសង្កេតពីការរៀបចំសម្រាប់ចាក់(វ៉ាក់សាំង)ឱ្យចៅរបស់ខ្ញុំតែប៉ុណ្ណោះ ក៏ប៉ុន្តែនៅមានកុមារច្រើនទៀតដែលនឹង(ត្រូវបាន)ចាក់(វ៉ាក់សាំង)នៅថ្ងៃនេះ និងនៅកន្លែងនេះ។ (យើងចាប់ផ្ដើមចាក់)នៅទីក្រុងភ្នំពេញ នៅខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកណ្ដាល ព្រោះយើងត្រូវចាក់(វ៉ាក់សាំង)ក្មេងវ័យជំទង់ចាប់ពីអាយុ ១២ ឆ្នាំដល់ ១៧ ឆ្នាំ (ប្រមាណ) ២ លាននាក់បន្ថែម។

សម្រាប់ថ្ងៃនេះ សន្និសីទកាសែតដែលមុននេះពោរពេញដោយអ្នកកាសែត ក៏យើងត្រូវកាត់បន្ថយចំនួន ហើយឱ្យចូលតែប៉ុន្មាននាក់ប៉ុណ្ណោះ។ មុននឹងចូល(កម្មវិធីនេះ)ទៀតសោត ម្សិលមិញមានការធ្វើតេស្តដោយម៉ាស៊ីនធំ(រក កូវីដ-១៩) ឯព្រឹកមិញនេះ មានការធ្វើតេស្តរហ័ស​បន្ថែមទៀត មុនអនុញ្ញាតឱ្យនាំគ្នាចូលមកកន្លែងនេះ។ សូម្បីតែខ្លួនខ្ញុំ ក៏គេចមិនផុតអំពីការត្រូវត្រួតពិនិត្យសុខភាពជាមុន។ នេះហើយជាគន្លងថ្មីនៃការរស់នៅសម្រាប់ប្រជាជន មិនថាតែប្រទេសយើងទេ។ ការប្រជុំសារព័ត៌មាននេះទៀតសោត មិនសំដៅសម្រាប់តែអស់លោកអ្នកសារព័ត៌មាន អស់លោក លោកស្រី  អ្នកនាង កញ្ញា ដើម្បីយើងផ្សព្វផ្សាយតែប៉ុណ្ណោះទេ យើងមានបំណងដើម្បីនឹងផ្សព្វផ្សាយដល់ប្រជាជននៅទូទាំងប្រទេស។ ដូច្នេះសំ​ណួររបស់អស់លោក លោកស្រី អ្នកនាង កញ្ញា ក៏នឹងបានទទួលចម្លើយរបស់ខ្ញុំ សម្រាប់ប្រជាជននៅទូទាំងប្រ​ទេស។ ខ្ញុំក៏សូមបញ្ជាក់ថា ខ្ញុំផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានសួរមុន។ សូមត្រៀមសំណួរទុកឱ្យ​ហើយ​។ មុនៗ ខ្ញុំតែងតែឧទ្ទេសនាមមុន រួចហើយឱ្យអ្នកកាសែតសួរ ពីរឬបីសំណួរ រួចបិទបញ្ចប់។ លើកនេះ ខ្ញុំអនុញ្ញាតឱ្យអ្នកសារព័ត៌មានសួរមុន។

ព្យាបាលនៅផ្ទះ, ធ្វើតេស្តខ្លួនឯង, មន្ទីរពេទ្យឯកជនផ្តល់វ៉ាក់សាំង … នឹងជួយគ្រប់គ្រងសភាពការណ៍

ក្នុងពេលដែលអ្នកសារព័ត៌មានកំពុងត្រៀមរៀបចំសំណួរ អនុញ្ញាតឱ្យខ្ញុំបាននិយាយបន្ដិចមុនទៅលើបញ្ហាមួយចំនួន ដែលគួរត្រូវបានដឹង។ ក្នុងរយៈពេលកន្លងទៅនេះ យើងបានធ្វើកិច្ចការងារមួយចំនួន ដែលក្នុងនោះសាធារណជនក៏បានដឹងហើយ គឺយើងបានអនុញ្ញាតឱ្យមានការព្យាបាលនៅតាមផ្ទះ។ នេះជាវិធីមួយ នៅក្នុងចំណោមវិធីនានាសំរាប់ការដោះស្រាយបញ្ហាកង្វះ​មន្ទីរពេទ្យ។ ប្រទេសជាច្រើនគេបានធ្វើវិធីនេះ។ មន្ទីរពេទ្យរបស់គេទទួលអ្នកដែលមានជំងឺធ្ងន់តែប៉ុណ្ណោះ។ គេអនុញ្ញាតឱ្យមានការព្យាបាលនៅផ្ទះ(សម្រាប់អ្នកមានជំងឺកូវីដ-១៩ ស្រាល)។ វិធីនេះ មិនគ្រាន់តែដោះស្រាយបញ្ហាមន្ទីរពេទ្យទេ ប៉ុន្តែក៏បានសម្រួលដល់ក្រុមគ្រួសារ និងអ្នកជំងឺខ្លួនឯង ដែលមានទីកន្លែងសមរម្យ(សម្រាប់ស្នាក់នៅដោយឡែក)។

យើងក៏បានអនុញ្ញាត ឱ្យមានក្រុមហ៊ុនឯកជនអាចទិញយកវ៉ាក់សាំង ដើម្បីមកចែកចាយនៅក្នុងស្រុក ដោយធ្វើឱ្យប្រជាជនកម្ពុជាយើងអាចមានជម្រើសច្រើន សម្រាប់ទទួលបាននូវការចាក់វ៉ាក់សាំងនៅពេលមានតម្រូវការ។ យើងក៏បានផ្ដល់ឱ្យវិស័យឯកជន និងប្រជាជនអាចប្រើប្រាស់តេស្ដរហ័ស សម្រាប់នៅតាមក្រុមហ៊ុន តាមក្រុមគ្រួសារ។ គេអាចធ្វើតេស្ដខ្លួនឯងបាន។ ពេលមានការសង្ស័យ គេធ្វើ(តេស្ដ)ដោយខ្លួនគេតែម្ដង។ ចំណុចនេះ វាស្ថិតនៅក្នុងយុទ្ធសាស្ត្ររុករករបស់យើង។ បើយើងរុករកឃើញរហ័ស គឺយើងគ្រប់គ្រងបានរហ័សដែរ។

ឧទាហរណ៍គេធ្វើតេស្ដភ្លាមៗ ឬធ្វើតេស្ដដោយគ្រូពេទ្យ(ដឹងភ្លាម) យើងគ្រប់គ្រងអ្នកវិជ្ជមានបានឆាប់។ បើសិនគេធ្វើតេស្ដនៅក្នុងនៅក្នុងក្រុមគ្រួសារដោយខ្លួនគេផ្ទាល់ (បើគេដឹងថាវិជ្ជមាន) គេក៏ដាក់ខ្លួនឆ្ងាយពីក្រុមគ្រួសាររបស់គេភ្លាម។ បើសិនជាពន្យារពេលត្រឹមតែមួយថ្ងៃ ឬកន្លះថ្លៃ មនុស្សម្នាក់នេះអាចនឹងទៅចម្លងមនុស្សបានច្រើននាក់។ នេះជាវិធីមួយ នៅក្នុងវិធីច្រើន ដែលយើងត្រូវគ្រប់គ្រប់គ្រងសភាពការណ៍ឱ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។

អាចប្តូរសេវាសណ្ឋាគារ ជាការទទួលអ្នកជំងឺ កូវីដ-១៩ ស្នាក់ចត្តាឡីស័ក/ព្យាបាល

… ខ្ញុំ(មិន)បានឃើញថា ក្រសួងទេសចរណ៍ធ្វើរបាយការណ៍សុំការអនុញ្ញាតពីក្រសួងសុខាភិបាល និងគណៈកម្មការប្រយុទ្ធនឹង កូវីដ-១៩ នៅឡើយទេ តែពួកគេមានការពិភាក្សា អំពីការបើកឱ្យដំណើរការ សណ្ឋាគារខ្លះ (ដោយ)ប្រែក្លាយទៅជាមន្ទីរពេទ្យ។ យើងកំពុងស្ថិតនៅចន្លោះ(មួយ) ដែលគួរត្រូវបានបំពេញ។ ការពិចារណារបស់ខ្ញុំនៅត្រង់ថា យើងមានមន្ទីរពេទ្យរបស់រដ្ឋ និងមណ្ឌលថែទាំសុខភាពនៃអ្នកជំងឺស្រាល ដែលយើងទទួលបានប្រហាក់ប្រហែលជាង ១ ម៉ឺននាក់នៅទីក្រុងភ្នំពេញ។ នៅមន្ទីរពេទ្យឯកជនមួយចំនួន (ការស្នាក់ព្យាបាលជំងឺ កូវីដ-១៩) មានតម្លៃខ្ពស់។ ឥឡូវ វិស័យឯកជន ដែលមុននេះ បានធ្វើការជាមួយនឹងក្រសួងទេសចរណ៍ គ្រោងដាក់ឱ្យដំណើរការនូវសណ្ឋាគាររបស់គេមួយចំនួន ដោយយកតម្លៃថោកជាង តម្លៃនៅ(តាម)មន្ទីរពេទ្យឯកជន។ អ្នកខ្លះខ្វះលទ្ធភាពបង់ប្រាក់យ៉ាងច្រើនសម្រាប់មន្ទីរពេទ្យឯកជន ក៏ប៉ុន្តែគាត់ក៏មិនចង់ទៅសម្រាកនៅកន្លែងដែលមានមនុស្សកុះករនោះទេ គាត់ចង់សម្រាកដែលមានបន្ទប់មួយដោយឡែករបស់គាត់។

បើសិនមានសំណើបែបនេះ ខ្ញុំក៏ផ្ដល់ជាអនុសាសន៍ជូនក្រសួងសុខាភិបាល គួរត្រូវពិនិត្យមើល។ បញ្ហានៅត្រង់ថាក្រុមគ្រូពេទ្យ។ អញ្ចឹង បើសិនយើងធ្វើបែបនេះ អ្នកមានប្រាក់មធ្យម/ល្មម ដែលមិនចង់ទៅសម្រាកនៅទីតាំងដែលមានមនុស្សរាប់រយរាប់ពាន់នាក់នោះ ហើយក៏គ្មានប្រាក់ទៅបង់ជូនមន្ទីរពេទ្យដែលថ្លៃៗ នោះ ប៉ុន្តែគាត់មិនចង់សម្រាកព្យាបាលនៅផ្ទះខ្លាចឆ្លងដល់កូនដល់ចៅ គាត់(អាច)ទៅរកសណ្ឋាគារដើម្បីស្នាក់នៅ។ អញ្ចឹងគាត់ជួលសណ្ឋាគារ។ អញ្ចឹង សណ្ឋាគារ(ដូរសេវា)ពីការទទួល និងបានថវិកាពីទេសចរ ទៅបានទទួលពីអ្នកជំងឺ(កូវីដ-១៩) ហើយបុគ្គលិកសណ្ឋាគារនោះ ដោយស្ម័គ្រចិត្តយកម្ហូបអាហារទៅឱ្យអ្នកជំងឺ ក៏បានការងារធ្វើត្រឡប់មកវិញមួយផ្នែក។ យ៉ាងណាក៏ដោយ រដ្ឋយើង(ក៏ត្រូវតែ)មានការផ្ដល់នូវការគាំទ្រផ្នែក(គ្រូ)ពេទ្យ សម្រាប់(សណ្ឋាគារទាំងឡាយដែល)បើក(ទទួលការស្នាក់នៅព្យាបាលបែប)នេះ។ គ្រូពេទ្យ(ទាំង)នោះ ទទួលបានកម្រៃពីផ្នែកឯកជនក៏បានទទួលប្រាក់អំពីអ្នកទៅសម្រាកព្យាបាលនៅទីនោះ។ ដូច្នេះគឺជាផ្នែកមួយនៃការគិតគូររបស់យើង។

បិទខ្ទប់ ៨ ខេត្តព្រំដែនថៃ បំរាមគោចរ ៩ ដល់ ៣ ភ្លឺ … បង្ការការឆ្លងក្នុងសហគមន៍ដោយ Delta

កិច្ចការសំខាន់ដែលខ្ញុំចង់ជម្រាប ហើយសុំការអធ្យាស្រ័យ និងការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ហើយសុំអំពាវនាវ(ឱ្យមាន)ការចូលរួមពីសំណាក់ប្រជាពលរដ្ឋរបស់យើង គឺនៅថ្ងៃទី ២៨ ខែកក្កដាកន្លងទៅ គឺ ៣ ថ្ងៃមុននេះ យើងបានចេញសារាចរណែនាំ ស្ដីពីយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ព្រមទាំងសេចក្ដីសម្រេចបិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ  ព្រះវិហារ និងខេត្តសៀមរាបជាបណ្ដោះអាសន្នរយៈពេល ១៤ ថ្ងៃ។ ពិតណាស់ វិធានការបែបនេះនឹងប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋរបស់យើងមួយចំនួន។ បម្រាមគោចរត្រូវបានដាក់ឡើងវិញនៅទីក្រុងភ្នំពេញ និងនៅបណ្ដាខេត្តមួយចំនួន ពីម៉ោង ៩ យប់ដល់ ៣ ភ្លឺ ដែលវា(ក៏)ធ្វើឱ្យមានការប៉ះពាល់ទៅដល់សិទ្ធិដើរហើររបស់ប្រជាពលរដ្ឋ។ វាក៏ធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋមួយចំនួន​ ដែលធ្វើការឆ្លងកាត់ព្រំដែនពីកម្ពុជាទៅប្រទេសថៃ និងពីប្រទេសថៃមកកម្ពុជាវិញ។ ប៉ុន្តែ សុំបងប្អូនជនរួមជាតិមេត្តា (យោគយល់ ត្បិតវីរុសកូរ៉ូណាបម្លែងខ្លួន) ​Delta ដែលកាចសាហាវ កំពុងតែវាយលុកនៅលើពិភពលោកទាំងមូល រាប់ទាំងសហរដ្ឋអាមេរិក។

ឥឡូវនេះ តួលេខនៃការឆ្លងរបស់សហរដ្ឋអាមេរិកហាក់បានកើនឡើងវិញ។ អឺរ៉ុបក៏បានកើនឡើងវិញ។​ ដោយឡែក គ្រប់ប្រទេសនៅអាស៊ីអាគ្នេយ៍ លើកលែងតែប្រទេសប្រ៊ុយណេមួយ ដែលមានការឆ្លងទាប ក្រៅពីនោះ សូម្បីប្រទេសឡាវ ម្សិលមិញ (ចំនួនអ្នកឆ្លង កូវីដ-១៩) ឡើងទៅដល់ជាង ៣០០ ករណី។ មុននេះ ឡាវគ្រប់គ្រងបានល្អជាងគេ។ ទីចុងបំផុត ម្សិលមិញ (បានកត់ត្រា) ៣៨០ ករណី ឆ្លង (កូវីដ-១៩) … អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺសិង្ហបុរី ជាប្រទេសដែលគ្រប់គ្រងដោយហ្មត់ចត់ ក៏បានចាប់ឆ្លងក្នុងចំនួន ៣ ខ្ទង់ដែរ ទោះបីជាមិនច្រើនពេក។ ការវាយប្រហារធ្ងន់ជាងគេ (កើតមាន)ទៅលើឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម។ ចុងក្រោយនេះ គ្រាន់តែព្រឹកមិញបើកភ្នែកឡើង ត្រឹម ១២ ម៉ោង វៀតណាម (មានការ)ឆ្លងជាង ៤០០០ នាក់រួចស្រេច។  ម្សិលមិញ វៀតណាម ឆ្លងទៅដល់ជាង ៨ ពាន់នាក់ និងស្លាប់ជាង ១០០ នាក់។ ដូច្នេះ អាស៊ីអាគ្នេយ៍ត្រូវទទួលការវាយលុកពីសំណាក់មេរោគក្លែងភេទ Delta។ គ្រាន់តែ Alpha ចេញពីប្រទេសអង់គ្លេស​ យើងបាន(ទទួលការ)ឆ្លងដល់ទៅជាង ៧ ម៉ឺននាក់ និងស្លាប់ជាង ១​ ពាក់នាក់។ បើសិនជាយើងបណ្ដែតបណ្ដោយ​ឱ្យ Delta ចូលមកក្នុងប្រទេស ​ ឆ្លងចូលក្នុងសហគមន៍ នៅគ្រប់ទីកន្លែង តើយើងនឹងបាត់បង់ប្រជាជនប៉ុន្មានទៀតទៅ? ខ្ញុំសុំយកឱកាសនេះ ដើម្បីសំដែងនូវការចូលរួមមរណទុក្ខជាមួយគ្រួសារសព ដែលបានមរណកាលទៅដោយសារ កូវីដ-១៩។ គ្មានប្រទេសណាមួយនៅលើពិភពលោកនេះ អាចរួចផុត​ពីការឆ្លង និងការស្លាប់​នោះទេ។

អ្នករិះគន់កម្ពុជាគួរសួរប្រធានាធិបតីប្រទេសធំៗ … អំពីការរំលោភសិទ្ធិ

យើងមិនយកប្រទេសដទៃមកបិទបាំងភាពខ្សោយរបស់ខ្លួនទេ ក៏ប៉ុន្តែមានអ្នកខ្លះ កាលពីសម័យដែលយើងអត់មានមនុស្សឆ្លង អត់មានមនុស្សស្លាប់ គេបានធ្វើអត្ថាធិប្បាយថា “សុំឱ្យមករៀនពីកម្ពុជា ព្រោះកម្ពុជាអត់មានមនុស្សស្លាប់(ដោយសារ កូវីដ-១៩) ដូច្នេះមករកថ្នាំពីកម្ពុជា”។ (គេបាននិយាយ) ផ្លែផ្កាឱ្យយើង​។ ឥឡូវនេះ ឃើញយើងមានឆ្លងនិងមានស្លាប់ គេថា “កម្ពុជាមានស្លាប់ច្រើនណាស់ ឆ្លងច្រើនណាស់”។ ប៉ុន្តែ ខ្ញុំក៏សូមស្នើសុំឱ្យអ្នកដែលមានសញ្ជាតិពីរ ហើយកំពុងរស់នៅប្រទេសដែលអ្នកកំពុងរស់នៅ ដូចជានៅអាមេរិក នៅបារាំង ឬនៅអាល្លឺម៉ង់ ឬនៅស្វ៊ីស នៅណាក៏ដោយឱ្យតែមានសញ្ជាតិពីរ គួរតែសួរប្រធានាធិបតីនៅប្រទេសហ្នឹង។ ឧទាហរណ៍នៅប្រទេសបារាំង ហេតុអ្វីបានមិនព្រមសួរប្រធានា​ធិប​តី​បារាំងថា “ហេតុអ្វីបានបណ្ដែតបណ្ដោយឱ្យមនុស្សស្លាប់ច្រើនម្ល៉េះ?”។ ហេតុអ្វី(ក៏)សួរតែកម្ពុជា? មិនព្រមសួរ (ប្រធានាធិបតី)ម៉ាក្រុង(ផង)? យើងចេញច្បាប់ គេចោទថា យើងរំលោភសិទ្ធិ។ ប្រធានាធិបតីបារាំង ម៉ាក្រុង (ទើបតែ)ចេញច្បាប់ ម៉េចមិនសួរគាត់ផង។ ឥឡូវ (ប្រធានាធិបតី) ម៉ាក្រុង (ដូចជាបាន)ទៅប្ដឹង ក្រុមហ៊ុនណាមួយ ដែលដាក់តាំងរូបឃោសនាពាណិជ្ជកម្ម (ដោយ)យករូប ម៉ាក្រុង ទៅប្រដូចជាមួយនឹង  ហ៊ីត្លែ(Adolf Hitler)។ ម៉ាក្រុង ចេះប្ដឹងដែរតើ។ ម៉េចក៏មិនសួរ។ សូម្បីតែប្រធានាធិបតីអាមេរិក Joe Biden ក៏ចាប់ផ្ដើមតម្រូវឱ្យមន្ត្រីសហព័ន្ធចាក់វ៉ាក់សាំង(ដែរ)។ បន្តិចទៀត វានឹងឈានទៅដល់វ៉ាក់សាំងកាតព្វកិច្ចជាមិនខានទេ។ ខ្ញុំគិតថា បន្តិចទៀតពិភពលោក(នឹងតម្រូវ)ការចាក់វ៉ាក់សាំងនឹងក្លាយទៅជាកាតព្វកិច្ច។​ ព្រោះ(ថា បើ)អ្នកឯងមិនព្រមចាក់​​ ទោះបីមិនដាក់ច្បាប់ឱ្យ​ចាក់ ក៏កត្តាសត្យានុម័តនឹងបង្ខំឱ្យត្រូវតែចាក់។ ឧទាហរណ៍ ការធ្វើដំណើរលើឡានក្រុងឬតាក់ស៊ី។ ក្រុមតាក់ស៊ី គេឆែកមើល បានចាក់វ៉ាក់សាំងហើយឬ​នៅ? (បើ)អត់បានចាក់​ (គេនឹង)សុំទោស អត់ដឹកទេ។ ទៅជិះឡានក្រុង គឺអត់មានចាក់វ៉ាក់សាំង គេអត់ឱ្យឡើង។ ធ្វើដំណើរទៅក្រៅប្រទេស អត់មានចាក់វ៉ាក់សាំង គេអត់ឱ្យចូលប្រទេសគេ​។ សុំចូលធ្វើការ អត់បានចាក់វ៉ាក់សាំង គេមិនឱ្យចូល។

សិទ្ធិទាំងឡាយ ចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិតជាមុន

សម្រាប់យើង អ្វីៗទាំងអស់ដែលយើងបានធ្វើ គឺដើម្បីការរស់រានមានជីវិតរបស់ប្រជាជន ដែលជាសិទ្ធិដ៏សំខាន់ក្នុងចំណោមសិទ្ធិ(ទាំងឡាយ)។ ថ្ងៃមុន ខ្ញុំគ្រាន់តែនិយាយនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ អំពីសិទ្ធិ​រស់រានមានជីវិត (មានការបកស្រាយពី)អ្នកអត្ថាធិប្បាយស្ដីអំពីសិទ្ធិមនុស្សច្រើនណាស់​។ ខ្ញុំសូមផ្ដាំ ប្អូនៗ ក្មួយៗបានធ្វើការនៅអង្គការសិទ្ធិមនុស្សនេះ (ក៏ដោយសារតែបានរៀនសូត្រនៅ)ក្រោមដំបូលសា​លារៀន ដែល … ហ៊ុន សែន (បាន)ធ្វើឱ្យកាលពីប៉ុន្មានសិបឆ្នាំមុននេះ។ តើមែនទេ? មិនមែនប្អូនៗ ក្មួយៗទាំងឡាយដែលធ្វើអត្ថាធិប្បាយ ចេញពីក្រៅប្រទេសមកទេ។ បញ្ញវន្ដមួយចំនួន កុំភ្លេចថាខ្លួនចេញពីកន្លែងណា។ ខ្លួនចេញដំបូលសាលាធ្លុះធ្លាយ ដែលបាតដៃនៃថ្នាក់ដឹកនាំ​ សមាជិកសមាជិកានៃគណបក្សប្រជាជនធ្វើឱ្យក្មួយៗ ប្អូនៗរៀនតែប៉ុណ្ណោះ។ តើនោះចាប់ផ្ដើមពីអ្វី? ចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត។ ពិតមែនហើយ យើងមិនអាចបោះបង់ចោលនូវសិទ្ធិដទៃទៀត ប៉ុន្តែសិទ្ធិដទៃទៀតត្រូវចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិតមុន។

អ្នកត្រូវចាំឱ្យច្បាស់ ហ៊ុន សែន មិនមែនជាអ្នកនយោបាយអង្ករកំប៉ុងទេ។ ក្នុងការចូលរួមគ្រប់គ្រង់អំណាច ​និងដឹកនាំគ្រប់គ្រងអំណាចរយៈពេលជាង ៤២ ឆ្នាំ បូកនឹងការដឹកនាំគ្រប់គ្រងចលនាតស៊ូដើម្បីរំដោះប្រ​ទេស (មនុស្សនេះ)មានបទពិសោធន៍ដែលអាចធ្វើជាគ្រូឱ្យពួកអ្នកបាន។ តើអ្នកដែលឃើញខ្មោចអនុវត្តនូវសិទ្ធិបញ្ចេញមតិតាមរយៈការនិយាយស្ដី តាមរយៈការសរសេរកាសែតទេ?​ វាអត់ទេ។ អញ្ចឹងវាទៅជាយើង អត់ស្គាល់រដ្ឋម្មនុញ្ញ អត់ស្គាល់អនុសញ្ញាស្ដីអំពីសិទ្ធិមនុស្ស។ បើសិនជាយក Clip កាលពីឆ្នាំ ១៩៩២ (មកមើលឡើងវិញ) ពេលនោះ អ៊ុនតាក់ ផ្តើមឈានជើងចូលបានប៉ុន្មាននាក់(ប៉ុណ្ណោះ) នៅសាលាគរុកោសល្យខេត្តកណ្ដាល ខ្ញុំបាននិយាយពីទស្សនវិស័យស្ដីអំពីសិទ្ធិមនុស្ស។ ពេលនោះ មានព្រះអង្គម្ចាស់ ចក្រពង្ស ចូលរួមផងដែរ។ សិទ្ធិទាំងអស់ ត្រូវចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត។ ចាប់ផ្ដើមពីនោះហើយ ដែលសិទ្ធិជាធម្មជាតិរបស់យើងត្រូវបានចាប់ផ្ដើម រួមមានសិទ្ធិត្រូវទទួលបានចំណីអាហារ សិទ្ធិទទួលបាននូវការថែទាំសុខភាព សិទ្ធិទទួលបាននូវការបញ្ចេញមតិ ការធ្វើនយោបាយ ឬសិទ្ធិនេះ/នោះទៅតាមក្រមខណ្ឌនៃរដ្ឋធម្មនុញ្ញ និងអនុសញ្ញាស្ដីអំពីសិទ្ធិមនុស្ស។ គ្រាន់តែគេមិននិយាយដល់ ចាត់ទុកថា​គេអត់យល់អំពីរដ្ឋធម្មនុញ្ញ អត់យល់ពីអនុសញ្ញាស្ដីអំពីសិទ្ធិមនុស្ស។ អ្នកភាន់ច្រឡំហើយ អ្នកអត់ទាន់ដែលបាន(ធ្វើការងារ)គ្រប់គ្រង សូម្បីតែជាមេឃុំ ឬចៅហ្វាយស្រុកក៏មិនដែលបាន(ធ្វើដែរ)។ ខ្ញុំដើររហូតទៅដល់អង្គការសហប្រជាជាតិ debate នៅក្នុងអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ឬគ្រប់កន្លែងទាំងអស់ ម៉េចខ្ញុំមិនយល់អំពីរឿងហ្នឹង?​ ប៉ុន្តែ ខ្ញុំគ្រាន់តែឱ្យយល់អំពីអ្វីដែលយើងធ្វើ គឺដើម្បីការពារជីវិតមនុស្សជាមុន ដើម្បីសិទ្ធិរស់រានមានជីវិត ហើយផ្ដើមចេញពីសិទ្ធិរស់រានមានជីវិតនោះហើយ ដែលសិទ្ធិដទៃទៀតនឹងត្រូវបានធ្វើ។ កន្លែងខ្លះវាក៏ល្អ។ កន្លែងខ្លះទៅក៏វាមិនទាន់ល្អ ដែលត្រូវកែសម្រួល។ កុំថាដល់មនុស្ស ដែលវាចេះទាមទារសិទ្ធិ​ សូម្បីតែឆ្កែក៏វាចេះទាមទារសិទ្ធិដែរ។

… ខ្ញុំនិយាយបន្ដិច តើឆ្កែទាមទារសិទ្ធិពីអី្វ? អាហ្នឹងទាល់តែសួរលោកពូ ម៉ក់ ហឺន នៅសហរដ្ឋអាមេរិក។ ប្រហែលគាត់កំពុងតែមើលដែរមិនដឹង។ ខ្ញុំទើបនឹងដឹងដែរ។ លោកពូ ម៉ក់ ហឺន គាត់ធ្វើ Live Show មួយ​ គាត់និយាយពីនេះពីនោះ គាត់បកស្រាយល្អ។ ចុងក្រោយគាត់ថា ឆ្កែក៏ចេះទាមទារសិទ្ធិដែរ។ មិនមែនទាមទារសិទ្ធិឥឡូវនេះទេ តាំងពីសម័យព្រះមិនទាន់ចូលព្រះបរិនិព្វាន ដែលឆ្កែទៅទាមទារសិទ្ធិ។ តើទាមទារសិទ្ធិពីអី្វ? តាមដែលគាត់និទានទេ។ ឆ្កែវាចង់បានសិទ្ធិស្មើនឹងមនុស្ស។ វាដេកនៅក្រោមគ្រែរបស់ម្ចាស់វា … គិតថា មនុស្សលោកមិនថាថ្ងៃមិនថាយប់ ហើយមួយឆ្នាំពេញមួយឆ្នាំ(អាចរួមសង្វាសបាន) ដល់តែឆ្កែវិញបានតែមួយខែ។ អញ្ចឹងវាទៅសុំព្រះតែម្ដង។ រឿងហ្នឹងខ្ញុំស្ដាប់គាត់និយាយទេ។ ខ្ញុំ(ក៏)ទើប(តែ)ដឹង (រឿង)ឆ្កែវាក៏ចេះទារសិទ្ធិស្មើភាពជាមួយនឹងមនុស្សរបស់វាដែរ។ មនុស្សមាន ៣៦៥ ថ្ងៃ ឱ្យតែមានពេល ថ្ងៃក៏មាន យប់ក៏មាន។ ឆ្កែថាទេ អញបានតែមួយខែសោះ។ ទៅសុំព្រះ។ ព្រះក៏គិតថា “ឯងទាមទារហ្នឹងត្រូវហើយ។ ឯងគិតមើល ឯងកើតកូនម្ដង ៧ ទៅ ១០ ក្បាល។ អញ្ចឹង មិនពេញដីហើយទេ​។ អញ្ចឹង(ព្រះ)ឱ្យ គ្រាន់តែឱ្យយូរជាងមុនបន្ដិច … និយាយលេងសើចបន្ដិចទៅចុះ មុននឹងផ្ដល់ឱ្យនូវការសាកសួរ។

ខ្ញុំសូមបញ្ជាក់ឡើងវិញ សូមកុំបានស៊ីលុយបរទេស ធ្វើការងារត្រឹមតែដើម្បីយកការ(ដែល)យើងមិនបាននិយាយ ព្រោះពេលវាខ្លី ទៅធ្វើអត្ថាធិប្បាយ។ បើសិនជាអ្នកនៅកម្ពុជាគ្មានសិទ្ធិទេ អ្នកជាប់ខ្នោះភ្លាម ខ្ញុំប្រាប់អ្នកឱ្យច្បាស់។ រាល់ថ្ងៃ អ្នកកំពុងនិយាយអំពីនាយករដ្ឋមន្រ្តីមិនយល់ដឹងអំពីរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិស្ដីអំពីសិទ្ធិមនុស្ស។ តើអ្នកកំពុងនិយាយជាអ្វី? អ្នកកំពុងនិយាយអំពីសិទ្ធិសម្ដែងមតិមែនទេ? អញ្ចឹងនៅកម្ពុជាមានសិទ្ធិហើយតើ។ អ្នកដែលស្រែកថា មិនទាន់មានសិទ្ធិ គឺជាអ្នកដែលកំពុងប្រើសិទ្ធិនោះឯង​។ យើងត្រូវតែពន្យល់ត្រឡប់ទៅវិញ​ ចំពោះភាពឈ្លើយរបស់មនុស្សខ្លះ។

… ខ្ញុំសុំនិយាយប៉ុណ្ណឹង(ចុះ) ដើម្បីឱ្យ​ប្រជាពលរដ្ឋរបស់យើង យោគយល់ដល់ការលំបាក(ដែលកំពុងប្រឈម ដើម្បី)កុំឱ្យ (វីរុសកូរ៉ូណាក្លែងកាយ) Delta ចូលមកក្នុងស្រុកខ្មែរ ហើយទុកឱ្យបណ្ដាខេត្តតាមព្រំដែនមានពេលដកដង្ហើម។ មកដល់ពេលនេះ ខេត្តទាំងនោះមានប្រមាណ ១២០០០ នាក់ ដែលកំពុងនៅតាមតំបន់ចត្តាឡីស័ក។ បើគិតទាំងនៅតាមមន្ទីរពេទ្យផង គឺចំនួនច្រើនលើស ដែលត្រូវបញ្ជូនឡាន ឡានកងពលខាងកងទ័ព ២ កងពល។ ប៉ុន្មានថ្ងៃមុននេះ ត្រូវរកឡានបន្ថែមទៅពីក្រោយ ប្រហែលជា ២០០ គ្រឿងបន្ថែមទៀត ដើម្បីត្រៀមបម្រុងដឹកបងប្អូនយើងមកពីប្រទេសថៃ។ បណ្ដាខេត្តនៅតាមព្រំដែន ដែលមានបងប្អូនមកនៅខាងនោះ ពិនិត្យមើលការផ្គត់ផ្គង់ស្បៀងទៅពីនេះ … នៅទីនោះអាចខាងថៃគាត់សហការដើម្បីឱ្យបងប្អូនយើងសម្រាក(នៅខាងនោះ)។ យើងអាចរុញអង្ករ មី ទឹកសុទ្ធពីកម្ពុជាយើង ទុកឱ្យគាត់នៅខាងណោះសិន។ យើងនឹងទទួលយកពួកគាត់ ប៉ុន្តែបងប្អូននៅថៃ មកពីម្សិលមិញនេះ នៅកន្លែងអូរបីជាន់ ១២៧ នាក់ មានឆ្លង កូវីដ-១៩ ៤០ នាក់។ បើយើងគ្រប់គ្រងមិនបានទេ គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសកម្ពុជាយើងពោរពេញទៅដោយ Delta ដែលនឹងឆក់យកអាយុជីវិតប្រជាពលរដ្ឋរបស់យើងច្រើនទៀត។ ឥឡូវនេះ មានដោយតំបន់ ដោយដាច់ដោយដុំ មិនទាន់រាយប៉ាយទូទាំងប្រទេសទេ។ ហេតុនេះហើយបានជាយើងខំកាត់ផ្ដាច់ ហើយដាក់បម្រាមគោចរបិទខ្ទប់នូវខេត្តមួយចំនួនក្នុងគោលដៅ ដើម្បីការពារការឆ្លង ដើម្បីការពារការស្លាប់របស់ប្រជាជនយើង ដែលជាសិទ្ធិធំជាងគេនៅក្នុងចំណោមសិទ្ធិទាំងអស់ គឺសិទ្ធិរស់រានមានជីវិត។

ឥឡូវ ខ្ញុំសូមអញ្ជើញអ្នកសារព័ត៌មានយើងផ្ដល់នូវសំណួរសម្រាប់ខ្ញុំឆ្លើយ។ សូមអញ្ជើញ៖

សំណួរ BTV៖ សូមគោរព សម្ដេចតេជោនាយករដ្ឋមន្ដ្រី (សម្ដេចអនុញ្ញាតឱ្យអ្នកឡើងសួរសំណួរដោះម៉ាសចេញបាន ដោយសារអង្គពិធីបានរក្សាគម្លាតពីគ្នាហើយ និងដើម្បីងាយស្រួលឱ្យសម្ដេចនិងអ្នកកំពុងមើលការឡាយស្ដាប់បានសួ្រល… នាងខ្ញុំ ពៅ រក្សា មកពី សារព័ត៌មាន BTV … យើងកត់សម្គាល់ថា ដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ១៩ គឺមានភាពរលូន និងលឿនជាងផែនការយុទ្ធសាស្ដ្រនៃការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។ តាមនាងខ្ញុំចាំ រាជរដ្ឋាភិបាលរំពឹងថាចាក់វ៉ាក់សាំងរួចរាល់សម្រាប់ប្រជាជន ១០ លាន នាក់ នៅពាក់កណ្ដាល ឆ្នាំ ២០២២ ក្រោយមកទៀតជាផែនការយុទ្ធសាស្ដ្រក្រោយមកទៀត ត្រឹមចុងឆ្នាំ ២០២១ និង ដើមឆ្នាំ ២០២២។ ប៉ុន្ដែ តាមរបាយការណ៍គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់​​សាំងក្របខណ្ឌទូទាំងប្រទេសម្សិលមិញនេះ គឺបាន ៧៣,ធៀបជាមួយគោលដៅ ១០ លាន នាក់ និង ៤៥,៦៥បើធៀបជាមួយប្រជាជន ១៦ លាននាក់។ នេះជាល្បឿនមួយលឿនមែនទែន។

(ទី ១) តើសម្ដេចអាចបញ្ជាក់បានទេថា អ្វីជាកត្ដាជម្រុញឱ្យរាជរដ្ឋាភិបាលអាចធ្វើកិច្ចការងារនេះបានដោយរលូននិងលឿនយ៉ាងដូច្នេះតើសម្ដេចអាចពន្យល់ជូនជនរួមជាតិបានទេ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើកិច្ចការនេះ។

សំណួរទី ២ … ថ្ងៃនេះ យើងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ ដែលមានអាយុ ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នំា។ ជាការរំពឹងរបស់អាណាព្យាបាលរបស់កុមារ គិតថា ចាក់រួចរាល់នឹងត្រឡប់ចូលរៀនវិញ។ ថ្មីៗនេះ នាងខ្ញុំកត់សម្គាល់ថា ផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចបានផូស្ដពីវីដេអូរបស់កុមារតូចក្រោម ១២ ឆ្នាំ ក៏គាត់ចង់ចាក់ដែរ។ តើរាជរដ្ឋាភិបាលមានគម្រោងបន្ដចាក់ជូនកុមារក្រោម ១២ ឆ្នាំ ទៀតដែរឬទេ?

សំណួរទី ៣  នាងខ្ញុំកត់សម្គាល់ផងដែរនូវប្រសាសន៍សារជាសំលេង សម្ដេចមានប្រសាសន៍ថា ពិចារណាចាក់ឱ្យកុមារ និងដូសទី ៣។ ឥឡូវ យើងចាប់ផ្ដើមចាក់ជូនកុមារនិងយុវវ័យហើយ ស្របពេលដែល(ក្នុង)បរិបទនេះ កម្ពុជាបានលើកឡើងក្នុងសេចក្ដីសម្រេចនិងសារាចររបស់រាជរដ្ឋាភិបាល (ថា)យើងមានការប្រ​ឈមរលកទី ៣ ជាពិសេស (វីរុសបម្លែងកាយ)ដែលតា។ ដូចនេះ តើរាជរដ្ឋាភិបាលមានគម្រោងការចាក់ដូសទី ៣ ដែលឬទេ ខណៈដែលប្រទេសខ្លះមានការពិចារណា និងគិតពីការចាក់ដូសទី៣។

សំណួរទី៤៖ ប្រសិនបើស្ថានភាពកូវីដ-១៩អូសបន្លាយពេលវែងទៀត … តើរាជរដ្ឋាភិបាលអាចទ្រទ្រង់បានដែរទេ តើសម្ដេចមានអ្វីចង់ពន្យល់ជូនដល់ជនរួមជាតិក្នុងកាលៈទេសៈនេះ និងពេលទៅមុខទៀត?

សម្ដេចតេជោ៖ អរគុណ BTV។ បួនសំណួរនេះ គ្របដណ្ដប់ទៅលើទិដ្ឋភាពជាច្រើន ដែលខ្ញុំគិតថាហាក់​ដូចជាបង្ហាញអំពីភាពជាតំណាងនៃផ្នែកសារព័ត៌មាន ដើម្បីឱ្យខ្ញុំមានលទ្ធភាពឆ្លើយតបជាមួយ​បញ្ហាដែលបានកើតឡើង។

កត្តា ៥ ធ្វើឱ្យការចាក់វ៉ាក់សាំងមនុស្ស ១២​ លាននាក់ នឹងសម្រេចបានមុនផែនការ

សំណួរទី១ ទាក់ទិននឹងបញ្ហានៃការចាក់វ៉ាក់សាំងរួចមុនការកំណត់។​ ពិតណាស់ បើយោងទៅលើ​អ្វីដែលកំ​ពុងតែវិវឌ្ឍ ប្រៀបធៀបទៅនឹងផែនការដើម ការចាក់វ៉ាក់សាំងរបស់យើងនឹង​រួច​មុនពេលកំ​ណត់​ ៧ ទៅ ៨ ខែ … នៅពេលពេលដែលយើង​ដាក់ចេញ​នូវផែនការយុទ្ធសាស្ដ្រ​ យើងគិតទៅដល់ពាក់កណ្ដាលឆ្នាំ ២០២២ ឯណោះ។ ឥលូវតាមការ​ប្រ​មើលរបស់យើង (ការចាក់វ៉ាក់សាំង) ១០ លាននាក់ និង បន្ថែមកុមារ ២ លាន នាក់បន្ថែមនេះ នឹងអាចរួចរាល់​យ៉ាងយូរត្រឹមខែវិច្ឆិកា នេះបើយោងទៅលើការខិតខំរបស់យើង។ យើងអាចចោទចេញជាសំណួរ​ថា ​តើមូលហេតុអ្វីទៅដែលធ្វើឱ្យកម្ពុជាមានលទ្ធភាពដើម្បីអនុវត្ដបានលឿនមុនផែនការ​យ៉ាងដូច្នេះ? តាមការពិនិត្យរបស់ខ្ញុំគឺ មានកត្ដា ៥ ដែលគួរលើកយកមកនិយាយ។

ទី ១ គឺកត្តាដឹកនាំ ដែលបានដាក់ចេញនូវផែនការច្បាស់លាស់ ព្រមទាំងមានយន្ដការអនុវត្ដប្រាកដប្រជា ដែលយន្ដការអនុវត្ដនោះមានទាំងយន្ដការលទ្ធកម្មវ៉ាក់សាំង និងយន្ដការគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង។ មិនអាចដឹកវ៉ាក់សាំងយក​មកឱ្យវាដេក​ក្នុង​ឃ្លាំងទេ។ ត្រូវយកវ៉ាក់សាំងចាក់​ជូន​ប្រជាជនឱ្យបានឆាប់បំផុត​។ ចំណុចនេះ ខ្ញុំគួរតែរំលឹកបន្ដិច បើខ្ញុំជឿទៅ​លើសម្ដេច ពិជ័យសេនា ទៀ​ បាញ់ យើងអាចដើរលឿនបានមុនមួយខែ។ និយាយ​ឱ្យត្រង់។ សម្ដេចពិជ័យសេនា គាត់ចាក់ខ្លួនឯង​មុន។ ចាក់ពិសោធន៍។ ខ្ញុំដឹងទៀត មុននឹងសម្ដេច​ពិជ័យសេនាចាក់ គាត់ឱ្យកូនៗរបស់គាត់ចាក់។​ កូនប្រុសរបស់គាត់មួយ និងមនុស្សមួយ​ចំនួនទៀតចាក់​។ ពេលហ្នឹងកងទ័ពចិនបានផ្ដល់ស៊ី​ណូហ្វាមដល់កម្ពុជា។ ខ្ញុំបានប្រាប់សម្ដេច​ពិជ័យសេនា(ថា) “ខ្ញុំ(បាន)និយាយប៉ុន្មានថ្ងៃមុននេះ(ហើយថា) កម្ពុជា​​ទទួលយកតែវ៉ាក់សាំងណា ដែលទទួល​ស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ”។ ​នេះជាសម្ដី​​ដើមរបស់ខ្ញុំ … ជាគោលការណ៍វាដូច្នោះ។ ប៉ុន្ដែក្រោយមក គេបានប្រើប្រាស់​វ៉ាក់សាំង(នោះ)ចាក់នៅក្នុងប្រទេសរបស់គេ ដោយមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាព​ពិភព​លោកទេ​។

សម្រាប់វ៉ាក់សាំងចិន ទាំង Sinopharm ទាំង Sinovac​ ដែលបានផ្ដល់ឱ្យយើង (ចិនខ្លួនឯង)បាន​ចាក់លើប្រជាពលរដ្ឋ​របស់ខ្លួន ហើយនាំចេញទៅក្រៅប្រទេស(ថែមទៀតផង)។ ប្រទេសដែល​ប្រើ​វ៉ាក់សាំងចិន នៅអាស៊ាន​របស់យើងមាន ឥណ្ឌូនេស៊ី ដែលមានប្រជាជនច្រើន … អារ៉ាប៊ីសា​អូឌីត ដែលជាប្រទេសស្ដេចប្រេងកាត អេហ្ស៊ីប និងប្រទេសដទៃទៀត ក៏ចាក់វ៉ាក់សាំងរបស់ចិន។ អញ្ចឹង ស្ដេចពិជ័យសេនា ហៅទូរស័ព្ទសុំមកជួបខ្ញុំផ្ទាល់។ ខ្ញុំសួរគោល​ដៅអី (គាត់)​ថារឿងវ៉ាក់សាំងដដែល។ (ខ្ញុំថា) បាញ់ ឯងរៀបចំលិខិត​ទៅរដ្ឋមន្ដ្រីការពារជាតិចិន​ភ្លាម​ ហើយខ្ញុំ​ក៏នឹងរៀបចំលិខិតបញ្ជូន​ទៅនាយក​រដ្ឋមន្ដ្រីចិន Li Kequiang។

យើងដើរយឺតបន្ដិច។ បើប្រៀបធៀបគឺកម្ពុជាលឿនហើយ ប៉ុន្ដែបើខ្ញុំជឿសម្ដេចពិជ័យសេនា ទៀ បាញ់ យើងដើរ​លឿនជាងមុនហ្នឹងមួយខែ(ថែមទៀត)។ អញ្ចឹងកត្ដាដឹកនាំនេះ ពេលនោះយើងចាប់ផ្ដើមយកការសម្រេចដោយ​សុំឱ្យឯកឧត្តម ម៉ម ប៊ុនហេង ទទួលស្គាល់វ៉ាក់សាំង​ស៊ីណូហ្វាម ប្រើប្រាស់តាមទម្រង់បែបបទ​របស់វា ដែលត្រូវអនុម័តដោយក្រសួងសុខាភិបាលតាមប្រទេស​នីមួយៗ។ អញ្ចឹងទេ រឿងវ៉ាក់សាំង​នេះត្រូវបានគិតគូរហ្មត់ចត់ខ្លាំងណាស់​។

វ៉ាក់សាំងដែលបានសន្យាមានចំនួន ៣៥.១១៥.០០០ ដូស … យកចិនជាប្រភពបង្អែក

ខ្ញុំសូម​ជម្រាប បើយោងទៅលើចំនួនវ៉ាក់សាំង​ដែលត្រូ​វ​បាន​សន្យា យើងមានចំនួនទៅដល់ ៣៥ ១១៥ ០០០ ដូស។ ប៉ុន្ដែ ដោយមានបទពិសោធន៍គ្រប់​គ្រាន់ទៅលើបញ្ហាទាំងឡាយ ដែលធ្លាប់​បានកើតពីអតីតកាល ខ្ញុំបានប្រាប់ទៅឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម វង្សី វិស្សុត ដែលជាប្រធានគណៈកម្មការលទ្ធកម្មថា សូមឱ្យដកអ្វីដែលជាការ​សន្យា (ដែល)ការសន្យាពេល​មុនមានតែ COVAX (ទេ ចំនួន) ៧ លាន ដូស និងអូស្ដ្រាលី ៣ លាន ដូស សរុបស្មើ ១០ លានដូស ចេញពីការគិតគូរនៅក្នុងគំនិតរបស់យើង។ តែត្រូវយកចិនជា​បង្អែក​យុទ្ធសាស្ដ្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ហើយប្រភពដទៃទៀតជា​ប្រភព​គាំទ្រ។ ចំណុចនេះ វាបានវិវឌ្ឍកើតឡើងដូចការគិតទុករបស់យើង។

បើយើងមិនហ្មត់ចត់ទេ ហើយពឹង​ពាក់តែលើជំនួយ ដល់ម៉ោងនេះ រាប់ទាំង COVAX  រាប់ទាំងការមកដល់របស់ជប៉ុន រាប់ទាំងការ​មកដល់របស់អាមេរិក (យើងអាចនឹងកាន់តែយឺត ហើយ)របស់ជប៉ុនយកទៅក្រចេះ និងមណ្ឌលគិរី ឯចំពោះ Johnson & Johnson មិន​ដឹងបានចាក់ហើយឬនៅទេ។ អញ្ចឹង ជាយុទ្ធសាស្ដ្រ យើងយកចិនជាបង្អែកក្នុងការ​ផ្គត់​ផ្គង់វ៉ាក់សាំង។ មូលហេតុងាយយល់ទេ។ ឥឡូវសង្កេតមើលប្រទេសដែលរង់ចាំវ៉ាក់សាំងចេញ​ពី​ប្រទេស​អ្នកមានមួយចំនួន មិនទាន់បានវ៉ាក់សាំងមកដល់ទេ ឬមកដល់ដែរតែវាតិចតួចណាស់​ ប្រសិនបើប្រៀបធៀបចំនួន​ប្រជាជន ទៅនឹងតម្រូវការ។ និយាយពីរដ្ឋាភិបាល អត់និយាយភាគ​តិច​ភាគច្រើនទេ សូមកុំភាន់ច្រលំ។ អ្នកខ្លះថា លោក ហ៊ុន សែន ធ្វើការអត្ដនោម័ត។ ខ្ញុំគ្រាន់តែ​ប្រាប់ទៅលោកឯងវិញថា របប​ការងាររបស់រាជរដ្ឋាភិបាល និងស្ថាប័ន គឺរបបប្រធាន។ អត់មានដូច​ក្នុងសភា ទាល់តែមាន​កូរ៉ុមបានប្រជុំ ទាល់តែសម្លេងភាគច្រើនបានអនុម័តបាននោះទេ។ នៅក្នុងរាជរដ្ឋាភិបាលតែនាយករដ្ឋ​មន្ដ្រីបញ្ជា​ហើយត្រូវតែធ្វើ​ បើខ្លួនមិនធ្វើត្រូវតែដើរចេញ។ សំណាងល្អនៅក្នុងគណៈរដ្ឋមន្ដ្រី បើទោះជារបបប្រធានក៏ដោយក៏មានការពិគ្រោះ​យោបល់ មានកុងសង់ស៊ីសក្នុងនយោបាយរបស់​រាជរដ្ឋាភិបាល។

ខ្ញុំបានប្រាប់ទៅឯកឧត្តម វង្សី វិស្សុត ថាឱ្យតែចិនហាមាត់ថាលក់គឺទិញភ្លាម។ យើងពិនិត្យមើល អ្នកដែលមានលុយ​ច្រើនទិញវ៉ាក់សាំងមិនបាន ព្រោះគេផលិតវ៉ាក់សាំង​តម្រូវការក្នុងប្រទេសគេដែរ។ គេត្រូវផ្គត់ផ្គង់ក្នុង​ប្រទេសគេមុន។ យើងឃើញថា អឺរ៉ុបថាគោរពសិទ្ធិមនុស្ស ប៉ុន្ដែអឺរ៉ុប​ដាក់ចេញនូវវិធានការហាម​ឃាត់ការនាំចេញវ៉ាក់សាំងចេញពីអឺរ៉ុប។ មានការបង្ហើបទ្វារខ្លះ ដើម្បីផ្គត់ផ្គង់ឱ្យ COVAX។ សហរដ្ឋ​អា​មេរិកក៏ដូចគ្នា។ អញ្ចឹងទេ ប្រទេសដែលមានលុយមិនប្រាកដ​ថាទិញវ៉ាក់សាំងបានទេ។ សូមមើល​ប្រទេសក្នុងតំបន់របស់យើង តើគេមានវ៉ាក់សាំងបានគ្រប់ទេ?

អញ្ចឹង … ដូចពេលមានសង្គ្រាមអញ្ចឹង ខ្ញុំមិនដែលឱ្យបទបញ្ជា​ថាបាញ់តែ ៥ គ្រាប់ទេ។​ បាញ់ទៅតាមតម្រូវការនៃការគៀបសង្កត់ឬកំទេចគោលដៅ។ ឯខ្ញុំបញ្ជាទៅ វង្សី វិស្សុត ថាឱ្យតែចិនហាមាត់ថាលក់ មានប៉ុន្មានទិញមក​។ ចិនបានផ្ដល់ជំនួយ​មកឱ្យយើង ៣ លាន ២ សែន ដូស។ អញ្ចឹង ១ លានទៀត ប្រហែលជាយន្ដហោះជិតចុះហើយ។ ចិនបានផ្ដល់ឱ្យយើង ៣ លាន ២ សែនដូស ជាជំនួយឥតសំណង ក្រៅពីនោះ យើង​បញ្ជា​ទិញពីចិនចំនួន ២០,៥ លានដូស។ មកដល់ពេលនេះ វ៉ាក់សាំងដែលយើងមានក្នុងប្រទេស​រ​បស់​យើង និងកំពុងដំណើរការចាក់មាន ១៩ លានដូស បូកទាំងចំនួនមកដល់ព្រឹកហ្នឹង។ ​ក្នុង​ខែ ៨ នេះ ទាំងជំនួយផងទាំងការទិញផង វ៉ាក់សាំងនឹងមកដល់ ៧ ៦៩២ ៦០០ ដូស។

វ៉ាកសាំងចិនមកដល់​ថ្ងៃហ្នឹង​ ១ លានដូស ជាជំនួយ។ Johnson &Johnson នឹងមកដល់ ៩០៩ ៦០០ ដូស នៅថ្ងៃ ២ សីហា។ ជប៉ុនផ្តល់ AstraZeneca (បរិមាណទី ២ កំពុង) រង់ចាំការបញ្ជាក់​។ រដ្ឋាភិបាលអង់គ្លេស(ផ្ដល់ AstraZeneca) ៤១៥ ០០០ ដូស។ Sinovac នឹងមកដល់ ៥ លានដូសបន្ថែមទៀត។ អញ្ចឹងយើងនឹងមានវ៉ាក់សាំង ២៦ ៤៩៩ ១០០ ដូស និយាយលេខគត់ ២៦,៥ លាន ដូស … ឯកឧត្តម វង្សី វិស្សុត មានទំនាក់ទំនង​ល្អជាប់ជាប្រចាំជាមួយអគ្គរដ្ឋទូតចិន ហើយពាំនាំសម្ដីរបស់ខ្ញុំប្រាប់​អគ្គរដ្ឋទូតចិនថា “កុំទុក​ឱ្យខ្ញុំក្លាយជា​​មេបញ្ជាការ​(ដែល)បញ្ជាទ័ពដោយមិនបានផ្ដល់អាវុធគ្រាប់រំសេវឱ្យកងទ័ព”។​

ចេញទទួលវ៉ាក់សាំងជាជំនួយទ្វេភាគី

… កន្លងមានការធ្វើអត្ថាធិប្បាយថា (ពេល)វ៉ាក់សាំងចិនមកដល់ ខ្ញុំចេញ​ទទួល។ វ៉ាក់សាំងជប៉ុនមកដល់ខ្ញុំចេញទទួល។ កាល COVAX មកដល់ ខ្ញុំអត់ចេញ(ទទួល)ទេ កាលពីខែ ៣។ ឯថ្ងៃមុន (វ៉ាក់សាំង)អាមេរិកមកដល់ ក៏ខ្ញុំអត់ចេញទទួលដែរ។ ខ្ញុំសូមបញ្ជាក់ថ្ងៃនេះ  ខ្ញុំទៅទទួលនៅព្រលាន​យន្ដ​ហោះអន្ដរជាតិភ្នំពេញ តែវ៉ាក់សាំងជំនួយទ្វេភាគីទេ។ អញ្ចឹង ប៉ុន្មានថ្ងៃខាងមុខនេះ ថ្ងៃ ៤(សីហា) វ៉ាក់​សាំង​អង់គ្លេសមកដល់ ខ្ញុំនឹងចេញទៅទទួល។ វ៉ាក់សាំងមកតាមក្របខណ្ឌ COVAX ជាអង្គការពហុភាគី ដែលកម្ពុជាក៏ជាសមាជិក COVAX ដែរ ខ្ញុំអត់ចេញទេ។ ខ្ញុំឱ្យរដ្ឋមន្ដ្រី​សុខាភិបាលចេញ(ទទួល)។ កាលមកពីខែ ៣ ខ្ញុំមិនបានចេញទេ ឱ្យ ឯកឧត្តម ម៉ម ប៊ុនហេង ចេញ(ទទួល)។ (វ៉ាក់សាំង)​របស់អាមេរិក(បាន)មកដល់តាម COVAX។ បញ្ជាក់ឱ្យច្បាស់។ អញ្ចឹង ស្រុះស្រួល​គ្នារវាងភាគីកម្ពុជានិងអាមេរិក គឺចេញត្រឹមរដ្ឋមន្ដ្រីសុខាភិបាល។ ឯថ្ងៃ ៤ សីហា ខ្ញុំចេញទៅព្រលាន​យន្ដហោះពោធិ៍ចិនតុងដើម្បីទទួលជំនួយដែលអង់គ្លេសផ្ដល់ជាទ្វេភាគី។ កុំថាខ្ញុំមានការ​រើស​អើង។ ខ្ញុំមិនរើសអើងទេ។ ប្រសិនបើផ្ដល់ជំនួយទ្វេភាគី ខ្ញុំចេញ(ទទួល) តែបើមកតាមពហុ​ភាគី​ រដ្ឋមន្ដ្រីសុខាភិបាលចេញគឺគ្រប់គ្រាន់ហើយ ព្រោះ COVAX មានសមាជិកច្រើនក្នុងហ្នឹង។ កម្ពុជាក៏ជាសមាជិកដែរ។

ទិញរថយន្ដដឹកវ៉ាក់សាំង ៤០ គ្រឿងបន្ថែម ដោយថវិកាសប្បុរសជន

គ្រាន់តែកត្ដាទី ១ កត្ដាដឹកនាំ(ដែល)មានភាពច្បាស់លាស់ ទាំងការគិត និងច្បាស់លាស់​យន្ដការអនុវត្ដ ទាំងផ្នែកលទ្ធកម្ម​ ទាំងផ្នែកការចាក់វ៉ាក់សាំង។ ម្សិលមិញ ខ្ញុំបាន​ប្រាប់ លោកជំទាវ ឱ វណ្ណឌីន ឱ្យទិញឡានចាក់វ៉ាក់សាំង ៤០ គ្រឿង មកទៀត។ ទិញកន្លងទៅ មកដល់ ៤០ គ្រឿងហើយ។  ២០ គ្រឿង នឹងមកបន្ដ។ ឥលូវ ខ្ញុំបញ្ជាឱ្យយកថវិកាសប្បុរសជន ទុកជាកេរ្តិ៍​សប្បុរសជនខ្មែរ។ ទិញ ៤០ គ្រឿងមកទៀត។ ទោះបីអស់កូវីដ-១៩ ឡានដឹកវ៉ាក់សាំងនៅតែត្រូវការ ដោយសារ​កាតព្វកិច្ចកូនក្មេងចាក់វ៉ាក់សាំងបង្ការ ៦ មុខជាប់ជានិច្ច។ ឥឡូវកូនក្មេងជាប់​កាតព្វកិច្ច (វ៉ាក់សាំងបង្ការ ៦ មុខ)។ ​​​បន្ដិចទៀត មនុស្សចាស់ជាប់កាតព្វកិច្ចវ៉ាក់សាំងកូវីដ-១៩។ ហ្នឹង(ជា)កត្ដាទី ១ ដែលធ្វើឱ្យការចាក់លឿន។

អ្នកឯងចង់ប្រកាស(ចាក់វ៉ាក់សាំងចំនួនមនុស្ស)​ប៉ុន្មាន​ចាក់ទៅ ប៉ុន្ដែស៊ីសងអត់វ៉ាក់សាំង។ ប្រទេសខ្លះ​ប្រកាស​នោះប្រកាស តែស៊ីសងទីចុងបំផុត​អត់វ៉ាក់សាំងចាក់។ ខ្ញុំសូមបញ្ជាក់ វ៉ាក់សាំងរបស់​យើង (បើ)មកដល់ ១ លានដូស (មិនបានយក)ទៅចាក់ ១ លាននាក់ទេ។ ហ៊ុន សែន អត់លេងធុនហ្នឹងទេ។ វ៉ាក់សាំង ១ លាន មកដល់ កាត់ទុក ៥% ​សម្រាប់ការខូចខាតដោយចៃដន្យ។ ប៉ុន្ដែ ៥% ពេលវាកើនឡើងច្រើន យើងរុញ ៥% (បម្រុង) ចេញចាក់។ មូលហេតុអីបានជាយើងមិនយក ១ លានដូស ទៅចាក់ឱ្យ​គ្រប់ ១ លានដូសសិន? (នោះគឺ)ដោយសារវ៉ាក់សាំងត្រូវចាក់ ២ ដូស។ អញ្ចឹងបើបានមួយ ១ លានដូសមក ត្រូវយក ៥០ ម៉ឺនដូសទៅចាក់ ឬយក ៤៧ ម៉ឺនដូស ទៅចាក់។ បើទុកត្រៀមបម្រុង ៥% ទុកត្រៀមបម្រុង ៤៧ ម៉ឺនដូសទៀត ទុកចាក់ដូសទី ២។

អត់កាន់លទ្ធិណាទេ … កាន់លទ្ធិជាក់ស្ដែងនិយម

… ខ្ញុំមិនធ្វើអ្វីដោយខ្វះភាពប្រាកដនិយមទេ។ ខ្ញុំអត់កាន់​លទ្ធិណាទេ។ ខ្ញុំកាន់​លទ្ធិជាក់ស្ដែងនិយម។ និយាយប្រាប់ឱ្យច្បាស់។ យើងលើកឧទាហរណ៍ យើងមាន​ ១ លានដូស ហើយយកទៅចាក់អស់ ១ លាន ហើយថាចាំជើងទី ២ មកដល់។​ ហើយបើ​ជើងទី ២ វាមិនមក អញ្ចឹងចាក់លើមនុស្ស ១ លាននាក់ហ្នឹង វាមិនចោលទាំងអស់? កត្ដាចៃដន្យ ប្រធានសក្ដិច្រើនណាស់ដែលអាចកើត។ ជួនកាលផ្ទុះ​រោងចក្រនៅស្រុកគេ ផលិតមិន​បាន។ ជួនកាលយន្ដហោះដឹកមកធ្លាក់។ ឧទាហរណ៍ទេណា សូមអភ័យទោស ឬក៏ដោយ​កត្ដាណាមួយដែលមិនអាចគ្រប់គ្រងបាន។ (បរិមាណ) ១ លានដូស ត្រូវចោលតែម្ដង។ សុខចិត្តចាក់ឱ្យតិច តែ ៥០ ម៉ឺននាក់ទេ គិតលេខមូល អញ្ចឹងសល់ ៥០ ម៉ឺន ដូសទុកចាក់ដូសទី ២។ អញ្ចឹង ប្រជាជនឱ្យតែចាក់ដូសទី ១ ហើយ នឹងសង្ឃឹមថា អ្នកឯងនឹងមានវ៉ាក់សាំងចាក់ដូសទី ២។ ប្រទេសខ្លះ​ … ចាក់ដូសទី ១ ហើយ រកវ៉ាក់សាំងចាក់​ដូសទី ២ មិនបាន។ ខ្ញុំបញ្ជាក់ឡើងវិញ ហ៊ុន សែន អត់កាន់លទ្ធិណាក្រៅពី​លទ្ធិ​ជាក់​ស្ដែង​និយម​ទេ។​ ជាក់ស្ដែងបានធ្វើ មិនជាក់ស្ដែងមិនធ្វើទេ។ អញ្ចឹង អត់ទាន់មានកន្លែងណាមួយនៅកម្ពុជាចាក់​ដូសទី ១ ហើយ ខ្វះវ៉ាក់សាំងចាក់ដូសទី ២ ទេ។

កត្ដាទី ២ គឺយើងមានប្រភពផ្គត់ផ្គង់ច្បាស់លាស់ គឺយើងយកចិនជាបង្អែកផ្គត់ផ្គង់ គឺយកចិនជាបង្អែកយុទ្ធសាស្ត្រ ឯប្រភពផ្សេងទៀតគឺជាប្រភពគាំទ្រ ខ្ញុំបាននិយាយអម្បាញ់មិញហើយ។ បើទោះបីអ្នកណាថាម៉េចក៏ថាចុះ វ៉ាក់សាំងរបស់ចិនត្រូវបានចិនចាក់ដូចជា ១៦០០ លានដូស ឱ្យប្រជាពលរដ្ឋរបស់គេរួចហើយ ស្មើនឹងប្រជាជន ៨០០ លាននាក់ និងត្រូវបានបញ្ជូនចេញក្រៅប្រទេស​ដូចជាប្រមាណជា ២០០ ឬ ៣០០ លានដូស។ ហ្នឹងសម្រាប់ផ្តល់ជំនួយទៅក្រៅប្រទេស។ អញ្ចឹង មនុស្សចាក់វ៉ាក់សាំងចិន គឺមានចំនួនច្រើន។ មិនត្រឹមប៉ុណ្ណឹងទេ នៅឥណ្ឌូនេស៊ី នៅអេហ្ស៊ីប មានធ្វើរោងចក្រផលិតវ៉ាក់សាំងចិននៅទីនោះថែមទៀត។ សម្រាប់យើង ការផ្គត់ផ្គង់របស់ចិនគឺងាយ ដោយសារវ៉ាក់សាំងនោះ(អាច)ស្ថិតនៅក្នុងការថែទាំកម្រិត ២ អង្សារក្រោមសូន្យ​ ចំងាយរយៈពេលនៃការដឹកជញ្ជូន គឺរយៈពេលខ្លី។ ដូច្នេះ បន្តិចទៀត បើយោងទៅលើទម្លាប់ធម្មតា តែម៉ោង ១០ អីហ្នឹងគឺយន្តហោះចុះហើយ។ ១ លានដូសមកដល់ទៀត។

ពិត​ហើយ យើងអរគុណចំពោះរដ្ឋាភិបាលជប៉ុន អរគុណចំពោះរដ្ឋាភិបាលអាមេរិក អរគុណចំពោះរដ្ឋាភិ បាលអង់គ្លេស បើទោះបីមិនទាន់បានមកដល់។ អរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលបានសន្យាទោះ បីមិនទាន់បានមកដល់។ យើងមិនទាត់ចោលជំនួយរបស់ប្រទេសណា ឬប្រភពផ្គត់ផ្គង់ពីប្រទេសណាទេ ក៏ប៉ុន្តែត្រូវមើលឱ្យច្បាស់ ទៅខាងនេះបន្តិចទៅខាងនោះបន្តិច … អត់ផ្លូវទេ។ ត្រូវរកប្រភពឱ្យច្បាស់។ បើមិនច្បាស់ទេ យើងមានលទ្ធភាពណាមកផ្គត់ផ្គង់ …។

កត្តាទី ៣៖ ខ្ញុំគិតថាក៏គួរតែត្រូវនិយាយដែរ។ យើងមានសាច់ប្រាក់សន្សំដែលអាចទូទាត់បានភ្លាមៗ នៅ ពេលដែលយើងចុះកិច្ចសន្យាទិញវ៉ាក់សាំង។ ចុះកិច្ចសន្យាភ្លាម ប្រគល់លុយឱ្យគេភ្លាម។ បើគ្មានសាច់ ប្រាក់ក្នុងដៃទេ អត់ទិញបាន។ នៅមានអ្នកដែលឱ្យយើងកក់លុយ ហើយមិនបានបញ្ជាក់ឱ្យយើងថាវ៉ាក់ សាំងមកដល់ពេលណា។ មានធុនហ្នឹងទៀត។ តែយើងមិនបានកក់ជាមួយទេ។ អ្នកឯងត្រូវចុះហត្ថលេខាជាមួយខ្ញុំ ហើយផ្គត់ផ្គង់នៅពេលណា។ មិនអាចយកលុយខ្ញុំទៅទុកទេ។ យើងចុះហត្ថលេខាជាមួយចិន។ យើងកក់លុយឱ្យគេភ្លាម ចុះហត្ថលេខាហើយបង់ផ្តាច់តែម្តង។ យើងមានសាច់ប្រាក់ មិនមែនយកសែកស្អុយ(ទៅឱ្យ)ទេ ហើយមិន​មែនចុះឥណទានថាខ្ញុំសុំទិញបណ្តាក់បានទេ។ អត់ទេ។ អញ្ចឹង ជាភ័ព្វសំ​ណាងដែលយើងគ្រប់គ្រងសេដ្ឋកិច្ចហិរញ្ញវត្ថុ មិនមែនជាស្រីកញ្ជើធ្លុះ។ សំណួរនេះ នឹងទាក់ទងទៅដល់សំណួររបស់ក្មួយស្រី នៅខាងក្រោមទៀតអំពីធនធានដែលទ្រាំទ្រ។ ពេលនោះនឹងបញ្ជាក់ជម្រាបជូន។ កត្តាទី ៣ យើងមានសាច់ប្រាក់ទូទាត់ភ្លាម នៅពេលចុះកិច្ចសន្យា …។

ទី៤៖ យើងមានធនធានមនុស្សសម្រាប់ដំណើរការចាក់វ៉ាក់សាំង ទាំងគ្រូពេទ្យយោធា ទាំងគ្រូពេទ្យស៊ីវិល ទាំងគ្រូពេទ្យស្ម័គ្រចិត្ត ថ្នាក់ដឹកនាំតាមស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវដឹកនាំអនុវត្ត។ ពីមុននេះ គ្រូពេទ្យត្រូវបានគេបន្តុះបង្អាប់ ប៉ុន្តែពេល កូវីដ-១៩ នេះគ្រូពេទ្យក្លាយទៅជាតំណាងឱ្យ​និមិត្តរូបនៃវីរភាព រហូតគេប្រសិទ្ធិនាមថាកងទ័ពអាវស។ មួយឆ្នាំកន្លះជាងនេះ គ្រូពេទ្យរបស់យើងអត់សូវបានជួបប្រពន្ធជួបកូនទេ។ ទៅមន្ទីរពេទ្យ ផុតពីមន្ទីរពេទ្យ មកធ្វើចត្តាឡីស័ក ដើម្បីសម្រាក។ ធ្វើចត្តាឡីស័ក អត់ហ៊ានទៅជួបកូនប្រពន្ធ។ បើថាស្រីអត់បានទៅជួបប្តីជួបកូន។ រស់នៅបែកគ្នាសិន។ អញ្ចឹងយើងមានគ្រូពេទ្យទាំងពេទ្យរដ្ឋជាស៊ីវិល ទាំងពេទ្យរដ្ឋជាកងទ័ព។ (ពេទ្យ)កងទ័ព ទទួលរែកពុនចាក់វ៉ាក់សាំង ក្នុងចំណោមចំនួនចាក់ ១/៣។ មានគ្រូពេទ្យស្ម័គ្រចិត្ត ហើយគ្រូពេទ្យស្ម័គ្រចិត្តនោះគឺថា មានច្រើនក្រុម មាន TYDA ក្រុមធំជាងគេ មានគ្រូពេទ្យសម្តេច ទៀ បាញ់ គ្រូពេទ្យសម្តេច សាយ ឈុំ គ្រូ ពេទ្យ ហ៊ុន ម៉ានី គ្រូពេទ្យណាទៀតទេ ច្រើនក្រុម។ យើងប្រើប្រាស់ក្រុមគ្រូពេទ្យរបស់យើង ដើម្បីចាក់វ៉ាក់សាំង ហើយថ្នាក់ដឹកនាំក្រោមជាតិ គ្រប់ស្ថាប័នសុទ្ធតែមានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង​ បានទទួលខុសត្រូវទៅលើបញ្ហាការរៀបចំទីតាំង មើលការខុសត្រូវ បានធ្វើឱ្យផែនការរបស់យើង វាទៅរលូន។

កត្តាទី ៥៖ មានការចូលរួមពីប្រជាជនមកទទួលវ៉ាក់សាំង និងការជួយទៅដល់ថវិកាសម្រាប់ការទិញវ៉ាក់ សាំង។​ ចលនាជាតិនៅក្នុងបញ្ហាវ៉ាក់សាំងគឺជាបញ្ហាដ៏ធំ មិនមែនតូចតាចទេ។ ប្រៀបដូចជាការធ្វើប្រជាមតិមួយ។ ត្រូវយល់។ ព្រោះអី? វ៉ាក់សាំងចិនចាក់ទៅងាប់ វ៉ាក់សាំងចិនចាក់ទៅពិការ ប៉ុន្តែឥឡូវនេះក្នុងចំណោមមនុស្ស ១០ លាននាក់ ចាក់បានជាង ៧ លាននាក់។ ស្មើនឹងជាង ៧០% នៃចំនួនអ្នកដែលដល់អាយុបោះឆ្នោត។ អ្នកឯងគិតយ៉ាងម៉េច? ដេកផ្ទះឈ្នះឯងទៀតឬទេ? ខ្ញុំមិនឌឺឱ្យអ្នកណាទេ។ ប៉ុន្តែ អ្នកឯងត្រូវឃើញ ចលនាជាតិមួយចេញមកទទួលវ៉ាក់សាំង។ ចាស់ៗមានព្រះជន្មជាង ១០០ ឆ្នាំ ចេញមកទទួលវ៉ាក់សាំង។ ខ្ញុំឃើញគាត់ចាស់អញ្ចឹង ជូនលោកជំទាវ ឱ វណ្ណឌីន យកថវិកាខ្ញុំ យកសម្ភារ ទៅជូនចាស់ៗ បំប៉នគាត់ទៀត។ មានលោកយាយមួយអាយុ ១១៣ ឆ្នាំនៅពោធិសាត់។ ពិនិត្យមើលនៅលើពិភពលោក អ្នកណាចាស់ជាងគេ? ក្រែងបានចូល Guinness។ ប្រទេសគេដទៃ គេសុទ្ធតែផ្សាយទូរទស្សន៍ ឯយើងត្រូវការបំប៉នគាត់ ឱ្យគាត់រស់បាន ឥឡូវថាគាត់អាយុ ១១៣ ឆ្នាំ ឱ្យគាត់ទៅដល់​ ១៣០ ឆ្នាំមើល។ សូម្បីតែចាស់ៗ គាត់ដឹង គាត់ចេញមកទទួលវ៉ាក់សាំង។ មិនមែនគាត់ដឹងថាមានជំនួយរបស់ខ្ញុំឯណា។ ជាង ១០០ ឆ្នាំ ឥឡូវឡើងជាង ៣២ នាក់ហើយ។ ច្រើនតើ។ ខ្មែរយើងអាយុវែងតើ។ បានសម្ភារលុយកាក់ពីយើងទៅ គាត់បំប៉នកម្លាំងគាត់ថែមទៀត។ គាត់អាយុកាន់តែវែង។ អញ្ចឹង បើសិនជាការធ្វើប្រជាមតិ ប្រៀបជាមួយនឹងអ្នកឃោសនាថាវ៉ាក់សាំងចិនចាក់ទៅស្លាប់ កុំទៅចាក់ បានសេចក្តីថា បើគិតពីការបោះឆ្នោតវិញ អ្នកឯងចាញ់បាត់។ រត់រក ២/៣ បាត់ទៅហើយ។ ប៉ុណ្ណឹងហើយវាមិនញិនទេ។ ឥឡូវវាកំពុងឃោសនា។ សូម្បីតែចៅស្រី ណាណា ក៏វាជេរដែរ ដែលក្មេងស្រីម្នាក់អាយុ ៥ ឆ្នាំ ចង់ទៅចាក់វ៉ាក់សាំងដែរ តែមិនទាន់ដល់អាយុ ក៏ពួកវាជេរដែរ។ ប៉ុន្តែ ចំនួនដែលមកចាក់វ៉ាក់សាំងរហូតដល់កន្លែងខ្លះនៅថ្ងៃដំបូងដោយយើងរៀបចំអត់ទាន់បានល្អ គាត់ទៅប្រមូលគ្នាទៅចាក់លើសចំណុះ …។

អញ្ចឹង មានកត្តា ៥ ជាកត្តាជោគជ័យ ហើយខ្ញុំសុំបញ្ជាក់ ការទិញវ៉ាក់សាំង ការចូលរួមរបស់ប្រជាជន ការទុកចិត្តរបស់ប្រជាជន មិនធម្មតាទេ។ ជាពិសេស សុំអរព្រះគុណចំពោះព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាហ្លួងម៉ែ ដែលព្រះអង្គបានចូលរួមព្រះរាជទ្រព្យថវិកាសម្រាប់ការទិញវ៉ាក់សាំង ក៏ដូចជាអរគុណចំពោះសប្បុរសជនជាអ្នកឧកញ៉ា ជាឧកញ៉ា ជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានចូលរួមទិញវ៉ាក់សាំង។ ខ្ញុំនឹងបង្ហាញតួលេខការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងដំណាក់កាល​នៃផ្នែកខាងក្រោម ដែលក្មួយស្រីបានសួរ។

ឥឡូវទាក់ទងនឹងសំណួរទី ២ អំពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងក្មេងអាយុពី ១២ ដល់ ១៧ ឆ្នាំ។ បញ្ហានេះ(ចង់និយាយអំពី)អត្ថប្រយោជន៍ទាក់ទងនឹងការចាក់វ៉ាក់សាំងសម្រាប់កូនក្មេងនេះ។ ដំបូង ខ្ញុំចង់ បញ្ជាក់បន្តិចអំពីអត្ថប្រយោជន៍វ៉ាក់សាំង។ មានមនុស្សមួយចំនួនលើកឡើងថា​ ចាក់វ៉ាក់សាំងហើយ ម៉េចក៏ឆ្លង ម៉េចវាងាប់។ វាមិនមែនឆ្លង ហើយវាងាប់តែនៅកម្ពុជាទេ។ នៅអាមេរិក ទៅសួរអាមេរិកទៅ។ នៅបារាំង ទៅសួរបារាំងទៅ។ នៅអង់គ្លេស ទៅសួរអង់គ្លេសទៅ។ សូម្បីតែនៅសាំងហ្គាពួរ បង្ហាញតួលេខថ្ងៃមុន មនុស្សជាង ១០០០ នាក់ ៧៥% ដែលបានឆ្លង គឺអ្នកដែលបានចាក់វ៉ាក់សាំង មិនមែនមានតែស្រុកខ្មែរទេ។ មានអ្នកខ្លះចាក់វ៉ាក់សាំងហើយ ក៏មានឈឺធ្ងន់រហូតដល់ស្លាប់។ ប៉ុន្តែ អត្រាស្លាប់វាតិចតួច។ ការចាក់វ៉ាក់សាំង កាត់បន្ថយនៃការឆ្លង ប៉ុន្តែមិនអាចថា ចាក់វ៉ាក់សាំងហើយដើរ(មិនការពារខ្លួននោះទេ)។ នៅ​​អាមេរិក ឬក៏អឺរ៉ុប ដែលមុននេះឱ្យចាក់វ៉ាក់សាំងហើយដោះម៉ាស ឥឡូវមិនត្រឹមថាឱ្យពាក់ម៉ាសទេ ឱ្យពាក់របាំងមុខទៀត។ កុំអាងលើវ៉ាក់សាំងតែមួយមុខ​ អត់បានទេ ៣ ការពារ និង ៣ កុំ របស់យើងត្រូវតែធ្វើបន្ត។ មានវ៉ាក់សាំងឬ គ្មានវ៉ាក់សាំងត្រូវតែធ្វើ។

ពេលដែលទទួលបានវ៉ាក់សាំងហើយ បើទោះបីថាវាឆ្លង វាមិននាំទៅដល់ជំងឺធ្ងន់ធ្ងរ និងនាំទៅដល់ការស្លាប់ បើសិនជាស្លាប់ក៏មានទៅដល់កម្រិតតូច។ ឧទាហរណ៍មុនការចាក់ ក្នុងចំណោមអ្នកដែលស្លាប់ដល់ ៣០% ប៉ុន្តែក្រោយការចាក់វ៉ាក់សាំងវាអាចថយនៅ ៥% ៣% ឬ ២% នៅតិច។ ជំងឺដែលធ្លាប់តែធ្ងន់ធ្ងរ(មានការប្រែជា)អត់។ មានរឿងនេះមួយ។ សុំលោកជំទាវ ឱ វណ្ណឌីន សិក្សា។ យើងទើបនឹងបង្កើតបានក្រុមសិក្សាស្រាវជ្រាវអំពីថ្នាំ។ យើងបង្កើតអនុគណៈកម្មការ ២ អនុគណៈកម្មការដឹកនាំអនុវត្តច្បាប់ និងអនុគណៈកម្មការសិក្សាអំពីការរកឱសថដើម្បីព្យាបាល។ បញ្ហានៅត្រង់អញ្ចេះ អ្នកខ្លះជំងឺរ៉ាំរ៉ៃ ដល់តែ​បានចាក់វ៉ាក់សាំង ស្រាប់តែទៅជាថាធូរ ថាស្រួលខ្លួនយ៉ាងម៉េច។  វាមានចំនួនតិចទេ ប៉ុន្តែសាកល្បងស្រាវ​ជ្រាវអាហ្នឹងមើល។ ខ្លះថាធ្លាប់តែឈឺពិបាកដើរពិបាកអី ស្រាប់តែបានវ៉ាក់សាំងហ្នឹងចូលខ្លួន ទៅជាជាទៅ។ ក្រែងលោវាមានស្អីមួយក្នុងហ្នឹង។ វ៉ាក់សាំងរបស់ចិន គាត់ធ្វើ​តាមបែបបុរាណ។ ក្រែងលោត្រូវថ្នាំបុរាណទៅ។ ទៅជាប្រភេទថ្នាំព្យាបាលជាជំងឺរ៉ាំរ៉ៃអីមួយទៅ។ ហ្នឹងប្រហែលជាទៅលើសពីអ្វីដែលជាបច្ចេកទេសហើយ។ ប៉ុន្តែខ្ញុំបានលឺ ទាំងក្មេងទាំងចាស់ ថាធ្លាប់ឈឺអាហ្នឹងរ៉ាំរ៉ៃយូរមកហើយ បានវ៉ាក់សាំងទៅជាស្រួលខ្លួន។ ជាទូទៅ … រឿងចុងក្រោយ គឺយើងនឹងពឹងពាក់លើវ៉ាក់សាំងនេះ។ ជោគជ័យឬមិនជោគជ័យលើពិភពលោក គឺពឹងពាក់លើវ៉ាក់សាំង និងជាមួយការការពារខ្លួន។

វ៉ាក់សាំងជំទង់/កុមារ ការពារការឆ្លងក្នុងក្រុមគ្រួសារ បង្កើតភាពជឿជាក់ និងសុវត្ថិភាព

… បើនិយាយពីការចាក់វ៉ាក់សាំងឱ្យកុមារ ផលប្រយោជន៍របស់វាទី ១ ការពារការឆ្លងនៅក្នុងក្រុមគ្រួសារ។ បើនៅក្នុងក្រុមគ្រួសារមួយដែលមានមនុស្សពេញវ័យចាប់ពីអាយុ ១៨ ឆ្នាំ បានចាក់វ៉ាក់សាំងពេញលេញ ប៉ុន្តែកុមារនិងយុវវ័យមិនទាន់បានចាក់ នោះគ្រួសារទាំងមូលនឹងមិនទាន់ជឿជាក់ និងសុវត្ថិភាព ១០០% ឡើយ។ ក្នុងន័យនេះ ហានិភ័យក្នុងការឆ្លង និងការចម្លងមេរោគ កូវីដ-១៩ នៅក្នុងគ្រួសារទាំងមូលនៅបន្តមាន និងនៅតែគម្រាមកំហែងដល់សុវត្ថិភាពគ្រួសារដដែល។ ភាពជឿជាក់ និងសុវត្ថិភាព ១០០%  មិន​ទាន់មានទេ។ ក្នុងន័យនេះ កត្តាហានិភ័យក្នុងការឆ្លង និងចម្លងមេរោគ កូវីដ-១៩ នៅក្នុងគ្រួសារទាំងមូលនៅបន្តមាន និងនៅតែគម្រាមកំហែង ដល់សុខសុវត្ថិភាពគ្រួសារដដែល។ ដូចដែលខ្ញុំបាននិយាយនៅពោធិចិនតុងថ្ងៃមុន នៅមួយផ្ទះមាន ៥ នាក់ ចាក់បានតែប្តីនិងប្រពន្ធ​ អញ្ចឹងថាគាត់មានកូន ៥ នាក់ ក្នុងហ្នឹងគ្រប់អាយុ ៣ នាក់ ចាប់ពីអាយុ ១៣ ឆ្នាំឡើងដល់ ១៧ ឆ្នាំ … អត់បានចាក់។ គិតទាំង ២ នាក់អត់ទាន់ដល់អាយុ សរុប ៥ នាក់។ ក្នុងមួយផ្ទះ(៧​ នាក់) ចាក់បានតែ ២ នាក់។ ៥ នាក់ អត់បានចាក់​។ អញ្ចឹងចំនួន ៥ នាក់ច្រើនជាង ២ ភាពស៊ាំនៅក្នុងផ្ទះ កុំថាឡើយក្នុងសហគមន៍ … ដូច្នេះគ្មានសុវត្ថិភាពទេ។ ចំណុចទី ១ យើងចង់ផ្តល់សុវត្ថិភាពសម្រាប់គ្រួសារមួយៗ ឱ្យមានការជឿទុកចិត្ត។ ព្រឹកមិញ ធម្មតា ចៅៗរបស់ខ្ញុំ តែមកគឺវាអោបខ្ញុំហើយ។ ប៉ុន្តែ ព្រឹកមិញ ចៅក៏មិនហ៊ានប៉ះតា តាប៉ះតិចតួច ដូចព្រងើយកន្តើយរៀងៗខ្លួន។ មិនកន្តើយយ៉ាងម៉េច ខានជួបគ្នាយូរហើយ។ វានៅផ្ទះវាទៅ យើងនៅផ្ទះយើងទៅ។ ពិតមែនតែវាធ្វើតេស្ត យើងក៏ធ្វើតេស្ត ប៉ុន្តែយើងក៏ត្រូវប្រយ័ត្ន។ សូម្បីតែកូនប្រពន្ធយើងក៏មិនទុកចិត្តដែរ បើសិនជាទៅឆ្ងាយ។ ចំណុចទី ១ គឺផ្តល់ការការពារក្នុងរង្វង់គ្រួសារហ្នឹងតែម្តង។ គ្រួសារនីមួយៗ ខ្ញុំជូនសារទៅបងប្អូនប្រជាពលរដ្ឋ ទាន់មានវ៉ាក់សាំង គឺនាំកូននាំចៅចាក់ទៅ។

ទី ២ ធានាបាននូវទំពាំងស្នងឫស្សីដែលមានសុខភាពរឹងមាំ។ កុមារ និងយុវវ័យ នឹងក្លាយជាទំពាំងស្នង ឫស្សីនៅពេលអនាគត ដែលជាសសរទ្រូងប្រកបដោយភាពរឹងមាំ ជាពិសេសត្រូវមានសុខភាពបរិបូរណ៍ និងបញ្ញាភ្លឺថ្លា។​ យើងធ្លាប់និយាយទំពាំងស្នងឫស្សី ចុះបើទំពាំងខូចពីឥឡូវហើយ បានទំពាំងណាល្អ ទៀត បើវា កូវីដ-១៩ តាំងពីនៅតូច ឬក៏វាឈឺធ្ងន់ … តើយើងបានទំពាំងស្នងឫស្សីមកពីណា? យើងត្រូវគិតដល់គាត់ …។

ទី ៣ កាត់បន្ថយអត្រាមរណភាពកុមារនិងយុវវ័យ។ យើងត្រូវការពារកុមារជំទង់ ដែលហៅថាយុវវ័យ ឱ្យចៀសផុតពីការឈឺធ្ងន់ធ្ងរ ព្យាបាលឆាប់ជា និងការបាត់បង់អាយុជីវិតតិច​ ឬបញ្ចៀសបាន។

ទី ៤ ចាប់ផ្តើមចូលរៀនឡើងវិញ យើងអាចបើកដំណើរការឡើងវិញនូវសាលារៀន និងគ្រឹះស្ថានអប់រំនានា យ៉ាងហោចណាស់ យើងអាចចាប់ផ្តើមបើកសាលារៀនពីថ្នាក់អនុវិទ្យាល័យ។ សម្រាប់បវេសនកាល ២០២១-២០២២ ខែកញ្ញា ឬខែតុលា ខាងមុខ សំដៅកាត់បន្ថយផលប៉ះពាល់លើការអប់រំរបស់កុមារ និង យុវវ័យ ដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងរបស់សង្គមជាតិយើង។ ការបិទសាលារៀនមួយរយៈ ពេលកន្លងមក គឺបានបង្កផលប៉ះពាល់ដល់គុណភាពនៃការរៀនសូត្រ។ ខ្ញុំបានជម្រាបហើយ ការព្រួយបា រម្ភធំបំផុតរបស់ពិភពលោក ឬបើមិនរបស់ពិភពលោក គឺរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារបស់ខ្ញុំ គឺការ បាត់បង់ធនធានមនុស្ស ដែលយើងត្រូវបណ្តុះ។ រៀនតាមអនឡាញក៏មិនដូចជាការរៀនផ្ទាល់ទេ។ អញ្ចឹង​បើយើងបង្កើតបានភាពស៊ាំនៅក្នុងកុមារ គឺផ្តល់ឱកាសឱ្យយើងបានបើកសាលារៀនឡើងវិញ។ គ្រូក៏បាន ចាក់ សិស្សក៏បានចាក់ ដូច្នេះវាមិនសូវព្រួយ។ បើសិនជាឆ្លង វាកាត់បន្ថយការចម្លង។ បើសិនវាឆ្លង ក៏វាមិនឈឺធ្ងន់ធ្ងរដែរ។ វាដូចផ្តាសាយធម្មតាប៉ុណ្ណឹង។ ឥឡូវ ឃើញភ្នំពេញ​និងខេត្តកណ្តាលចាប់ផ្តើមចុះហើយ ដោយសារយើងចាក់បានអស់ហើយ។ មនុស្សសឹងតែដើរទៅគ្រប់គ្នា ប៉ះសុទ្ធតែអ្នកចាក់វ៉ាក់សាំង ហើយ។ ចំនួនអ្នកឆ្លងនៅទីក្រុងភ្នំពេញថយចុះ ដោយយើងស្រោចវ៉ាក់សាំងឱ្យវាជោគនៅភ្នំពេញនិងខេត្តកណ្តាល។

រង់ចាំការណែនាំអំពីវ៉ាក់សាំង សំរាប់ក្មេងអាយុក្រោម ១២ ឆ្នាំ ដោយអង្គការសុខភាពពិភពលោក

សំណួរទី ៣ របស់ក្មួយទាក់ទងនឹងសំណួរទី ២ ត្រង់ថា តើគួរចាក់ឱ្យក្មេងអាយុក្រោម ១២ ឆ្នាំឬអត់? ឥឡូវនេះ យើងត្រូវរង់ចាំមើលអង្គការសុខភាពពិភពលោក និងរង់ចាំមើលការផលិតវ៉ាក់សាំងរបស់ប្រទេសនានា ដែលចាក់ក្រោមអាយុ ១២ ឆ្នាំ។ ជាទូទៅ ខ្ញុំចង់។ ជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំចង់ឱ្យចាក់ក្មេងអាយុក្រោម ១២ ឆ្នាំទៀត ដើម្បីឱ្យមានភាពស៊ាំ។ ឥឡូវកាតព្វកិច្ចរបស់ក្មេង កើតង៉ាមកវ៉ាក់សាំង។ ដល់ខែ (ទៅចាក់)វ៉ាក់សាំង … នេះក្រែងលោថ្ងៃណាមួយប្រទេសនានា ប្រទេសខ្លះគេចាប់ផ្តើមសាក ដូចជា Pfizer របស់អាមេរិក ចាក់ទៅលើក្មេងហើយ។ អ្វីដែលខ្ញុំចង់បានថែមទៀត នៅពេលចំពោះមុខ (គឺធ្វើវ៉ាក់សាំងដល់ក្មេង)ពីអាយុ ១០ ឆ្នាំដល់ ១១ ឆ្នាំ។ ឥឡូវពី ១២ ឆ្នាំ ទៅ ១៧ ឆ្នាំ។ ខ្ញុំចង់បានពី ១០ ឆ្នាំ ទៅ ១១ ឆ្នាំ។ តាមដំណាក់ៗ ដើម្បីឱ្យមនុស្សបានទៅដល់ ១៣ លាន នាក់ ដែលស្មើនឹង ៨០% នៃចំនួនប្រជាជន។ ចង់បាន ១៣ លាន។ ឥឡូវ យើងរាប់ពីអាយុ ១២ ឆ្នាំទៅលើ បានតែ ១២ លាននាក់ ស្មើនឹង ៧៥% ទេ។ តែបើយើងចាក់បាន ១៣ លាននាក់ ស្មើនឹង ៨០%។ យើងត្រូវរង់ចាំអង្គការសុខភាពពិភពលោកម្ខាង ម្ខាងទៀតប្រទេសដែលផលិតវ៉ាក់សាំង តើគេផលិតបាន សម្រាប់ការចាក់ក្មេងហើយឬនៅ? យើងនឹងដោះស្រាយបញ្ហានេះបន្ថែម ដោយគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ក៏ដូចជារាជរដ្ឋាភិបាលនឹងធ្វើការសម្រេច ជាពិសេសក្នុងផ្នែកសុខាភិបាល ដែលត្រូវផ្តល់អនុសាសន៍អំពីបញ្ហានេះ។

ប្រើ AstraZeneca ជាដូសជម្រុញ ឬទី ៣ សម្រាប់អ្នកបានទទួល Sinopharm ឬ Sinovac

ចំពោះការចាក់ដូសទី ៣ ឬហៅថា boosting dose គឺដូសជម្រុញ។ ម្សិលមិញខ្ញុំបានយកការសម្រេចហើយ (ដោយ)អនុញ្ញាតឱ្យចាក់ ដោយប្រើប្រាស់ AstraZeneca ធ្វើជាដូសជម្រុញ។ អ្នកដែលបានចាក់ Sinopharm ឬ Sinovac ត្រូវយក AstraZeneca ធ្វើជាដូសជម្រុញ ហើយត្រូវបញ្ជូនជាបន្ទាន់ទៅអនុវត្តនៅខ្សែត្រៀមជួរមុខ តាមព្រំដែនកម្ពុជា-ថៃ ដែលមាន(វីរុសប្រភេទ)ដែលតា ចូលមកច្រើន។ វ៉ាក់សាំង AstraZeneca របស់ជប៉ុនបានបញ្ជូនទៅដល់ក្រចេះ និងមណ្ឌលគិរី។ ខាងមុខនេះ ថ្ងៃ ៤ សីហា (AstraZeneca) របស់អង់គ្លេសមកដល់។ ដោយសារតែដឺឡេវានៅតិច បូកជាមួយនឹងចំនួនមនុស្សក៏មិនច្រើន អញ្ចឹងទេប្រើប្រាស់ឱ្យបានស្រូត ព្រោះដូសជម្រុញ ដូសទី ៣ នេះគឺចាក់តែមួយដូសទេ។ របស់ជប៉ុនក៏ត្រូវត្រៀមដើម្បីចាក់ជាដូសទី ៣។ ខ្ញុំបានប្រាប់ទៅឯកឧត្ដម វង្សី វិស្សុត ពីម្សិល ឱ្យត្រៀមរកទិញ AstraZeneca តាមរយៈ COVAX ឬទាក់ទងផ្ទាល់ទៅរោងចក្រទិញ AstraZeneca ដើម្បីយកមកចាក់ជាដូសទី ៣ សម្រាប់ប្រជាជនដែលចាក់ Sinopharm ឬ Sinovac។

សិក្សាវ៉ាក់សាំងណា ដែលអាចប្រើជាដូសទី ៣ សម្រាប់អ្នកបានទទួល AstraZeneca

ប៉ុន្តែ អនុគណៈកម្មការដែលទទួលបន្ទុកសិក្សាត្រូវរកថ្នាំណាសម្រាប់ចាក់ដូសទី ៣ ឱ្យ AstraZeneca ដូចជាខ្ញុំ និងអ្នកដឹកនាំនៅទីនេះ លើកលែងតែ សម្ដេច ទៀ បាញ់ ទេ ត្រូវចាក់ AstraZeneca ព្រោះ(កាលមុនគាត់)ចាក់ Sinopharm។ យក់ សម្បត្តិ និង ឱ វណ្ណឌីន ក៏ចាក់ Sinopharm ដែរ អញ្ចឹងត្រូវយក AstraZeneca ចាក់ជាដូសទី ៣។ ប៉ុន្តែ សម្រាប់ខ្ញុំ(លើកមុនចាក់) AstraZeneca ត្រូវចាក់អី? វាច្បាស់ណាស់គឺថាជា Sinopharm ឬ Sinovac តែប៉ុណ្ណឹងព្រោះយើងវាមានតែប៉ុណ្ណឹងដែរ។ លឺដូចគេហាមឆ្លាស់ដូសទី ១ ម៉ាកនេះ ដូសទី ២ ម៉ាកនោះ តែបើចាប់ពីដូសទី ៣ ទៅ គេអាចឱ្យម៉ាកផ្សេង។ អញ្ចឹងគេបានសិក្សាហើយ។ ក្រុមគ្រូពេទ្យរបស់យើងក៏មានដាក់អ្នកឯកទេសធ្វើការសិក្សា។ ដូសទី ៣ ដូចជា​យក AstraZeneca វាមានបង្កើតអង្គបដិបក្ខវាបានច្រើនជាងវ៉ាក់សាំងដដែល។ អញ្ចឹងសូមសិ​ក្សាឱ្យខ្ញុំផង ហើយមេដឹកនាំដែលបានចាក់ AstraZeneca តើត្រូវចាក់ស្អី? Sinovac ឬ Sinopharm? ខ្ញុំមួយណាក៏បានដែរ។ ប៉ុន្តែ Sinopharm គេថា លើសពី ៦០ ឆ្នាំ មិនសូវមានប្រសិទ្ធភាព បើអញ្ចឹង Sinovac ហើយ។

ដូសទី ៣ ទៅជួរមុខ ៥០ ម៉ឹន ទៅ ១ លាននាក់ជាមុន

រឿងនេះត្រូវបានគិត។ មិនមែនត្រឹមបានគិតទេ ធ្វើតែស្អែកហ្នឹងក៏បានដែរ។ ស្អែកចំថ្ងៃច័ន្ទ លោកជំទាវ ឱ វណ្ណឌីន, យក់ សម្បត្តិ និងមនុស្សមួយចំនួនទៀតដែលចាក់ Sinopharm បុក AstraZeneca បណ្ដោយទៅ ព្រោះយើងមាន AstraZeneca ដែលបញ្ជូនទៅតាមខេត្ត ហើយយើងទុកបម្រុងត្រៀមខូចខាត។ ចាក់ ដើម្បីឱ្យដឹងថា ស្រុកខ្មែរ។ គេឱ្យរយៈពេល ៦ ខែ។ ឥឡូវបាន ៦ ខែឬនៅ ពីពេលចាក់មកដល់ឥឡូវ? នៅទេ។ មិនទាន់ដល់ទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយខ្ញុំសូមសំណូមពរឱ្យដោះស្រាយសម្រាប់ក្រុមជួរមុខជាមុន ដែលមានមនុស្សប្រហែលជា ៥០ ម៉ឺននាក់ ទៅ ១ លាននាក់​។ បើ ៥០ ម៉ឺន ទៅ ១ លាននាក់ វ៉ាក់សាំងមកពីអង់គ្លេស និងនៅសល់មកពីជប៉ុន គឺគ្រប់គ្រាន់។ បន្ទាប់ទៅចាំយើងគិតបន្ថែមទៅដល់ ៩ លាននាក់ ដែលនៅសល់ ព្រោះក្មេងមិនអាចចាក់បានទេ។ ក្មេង AstraZeneca គេហាមចាក់។

(ករណី)ដូសទី ៣ គឺបានសម្រេចពីម្សិល ក្រោយការរាយការណ៍ពីគណៈកម្មការ ឱ្យប្រធានគណៈប្រចាំការគឺឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ប្រជុំពិភាក្សា ហើយបានលើកមកខ្ញុំៗក៏បានចារយល់ព្រម។ ចំណារទៅលោកជំទាវ ឱ វណ្ណឌីន ថាឱ្យប្ដូរផែនការភ្លាម។ កន្លែងដែលយើងគ្រោងដាក់ AstraZeneca ទៅ (ឥឡូវត្រូវ)ដាក់ជំនួសដោយ Sinopharm និង Sinovac ហើយដក AstraZeneca យកមកដើម្បីនឹង(ចាក់ដូសទី ៣)។ វ៉ាក់សាំងហ្នឹងអត់ទាន់មកដល់ផង។ មកដល់នៅរតនគិរីនិងក្រចេះ មិនអាចទៅដកយកមកវិញបានទេ។  យើងត្រូវការប្រើប្រាស់ AstraZeneca ហើយយើងត្រូវការទិញខ្លួន​ឯង។ ទិញតាមរយៈ COVAX មួយផ្នែក និងមួយផ្នែកទៀត យើងអាចទាក់ទងទៅខាងរោងចក្រ ដែលផលិត។ កូរ៉េខាងត្បូងក៏មាន ជប៉ុនដូចជាមានដែរ ឥណ្ឌាក៏មាន ប្រទេសណាដែលស្រួលទិញ គឺទិញពីប្រទេសនោះ។ យើងត្រូវចំណាយថវិកាបន្ថែមទៀត … ព្រោះនៅពេលណាមួយប្រសិទ្ធភាពរបស់(វ៉ាក់សាំង)វានឹងថយ អញ្ចឹងយើងយកអាដូស(ទី៣)មកជម្រុញវាឱ្យកើនឡើងថែមទៀត …។

សំនួរទី ៤ ដែលនាងបានសួរ។ ពិតហើយ សំណួរទាក់ទិននឹងការចំណាយធំ ផ្គត់ផ្គង់សាច់ប្រាក់ ដោះស្រាយបញ្ហានេះ/នោះ យើងពិតជាចំណាយធំណាស់ក្នុងរយៈពេលកន្លងទៅ ហើយយើងមិនត្រឹមតែចំណាយទៅលើកូវីដ-១៩ ទេ គ្រោះទឹកជំនន់ក៏ចំណាយ។ ឃើញទេ? ឆ្នាំកន្លងទៅ ណាមួយ កូវីដ-១៩ វាយ ណាមួយគ្រោះទឹកជំនន់។ យើងចាយពិតជាធំ។ យើងមិនចាយក៏មិនបាន។ ខ្ញុំសូមយកឱកាសនេះបញ្ជាក់បន្តិច ដើម្បីយើងអាចយល់ទាំងអស់គ្នាថា ហេតុអីបានជារដ្ឋាភិបាលកម្ពុជា ដែលគេនិយាយថានឹងរលំប៉ុន្មានខែក្រោយ វានៅតែដដែល។ បើតាមតែគេនិយាយពីខាងក្រៅមក (រដ្ឋាភិបាលនេះបាន)រលំតាំងពីឆ្នាំទៅ(ឯ)នោះ។ ឥឡូវវានៅតែដដែល។ រហូតទៅដល់គេថា ហ៊ុន សែន ងាប់ទៅទៀត … យប់មិញ ខ្ញុំបើក YouTube មើល គេថា (ចាំមើល)ថ្ងៃនេះ តើ ហ៊ុន សែន ចេញ ឬមិនចេញ? នេះ ហ៊ុន សែន កំពុងចេញ ហើយផ្សាយទាំងអស់គ្រប់ប្រព័ន្ធ។ មើលទៅ តើ ហ៊ុន សែន មែន ឬមិនមែន? គេថា ក្រែងលោ ហ៊ុន សែន ក្លែងក្លាយពាក់មុខអញ្ចេះអញ្ចុះ។ ចាំបាច់ទៅលាក់ស្អី? …

… អ្នកខ្លះថា លោក ហ៊ុន សែន ឯងត្រូវតែចេញមុខ ហើយចេញហើយកុំជិះឡានអី ត្រូវជិះឡានចំហឱ្យគេឃើញ។ អីក៏មកបញ្ជានាយករដ្ឋមន្រ្តី? សម័យនេះ សូម្បីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ខ្ញុំស្នើឱ្យធ្វើការពីផ្ទះ ដើម្បីការពារកូវីដ-១៩ ហើយម្យ៉ាងទៀត ខ្ញុំចេញដំណើរពីណាទៅណា មិនមែនជារឿងល្បែងលេងសើចឯណា? អង្គរក្សត្រូវយាមពីយប់ រាវមីន ឡាននៅខាងមុខកាត់ផ្ដាច់ … ព្រោះភេរវកម្មបច្ចុប្បន្នវាប្រើប្រភេទពេលឡានជិតទៅដល់វាចុច ហើយទូរស័ព្ទមួយនៅក្នុងរំសេវផ្ទុះ … នាយករដ្ឋមន្រ្តីមិនមែនលេងទេណា … វាដូចជាឆ្ងល់ មកព្រួយបារម្ភ(អីពីនាយករដ្ឋមន្ត្រី) សូមយកចិត្តទុកដាក់ពីសុខភាពខ្លួនឯងទៅ។

ប្រភព ៥ ទ្រទ្រង់ចំណាយ

ចំណាយវាធំ ប៉ុន្តែ ខ្ញុំគួរតែប្រាប់ថា កន្លងទៅយើងមានប្រភព ៥ យកមកចំណាយ។ ប្រភពទី ១ ចំណូលចរន្តរបស់យើងក្នុងមួយខែ ប្រមាណជាមធ្យម ៤០០ លានដុល្លារ។ បើទោះបីជាចំណូលធ្លាក់ចុះ ក៏ប៉ុន្តែ ចំណូលរបស់យើងក៏នៅតែអាចទ្រទ្រង់នូវការចំណាយ ដោយគិតមកដល់ម្សិលមិញនេះ ចំណូល ៧ ខែរបស់យើង បើមិនទាន់គិតចំណូលសារពើពន្ធ គឺគិតតែចំណូលពន្ធដារនិងគយ បានចំនួន ៣ ០៦១ លានដុល្លារអាមេរិក។ សូមប្រកាសប្រាប់។ ក្នុងនោះ បានមកពីពន្ធដារចំនួន ១ ៧១៦ លានដុល្លារ ស្មើនឹង ៧៦,៥៥% ចំណូលពន្ធគយបាន ១ ៣៤៥ លានដុល្លារ ស្មើនឹង ៥៦,៩%​។ អញ្ចឹងថា ៣ ពាន់លានទៅចុះក្នុងរយៈពេល ៧ ខែ។ សល់ ៥ ខែទៀត យ៉ាងហោចណាស់បាន ២ ពាន់លានទៀត។ អញ្ចឹង​ក្នុងមួយឆ្នាំ ៥ ពាន់លាន វាជាមធ្យម ៤០០ លាន/ខែ។ យើងមិនមែនគ្រាន់តែចាយសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ទេ សូម្បីតែវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក៏យើងនៅបន្តចាយ។ ជាក់ស្ដែង កូវីដ-១៩ ចាប់ផ្ដើម យើងក៏នៅតែធ្វើផ្លូវ។ ចំណាយអស់ប៉ុន្មានរយលានដុល្លារនៅកំពង់សោម នៅក្រុងព្រះសីហនុ។ កំពុងតែ កូវីដ-១៩ ឥឡូវដំណើរការសាងសង់ផ្លូវ ៣៨ ខ្សែ នៅសៀមរាប។ បណ្ដាញអគ្គិសនីស្អីៗ អត់មានថមថយទេ ទាំងវិនិយោគផ្ទាល់ ទាំងថវិកាបដិភាគ … យើងឥឡូវទើបនឹងមានខ្សែក្រវាត់ទី ២ ទេ ពេលអាទី ៣ រួច អ្នកដឹកជញ្ជូនគឺស្រួល មិនបាច់ចូលក្រុងភ្នំពេញទេ។

កម្ពុជាមិនស្នើសុំម្ចាស់កម្ចីផ្អាកការសងទេ ហើយអត់ចុះហត្ថលេខាខ្ចីលុយថែម

យើងអត់ទាន់មានស្នើសុំទៅប្រទេសម្ចាស់កម្ចី ដើម្បីផ្អាកការសងទេ។ នៅតែសងគេដដែល។ ពិតមែនហើយ ឆ្នាំនេះ យើងអត់ទាន់មានចុះហត្ថលេខាខ្ចីលុយអ្នកណាទេ។ មានតែចុះហត្ថលេខាលើហិរញ្ញប្ប​ទានជំនួយឥតសំណង។ ពិតហើយមានហិរញ្ញប្បទានទិញវ៉ាក់សាំងដែរ? (ប្រាក់) ADB ៩៥ លានហ្នឹងគេឱ្យមកទិញវ៉ាក់សាំង។ តែអាហ្នឹងចាំខ្ញុំនិយាយក្រោយ។ អញ្ចឹងរឿងអីរដ្ឋាភិបាល ហ៊ុន សែន ដួល? ខ្លះសុទ្ធតែថា ហ៊ុន សែន អស់លុយចេញពីឃ្លាំងហើយ។ បាទ! អស់លុយចេញពីឃ្លាំង ប៉ុន្តែ(បើមើលពី)ចំណូល បើត្រឹមប្រាក់ខែ យើងថា(ចំណាយ) ២៥០ លាន(ដុល្លារ) ទៅចុះក្នុងមួយខែ (បូកទាំង)ប្រាក់ខែនិវត្តជនស្អីៗ ថាអស់ ២៥០ លាន(ដុល្លារ) អញ្ចឹងសល់ ១៥០ លាន(ដុល្លារ)ទៀត សម្រាប់ចាយលើនេះ/នោះ។ និយាយគ្នាឱ្យត្រង់ ប្រាប់ឱ្យច្បាស់។

ម្សិលមិញ ចំថ្ងៃ ៣១ (កក្កដា) គង់ វិបុល វាយ(សារ) direct មកត្រង់ ដែលខ្ញុំ noteទុក … ផែនការវាស្ថិតនៅក្នុងត្រូវការរកឱ្យបាន ២ ២៤៣ លាន(ដុល្លារ) ឥឡូវខាងពន្ធដាររកបាន ១ ៧១៦ ៩៦០ ០០០(ដុល្លារ) ស្មើនឹង ៧៦,៥៥% អាហ្នឹងផ្នែកពន្ធដារ។ ឯផ្នែកគយ គន់ ញឹម វាយមក គឺគេរកបាន ១ ៣៤៥ ២០១ ៣០០ (ដុល្លារ) ស្មើនឹង ៥៦,៩%។ ម្សិលមិញថ្ងៃ ៣១ ថ្ងៃដែលខ្ញុំបូក។ តែម្សិលមិញការងារវាច្រើនពេក ត្រៀមរៀបចំអានេះផងអីផង អត់ទាន់បានបញ្ជូនទៅឱ្យ group រាជរដ្ឋាភិបាល។ ជាធម្មតាត្រូវបានទទួលចំនួន (តែ)ម្សិលមិញមិនបានវាយព្រោះការងារវាច្រើនពេក។ ធ្វើការនៅផ្ទះ តាមអនឡាញ ចង់រវល់ជាងធ្វើការ(នៅការិយាល័យ)។ ឯកសារយកទៅស៊ីញ៉េ គឺស៊ីញ៉េហើយ ប៉ុន្តែក្រៅពីនោះ ក៏ត្រូវធ្វើការរាយការណ៍ទៅតាមបណ្ដាខេត្ត ២៥ ខេត្ត/ក្រុង ក្រសួងមួយចំនួនក៏រាយការណ៍ ហើយខាងផ្នែកកូវីដ-១៩(ក៏រាយការណ៍)។ មានពេលខ្លះ បើម្សិលម្ងៃ គឺច្រើនបន្តិចហើយ ទូរស័ព្ទទៅឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង មិនបានលើក ក៏បានផ្ញើសារជាសម្លេងទៅ ឯណោះក៏បានផ្ញើជាសម្លេងមក។ ប៉ៃលិន សួរទៅ គ្រប់គ្រាន់ទេគ្រែ? ចត្តាឡីស័កតាមទល់ដែន។ ខេត្តខ្លះឃើញឆ្លងច្រើន ទូរស័ព្ទទៅសួរចៅហ្វាយខេត្ត។

អញ្ចឹងចំណូលប្រចាំខែគិតជាមធ្យមរក្សាបានប្រមាណ ៤០០ លាន(ដុល្លារ)។ ឥឡូវ ៧ ខែ រកបានប្រ​មាណ ៣ ពាន់លាន(ដុល្លារ) សល់ ៥ ខែទៀត យ៉ាងហោចណាស់ ២ ពាន់លាន(ដុល្លារ)ទៀតដែរ។ ប្រាក់ខែមន្រ្តីរាជការ ទោះបីមិនបានតម្លើង ប៉ុន្តែនៅតែបើក ២ សប្ដាហ៍ម្ដង ចូលឆ្នាំនៅតែឧបត្ថម្ភ ភ្ជុំឧបត្ថម្ភ​។ កុំគិតថា រដ្ឋាភិបាលនេះកញ្ជើធ្លុះ មិនមែនកញ្ជើធ្លុះទេ។

ប្រភពទី ២ របស់យើងបានមកពីណា? យើងបានសន្សំសាច់ប្រាក់ជាង ៣ ពាន់លានដុល្លារ មុនពេលកូវីដ-១៩ មកដល់។ យើងទទួលស្គាល់ថាមកដល់ពេលនេះ យើងបានចាយអស់ ១ ភាគ ៣ ទៅហើយ។ បាន​សេចក្ដីថា យើងចាយអស់ជាង ១ ពាន់លាន(ដុល្លារ)។ យកប្រាក់សន្សំ។ ឥឡូវយើងនៅសល់សាច់ប្រាក់ប្រមាណជាង ២ ពាន់លាន(ដុល្លារ)។ ហ្នឹងហៅថាសាច់ប្រាក់ ហើយអត់ទៅរំខាននឹងប្រាក់បម្រុងអន្តរជាតិ ២០ ពាន់លាន(ដុល្លារ) និងមាសប្រមាណសិបតោននោះទេ។ តែយើងទទួលស្គាល់ថា សាច់ប្រាក់សន្សំដែលមានជាង ៣ ពាន់លាន(ដុល្លារ) យើងបានចាយអស់ប្រមាណ ១ ភាគ ៣ ទៅហើយ។

ជាង ១០ ខែ ចាយជាង ៤០០ លានដុល្លារ ចិញ្ចឹមពលរដ្ឋក្រីក្រ និងកម្មករបាត់បង់ការងារ

… គិតមើល ប្រជាពលរដ្ឋជិត ៣ លាននាក់ដែលយើងត្រូវចិញ្ចឹម។ ចាយមកដល់ពេលនេះ ប្រមាណ ១០ ខែជាង ចាយអស់ជាង ៤០០ លាន(ដុល្លារ)។ នៅសល់កម្មករដែលព្យួរការងារ ទាំងនៅក្នុងខាងរោងចក្រឧស្សាហកម្មកាត់ដេរ និងខាងសណ្ឋាគារ ខាងទេសចរណ៍ប៉ុន្មានម៉ឺននាក់ទៀត ដែលយើងត្រូវផ្ដល់លុយជួយចិញ្ចឹម។ គាត់អត់ធ្វើការ គាត់បានលុយពីថៅកែ ៣០(ដុល្លារ) ពីរដ្ឋ ៤០(ដុល្លារ) ហើយគាត់ទៅជួយធ្វើស្រែឱ្យឪពុកម្ដាយ អញ្ចឹងគាត់ក៏មានលទ្ធភាព។ ឯខាងទេសចរណ៍ទទួលបាន ៤០(ដុល្លារ) អញ្ចឹងទៅដេកផ្ទះ ជួយធ្វើស្រែឪពុកម្ដាយ … ពេលយើងទម្លាក់លុយធ្វើពលកម្ម គេហៅសាច់ប្រាក់ពលកម្ម អញ្ចឹងគាត់មានការងារធ្វើនៅជនបទ ជាផ្លូវលំ ជាកូនប្រឡាយទឹក ស្អីដែលគាត់អាចធ្វើទៅបាន គាត់បានទទួលបានប្រាក់ចំណូលនោះទៀត។ ភាពគិតគូរល្អិតល្អន់របស់យើង ហើយមិនមែនគ្រាន់តែប្រកាសឱ្យល្អមើលទេណា ប្រជាជនទទួលលុយ។

មិនទុកឱ្យប្រជាជនដេកស្លាប់តាមផ្លូវ គ្មានក្ដារមឈូស/ប៉ាឆាបូជា ឬដីកប់ ដោយកូវីដ-១៩

យើងយកប្រើប្រាស់។ គ្រាន់តែចិញ្ចឹមអ្នកធ្វើចត្តាឡីស័កផង សប្ដាហ៍កន្លងទៅ ឃើញអស់ជាង ៧ ពាន់លានរៀល។ បានសេចក្ដីថាជិត ២ លានដុល្លារ។ ក្នុងមួយសប្ដាហ៍ គ្រាន់តែអ្នកធ្វើចត្តាឡីស័ក មិនទាន់គិតទៅដល់អ្នកព្យាបាលក្នុងមន្ទីរពេទ្យរាប់ម៉ឺននាក់ ទាំងនៅទល់ដែន ទាំងនៅទីក្រុងភ្នំពេញ ទាំងនៅបណ្ដាខេត្ត។ តែយើងមិនដែលឱ្យប្រជាជនណាម្នាក់ដេកស្លាប់តាមចិញ្ចើមផ្លូវទេ។ អត់ទាន់ទេ។ ប្រទេសដទៃមាន តែប្រទេសកម្ពុជាអត់ទេ។ ខ្ញុំនៅតែចិញ្ចឹមគំនិតថា បើហោចបំផុត ខ្ញុំមានក្ដារមឈូសមួយជូនពលរដ្ឋ។ មិនអនុញ្ញាតឱ្យខ្វះក្ដារមឈូស ហើយយកសពទៅកប់ដោយរុំនឹងកន្ទេល ឬក្រណាត់កៅស៊ូនីឡុងនោះទេ។ ពីម្សិលមិញ ខ្ញុំបានបាញ់(សេចក្តី)រាយការណ៍ពីក្ដារមឈូស ចូលទៅ group គណៈកម្មការប្រឆាំងកូវីដ-១៩។ ការផលិតក្ដារមឈូស(នេះ) បើទោះបីមិនប្រើក្នុងពេលហ្នឹង ថ្ងៃក្រោយអ្នកក្រគាត់ស្លាប់ទៅ យើងយកក្ដារមឈូសហ្នឹងទៅជូនគាត់មួយទៅ។ មិនមែនជាការមើលងាយជីវិតប្រជាពលរដ្ឋទេ។ សូម្បីនៅមីយ៉ាន់ម៉ា Min Aung Hlaing ទើបនឹងឱ្យធ្វើប៉ាឆាចំនួន ១០ ឯខ្ញុំបានបញ្ជាឱ្យធ្វើប៉ាឆាយូរហើយតើ ដើម្បីធានាថា មានប៉ាឆាសម្រាប់បូជាប្រជាពលរដ្ឋ មានដីសម្រាប់កប់សាកសពប្រជាពលរដ្ឋដែលស្លាប់ដោយកូវីដ-១៩។

ប្រភពទី ៣ ដែលយើងចាយកន្លងទៅ មានព្រះមហាក្សត្រ សម្ដេចម៉ែ សប្បុរជនដែលបានស្ម័គ្រចិត្តចូលរួម ទាំងការប្រឆាំងកូវីដ-១៩ ទាំងគ្រោះទឹកជំនន់ ដែលមកដល់ពេលនេះ ខ្ញុំសូមជម្រាបជូនថា សរុបទាំងអស់ជាង ១៤០ លានដុល្លារ ទាំងចូលរួមវិភាគទានទៅលើការប្រយុទ្ធប្រឆាំងកូវីដ-១៩ ទាំងការគ្រោះទឹកជំនន់ ដោយមិនទាន់គិតទៅដល់សប្បុរសជនទាំងឡាយដែលបានយកទៅផ្ទាល់ទេ។ ក្នុងហ្នឹងជាង ១៣០ លានដុល្លារ ជាប្រាក់ដុល្លារ និងជាង ៤៨ ពាន់លានរៀល ដែលបរិច្ចាគពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង ហើយប្រាក់នេះ ៤៨ ពាន់លាន(រៀល) មិនទាន់អស់ទេ ព្រោះកាត់យកពីប្រាក់ខែ ទាល់តែដាច់ខែបានកាត់ចូល។ ពលរដ្ឋខ្មែរមិនធម្មតាទេ។ សូមជម្រាបនៅលើពិភពលោកនេះ មហាក្សត្រ ដែលក្រជាងគេគឺមហាក្សត្រកម្ពុជា ប៉ុន្តែក៏ជាព្រះមហាក្សត្រដែលមានព្រះទ័យ​សប្បុរស យកចិត្តទុកដាក់ជាមួយនឹងកូនចៅប្រជានុរាស្រ្តរបស់ព្រះអង្គ។ សម្ដេចម៉ែ ព្រះអង្គទាំងទ្វេគ្មានទ្រព្យសម្បត្តិអីទេ ក៏ប៉ុន្តែ អ្វីដែលរាជរដ្ឋាភិបាលធ្វើសកម្មភាព ព្រះអង្គចូលរួម ហើយនោះកូនចៅ(ក៏ធ្វើ)តាមក្រោយ។ អ្នកមានស្រុកខ្មែរ ខ្ញុំអត់បានទៅសុំគេទេណា ស្រាប់តែបន្តិចឃើញ Fresh News លោតព្រឹប អ្នកនេះចូលប៉ុណ្ណេះលាន អ្នកនោះប៉ុណ្ណោះលានទៅហើយ។ វាជាការចូលរួមជាចលនាជាតិ។

លែងកំណត់ពេលវេលាឈរបេក្ខភាពនាយករដ្ឋមន្ត្រី … ធ្វើទាល់តែលែងចង់ធ្វើ

បើគ្មានសាមគ្គីភាពជុំវិញរាជរដ្ឋាភិបាលទេ គ្មាននរណាចូលទេ។ កុំមកនិយាយរដ្ឋាភិបាលនេះផ្ដាច់ការ។ បើផ្ដាច់ការ គេមិនមែននៅជាមួយទេ។ គ្មាននរណាផ្ដាច់ការជាង ប៉ុល ពត ទេ តែប៉ុលពតនៅបានតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ តែ ហ៊ុន សែន បានដឹកនាំ និងចូលរួមដឹកនាំរដ្ឋាភិបាលជាង ៤២ ឆ្នាំ។ មើលទៅ បើអ្នកឯងកាន់តែផ្តាច់ការ សម្លាប់គេកាន់តែច្រើន គេក៏វាយអ្នកឯងកាន់តែលឿន។ ខ្ញុំមិនបានទៅសម្លាប់អ្នកណាទេ … ប្រើការគិតទៅថាយ៉ាងម៉េចបានអាមួយហ្នឹងនៅយូរម៉េស? ឥឡូវខ្ញុំលែងកំណត់ពេលវេលាហើយនៃការស្ថិតនៅជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ។ (ខ្ញុំ)ធ្វើទាល់តែ ហ៊ុន សែន លែងចង់ធ្វើ។ ​កុំឱ្យវាពិបាក។ សុខភាពអញ្ចេះ សុខភាពអញ្ចុះ។ ឯងចេញអានសុន្ទរកថា (វា)ថាអានេះគេកាត់តទេ។ ឱ!ព្រះអើយ។ រហូតទៅដល់ ក្មួយ ចិត្រា ដែលជាអ្នកធ្វើ Live show មួយ … (ស្តាប់បាន)ខាងផ្នែកចំណេះគាត់វិភាគ តែមួយផ្នែកទៀតគឺគាត់ពូកែសើច គាត់និយាយរឿងនេះរឿងនោះ …។

ប្រភព ទី ៣ (នេះ) យើងមានសប្បុរសជនជួយ ហើយប្រាក់សប្បុរសជននេះ យើងនៅបន្តចំណាយ។ ទិញឡាន ១០០ គ្រឿង ទុកជាកេរ្តិ៍អាករ ហើយកាលណាប្រជាពលរដ្ឋរបស់យើងបានឃើញឡានដឹកវ៉ាក់សាំងគឺឡានអាមេរិក យកមកដល់ ៤០ គ្រឿង ហើយ ២០ គ្រឿង(ទៀត)នឹងមកដល់។ ៤០ គ្រឿងទើបនឹងបញ្ជាទិញ ព្រោះក្រោយពីការដឹកវ៉ាក់សាំង(កូវីដ-១៩) នៅវ៉ាក់សាំងដទៃចាក់កូនក្មេង … សម្ភារបម្រើសុខភាពត្រូវតែមាន។ ប្រជាពលរដ្ឋរបស់យើងឃើញឡានដឹកវ៉ាក់សាំងទៅថា ហ្នឹងក៏ជាទ្រព្យសម្បត្តិការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង ការចូលរួមរបស់ព្រះមហាក្សត្រ និងហ្លួងម៉ែរបស់យើង ការចូលរួមរបស់អ្នកឧកញ៉ា លោកឧកញ៉ា ឯកឧត្តម លោកជំទាវ ដែលបានចូលរួម។

ប្រភពទី ៤៖ យើងក៏មានការគាំទ្រថវិកាពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផងដែរ ជំនួយសម្រាប់យើងមកពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលយើងបានចាយក្នុងរយៈពេលកន្លងទៅនេះ មានធនាគារអភិវឌ្ឍន៍អាស៊ី មានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ(អាស៊ី) ហើយក៏មានធនាគារពិភពលោកខ្លះដែរ។ ធនាគារអឺរ៉ុប ឱ្យខ្ចីនៅក្នុងការអភិវឌ្ឍផ្នែកទឹក។ ដូច្នេះក៏ជាផ្នែកនៃប្រាក់ ព្រោះយើងមិនមែនគ្រាន់តែប្រយុទ្ធប្រឆាំងកូវីដ-១៩ ទេ យើងត្រូវដោះស្រាយបញ្ហាសេដ្ឋកិច្ចផងដែរ។ អញ្ចឹង ស្ថាប័នដូចជាធនាគារអភិវឌ្ឍន៍អាស៊ីគេឱ្យលុយ ៩៥ លានដុល្លារមកសម្រាប់ការទិញវ៉ាក់សាំង គោលដៅរបស់គេគឺវ៉ាក់សាំង ប៉ុន្តែយើងអត់ទាន់បានប្រើទេយើងមានវ៉ាក់សាំងហើយ។ វាត្រូវការចំណាយដទៃទៀត នៅពេលដែលវ៉ាក់សាំងត្រូវការចាក់បន្ថែម។

ប្រភពទី៥៖ ជំនួយទ្វេភាគីពីប្រទេសជាមិត្តភក្តិមួយចំនួន។  ប្រទេសជាមិត្តភក្តិដែលផ្តល់ជំនួយសម្រាប់យើងមានប្រទេសចិនផ្តល់ជាសម្ភារពេទ្យ ផ្តល់ជាវ៉ាក់សាំង។ ប្រទេសជប៉ុនផ្តល់ជារថយន្តដឹកអ្នកជំងឺផ្តល់ជាថ្នាំពេទ្យ ផ្តល់ជាសម្ភារបរិក្ខារសម្រាប់ការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ រាប់ទាំងវ៉ាក់សាំងបានមកដល់ និងត្រៀមមកដល់។ (សហរដ្ឋ)អាមេរិកដូច(ជាបាន)ប្រកាសផ្តល់ ១១ លានដុល្លារ បូកនឹងវ៉ាក់សាំងជាង ១ លានដូសបានមកដល់យើង។ វ៉ាក់សាំងអង់គ្លេសជិតមកដល់។ ខាងអូស្ត្រាលី ទោះបីវាមិនទាន់មកក៏ប៉ុន្តែបានបេ្តជ្ញាចិត្តជាមួយនឹងការផ្តល់។ ប្រទេសជិតខាងយើងទាំងវៀតណាម ទាំងថៃក៏បានផ្តល់ឱ្យយើង​។ ថៃទើបតែផ្តល់ឱ្យប៉ុន្មានថ្ងៃមុន។ វៀតណាមបានផ្តល់សម្ភារ ហើយក៏ជួយយើងបានច្រើនដែរនៅតាមបណ្តាខេត្តជាប់ព្រំដែន​ក៏ដូចជាកងទ័ព។ យើងខ្លួនឯងក៏បានចែករំលែកទៅប្រទេសនានាខ្លះដែរ តាមលទ្ធភាពដែលអាចធ្វើទៅរួច។ ថ្មីៗយើងបានជួយទៅវៀតណាម មុននេះយើងបានជួយទៅឡាវ ជួយទៅមីយ៉ាន់ម៉ា ជួយទៅនេប៉ាល់ ជួយទៅបង់ក្លាដែស អញ្ចឹងយើងមានប្រភពប៉ុណ្ណឹង។

ច្បាប់ហិរញ្ញវត្ថុ ២០២២ មិនទាន់ដាក់ចេញនូវការដំឡើងបៀវត្សរ៍មន្ត្រីរាជការស៊ីវិល និងកងទ័ព

អ្វីដែលជាប្រភពច្បាស់របស់យើងដែលនៅបន្តគឺ ចំណូលក្នុង ១ ខែ ៤០០ លានដុល្លារ។  ហ្នឹងជាប្រភពមិនអាចទៅពឹងពាក់ទៅលើជំនួយ ដើរសុំជំនួយគេយកមកដោះស្រាយបញ្ហាទេ។ អញ្ចឹងទេរក្សាបាននូវកម្រិតប៉ុណ្ណឹង។ ឥឡូវនេះ ក្នុងការធ្វើច្បាប់ហិរញ្ញវត្ថុ គ្រប់គ្រងថវិកាសម្រាប់ឆ្នាំ ២០២២ (ទី ១) មិនទាន់ហ៊ានដាក់ចេញនូវការដំឡើងបៀវត្សរ៍សម្រាប់មន្ត្រីរាជការស៊ីវិល និងកងទ័ពទេ នេះទី ១។ ទី ២ ត្រៀមបំរុងទុកទៅលើការកាត់បន្ថយការវិនិយោគសាធារណៈ។ កន្លងទៅ យើងកាត់បន្ថយការចំណាយតាមស្ថាប័នទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ដូចជាបេសកកម្មទៅក្រៅប្រទេស ដូចជាការទិញប៊ិច ទិញក្រដាស ទិញស្អីៗប្រើប្រាស់ សាំងស្អីៗនេះ កាត់បន្ថយបានប៉ុន្មានរយលានដែរ។ បាន (៩៨ លានដុល្លារ) យើងបានកាត់បន្ថយ។ មន្ត្រីយើងពីដើមធ្លាប់ចុះមូលដ្ឋាន ឥឡូវផ្អាកចុះសិន ដើម្បីកាត់ទុកលុយហ្នឹងយកមកចាយខាងនេះសិន។ យើងមានគម្រោងធ្វើហេដ្ឋារចនាសម័្ពន្ធ ប៉ុន្តែបើចាំបាច់យើងក៏អាចកាត់បន្ថយ។ ជារួម អ្វីដែលយើងបានចាយកន្លងទៅ យើងអាចធ្វើស្ពានឆ្លងទន្លេមេគង្គបានប្រហែលមិនតិចជាង ១០ ទេ។ ចាយចិញ្ចឹមប្រជាជនប៉ុន្មានរយលានដុល្លារ? ស្ពានខ្លះធ្វើអស់តែ ៥០ លានដុល្លារ ៦០ លានដុល្លារ តែយើងចាយអស់ច្រើនលាន តែយើងត្រូវតែចាយ។ ក្មួយបានលើកឡើងនូវសំណួរនេះ គ្របដណ្តប់ទៅលើបញ្ហាជាច្រើន ហើយសង្ឃឹមថាចម្លើយនេះមិនត្រឹមតែផ្តល់សម្រាប់សារព័ត៌មានទេ តែក៏អាចប្រាប់ទៅជាសារជូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឱ្យបានដឹង។ ឥឡូវខ្ញុំឆ្លើយប៉ុណ្ណឹងចុះ ហើយអនុញ្ញាតឱ្យអ្នកមានសំណួរសួរបន្ថែមទៀត។

(សំណួរ FRESH NEWS)៖ សូមគោរពសម្តេច … ខ្ញុំមាន ៤ សំណួរ … ឃើញថា ប្រឈមនឹងការរីករាលដាលជាថ្មីនៃមេរោគ ដែលតា ដែលធ្វើឱ្យមានភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់ពិភពលោកនាពេលបច្ចុប្បន្ន ខ្ញុំចង់ជម្រាបសួរសម្តេចថា (១) តើកម្ពុជាអាចនឹងមានយុទ្ធសាស្ត្រអ្វីខ្លះ ហើយនឹងអាចទាញយកវិស័យអ្វីខ្លះ ដើម្បីធ្វើជាបង្អែក ធ្វើជាឆ្អឹងខ្នងដើម្បីទ្រទ្រង់ដល់សេដ្ឋកិច្ចសង្គមកម្ពុជា បន្តទៅមុខទៀត? (២) ទាក់ទងនឹងការចាក់វ៉ាក់សាំងជូនទៅដល់ក្មេងៗ និងយុវជន ឃើញថាមានការចូលរួមច្រើន … ដើម្បីធ្វើឱ្យមានភាពសុាំនៅក្នុងសង្គម។ ប៉ុន្តែ អ្វីជាការបារម្ភក្នុងពេលនេះខ្លាចថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនគាត់នៅតែព្រួយបារម្ភ ហើយគាត់មិននាំកូនៗរបស់គាត់មកចាក់វ៉ាក់សាំង។ តើបងប្អូន ដែលគាត់មិនយកកូនមកចាក់វ៉ាក់សាំងអាចប្រឈមនឹងបញ្ហាអីទៅថ្ងៃមុខ ឧទាហរណ៍៖ ថាសាលារៀនបើកគេអាចនឹងមិនឱ្យចូលសាលារៀនដែរទេ ប្រសិនបើជាកូនៗរបស់ពួកគាត់មិនបានទទួលវ៉ាក់សាំងនៅពេលនេះអីជាដើម។ (៣) ពាក់ព័ន្ធជាមួយការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ … ទោះបីរាជរដ្ឋាភិបាលមានការជំរុញលើកទឹកចិត្ត ហើយអំពាវនាវហើយអំពាវនាវទៀតឱ្យគាត់ចូលរូមប្រយុទ្ធប្រឆាំងដូចជា ចូលរួមអនុវត្ត ៣ ការពា ៣ កុំ … ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហ្នឹងខ្វះការចូលរួម ខ្លះនៅតែប្រមូលផ្តុំជួបជុំហូបចុក ឯខ្លះទៀតជួបជុំគ្នាលែងល្បែងស៊ីសងអីផ្សេងៗ … តើអាចថាមានអ្វីជាការជម្រុញបន្ថែមទៅដល់អាជ្ញាធរតាមមូលដ្ឋានដើម្បីបង្កើននូវវិធានការទាំងអស់នេះ ទប់ស្កាត់ … ហានិភ័យនៅក្នុងសង្គមក៏ដូចជាមូលដ្ឋាន នៃការរីករាលដាលជំងឺកូវីដ-១៩ … (៤) មួយសំណួរទៀតដែលជាការផ្ញើពីអគ្គនាយករបស់ fresh news ផ្ទាល់តែម្តង … តើយើងអាចមើលឃើញថា ការរាតត្បាតនៃកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍នេះ អាចនឹងមានការបិទបញ្ចប់ក្នុងពេលខាងមុខដែរឬទេ? ឬក៏នៅពេលនេះ យើងត្រូវតែដាក់ចិត្តដាក់កាយរស់ជាមួយជំងឺកូវីដ-១៩នេះ ឬយ៉ាងណាសម្តេច? (៥) សំណួរចុងក្រោយ … ពាក់ព័ន្ធជាមួយសមាជិកសភាអាមេរិកមកខាងគណបក្សប្រជាធិបតេយ្យរបស់លោក ចូ បៃដិន គឺថាបានបន្តដំណើរការនៃការអនុម័តទៅលើច្បាប់ស្តីអំពីលទ្ធិប្រជាធិបតេយ្យនៃកម្ពុជា … (ខណៈ) លោក ចូ បៃដិន បានលើកឡើងហើយថា “ជម្រើសសេរីភាពត្រូវផ្សារភ្ជាប់ជាមួយនឹងការទទួលខុសត្រូវ” …សម្តេចអាចមានការឆ្លើយតបទៅនឹងសមាជិកសភារបស់អាមេរិកនេះបែបណា …?

សូមអរគុណសម្រាប់ការសួរ។ ដំបូងទាក់ទងជាមួយនឹងបញ្ហាភាពមិនច្បាស់លាស់ លើបញ្ហាសេដ្ឋកិច្ច។ រឿងនេះប្រហែលជាការទស្សន៍ទាយរបស់សេដ្ឋវិទូ ដែលបានព្យាករអំពីសេដ្ឋកិច្ចពិភពលោក ក៏ដូចជាប្រទេសរបស់យើងដែលបានព្យាករអំពីសេដ្ឋកិច្ចនៅកម្ពុជា អាចនឹងមានការខុស។ ការខុសនេះមិនមែនភាពទន់ខ្សោយនៃការព្យាកររបស់អ្នកវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលជាស្ថាប័នហិរញ្ញវត្ថុធំៗនោះទេ ប៉ុន្តែ(មកពី)ការរំខានដោយកូវីដ-១៩ ដែលវាធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមិនសម្រេចបានតាមផែនការ ឬក៏សេដ្ឋកិច្ចរបស់កម្ពុជាខ្លួនឯង ដែលមុននេះដាក់ ៤,១% ឥឡូវយើងនៅព្យាករត្រឹមតែ ២,៥% ប៉ុណ្ណោះ។

វិស័យកសិកម្ម នៅតែជាវិស័យ ដែលកម្ពុជាត្រូវការពឹងផ្អែក

សួរថាវិស័យអ្វីដែលជាការពឹងផ្អែករបស់យើង? កសិកម្មនៅតែជាវិស័យដែលកម្ពុជាត្រូវការពឹងផ្អែក។ ខ្ញុំបាននិយាយគ្រប់ពេលវេលាថា “ធ្វើយ៉ាងណាកុំឱ្យប្រជាជនកម្ពុជាខ្វះអង្ករច្រកឆ្នាំង”។ ដូច្នេះ កសិកម្មគឺជាវិស័យដ៏ល្អ។ ខ្ញុំទើបនឹងមើលរបាយការណ៍របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មកាលពីប៉ុន្មានថ្ងៃមុននេះ ទំហំនៃការនាំចេញទៅលើវិស័យកសិកម្មមានការកើនឡើងលើសការរំពឹងទុក។ ក្នុងនោះ ថ្វីត្បិតតែការនាំចេញអង្ករ មានការធ្លាក់ចុះបន្តិច ប៉ុន្តែការនាំចេញស្រូវទៅកាន់វៀតណាម ទៅកាន់ Arab Emirates គឺមានកំណើនទៅដល់រហូត ២០០% ឯណោះ។ ឥឡូវ មានប្រទេសខ្លះគឺទិញយើងជាស្រូវតែម្ដង​។ ក្នុងពេលដែលយើងមិនទាន់មានឃ្លាំងស្តុក ម៉ាស៊ីនកិនស្រូវសព្វគ្រប់ យើងក៏លក់អាហ្នឹងចេញ។ បើសិនជាកែច្នៃក្នុងស្រុក វាក៏ល្អ។ វានៅសល់កន្ទក់ វានៅសល់ចុងអង្ករ វានៅសល់អង្កាម បង្កើតការងារធ្វើប៉ុន្តែ យើងត្រូវធ្វើតាមសង្វាក់របស់វា ទៅតាមលទ្ធភាពដែលយើងមាន។ ការនាំគ្រាប់ស្វាយចន្ទីកើនឡើងដល់ជិត ៣០០% … រហូតដល់ទៅជាង ៨០ ម៉ឺនតោន។ ការនាំចេញដំឡូងមី ការនាំចេញចេក ការនាំចេញស្វាយ (និងទំនិញ)ច្រើនប្រភេទផ្សេងទៀតដែលទំហំទឹកប្រាក់នៃការនាំចេញវាច្រើនពាន់លានដុល្លារដែរ។

ឯក្រៅពីនោះឧស្សាហកម្មតូច និងមធ្យមនៅតែជាស្នូលនៃការប្រឹងប្រែងរបស់យើង។ យើងត្រូវរកវិធី ដើម្បីជម្រុញ ក្រៅពីនោះក៏អាចនៅតែជាឱកាសដែរ នៅត្រង់ថា បើសិនជាគ្មានឆ្លងចូលទៅក្នុងរោងចក្រទេ ប្រ​ហែលជាទំហំនៃការនាំចេញសម្លៀកបំពាក់ ស្បែកជើងស្អីៗនេះ វានៅតែមានល្បឿនកើនរបស់វា ព្រោះប្រទេសដែលធ្លាប់ផ្គត់ផ្គង់នោះ ផ្គត់ផ្គង់លែងកើត។ វានៅសល់តែកម្ពុជាមួយដែលផ្គត់ផ្គង់កើត។ ប្រទេសមួយចំនួនសង្វាក់ផលិតកម្មត្រូវរអាក់រអួល ត្រូវមកវិនិយោគនៅកម្ពុជា។ ទោះបីកម្ពុជាកើតកូវីដ១៩ ក៏ប៉ុន្តែ CDC នៅតែមានការអនុម័តគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់។ ដូច្នេះ បើទោះបីជាយើងមិនសម្រេចផែនការ ហើយការធ្លាក់ចុះបាត់បង់ការងារធ្វើ ទេសចរក៏មិនទាន់កើន ក៏ប៉ុន្តែយើងរំពឹងទុកថានៅពេលដែលវ៉ាក់សាំងចាក់គ្របដណ្តប់ហើយនោះ អាចធ្វើឱ្យវិស័យទេសចរណ៍អាចបើកឡើងវិញនៅពេលណាមួយ។ នៅថៃ … គេទៅបើកនៅភូកេត ប៉ុន្តែអត់ទាន់បានចាក់វ៉ាក់សាំងរហូតដល់ទៅនាយករដ្ឋមន្រ្តីធ្វើចត្តាឡីស័ក។

យើងនៅនេះ គិតត្រឹមម្សិលមិញនេះយើងចាក់បាន ៧ លាន ៣ សែន និយាយលេខគត់ ស្មើនឹង ៧៣,០៥% ឬស្មើនឹង ៤៥,៦៥% នៃប្រជាជនសរុប និងសម្រាប់អ្នកដែលចាក់ដូសទី ១ ឯសម្រាប់អ្នកចាក់ដូសទី ២ បាន ៤ ៧៨៣ ៦៦១នាក់ ប្រមាណជា ៤៧,៨៣% នៃប្រជាជន គោលដៅ ១០ លាននាក់ ឬ ២៩,៨៩%។ បើទោះបីជាយើងចាក់បានក្នុងចំនួនប៉ុណ្ណេះ អ្វីដែលជាចំណុចល្អគឺយើងចាក់ប្រមូលផ្តុំ អត់ចាក់រាយប៉ាយ។ នេះជាចំណុចខ្លាំងរបស់កម្ពុជា។ ប្រទេសខ្លះឃើញអត្រាប៉ុណ្ណេះភាគរយ ប៉ុណ្ណោះភាគរយ ប៉ុន្តែវានៅរាយប៉ាយ វាអត់មានភាពសុំារបស់វាទេ។ ឯកម្ពុជាយើងចាក់បានក្នុងចំនួនមិនធំពេកទេ ប៉ុន្តែដូចជានៅភ្នំពេញគឺមានចំនួនអត្រាចាក់នោះវាច្រើន ប្រៀបធៀបជាមួយនឹងអ្នកដែលមិនទាន់បានចាក់។ ពិតមែនហើយ ខ្ញុំចង់បានចាក់ដល់ ១៣ លានឯណោះ អញ្ចឹងបានជាខ្ញុំបន់ស្រន់ធ្វើម៉េចឱ្យគេរកវ៉ាក់សាំងចាក់បានក្មេងអាយុ ១១ ឆ្នាំថែមទៀត ដើម្បីឱ្យបាន ១៣ លាននាក់ ស្មើនឹង ៨១% បើកសាលាក៏បាន បើកសេដ្ឋកិច្ច បើកស្អីៗឡើងវិញ។ ព្រោះវាទៅជាជំងឺផ្តាសាយធម្មតាទៅហើយ។

ដំណើរនិងកំណើនសេដ្ឋកិច្ច ច្បាស់ជាមិនស្របជាមួយការវាយតម្លៃខាងដើម

ចំណុចដែលខ្ញុំបញ្ជាក់អម្បាញ់មិញគឺ សេដ្ឋកិច្ចច្បាស់ជាមិនស្របជាមួយការវាយតម្លៃពីដើមទេ។ បើវីរុសកូរ៉ូណា ដែលតា កំពុងតែរាតត្បាតថែមទៀត ប្រហែលជាសេដ្ឋកិច្ចពិភពលោកជួបការលំបាកខ្លាំង។ ក្នុងនោះ បើពិភពលោកជួបការលំបាកខ្លាំង កម្ពុជាក៏ជួបការលំបាកដូចគេដែរ តែចំណុចខ្លាំងមួយរបស់កម្ពុជាគឺមិនឱ្យប្រជាជនដាច់បាយ ព្រោះស្រូវនៅសល់ ៥ ទៅ ៦ តោនក្នុងមួយឆ្នាំ រឿងអីឱ្យប្រជាជនដាច់បាយ។ អញ្ចឹង បញ្ហាស្ថិតនៅក្នុងវិស័យកសិកម្មដែលវាមានមែកធាងជាស្រូវ ជាដំណាំដាំដុះ ជាការចិញ្ចឹមសត្វ ជាការចិញ្ចឹមត្រីជាការផ្គត់ផ្គង់ ហើយនៅមានការនាំចេញនាំចូល។

(សំនួរ)ទី ២ ការចាក់វ៉ាក់សាំង សម្រាប់អ្នកដែលមិនបានទៅចាក់។ តាមការគិតរបស់ខ្ញុំ ទោះបីយើងមិនដាក់ច្បាប់វ៉ាក់សាំងកាតព្វកិច្ច ក៏ប៉ុន្តែលោករង់ចាំមើលវាគង់តែមកដល់ទេ។ អ្នកដែលមិនព្រមទៅចាក់បន្តិចទៀតខ្ញុំនឹងឱ្យធ្វើការពិនិត្យ។ ឧទាហរណ៍៖ ភ្នំពេញចាក់រួចហើយ អ្នកដែលសុំចាក់ ត្រូវធ្វើលិខិតសុំចាក់​។ កាលពីមុន យើងបើកឱ្យមកចាក់។ ខ្ញុំបានណែនាំ លោកជំទាវ ឱ វណ្ណឌីន ហើយ។ យើងបើកឱ្យ​មកចាក់។ ដល់ឥឡូវគេចាក់រួចហើយ យើងមកសុំចាក់ ត្រូវធ្វើលិខិតសុំ។ ខ្ញុំឈ្មោះ​ ក អាយុប៉ុណ្ណេះ ឆ្នាំ មុខរបរនេះ មុខរបរនោះ ដើម្បីសុំចាក់។ រួចយើងយកមកពិនិត្យ តើពេលចាក់វ៉ាក់សាំងលោកឯងទៅណា? បានមិនមកចាក់។ បើពេលហ្នឹងកំពុងជាប់ធ្វើចត្តាឡីស័ក ឬក៏ទៅនេះទៅនោះ មានហេតុមានផល (យើង)​ចាក់ឱ្យ។ អ្នកដែលនៅហ្នឹង(តែ)មិនព្រមមកចាក់ សូមចាំឆ្នាំ​ ២០២៣ និយាយឱ្យច្បាស់។ ពួកក្រុមអ្នកឯងហ្នឹងគឺ ជួនកាលក្រុមដែលថាចាក់ទៅងាប់។ នេះមិនមែនជាទណ្ឌកម្មទេ។ បើលោកឯងបានជាជ្រុលមិនចាក់ហើយកុំចាក់។ អញ្ចឹងទៅដល់នេះក៏មិនធ្វើ ទៅដល់នោះក៏មិនធ្វើ។ ប៉ុន្តែ យើងមិនដាច់ចិត្តទៅដល់ប៉ុណ្ណឹងទេ។ ពលរដ្ឋរបស់យើង បើទោះបីជាគាត់ខុសឆ្គងម្តងម្តាល ក៏យើងអត់ឱន។ យើងចាក់ឱ្យគាត់។ តែនេះគ្រាន់តែថាយើងជាមេដឹកនាំគេ។ ទោះបីជាគាត់ធ្លាប់ថា ធ្លាប់ជេរ វ៉ាក់សាំងហ្នឹងមិនពូកែ វ៉ាក់សាំងងាប់ តែគាត់មកចាក់ ច្បាស់ជាត្រូវចាក់ឱ្យគាត់ហើយ។ ខ្ញុំជឿថា មិនមែនមានតែស្រុកខ្មែរទេ។ បន្តិចទៀតដល់ហើយ។ ឥឡូវ លោក ចូ​ បៃដិន ខ្លួនឯងនេះ តើគាត់រំលោភសិទ្ធិទេ បើគាត់ប្រាប់ថាមន្ត្រីសហព័ន្ធទាំងអស់ត្រូវចាក់។ ម៉េចក៏មិនថា ចូ បៃដិន ផ្តាច់ការផង រំលោភសិទ្ធិមនុស្សផង។ ម៉ាក្រុង ធ្វើច្បាប់នោះ ម៉េចក៏មិនថាប្រធានាធិបតីបារាំងធ្វើច្បាប់ផង។ អ្នកមានសញ្ជាតិ ២ អាមេរិក ឬក៏បារាំង ស្អីៗនោះ ម៉េចក៏មិនទិតៀន ហើយម៉េចក៏មិនសួរថាប្រទេសបារាំងម៉េចក៏ជំងឺកើតច្រើនម៉េស ងាប់ច្រើនម៉េស ម៉េចមកបង្អាប់តែ ហ៊ុន សែន ប្រទេសអស់ហ្នឹងសុទ្ធតែប្រទេសគេថាលេខមួយខាងពេទ្យ។ ប៉ុន្តែឱ្យតែបានរឿងអាសន្សំរឿង​។

ចំពោះ (សំណួរទី ៣)អ្នកមើលស្រាលមិនស្តាប់បង្គាប់មិនគោរពតាមវិធានសុខាភិបាល យើងទើបនឹងបង្កើតនូវអនុគណៈកម្មការដឹកនាំអនុវត្តច្បាប់ ។ ច្បាប់របស់យើងមានដាក់ទោសទណ្ឌ។ អញ្ចឹងទេ បើបំពាន ណាត្រូវផាកតិច ណាផាកច្រើន ណាត្រូវគុក។ បើនៅប្រទេសវៀតណាម ព្រលឹមឡើង ឬល្ងាច គេប្រកាសតែម្តង ថ្ងៃនេះផាកបានប៉ុណ្ណេះលានដុងៗ។ ឥឡូវយើងចាប់ធ្វើអាហ្នឹង។ និយាយមិនស្តាប់ នៅតែបើកខារ៉ាអូខេជុំគ្នា ចាប់បានបញ្ជូនចូលគុកទៅ។ វានៅស្អីទៀតដល់ដំណាក់កាលនេះហើយ។​ គោរពសិទ្ធិអ្នកឯងម្នាក់ ហើយទុកឱ្យគេងាប់អស់មួយភូមិអត់បានទេ។ អញ្ចឹង អ្នកនិយាយពីសិទ្ធិមនុស្សទាំងឡាយ ត្រូវយល់ឱ្យច្បាស់។ កុំស្អីឡើងធ្វើឯងយកបុង(ឡូយ)។ ហ្នឹងមិនទាន់ធ្លាយដល់ផ្ទះវា បានវាស្រែកអញ្ចឹង … នៅក្នុងផ្ទះវាបញ្ចោរលឺជាងអីទៀត … គេហៅថាក្រុមពួកសិទ្ធិមនុស្សនិយម។ គិតសិទ្ធិបុគ្គលម្នាក់ប៉ុន្តែមិនបានគិតសិទ្ធិមនុស្សរាប់ពាន់រាប់ម៉ឺននាក់។ ដូច្នេះការបង្កើតឡើងនូវអនុគណៈកម្មការដឹកនាំអនុវត្តច្បាប់គឺមានគោលដៅ ល្មើសនឹងបម្រាមគោចរត្រូវផាកយ៉ាងម៉េចអីយ៉ាងម៉េចមាននៅក្នុងច្បាប់ហើយ។

ច្បាប់ហ្នឹងបង្កើតឡើងដើម្បីការពារជីវិតមនុស្ស មិនមែនដើម្បីរំលោភសិទ្ធិមនុស្សទេ។ មនុស្សមួយភ្នំពេញគឺថា ២ លាននាក់ ឯងតែ ៤​ ទៅ ១០ នាក់ ប្រណាំងម៉ូតូកាត់យប់។ ដោយសារអប់រំវាមិនរាងហ្នឹងហើយបានត្រូវយកវាចូលគុក។ យល់ទេ? ខ្ញុំមិនសំដៅទៅលើលោកទេ ប៉ុន្តែចង់សំដៅទៅលើពួកសិទ្ធិមនុស្សមួយចំនួន ដែលវានិយាយអត់ដឹងខ្យល់ … ដោយសារអប់រំវាមិនស្តាប់ទើបគេអនុវត្តច្បាប់។ អញ្ចឹង អ្នកព្រ​ហើនៗ ឱ្យវាចូលគុកពេលហ្នឹងទៅ ទាន់រដូវក្តៅផង ឱ្យវាដេកនៅក្នុងកន្លែងរដូវក្តៅហ្នឹង។ ម៉ូតូវា បើវាអត់លុយសងអត់លុយផាក លក់អាម៉ូតូវាហ្នឹងយកលុយ ដើម្បីឱ្យវាដឹងច្បាប់ … ដល់គេអនុវត្តច្បាប់ថាគេរំលោភសិទ្ធិមនុស្ស។

ចម្លើយចំពោះសំណួរទី ៤ អំពីការចប់ ឬមិនចប់(ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍)។ សម្រាប់ខ្ញុំជឿថាមិនចប់ទេជំងឺហ្នឹង។ អញ្ចឹងជម្រើសដែលនៅសល់គឺមានតែវិធីរៀនរស់ជាមួយនឹងកូវីដ-១៩ តាមគន្លងថ្មី។ សិង្ហបុរីចាប់ផ្តើមហ្វឹកហាត់ហើយ។ ខ្ញុំក៏ចាប់ផ្តើមហ្វឹកហាត់ដែរឥឡូវ។ ឥឡូវខ្ញុំមានឯកសារខ្លួនឯង ញាត់ខ្លួនឯង។ អត់មានអ្នកណារៀបចំឱ្យទេ។ កាន់មកហ្នឹងកាន់ខ្លួនឯង។ តែមកដល់នេះ ឱ្យគេកាន់ ប៉ុន្តែអ្នកឯងពាក់ស្រោមដៃ។ ឥឡូវហ្នឹង ខ្ញុំកំពុងតែរៀនរស់ខ្លួនឯងហើយ។ ពីដើមមានអ្នកដាក់អានេះមុន ដាក់អានេះក្រោយ មានអ្នកលើកម្ហូប។ ឥឡូវ ត្រូវលើកម្ហូបខ្លួនឯង ត្រូវលើកចានខ្លួនឯង។ ហ្នឹងរៀនរស់តាមគន្លងថ្មី។ នាយករដ្ឋមន្រ្តីត្រូវមាននេះមាននោះ។​ ពីដើមក្រុមការងារខ្ញុំ មានតិចបំផុត ៣ នាក់នៅក្នុងផ្ទះ … ក្រុមលេខាធិការសម្រាប់ computer​ សម្រាប់ស្អីៗ។ ពេលណាខ្ញុំអត់ទាន់ចេញ ជួនកាលខ្ញុំធ្វើការដល់ម៉ោង ៩ យប់ ទៅ​ ១០ យប់ ពួកហ្នឹងអត់បានទៅផ្ទះ។ ឥឡូវហ្នឹង ៣​ នាក់ហ្នឹង អត់នៅក្នុងផ្ទះខ្ញុំទៀតទេ។​នៅខុទ្ទកាល័យនៅខាងក្រៅ។ មានឯកសារចូលមកគឺមកត្រឹមតែរបងផ្ទះទេ។ អ្នកចេញពីខាងក្នុងទៅយកបាញ់សម្លាប់មេរោគហើយ ទើបយកមកឱ្យខ្ញុំចុះហត្ថលេខា។ ហ្នឹងរបៀបគន្លងថ្មីនៅក្នុងសម័យកូវីដ-១៩ ហើយគន្លងនេះនឹងមិនបញ្ចប់ទេ គឺបន្តហើយ។ អ្នកធ្លាប់ធ្វើម៉ាស្សាអ្នកធ្លាប់ធ្វើស្អីៗ ប្រហែលជាត្រូវផ្លាស់ប្តូរមុខរបរហើយ ព្រោះគ្មានអ្នកណាគេទៅធ្វើទៀតទេ។ អញ្ចឹងសម្រាប់ខ្ញុំ បញ្ជាក់ឡើងវិញ ខ្ញុំអត់ជឿថាជំងឺកូវីដ-១៩ វាចប់ទេ។ វានឹងនៅដូចជាគេហៅថាផ្តាសាយអេស្ប៉ាញ ដែលឥឡូវនៅបន្តមានជំងឺផ្តាសាយធំដល់រាល់ថ្ងៃនេះ។ ជំងឺផ្តាសាយអេស្ប៉ាញ យោងតាមប្រវត្តិដូចជាស្លាប់អស់ ៥២ លាននាក់កាលពីជំនាន់នោះ។ ឥឡូវយើងស្លាប់មិនទាន់ដល់ ៥ លាននាក់ផង។ អញ្ចឹងវាអត់ចប់ទេជំងឺនេះ។ រៀនរស់ទៅតាមគន្លងថ្មី លាងដៃ ពាក់ម៉ាស អាហ្នឹងគឺជារបៀបដែលវាត្រូវការ។

ចំពោះសំណួរទី ៥ ជាសំណួរចុងក្រោយ សូមលោកអញ្ជើញទៅសួរពួកអាមេរិកទៅ។ ខ្ញុំអត់មានពេលឆ្លើយ​។ សូមទៅសួរតំណាងរាស្រ្តអាមេរិក ព្រោះអាហ្នឹងអាមេរិកអ្នកធ្វើ អាមេរិកឆ្លើយខ្លួនឯងទៅសួរទៅ។ ប៉ុន្តែកុំចាត់ទុកថាជារដ្ឋាភិបាលអាមេរិក។ ជាតំណាងរាស្រ្តប៉ុន្មាននាក់(ប៉ុណ្ណោះ)។ សុំទៅសួរទៅ។ ខ្ញុំមិនមានសិទ្ធិឆ្លើយជំនួសពួកអាមេរិកទេ។ គេចង់អីស្រេចហ្នឹងគេ ប៉ុន្តែសម្រាប់កម្ពុជាគឺកម្ពុជា រឿងអីដែលជារបស់កម្ពុជាខ្ញុំឆ្លើយបាន តែរឿងរបស់គេខ្ញុំឆ្លើយអត់បាន ទៅសួរគេចុះ។ ឥឡូវសុំអ្នកណាសួរទៀត?

សំណួរ (PNN)៖ … ខ្ញុំមានសំណួរខ្លីៗទេ … ទី ១ កន្លងទៅសម្តេចបានសម្រេចដ៏ខ្ពង់ខ្ពស់បំផុត … ឱ្យប្រជាពលរដ្ឋទូទៅ ជាពិសេសក្រុមហ៊ុនឯកជនអាចធ្វើតេស្តេរហ័សបានជាយុទ្ធសាស្រ្តមួយល្អណាស់ដើម្បីឱ្យពលរដ្ឋរួមចំណែកជាមួយនឹងក្រសួងសុខាភិបាលកាត់បន្ថយជំងឺកូវីដ-១៩ … សុំគោលការណ៍អនុញ្ញាតពីសម្តេចតេជោ ឱ្យមានការបើកលក់នៅទីតាំងសាធារណៈផ្សេងៗហ្នឹង តម្លៃសមរម្យដូចក្រុមហ៊ុនឯកជននានាទៅស្នើទិញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅក្នុងបរិមាណតិចតួចមួយដើម្បីគាត់ធ្វើតេស្តនៅក្នុងក្រុមគ្រួសារបាន … (២) មួយទៀត … ប្រជាពលរដ្ឋកម្ពុជាលើកថ្លែងការអរគុណ … ចំពោះការលះ​បង់ដ៏ធំធេងចំពោះក្រុមគ្រូពេទ្យអាវស … វិស័យឯកជនឯណោះវិញ … (អ្នកជំងឺ)ទៅពេទ្យ ទាមទារឱ្យមានការធ្វើតេស្តរកកូវីដ-១៩ ពេលខ្លះត្រូវសង្រ្គោះបន្ទាន់ប៉ុន្តែដំណើរការនៃការធ្វើតេស្តមានភាពយឺតយ៉ាវ ហើយពួកគាត់បានបញ្ជាក់ថាតម្លៃការធ្វើតេស្តដោយប្រើប្រាស់ឧបករណ៍រហ័សនៅមន្ទីរពេទ្យឯកជនមួយចំនួនថ្លៃម្តងដល់ទៅ ៥០ ដុល្លារ … ចង់ឱ្យសម្តេចអន្តរាគមន៍លើបញ្ហានេះ … (៣) … រឿងវ៉ាក់សាំង … Johnson & Johnson … តើសម្តេចនឹងសម្រេចជាគោលការណ៍ដ៏ខ្ពង់ខ្ពង់ឱ្យចាក់ទៅលើក្រុមមនុស្សប្រភេទណា ហើយចាក់នៅពេលណាដែរសម្តេច …?

ឆ្លើយសំណួរ (ទី ១) សម្រាប់ការធ្វើតេស្តដូចដែលខ្ញុំបញ្ជាក់ពីខាងដើមគឺវាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីយើងគ្រប់គ្រងបានទាន់ពេលវេលា ហើយកន្លងទៅនេះយើងក៏បានអនុញ្ញាតឱ្យវិស័យឯកជននាំចូលធ្វើតេស្ត។ យើងក៏ទាក់ទងជាមួយនឹងបញ្ហាប្រជាជនក្រីក្រដែលពុំមានលទ្ធភាពធ្វើតេស្ត ដូច្នេះបញ្ហានេះចៀសមិនរួចពីការដែលរដ្ឋនៅតែបន្តទទួលខុសត្រូវទៅលើបញ្ហាការធ្វើតេស្ត ដែលខ្ញុំស្នើឱ្យក្រសួងសុខាភិបាលអាចចែករំលែកនូវឧបករណ៍ធ្វើតេស្តទៅកាន់បណ្តាមន្ទីរពេទ្យដែលនៅទីកន្លែងឆ្ងាយៗដែលមានការចាំបាច់ធ្វើការធ្វើតេស្ត។ សម្រាប់អ្នកដែលមានជីវិភាពមធ្យម គេក៏អាចមានលទ្ធភាពទិញយកទៅធ្វើតេស្តបានដែរ។ យើងត្រូវបែងចែកប្រភេទអ្នកមានការយល់ដឹង អ្នកដែលមានលទ្ធភាព និងអ្នកដែលខ្វះលទ្ធភាព។ អ្នកដែលខ្វះលទ្ធភាព ច្បាស់ណាស់ថារដ្ឋនៅតែទទួលខុសត្រូវ។ បញ្ហានេះត្រូវបានបន្តរៀបចំសម្រាប់ការតាមដានត្រួតពិនិត្យការបែងចែកឧបករណ៍ធ្វើតេស្តរបស់រដ្ឋ ការលក់ឧបករណ៍ធ្វើតេស្តរបស់វិស័យឯកជន នៅតែជាកម្មវត្ថុនៃការតាមដានត្រួតពិនិត្យអំពីប្រសិទ្ធិភាពរបស់វាទាំងផ្នែករដ្ឋទាំងផ្នែកឯកជន ដើម្បីយើងធ្វើការកែសម្រួល។ នេះជាបញ្ហាថ្មីថ្មោងសម្រាប់ក្នុងសង្គមជាតិយើងដែរ។ នៅលើពិភពលោកយើងនេះ មានប្រទេសមិនច្រើនទេ ដែលធ្វើតេស្តក៏អត់អស់លុយ ព្យាបាលក៏អត់អស់លុយរាប់ទាំងព្យាបាលជនបរទេសក៏អត់អស់លុយ​។ ជនបរទេសចាក់វ៉ាក់សាំងនៅកម្ពុជាក៏អត់អស់លុយមួយសេន។ ខ្មែរក្រតែខ្មែរមានទឹកចិត្ត។ នៅប្រទេសក្នុងតំបន់របស់យើង ធ្វើតេស្តត្រូវបង់លុយ។

ឥឡូវនេះ ធ្វើតេស្តបង់លុយមាននៅក្នុងផ្នែកឯកជន ដែលអម្បាញ់មិញថាថ្លៃពេក។ ខ្ញុំស្នើឱ្យក្រសួងសុខាភិបាលគប្បីតាមដានពិនិត្យបញ្ហាការធ្វើតេស្តដោយយកប្រាក់ច្រើនហួស។ បើទោះបីជាគាត់មាន ប៉ុន្តែឧទាហរណ៍តម្លៃធ្វើតេស្ត បើយើងទិញពីកូរ៉េមកដល់ ៣ លាន ខ្ញុំឱ្យទិញចុងក្រោយ ព្រោះទម្លាប់របស់ខ្ញុំមិនខុសពីការបញ្ជាទ័ពទេ​ ទ័ពមានឃ្លាំងពីរ ឃ្លាំងមួយសម្រាប់រដ្ឋមន្រ្តីក្រសួងការពារជាតិបញ្ជា ឯឃ្លាំងមួយទៀតសម្រាប់ខ្ញុំបញ្ជា។ ថ្នាំពេទ្យក៏ដូចគ្នាដែរ។ ៣ លានតេស្តបានមកដល់ហើយ។ ខ្ញុំមិនឱ្យខ្វះឧបករណ៍សម្រាប់ធ្វើតេស្តទេ​ គ្រាន់តែខ្ញុំឱ្យបញ្ជាទិញផ្ទាល់ដូចជា ៥ លានតេស្ត។ ខ្ញុំបញ្ជាផ្ទាល់ឱ្យនាំពីកូរ៉េខាងត្បូង​។ ក្រោយពីការបែងចែកឱ្យខេត្តនេះខេត្តនោះ នៅសល់ជាង ១ លានតេស្ត។ ខ្ញុំថាអត់បានទេ ទិញ ៣​ លានតេស្តភ្លាម។ ក្រៅពីនោះ នៅមានស្តុកបម្រុងយុទ្ធសាស្រ្តឱ្យខ្ញុំ ក្រែងលោវាខ្វះខាតនៅកន្លែងណា ដកយករបស់ខ្ញុំ បញ្ចូលទៅភ្លាម។ ហ្នឹងវាថ្លៃបន្តិចម៉ាក Rock ស្អីគេនោះ ប៉ុន្តែវាមានដឺឡេរបស់វារហូតដល់ពីរឆ្នាំឯណោះ។ ខ្ញុំមិនឱ្យកងទ័ពចូលប្រយុទ្ធដោយខ្វះអាវុធ និងគ្រាប់ទេ។ គ្រូពេទ្យក៏ដូចគ្នា ខ្ញុំមិនឱ្យគេចូលប្រយុទ្ធ ដូចជំនាន់ដើមយើងហៅថាគ្រូពេទ្យកោសខ្យល់។ មិនមែនសំដៅលើការបង្អាប់គ្រូពេទ្យទេ។ តែជំនាន់នោះយើងក្រ យើងអត់មានថ្នាំពេទ្យទេអញ្ចឹងគ្រូពេទ្យដើម្បីជួយដល់អ្នកជំងឺមានតែសុំអ៊ំកោសខ្យល់បន្តិចទៅ។ អាហ្នឹងគេហៅថាគ្រូពេទ្យកោសខ្យល់ បានសេចក្តីថាទឹកចិត្តគ្រូពេទ្យចង់ជួយដល់អ្នកជំងឺ។ សុំក្រសួងសុខាភិបាលតាមពិនិត្យមើលហើយធ្វើការជាមួយនឹងវិស័យផ្នែកឯកជនដែលធ្វើតេស្តយកថ្លៃខ្ពស់នេះ ដោយឡែកសម្រាប់ការធ្វើតេស្តដោយគ្រូពេទ្យរបស់រដ្ឋដាច់ខាតអត់យកប្រាក់។ សុំបញ្ជូនសារនេះឱ្យដល់ប្រជាពលរដ្ឋ ថ្ងៃមុនខ្ញុំឱ្យចុះស្រាវជ្រាវបន្ទាន់ពេលដែលទទួលព័ត៌មានស្តីអំពីការធ្វើតេស្តនៅអង្គស្នួលដោយយកលុយបាញ់មួយឱ្យចៅហ្វាយខេត្ត បាញ់មួយឱ្យលោកជំទាវ យក់ សម្បត្តិ មើលអាហ្នឹងឱ្យខ្ញុំរឿងវាស្អី។ អញ្ចឹងបែកចែកជា ២ មួយផ្នែករដ្ឋ មួយសេនក៏មិនឱ្យប៉ះសម្រាប់ប្រជាពលរដ្ឋមិនថាអ្នកមានមិនថាអ្នកក្រ តែចូលដល់តេស្តជាមួយរដ្ឋហើយគឺថាអត់ទេ អត់មានយកប្រាក់

បើទោះថាយើងយកប្រាក់ពីអ្នកធ្វើតេស្តហ្នឹង ក៏មិនអាចឱ្យកម្ពុជាក្លាយទៅជាអ្នកមានបានដែរ។ អញ្ចឹងយើងចាយដល់ទៅពាន់លានដុល្លារទៅហើយ ឬក៏រាប់រយលានដុល្លារទៅហើយ យើងបន្តចាយទៀតក៏វាមិនដួលរលំសេដ្ឋកិច្ចកម្ពុជាដោយសារការធ្វើតេស្តហ្នឹងទេ។ ឯវិស័យឯកជនគេត្រូវយកប្រាក់ហើយ។ ទិញរបស់គេ ក៏យកមកធ្វើខ្លួនឯងក៏យកប្រាក់ដែរ។ អញ្ចឹងសូមជូនដំណឹងសម្រាប់ប្រជាពលរដ្ឋដើម្បីធ្វើការតវ៉ាចំពោះក្រុមគ្រូពេទ្យរដ្ឋ ឬពេទ្យស្ម័គ្រចិត្តដែលយកឧបករណ៍រដ្ឋទៅធ្វើតេស្តហើយបែរជាយកលុយគឺខុសមិនមែនជាបទបញ្ជាទេ។ ខ្ញុំដាក់ពីដើមទីមក សូម្បីតែជនបរទេសព្យាបាលកើតកូវីដ-១៩ ព្យាបាលនៅស្រុកខ្មែរអត់អស់មួយសេនទេ។

បញ្ជូន វ៉ាក់សាំង Johnson & Johnson ទៅតំបន់ជនជាតិភាគតិច

ខ្ញុំបានឱ្យយោបល់ទៅលោកជំទាវ ឱ វណ្ណឌីន បញ្ជូន Johnson & Johnson ទៅចាក់នៅតំបន់ជនជាតិភាគតិច។ ដោយសារអ្វី? ដោយសារតែ Johnson & Johnson មកយឺត។ យើងត្រូវប្រើ AstraZeneca នៅក្រចេះ និងនៅមណ្ឌលគិរី ប៉ុន្តែ ក៏ជាប្រភេទដែលគេថា គេចាត់ទុកថាគេថាល្អ។ (ការពិត)គ្មានមួយណាល្អជាងមួយណាទេ ប៉ុន្តែគ្រាន់តែគេចាត់ទុកថាល្អ។ ឯនៅសល់ Johnson & Johnson ខ្ញុំចង់បានឱ្យបងប្អូននៅតំបន់ជនជាតិភាគតិច នៅស្ទឹងត្រែង នៅរតនគិរី នៅព្រះវិហារ តំបន់ជនជាតិភាគតិចដទៃទៀត បានទទួល Johnson & Johnson នេះ។ វាងាយស្រួលអញ្ចេះ Johnson & Johnson ចាក់តែមួយដូសទេ។ អញ្ចឹង កុំឱ្យពេទ្យយើងទៅយូរ សម្រួលឱ្យពេទ្យយើងបានម្ខាង សម្រួលឱ្យប្រជាពលរដ្ឋជនជាតិភាគតិចនោះបានម្ខាង។ ប៉ុន្តែប្រហែលជាបើយោងទៅលើអ្វីដែលជាតំបន់ ខេត្តរតនគិរីមួយ ស្ទឹងត្រែងមួយ ព្រះវិហារមួយ និងតំបន់មួយចំនួនទៀតដូចជាឧត្តរមានជ័យ ដូចជានៅពោធិ៍សាត់តំបន់មួយចំនួន កំពង់ស្ពឺនៅតំបន់មួយចំនួនច្រើនជាតំបន់ជនជាតិភាគតិច ប៉ុន្តែមិនអាចរកមនុស្ស ១ លាននាក់ទទួល Johnson & Johnson អស់ទេ។ ឧបមាថាសល់ តាមលោកជំទាវ ឱ វណ្ណឌីន ថានៅសល់ យើងត្រូវមើលដឺឡេរបស់វា។ បើដឺឡេរបស់វានៅសល់វែង អាចនឹងមានមនុស្សមួយចំនួនដែលមិនទាន់បានចាក់ យើងចាក់ឱ្យ រាប់ទាំងពលរដ្ឋយើងដែលនៅថៃត្រូវវិលត្រឡប់ចូលស្រុក។ អ្នកហ្នឹងមិនបានចាក់ទេ។ ថៃរកវ៉ាក់សាំងឱ្យចាក់មិនបានទេ។ អ្នកទាំងហ្នឹងក៏អាចទទួល Johnson & Johnson។ ខ្លះកំពុងនៅក្នុងពេទ្យ។ អញ្ចឹងត្រូវចេញត្រឡប់មកវិញរកវ៉ាក់សាំង។ អញ្ចឹងប្រហែលជាអាចបាន Johnson & Johnson។

… អ្នកបានទទួលមុននៅភ្នំពេញ នៅកណ្តាល នៅខេត្តមួយចំនួនដែលបានទទួលមុន Sinovac Sinopharm អ្នកនៅក្រោយបានទទួល AstraZeneca, Johnson & Johnson។ ប៉ុន្តែ ខ្ញុំទុកចិត្តបានតែរបស់មកដល់ទេ។ អញ្ចឹងបានក្នុងចំណារខ្ញុំថា បើរបស់នោះមកមិនដល់ទេ រុញរបស់នេះចូល។ អត់មានឱ្យស្ទះទេ។ ខ្ញុំដឹកនាំគ្រប់គ្រងការងារតាំងពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ ដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុន និងតាំងខ្លួនធ្វើជាមេដឹកនាំចលនារំដោះជាតិ ខ្ញុំមិនដែលស្រមើស្រមៃថារបស់នេះអញ្ចេះ របស់នោះទៅអញ្ចុះ។ របស់បានមកដល់ក្នុងដៃ បានខ្ញុំចាត់ទុកថាជារបស់បាន។ ត្រីនៅក្នុងទឹក កុំនិយាយពីរឿងអាំង ស្ងោរ ចៀន។ ខ្ញុំប្រាប់ IMF, World Bank, ADB កុំមកពិភាក្សាជាមួយនឹងខ្ញុំរឿងត្រីណាត្រូវអាំង ត្រីណាត្រូវស្ងោរ ត្រីណាត្រូវចៀន មុនពេលចាប់ត្រីបានតាំងពី ១៩៩៨/៩៩។ ពិភាក្សាពីរឿងចាយលុយប្រេង។ តើជាបណ្តាសា ឬពរជ័យ។ រហូតដល់មានសិក្ខាសាលា។ ដល់ខ្ញុំស្តីឱ្យទាំងបរទេស ស្តីឱ្យទាំងខ្មែរ បង គាត​ ឈន់ កាលហ្នឹង។ បន្តិចៗបណ្តាសា ឬពរជ័យ អត់ទាន់បាន(ប្រេង)មកដល់(ផង)។ ពិតមែនហើយបង គាត ឈន់ បែបគាត់នៅមើលដែរ ប៉ុន្តែគាត់មុខតែដឹងហើយ ព្រោះខ្ញុំថាវានៅក្នុងដីអត់ទាន់ឃើញ។

២៩ ធ្នូ ថ្ងៃយើងប្រកាសដំណក់ប្រេងលើកដំបូងប្រហែលជាបរាជ័យ

សុំនិយាយបន្តិចអារឿងហ្នឹងទៅចុះ។ ២៩​ ធ្នូ ថ្ងៃយើងប្រកាសដំណក់ប្រេងលើកដំបូង ប្រហែលជាបរាជ័យហើយគ្រោងថាក្នុងមួយថ្ងៃបាន ៥៧០០ បារែល ទីចុងបំផុត ១ ថ្ងៃ បានតែ ១០០០ បារែល។ ឥឡូវហ្នឹងក្រុម​ហ៊ុនហ្នឹងក្ស័យធន វាបូកដោយថែមទាំងកប៉ាល់ដែលយើងបូមដាក់នេះ វារត់ចេញទៅបាត់ទៅ។ យើងខ្ទប់វាមិនទាន់ វាចូលដល់ដីថៃ រួចហើយគេមានមេធាវីរបស់គេ។ អានោះជួលកប៉ាល់មកទុក។ ឥឡូវហ្នឹងវាយកទាំងប្រេងហ្នឹងទៅបាត់អស់។ ប៉ុន្តែ ដោយប្លុកប្រេងវានៅច្រើន យើងបន្តការខិតខំដើម្បីរុករកនិងធ្វើអាជីវកម្ម។ សំណាងយើងបានមាស។ ត្រឹមតែក្នុងកំឡុងមួយខែ មាសដែលយើងចម្រាញ់បានរហូតដល់ទៅ ១៣៧ គីឡូ។ ហ្នឹងមិនទាន់ជាមាសគេហៅថា ៩៩ ភាគរយទេ។ ហ្នឹងគេហៅថាមាស ៩០​ ភាគរយ មួយដុំ ២០ គីឡូ មួយដុំ ១៥ គីឡូ មួយដុំ ៥​ គីឡូ។ ប៉ុន្តែ ដំបូងចំណូលអាចបានមកពីវា។ ឃើញ ស៊ុយ សែម រាយការណ៍ឱ្យខ្ញុំបាន ១៣៧ គីឡូ។

បញ្ហារបស់ខ្ញុំស្ថិតនៅត្រង់អញ្ចេះ (AstraZeneca) របស់ជប៉ុន ៦០ ម៉ឺនដូស របស់អង់គ្លេស ៤០ ម៉ឺនដូស របស់អាមេរិក ៦០ ម៉ឺនដូស គ្រាន់តែគិតថាវានឹងមកដល់តែឱ្យជឿ ១០០ ភាគរយ អត់ទាន់ជឿទេ ក្រែង​លោ​វាឧបសគ្គ … ចាំដល់ចុះព្រឹបដល់ដីលើកដាក់កុងតាន័រ យើងអាហ្នឹងបានខ្ញុំជឿ។ រឿងរបស់ខ្ញុំគឺមានតែប៉ុណ្ណឹង។ អញ្ចឹងបានកម្រ ហ៊ុន សែន ធ្វើអីដោយចៃដន្យណាស់។ មានការគិត ហើយមានកម្រិតរៀបចំផែនការចាត់តាំងអនុវត្ត និងដោះស្រាយកត្តាចៃដន្យ ដោះស្រាយកត្តាចៃដន្យក្នុងករណីមួយលានប្រាំមួយសែនដូសនេះ ត្រូវជំនួសភ្លាមដោយវ៉ាក់សាំងរបស់យើង អត់ឱ្យក្រុមគ្រូពេទ្យចុះទៅដល់ហ្នឹងហើយបែជាត្រឡប់មកវិញទេ។ ពេលនេះ យើងមាន ១៩ លាន។ ឥឡូវយន្តហោះចុះហើយ ទើបអូខេ។ ហ្នឹងក្បាច់​ ហ៊ុនសែន ប្រាកដគឺនៅកន្លែងហ្នឹង។ អញ្ចឹងបាន ហ៊ុន សែន សន្យាហើយ គឺបានធ្វើកើត។

រួមដៃជាមួយមិត្តភក្តិលើពិភពលោកប្រយុទ្ធប្រឆាំងកូវីដ-១៩

ប្រហែលជាទូរទស្សន៍នានាដែលត្រូវផ្សាយផ្ទាល់រឿងខនសឺត ប្រដាល់ ខានផ្សាយទេ អ្នកផ្សាយក៏ផ្សាយទៅ អ្នកមិនផ្សាយ មើលតាមនេះតាមនោះ។ ប៉ុន្តែ ជាទូទៅខ្ញុំមានមោទនភាព ដោយថ្ងៃនេះយើងចាប់ផ្តើមធ្វើកិច្ចការមួយដែលប្រទេសមួយចំនួនមិនទាន់បានធ្វើ គឺចាក់ឱ្យក្មេងអាយុ ១២ ឆ្នាំដល់ ១៧ ឆ្នាំ និងប៉ុន្មានថ្ងៃខាងមុខនឹងចាប់ផ្តើមដូសទី ៣ សម្រាប់អ្នកចាក់វ៉ាក់សាំង(គ្រប់ ២ ដូសហើយ មានថេរវេលា ៦ ខែ)។ ដូច្នេះ ជំហានរបស់យើងគឺត្រូវធ្វើការខិតខំយ៉ាងណាដើម្បីធានាដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ រួមដៃជាមួយមិត្តភក្តិទាំងអស់នៅលើពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ពិសេសជាមួយប្រទេសជិតខាងរបស់យើង មានវៀតណាម មានថៃ មានឡាវ និងបណ្តាប្រទេសក្នុងតំបន់។

នយោបាយការបរទេសចំរុះពណ៌របស់កម្ពុជា

យើងនៅតែមានទំនុកចិត្តជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូរផ្សេងទៀតដូចជា អង្គការសុខភាពពិភពលោក វិទ្យាស្ថានជាតិប៉ាស្ទ័រ CDC របស់អាមេរិក និងបណ្តាដៃគូផ្សេងទៀត UNICEF, Covax, Gavi ធ្វើទាំងអស់នេះហើយជានយោបាយការបរទេសចំរុះពណ៌របស់កម្ពុជា។ ពេលនេះ លែងនិយាយអីកើតថា ហ៊ុន សែន ស្អីក៏ពឹងតែចិនដែរ ព្រោះជប៉ុនឱ្យមក ក៏យក អាមេរិកឱ្យមកក៏យក អង់គ្លេសឱ្យមក ក៏យក អូស្ត្រាលីឱ្យមក ក៏យក។ ខ្ញុំមិនដែលបដិសេធពីអង្កាល់។ គ្រាន់តែខ្ញុំដឹងច្បាស់ថា តើប្រភពណាជាប្រភពបង្អែកដែលផ្គត់ផ្គង់ឱ្យយើង ទាំងផ្តល់ជំនួយផងទាំងទិញបានផង។ ឥឡូវ ដល់ពេលដែលយើងត្រូវទិញ AstraZeneca។ តើយើងរកប្រភពណាដែលច្បាស់? ជប៉ុន ឬ កូរ៉េខាងត្បូង ឬ ឥណ្ឌា ឬ ទិញពីអង់គ្លេស? ត្រូវរកប្រភពឱ្យច្បាស់។ កុំលេងថា ថ្ងៃ ១០ មកដល់ហើយ តែថាសុំពន្យារដល់ថ្ងៃ ២០។ ហ្នឹងគឺអត់ច្បាស់ទេ។ អ្វីដែលត្រូវការគឺភាពច្បាស់លាស់នៃដំណើរការពីពេលនេះ រហូតទៅដល់ដំណាក់កាលធូរស្រាល។ ខ្ញុំមិននិយាយថាចប់ទេ ព្រោះខ្ញុំបាននិយាយអម្បាញ់មិញហើយថា វាមិនចប់តែវាអាចធូរស្រាលតែប៉ុណ្ណឹង។ សុំអរគុណចំពោះ និងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងអាវុធគ្រប់ប្រភេទដែលបានចូលរួមកិច្ចខិតខំប្រឹងប្រែង ជាមួយនឹងការងារដ៏សំខាន់នេះ …។

ខ្ញុំសូមអរគុណទៅដល់ប្រជាពលរដ្ឋដែលបានចូលរួម ក្នុងមួយថ្ងៃយើងចាក់បានជាង ១០ ម៉ឺននាក់ នៅពេលខាងមុខអាចនឹងមានចំនួនច្រើនជាងអា ១០ ម៉ឺនទៀត ដោយសារពីរលាននេះវាបន្ថែម ព្រោះវាត្រូវចាក់ច្រើន។ ដូចដែលខ្ញុំនិយាយពីខាងដើម បើសិនជាប្រជាមតិឬក៏ការបោះឆ្នោត យើងគ្រប់គ្រងសម្លេងពីរភាគបីបាត់ទៅហើយ ព្រោះក្នុងចំណោម ១០ លាននាក់ដែលមានសិទ្ធិចាក់វ៉ាក់សាំងគឺមកចាក់ជាង ៧០% ទៅហើយ។ អ្នកដែលប្រឆាំងនឹងការចាក់វ៉ាក់សាំង ល្មមដឹងខ្លួន … ផ្តាំផ្ញើសួរសុខទុក្ខទៅលោកពូ ម៉ក់ ហឺន លោកក្មួយ ចិត្រា លោកប្អូន គ្រឹស្នា លោកប្អូន ជេម សុខ និងអ្នកដទៃទៀតនៅខាងក្រៅប្រទេស ដែលធ្វើ Live show បង្ហាញយុត្តិធម៌កម្ពុជា ហើយហ៊ាននិយាយត្រង់ៗ។ ខ្ញុំសុំបញ្ជាក់ កាលពីមុនខ្ញុំថាអញ្ជើញ ជេម សុខ គ្រឹស្នា ចិត្រា តា ម៉ក់ ហឺន មកលេងស្រុក ហើយខ្ញុំចេញលុយទិញសំបុត្រកប៉ាល់ហោះ។ ពួកគាត់មិនខ្វះលុយទេ ហើយខ្ញុំក៏និយាយលេងដែរ។ ខ្ញុំក៏សុំបញ្ជាក់ដែរ ប៉ុន្មានថ្ងៃនេះគេថាតា ម៉ក់ ហឺន ចិត្រា ជេម សុខ ស៊ីលុយ ហ៊ុន សែន ដប់ម៉ឺន។ ចិត្រា ហ្នឹងគេ(ថា)ពាក់សុទ្ធតែផ្កាយអស់ហើយ។ ខ្ញុំគ្រាន់តែបញ្ជាក់ទៅវិញថា ក្បាលមនុស្សមិនមែនសម្រាប់ទិញទេ។ បើសិនជាក្បាលទាំងអស់នោះសម្រាប់លក់ ក៏ ហ៊ុន សែន គ្មានការចាំបាច់ដើម្បីទិញដែរ។ សម្រាប់ពួកអស់អ្នកដែលចេះត្រឹមតែថា ឱ្យតែមិនគាំទ្រខ្លួនគឺសុទ្ធតែលក់ក្បាលឱ្យ ហ៊ុន សែន។ ហ៊ុន សែនគ្មានប្រាក់ទិញទេ។ ហ៊ុន សែន ត្រូវការប្រាក់ចិញ្ចឹមប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋ។

បើនិយាយពី លោកពូ ម៉ក់ ហឺន វិញគាត់ចូលធ្វើទាហានតាំងពីឆ្នាំ ១៩៦៨ ពេល ១៩៦៨ ខ្ញុំទើបតែអាយុ ៦ ឆ្នាំទេ ប៉ុន្តែមិនដឹងថាគាត់កាន់កងណា។ ការវិភាគរបស់គាត់ ជាទូទៅគឺទទួលយកបាន។ មានកត្តាប្រវត្តិសាស្ត្រ វាមានគេហៅថាវិធីសាស្ត្រប្រវត្តិសាស្ត្រ គាត់ដឹងពីទំនាក់ទំនងនេះទៅដល់អានេះ។ គាត់ព្យាករទៅមុខ។ គាត់មានវិធីសាស្ត្រ វិចារវិទ្យាបដិច្ចសមុប្បាទ គាត់មានវិធីសាស្ត្រតក្កវិជ្ជា ឬហៅថា Logic។ ការវិភាគទទួលយកបាន។ បើក្មួយ ចិត្រា នៅចាប់ឆាយ ប៉ុន្តែចាប់​ឆាយ​របស់គាត់ស្តាប់ Live Show របស់គាត់មិនចេះធុញ … ខ្មែរក្នុងស្រុកអត់ចេះជេរខ្ញុំទេណា ​តែខ្មែរមួយចំនួនដែលទៅនៅក្រៅប្រទេសចេញ Live show បញ្ចោរគ្នា។ បើទោះបីជាពួកអ្នកនោះបញ្ចោរគ្នា ពួកប្រឆាំងនិងពួកប្រឆាំង តែខ្ញុំមិនចង់ឱ្យពួកប្រឆាំងបញ្ចោរគ្នា ព្រោះជាជាតិសាសន៍ដូចគ្នា។ សង្ឃឹ​មថាអ្នកទាំងឡាយយល់ព្រម បើសិនជាអ្នកទាំង​ឡាយចង់ផ្ចាញ់ខ្ញុំ ​​បង្កើនការជេរមួយរយភាគរយទៀត ខ្ញុំអត់អីផង បង្កើតគណៈកម្មការដាក់បណ្ដាសាខ្ញុំឱ្យ​ងាប់ ប្រយ័ត្នរាសីមិនដល់គឺងាប់ខ្លួនឯង …។

ខ្ញុំមានទាន់ចាស់ប៉ុន្មាន​ ថ្ងៃទី ០៥ នេះជាថ្ងៃកំណើតពិត(របស់ខ្ញុំ) ខ្ញុំមាន​ថ្ងៃកំណើតពីរ។ ថ្ងៃកំណើតទីមួយ ០៤ មេសា ១៩៥១ ហ្នឹងជាថ្ងៃខួបកំណើតដែលខ្ញុំយកជាផ្លូវការ តាមការអំពាវនាវរបស់សម្ដេចឪ ចូលធ្វើកងទ័ពដើម្បីប្រឆាំងតាមការឈ្លានពានរបស់បរទេស។ ឯថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំ ០៥ សីហា ១៩៥២ ត្រូវហ្នឹងថ្ងៃអង្គារ៍ ខែស្រាពណ៍ ឆាំរោង ចំថ្ងៃពេញបូណ៌មី។ កើតក្នុងទឹកដូចនាគរាជអញ្ចឹង។ មនុស្សបើគ្មានបារមី មិនអាចរស់បានទេ។ សូម្បី បេ ៤ គ្រាប់ បើបាញ់ខុសធ្វើម៉េចងាប់ … សូមឱ្យតែយកចិត្តទុកដាក់សុខភាពខ្លួនឯងទៅ គិតពីសុខភាពខ្លួនឯងកុំគិតដល់ខ្ញុំ ហើយគិតពីប្រទេសខ្លួនឯងកំពុងស្នាក់នៅ ដែល Covid-19 កំពុងវាយលុកច្រើនជាងកម្ពុជា គិតពីប្រទេសនោះហើយចង់សួរអី សួរពីប្រធានាធិបតីប្រទេសហ្នឹង ថាម៉េចលោកឯងក៏អន់ម្ល៉េះ វិទ្យាសាស្ត្រជឿនលឿនធ្វើឱ្យប្រជាជនងាប់ ឆ្លងរាប់លាននាក់ ងាប់រាប់ម៉ឺននាក់ ម៉េចក៏មិនសួរ មកបង្អាប់ ហ៊ុន សែន។

សង្គ្រាមជាមួយ កូវីដ-១៩ មានតែចាញ់ច្រើនឬតិច គ្មានទេពាក្យថាឈ្នះ

ខ្ញុំបានប្រកាសតាំងពីដើមទីនៅកន្លែងនេះថា សង្គ្រាមមួយនេះមានតែចាញ់គ្មានទេពាក្យថាឈ្នះ គ្រាន់តែចាញ់វាចាញ់តិច​ឬចាញ់ច្រើនតែប៉ុណ្ណឹងទេ។ ហៅថាសង្គ្រាមប្រឆាំងមេរោគ​​ កូវីដ-១៩ អត់មានថាឈ្នះទេគ្រាន់តែកាត់បន្ថយការចាញ់ ការខូចខាតវាទាប។ ប៉ុន្តែបញ្ចៀសការខូចខាតទាំងស្រុងគឺអត់ទេ។ ត្រូវចាំ ហើយដ៏រាបណា កូវីដ-១៩ មិនទាន់ចប់ ប្រទេសណាក៏ដោយ កុំអាលធ្វើឡូយ។ ឈ្នះឬចាញ់មិនមែនស្ថិតនៅលើបញ្ហាបច្ចេកទេសវិទ្យាសាស្ត្រពូកែទេ។ ស្ថិតនៅត្រង់អភិបាលកិច្ចពូកែឬមិនពូកែ។ ដូចដែលក្មួយ Fresh News សួរមិញ។ តើមានវិធានការស្អី? បើមិនព្រមស្ដាប់ទេ មានតែវិធានការអនុវត្តច្បាប់។ ត្រូវផាក ពិន័យ គុក។ ការធ្វើនេះប៉ះពាល់ទៅដល់សេរីភាព ក៏ប៉ុន្តែ វាធានាបានជីវិតរបស់ខ្លួនឯងនិងជីវិតរបស់ក្រុមគ្រួសារ។ ​យើងអត់មានអីខុស។ អ្នកធ្វើខាងសិទ្ធិមនុស្សយកទៅវិភាគទៀត។ ខ្ញុំនឹងរង់ចាំស្ដាប់អ្នកឯងវិភាគទៀត។ តើខ្ញុំនិយាយថ្ងៃនេះ (អ្នកឯងថា)មានអីខុសទៀត។ ចាំដល់អ្នកឯងឆ្លង កូវីដ-១៩។ អ្នកឯងមិនទាន់ឆ្លងផុតទេ។ ពលរដ្ឋគ្រប់រូបត្រូវតែត្រៀមខ្លួនបង្ការ កូវីដ-១៩ ឆ្លង បើ កូវីដ-១៩ មិនទាន់ចប់ ប្រទេសទាំងអស់កុំអាលធ្វើឡូយថាគ្រប់គ្រងបានល្អ។ បើប្រទេសទាំងអស់មិនទាន់មានសុវត្ថិភាព កម្ពុជាក៏មិនទាន់មានសុវត្ថិភាព អាហ្នឹងវាអញ្ចឹង។ វៀតណាមនៅខាងកើតកំពុងតែឆ្លងប៉ុន្មាន ១០ ខេត្តជាងគឺបិទខ្ទប់។ នៅខាងថៃក៏កំពុងឆ្លង។ យើងកំពុងតែបិទដាក់បម្រាមគោចរ វាប៉ះពាល់​​ដល់សិទ្ធិ វាប៉ះពាល់ដល់សេរីភាពនៃការធ្វើដំណើរ ប៉ុន្តែវាមិនប៉ះពាល់ដល់ជីវិតរបស់អ្នកទេ។

ក្នុងចំណោមសិទ្ធិគេមិនមែនទទួលស្គាល់តែសិទ្ធិរស់រានមានជីវិតទេ តែគេដាក់អាទិភាព។ សូមឱ្យអ្នកសរសេរសិទ្ធិមនុស្ស សរសេរមកលេខមួយជាសិទ្ធិអី? បើអ្នកឯងសរសេរលេខមួយជាសិទ្ធិបច្ចេកទេស ហើយអ្នកឯងដាក់សិទ្ធិរស់រានមានជីវិតទៅជាសិទ្ធិទី ៣ ឬទី ៤ ឬទី ៥ ឆ្កែសុទ្ធ។ និយាយឱ្យខ្លីដាក់ឱ្យធ្ងន់បន្តិច។ ឥឡូវសួរថាខ្មោចមួយណាដែលមកទារសិទ្ធិ? ហើយខ្មោចមួយណាដែលចេះទារវ៉ាក់សាំង? ហើយនៅពេលដែលចាក់ដូស ទី ៣ កុំភ្លេចអ្នកសារព័ត៌មាន ព្រោះកាលនោះ Fresh News (វ៉ាន់ សារាយ)​ សួរឱ្យអាទិភាពបានចាក់មែន។ ហ៊ុន សែន ហ៊ានឱ្យហើយ ពេលចាក់ Astrazeneca កុំភ្លេច Johnson & Johnson ក៏ដោយ។ បើតាមដឹងយើងបានចាក់ ​AstraZeneca ត្រូវសិក្សាមើលថាដូសទី ៣ ត្រូវចាក់អី? បើចាក់ Sinopharm ឬ Sinovac ដូស្តទី ៣ ត្រូវចាក់ AstraZeneca អ្នកទាំងនេះទទួល(អ្នកសារព័ត៌មាន) Sinopharm ឬ Sinovac? Sinopharm។ អញ្ចឹងទេត្រៀមខ្លួនទទួលយក AstraZeneca ព្រោះអស់លោកឯងគឺដើរទៅត្រង់នេះត្រង់នោះ ថតនេះថតនោះក្រែងវាឆ្លង។

គេហ៊ានយកការទទួលខុសត្រូវការពារជីវិតអ្នកកាសែត ម៉េចបានជាមកនិយាយថា ហ៊ុន សែន គិតតែពីសិទ្ធិរស់រានមានជីវិត អត់គិតដល់សិទ្ធិបញ្ចេញមតិ សិទ្ធិសារព័ត៌មាន សិទ្ធិធ្វើនយោបាយ អ្នកឯងកូនក្មេង​។ អញ្ចឹងបានខ្ញុំនិយាយថាពួកអ្នកឯងនេះ អ្នកឯងរៀនក្រោមដំបូលសាលារៀនដែល ហ៊ុន សែន ធ្វើឱ្យរៀន អ្នកឯងក្លាយទៅជាមេសិទ្ធិមនុស្ស។ បើអ្នកឯងបានរៀនក្រោមដំបូលរបស់ ហ៊ុន សែន គ្រប់គ្រង ក្នុងរយៈពេលក្រោយ ១៩៧៩ អ្នកឯងមិនអាចប្រមាថ មើលងាយ ហ៊ុន សែន បានទេ ព្រោះអ្នកឯងបានចេះ បានដឹងរៀន ឆ្លងកាត់មហាវិទ្យាល័យ ក្រោមការដឹកនាំរបស់ ហ៊ុន សែន អ្នកឯងត្រូវចាំ អ្នកឯងគួរខ្មាសអៀនផង​។ សូម្បីតែអ្នកទៅរស់នៅក្រៅប្រទេស ដែលបានរួចផុតពីការស្លាប់ ហើយបានរៀនសូត្រក្រោមដំបូលសាលា ក្រោមសន្តិភាពរបស់ ហ៊ុន សែន ក្រោមការរំដោះពីគណបក្សប្រជាជន ដែលមាន ហ៊ុន សែន នៅទីនោះ។ អ្នកឯងមានជីវិតដល់រាល់ថ្ងៃក៏មានបាតដៃ ហ៊ុន សែន ជួយឱ្យអ្នកឯងរស់ដែរ ជួយអ្នកឯងមានការចេះដឹង អ្នកឯងបានទៅធ្វើការនៅបរទេស ទៅរៀននៅបរទេស ទៅនៅប្រទេស។ អ្នកឯងកុំក្លាយទៅជាមេអំបៅ ដែលភ្លេចដើមកំណើតកើតចេញពីដង្កូវ។ សុំចាំប៉ុណ្ណឹង។ ខ្លះទើបទៅនៅអាមេរិក ២, ៣, ៤, ៥ ឆ្នាំ ១០ ឆ្នាំ វារៀន ក ខ គ ឃ ង ក្រោមសាលា យើងតាមខេត្តយើង វាឡើងមករៀនមហាវិទ្យាល័យនៅភ្នំពេញហ្នឹង រួចហើយបានទៅក្រៅប្រទេស។

ដេញទាន់ មិនជាន់កែង មិនរាងចាល

បើរបប ហ៊ុន សែន វាអន់ណាស់ ម៉េចបានអ្នកឯងខំរៀន បានមហាវិទ្យាល័យពីហ្នឹង និយាយឱ្យយុត្តិធម៌តិចមើល។ ថ្ងៃមុន ចិត្រា ហើយដែលធ្វើ live show ចិត្តត្រជាក់ ប៉ុន្តែ ចិត្រា ទ្រាំជាមួយអង្រែបុកគ្រឿងណា ទ្រាំមិនបានដាក់ខ្លាំងៗទៅវិញ។ ឯខ្ញុំក៏ជាមនុស្សដែរ។ លោកប្រធានាធិបតី Macron ជាប្រធានាធិបតីប្រទេសប៉ែកខាងលិចដាក់ពាក្យប្តឹង មកពីគេយករូបគាត់ទៅដាក់ជាមួយ ហ៊ីត្លែរ អញ្ចឹងគាត់ចេះប្តឹងដែរ។​ ចុះសម្រាប់ខ្ញុំ។ រួចខ្លះ ថ្ងៃមុនមានបុគ្គល ២ នាក់ សុំសិទ្ធិធ្វើនយោបាយ​ ខ្ញុំមិនឱ្យរដ្ឋមន្ត្រីមហាផ្ទៃរាយការណ៍ថា បុគ្គល យ៉ុង គឹមញ៉ុល មានប្រព្រឹត្តបទល្មើសនេះ។ អញ្ចឹងខ្ញុំចារថាមិនយល់ព្រមផ្តល់និតីសម្បទាឱ្យទេ រួចហើយមានហ្វេសប៊ុកមួយប្រកាសថា លោក ហ៊ុន សែន ធ្វើការតាមអារម្មណ៍។ ខ្ញុំសុំឱ្យលោក ឯងបើកមើលវចនានុក្រមសម្តេច ជួន ណាត លោកឯងចេះអារម្មណ៍ហ្នឹងយ៉ាងម៉េច មនុស្សងាប់ទើបវាអស់អារម្មណ៍។ ខ្ញុំជាមនុស្សបានខ្ញុំមានអារម្មណ៍។ មនុស្សមានអារម្មណ៍គិតពីការងារ អារម្មណ៍គិតពីសេដ្ឋកិច្ច អារម្មណ៍គិតពីសង្គម ឬថាអនុវិស័យចុះ អារម្មណ៍គិតពីកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ សុខាភិបាល អាហ្នឹងសុទ្ធតែ​អារម្មណ៍។ ម៉េចលែងចេះខ្មែរទៅហើយ។ ខ្ញុំជួយបង្រៀនលោកឯងមួយក្បាច់ទៅចុះ។ ប្រដៅ​លោកឯង​ បើលោកឯងងាប់ទៅបានអស់អារម្មណ៍។ វានៅមានអារម្មណ៍ច្រើនទៀត។ រាប់ទាំងអារម្មណ៍​ផ្លូវភេទផងដែរ។ ដល់ងាប់ទៅ​អស់អារម្មណ៍ហើយ ព្រោះអត់វិញ្ញាណ។ មនុស្ស​កាល​ណានៅដង្ហើម​ នៅដឹងខ្លួន (មានអារម្មណ៍) បើសន្លប់ (ឬ)ងាប់ទៅហើយនឹងអស់អារម្មណ៍ហើយ​។

… ខ្ញុំមានសិទ្ធិ។ ច្បាប់អនុញ្ញាតឱ្យខ្ញុំ។ មនុស្សដែលគេដកសិទ្ធិ​ ត្រូវសុំសិទ្ធិ តាមរយៈរដ្ឋមន្ដ្រីមហាផ្ទៃ។ រដ្ឋមន្ដ្រីមហាផ្ទៃត្រូវរាយការណ៍មក(នាយករដ្ឋមន្ដ្រី) គាត់​ត្រូវភ្ជាប់មកជាមួយមនុស្ស បន្ទាប់ពីតុលាការដកសិទ្ធិគាត់ តើគាត់មានបានប្រព្រឹត្ដអ្វីខុសទេ? បើគាត់អត់មានខុសទេ យើងអនុញ្ញាតឱ្យគាត់។ ប៉ុន្ដែខ្ញុំក៏មិនផ្អែកលើរដ្ឋមន្ដ្រីមហាផ្ទៃទាំងស្រុងទេ។ ទោះបីរដ្ឋមន្ដ្រីមហាផ្ទៃថាអ្នកហ្នឹងមិនដែលប្រព្រឹត្ដខុសទេ ប៉ុន្ដែយើងព្យាករដឹងថាអ្នកហ្នឹងមុខតែមក​ដើម្បីបំផ្លាញហើយ មិនឱ្យសិទ្ធិទេ។ បើខ្ញុំមិនចុះហត្ថលេខាស្នើទៅព្រះមហាក្សត្រ ព្រះមហាក្សត្រក៏​ទ្រង់មិនឡាយព្រះហស្តលេខាឱ្យសិទ្ធិអ្នកឯងដែរ។ បើកយូរហើយ ម៉េចមិនសុំ ទើបមកសុំថ្ងៃនេះ។ អញ្ចឹងអញទុកលើតុ ៤-១០ ថ្ងៃ ពិចារណាមើលសិន។ មុនដាក់មកភ្លាមស៊ីញ៉េភ្លាម។ ឥឡូវអត់​ទេ។ ចាប់ពីពេលនេះទៅ ពិនិត្យសិន។ បើមិនអញ្ចឹងទេ ចាំដល់ខែ ១១ ឆ្នាំ ២០២២ ហ្នឹង​រួចផុតពីសិទ្ធិតាមផ្លូវច្បាប់ហើយ ធ្វើអីធ្វើទៅ។ កុំតែឱ្យមានតុលាការតាមចាប់ខ្លួនតែប៉ុណ្ណឹង។ ខ្ញុំមាន​សិទ្ធិពិចារណាឱ្យឬមិនឱ្យ។ ធ្វើឱ្យខ្ញុំពេញចិត្តខ្ញុំឱ្យ ធ្វើមិនឱ្យពេញចិត្តខ្ញុំមិនឱ្យ ព្រោះខ្ញុំធ្វើ​នាយក​រដ្ឋមន្ដ្រី។ ហ្នឹងជាអារម្មណ៍របស់ខ្ញុំវាអញ្ចឹង។ មិនមែនឱ្យតែសុំមក ត្រូវតែកាតព្វកិច្ចស៊ីញ៉េ​ឱ្យអ្នកឯងទេ។ អត់ទេ។ និយាយគ្នាឱ្យច្បាស់ៗ។ ពួក​នឹង​ទាល់​តែអញ្ចឹង។ ពាក្យខ្មែរថាដេញទាន់​កុំជាន់កែង។ ប៉ុន្ដែ បើខ្មែរយើងនេះ ជាពិសេសពួកខ្មែរពួកប្រឆាំង ដេញទាន់ មិន​ជាន់កែង​ទេ អា​នេះអត់រាងទេ។ មុខវាក្រាស់ណាស់ … ខ្ញុំមិនចង់(និយាយ)ចូលនយោបាយទេ ក៏ប៉ុន្តែហួសហេតុពេក «ហ៊ុន សែន ងាប់ហើយៗ»។

ស្ដាប់មតិប្រជាជនក្នុងស្រុក និងស្ដាប់មតិសមហេតុសមផលពីក្រៅប្រទេស

… សត្វតោដែលយកចេញពីភ្នំតាម៉ៅត្រលប់មកវិញនោះ ក៏មានចំណែកជួយពីក្មួយ ចិត្រា និងម្ដាយក្មួយ ចិត្រាពីអាមេរិកមក សុទ្ធតែវាយចូលមកព្រោះមានលេខឆ្លងឆ្លើយគ្នា។ តើលោកពូពិនិត្យមើល តោហ្នឹងអាចឱ្យទៅផ្ទះ? ដំបូងសួរទៅរដ្ឋមន្រ្ដីកសិកម្ម រដ្ឋមន្រ្ដីកសិកម្មថាមានច្បាប់ហាមដូច្នេះដូច្នោះ។ អញ្ចឹងទេ ចិត្រា ក៏ឱ្យយោបល់មកថា លោកពូបើយកចិញ្ចឹមនៅផ្ទះ ហើយធ្វើទ្រុងឱ្យបានត្រឹមត្រូវបានទេ? អញ្ចឹងក៏ពិភាក្សាជាមួយ ខុន ឡើងវិញ។ ម្ដាយរបស់ ចិត្រា គាត់អាណិតសត្វតោនោះ។ ឥឡូវឱ្យយកមកចិញ្ចឹមនៅផ្ទះ ក៏មានចំណែកធ្វើបុណ្យធ្វើទានពីម្ដាយ ចិត្រា។ សូមជូនកុសលទៅអ្នកមីង និងក្មួយ ចិត្រា ផងដែរ ដែលបានជួយធ្វើបុណ្យធ្វើទាននាំការអាណិតសត្វតោនេះ ជូនមកដល់ខ្ញុំ។ អ្វីដែលធ្វើបាន គឺធ្វើ។ យើងស្ដាប់ពីគ្រប់ទិសទី។ តិចនិយាយអញ្ចឹងទៅថា ចិត្រាទទួលលុយពី ហ៊ុន សែន បាន ហ៊ុន សែន និយាយឈ្មោះ ចិត្រា។ តា ម៉ក់ ហឺន យកលុយពីហ៊ុន សែនដែរ។ ពួកហ្នឹងគេខ្វះលុយឬអី? គេជាវេជ្ជបណ្ឌិត បើតា ម៉ក់ ហឺន គាត់ស៊ីតែប្រាក់សោធននិវត្តន៍របស់គាត់មិនទាំងអស់ផង។ គ្រឹស្នា ឬតា ជេម សុខ ឬ សុបិន ដូចគាត់ទើបទៅពីស្រុកខ្មែរដែរ គាត់មកលេងស្រុកខ្មែរ។ និយាយបន្តិចទៅចុះ អ្នកនៅក្រៅប្រទេសមួយចំនួន គេកាន់តែយល់ពីស្រុកខ្មែរហើយ ហើយយើងក៏ស្ដាប់មតិប្រជាជនក្នុងស្រុក និងស្ដាប់មតិសមហេតុសមផលដែលមកពីក្រៅ។

គ្រាន់តែថ្ងៃមុនចិត្រា Live Show ដាក់ឃើញអាត្រាក់ទ័រទៅកាយដីអីណា កន្លែងណា? ចិត្រាថានៅឃុំឈើទាល ស្រុកកៀនស្វាយ មានជំទាវម្នាក់ទៅកាយយកដីបឹង។ ខ្ញុំផ្ញើសំលេងឱ្យចៅហ្វាយខេត្តចុះមើលភ្លាម។ រឿងពិតប្រាកដមែន តែគាត់មិនទាន់កាយធំទេ គាត់កាយមួយប៉ែលៗធ្វើទំនប់ តែដល់មិនទៅរារាំងទេ អាហ្នឹងវាក្លាយទៅជាដីរបស់គាត់។ បំពានលើបឹងធម្មជាតិរបស់រដ្ឋ។ តា ជេម សុខ គាត់ឱ្យយោបល់មក នៅតែតា ម៉ក់ ហឺន ទេ។ មានលេខគាត់ហើយ តែប្រហែលជាគាត់អត់បង្កើត WhatsApp និង Telegram។ អរគុណហើយ និយាយបន្ថែមបានមួយសន្ទុះទៀត អ្នកដែលអត់ទាន់បានបាយក៏មិនទាន់បាយទៅ ហើយអ្នកខាងក្រៅប្រហែលជាចាក់វ៉ាក់សាំងរួចហើយយ៉ាង? ចៅៗនោះ? មិនមែនតែចៅខ្ញុំទេ ចៅខ្ញុំមកបានមួយចំនួន។ ចៅ ម៉ែន សំអន ចៅ ប៊ិន ឈិន ចៅ សម្ដេចក្រឡាហោម។ ចៅ សម្ដេចក្រឡាហោម ដូចជាដប់នាក់ឯណោះ មានទាំងចៅបង្កើត និងចៅសាច់ឆ្ងាយអីដូចដប់នាក់។ ពីមុនថាធ្វើនៅមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែគេថាក្រែងលោវារក្សាគម្លាតអត់បាន និងប្រជុំកាសែតវាមិនកើត។ អញ្ចឹងថាឱ្យមកកន្លែងនេះតែម្ដងទៅ។ យើងចាប់ផ្ដើមប្រកាសសាជាថ្មីម្ដងទៀត គឺចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ អាយុពី ១២ ឆ្នាំដល់ដប់ ១៧ ឆ្នាំចាប់ពីពេលនេះតទៅ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

មីយ៉ាន់ម៉ា អរគុណកម្ពុជា ដែលចែករំលែកបទពិសោធន៍ និងទស្សនទានក្នុងការដោះស្រាយវិបត្តិន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាងារងារជាមួយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Min Aung Hlaing