សារាចរណែនាំ លេខ៖៣៨៩៤.អបស/ឱអបស របស់ក្រសួងសុខាភិបាល ស្តីពី ការចែកចាយ និងលក់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩

35

ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានចេញលិខិតមួយហាមឃាត់ការលក់ និងទិញតេស្តរហ័សរកមេរោគកូវីដ១៩ តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ដើម្បីធានាបាននូវគុណភាពដល់អ្នកប្រើប្រាស់។ នេះបើតាមសារាចរណែនាំស្ដីពី «ការចែកចាយនិងលក់តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩» របស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដើម្បីធានាបាននូវគុណភាពដល់អ្នកប្រើប្រាស់ និងជំរុញឲ្យមានការចែកចាយ និងលក់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ឲ្យបានទូលំទូលាយ ក្នុងការចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រសួងសុខាភិបាល បានហាមឃាត់ការលក់និងទិញតេស្តរហ័ស អង់ទីហ្សែនកូវីដ១៩នេះ តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ និងមានការណែនាំផ្សេងទៀតដូចតទៅ៖

១៖ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ត្រូវធ្វើការចែកចាយតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ញិកាពីក្រសួងសុខាភិបាល ជូនដល់ឱសថស្ថាន ឱសថស្ថានរង មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាលមន្ទីរសម្រាកព្យាបាល និងគ្លីនិក។

២៖ ចំពោះឱសថស្ថាន ឱសថស្ថានរង ត្រូវទិញតែតែស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ជិកាពីក្រសួងសុខាភិបាល ហើយលក់ជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាជនទូទៅដើម្បីប្រើប្រាស់ និងហាមឃាត់ការលក់និងទិញតេស្តរហ័សនេះតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។

៣៖ ចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាពលរដ្ឋ ត្រូវទិញតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ឆកាត្រឹមត្រូវពីឱសថស្ថាន ឱសថស្ថានរងស្របច្បាប់ ហើយត្រូវជៀសវាងការទិញឧបករណ៍តេស្តរហ័សនេះពីតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ព្រោះឧបករណ៍តេស្តនេះតម្រូវឱ្យមានការទុកដាក់ត្រឹមត្រូវ និងត្រូវមានប្រភពច្បាស់លាស់ បើមិនដូច្នោះទេអាចនឹងប្រឈមជាមួយតេស្តរហ័សដែលមានគុណភាពមិនត្រឹមត្រូវ ឬអាចជាផលិតផលក្លែងបន្លំទៀតផង៕