សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានថ្លែងថា អស់រយៈពេលជាច្រើនទសវត្សរ៍ បណ្ដាប្រទេសដែលអះអាងថាជាជើងឯកពិភពលោកនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានគាំទ្រខ្មែរក្រហមក្នុងការប្រឆាំងនឹងរដ្ឋាភិបាលរបស់សម្ដេច ក្រោយដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម។
សម្តេចតេជោ បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP បណ្តាគណបក្សនយោបាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស ដែលបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្ដេចតេជោ បានថ្លែងបន្តថា «រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្ស ត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់ ជាក់ស្ដែងបដិវត្តន៍ពណ៌មួយ ត្រូវបានប៉ុនប៉ងធ្វើឡើងដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»។
សម្ដេចតេជោ ក៏បានលើកពីបទពិសោធន៍ថា បដិវត្តន៍គេអាចធ្វើបាន តួយាងថ្មីៗនេះ គឺបានធ្វើនៅប្រទេសបង់ក្លាដែស ហើយក៏ចង់មកបំផ្លាញនៅកម្ពុជាទៀត ក៏ប៉ុន្តែនៅប្រទេសនេះ យើងខ្ញុំបានស្គាល់វិធីសាស្ត្ររបស់ក្រុមធ្វើបដិវត្តន៍ពណ៌រួចស្រេចទៅហើយ ពួកគេមិនធ្វើរដ្ឋប្រហារផ្ដួលរំលំទៀតទេ មិនផ្ដួលរំលំរដ្ឋាភិបាលតាមបែបរដ្ឋប្រហារនោះទេ ក៏ប៉ុន្តែពួកគេចង់ធ្វើបដិវត្តពណ៌ជំនួសវិញតាមរយៈប្រើហ្វូងមនុស្សមកផ្ដួលរំលំ។ វិធីសាស្ត្រដំបូងរបស់ពួកគេ គឺធ្វើឱ្យអព្យាក្រឹត្យកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល។
ជាមួយគ្នានោះផងដែរ សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា សម្រាប់កម្ពុជា អព្យាក្រឹត្យអនុញ្ញាតតែបក្សនយោបាយនិងបក្សនយោបាយប៉ុណ្ណោះ ប៉ុន្តែកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល គឺជាឧបករណ៍របស់រដ្ឋ មិនអាចអព្យាក្រឹតបានទេ ដូច្នេះពួកបដិវត្តក៏មិនអាចធ្វើអ្វីបានដែរ យើងត្រូវឈ្លាសវៃក្នុងការគ្រប់គ្រងស្ថានការណ៍ ពីព្រោះមិនដូច្នោះឈាមនឹងត្រូវហូរ ប្រទេសនឹងត្រូវបែកបាក់សារជាថ្មីម្ដងទៀត ដូច្នេះយើងមិនញញើតដៃក្នុងការប្រើប្រាស់វិធានការទាំងឡាយដើម្បីទប់ស្កាត់បដិវត្តពណ៌នោះទេ៕