ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ៖ ទំនាក់ទំនងកម្ពុជា-ចិន កំពុងស្ថិតក្នុងដំណាក់កាលល្អបំផុត ខណៈចិនដើរតួសំខាន់ជួយកសាង និងអភិវឌ្ឍនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន កំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុត ហើយបានក្លាយទៅជាគំរូនៃការរួមរស់ប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានគូសរំលេចពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិន នៅក្នុងពិធីបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពី «ដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។ វេទិកានេះត្រូវបានរៀបចំឡើយដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា, លេខាធិការដ្ឋានជាតិនៃធនាគារខួរក្បាល នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន។
ឆ្នាំ២០២១នេះ កម្ពុជា និងចិន មានចំណងទំនាក់ទំនងការទូតជាមួយគ្នារយៈពេល ៦៣ឆ្នាំហើយ។ ទំនាក់ទំនងកម្ពុជា និងចិន រយៈពេល៦៣ឆ្នាំមកនេះ តែងរក្សាបាននូវភាពជិតស្និទ្ធនឹងគ្នា ហើយបានពួតដៃគ្នាយ៉ាងណែនជម្នះនូវការលំបាកទាំងឡាយ ទាំងក្របខណ្ឌទ្វេភាគី តំបន់ និងលើឆាកអន្តរជាតិ។
វេទិកាដែលរៀបចំឡើងនៅថ្ងៃនេះ មានក្នុងគោលបំណងលើកកម្ពស់ការស្វែងយល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងចិន ក៏ដូជាចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលរបស់ប្រទេសទាំងពីរក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ឱ្យកាន់តែជិតស្និទ្ធ ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសរបស់យើងទាំងពីរឱ្យកាន់តែល្អ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានគូសបញ្ជាក់នៅក្នុងកម្មវិធីដែលធ្វើតាមអនឡាញ នៅចំពោះមុខមន្ត្រីជាន់ខ្ពស់របស់កម្ពុជា និងចិនថា ប្រទេសកម្ពុជា និងចិន ជាប្រទេសពីរដែលមានប្រវត្តិទំនាក់ទំនងជាប្រពៃណី និងជាមេត្រីភាពតាំងពីយូរលង់ណាស់មកហើយ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក៏បានគូសរំលេចថា «ទំនាក់ទំនងកម្ពុជា-ចិន បានស្ដែងឡើងក្នុងរូបភាពជាបងប្អូនល្អ និងជាដៃគូល្អ។ សព្វថ្ងៃប្រទេសចិន ជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេដល់កម្ពុជា»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា «ទំនាក់ទំនងរវាងប្រទេសទាំងពីរ តែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលជំហរគោរពគោលនយាបាយចិនតែមួយ និងគាំទ្រគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) និងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីឈានទៅតភ្ជាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ីទាំងមូល»។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក៏បានគូសរំលេចផងដែរពីការចូលរួមចំណែកដ៏សំខាន់របស់ចិន ក្នុងការជួយកសាង និងអភិវឌ្ឍកម្ពុជា។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានលើកឡើងថា នៅក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ដែលក្នុងនោះគិតមកដល់ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន សម្រេចបានប្រមាណជាង ៨ពាន់លានដុល្លារ ហើយនៅក្នុងឆ្នាំ២០២០ កម្ពុជា និងចិនបានសម្រេចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាការចាប់ផ្តើមនៃយុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ។
«ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នា សុទ្ធតែបានដឹង មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណាទេ ប្រទេសចិនតែងផ្តល់ការជ្រោមជ្រែង និងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍដោយសមស្របទៅនឹងស្ថានភាពរបស់ប្រទេសខ្លួន ជាពិសេស ផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ។ ព្រមជាមួយគ្នានេះ សហគ្រាសចិនក៏បានរួមចំណែកយ៉ាងសកម្មក្នុងការកសាងស្ពាននិងផ្លូវថ្នល់នៅប្រទេសកម្ពុជា ដែលជាការរួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសកម្ពុជាផងដែរ»។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បន្ថែមថា «ខ្ញុំជឿជាក់ថា ប្រទេសចិនក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងអំឡុងពេលនិងក្រោយកូវីដ-១៩ ផងដែរ។ ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ»។
ក្នុងវេទិកានាព្រឹកមិញនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក៏បានលើកឡើងផងដែរពីការចូលរួមរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងស្ថានភាពលំបាក ដែលកម្ពុជាកំពុងតស៊ូប្រយុទ្ធជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩នេះ ចិនបានជួយដល់កម្ពុជាយ៉ាងក្លៀវក្លា ទាំងជំនួយផ្នែកបច្ចេកទេស ទាំងផ្នែកសម្ភារៈ និងទាំងវ៉ាក់សាំង និងបានសម្របសម្រួល និងផ្ដល់អាទិភាពដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំងថែមទៀតផង៕

ប្រភព៖ Fresh News

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ