វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៤លាន ដូសទៀត ដែលកម្ពុជាបញ្ជាទិញពីចិន បានដឹកមកដល់កម្ពុជាហើយ

នៅព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២១ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទសុីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់ប្រទេសកម្ពុជា។
កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលគិតត្រឹមថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១នេះ បូកទាំងវ៉ាក់សាំងចំនួន ៤លានដូសដែលនឹងមកនៅព្រឹកស្អែក កម្ពុជានឹងមានវ៉ាក់សាំងចំនួន ១៦,០២៤,០០០ដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ
១-ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា (សុីណូហ្វាម) ចំនួន ២,២០០,០០០ ដូស
២-ជំនួយពីមជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២៤,០០០ ដូស
៣-ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលរួមមាន សុីណូវ៉ាក់ ចំនួន ១០,៥០០,០០០ ដូស និង សុីណូហ្វាម ចំនួន ៣,០០០,០០០ ដូស។
ហើយវ៉ាក់សាំងកូវីដ-១៩ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។
សូមបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ៦លានដូស ជាបន្តបន្ទាប់មានដូចខាងក្រោម
*នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១
– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូហ្វាម មកដល់ចំនួន ១,០០០,០០០ដូស
*ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១
– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤លានដូស(សុីណូហ្វាម)ចំនួន ១,០០០,០០០ដូស និង(សុីណូវ៉ាក់)
ចំនួន ៣,០០០,០០០ដូស
*ចុងខែ ខែកក្កដា ឆ្នាំ ២០២១
– វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (សុីណូហ្វាម) មកដល់ចំនួន ១,០០០,០០០ដូស
សូមជម្រាបថា យោងតាមចំណារយល់ព្រមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងមកដល់ចំនួន ៦,០០០,០០០ដូសនេះ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី តាមបណ្តាខេត្តនានានៅទូទាំងប្រទេសតាមផែនការដែលបានគ្រោងទុក។
គិតត្រឹមថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២១ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋសរុបទូទាំងប្រទេសបានចំនួន ៤,៧៩៣,១៩៧នាក់ ស្មើនឹង ៤៧.៩៣%។
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ