សម្តេចតេជោ ហ៊ុន សែន អបអរសាទរថ្ងៃដាក់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (មានវីដេអូ)

(ភ្នំពេញ)៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាខួប៤ឆ្នាំ ដែលប្រាសាទសំបូរព្រៃគុក ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

តាមទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការអបអរសាទរចំពោះថ្ងៃដ៏រីករាយរបស់ប្រជាជាតិកម្ពុជាមួយនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចថា ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មិនត្រឹមតែទទួលបានការគាំពារជាអន្តរជាតិនោះទេ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ។

សម្តេចតេជោបន្ថែមថា «រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមថែរក្សាការពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់។

សូមរំលឹកថា ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ប្រទេសជាសមាជិក និង ២១ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍។

នៅក្នុងកិច្ចប្រជុំនោះ បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ (ម៉ោងនៅកម្ពុជា) នាទីក្រុង Cracovie ប្រទេសប៉ូឡូញ។

ការដាក់សម្រេចបាននូវការដាក់បញ្ចូលប្រាសាទដ៏ចំណាស់របស់កម្ពុជាមួយនេះ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនមែនជារឿងសាមញ្ញ និងងាយស្រួលនោះឡើយ។ ក្រោមការសម្រេច និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាប់ផ្តើមរៀបចំឯកសារ ដើម្បីស្នើសុំដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០១២។

ឯកសារស្នើសុំនោះ បានផ្ញើជូនទៅអង្គការយូណេស្កូ ដែលមានស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង នាដើមឆ្នាំ២០១៦។ រយៈពេល៩ខែ បន្ទាប់ពីបញ្ជូនឯកសាររួច អ្នកឯកទេសរបស់អង្គការ ICOMOS បានចុះមកពិនិត្យ និងវាយតម្លៃពីស្ថានភាពជាក់ស្តែង នៅរមណីយដ្ឋានសំបូរព្រៃគុក និងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឲ្យឯកសារស្នើមានទិន្នន័យគ្រប់គ្រាន់ស្របតាមលក្ខណៈវិនិច្ឆ័យរបស់អង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌពិភពលោក។

ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជោគជ័យមួយធំធេងសម្រាប់បេសកកម្មការពារប្រាសាទបុរាណ និងជាការលើកតម្កើងសម្បត្តិវប្បធម៌របស់ខ្មែរ ដែលបន្សល់ទុកដោយបុព្វបុរស។ ដើម្បីអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្រនៃសមិទ្ធផលក្នុងកិច្ចគាំពារសម្បត្តិវប្បធម៌ខ្មែរក្នុងយុគ្គសម័យនៃសុខសន្តិភាពនេះ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាជាតិ នៃការចងចាំថ្ងៃដាក់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀតផង។

សូមបញ្ជាក់ថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រហែល៣០គីគូម៉ែត្រ ភាគខាងជើងក្រុងស្ទឹងសែន។ តំបន់ប្រាសាទសំបូរព្រៃគុក មានទំហំធំទូលាយ ហើយក្នុងតំបន់នោះមានភូមិចំនួន៧។ រមណីយដ្ឋានសំបូរព្រៃគុកចែកជាតំបន់ធំៗគឺ៖ តំបន់អតីតរាជធានីនៅផ្នែកខាងលិច និងតំបន់ប្រាសាទនៅផ្នែកខាងកើត ខណ្ឌគ្នាដោយអូរមួយឈ្មោះគ្រូកែ។

តំបន់ប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡា ក្នុងចន្លោះចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧ នៃគ្រឹស្តសករាជ ដែលជាស្នាព្រះហស្ថរបស់ព្រះបាទឦសានវរ្ម័ន្មទី១។ សំណង់ប្រាសាទសាងអំពីឥដ្ឋ ទួលបុរាណ សិលាចារិក សំណង់រក្សាទឹក កំពែងក្រុង និងទីសក្ការៈបូជាផ្សេងដទៃទៀត។

សំណង់បុរាណទាំងនោះបានឆ្លុះបញ្ចាំងពីការរីកលូតលាស់នៃអារ្យធម៌ខ្មែរនាសម័យបុរាណ សំណង់ស្ថាបត្យកម្ម និងសិស្បៈនៅសំបូរព្រៃគុក បានបង្ហាញពីការទទួលឥទ្ធិពលអារ្យធម៌ឥណ្ឌា និងអារ្យធម៌ប្រទេសដទៃទៀត គួបផ្សំជាមួយវប្បធម៌ក្នុងស្រុក បង្កើតបានជាលក្ខណៈពិសេសនៃវប្បធម៌មួយដោយឡែករបស់ខ្មែរ។ ស្ថាបត្យកម្ម និងចម្លាក់ ក្បូរក្បាច់រចនានៅលើប្រាសាទប្រាំបីជ្រុង ដែលអ្នកស្រាវជ្រាវឲ្យឈ្មោះថាប្រាសាទអណ្តែត និងក្បាច់លម្អនៅលើផ្តែរមានរូបសត្វម្ករ គឺជាអត្តសញ្ញាណតែមួយគត់ ក្នុងប្រវត្តិនៃសិល្បៈខ្មែរ។

ទោះបីមានការផ្លាស់ប្តូររាជធានីទៅតំបន់អង្គរនៅសតវត្សរ៍ទី៩ក្តី ក៏តំបន់សំបូរព្រៃគុក នៅតែជាមជ្ឈមណ្ឌលប្រតិបត្តិសាសនាដ៏សំខាន់នាសម័យអង្គរ ដោយមានសំណង់សាសនាបន្ថែម និងជួសជុលសំណង់ដែលមានស្រាប់នៅទីនោះសម្រាប់គោរពបូជាជាបន្តបន្ទាប់។ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានស្ថាបនាឡើងជាហូរហែរអស់រយៈពេលជាច្រើនសម័យកាល ដែលរំលេចឲ្យឃើញតួប្រាសាទ ព្រះបដិមារស្នាដៃសិល្បៈជាច្រើនទៀត ហើយបានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជានាពេលសព្វថ្ងៃនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះមហាក្សត្រ យាងអុជបំភ្លឺភ្លើងជ័យ អបអរសាទរខួប៧១ឆ្នាំ ដែលកម្ពុជាដណ្តើមបានឯករាជ្យ...

ខួប៧១ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បាន​រំដោះ​ខ្លួន​ទាំងស្រុងចេញពីអាណានិគមបារាំង និងដណ្តើមបានសិទ្ធិសេរីភាពពេញលេញត្រឡប់​មក​វិញ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា