សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទសារព័ត៌មាន ក្រោយចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត

CNV:

ប្រកាសបើកជាផ្លូវការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩

អស់លោក លោកស្រី លោកជំទាវតំណាងអង្គការសុខភាពពិភពលោក, លោកជំទាវតំណាងអង្គការ UNICEF ប្រចាំព្រះរាជាណាចក្រកម្ពុជា

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមចាក់វ៉ាក់សាំង ជាមួយនឹងភរិយារបស់ខ្ញុំ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត ហើយក៏យកឱកាសនេះ ដើម្បីប្រកាសបើកជាផ្លូវការនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩។ ហេតុអ្វីបានជាយើងត្រូវយកថ្ងៃនេះ ធ្វើជាថ្ងៃប្រកាសបើកជាផ្លូវការនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ នៅពេលដែលយើងបានចាក់លើចំនួនមនុស្សរហូតទៅ​ ១២៥,០០០ ជាងរួចទៅហើយ ដោយប្រើវ៉ាក់សាំង Sinopharm​ របស់សា​ធារណរដ្ឋប្រជាមានិតចិន? បញ្ហាសិ្ថតនៅត្រង់ថា ពេលដែលយើងចាប់ផ្ដើមចាក់វ៉ាក់សាំងនៅថ្ងៃទី ១០ ខែកុម្ភៈ ពេលនោះមិនមានគ្របដណ្ដប់ទៅលើមនុស្សទូទៅទេ។ វ៉ាក់សាំងនោះ (Sinopharm) បានគ្របដណ្ដប់ត្រឹមតែអ្នកមានអាយុពី ៥៩ ឆ្នាំចុះក្រោមតែប៉ុណ្ណោះ។ ប៉ុន្តែ ថ្ងៃនេះ ជាមួយនឹងវត្តមានរបស់វ៉ាក់សាំង AstraZeneca ដែលទទួលបានពីអង្គការ​សុខភាពពិភពលោក តាមរយៈ COVAX គឺយើងមានលទ្ធភាពគ្របដណ្ដប់អ្នកដែលមានអាយុក្រោម ៥៩ ឆ្នាំផង និងមានលទ្ធភាពគ្របដណ្ដប់ទៅលើអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំផងដែរ។​

មុនចូលឆ្នាំខ្មែរ Sinopharm ៤០ ម៉ឺនដូសទៀតនឹងមកដល់កម្ពុជា

ខ្ញុំសូមជម្រាបជូនថា មកដល់ពេលនេះ យើងបានទទួលវ៉ាក់សាំងចំនួន ២ ប្រភេទ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយ៖ ទី១ វ៉ាក់សាំងមកពីប្រទេសចិន មានឈ្មោះថា Sinopharm មាន ៦០ ម៉ឺនដូស ហើយ​តាមព័ត៌មានដែលយើងបានទទួល គឺមុនចូលឆ្នាំខ្មែរនេះ នឹងមក ៤០ ម៉ឺនដូសទៀត គ្រប់ ១ លានដូស។ អាចនឹងមានលទ្ធភាពបានលើសពីនេះ ដោយសារតែខ្ញុំបានជួបជាមួយនឹងអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ០១ មីនា ក្នុងពេលដែលដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែ ទៅប៉េកាំងនោះ ថាជាមួយនឹងការរៀបចំ ៤០ ម៉ឺនដូសមានក្នុងដៃរួចហើយនោះ កំពុងតែរៀបចំបន្ថែមទៀត។ ដូច្នេះ ប្រ​ហែលជាមានលទ្ធភាពអាចបានលើសពីនោះ។ ឯទី ២ យើងបានទទួលវ៉ាក់សាំងពីមជ្ឈមណ្ឌល COVAX ដែលជាអង្គការមួយ នៃអង្គការសុខភាពពិភពលោក ហើយដែលមានចំនួន ៣២៤ ០០០ ម៉ឺនដូស ដែលចាត់ទុកថា ជាដំណាក់កាលទី ១ នៅក្នុងចំណោម ១ លានដូស ដែល COVAX នឹងផ្ដល់ឱ្យយើងនៅក្នុងឆមាស​ទី ១ ឆ្នាំ ២០២១ នេះ។

វ៉ាក់សាំង Sinopharm សំរាប់មនុស្សអាយុ ៥៩ ឆ្នាំចុះក្រោម

ខ្ញុំគួរតែរំលឹកបន្ដិច ដើម្បីឱ្យយើងជ្រះស្រឡះជាមួយគ្នាអំពីបញ្ហាថា ហេតុអ្វីបានជាកាលពីថ្ងៃ ១០ កុម្ភៈ ខ្ញុំមិនបានទទួលចាក់វ៉ាក់សាំង នៅដែលពេលនោះ ខ្ញុំបានរៀបចំដើម្បីចាក់រួចទៅហើយ។ មានមនុស្សមួយចំនួនថា មេដឹកនាំកម្ពុជាជៀសវាងការចាក់វ៉ាក់សាំងរបស់ចិន ដែលអាចមានហានិភ័យ រហូតទៅដល់គ្រោះថ្នាក់។ ខ្ញុំសូមបញ្ជាក់ជូនថា វ៉ាក់សាំង Sinopharm តម្រូវឱ្យចាក់សម្រាប់មនុស្សដែលមានអាយុ ៥៩ ឆ្នាំចុះក្រោម។ យើងបានព្យាយាមទាក់ទងបញ្ហានេះ តាមរយៈក្រសួងការពារជាតិផង​ និងតាមរយៈលោកជំទាវ យក់ សម្បតិ្ត ទៅក្រុមហ៊ុន Sinopharm របស់ចិនផង។ អ្វីដែលធំជាងនេះ គឺនៅត្រង់ថា លិ​ខិត​របស់ការិយាល័យសេដ្ឋកិច្ច​ និងពាណិជ្ជកម្មរបស់សាធារណរដ្ឋប្រជាមានិតចិនរបស់ស្ថានទូតនៃសា​ធារ​ណរដ្ឋប្រជាមានិតចិន បានបញ្ជូនមកឱ្យយើងអំពីប្រសិទ្ធភាព និងមិនមានប្រសិទ្ធភាពសម្រាប់អ្នកដែលមានអាយុលើ ៥៩ ឆ្នាំនោះទេ។ យើងចង់ស្នើឱ្យមិត្តចិន ដកត្រឡប់ទៅវិញនូវលិខិតនេះ ក៏ប៉ុន្តែមិត្តចិនមិនត្រឹមតែមិនបានដកទេ ថែមទាំងដាក់កំណត់ទូតមួយមកថែមទៀត។ ដូច្នេះបញ្ជាក់ថា​ ប្រសិនបើយើងចាក់វ៉ាក់សាំងនោះ គឺយើងត្រូវទទួលខុសត្រូវខ្លួនឯង។ ដូច្នេះ ម្ខាងយើងត្រូវគោរពនូវបញ្ញត្តិទាក់ទិន នឹងប្រទេសដែលផលិតវ៉ាក់សាំង ក្រុមហ៊ុនដែលផលិតវ៉ាក់សាំង និងស្ថានទូតដែលជាអ្នកតំណាងឱ្យប្រទេសមួយនោះ បានផ្ដល់ព័ត៌មានសម្រាប់យើង។ ដូច្នេះ បានជាយើងសម្រេចចិត្តពន្យារទាំងអស់នូវមនុស្សមានអាយុ ៦០ ឆ្នាំឡើង សម្រាប់ការចាក់ (វ៉ាក់សាំង Sinopharm)។

វ៉ាក់សាំងមកដល់កម្ពុជាដំបូង ជាសមភាគីនាយករដ្ឋមន្ត្រី

មួយទៀត​ ខ្ញុំគួរតែនិយាយថា មានការធ្វើអត្ថាធិប្បាយច្រើនណាស់ជុំវិញបញ្ហាវ៉ាក់សាំង ផុតពីរឿងមួយដល់រឿងមួយ។ គ្រាន់តែខ្ញុំមិនទៅទទួលវ៉ាក់សាំងដែលជាជំនួយពីអង្គការសុខភាព​ពិភពលោក តាមរយៈតំណាងអង្គការសុខភាពពិភពលោក និងតំណាង UNICEF ដែលត្រូវប្រគល់នៅទីនេះ (កាលពីថ្ងៃទី ០២ កុម្ភៈ) គេចាត់ទុកថា ខ្ញុំមានការរើសអើង។ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់នៅទីនេះឱ្យបានជ្រាបថា ខ្ញុំបានចាត់ទុកវ៉ាក់សាំង (មិនថាវ៉ាក់សាំងរបស់ប្រទេសណា ឬក្រុមហ៊ុនណាក៏ដោយ)ដែលមកដល់លើកដំបូងនេះ ស្មើនឹងសមភាគីរបស់ខ្ញុំ។ គឺជាទម្លាប់ធម្មតា ខ្ញុំចេញទៅទទួលកាលពីពេលមុននៅឯព្រលានយន្តហោះតែថ្នាក់នាយករដ្ឋមន្រ្តី ព្រះរាជទាយាទ ឬព្រះអង្គម្ចាស់នៃប្រទេសនានាតែប៉ុណ្ណោះ។ អញ្ចឹងខ្ញុំទទួល។ (មានការ) ប្រៀបធៀបភ្លាម រវាងការដែលខ្ញុំចេញទៅទទួលវ៉ាក់សាំងរបស់ចិនដែលបានមកដល់ ប៉ុន្តែខ្ញុំមិនបានចេញទៅទទួលវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក ក៏គេធ្វើការរិះគន់ដែរ។ តែខ្ញុំសូមបញ្ជាក់ថា បើសិនជា​វ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោកបានមកដល់មុន ខ្ញុំក៏ចេញទៅទទួលមុន ជាលើកទី ១ ដែរ ប៉ុន្តែបើសិនជានាយករដ្ឋមន្រ្តីចេញគ្រប់តែពេល គឺមិនចាំបាច់ធ្វើអីទេ។ អញ្ចឹងទេ រដ្ឋមន្រ្តីតំណាងឱ្យ​នាយក​រដ្ឋមន្រ្តី ទៅទទួលនៅទីនោះ គ្រប់គ្រាន់ហើយ។​

ចិនមិនដែលសុំកម្ពុជាកុំទាក់ទង កុំទទួលជំនួយពីអ្នកនេះពីអ្នកនោះឡើយ

មួយទៀត មានការធ្វើអត្ថាធិប្បាយថា លោក ហ៊ុន សែន ច្បាស់ជាមិនហ៊ានចាក់វ៉ាក់សាំងដែលមានប្រភពដើមពីប្រទេសអង់គ្លេសនេះទេ ដោយខ្លាចចិនខឹង។ នេះជាការធ្វើអត្ថាធិប្បាយខ្លះ ដែលខ្ញុំទទួលបាន ក៏ប៉ុន្តែខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ កម្ពុជាមិនធ្លាប់ទទួលនូវការទូន្មានរបស់នរណា ហើយក៏មិនទទួលយកការទូន្មានរបស់នរណា។ ខ្ញុំធ្លាប់ធ្វើការជាមួយនឹងចិនអស់រយៈពេលជិត ៣០ ឆ្នាំរួចមកហើយ ចិនមិនដែលនិយាយជាមួយនឹងខ្ញុំថា សុំកុំទាក់ទងជាមួយនឹងប្រទេសនេះ សុំកុំទាក់ទងជាមួយនឹងប្រទេសនោះ​ សុំកុំទទួលជំនួយពីអ្នកនេះ សុំកុំទទួលជំនួយពីអ្នកនោះ គឺអត់ទេ។ អ្នកខ្លះគិតថា លោក ហ៊ុន សែន មិនហ៊ានទទួលយកវ៉ាក់សាំងដែលផ្ដល់ដោយអង្គការសុខភាពពិភពលោក ហើយដែលមានប្រភពដើមចេញពីប្រទេសអង់គ្លេស ដែលត្រូវផលិតនៅប្រទេសឥណ្ឌានោះទេ ដោយសារខ្លាចចិនខឹង។ ក៏ប៉ុន្តែរឿងនេះ វាជារឿងធម្មតាណាស់។ បញ្ហាទាក់ទិននឹងវិទ្យាសាស្រ្តបច្ចេកទេស វាមិនមែនជាបញ្ហានយោ​បាយនោះទេ។ ជាក់ស្ដែង ខ្ញុំបានទទួលរួចមកហើយនូវ(ការចាក់)វ៉ាក់សាំងព្រឹកមិញនេះ រួមមានទាំងភរិយារបស់ខ្ញុំ។

អរគុណសាធារណរដ្ឋប្រជាមានិតចិន, អរគុណប្រទេសនានា ផ្ដល់ជំនួយសំរាប់វ៉ាក់សាំងដល់កម្ពុជា

នៅក្នុងឱកាស​នៃការទទួលវ៉ាក់សាំងនៅថ្ងៃនេះ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ ដើម្បីថ្លែងអំណរគុណសាជាថ្មីម្ដងទៀត ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ឱ្យយើងនូវជំនួសវ៉ាក់សាំងសម្រាប់ការចាក់ក្នុងជំហានដំបូងនេះ ចំនួន​ ៦០ ម៉ឺនដូស​ ហើយនិងមកបន្តទៀតនៅមុនចូលឆ្នាំខ្មែរនេះ ចំនួន ៤០ ម៉ឺនដូស សរុបទាំងអស់ ១ លានដូស។ តែខ្ញុំកំពុងតែរំពឹងគិតថា នឹងមានលើស ១ លានដូស ដែលនឹងត្រូវមកដល់កម្ពុជា។ ខ្ញុំសូមអរគុណចំពោះដៃគូរបស់យើង មានអង្គការសុខភាពពិភពលោក មាន UNICEF ក៏ដូចជាអរគុណចំពោះប្រទេសនានា ដែលបានផ្ដល់ជំនួយតាមរយៈអង្គការសុខភាពពិភពលោក សម្រាប់ការផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជា។ ក្នុងហ្នឹង ក៏មានសហរដ្ឋអាមេរិក ដែលទើបនឹងវិលត្រឡប់ចូលទៅក្នុងអង្គការសុខភាពពិភពលោកវិញ បានផ្ដល់ថវិការហូតទៅដល់ ៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលផ្ដល់ឱ្យមជ្ឈមណ្ឌល COVAX ឬអង្គការសុខភាពពិភពលោក​មានលទ្ធភាពកាន់តែច្រើន សម្រាប់ការទិញវ៉ាក់សាំងផ្ដល់ជូនចំពោះប្រទេសក្រីក្រ ខ្វះខាត ប្រមាណ ៩២ ប្រទេសដែលមានការលំបាក។

កម្ពុជា ជាប្រទេសទីមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ទទួលបានវ៉ាក់សាំង AstraZeneca ពី WHO

សម្រាប់កម្ពុជា មានលក្ខណៈពិសេសមួយនៅត្រង់ថា តំបន់អាស៊ីប៉ាស៊ីហ្វិកនេះ គឺកម្ពុជាជាប្រទេសទីមួយ ដែលទទួលបានវ៉ាក់សាំង (AstraZeneca ពីមជ្ឈមណ្ឌល COVAX មុនគេ)។ បើយោងទៅលើការសិក្សារបស់ខ្ញុំ ដែលបានទទួល នៅពេលដែលកម្ពុជាទទួលវ៉ាក់សាំងនៅល្ងាចថ្ងៃទី ០២ ខែមីនា មានប្រទេសតែ ០៥ ប៉ុណ្ណោះនៅលើពិភពលោក ដែលទទួលបានវ៉ាក់សាំងនេះ។ នេះជាការផ្សាយដោយ Channel News Asia គឺរួមមានប្រទេស Ghana, ប្រទេស Côte d’lvoire, ប្រទេស Angola, ប្រទេស Congo និងប្រទេសកម្ពុជា។ គឺមានតែ ៥​​ ប្រទេសទេ​​។ ប៉ុន្តែព្រឹកមិញ ខ្ញុំបានមើលទូរទស្សន៍ផ្សាយថា ប្រទេស Uganda នៅជាប់ប្រទេស Tanzania បានទទួលវ៉ាក់សាំងនេះដែរ។ មិនដឹងថាប៉ុន្មានប្រទេសទេ ប៉ុន្តែខ្ញុំសុំបញ្ជាក់ជូនថា តំបន់អាស៊ីប៉ាស៊ីហ្វិកនេះ គឺប្រទេសកម្ពុជា ជាប្រទេសទីមួយដែលទទួលបានវ៉ាក់សាំង(ពី WHO) ក្រៅពីនោះគឺមានតែនៅបណ្ដាប្រទេសនៅអាហ្វ្រិកតែប៉ុណ្ណោះ ដែលទទួលបានវ៉ាក់សាំង(ពី WHO)។ ប៉ុន្តែការនិយាយយ៉ាងដូច្នេះ ប្រហែលអ្នកធ្វើអត្ថាធិប្បាយខ្លះគិតថា ដោយសារតែប្រទេសកម្ពុជាក្រីក្រជាងគេ យ៉ាប់យឺនជាងគេ ទើបគេឱ្យមុន ថាម៉េចក៏ថាបាន។ ខ្ញុំសូមអរគុណចំពោះតំ​ណាងអង្គការសុខភាពពិភពលោក ក៏ដូចជាតំណាងអង្គការ UNICEF និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្ដល់លទ្ធភាពឱ្យកម្ពុជាទទួលបាននូវវ៉ាក់សាំង ដែលគ្របដណ្ដប់ទាំងអ្នកមានអាយុក្រោម ៥៩ ឆ្នាំ និងលើ ៦០ ឆ្នាំ។

កម្ពុជានឹងទទួលបានវ៉ាក់សាំង ៧ លានដូស ពីអង្គការសុខភាពពិភពលោក

ឥឡូវនេះ នៅពេលខាងមុខនេះ យើងនឹងអាចមានលទ្ធភាពទទួលវ៉ាក់សាំងពី COVAX ពីអង្គការសុខភាពពិភពលោក ដែលតាមគម្រោងដើមគឺផ្ដល់ ២០ ភាគរយនៃចំនួនប្រជាពលរដ្ឋ។ អញ្ចឹងបើ ២០ ភាគរយនៃចំនួនប្រជាពលរដ្ឋ គឺយើងនឹងមានវ៉ាក់សាំង(ចាក់ឱ្យប្រជាពលរដ្ឋ) ៣.២០០.០០០ នាក់ ស្មើនឹង ៦.៤០០.០០០ ដូស។ តាមអ្នកដែលធ្វើការទាក់ទងនឹងក្រុមការងារវ៉ាក់សាំងនេះថា យើងអាចនឹងទទួលបានវ៉ាក់សាំងរហូតដល់ ៧ លានដូស ប៉ុន្តែទៅតាមដំណាក់មួយៗ។ អ្វីដែលយើងជឿជាក់ នៅក្នុងត្រីមាសទី ១ នេះ យើងអាចនឹងទទួលបានវ៉ាក់សាំងបន្ថែមចំនួនជាង ១ លានដូស។ ​

វ៉ាក់សាំងពី COVAX តម្រង់ឆ្ពោះ ៣ ខេត្តសំខាន់ គឺភ្នំពេញ កណ្ដាល និងព្រះសីហនុ

បន្តទៅទៀត ខ្ញុំគួរតែត្រូវចាប់ផ្ដើមបញ្ជាក់ទាក់ទិននឹងការរៀបចំ​ បែងចែក និងធ្វើកិច្ចការបន្ត ជាមួយនឹងរឿងវ៉ាក់សាំងនេះ។ ដំបូង ខ្ញុំសូមបញ្ជាក់ថា គិតត្រឹមល្ងាចម្សិលមិញនេះ កម្ពុជាបានចាក់វ៉ាក់សាំងឱ្យប្រជាពលរដ្ឋរបស់ខ្លួនចំនួន ១២៥.៦៦៨ នាក់ ក្នុងនោះយោធា និងនគរបាលចំនួន ៨៤.៧៥៨ នាក់ ដែលចាក់ដោយ(ពេទ្យ)កងទ័ព។ កងទ័ពមានតួនាទីចាក់ឱ្យកងទ័ពផង និងចាក់ឱ្យកម្លាំងនគរបាលផង។ ស៊ីវិល និងនគរបាល ដែលចាក់ដោយក្រសួងសុខាភិបាលមានចំនួន ៤០.៩១០ នាក់។ នគរបាលយើងបែងចែកជា ២ នគរបាលដែលនៅខាងក្នុងត្រូវចាក់ដោយក្រសួងសុខាភិបាល ​ឯនគរបាលដែលនៅជាប់ខ្សែព្រំដែនត្រូវចាក់ដោយកងទ័ព។ ឥឡូវនេះ ចំនួនវ៉ាក់សាំងដែលមកដល់របស់ COVAX ៣២៤.០០០ ដូសនេះ គឺយើងតម្រង់ឆ្ពោះទៅលើខេត្ត ៣ សំខាន់ ដោយខេត្តនោះកំពុងស្ថិតនៅក្នុងហានិភ័យនៃការឆ្លង ទី ១ គឺទីក្រុងភ្នំពេញ ទី ២ ខេត្តកណ្ដាល និងទី ៣ ខេត្តព្រះសីហនុ ដែលព្រឹកមិញនេះវ៉ាក់សាំងទាំង ២ ប្រភេទបានចេញដំណើរទៅ(ខេត្តព្រះសីហនុ) ទាំង Sinopharm ផង និងទាំង AstraZeneca ផង​​ …។

លើកនេះ យកគោលការណ៍ចាក់វ៉ាក់សាំងប្រជាពលរដ្ឋ និងមន្រ្តីមូលដ្ឋាន អាយុលើស ៦០ ឆ្នាំ

ការចាក់លើកនេះ គឺខ្ញុំសូមបញ្ជាក់ជូនថា អ្វីដែលជាគម្រោង ហើយដែលខ្ញុំបានពិភាក្សាជាមួយនឹងក្រសួងសុខាភិបាល ការចាក់លើកនេះ គឺមិនមែនជាការចាក់សម្រាប់តែមន្រ្តីនោះទេ។ ខ្ញុំសូមស្នើឱ្យក្រសួងសុខាភិបាលរៀបចំចាក់ជូនប្រជាពលរដ្ឋ និងមន្រ្តីមូលដ្ឋានដែលមានអាយុ ៦០ ឆ្នាំឡើងលើជាការបន្ទាន់​។ តាមការប៉ាន់ស្មានរបស់ខ្ញុំ យើងអាចប្រើប្រាស់​ក្នុងរង្វង់ ១០ ម៉ឺន​ ទៅ ១៣ ម៉ឺននាក់ សម្រាប់ការចាក់នៅទីក្រុងភ្នំពេញ និងមួយចំនួនដែលព័ទ្ធជុំវិញភ្នំពេញ គឺខេត្តកណ្ដាល និងមួយចំនួនគឺអ្នកនៅខេត្តព្រះសីហនុ ប៉ុន្តែ ត្រូវជ្រើសរើសយកតែមនុស្សអាយុលើសពី ៦០ ឆ្នាំឡើងតែប៉ុណ្ណោះ។ អញ្ចឹងប្រជាពលរដ្ឋអាចនឹងទទួលបាន និងមន្រ្តីមូលដ្ឋាន គាត់ក៏ជាប្រជាពលរដ្ឋដែរ ដូចជាមេភូមិ ឬថ្នាក់ឃុំអីជាដើម។ អញ្ចឹង ចំនួននេះមិនច្រើនទេ ប៉ុន្តែប្រជាពលរដ្ឋអាចមានច្រើនជាង។ យើងជ្រើសរើសយកប្រជាពលរដ្ឋដែលមានអាយុលើសពី ៦០ ឆ្នាំ យកមកចាក់ដំបូង ដោយសារយើងមានចំនួនតិច ហើយម្យ៉ាងទៀតដោយសារតែវ៉ាក់សាំងនេះត្រូវផុតសុពលភាពត្រឹមថ្ងៃទី ២៧ ខែ ៦(មិថុនា) ឆ្នាំ ២០២១។

… ខ្ញុំមិនមែនគ្រូពេទ្យទេ ប៉ុន្តែ យ៉ាងហោចណាស់មុននឹងខ្ញុំមកនិយាយនៅកន្លែងនេះ ខ្ញុំត្រូវតែដឹង។ Sinopharm មានរយៈពេល ១ ឆ្នាំ ប៉ុន្តែ AstraZeneca បើយោងទៅលើដបបញ្ជាក់ថា ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២១ គឺហួសដេឡេ។ អញ្ចឹងទេ ខ្ញុំស្នើឱ្យមានការប្រញាប់ប្រញាល់នៅក្នុងការចាក់វ៉ាក់សាំងនេះ ដែលឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានវាយទៅសុំសំណើថា ប្រើពេល ៤ សប្ដាហ៍។ ភាពខុសគ្នានៅកន្លែងនេះវានៅចំណុចអញ្ចេះ AstraZeneca ​មានរយៈពេលពីដូសទី ១ ទៅកាន់ដូសទី ២ មានរយៈពេល ៤ សប្ដាហ៍ ៨ សប្ដាហ៍ និង ១២ សប្ដាហ៍។ ឯសម្រាប់ខ្ញុំជ្រើសរើសយក ៨ សប្ដាហ៍ បានសេចក្ដីថា ថ្ងៃនេះ ថ្ងៃទី ៤ មីនា អញ្ចឹងខ្ញុំទៅយកដូសទី ២ នៅថ្ងៃទី ២៩ ខែមេសា។ ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋ ដោយសារតែយើងត្រូវធ្វើការប្រញាប់ គឺអាចបន្ថយមកនៅត្រឹម ៤ អាទិត្យ គឺយើងចាក់ដូសទី ២ តែម្ដង សម្រាប់ប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌ ៣ ខេត្តនេះ។

មន្រ្តីការទូត សហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុ ក្រៅរដ្ឋាភិបាល ចាក់វ៉ាក់សាំង AstraZeneca

នេះគឺជាការខិតខំប្រឹងប្រែងរបស់យើងដើម្បីឱ្យដំណើរការវ៉ាក់សាំងនេះ គឺបានទៅដល់ប្រជាជន។ ខ្ញុំប៉ាន់ស្មានថា ចំនួនអ្នកដែលទទួលវ៉ាក់សាំង ប្រជាពលរដ្ឋ និងមន្រ្តីមូលដ្ឋាន ក្នុង ៣ ខេត្តនេះ យើងអាចប្រើប្រាស់ក្នុងរង្វង់ ១០ ម៉ឺន ទៅ ១៣ ម៉ឺននាក់ ស្មើនឹង ២០ ម៉ឺន ទៅ ២៦ ម៉ឺនដូស។ ​ឯក្រៅពីនោះ យើងត្រូវឱ្យអាទិភាពចាក់ទៅលើមន្រ្តីមួយចំនួន បូករួមជាមួយនឹងអ្នកការទូត មន្ត្រីអង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលបរទេសនានា ដែលកំពុងនៅកម្ពុជា។ ប៉ុន្តែនៅកន្លែងនេះ ខ្ញុំសូមបញ្ជាក់បន្តិច មានករណីលើកលែងនៅត្រង់ថា មន្រ្តីការទូត ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ស្ថាប័នហិរញ្ញវត្ថុដូចជា IMF ធនាគារពិភពលោក ធនគារអភិវឌ្ឍន៍អាស៊ី និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផ្សេងទៀត ដែលពុំមានលទ្ធភាពវិលត្រឡប់ទៅស្រុកដើម្បីរកវ៉ាក់សាំងនោះ ត្រូវប្រើប្រាស់វ៉ាក់សាំង AstraZeneca នេះតែម្ដងទៅ។ សូមជម្រាបជូនទៅតំណាងខាងក្រុមអង្គការសហប្រជាជាតិឱ្យបានជា្រប ហើយរៀបចំផែនការចាក់វ៉ាក់សាំងនេះតែម្ដង ដោយមិនចាំបាច់កំណត់អាយុទេ។ ខ្ញុំផ្ដល់លទ្ធភាពបែបនេះ ព្រោះយើងជាម្ចាស់ផ្ទះផ្ដល់ការគួរសមសម្រាប់មន្រ្តីដែលជាដៃគូអភិវឌ្ឍន៍របស់យើង។ ពីម្សិលមិញ ខ្ញុំគិតថា បើសិនជាយើងកំណត់បែបនេះ គឺវាជាការរើសអើងជាមួយប្រជាពលរដ្ឋរបស់ខ្លួន។ ក៏​ប៉ុន្តែ ព្រឹកមិញនេះ ខ្ញុំបានពិភាក្សាឡើងវិញជាមួយនឹងឯកឧត្ដម ម៉ម ប៊ុនហេង ថាដោយសារតែចំនួននេះក៏មិនច្រើនប៉ុន្មានទេ ដូច្នេះអនុញ្ញាតឱ្យមានការជ្រើសរើស។ អ្នកខ្លះជ្រើសរើសយក Sinopharm ទៅ អ្នកខ្លះជ្រើសរើស AstraZeneca ទៅ។

ក៏ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ គឺត្រូវតែកំណត់អាយុ។ អាយុក្រោម ៦០ ឆ្នាំ បានសេចក្ដីថា ៥៩ ឆ្នាំចុះ ទាំងក្នុងរាជរដ្ឋាភិបាល ទាំងព្រឹទ្ធសភា រដ្ឋសភា … ទទួលយក Sinopharm (និង)ចាប់ពី ៦០ ឆ្នាំឡើងលើ ទទួលយក AstraZeneca។ សូម្បីតែកូនខ្ញុំ ខ្ញុំអត់ផ្ដល់លទ្ធភាពឱ្យយក AstraZeneca ទេ។ ចាក់ពីម្សិល កូនពៅប្រុសរបស់ខ្ញុំលើកទី ១ មិនបានចាក់ដោយសារផ្ដាសាយដែលពេទ្យមិនព្រមឱ្យចាក់។ ម្សិលមិញ​ កូនប្រុសពៅមួយ និងកូនប្រសារមួយ មកចាក់នៅទីនេះ គឺយើងមិនបានផ្ដល់វ៉ាក់សាំង AstraZeneca ទេ។ ប៉ុន្តែ មានករណីលើកលែងសម្រាប់ជនបរទេស ដែលជាអ្នកការទូត ដែលជាតំ​ណាង​អង្គការក្រៅរដ្ឋាភិបាលបរទេស តំណាងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដូចជា JAICA ឬអង្គការនានា គឺអនុញ្ញាតឱ្យមានការជ្រើសរើស។

ទាំងពលរដ្ឋកម្ពុជា និងជនបរទេសនៅកម្ពុជា គឺទទួលបានវ៉ាក់សាំងដូចគ្នា និងមិនគិតថ្លៃដូចគ្នា

… សូមបញ្ជាក់ថា យើងចាក់ដោយមិនយកលុយទេ។ ខ្ញុំនឹងប្រកាសគោលនយោបាយនៅថ្ងៃនេះឱ្យបានជ្រាប។ មិនគ្រាន់តែសម្រាប់អ្នកការទូតប៉ុណ្ណោះទេ ជនជាតិបរទេសដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា ត្រូវបានទទួលវ៉ាក់សាំងដូចប្រជាពលរដ្ឋខ្មែរដូចគ្នា ដោយមិនយកប្រាក់។ បើសិនជាយើងទាំងអស់គ្នាគិតតែចាក់ពលរដ្ឋខ្មែរ ដោយមិនចាក់ឱ្យជនបរទេសដែលកំពុងធ្វើការ និងរស់នៅកម្ពុជា ដូច្នេះ​វានឹងបង្កើតបាននូវស្ថានភាពរើសអើងមួយ បូកជាមួយនឹងភាពស៊ាំនៃវ៉ាក់សាំងនេះវាមិនទទួលបានទាំងអស់គ្នា។ អញ្ចឹងទេ ខ្ញុំសូមប្រកាសថា ជនបរទេសទាំងឡាយ ដែលបាននិងកំពុងរស់នៅ និងធ្វើការនៅកម្ពុជា នឹងទទួលបានវ៉ាក់សាំងទៅតាមលំដាប់លំដោយជាមួយនឹងពលរដ្ឋកម្ពុជា។ ប៉ុន្តែ សម្រាប់អ្នកការទូត និងអង្គការក្រៅរដ្ឋាភិបាលបរទេស នឹងទទួលបានមុន ហើយទទួលវ៉ាក់សាំង AstraZeneca នេះផងដែរ។ នេះជាចំណុចដែលខ្ញុំចង់បញ្ជាក់ជូន។

វ៉ាក់សាំងជាមធ្យោបាយគន្លឹះទីមួយ រួមជាមួយការអនុវត្តវិធានការសុខាភិបាល

ឥឡូវនេះ តើទៅខាងមុខយើងត្រូវដោះស្រាយបញ្ហានេះយ៉ាងម៉េច? ដំបូងយើងត្រូវ​និយាយពីតួនាទីជាយុទ្ធសាស្រ្ត និងគន្លឹះរបស់វ៉ាក់សាំងបន្តិចសិន។ ពិតហើយ ខ្ញុំធ្លាប់បាននិយាយហើយថា វ៉ាក់សាំងមិនមែនជាដំណោះស្រាយមាសតែមួយមុខគត់ទេ ប៉ុន្តែវ៉ាក់សាំងគឺជាមធ្យោបាយដោះស្រាយជាយុទ្ធសាស្រ្ត ជាគន្លឹះទីមួយរួមជាមួយការអនុវត្តវិធានការសុខាភិបាល​ ដែលយើងបានដាក់ចេញ ដូចជា ៣ ការពារ និង ៣ កុំ ជាដើម។ ការពង្រឹងសមត្ថភាពការត្រួតពិនិត្យច្រកចេញចូលតាមព្រំដែន ការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងការព្យាបាល ទៅក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ដើម្បីឈានទៅសម្រេចជោគជ័យ​ក្នុង​ការ​ប្រ​យុទ្ធប្រឆាំងនឹងជំងឺនេះ។ ច្បាស់ហើយថា បើយើងពិនិត្យមើលបច្ចុប្បន្ននេះ នៅលើពិភពលោក​ចំ​នួនមានការធ្លាក់ចុះនៃជំងឺឆ្លង គឺវាផ្ដើមចេញពីវត្ដមាននៃវ៉ាក់សាំង។ ​ឥឡូវនេះ បើខ្ញុំមើលអត្ថបទអំពីវ៉ាក់សាំងនេះ មិនទាន់មានអ្នកផ្ដល់ចម្លើយបានថាមានប្រសិទ្ធភាពបានដល់រយៈពេលណាទេ ៦ ខែ ឬ ១ ឆ្នាំ​ ឬ ១ ជីវិត អត់ទាន់មានវ៉ា់ក់សាំងមួយណាឆ្លើយបានថា​មានប្រសិទ្ធភាពរយៈពេលប៉ុន្មាននោះទេ។​ ដូច្នេះ ប្រហែលបន្តិចទៀត នៅតាមវេទិកាអន្ដរជាតិនានា ពីមុននេះ គេនិយាយពីសន្ដិសុខស្បៀង និង​ថាម​ពល ប៉ុន្ដែនៅពេល​ខាងមុខ ខ្ញុំគិតថាប្រសិនបើវ៉ាក់សាំងមានប្រសិទ្ធភាពរយៈ​ពេលខ្លី ហើយជំងឺ​មិនទាន់ស៊ាំ គេនឹងអាចនិយាយពីសុវត្ថិភាពនៃវ៉ាក់សាំងបន្ថែមទៅលើសន្ដិសុខស្បៀង និងថាមពល។ ​នេះជាការគិតរបស់ខ្ញុំទៅលើស្ថានភាពដែលបានកំពុងកើត ហើយពិភពលោកអាចខិតខំរកស៊ី​តែ​ជាមួយទិញវ៉ាក់សាំងទេ កាត់បន្ថយការចំណាយនានាដែលធ្លាប់យកទៅធ្វើផ្លូវ ស្ពាន សាលារៀន មន្ទីរ​ពេទ្យ​ គឺរកលុយបានប្រមូលលុយទិញវ៉ាក់សាំង។

តែសង្ឃឹមស្ថានភាពនឹង(ប្រសើរ) ដោយវាក្លាយ​ជាជំងឺធម្មតាមួយ ដូចជាជំងឺផ្ដាសាយ ជំងឺនេះ ជំងឺនោះ ដែលធ្លាប់មានពីមុនមកក្រោយមកវាទៅ​ជារឿងធម្មតា។ បន់ស្រន់ហើយ ទៅជាអញ្ចឹងទៅចុះ។ បញ្ហាវ៉ាក់សាំងមិនមែនជាបញ្ហាថ្មីទេ​។ ថ្មី​ត្រង់​កូវីដ-១៩ តែប៉ុណ្ណឹងតើ។ ប៉ុន្ដែរឿងវ៉ាក់សាំងជារឿងធម្មតាខ្លាំងណាស់ ដូចជាកូនក្មេងត្រូវ​ចាក់​វ៉ាក់​សាំង​ ប៉ុន្មានខែអីប៉ុន្មានខែ យើងផ្ដល់វ៉ាក់សាំងតែរហូតមកហ្នឹង យើងប្រើប្រាស់វ៉ាក់សាំង​ដើម្បី​បំបាត់ជំងឺគ្រុនស្វិតដៃជើង ជោគជ័យ តាំងពីទសវត្សរ៍ ៩០ ឯណោះ។ អញ្ចឹងបានជាយុទ្ធ​នា​ការ​ចាក់​វ៉ាក់សាំង យើងបានធ្វើរហូតមកមិនមែនជារឿងចម្លែកទេ តាំងក្រោយសម័យ ប៉ុល ពត មានតិច​ធ្វើ​តិច មានច្រើនធ្វើច្រើន។ រហូតដល់ឥឡូវ យើងធានាមិនឱ្យមានជំងឺដូចជាជំងឺគ្រុនស្វិតដៃជើង​ជា​ដើម​។

បើកម្ពុជាម្នាក់ឯងរួចផុតពីជំងឺ ប៉ុន្ដែពិភពលោកមិនទាន់មានសុវត្ថិភាព មិនអាចរស់ម្នាក់ឯងទេ

តែឥឡូវនេះ យើងត្រូវធ្វើរបៀបណា​បានទទួលវ៉ាក់សាំងបន្ថែម ពិតហើយយើងត្រូវទទួល​ស្គាល់ថា បើកម្ពុជាម្នាក់ឯងរួចផុតពីជំងឺសាហាវ ប៉ុន្ដែពិភពលោកទាំងមូលមិនទាន់មាន​សុវត្ថិភាព​យើងម្នាក់ឯង មិនអាចរស់ម្នាក់ឯងទេ លើការជាក់ស្ដែងមានទៅមានមក។ កាលពីប៉ុន្មានអាទិត្យមុន​យើងព្រួយបារម្ភ ពីការហូរចូលនៃជំងឺពីថៃ ដែលឆ្លងរាលដាលពីប្រទេស(អាច)ចូលកម្ពុជា ដែលយើង​បានរៀបចំធ្វើចត្ដាឡីស័ក ដែលឥឡូវក្នុងមណ្ឌលចត្តាឡីស័ក​តាមព្រំដែន គិតត្រឹម​ព្រឹក​មិញជាង ១ ម៉ឺន ៥ ពាន់នាក់​ កំពុងធ្វើចត្តាឡីស័កតាមព្រំដែន។ យើងក៏ព្រួយបារម្ភជំងឺឆ្លងកូវីដ-១៩ ក្នុងប្រទេសវៀតណាម ឆ្លងក្នុងសហគមន៍ ដែលរាលដាលពីភាគខាងជើងដល់ភាគកណ្ដាល និង​ភាគខាងត្បូង។ ប៉ុន្ដែឥឡូវនេះ ថៃ និងវៀតណាមបានគ្រប់គ្រងសភាពការណ៍ហើយ បែរជាផ្ទុះនៅ​កម្ពុជា។ ដូច្នេះ ថៃ និងវៀតណាមក៏ត្រូវប្រយ័ត្នការហូរចេញពីកម្ពុជា ទៅប្រទេសគេដែរ។ រឿង​វាយ៉ាងដូច្នេះ។​ អញ្ចឹងហើយបានទាមទារឱ្យមានកិច្ចសហប្រតិបត្ដិការ ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងក្នុងតំបន់ ​និងពិភពលោកត្រូវធ្វើការជាមួយគ្នា មិនមែនជាពេលវេលាស្ដីបន្ទោសឱ្យអ្នកណានោះទេ តែជាពេលវេលា​សហប្រតិបត្ដិការដើម្បីដោះស្រាយជាមួយគ្នា។

ឥឡូវ មានជនជាតិច្រើន​ណាស់ដែលបានឆ្លងនៅក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមដំបូង មានតាំងពីបារាំង អាមេ​រិក មាន​គ្រប់​ជាតិសាសន៍ ដល់តែឥឡូវឆ្លងក្នុងសហគមន៍មាន ខ្មែរ ចិន វៀតណាម សិង្ហបុរី កូរ៉េ។ ប៉ុន្ដែយើងអត់​ត្រូវ​រើសអើងទេ។ អ្នកណាកើតជំងឺនៅប្រទេសរបស់យើង យើងត្រូវព្យាបាលគេឱ្យជា​រាប់ទាំងអ្នក ដែលត្រូវបណ្ដេញចេញពីកម្ពុជា ក៏ត្រូវតែព្យាបាលឱ្យគេជាសិន ទើបបណ្ដេញចេញបាន​។ បើ​មិន​អញ្ចឹងបណ្ដេញអ្នកជំងឺចេញដោយមិនមានការទទួលខុសត្រូវទៅឆ្លងក្នុងប្រទេសរបស់គេ​គឺមិន​បាន​ទេ។ នេះជាការទទួលខុសត្រូវរបស់យើងនៅចំពោះមុខប្រជាជាតិរបស់ខ្លួនផង និងចំពោះមុខកិច្ចសហប្រតិបត្ដិការក្នុងតំបន់ និងពិភពលោកផងដែរ។ ដូច្នេះយុទ្ធសាស្ដ្ររបស់រាជ​រដ្ឋាភិបាលក្នុងការទទួលវ៉ាក់សាំង ពិតមែនយើងចង់បាន តែយើងក៏មិនភ្លេចនូវអ្នកដែលមាន​ការខ្វះខាត​ផងដែរ។ ដូច្នេះយើងក៏មិនមែនចេះតែទៅប្រមូល ហើយប្រទេសនានា​ ឬជាពិសេស​អង្គការ​សុខភាពពិភពលោកក៏មិនបណ្ដែតបណ្ដោយឱ្យ​ប្រទេសនានាច្បាមយកផ្ដាច់មុខនូវវ៉ាក់សាំង​នោះដែរ។ ដូច្នេះហើយបានជាយើងបានទទួលវ៉ាក់សាំង។

ប្រសិនបើគ្មានអ្វីប្រែប្រួល ក្នុងឆមាសទី ១ យើងនឹងមានវ៉ាក់សាំងប្រមាណជា ៤ លាន ២ សែនដូស

… ខ្ញុំ​សូម​យកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះក្រុមការងារវ៉ាក់សាំង ដែលក្នុងនោះមានការខិត​ខំ​បោះ​ជំហានទៅមុខលឿន ដែលធ្វើឱ្យកម្ពុជាទទួលបានវ៉ាក់សាំង សម្រាប់ដោះស្រាយក្រុមអាទិភាព​ជួរមុខ ហើយពេលនេះបានបន្ថែមដោយវ៉ាក់សាំងសម្រាប់អ្នកមាន​​អាយុ​លើសពី ៦០ ឆ្នាំ គឺ AstraZeneca នេះ បន្ថែមលើ Sinopharm។ អញ្ចឹងនៅពេលខាងមុខ យើង​នឹង​បន្ដ អ្វីដែលជាការរំពឹងទុករបស់យើង។ មុននេះ ខាងឥណ្ឌា … ត្រៀមផ្ដល់ឱ្យ​យើង​មួយសែនដូស។ យើងក៏យក ប៉ុន្ដែយើងស្នើទិញ ១ លានដូស នៅក្នុងខែឧសភា​នេះថែមទៀត។ សម្រាប់ Sinopharm របស់ចិន ក្រៅពីការដឹកមកដល់បន្ថែម (នៅពេលខាងមុខ) ​យើងក៏ស្នើទិញបន្ថែម ១ លានដូស បន្ថែមទៀត។ អញ្ចឹង ប្រសិនបើគ្មានអ្វីប្រែប្រួលទេ នៅក្នុង​ឆមាសទី ១ នេះ ទាំងមានបច្ចុប្បន្ន និងបន្ថែមមក យើងនឹងមានវ៉ាក់សាំង ប្រមាណជា ៤ លាន ២ សែន ដូស ដែលយើងចាក់បានមនុស្សជាង ២ លាន នាក់ ហើយដល់ឆមាសទី ២ សភាព​ការ​ផ្គត់ផ្គង់អាចមានការធូរស្រាលជាងពេលនេះ (អាស្រ័យ)ទៅលើសង្វាក់នៃការផលិត។ ក្រៅពីវ៉ាក់សាំង​ទាំងពីរ​មុខនេះ Sinopharm AstraZeneca យើងក៏កំពុងពិនិត្យមើលនូវវ៉ាក់សាំងដទៃទៀត​ ដូចជាវ៉ាក់​សាំងរបស់រុស្ស៊ី Johnson&Johnson របស់អាមេរិក Novavax របស់អាមេរិក ជាពិសេសខ្ញុំលឺថា​ Johnson&Johnson ចាក់តែមួយដូសទេ។ ប្រសិនបើអញ្ចឹងមែន យើងគួរតែហ៊ាន(ទិញ) ប្រសិន​បើ​មានការចរចាត្រូវការ ព្រោះ បញ្ហានេះអត់ត្រូវការថាយកពីអ្នកនេះ យកពីអ្នកនោះ អ្វីដែលសំខាន់ត្រូវ​រក​វ៉ាក់សាំងចាក់ឱ្យបាន។

ភាពស្របគ្នាក្នុងការបញ្ជាទិញ ជាមួយនឹងការដំណើរការចាក់វ៉ាក់សាំងក្នុងស្រុក

ខ្ញុំមិនចង់ឆ្លើយតបជាមួយអ្នកណាទេ ក៏ប៉ុន្ដែអ្នកខ្លះបាននិយាយថាវ៉ាក់សាំងចិននេះយកមក​សម្លាប់​ប្រជា​​ពលរដ្ឋខ្មែរ។ នេះជារឿងមួយអកុសលសម្រាប់មនុស្សមួយចំនួន ប៉ុន្ដែខ្ញុំចង់ផ្ដាំទៅវិញ​ថា ​បើគង់តែអញ្ចឹង ដដែលសូមអ​បអរសាទរទៅ ដោយសារតែបន្ដិចកងទ័ពរបស់រដ្ឋាភិបាលជិតងាប់​អស់ហើយ ទាំងកងទ័ព ទាំងនគរបាលជិត ២០ ម៉ឺន ងាប់អស់ទៅហើយ។ អញ្ចឹងទេ ដើរមកយក​អំណាចតែម្ដងទៅ ព្រោះអ្នកឯងចង់យកអំណាចដោយផ្ដួលរដ្ឋាភិបាលស្រាប់ហើយតើ … ប៉ុន្ដែ នេះគ្រាន់តែជាការលើកឡើងតាមបែបប្រឆាំងដោយខ្វះការទទួល​​ខុសត្រូវ។ នៅពេលខាងមុខ ខ្ញុំសូមស្នើឱ្យមានការយកចិត្តទុកដាក់ទៅលើបញ្ហាពាក់ព័ន្ធ​ ជាមួយនឹង​ភាពស្របគ្នាក្នុងការបញ្ជាទិញជាមួយនឹងការដំណើរការចាក់វ៉ាក់សាំងក្នុងស្រុក។ អញ្ចឹង AstraZeneca មានសុពលភាពត្រឹមតែ ៦ ខែទេ​ ប៉ុន្ដែលឺថាវ៉ាក់សាំងមួយណានោះ ប្រើបានតែរយៈពេល ៣ ខែទៅទៀត។ បើ ៣ ខែគឺពិបាក។ អញ្ចឹងបានឥឡូវនេះ យើងទទួលបានប្រើប្រាស់នៅក្នុងប្រទេសរបស់យើងដែលលទ្ធភាពខ្ពស់បំផុតគឺ Sinopharm និង Astrazeneca។ អញ្ចឹងក្នុងការបញ្ជាទិញ និងការដឹកជញ្ជូនត្រូវស៊ីសង្វាក់គ្នាជាមួយនឹងកម្លាំងខាងក្នុងសម្រាប់ការចាក់។ បើមិនដូច្នោះវាជាការខ្ជះខ្ជាយ និងជាការប្រមាថមួយ ប្រសិនបើយើងទទួលបានវ៉ាក់សាំងដ៏កម្រ ហើយវ៉ាក់សាំងនោះបែរជាហួសដេឡេ ដោយយើងមិនបានចាក់ទាន់ពេល។ ចំណុចនេះត្រូវរៀបចំឱ្យបានច្បាស់ ដែលខ្ញុំគិតថាត្រូវបង្កើនសមត្ថភាពក្រុមគ្រូពេទ្យ គ្រូពេទ្យយោធា ក្រៅពីចាក់ឱ្យកងទ័ពរួចហើយ ត្រូវបន្តរួមចំណែកចាក់ជូនប្រជាពលរដ្ឋ ជាពិសេសចាក់ក្នុងចំណោមគ្រួសារកងទ័ពខ្លួនឯង គ្រួសារកងទ័ព និងនគរបាល។ ឥឡូវយើងមាន ២ ក្រុមដែលចាក់។ ក្រុមមួយគឺចាក់ឱ្យកងទ័ពបូកនឹងនគរបាល។ ក្រុមនេះនៅបន្តចាក់សម្រាប់ក្រុមគ្រួសារទ័ព និងគ្រួសារនគរបាលតទៅទៀត ហើយនឹងអាចចាក់ជូនប្រជាជនបន្ថែម។ បើសិនជាផ្គង់ផ្គង់វាច្រើន យើងត្រូវពង្រឹងសមត្ថភាពនៃក្រុមគ្រូពេទ្យរបស់យើង ដើម្បីការចាក់វ៉ាក់សាំង ចៀសវាងការខូតខាតវ៉ាក់សាំង ដែលហៅថាវ៉ាក់សាំងហួសដេឡេ ហួសកាលកំណត់នៃការប្រើប្រាស់ ហើយក៏ត្រូវពិនិត្យ​មើលសង្វាក់នៃការផ្គត់ផ្គង់ពីខាងក្រៅ ការដឹកជញ្ជូន និងសង្វាក់នៅខាងក្នុង ឱ្យស៊ីគ្នាទៅលើបញ្ហានេះ។

ក្រៅពីវ៉ាក់សាំង ត្រូវអនុវត្តវិធានការសុខាភិបាលដែលបានដាក់ចេញ

ប៉ុន្តែ អ្វីដែលខ្ញុំចង់និយាយបន្ថែមនៅទីនេះ វ៉ាក់សាំងតែមួយមិនគ្រប់គ្រាន់ទេ។ វិធានការសុខាភិបាល​ដែលយើងបានដាក់ចេញមកនេះ ត្រូវតែទទួលបាននូវការអនុវត្ត។ ប្រជាជនចូលរួម បើមានតែវ៉ាក់សាំងហើយ ប្រជាជនមិនចាក់ (ក៏មិនបានផល)។ ប៉ុន្តែ ឥឡូវមិនមែនប្រជាជនមិនចាក់ទេ ប្រជាជនត្រូវការវ៉ាក់សាំងចាក់ឥឡូវនេះ។ អ្នកដែលគេមិនសប្បាយចិត្តមិនចាក់រឿងរបស់គេ។ យើងដាក់គោលការណ៍ស្ម័គ្រចិត្ត។ ប៉ុន្តែ (នៅ)ឥណ្ឌូនេស៊ី អត់បានទេ។ ផាកផង។ បើមិនចាក់ផាក។ ប៉ុន្តែ យើងដាក់គោលការណ៍ស្ម័គ្រចិត្ត។ អ្នកដែលចាត់ទុកថាវ៉ាក់សាំងមកសម្លាប់មនុស្ស មិនចាំបាច់ចាក់ក៏បានដែរ។ ប៉ុន្តែ យើងមិនចង់ឱ្យគ្នាធ្លាក់ទៅដល់ស្ថានភាពហ្នឹងទេ​។ បើគេគិតខុសហើយ យើងគួរតែតម្រង់ផ្លូវគេឱ្យមករកទីកន្លែងត្រូវ​វិញ។ ខ្ញុំគួរតែបញ្ជាក់ថែមថា បើអ្នកឯងគិតថាចង់ផ្តួលរដ្ឋាភិបាលហើយ ដាក់គោលដៅផ្តួលរដ្ឋាភិបាលហើយ ឱ្យទាហាន ប៉ូលីស បែរកាណុងមករករដ្ឋាភិបាលហើយ ឥឡូវទាហាន ប៉ូលីសជិតងាប់អស់ហើយ ដោយសារតែវ៉ាក់សាំងសម្លាប់ (រាប់ទាំង)កូនលោក ហ៊ុន សែន ជិតងាប់អស់ហើយ បើវាត្រូវងាប់អស់ហើយ ព្រោះកូនលោក ហ៊ុន សែន ចាក់សុទ្ធតែ Sinopharm។ អញ្ចឹងកូនលោក ហ៊ុន សែន​ អស់ហើយតិចទៀត ងាប់ទាំងកូនបង្កើត ងាប់ទាំងកូនប្រសារ ងាប់អស់ពីផ្ទះ …។

ខ្ញុំមិនមែនផ្លែផ្កា តមាត់តកឱ្យអ្នកណា ក៏ប៉ុន្តែកុំឱ្យនិយាយជ្រុលហួស។ ម្យ៉ាងខ្ញុំចង់ពន្យល់ទៅកាន់ប្រជាពលរដ្ឋ។ លទ្ធភាពជាក់ស្តែងរបស់យើង ពិតមែនតែយើងលើកអំពីវ៉ាក់សាំងរបស់រុស្ស៊ី លើកអំពីវ៉ាក់សាំងរបស់អាមេរិក ក៏ប៉ុន្តែលទ្ធភាពជាក់ស្តែងរបស់យើងប្រហែលជាវ៉ាក់សាំងចិន និងវ៉ាក់សាំងអង់គ្លេស ដែលប្រភពដើមរបស់អង់គ្លេស តែគាត់កំពុងផលិតនៅឥណ្ឌា អាចនឹងផលិតនៅថៃ អាចនឹងផលិតនៅកូរ៉េខាងត្បូង មានផលិតនៅកូរ៉េខាងត្បូង គឺជាលទ្ធភាពដែលប្រាកដនិយម ជាមូលដ្ឋានដែលយើងរកសម្រាប់​រយៈពេលដំបូង ហើយបើសិនជាបន្តទៅទៀត ត្រូវការវ៉ាក់សាំងគឺជាប្រភពផ្គត់ផ្គង់យូរអង្វែងសម្រាប់យើង។

គ្មានការចាំបាច់កុំធ្វើដំណើរទៅ/មកពីខេត្តព្រះសីហនុ, អ្នកភ្នំពេញគួរតែនៅក្នុងផ្ទះសិន

ខ្ញុំអំពាវនាវជូនប្រជាពលរដ្ឋ សុំឱ្យចូលរួម ជាពិសេសក្នុងដំណាក់កាលនេះ អំពាវនាវចំពោះប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ សុំឱ្យនៅទីនោះ។ ម្សិលមិញខ្ញុំបាននិយាយជាមួយចៅហ្វាយខេត្ត ក្រុងព្រះសីហនុ យើងមិនអាចបិទបានទេ ដោយសារជាទីក្រុងមួយមានកំពង់ផែទំនិញចេញចូល ក៏ប៉ុន្តែសុំឱ្យប្រយ័ត្នប្រ យែង។ អំពាវនាវចំពោះប្រជាពលរដ្ឋ គ្មានការចាំបាច់កុំអាលធ្វើដំណើរទៅខេត្តព្រះសីហនុ ឯអ្នកនៅក្នុង ខេត្តព្រះសីហនុ សុំកុំអាលចាកចេញមកកាន់កន្លែងផ្សេង ព្រោះវាអាចនាំចម្លងមកតាមផ្លូវជាតិលេខ ៤ អាចឆ្លងទៅខេត្តកែប និងកំពត។ អញ្ចឹងសុំឱ្យរក្សាភាពស្ងប់ស្ងាត់នៅទីនោះ។ ចំពោះនៅទីក្រុងភ្នំពេញនេះ ពិតមែនតែយើងបានត្រួតត្រាសភាពការណ៍ ប៉ុន្តែប្រជាពលរដ្ឋរបស់យើង បើគ្មានការចាំបាច់គួរតែស្ថិតនៅក្នុងផ្ទះសិន ព្រោះនៅពេលដែលផ្ទុះឡើងនៅក្នុងសហគមន៍នេះ ចំនួនអ្នកឆ្លងនៅក្នុងសហគមន៍នេះកើនឡើងដូចជាជាង ៤០០ នាក់ ត្រឹមតែប៉ុន្មានថ្ងៃសោះ។ ចំនួនយើងកាលពីមុន មានត្រឹមតែជាង ៤០០ នាក់ទេ ឥឡូវថ្ងៃនេះឡើងជាង ៩០០ នាក់រួចស្រេចទៅហើយ។ ឆ្លងលឿន ឆ្លងរហ័ស។ ដូច្នេះសុំបងប្អូនប្រយ័ត្នប្រយែង ដើម្បីយើងអាចត្រួតត្រា និងបិទបញ្ចប់ព្រឹត្តិការណ៍នេះ។ ថ្ងៃនេះ យើងមានឆ្លងរហូតដល់ ៣១ ករណី (ដែល)២៨ ករណី គឺជាការឆ្លងក្នុងសហគមន៍ និង ៣ ករណីជាការនាំចូល។ អញ្ចឹងទេ បានជាតម្រូវឱ្យមានការអំពាវនាវសម្រាប់ប្រជាពលរដ្ឋ។ យើងនឹងមិនបិទនៅក្នុងក្របខណ្ឌទូទាំងប្រទេសទេ ប៉ុន្តែអំពាវនាវសម្រាប់អ្នកនៅទីក្រុងភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ជៀសវាង បាននូវការចល័តមនុស្ស​។ សាលារៀនព្រឹកមិញនេះ នៅពេលដែលខ្ញុំមកដល់ពេលនេះ គឺរដ្ឋមន្ត្រីក្រសួងអប់រំ ស្នើពន្យារការបិទសាលារៀននៅខេត្តទាំង ៣ នេះបន្តទៀត។ ខ្ញុំបានយល់ព្រម។ មិនទាន់អាចបើកបានទេ ប៉ុន្តែសាលារៀននៅខេត្តដទៃទៀត អាចបន្តការសិក្សាធម្មតា។

ធ្វើវិសោធនកម្មអនុក្រឹត្យផង រៀបចំអនុក្រឹត្យថ្មីមួយផង

យើងមិនទាន់ប្រាកដថា តើព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នេះ វាចប់នៅមុនចូលឆ្នាំអត់ទេ? នេះជាបញ្ហាដែលយើងកំពុងបារម្ភថែមទៀត ក្នុងពេលដែលមនុស្សចេះតែចេញពីប្រទេសថៃ ចូលមកកាន់កម្ពុជាមិនឈប់ឈរទាល់តែសោះ។ ចំនួនចេះតែកើនឡើង។ ពិតមែនចេញចេះតែចេញ បូកសរុបទៅប្រមាណជា ៤ ម៉ឺននាក់ ប៉ុន្តែឥឡូវនៅក្នុងមណ្ឌលចត្តាឡីស័កមានចំនួនជាង ១ ម៉ឺន ៥ ពាន់នាក់ ហើយដោយ​សារសង្កេតឃើញថារយៈពេលកន្លងទៅមានការបំពានមួយចំនួន យើងក៏បានប្រើប្រាស់ធ្វើវិសោធនកម្មអនុក្រឹត្យផង រៀបចំអនុក្រឹត្យថ្មីមួយផង។ ប៉ុន្តែ កម្រិតអនុក្រឹត្យថ្មីមួយនេះ មិនអាចអនុវត្តទាន់បានទេ។ ដូច្នេះ បានជារាជរដ្ឋាភិបាលត្រូវរៀបចំច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត។ យើងឃើញ ថាដូចជាករណីនៃការបំពានការធ្វើចត្តាឡីស័កនៃសណ្ឋាគារសុខា ដោយស្ត្រីជនជាតិចិន ២ នាក់ ស៊ុំគ្រលំ ជាមួយនឹងសន្តិសុខសណ្ឋា​គារបញ្ចេញ តើត្រូវដាក់ទោសគេយ៉ាងម៉េច? យើងអត់ទាន់មានច្បាប់។ ដូច្នេះ យើងត្រូវធ្វើច្បាប់។ អ្នកបំពាន អ្នកផ្សំគំនិត ទទួលការផាកពិន័យប៉ុណ្ណា ហើយក្រៅពីទទួលការផាកពិន័យ តើអាចមានទោសអីទៀត? ត្រូវជាប់គុកទេ? អនុក្រឹត្យមិនអាចកំណត់ឱ្យគេជាប់គុកបានទេ។ ពិន័យអន្តរកាលបាន។ ប៉ុន្តែ មិនអាចឱ្យគេជាប់គុកបានទេ។ ឯច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ក៏មិនអាចអនុវត្តបាននៅក្នុងស្ថានភាពបច្ចុប្បន្នដែរ។ អញ្ចឹង ម្ខាងយើងប្រើវិធានការអប់រំ ម្ខាងយើងប្រើវិធានការរដ្ឋបាល និងម្ខាងទៀតយើងក៏ត្រូវប្រើច្បាប់ ដើម្បីនឹងធ្វើការគ្រប់គ្រង់ទៅលើជំងឺនេះផងដែរ។

នេះជាអ្វីដែលខ្ញុំចង់លើកនៅពេលនេះ។ ខ្ញុំផ្តល់ឱកាសសម្រាប់អស់លោកអ្នកសារព័ត៌មានអាចផ្តល់នូវសំណួរ … ហើយបន្ទាប់ទៅគឺខ្ញុំនឹងឆ្លើយនូវសំណួរអ្វីដែលយើងអាចឆ្លើយបាន។ សុំអញ្ជើញ។

សំណួរ៖ សុំគោរពជម្រាបសួរសម្តេច​ ក៏ដូចជាឯកឧត្តម លោកជំទាវ ហើយនឹងលោកស្រីតំណាងឱ្យអង្គ ការសុខភាពពិភពលោក និងអង្គការ​ UNICEF ក្នុងនាមពលរដ្ឋខ្មែរខ្ញុំក៏សុំគោរពលោកស្រីទាំងពីរដែល ខិតខំនាំវ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាបំផុតក្នុងឱកាសនេះ។ សម្តេច តេជោជាទីគោរព ខ្ញុំបាទ វណ្ណ សារ៉ាយ មកពីខាងអង្គភាពព័ត៌មាន Fresh News ខ្ញុំបានសំណួរ ២ ៣ សំណួរ ដែលជាការសំណូមពររបស់ប្រជាពលរដ្ឋយើងទេ ទី ១ បងប្អូនយើងដែលគាត់នៅក្រៅប្រទេស គាត់បានចោទជាសំណូមពរ និងសួរមកថា ប្រសិនបើគាត់បានចាក់វ៉ាក់សាំងរួចហើយ និងបើគាត់ចូល មកក្នុងប្រទេសកម្ពុជា តើតម្រូវឱ្យគាត់ធ្វើចត្តាឡីស័កទៀតដែរឬយ៉ាងណា?

មួយទៀតជាសំណូមពររបស់និស្សិតខ្មែរយើងដែលគាត់សិក្សានៅប្រទេសចិន ដែលបច្ចុប្បន្នគាត់ត្រឡប់មកពីចិន គាត់នៅខ្មែរយើងតាំងពីកកើត កូវីដ-១៩ ដំបូង ហើយគាត់ថាការសិក្សាអនឡាញរបស់គាត់នៅខ្វះ នៅពេលដែលសិក្សាអំពីបច្ចេកទេស អត់មានឧបករណ៍ពិសោធន៍ ដូចកាលគាត់សិក្សានៅប្រទេសចិនទេ។​ អញ្ចឹងគាត់សំ​ណូម​ពរថា តើពួកគាត់អាចជាជនអាទិភាពដើម្បីបានវ៉ាក់សាំង ហើយអាចមានឱកាសទៅរៀនផ្ទាល់នៅឯប្រ​ទេសចិនដែរឬទេសម្តេចបាទ។

សំណួរខ្ញុំមួយទៀត មកដល់ពេលនេះ ដូចសម្តេចបានលើកឡើងថានៅពេលខាងមុខ ប័ណ្ណចាក់វ៉ាក់សាំងអាចនឹងក្លាយទៅជា​ប័ណ្ណបន្ថែមមួយទៀត សម្រាប់លិខិតឆ្លងដែន ដើម្បីបញ្ជាក់ជាការអនុញ្ញាតចូលប្រទេសណាមួយ។ តើមកដល់ពេលនេះប្រទេសកម្ពុជាអាចនឹងចាប់ផ្តើមគិតពីគោលនយោបាយទប់ស្កាត់ការរីករាលដាល កូវីដ-១៩ អាចនឹងកំណត់ថាអ្នកដែលចូលមកក្នុងប្រទេសកម្ពុជា តម្រូវឱ្យមានប័ណ្ណសំ​គាល់ថាបានចាក់វ៉ាក់សាំងអីដែរឬយ៉ាងណាដែរទេ? សម្តេចអាចនឹងមានគោលនយោបាយកំណត់អីបែបហ្នឹងដែរទេបាទ?

នៅមានសំណួរមួយទៀត ដោយសារតែបច្ចុប្បន្ន ទន្ទឹមនឹងការប្រយុទ្ធប្រឆាំង កូវីដ-១៩ ការបើកសេដ្ឋកិច្ចក៏ជារឿងដែលសម្តេចបានយកចិត្តទុកដាក់ខ្ពស់ផងដែរ។ អញ្ចឹងតើអាចទេថាអ្នកលក់ដូរតាមផ្សារនានា គាត់អាចនឹងទទួលបានវ៉ាក់សាំងជាអាទិភាព ហើយជាពិសេសធុរកិច្ចជនដែលកំពុងរកស៊ីអីៗនៅក្នុងប្រទេសកម្ពុជាហ្នឹង អាចជាជនដែលទទួលបានអាទិភាព ដើម្បីទទួលបានវ៉ាក់សាំងដែរឬទេ ដើម្បីបញ្ចៀសហានិភ័យរបស់គាត់ បាទអរគុណ សម្តេច។

សម្តេចឆ្លើយតប៖ អរគុណចំពោះការលើកឡើងនូវសំណួរនេះ ទី ១ ពាក់ព័ន្ធជាមួយបញ្ហាបងប្អូនខ្មែរយើង ដែលរស់នៅក្រៅប្រទេស បានចាក់វ៉ាក់សាំងហើយ តើមកដល់ក្នុងប្រទេសតម្រូវឱ្យចាក់វ៉ាក់សាំងទៀត ឬក៏ត្រូវធ្វើចត្តាឡីស័ក។ អញ្ចឹងមិញបានភ្ជាប់គ្នាទាំង ២។ ទី ១ ខ្ញុំមិនមែនជាពេទ្យទេ តែខ្ញុំយល់បាន។ ការចាក់វ៉ាក់សាំង បើចាក់នៅក្រៅប្រទេសហើយ ចាំបាច់ចាក់ធ្វើអីទៀត។ អាហ្នឹងមិនមានតម្រូវការឱ្យមកចាក់នៅស្រុកខ្មែរទេ ម្យ៉ាងយើងក៏គ្មានវ៉ាក់សាំងច្រើនសម្រាប់ដើរចាក់ឱ្យអ្នកចូលមកស្រុកខ្មែរទេ បើគេចាក់នៅក្នុងស្រុកគេហើយ មកដល់ស្រុកខ្មែរមិនចាំបាច់មានការចាក់ទេ។ ចំពោះចាក់ ហើយចាំបាច់ធ្វើចត្តាឡីស័ក​ទេ បញ្ហានេះត្រូវទុកពេលវេលានៅពេលក្រោយ។ បញ្ហានេះត្រូវស្ថិតនៅក្នុងក្រប​ខណ្ឌរួមនៃកិច្ចសហប្រ​តិបត្តិការក្នុងទំនាក់ទំនងរួមគ្នា។​ ខ្ញុំគិតថា សម្រាប់ខ្ញុំការធ្វើចត្តាឡីស័កគឺជារឿងចាំបាច់លុះត្រាតែអង្គការសុខភាពពិភពលោកប្រកាសថា អ្នកដែលចាក់វ៉ាក់សាំងហើយមិនបាច់ធ្វើចត្តាឡីស័ក អាហ្នឹងប្រ​ហែលជាយើងអាចលើកបំរាមហ្នឹងទៅតាមការផ្តល់មតិ ឬអនុសាសន៍ ឬការព្រមព្រៀងបែបណាមួយនោះក្នុងការលើកលែងការធ្វើចត្តាឡីស័ក។ ហ្នឹងខ្ញុំឆ្លើយប៉ុណ្ណឹង។ វ៉ាក់សាំងនេះមិនដឹងប្រសិទ្ធភាពវាដល់ណា? នេះទី ១ អាប្រសិទ្ធភាពហ្នឹងម៉្យាងហើយ តែអារយៈពេលប្រសិទ្ធភាពនោះវាដល់ប៉ុន្មាន? តើមនុស្សប៉ុន្មានហើយបានចាក់? អញ្ចឹងចត្តាឡីស័កហ្នឹងខ្ញុំគិតថា ត្រូវទុកពេលសម្រាប់ផ្នែកសុខាភិបាលតាមប្រទេស និងជាពិសេសគឺអង្គការសុខភាពពិភពលោក ធ្វើការកំណត់លើបញ្ហានេះ។

ចំពោះបញ្ហាទី ២ ទាក់ទងនឹងនិស្សិតរៀននៅចិន ឥឡូវខ្ញុំក៏សូមយកឱកាសនេះអំពាវនាវឱ្យនិស្សិតដែលរៀននៅចិន ដែលមិនទាន់បានទទួលវ៉ាក់សាំងហើយត្រូវវិលត្រឡប់ទៅរៀននៅចិនវិញ ឱ្យមកចាក់វ៉ាក់សាំងតែម្តងទៅ ប្រើ Sinopharm ហ្នឹងព្រោះគាត់នៅស្រុកចិនស្រាប់ទៅហើយ។ អញ្ចឹងចាក់ Sinopharm ឱ្យគាត់។ អញ្ចឹងខ្ញុំយកឱកាសនេះអំពាវនាវ។ ខ្ញុំគិតថាអញ្ចេះ​ប្រាប់អញ្ចេះតែម្តងទៅ គ្រប់និស្សិតខ្មែរទាំងអស់ដែលចេញទៅក្រៅប្រទេសគួរត្រូវបានជាអាទិភាពក្នុងការទទួលបានវ៉ាក់សាំង ប៉ុន្តែត្រូវគិតវ៉ាក់សាំងវាមាន ២ ប្រភេទ វ៉ាក់សាំង AstraZeneca រវាងដូសទី ១ និងដូសទី ២ ត្រូវប្រើពេល ៤អាទិត្យ ទៅ ១២ អាទិត្យ ឯចំណែក Sinopharm ប្រើរយៈពេលតែ ១៤ ថ្ងៃទេ។ អញ្ចឹងពួកនិសិ្សតដែលទៅរៀនអាចនឹងទទួលបានរហ័សជាង។ គេអាចទទួលបានវ៉ាក់សាំងពីក្នុងប្រទេសហើយ គឺគេទៅនោះគេមានការការពារខ្លួន។ ប៉ុន្តែឈរលើគោលការណ៍ស្ម័គ្រចិត្ត អញ្ចឹងយើងគួរផ្តល់អាទិភាពឱ្យក្រុមនេះ។ ឥឡូវនេះ បើគិតពីចំ​នួនមនុស្សដែលប្រើមានជាង ១៥ ម៉ឺននាក់។ យើងថា ១៦ ម៉ឺននាក់ទៅចុះ។ ក្នុងចំណោម ៣០ ម៉ឺននាក់ដែលយើងទទួលបានមុននេះ។ អញ្ចឹងវ៉ាក់សាំងនេះនៅសល់។ បន្តិចទៀតថែម Sinopharm មក ៤០ ម៉ឺនទៀត បូកជាមួយ AstraZeneca ជាង ៣០ ម៉ឺននេះ អញ្ចឹងយើងអាចប្រើប្រាស់ផ្តល់អាទិភាពគ្រប់គ្រាន់ ដើម្បីឱ្យពួកនិស្សិតចេញទៅរៀននៅក្រៅប្រទេសមានការការពារខ្លួន។

ទាក់ទងជាមួយប័ណ្ណ។ ប័ណ្ណនេះខ្ញុំគិតថា ប្រហែលជានៅពេលក្រោយមានតម្រូវការហើយ។ អញ្ចឹងបានជាប័ណ្ណនៅក្នុងកម្ពុជានេះត្រូវធ្វើជា ២ ភាសា។ ភាសាខ្មែរផង ភាសាអង់គ្លេសផង ដើម្បីត្រៀមទុកមុន។ ខ្ញុំមិនប្រាកដថានិយមន័យពាក្យដែលខាងអឺរ៉ុបនិយាយប៉ុន្មានថ្ងៃមុនថា លិខិតឆ្លងដែនវ៉ាក់សាំងជាអ្វី? ខ្ញុំមិន​ច្បាស់ទេ ប៉ុន្តែសហភាពអឺរ៉ុបមានការគ្រោងចេញអាហ្នឹង។ អញ្ចឹងទេអាចថ្ងៃក្រោយដែលមិនបានចាក់វ៉ាក់សាំងគឺមិនអាចចូលប្រទេសគេបានក៏អាចថាបាន ក្នុងករណីមានការអនុម័តបែបនោះ ដោយអង្គការសុខភាពពិភពលោក។ ដូចករណីដែលខ្ញុំធ្លាប់ទៅទ្វីបអាហ្វ្រិក។ អម្បាញ់មិញខ្ញុំនឹកឃើញហើយប្រទេស Uganda ដែលទើបនឹងទទួលបានវ៉ាក់សាំងពី COVAX។ ពេលទៅប្រទេសអាហ្រ្វិកមិនបានចាក់ថ្នាំវ៉ាក់សាំងប្រឆាំងនឹងគ្រុនចាញ់លឿង គឺគេមិនឱ្យចូលប្រទេសគេទេ។ អញ្ចឹងបានយើងត្រូវចាក់វ៉ាក់សាំងហ្នឹងទើបធ្វើដំណើរទៅបាន។ អញ្ចឹងនៅពេលខាងមុខ យើងមិនទាន់សន្និដ្ឋានថាវាយ៉ាងម៉េចទេ ប៉ុន្តែសម្រាប់កម្ពុជា យើងនឹងគោរពទៅតាមវិធាននៃអង្គការសុខភាពពិភពលោក។ បើយើងអនុម័តតែឯងក៏វាអត់កើត អញ្ចឹងត្រូវអនុម័តវិធាននេះរួម។

សម្រាប់អ្នកលក់ដូរខ្ញុំចង់ឱ្យសាលាក្រុងភ្នំពេញ ក្នុងចំណោមអ្នកដែលទទួលចាក់ហ្នឹងមានមួយចំនួនក៏មានអាយុ អ្នកលក់ដូរខ្លះអាយុជាង ៦០ ឆ្នាំ យកអ្នកហ្នឹងមកចាក់ ប៉ុន្តែ បើអ្នកលក់ដូរមកចាក់បញ្ជាក់ឡើងវិញកន្លែងហ្នឹង អ្នកដែលមានអាយុក្រោម ៦០ ឆ្នាំ ចាក់ Sinopharm អ្នកដែលមានអាយុលើស ៦០ឆ្នាំ ចាក់ AstraZeneca លើកលែងតែអ្នកការទូតតំណាងរបស់អង្គការសហប្រជាជាតិ និងភ្នាក់ងារមួយចំនួនដែលផ្តល់អាទិភាពក្នុងការជ្រើសរើសតែប៉ុណ្ណោះ។ តំបន់ហានិភ័យបច្ចុប្បន្ននេះគឺមាន ២ ក្រុងភ្នំ​ពេញ ផ្នែកមួយដែលនៅជាប់នឹងទីក្រុងភ្នំពេញរបស់ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលចាំបាច់ត្រូវសម្រុកចាក់វ៉ាក់សាំងនៅកន្លែងនេះ។ ឥឡូវនេះ យើងកំពុងបន្តជំហាន ដើម្បីចាក់ក្រុមជួរមុខដែលយើងកំណត់ប៉ុន្មានសណ្ឋាននោះ ក្នុងនោះមានកម្លាំងប្រដាប់អាវុធ មានក្រុមគ្រូពេទ្យ មានមន្ត្រីពន្ធដារ មានមន្រ្តីខាងគយ មានខាងអនុរក្សពន្ធនាគារ។ យើងមានលំដាប់អាទិភាពរបស់យើង រាប់ទាំងថ្ងៃមុននេះ ចាក់ឱ្យកីឡាករ/ការិនី ដែលនឹងត្រៀមចូលប្រកួតស៊ីហ្គេម ២០២១ នៅវៀតណាមក៏ត្រូវបានទទួលវ៉ាក់សាំង ដើម្បីឱ្យពួកគេបានហ្វឹកហាត់ ហើយភាពស៊ាំប្រឆាំងនៃជំងឺនេះ។ គ្រូបង្រៀនក៏ស្ថិតនៅចង្កោមអាទិភាព។ អញ្ចឹង ខ្ញុំគិតថា មកលើកក្រោយត្រូវសម្រុកក្រៅពីក្រុមគ្រូពេទ្យរួចហើយ និងកម្លាំងប្រដាប់អាវុធគឺសម្រុកទៅរកជួរគ្រូបង្រៀន។ ប៉ុន្តែដោយសារវ៉ាក់សាំងរបស់យើងមកដល់ពេលនេះវាមិនទាន់សម្បូរ ឯក្រុមអ្នកធ្វើធុរកិច្ចស្អីៗនេះយើងត្រូវតាមលំដាប់។ និយាយរួមអត់មានការរើសអើងទេ អ្នកដែលឈរជើងនៅលើទឹកដីខ្មែរ​ទាំងប៉ុន្មាន នឹងទទួលបានវ៉ាក់សាំងទៅតាមលំដាប់អាទិភាពដូចប្រជាជនកម្ពុជា។ សូមអរគុណ! តើមានសំណួរអីទៀតទេ?

សំណួរ៖ បាទសូមគោរពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី និងតំណាងអង្គការសុខភាពពិភពលោក ហើយបងប្អូនសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋកម្ពុជាកំពុងទស្សនាការផ្សាយផ្ទាល់ទាំងនៅក្នុង និងក្រៅប្រទេសផងដែរ។ ខ្ញុំបាទឈ្មោះ ហ៊ុន ឌីណូ អ្នកយកព័ត៌មានរបស់ទូរទស្សន៍ PNN។ សម្តេច! មុនដែលមានការចាក់វ៉ាកសាំង Sinopharm របស់ចិនមានការចោទជាសំណួរជាច្រើនពីសុខភាពអ្នកដែលបានចាក់។ អញ្ចឹងអនុញ្ញាតឱ្យខ្ញុំបាទសូមអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ជម្រាបសួរថា សុខភាពរបស់សម្តេចក្រោយចាក់វ៉ាក់សាំង AstraZeneca នៅពេលនេះយ៉ាងម៉េចដែរ។

សំណួរមួយទៀត សម្តេចបានជ្រាបហើយវាហាក់ដូចជាអយុត្តិធម៌ណាស់សម្រាប់កម្ពុជា ជាច្រើនលើកច្រើនសាហើយពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងល្អជាមួយនឹងចិន មែនទែនទៅថៃដែលនៅជាប់កម្ពុជាហ្នឹងគេទទួលបានវ៉ាក់សាំងពីចិនដូចយើងដែរ ហើយថ្នាក់ដឹកនាំគេលោក ប្រាយុទ្ធ ហ្នឹងគឺគេមិនចាក់ទេ ឱ្យរដ្ឋមន្ត្រីសុខាភិបាលគេចាក់។ ប៉ុន្តែយើងពេលសម្តេចសម្រេចធ្វើតាមលក្ខខណ្ឌសុខាភិបាលរបស់មន្ទីរពេទ្យ ឬក៏អ្នកណែនាំខាងចិនមកដែរ តែទទួលការរិះគន់ជាបន្តបន្ទាប់ ហើយដំណើរការនេះហើយដែលធ្វើឱ្យមានការអល់អែកមួយចំនួន ដូចសម្តេចបញ្ជាក់មុននេះថា​ មានព័ត៌មានប្រឌិតជាច្រើនប្រឆាំងជាមួយវ៉ាក់សាំងជាបន្តបន្ទាប់ជាដើម វាធ្វើឱ្យចរន្តប្រជាពលរដ្ឋមួយចំនួនមានការអល់អែកក្នុងការទទួលបានវ៉ាក់សាំង ហើយពិសេសទៅទៀតគឺយន្តការល្អរបស់រដ្ឋាភិបាលដែលជម្រុញឱ្យមានការទទួលបានវ៉ាក់សាំងលឿនថែមទៀត។ អញ្ចឹងពលរដ្ឋខ្លះគិតថា ចាំចាក់វ៉ាក់សាំងក្រោយ វ៉ាក់សាំងប្រទេសដទៃផ្សេង មិនគួរចាក់វ៉ាក់សាំងរបស់ចិនទេ?

ខ្ញុំចង់ឱ្យសម្តេចបញ្ជាក់ម្តងទៀត ថាតើវ៉ាក់សាំង Sinopharm របស់ចិនហ្នឹងមានប្រសិទ្ធភាព និងសុវត្ថិភាពយ៉ាងណា? ដែលសម្តេចសម្រេចឱ្យប្រជាពលរដ្ឋចាក់ថែមទៀតតាមផែនការ ដែលរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលបានសម្រេចនោះបាទ? ខ្ញុំសូមបញ្ជាក់មួយសំណួរទៀត កន្លងទៅយុទ្ធសាស្រ្ត ឬក៏ផែនការក្តៅរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការដកតំណែងមន្ត្រីពាក់ព័ន្ធមួយចំនួនដែលបានប្រព្រឹត្តខុសឆ្គងធ្វើឱ្យមានការគ្រប់គ្រង ការធ្វើចត្តាឡីស័កមិនមានប្រសិទ្ធភាពអីជាដើមហ្នឹងទទួលបានការសាទរជាច្រើនណាស់ពីសំណាក់ប្រជាពលរដ្ឋ អញ្ចឹងទេសម្តេចមានផែនការពង្រឹងនូវការអនុវត្តបន្តទៀតទេ សម្រាប់មន្ត្រីដែលអសកម្ម ដែលធ្វើឱ្យផែនការយុទ្ធសាស្រ្តក្នុងការកាត់ផ្តាច់នៃចរន្តឆ្លងកូវីដ-១៩ទៅកាន់សហគមន៍ទទួលបរាជ័យនោះសម្តេចបាទ? សូមគោរពអរគុណទាន!

សម្តេចឆ្លើយសំណួរ៖ អរគុណអម្បាញ់មិញនេះដោយសារនិយាយទៅវាខ្ទរពេក វាស្តាប់មិនបាន។ ទី១៖ សួរថាយ៉ាងម៉េចដែរក្រោយការចាក់ ខ្ញុំដូចអត់ដឹងថា បានចាក់ថ្នាំផងទេនេះ ព្រោះអត់មានឈឺអីផង ហើយចាក់ទៅវាបើប្រៀបធៀបជាមួយនឹងយើងចាក់វីតាមីន … នេះចាក់មួយភ្លែតអត់ទាំងដឹងអាម្ជុលចូលទៅផង រួចថារួចបាត់ទៅហើយ។ ឥឡូវមកដល់ម៉ោងនេះ ខ្ញុំបានត្រៀម ខ្ញុំចាក់ដៃឆ្វេង ភាគច្រើនគេចាក់ដៃស្តាំ ប៉ុន្តែខ្ញុំចាក់ដៃឆ្វេងមូលហេតុអីទេ? មូលហេតុបម្រុងទុកមួយថាបើសិនជាមានការឈឺដៃឆ្វេង ខ្ញុំត្រូវមានដៃស្តាំសម្រាប់ចុះហត្ថលេខារាល់ថ្ងៃ អាហ្នឹងប្រដាប់ឈ្នះរបស់ខ្ញុំ អញ្ចឹងខ្ញុំប្រើដៃឆ្វេងចាក់​ ព្រោះខ្ញុំត្រូវប្រើដៃស្តាំត្រូវពិនិត្យឯកសាររាល់ថ្ងៃគឺ បើសិនជាឯកសារទាំងអស់មិនត្រូវបានអនុម័តគឺបានសេចក្តីថា កិច្ចការរបស់ជាតិត្រូវរាំងស្ទះហើយ អញ្ចឹងទេបានជាខ្ញុំប្រាប់ពេទ្យឱ្យហើយថា ខ្ញុំចាក់ដៃឆ្វេងដើម្បីធានាថា បើសិនជាមានបញ្ហាអីទៅខ្ញុំប្រើដៃស្តាំ។ បន្ទាប់ចាក់ហើយរហូតមកដល់ពេលនេះប្រហែលជា ២ ម៉ោងជាងហើយ។ អញ្ចឹងខ្ញុំដូចជាអត់មានដឹងថាឈឺនៅកន្លែងណាផង។ អាហ្នឹងគឺដើម្បីឱ្យបានច្បាស់ជាមួយគ្នា។ ព្រោះអញ្ចេះ ក្មេងៗ អាតូចៗហ្នឹង ក៏វាចេះទទួលវ៉ាក់សាំងដែរតាមការកំណត់របស់ក្រសួងសុខាភិបាលត្រូវចាក់ពេលណា អីពេលណា វ៉ាក់សាំងវាទទួលតែរហូត។ ចុះយើងមនុស្សចាស់ទទួលប៉ុណ្ណឹងទទួលមិនកើត ទៅខ្លាចវ៉ាក់សាំងហ្នឹង អាហ្នឹងទី ១។ ទី២៖ បញ្ហានយោបាយប្រឆាំងចិន ឥឡូវខ្ញុំសូមស្នើឱ្យរាប់ទាំងអស់គ្នា ប្រទេសអាស៊ាន ១០ អ្នកណាខ្លះប្រើវ៉ាក់សាំងចិនក្រៅពីកម្ពុជាមាន ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ឡាវ បានសេចក្ដីថាអាស៊ាន ១០ ប្រើវ៉ាក់សាំងចិនច្រើនជាងចំនួនវ៉ាក់សាំងប្រទេសដទៃ។ ហេតុអីបានមិនទៅជេរគេ បានជេរតែកម្ពុជា។ រឿងវានៅកន្លែងហ្នឹង។ បានខ្ញុំឈប់តមាត់ ព្រោះនិយាយអត់ស្ដាប់គ្នាបានធ្វើអីក៏ខុស។ សួរថាអង្គការសុខភាពពិភពលោក ដែលបានប្រកាសប្រឆាំងចិនរឿងវ៉ាក់សាំងទេ? នៅលើពិភពលោកគេសហការគ្នា វ៉ាក់សាំងចិនចេញទៅប្រទេសដទៃច្រើនជាង AstraZeneca បើយើងរៀបរាប់ពីប្រទេសដទៃ ប៉ុន្តែនិយាយពីក្នុងក្របខ័ណ្ឌអាស៊ាន សូម្បីតែប្រទេសសម្ព័ន្ធមិត្តជាមួយលោកខាងលិច ក៏ប្រើវ៉ាក់សាំងរបស់ចិនដែរ។ ម៉េចក៏គេគ្មានកំហុស ​ឯកម្ពុជាបែរជាមានកំហុស។ សុទ្ធតែកម្ពុជាយកវ៉ាក់សាំងមកសម្លាប់ប្រជាជន ហើយចាក់ទៅវាស្វិតដៃ/ជើង។ ខ្ញុំប្រាប់ទៅម្ដងទៀត ព្រោះអ្នកឯងចង់ឱ្យកម្លាំងគាំទ្ររដ្ឋាភិបាលស្លាប់បាត់បង់កម្លាំង អញ្ចឹងត្រូវចិត្តអ្នកឯងហើយ។ អ្នកឯងគួរតែអបអរសាទរទៅព្រោះ ហ៊ុន សែន ជិតស្លាប់ហើយរាប់ទាំងកូន ហ៊ុន សែន ទាំងអស់ជិតស្លាប់ហើយព្រោះទទួលវ៉ាក់សាំងរបស់ចិន ខ្ញុំមិនឌឺដងឱ្យអ្នកណាទេ។

ក៏ប៉ុន្តែខ្ញុំសូមពន្យល់ប្រជាពលរដ្ឋរបស់យើង ប្រសិទ្ធភាពវ៉ាក់សាំងណាដូចវ៉ាក់សាំងណាដែរ មានប្រសិទ្ធភាពបែបនេះ/នោះ ប្រសិទ្ធភាពខុសគ្នាតិចតួច … បើចង់សម្លាប់មនុស្សគេមិនដែលធ្វើវ៉ាក់សាំង​អស់លុយគគោកធ្វើអី។ ដាក់ស្ករគ្រាប់ឱ្យច្រើនទៅរួចហើយដើរសម្លាប់មនុស្សលេង។ នៅលើសកលលោកមិនដែលមាន។ ប៉ុន្តែនយោបាយប្រឆាំងចិននៅកម្ពុជាផ្កាប់មុខ ក្នុងពេលដែលចិនមិនប្រឆាំងជាមួយប្រទេសណាមួយ។ យើងត្រូវការគ្រប់ប្រទេស ចិន អង់គ្លេស អាមេរិក ក៏យក ឱ្យតែឱ្យ ហើយសមស្របជា​មួយនឹងស្ថានភាពនៃប្រទេសរបស់យើង។ យើងអរគុណចំពោះប្រទេសនានាដែលជួយតាម COVAX ផង ជួយតាមទ្វេភាគីផង ដូចជាអូស្ត្រាលី ជាដើម ដែលខ្ញុំសុំថ្លែងអំណរគុណសាជាថ្មីម្ដងទៀត។ អូស្រ្ដាលីផ្ដល់ឱ្យយើង ២៨ លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំង ហើយសប្បុរសជននៅក្នុងប្រទេសរបស់យើង ដែលមានព្រះមហាក្សត្រ ហ្លួងម៉ែ ឧកញ៉ា និងប្រជាពលរដ្ឋ ចូលជាង ៥៧ ដុល្លារអាមេរិក ចំនួនប្រាក់ដែលយើងត្រូវទិញវ៉ាក់សាំងនេះយើងប្រើប្រាស់ថវិកា ដែលបានមកពីសប្បុរសជនរបស់យើងបន្ទាប់ទៅយើងនឹងប្រើជាមួយការផ្ដល់ជំនួយដូចជាអូស្ដ្រាលី និងឥណទានចេញពីធនាគារអភិវឌ្ឍន៍អាស៊ី ថវិកាជាឥណទានមកពីជប៉ុន … ឥឡូវនេះកុំខ្វល់ថាវ៉ាក់សាំងណា ត្រូវខ្វល់ថាមានវ៉ាក់សាំងចាក់ឬអត់។ លើការជាក់ស្ដែង COVAX អត់ទាន់មានលទ្ធភាពផ្គត់ផ្គង់ឱ្យគ្រប់ប្រទេស។ បើខ្ញុំមិនច្រឡំដូចដែលខ្ញុំបានបញ្ជាក់ សុទ្ធតែប្រទេសដែលខ្ញុំធ្លាប់ទៅ ដែលទទួលបានវ៉ាក់សាំង។ ហ្គាណា ជាប្រទេសដែលខ្ញុំធ្លាប់ទៅទស្សនកិច្ច កាលពីខ្ញុំនៅជារដ្ឋមន្ត្រីការបរទេស Angola Congo ខ្ញុំទៅច្រើនដង Cote D’lvoir ខ្ញុំមិនដែលទៅទេគ្រាន់តែចុះ transit តែប៉ុណ្ណោះ។ Uganda ខ្ញុំមិនដែលទៅទេ ក៏ប៉ុន្តែ Uganda ជាប់ហ្នឹង Tanzania ខ្ញុំធ្លាប់ទៅ Tanzania។ បន្តិចទៀតខ្ញុំនឹងបង្ហោះសារប្រទេសដែលខ្ញុំធ្លាប់ទៅទស្សនកិច្ចចំនួនប្រមាណសិបប្រទេស ក្នុងពេលដែលខ្ញុំធ្វើតាំងពីរដ្ឋមន្ត្រីការបរទេសរហូតមកដល់ពេលនេះ។

​នយោបាយរាក់កំផែល។ បន្តិចទៀតគេនឹងបានឃើញ ដោយសាតែយើងខ្វះវ៉ាក់សាំងចាក់ ទុកឱ្យអ្នកដែលឃោសនាអំពីវ៉ាក់សាំងចិន អត់វ៉ាក់សាំងអញ្ចឹងចុះ។ ឥឡូវបើគេមិនមានជំនឿហើយ យើងបង្ខំគេមកចាក់ធ្វើអី ក្នុងពេលដែលយើងខ្វះវ៉ាក់សាំង។ ខ្ញុំរុញទូកបណ្ដោយទឹកតែម្ដងទៅ។ ប៉ុន្តែ ខ្ញុំជឿលើចំណុចនេះមួយ ទាយទុកឱ្យហើយ នៅពេលដែលយើងមានវ៉ាក់សាំងពីចិនមក គេប្រកាសថាកុំចាក់ព្រោះវ៉ាក់សាំងនេះយកមកសម្លាប់ប្រជាជនខ្មែរ។ ដល់ពេលណាមួយដែលយើងខ្វះវ៉ាក់សាំង ពេលនោះគេនឹងដាក់ការទាមទារថា ធ្វើរដ្ឋាភិបាលរកវ៉ាក់សាំងចាក់ឱ្យប្រជាជនអត់បាន។ គេទាមទារអាហ្នឹងម្ដង។ ក្បួនប្រឆាំង​របស់គេគឺបែបនេះឯង។

ពីបញ្ហាការដកតំណែង រឿងនេះហើយបានជាត្រូវរៀបចំច្បាប់ ខ្ញុំអាចធ្វើបានត្រឹមតែពិន័យរដ្ឋបាល ដូចជាស័ក្តិ ៥ ម្នាក់ដែលចាប់បានមេខ្យល់ (នេះចូលក្នុងកម្រិតរត់ពន្ធមនុស្ស) ដឹងដែរថាគេបង្កើតជំរុំខាងនេះ ឱ្យបាយទឹកមុនឆ្លងទៅប្រទេសថៃមួយក្រុម។ មួយក្រុមទៀតគឺនាំមនុស្សពីថៃចេញពីតំបន់ធ្វើចត្តាឡីស័ក ប៉ុន្តែខ្លួនឯងជាអធិការ មិនសួរស្នងការខេត្ត​​ មិនសួរទៅព្រះរាជអាជ្ញាបែរជាធ្វើការដោះលែង។ ស្ថិតក្នុងសមត្ថកិច្ចរបស់ខ្ញុំ បើមកដល់ខ្ញុំហើយច្បាស់ណាស់ ខ្ញុំអត់មានថាទម្លាក់ស័ក្តិមកដល់ត្រឹមប៉ុននេះ(ទេ)។ ស័ក្តិមានកម្រិតចាប់ពីស័ក្តិ ៤ ចុះ រដ្ឋមន្ត្រីការពារជាតិ ឬរដ្ឋមន្ត្រីមហាផ្ទៃជាអ្នកចុះហត្ថលេខា ហើយមានលំដាប់លំដោយតទៅទៀត ចាប់ពីស័ក្តិ ៥ ទៅគឺខ្ញុំ​ ខ្ញុំចុះហត្ថលេខាជាអនុក្រឹត្យ ឬស្នើសុំជាព្រះរាជក្រឹត្យទៅព្រះមហាក្សត្រ។ ដូច្នេះតែមកដល់ខ្ញុំហើយ គឺខ្ញុំអត់មានថាដកស័ក្តិប៉ុននេះ ហើយប្រគល់ទៅឱ្យធ្វើការ​ងារ​នេះ/នោះ ​​ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ឬអនុខេត្ត ក៏ដូចគ្នាដែរជាពិសេសក្នុងកងទ័ព និងនគរ​បាលតែម្ដង តែចាប់ផ្ដើមខ្ញុំចេញហើយគឺដកស័ក្តិគឺបណ្ដេញចេញពីជួរតែម្ដង។ រួចហើយប្រគល់ឱ្យតុលាការគេធ្វើការស៊ើបអង្កេតបន្តទៅ។ ប៉ុន្តែករណីនៅសណ្ឋាគារសុខា គេមិនមែនជាមន្ត្រីរាជការឯណា។ លោកពូ ម៉ក់ ហ៊ឺន នៅអាមេរិកថា អាហ្នឹងគឺត្រូវតែដាក់ទោសវា។ ដោយសារត្រូវការដាក់ទោសហ្នឹងហើយបានត្រូវធ្វើច្បាប់។ ប៉ុន្តែវិន័យរដ្ឋបាលវាអត់មាន ធ្វើទៅវាមិនរួច ព្រោះគេមិនមែនមន្ត្រីរាជការផង។ អញ្ចឹងបានជាត្រូវរៀប​ចំ​ច្បាប់ ពេលដែលអ្នកឯងមានការគប់គិតគ្នារវាងមន្ត្រីជាមួយអ្នកធ្វើចត្តាឡីស័ក ត្រូវមានទោសទណ្ឌយ៉ាងម៉េច ដាក់ទោសយ៉ាងម៉េច ដាក់ទៅតុលាការ។ បើយើងសុទ្ធតែប្រើច្បាប់ព្រហ្មទណ្ឌទាំងអស់ វាអត់កើត។ ត្រូវមានច្បាប់ដាច់ដោយឡែកមួយគ្រប់គ្រងទៅលើកូវីដ-១៩ និងជំងឺផ្សេងទៀតដែលមានការរីករាលដាល មិនដឹងថាពេលខាងមុខមានជំងឺអីផ្សេងទៀត បើកូវីដ-១៩ មិនទាន់បានមួយឆ្នាំផងទៅជាកូវីដក្លែងភេទនៅអង់គ្លេស កូវីដក្លែងភេទនៅអាហ្វ្រិកខាងត្បូង។ អញ្ចឹងតើវាមានស្អីទៀត អញ្ចឹងបានជាយើងធ្វើច្បាប់មួយសម្រាប់ការគ្រប់គ្រងកូវីដ-១៩ផង និងជំងឺផ្សេងទៀតដែលអាចផ្ទុះឡើងដែលមានមហន្តរាយធ្ងន់ធ្ងរ នេះជាការបំភ្លឺរបស់ខ្ញុំត្រឹមប៉ុណ្ណឹងសូមអរគុណ។

តើមានអ្នកណាសួរទៀតទេ? ​​បានសេចក្ដីថា ខ្ញុំបានបំពេញកាតព្វកិច្ចទីមួយ ចាក់វ៉ាក់សាំងខ្លួនឯងហើយក៏បានរួមជាមួយហ្នឹងលោកជំទាវទាំងពីរ ជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងនេះ តំណាងឱ្យអង្គការសុខភាពពិភពលោក ​និង UNICEF ហើយក៏ជានិមិត្តរូបនៃការសាមគ្គីភាព​ពីសហគមន៍អន្តរជាតិជាមួយកម្ពុជា​ តាមរយៈតំណាងអង្គការសុខភាពពិភពលោក តាមរយៈតំណាង UNICEF ថ្លែងអំណរគុណចំពោះអង្គការសុខភាពពិភពលោក និង UNICEF ក៏ដូចជាបណ្ដាញនៃអង្គការសហប្រជាជាតិ បណ្ដាប្រទេសផ្ដល់ជំនួយដែលផ្ដល់លទ្ធភាពឱ្យ​អង្គការសុខភាពពិភពលោក តាមរយៈ COVAX ទិញវ៉ាក់សាំងផ្គត់ផ្គង់ឱ្យប្រទេសនានារាប់ទាំងកម្ពុជា ដែលមានបុព្វសិទ្ធទទួលបានមុនគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើងនេះ។ សង្ឃឹមថានឹងទទួលបានទៅតាមផែនការគ្រោងទុក។ ខ្ញុំអរគុណចំពោះសហប្រតិបត្តិការដែលបានធ្វើជាមួយកម្ពុជា ហើយកម្ពុជាពេញចិត្តពេញថ្លើមបើកចំហក្នុងការធ្វើសហប្រតិបត្តិការជាមួយគ្នា។

ឆ្នាំទៅយើងបានរួមគ្នាដោះស្រាយនាវា Westerdam … មិនមែនជារឿងតូចតាចទេ។ ដាក់ជាសញ្ញាសួរ បើកម្ពុជាមិនទទួលឱ្យចូល តើអ្នកណាឱ្យចូល ហើយនឹងមានគ្រោះថ្នាក់បែបណានៅលើនាវា Westerdam? កម្ពុជាគឺជាប្រទេសតូចតែចិត្តទូលាយ។ (ករណី) Westerdam (យើងបាន)ជួយសង្គ្រោះជីវិតមនុស្សក្រៅពីទេសចរជាង ២ ពាន់នាក់ នៅមានជិតមួយពាន់នាក់ ជាក្រុមនាវិក និងបម្រើលើនាវា មនុស្សប្រមាណជិត ៣ ពាន់នាក់ មិនមែនជារឿងតូចតាចទេ។ តែកម្ពុជាបើកចំហធ្វើ។ បន្ទាប់ទៅ ទោះបីកម្ពុជាក្រ ក៏ប៉ុន្តែមានលទ្ធភាពជាម៉ាស ជាមធ្យោបាយខ្លះយើងក៏បានរួមចំណែកទៅដល់ ឡាវ មីយ៉ាន់ម៉ា ទីម័រលេស្ត នេប៉ាល់។ បើខ្ញុំមានជាងហ្នឹងខ្ញុំធ្វើច្រើនហ្នឹង។ ឥឡូវកងទ័ពរបស់យើងកំពុងស្ថិតនៅស៊ូដង់ខាងត្បូង លីប៉ង់ ម៉ាលី អាហ្រិ្វកកណ្ដាលថែមទៀត ជាប្រតិបត្តិការដែលមានហានិភ័យដល់អាយុជីវិត ហើយដែលយើងធ្លាប់មានពលីយុទ្ធជនរបស់យើង។ នេះជាការចូលរួមចំណែករបស់កម្ពុជា។ ​កម្ពុជាជាប្រទេសក្រីក្រ ក៏ប៉ុន្តែយើងមិនដែលយកលុយមួយសេន(ពី)ជនបរទេសទាំងឡាយដែលព្យាបាលក្នុងមន្ទីរពេទ្យកម្ពុជា។ ពេលធ្វើចត្តាឡីស័ក ទៅដេកតាមសណ្ឋាគារ អាហ្នឹងត្រូវតែយក អាហ្នឹងបង់លុយឱ្យថៅកែសណ្ឋាគារទៅ។ ឥឡូវនេះ ក៏មានជនបរទេសកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់យើង ហើយមានប្រពន្ធរបស់មន្រ្តីទូតមួយ យើងដាក់កន្លែង VIP ផង។ យើងមិនយកប្រាក់មួយសេនទេ ព្រោះយើងជាអ្នកក្រ ហើយថែមចេញជួយមិត្តភក្តិប៉ុណ្ណឹង ឬក៏បានលុយពីមិត្តភក្តិប៉ុណ្ណឹងក៏មិនក្លាយទៅជាអ្នកមានដែរ។

អញ្ចឹង អ្នកក្រប៉ុន្តែអ្នកក្រចិត្តធម៌ អ្នកក្រចិត្តទូលាយ។ ឥឡូវនេះ ចាក់វ៉ាក់សាំងជូនចំពោះអ្នកការទូត ភ្នាក់​ងារអង្គការសហប្រជាជាតិ និងជនបរទេសដទៃទៀតនៅក្នុងលំដាប់អាទិភាពនេះ មិនយកប្រាក់មួយសេនទេ រហូតទៅពេលក្រោយ ជនបរទេសដែលរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា យើងចាក់ដោយមិនយកប្រាក់។ យើងសុខចិត្តចំណាយលុយទិញ យកមកចាក់ដោយមិនយកប្រាក់ ដូចគ្នា(ដែលធ្វើ)ចំពោះប្រជាជនកម្ពុជា។ នេះជាទឹកចិត្តរបស់យើង។ អ្នកខ្លះគេអាចឌឺថា ដោះស្រាយតែប្រជាជនខ្លួនឯងមិនបានផងទៅដោះស្រាយឱ្យប្រជាជនបរទេស។ សុំទោស ចាំអ្នកឯងឡើងធ្វើនាយករដ្ឋមន្រ្តីចាំកំណត់ធ្វើខ្លួនឯងទៅ។ នៅពេលដែលខ្ញុំធ្វើនាយករដ្ឋមន្រ្តី គឺខ្ញុំមានសិទ្ធិសម្រេចចិត្ត និងធ្វើការព្យាបាលមិនយកប្រាក់ពីជនបរទេស ក្នុងករណីកូវីដ-១៩ នេះ។ ពេលដែលអ្នកឯងធ្វើនាយករដ្ឋមន្រ្តី ចាំអ្នកឯងគិត។ ប៉ុន្តែ មិនដឹងថាជាឆ្នាំណាទេ។ ប្រហែលជារង់ចាំដល់ថ្ងៃ ៣១ ខែកុម្ភៈ ជារៀងរាល់ ឆ្នាំព្រោះខ្ញុំនៅតែបន្តនៅហ្នឹង … ឥឡូវបានវ៉ាក់សាំងចូលខ្លួនទៀតអត់ងាយងាប់សោះ។ ខ្ញុំអត់ប្រកាស។ ឥឡូវឈប់ប្រកាសពីរឿង ១០ ឆ្នាំ ឬ ២០ ឆ្នាំ ធ្វើទាល់តែឈប់ចង់ធ្វើ។ កុំឱ្យវាពិបាកពេក។ បន្តិចផ្ទេរតំណែងឱ្យ ហ៊ុន ម៉ាណែត បន្តិចផ្ទេរអំ​ណាច​ឱ្យទៅអ្នកនេះឱ្យទៅអ្នកនោះ។ ឥឡូវមិនបាច់ផ្ទេរតែម្តង នៅអញ្ចឹងតែម្តង។ ថ្ងៃ ៥ ខែមិថុនា បោះឆ្នោតឃុំសង្កាត់ ២០២២ ឆ្នាំក្រោយ ប្រកាសរួចពីម្សិល។ រួចហើយខែកក្កដា ឆ្នាំ ២០២៣ បោះឆ្នោតសាជាថ្មី ហើយ​ខ្ញុំនៅតែបេក្ខជននាយករដ្ឋមន្រ្តី។ អ្នកណាចង់ឈ្នះមកឈរមក ក្នុងក្របខណ្ឌនៃច្បាប់កំណត់។ បើអ្នកឯងចង់ផ្តួលតាមផ្លូវដូចដែលអ្នកឯងបានប្រកាសកន្លងទៅឱ្យកងទ័ព ឱ្យនគរបាល ឱ្យកម្លាំងប្រដាប់អាវុធបែរចុងកាណុងមកផ្តួលតាមរបៀបឧបឃាត អ្នកឯងត្រូវទទួលរបៀបម៉េច អាហ្នឹងរឿងរបស់អ្នកឯង។

អញ្ចឹងខ្ញុំសុំបញ្ជាក់ឡើងវិញ កន្លងទៅនៅពេលដែលយើងដឹកជំនួយមនុស្សធម៌ទៅកាន់ឡាវ ទៅកាន់មីយ៉ាន់ម៉ា ទៅកាន់នេប៉ាល់ ទៅកាន់ទីម័រលេស្ត គេថាដោះស្រាយតែខ្លួនឯងមិនរួចផង ទៅជួយអ្នកដទៃ។ ខ្ញុំសុំបញ្ជាក់ទៅអ្នកឯងវិញនៅពេលដែលអ្នកឯងធ្វើនាយករដ្ឋមន្រ្តី ចាំអ្នកឯងមានសិទ្ធិ នៅពេលដែលខ្ញុំធ្វើគឺសិទ្ធិរបស់ខ្ញុំក្នុងការជួយទៅដល់អ្នកដទៃ។ ប្រទេសដទៃគេចេះជួយយើងបាន យើងមានលទ្ធភាពយើងជួយទៅអ្នកដទៃ ហើយបើប្រទេសកម្ពុជាមានច្រើនជាងហ្នឹង ខ្ញុំនឹងជួយច្រើនជាងហ្នឹង … (ដូចជា)ខិតខំស្វះស្វែងរកអាវ៉ាក់សាំងនេះដើម្បីចែកជូនទៅបណ្តាប្រទេសនានា។

យើងឃើញហើយដំណាក់កាលទី ១ សង្រ្គាមដណ្តើមម៉ាស់ និងក្រដាសអនាម័យ។ អ្នកនេះទៅបញ្ជាទិញ អ្នកនោះទៅដណ្តើមយក។ ដំណាក់កាលទី ២ សង្រ្គាមដណ្តើមវ៉ាក់សាំង។ សំណាងល្អដែលចិនគឺផ្តល់ជំនួយឥតសំណងឱ្យបរទេសមុនគេ គឺឱ្យមកកម្ពុជា អាហ្នឹងប្រទេសចិន។ ថាចិនចុះ ប៉ុន្តែអង្គការសុខភាពពិភពលោកផ្តល់មកអាស៊ីបាស៊ីហ្វិចផ្តល់មុនគេ ផ្តល់ឱ្យកម្ពុជា។ បន្តិចទៀតគេចាត់ទុកថាកម្ពុជាជាអាយ៉ង​របស់ WHO។ អញ្ចឹងក៏ល្អម្យ៉ាងដែរ។ អញ្ចឹងឥឡូវធ្វើម៉េច? ចិនបញ្ចេញជំនួយឥតសំណងទៅក្រៅប្រ​ទេសមុនគេ គឺមកកម្ពុជា ១ លានដូស តែមកដល់ ៦០ ម៉ឺនដូស ដល់ឥឡូវអាស៊ីប៉ាស៊ីហ្វិចកម្ពុជាទទួលបានមុនគេទៀត។ អញ្ចឹងអ្នកឯងថាម៉េចទៅ? បកស្រាយថាម៉េចរឿងហ្នឹង។ និយាយត្រង់ៗជាមួយគ្នា ហើយបើស្តាប់មិនបានទៀត សូមមិនចាំបាច់ស្តាប់ទេ ព្រោះខ្ញុំមានប្រជាពលរដ្ឋស្តាប់ខ្ញុំច្រើនណាស់ ហើយពេលនេះរាប់សិប channel ទាំងទូរទស្សន៍ ទាំងវិទ្យុ ទាំងអនឡាញតាមហ្វេសប៊ុក។ អ្នកឯងទៅបំភ្លៃយ៉ាងម៉េចទៅបំភ្លៃទៅ។ សម្តីរបស់ខ្ញុំកុំកាត់ណា យកទៅចាក់ឱ្យអស់។ ប៉ុន្តែក្រុមអ្នកខូចហ្នឹងវាយកទៅកាត់។ ប៉ុន្តែកាត់ហ្នឹងភូតគេ ភូតវាមិនចប់ទេ។ បន្តិចទៀតមើកៗ មករកវ៉ាក់សាំង។ នៅចាំទេ? ពេលមួយគេនាំគ្នាគេថាទី ១ ឱ្យដកលុយចេញពីធនាគារ ទី ២ កុំសងធនាគារ ពេលហ្នឹងខ្ញុំកំពុងតែប្រកាសសុំឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុយោគយល់ចំពោះអ្នកជំពាក។ ប៉ុន្តែនៅពេលដែលមានសារនយោបាយមួយចេញមកថាកុំសងធនាគារ ខ្ញុំប្រកាសភ្លាមថា អ្នកណាដើរតាមការប្រកាសរបស់បែបនេះ សូមលើកទឹកចិត្តឱ្យរឹបអូសមានអីស្ងាត់ឈឹង។ គេកំពុងស្នើសុំឱ្យធនាគារធ្វើការយោគយល់ កុំរឹបអូសផ្ទះសំបែងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រៀបចំឥណទានឡើងវិញបែរជាមានពាក្យចេញមក ម្ខាងគឺឱ្យមនុស្សផ្ញើប្រាក់ដកប្រាក់ត្រឡប់ទៅវិញ ឱ្យធនាគាររលំ ម្ខាងទៀតកុំសងធនាគារ … ឥឡូវបន្តិចទៀតចាំមើលទុកឱ្យអ្នកក្រុមដែលថាវ៉ាក់សាំងហ្នឹងចាក់ទៅស្ពឹកជើង ចាក់ទៅងាប់ សម្រាប់ដល់ពេលចេញទៅក្រៅប្រទេសគេតម្រូវឱ្យមាន អញ្ចឹងត្រូវមើកៗ មកហើយ។ បើមិនមកទេវាអត់មានអាហ្នឹង អត់មានអាហ្នឹងវាអត់បានទៅ។ បន្តិចទៀតមើកៗមក ជឿខ្ញុំទៅ។

អរគុណជាថ្មីម្តងទៀត ហើយអរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមសហការ អរព្រះគុណចំពោះព្រះមហាក្សត្រ ហ្លួងម៉ែ ព្រឹកមិញនេះ ព្រះអង្គបានជូនសារពីប៉េកាំងមកនៅពេលដែលព្រះអង្គទតផ្សាយបន្តផ្ទាល់(អំពីការ)ដែលបានទទួលវ៉ាក់សាំង។ ព្រះអង្គទតពីហ្នឹងមក។ ព្រះអង្គចូលរួមចំណែកធំណាស់ក្នុងការនាំមុខជួយទៅលើបញ្ហាកូវីដ-១៩ និងការទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ សរុបយើងទទួលបានក្នុងដំណាក់កាលកូវីដ-១៩ ដំណាក់កាលទឹកជំនន់ និងដំណាក់កាលទិញវ៉ាក់សាំង យើងទទួលជិត ១០០ លានដុល្លារពីប្រជាជនក្នុងស្រុក។ អញ្ចឹងបាន យើងឃើញថាប្រជាពលរដ្ឋរបស់យើងមានចិត្ត សិល្បៈនៃការចែករំលែក ប្រទេសក្រៅគេហ៊ានជួយមកខ្មែរ ខ្មែរនិងខ្មែរចេះជួយគ្នា។ អរគុណណាស់ ហើយសុំប្រកាសបិទនូវការធ្វើសន្និសិទ្ធសារព័ត៌មានត្រឹមប៉ុណ្ណេះ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...