សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន៖ សារសំឡេងបញ្ជាឲ្យបិទពិធីមង្គលការ និងពិធីជួបជុំទាំងអស់នៅទូទាំងប្រទេស

ផ្ញើជូនឯកឧត្តម លោកជំទាវ អភិបាលខេត្ត រាជធានី,

កន្លងទៅនេះខ្ញុំបានផ្តល់អំណាចពិតប្រាកដមួយសម្រាប់រាជធានី ខេត្តទាំងអស់ ដែលនឹងមានអំណាចបិទ ឬបើកចំពោះករណីការជួបជុំ ឬក៏ពិធីអ្វីមួយនៅក្នុងខេត្តដែនដីរបស់ខ្លួន។ ខ្ញុំពិនិត្យឃើញថាមានរាជធានីខេត្តមួយចំនួនក៏បានចាត់វិធានការ ដូចជាការផ្អាកការជួបជុំការរៀបចំពិធីការជាដើម ប៉ុន្តែក៏មិនទាន់ឃើញនៅខេត្តខ្លះដែលមិនទាន់បានចាត់ចែង។ ការដែលខ្ញុំទុកសិទ្ធិបែបនេះគឺដើម្បីព្រោះស្ថានភាពវាមិនដូចគ្នាទេរវាងពីខេត្តមួយទៅកាន់ខេត្តមួយ។ ប៉ុន្តែ ឥឡូវនេះ យើងបានសង្កេតឃើញថា រាល់ការរៀបអាពាហ៍ពិពាហ៍តែងកើតឡើងនូវហានិភ័យ ដូចជាករណីថ្មីៗគឺកើតឡើងក្នុងខេត្តតាកែវ ហើយក៏មានអ្នកដែលទៅចូលរួមស៊ីការពីកន្លែងមួយទៅកាន់កន្លែងមួយ។ នេះជាបញ្ហាដែលសុំឲ្យបណ្តាខេត្តធ្វើការពិចារណាអំពីការបិទ ការផ្អាកការរៀបចំណាមួយតាមសេចក្តីសម្រេចរបស់ខេត្ត។

ខ្ញុំគិតថារឿងនេះ គឺជារឿងដែលគួរតែត្រូវបានពិនិត្យឲ្យបានម៉ត់ចត់ ហើយដាក់ចេញនូវវិធានការអង្វរកសុំចិត្តប្រជាពលរដ្ឋរបស់យើងមេត្តាយោគយល់។ ឥឡូវនេះ គ្រាន់តែករណីតាកែវមួយគឺត្រូវបិទអស់សាលាប៉ុន្មានទៅហើយ។ តើវានឹងនាំទៅដល់ហានិភ័យយ៉ាងណាទៅទៀត។ រឿងនេះខ្ញុំបានប្រ​គល់សិទ្ធិទៅដល់ឯកឧត្តមលោកជំទាវរួចស្រេចទៅហើយ នៅឡើយតែឯកឧត្តម លោកជំទាវ ចេះប្រើប្រាស់នូវសិទ្ធិដែលខ្ញុំបានផ្តល់នោះរបៀបណាតែប៉ុណ្ណោះ។ ការបើកអគារ ការបិទអគារ បិទតំបន់ខ្លះ ឬក៏បិទការជួបជុំនេះខ្ញុំបានផ្តល់ជូនហើយ។ ឥឡូវសុំពិនិត្យមើល កន្លែងណាដែលមិនទាន់មានវិធានការម៉ត់ចត់ សុំស្នើយកចិត្តទុកដាក់ ព្រោះថាឥឡូវនេះគឺដូចជាករណីអ្នកនៅភ្នំពេញទៅស៊ីការនៅខេត្ត ហើយអ្នកនោះខ្លួនឯងវិជ្ជមានកូវីដ១៩។ ជារឿងមួយដែលផ្អើលសឹងនឹងកន្លះប្រទេស។ អញ្ចឹងទេអាពាហ៍ពិពាហ៍គួរត្រូវបានផ្អាក ហើយបើធ្វើក្នុងរង្វង់សែនព្រេនជាបណ្តោះអាសន្នសិនក៏អាចធ្វើទៅរួចដែរព្រោះមានទម្លាប់ការធ្វើបែបនេះ គឺឲ្យសែនព្រេនក្នុងពិធីតូចតាចនៅក្នុងគ្រួសារ ហើយចាំរៀបការនៅពេលក្រោយក៏មិនទាន់យឺតពេលដែរ។

ខ្ញុំគិតថាប្រពៃណីទំនៀមទំលាប់របស់យើងក៏មិនប្រកែប្រកាន់ជាមួយរឿងនេះទេ។ សូម្បីតែខ្លួនខ្ញុំការជំនាន់ ប៉ុល ពត គ្មានរកអាចារ្យ គ្មានអ្នកដឹកដៃ គ្មានភ្លេង ក៏ប៉ុន្តែទីចុងបំផុតខ្ញុំរស់នៅជាមួយប្តីប្រពន្ធខ្ញុំរហូតដល់តកូនតចៅ ប៉ុន្តែមានអាពាហ៍ពិពាហ៍ខ្លះធ្វើគគ្រឹកគគ្រេង ប៉ុន្តែមិនបានប៉ុន្មានថ្ងៃ ប៉ុន្មានខែ ប៉ុន្មានឆ្នាំផងក៏មានការលែងលះគ្នារួចស្រេចទៅហើយ។ អញ្ចឹង ក្នុងកាលៈទេសៈនេះ ខ្ញុំគិតថាប្រជាពល​​រដ្ឋរបស់យើងមានការយោគយល់ចំពោះការលំបាកដែលកំពុងនឹងកើត។ ខ្ញុំសុំស្នើឲ្យអភិបាលខេត្តរាជធានីធ្វើការពិចារណាទាក់ទិននឹងការចេញបទបញ្ជានូវការផ្អាកជាបណ្តោះអាសន្ននូវមង្គលការ ឬពិធីផ្សេងៗ នៅតាមខេត្តរបស់ខ្លួន ដូចដែលខេត្តមួយចំនួនបើតាមខ្ញុំដឹងខេត្តកែប ខេត្តកំពត ទៅក្រុងភ្នំពេញ និងខេត្តមួយចំនួនផ្សេងទៀតបានធ្វើរួចមកហើយ។

សុំឯកឧត្តម លោកជំទាវ ពិនិត្យមើលដើម្បីនឹងរៀបចំលិខិតជូនដំណឹង ដើម្បីស្នើសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋទៅលើបញ្ហាការផ្អាកជាបណ្តោះអាសន្ននូវការរៀបមង្គលការជាដើម។ សុំអរគុណឯកឧត្តម លោកជំទាវ យកចិត្តទុកដាក់ទៅលើបញ្ហានេះ ហើយសង្ឃឹមថាឯកឧត្តម លោកជំទាវ នឹងបន្តដើម្បីអំពាវនាវប្រជាជនចូលរួមនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fortune Rich Trade Co.,Ltd. Ju Wang Footwear Co.,Ltd., បង្ហាញចំណាប់អារ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ប្រធានក្រុមហ៊ុន Fortune Rich Trade Co.,Ltd. Ju Wang Footwear Co.,Ltd.,