-
- ឯកឧត្ដម អាប់ឌុល ហាមីឌ (Abdul Hamid) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស
- លោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស
- ឯកឧត្ដម លោកជំទាវ ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ តាំងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានកិត្តិយស និងសេចក្ដីសោមនស្សរីករាយជាអនេក ដែលបានចូលរួមថ្លែងសារ ដើម្បីអបអរសាទរការប្រារព្ធ ”ខួបកំណើត ១០០ ឆ្នាំ នៃបិតាជាតិបង់ក្លាដែស បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ (Bangabandhu Sheikh Mujibur Rahman)” និង “ទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែសខួបលើកទី ៥០” តាមប្រព័ន្ធវីដេអូ ទោះបីជាខ្ញុំមិនអាចទៅចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះដោយផ្ទាល់នៅទីក្រុងដាកា ដោយសារការរីករាលដាលនៃកូវីដ-១៩ក៏ដោយ។
នៅក្នុងឱកាសដ៏ឱឡារិកនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយយ៉ាងក្រៃលែង សូមសម្ដែងនូវអំណរសារទរដោយស្មោះអស់ពីដួងចិត្ត និងសូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះឯកឧត្ដម ប្រធានាធិបតី អាប់ឌុល ហាមីឌ និងលោកជំទាវ នាយករដ្ឋមន្រ្តី សេក្ខ ហាស៊ីណា និងប្រជាជនបង់ក្លាដែសជាមិត្តទាំងអស់ សូមប្រកបដោយសុខភាពមាំមួន សុភមង្គល និងវិបុលភាព។
ខ្ញុំក៏សូមសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជនបង់ក្លាដែស ដែលសម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ជាច្រើនក្នុងទសវត្សរ៍កន្លងមក តាមមាគ៌ាដឹកនាំដ៏ប្រាកដនិយម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្ដម បិតាជាតិ បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្ដម ប្រធានាធិបតី អាប់ឌុល ហាមីឌ និងលោកជំទាវ នាយករដ្ឋមន្រ្តី សេក ហាស៊ីណា ប្រទេសបង់ក្លាដែសសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ វឌ្ឍនភាព និងជីវភាពរស់នៅរបស់ប្រជាជនបង់ក្លាដែសកាន់តែប្រសើរឡើង។ ជោគជ័យដ៏ធំធេងនេះបានផ្ដល់លទ្ធភាពឱ្យបង់ក្លាដែសអាចបំពេញនូវលក្ខខណ្ឌ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ ២០២១ នេះ។
- ឯកឧត្ដម លោកជំទាវ លោក លោកស្រី!
ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងបង់ក្លាដែស ចាប់ផ្ដើមពីសម្ព័ន្ធភាពដ៏ជិតស្និទ្ធរវាងព្រះវររាជបិតាជាតិខ្មែរ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបិតាជាតិបង់ក្លាដែស ឯកឧត្ដម បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ ក្នុងអំឡុងសន្និសីទនៃចលនាមិនចូលបក្សសម្ព័ន្ធនៅប្រទេសអាល់ហ្សេរី ឆ្នាំ ១៩៧៣។
កម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ១៩៩៣ ដែលជាការបើកទំព័រថ្មីមួយ នៃទំនាក់ទំនងរបស់យើង។ ក្នុងរយៈពេលជាង ៣ ទសវត្សរ៍កន្លងទៅនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញថា ប្រទេសយើងទាំងពីរតែងតែខិតខំរក្សាបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងប្រកបដោយផ្លែផ្កា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋានស្មើភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រជាជនយើងទាំងពីរ។
ការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរ ក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ ទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្តរបស់ខ្ញុំផ្ទាល់នៅបង់ក្លាដែសក្នុងឆ្នាំ ២០១៤ និងទស្សនកិច្ចផ្លូវការរបស់លោកជំទាវ នាយករដ្ឋមន្រ្តី សេក ហាស៊ីណា នៅកម្ពុជាក្នុងខែធ្នូ ឆ្នាំ ២០១៧ បាននាំមកនូវការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងការលើកស្ទួយសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកទេសរវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ យើងទាំងពីរក៏បានឯកភាពដាក់ឈ្មោះវិថីដ៏សំខាន់មួយខ្សែក្នុងរាជធានីភ្នំពេញ និងមួយខ្សែក្នុងរដ្ឋធានីដាកា តាមព្រះបរមនាមរបស់វររាជបិតាជាតិខ្មែរ និងបិតាជាតិបង់ក្លាដែស ដើម្បីគូសបញ្ជាក់នូវការគោរព និងស្រឡាញ់ដ៏ជា្រលជ្រៅបំផុត ចំពោះរដ្ឋបុរសដ៏ឆ្នើមទាំងពីរ។
- ឯកឧត្ដម លោកជំទាវ លោក លោកស្រី!
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំសូមអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស និងអភិវឌ្ឍភាពជាដៃគូកាន់តែរឹងមាំ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើម្បីចូលរួមចំណែកដល់សន្តិភាព ស្ថេរភាព និងវិបុលភាពនៅក្នុងតំបន់ ក៏ដូចជាពិភពលោក ពិសេសជម្នះនូវវិបត្តិសុខភាពសកលបច្ចុប្បន្ន ដែលបង្កឡើងដោយជំងឺកូវីដ-១៩៕
សូមអរគុណ!