សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន៖ សារសម្លេង ស្ដីពី យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្ត ដែលមានអន្តរាគមន៍ពីពេទ្យនៅថ្នាក់ជាតិ

CNV:

ជូនឯកឧត្ដម លោកជំទាវ អភិបាលខេត្ត រាជធានី!

នៅពេលខាងមុខនេះ ការចាក់វ៉ាក់សាំងរបស់យើងនឹងធ្វើដោយទ្រង់ទ្រាយធំ ហើយដែលមានអន្តរាគមន៍ពីពេទ្យទៅពីថ្នាក់ជាតិចូលរួមផងដែរ។ តាមគម្រោងរបស់យើង ក្នុងមួយខែត្រូវចាក់ឱ្យបានក្នុងកម្រិតយ៉ាងហោចគឺ ១ លានដូស ព្រោះថាវ៉ាក់សាំងដែលយើងទិញ និងទទួលជំនួយ នឹងមកជាបន្តបន្ទាប់។ ដូច្នេះ វ៉ាក់សាំងត្រូវបញ្ជូនទៅចាក់ឱ្យប្រជាពលរដ្ឋ

ក្នុងរឿងនេះ ខ្ញុំសូមស្នើឱ្យអភិបាលខេត្តទាំងអស់ ខ្ញុំមិននិយាយពីរាជធានីភ្នំពេញទេ តែនិយាយទៅតាមអភិបាលខេត្ត គឺត្រូវទទួលរ៉ាប់រងកន្លែងស្នាក់នៅរបស់ក្រុមគ្រូពេទ្យ ដែលទៅពីទីក្រុងភ្នំពេញ ដែលស្ម័គ្រចិត្តទៅជួយ ឬចល័តពីទី​កន្លែងមួយទៅកាន់ទីកន្លែងមួយ សូមឱ្យខេត្តទទួលខុសត្រូវទៅលើការស្នាក់នៅ។ សណ្ឋាគារ ផ្ទះសំណាក់ មាននៅសល់ច្រើន ដែលយើងអាចពឹងពាក់ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ ដើម្បីអាចនឹងផ្ដល់​ឱ្យគ្រូពេទ្យរបស់យើងស្នាក់នៅបាន ចៀសវាងការយកថវិកាទៅជួលបន្ថែម ក្នុងពេលដែលគ្រូពេទ្យស្ម័គ្រចិត្តទាំងនោះទៅជួយដល់ប្រជាជន។ អញ្ចឹង ថ្នាក់ជាតិទទួលខុសត្រូវទៅលើថវិកានៃការធ្វើដំណើរ និងការហូបចុករបស់ក្រុមគ្រូពេទ្យ ប៉ុន្តែ ការស្នាក់នៅជាសណ្ឋាគារ ឬផ្ទះសំណាក់ ត្រូវឱ្យអភិបាលខេត្តទទួលរ៉ាប់រង ទទួលខុសត្រូវ

ខ្ញុំយល់ថា ប្រជាពលរដ្ឋនិងម្ចាស់សណ្ឋាគារនៅតាមទីកន្លែង ដែលក្រុមគ្រូពេទ្យទៅស្នាក់ មិនកំណាញ់ទេ ទៅលើកិច្ចសហការក្នុងស្ថានភាពមនុស្សធម៌បែបនេះ។ ដូច្នេះ ខ្ញុំសុំថា គណៈកម្មការចំពោះកិច្ចគឺរៀបចំគម្រោងនៃការចំណាយទៅលើការធ្វើដំណើរ និងការហូបចុកបានហើយ។ សម្រាប់ការស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ទុកការទទួលខុសត្រូវនេះឱ្យអភិបាលខេត្តទទួលរ៉ាប់រង។ ខ្ញុំគិតថា អភិបាលខេត្តច្បាស់ជានឹងធ្វើបាននូវកិច្ចការងារនេះ ដោយមានការសហការល្អជាមួយនឹងម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅមូលដ្ឋាន ដើម្បីកាត់បន្ថយការចំណាយរបស់ថ្នាក់ជាតិ ដែលជាជំនួយរបស់សប្បុរសជន ទុកចំណាយទៅលើប្រតិបត្តិការក្នុងដំណើរការចាក់វ៉ាក់សាំង ដែលយើងត្រូវប្រើប្រាស់រយៈពេលនៃការចាក់វ៉ាក់សាំងនេះ មិនឱ្យអូសបន្លាយយូរ

ឥឡូវនេះ ពេល(ដែលវ៉ាក់សាំង)មកដល់ហើយនេះ គឺយើងត្រូវខិតខំចាក់ក្នុងកម្រិត ១ លាននាក់ក្នុងមួយខែ។ ប្រសិនបើវ៉ាក់សាំងមកច្រើនជាងនេះ យើងអាចចាក់លើសពីនេះ។ យើងបានទទួលព័ត៌មានថា តាមខេត្តបានរកទីកន្លែងចាក់បានសមគួរហើយដែរ ដែលមានប្រមាណជាង ៣០០ កន្លែងនៅទូទាំងប្រទេស។ វាជាការល្អ ប៉ុន្តែលទ្ធភាពរបស់គ្រូពេទ្យជាបញ្ហា។ អញ្ចឹង គ្រូពេទ្យត្រូវតែរកនៅ​​ឯមូលដ្ឋានផងដែរ ទាំងគ្រូពេទ្យរដ្ឋ ប៉ុន្តែ គ្រូពេទ្យរដ្ឋមិនត្រូវធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការនៃការព្យាបាលជំងឺ សម្រាប់ជំងឺគ្រប់ប្រភេទ ដែលគ្រូពេទ្យកំពុងតែដំណើរការនោះទេ។ យើងយកតែគ្រូពេទ្យដែលមិនជាប់ពាក់ព័ន្ធ ដែលអាចជួយមកចាក់វ៉ាក់សាំងបានតែប៉ុណ្ណោះ។ ក្រៅពីនោះ ត្រូវចលនាគ្រូពេទ្យស្ម័គ្រចិត្តតាមគ្លីនិក​ឯកជន ក៏ដូចជាគ្រូពេទ្យសេវា​ឯកជន យកមកធ្វើការហ្វឹកហ្វឺន ដើម្បីបង្កើនចំនួនគ្រូពេទ្យចាក់នៅតាមទីកន្លែងដែលបានរៀបចំរួចមកហើយ បន្ថែមទៅដោយអន្តរាគមន៍នៃគ្រូពេទ្យស្ម័គ្រចិត្ត ដែលទៅពីថ្នាក់ជាតិ ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តច្រើនក្រុមចុះទៅ។

ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ថា គ្រូពេទ្យស្ម័គ្រចិត្តដែលចុះទៅនេះ គឺ(ថ្នាក់ជាតិ)រ៉ាប់រងចំណាយទៅលើការធ្វើដំណើរ និងការហូបចុក ​ឯកន្លែងស្នាក់នៅគឺត្រូវទុកឱ្យខេត្តទទួលការខុសត្រូវ រកសណ្ឋាគារ ឬផ្ទះសំណាក់ ដោយធ្វើកិច្ចសហការស្វែងរកការឧបត្ថម្ភពីម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ ដើម្បី​ឱ្យគ្រូពេទ្យរបស់យើងបានស្នាក់នៅបានស្រួល ក្នុងពេលដែលមានការធ្វើដំណើរទៅតាមខេត្តនីមួយៗ ក្នុងក្របខណ្ឌនៃការទទួលខុសត្រូវរបស់ឯកឧត្ដម លោកជំទាវ ដែលជាអភិបាលខេត្ត។

សុំទោស សម្លេងខ្ញុំស្អកបន្តិចដោយសារតែខ្ញុំហាត់ប្រាណរាងជ្រុលបន្តិច (នាំឱ្យ)ស្អកកបន្តិចតែប៉ុណ្ណឹងទេ គ្មានជំងឺអីសម្រាប់ខ្លួនខ្ញុំទេ។ សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ