ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះថេរានុថរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូន ជនរួមជាតិជាទីគោរពស្រឡាញ់។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានបញ្ហាមួយចំនួនដែលចង់ទូលប្រគេនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ។ ជាកិច្ចចាប់ផ្តើម ខ្ញុំព្រះករុណាខ្ញុំសុំយកឱកាសនេះដើម្បីប្រកាសបញ្ចប់នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា គាប់ជួនថ្ងៃនេះត្រូវជាខួបលើកទី ២២ នៃថ្ងៃបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព ការឯកភាពជាតិទាំងស្រុង ហើយក៏គាប់ជួនជាមួយនឹងថ្ងៃ ១៥ កើត ខែបុស្សផងដែរ។ ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេនថា ហេតុអ្វីបានជាយើងត្រូវបិទបញ្ចប់(ព្រឹត្តិការណ៍ ២៨ វិច្ឆិកា) ដែលកាលពីថ្ងៃទី ១៥ (ធ្នូ) ខ្ញុំព្រះករុណាខ្ញុំ បានប្រមើលមើលថា ប្រហែលជាទៅដល់ក្នុងខែ មករា ឬពាក់កណ្តាល ខែ មករា។ មានមូលហេតុ ៣ សំខាន់ៗ ដែលយើងអាចឈានទៅបញ្ចប់នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកាបាន។
ទី ១ យើងគ្រប់គ្រងស្ថានការណ៍បាន មិនមានរកឃើញអ្នកដែលមានកូវីដ១៩ ក្នុងរយៈពេល ១៤ ថ្ងៃ
មូលហេតុទី ១ យើងគ្រប់គ្រងស្ថានការណ៍បានហើយសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដោយមិនមានរកឃើញនូវអ្នកដែលមានកូវីដ១៩ ក្នុងរយៈពេល ១៤ ថ្ងៃ។ មកដល់ពេលនេះក៏យើងបានព្យាបាលជាសះស្បើយនៅក្នុងចំណោម ៤១ នាក់ យើងបានព្យាបាលឲ្យជាសះស្បើយចំនួន ៣៧ នាក់ នៅសល់តែ ៣ នាក់ប៉ុណ្ណោះ។ ក្រៅពីនោះអ្នកដែលត្រូវយកសំណាក បើគិតត្រឹមម្សិលម៉្ងៃ គឺនៅសល់ត្រឹមតែ ៨ នាក់ប៉ុណ្ណោះ។ ដូច្នេះ យើងពុំមានសេសសល់បន្តទៀតនូវករណីសង្ស័យនោះទេ។ នេះជាហេតុផលមួយ បន្ទាប់ពីការគ្រប់គ្រងបានហើយ យើងត្រូវទុករយៈពេលពីថ្ងៃទី ១៥ វិច្ឆិកា រហូតមកដល់ពេលនេះ យើងស្វះស្វែងរកគ្រប់ច្រកល្ហកពុំមានការសង្ស័យណាបន្ថែមទៀតទេ។
អរគុណ WHO វិទ្យាស្ថានប៉ាស្ទ័រ ក៏ដូចជា CDC របស់សហរដ្ឋអាមេរិក ដែលរួមធ្វើការជាមួយកម្ពុជា
ដូច្នេះ នេះជាចំណុចដែលយើងបានខិតខំ ហើយដែលខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះសំដែងនូវការកោតសរសើរចំពោះក្រសួងសុខាភិបាលចំពោះមន្រ្តីពេទ្យ គ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមានការចូលរួម។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំអរគុណដៃគូទាំងអស់ដែលមានអង្គការសុខភាពពិភពលោក វិទ្យាស្ថានប៉ាស្ទ័រ ក៏ដូចជា CDC របស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើការជាមួយយើង ក្នុងការរួមចំណែកដើម្បីឈានទៅការបិទបញ្ចប់ព្រឹត្តិការណ៍នេះ ហើយសំខាន់ជាងនោះ គឺមិនឲ្យមានការរីករាលដាលទៅខាងក្រៅ។ ការខិតខំរបស់ក្រុមគ្រូពេទ្យ អាជ្ញាធររបស់យើង ក៏ដូចជាកម្លាំងគ្រប់ផ្នែករបស់យើង បានទប់ស្កាត់ទាន់ពេលវេលា ហើយក៏មិនមានមនុស្សស្លាប់នោះដែរ។ នេះជាមូលហេតុទី ១។
ទី ២ មិនទាន់មានពលករមកពីថៃ តាំងពីថ្ងៃ ២០ ធ្នូ នាំជំងឺចូលមកកាន់ប្រទេសទេ
ឯមូលហេតុទី ២ ការគ្រប់គ្រងពលករមកពីប្រទេសថៃតាំងពីថ្ងៃទី ២០ រហូតមកដល់ពេលនេះ យើងក៏មិនទាន់រកឃើញនូវអ្នកដែលមកពីប្រទេសថៃ ហើយដែលកំពុងតែមានការឆ្លងរាលដាលនៅក្នុងប្រទេសថៃបាននាំជំងឺចូលមកកាន់ប្រទេសកម្ពុជានោះទេ។ ដោយសាររាជរដ្ឋាភិបាលថៃ និងអាជ្ញាធរថៃបានចាត់វិធានការក្នុងល្បឿនមួយយ៉ាងលឿន ដែលអាចគ្រប់គ្រងបានសភាពការណ៍។ បន្ថែមលើនោះអាជ្ញាធរតាមខេត្តរបស់យើងក៏បានធ្វើការបន្ទាន់តាមរយៈការចង្អុលបង្ហាញពីរាជរដ្ឋាភិបាល ពីក្រសួងសុខាភិបាល ហើយផ្តល់លទ្ធភាពគ្រប់បែបយ៉ាងសម្រាប់បណ្តាខេត្តនៅតាមព្រំដែន។ កម្លាំងប្រដាប់អាវុធរបស់យើងក៏បានចូលរួមនៅទីនោះ ដើម្បីដឹកជញ្ជូនពលករ ដោយមិនឲ្យពលករទាំងឡាយធ្វើដំណើរតាមរថយន្តផ្ទាល់ ឬក៏តាមការជិះរថយន្តឈ្នួលដែលអាចនាំមេរោគចម្លងទៅកាន់កន្លែងផ្សេង។ ការធ្វើដូចនេះ បាននាំមកនូវការទប់ស្កាត់ដោយមិនឲ្យមានការហូរចូលនៃការចម្លងនេះពីព្រះរាជាណាចក្រថៃមកកាន់ប្រទេសកម្ពុជា តាមរយៈវិធានការនៅក្នុងប្រទេសថៃដែលរាជរដ្ឋាភិបាល និងអាជ្ញាធរថៃចាត់វិធានការផង និងតាមរយៈនៃការដែលយើងបានខិតខំខ្លួនឯងផង។
អរគុណនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា យកចិត្តទុកដាក់ថែទាំពលករកម្ពុជា
ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដល់ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលថៃ ក៏ដូចជារាជរដ្ឋាភិបាលថៃ និងអាជ្ញាធរថៃ ដែលបានយកចិត្តទុកដាក់ថែទាំចំពោះពលករកម្ពុជា ដែលនេះគឺជាចំណុចដែលល្អនៅក្នុងទំនាក់ទំនងជិតខាងរបស់យើង ហើយមិនមានការរើសអើងចំពោះពលករកម្ពុជា។ បន្ថែមលើនោះ តាមព័ត៌មាន អ្នកមិនមានការធ្វើការស្របច្បាប់ (ឬ)ទៅ(ដោយ)ខុសច្បាប់ ក៏ត្រូវបានអាជ្ញាធរថៃរៀបចំឲ្យមានការកាន់កាតបណ្តោះអាសន្នណាមួយនោះ។ នេះជាក៏ជាផ្នែកមួយនៃការដោះស្រាយបញ្ហារួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ ផង និងដោះស្រាយការងារជូនពលករកម្ពុជាផង ដែលវាជាផ្នែកមួយនៃការរីកចម្រើនសេដ្ឋកិច្ចថៃ ហើយក៏ជាផ្នែកមួយនៃប្រាក់ចំណូលរបស់ពលករកម្ពុជាផងដែរ។
ធ្វើចត្តាឡីស័កនៅព្រំដែន ផ្គត់ផ្គង់អោយបានហ្មត់ចត់ ឧបត្ថម្ភការធ្វើដំណើរទៅលំនៅដ្ឋាន
ជាថ្មីម្តងទៀត កោតសរសើរចំពោះក្រសួងសុខាភិបាល ចំពោះក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ មេបញ្ជាការជើងគោក ដែលផ្តល់រថយន្តបន្ទាន់ ការដឹកជញ្ជូនសម្ភារបរិក្ខារ ទៅកាន់តំបន់ព្រំដែនដើម្បីធ្វើចត្តាឡីស័កនៅតាមព្រំដែន ដែលមកដល់ពេលនេះមានប្រមាណនរដឹកជញ្ជូនគេបានចាត់ចំណាត់លើកទី ១ គេបានចាត់ទុកថាចំណាត់ថ្នាក់លេខ ១ នៅអាស៊ី លេខ ៣ នៅលើពិភពលោក ប៉ុន្តែរយៈពេលជិត ២ ពាន់នាក់ ដែលបានធ្វើចត្តាឡីស័កនៅតាមព្រំដែន ហើយដែលយើងមានការផ្គត់ផ្គង់បានត្រឹមត្រូវ។ ខ្ញុំនៅតែរំលឹកថា បងប្អូនដែលធ្វើចត្តាឡីស័កនៅទីនោះត្រូវតែផ្គត់ផ្គង់ឲ្យបានហ្មត់ចត់ ទាំងមុង កន្ទេល ភួយ ខ្នើយ ដែលយើងបានផ្តល់ទៅកាន់ទីនោះ។ ត្រូវផ្គត់ផ្គង់នូវម្ហូបអាហារឲ្យបានគ្រប់គ្រាន់។ រាជរដ្ឋាភិបាលបានផ្តល់ថវិកាទៅជូនគ្រប់ខេត្តអស់ហើយ។ ប្រសិនបើជិតអស់ហើយ គឺប្រាប់មក ដើម្បីផ្តល់បន្ថែមថវិកា។ អ្នកដែលមានតម្រូវការធ្វើចត្តាឡីស័កនៅតាមទល់ដែន ត្រូវធ្វើនៅទីនោះឲ្យបានគ្រប់ ១៤ ថ្ងៃ។ ប៉ុន្តែ ដើម្បីធ្វើបាន ទាមទារឲ្យមានការផ្គត់ផ្គង់។ បើសិនជាមានទាំងគ្រួសារ គឺត្រូវផ្គត់ផ្គង់ទាំងអស់ ដើម្បីឲ្យពួកគាត់អាចធ្វើចត្តាឡីស័ក។ បន្ទាប់ពីការយកសំណាកពិនិត្យហើយ មិនមានបញ្ហាអ្វីចាំបញ្ជូនគាត់មក។ បើត្រូវការជួយឧបត្ថម្ភក្នុងការធ្វើដំណើរ ក៏ត្រូវតែចំណាយសម្រាប់បងប្អូនធ្វើដំណើរទៅកាន់លំនៅដ្ឋាន។ ឯសម្រាប់អ្នកដែលលើសពីសមត្ថភាពនៃការដឹកជញ្ជូន នៃការធ្វើចត្តាឡីស័ក នៅតាមព្រំដែន មួយចំនួនបានដឹកជញ្ជូនតាមរថយន្តយោធាមកកាន់ខេត្តនៅខាងក្រោយ ដើម្បីឲ្យខេត្តនៅខាងក្រោយរៀបចំធ្វើចត្តាឡីស័ក និងគ្រប់គ្រងបងប្អូននៅទីនោះ ចៀសវាងនូវការហូរចូលណាមួយដោយយើងមិនបានដឹង ព្រោះនេះការប្រយុទ្ធជាមួយនឹងសត្រូវដែលគ្មានស្រមោលទាល់តែសោះ។ វាលំបាកណាស់ មិនដឹងថាអ្នកណាមានអ្នកណាអត់ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្ន។
អំពាវនាវចំពោះពលករ/ការិនីកំពុងធ្វើការនៅថៃ សុំបន្តរស់នៅក្នុងប្រទេសថៃតទៅទៀត
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះអំពាវនាវចំពោះបងប្អូនពលករ/ការិនី ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ សុំបន្តរស់នៅក្នុងប្រទេសថៃតទៅទៀត ជាជាងការធ្វើចល័តពីកន្លែងមួយទៅកន្លែងមួយ។ ដូចជាយើងបានទទួលព័ត៌មាននៅកន្លែងរោងច្រមួយដែលមានបងប្អូនធ្វើការខុសច្បាប់ ដោយមានការភ័យខ្លាច ថៅកែ ក៏នាំបងប្អូនកម្មករពលករខ្មែរយើងមួយចំនួនទៅដាក់នៅក្នុងវត្តលោក។ នេះជារឿងមិនល្អទេ។ អាជ្ញាធរថៃបានសម្រួលបញ្ហានេះរួចហើយ។ តែខ្ញុំបានទទួលលិខិតរបស់ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា សុំឲ្យទប់ស្កាត់ចំពោះពលរដ្ឋកម្ពុជា កុំឲ្យចូលទៅក្នុងប្រទេសថៃ ក្នុងពេលដែលថៃកំពុងតែប្រយុទ្ធទៅលើជំងឺនេះ។ ខ្ញុំនៅចាំបានថា ខ្ញុំបានអំពាវនាវតាំងពីថ្ងៃដំបូងនៃការចាប់ផ្ទុះឡើងនៅក្នុងប្រទេសថៃ។
ពេលនោះ ខ្ញុំបានស្នើសុំឲ្យអ្នកទៅទាំងស្របច្បាប់ ឬមិនស្របច្បាប់ គឺឲ្យផ្អាកកុំអាលចូលទៅក្នុងប្រទេសថៃ ដើម្បីទុកលទ្ធភាពឲ្យព្រះរាជាណាចក្រថៃទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ ដែលបានកើតឡើងក្នុងរយៈពេលកន្លងទៅនេះ។ ដូច្នេះ មូលហេតុទី ២ ទាក់ទងនឹងការផ្ទុះនៅប្រទេសជិតខាង យើងបានទប់ស្កាត់ដោយវិធានការទាំង ២ ព្រមគ្នា។ ម្ខាងគឺផ្នែករាជរដ្ឋាភិបាលថៃ និងម្ខាងទៀតគឺកម្ពុជាខ្លួនឯង ហើយដែលមានការចូលរួមយ៉ាងសស្រាក់សស្រាំ អំពីអាជ្ញាធរតាមបណ្តាខេត្តតាមព្រំដែន កម្លាំងប្រដាប់អាវុធតាមទល់ដែន និងគ្រូពេទ្យទាំងឡាយដែលបានចាត់បញ្ជូនទៅកាន់ទីនោះ ដើម្បីរៀបចំឲ្យបងប្អូនអាចមានលទ្ធភាពធ្វើចត្តាឡីស័ក ឬក៏ដឹកជញ្ជូនបងប្អូនមកខាងក្រោយ។
ទី ៣ សល់តែការគ្រប់គ្រងអ្នកជំងឺតាមយន្តហោះជារៀងរាល់ថ្ងៃ
មូលហេតុទី ៣ យើងនៅសល់តែការគ្រប់គ្រងអ្នកជំងឺតាមយន្តហោះជារៀងរាល់ថ្ងៃ ដែលមានការរកឃើញខ្លះ។ ដូចជាកាលពីថ្ងៃទី ២៧ ខែធ្នូ នេះ មានករណីវិជ្ជមានមួយករណី ដែលជាជនជាតិឥណ្ឌូនេស៊ីហើយដែលមកតាមប្រទេសសិង្ហបុរី។ យើងរំពឹងថា នឹងមានការឆ្លងបន្តទៀតដោយការនាំចូល ប៉ុន្តែយើងគ្មានជម្រើសណាឲ្យល្អជាងនេះនោះទេ។ យើងមិនអាចថា បិទមិនឲ្យចូលមកក្នុងប្រទេសកម្ពុជានោះទេ រាប់ទាំងជនជាតិអង់គ្លេសដែលមានទម្រង់ថ្មីនៃកូវីដ-១៩។ ប៉ុន្តែបញ្ហាសំខាន់នៅទីនេះ គឺត្រូវធ្វើការគ្រប់គ្រងឲ្យបានណែន ការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ ប្រទេសមួយចំនួនបានបិទជើងហោះហើរពីអង់គ្លេសរួចទៅហើយ។ យើងក៏មិនប្រកាសថាបិទដែរ ព្រោះគ្មានយន្តហោះអង់គ្លេសហោះត្រង់មកកាន់ប្រទេសកម្ពុជានោះទេ ហើយយើងក៏មិនចាំបាច់រារាំងជនជាតិអង់គ្លេសចូលមកកាន់កម្ពុជានោះដែរ។ អញ្ចឹងទាក់ទងនឹងការគ្រប់គ្រងទៅលើការនាំចូល រាល់ថ្ងៃគឺតែងតែមានរាប់រយនាក់ រហូតទៅដល់ជិតពាន់នាក់រៀងរាល់ថ្ងៃ ដែលហោះចូលមកកម្ពុជា មានទាំងបងប្អូនខ្មែរយើងនៅក្រៅប្រទេស នៅអាមេរិក នៅបារាំង នៅប្រទេសដទៃ នៅកូរ៉េ នៅជប៉ុន គឺមកជាបន្តបន្ទាប់ ហើយនិងអ្នកដែលធ្វើការដទៃទៀត។
ការប្រយុទ្ធលើសមរភូមិ ៣
បញ្ហាគឺត្រូវខិតខំ ហើយនេះតាំងពីដើមទីមក យើងប្រយុទ្ធលើសមរភូមិ ៣ ដែលមុននេះ យើងពិនិត្យទៅលើសមរភូមិ ២ ប៉ុណ្ណោះ ប៉ុន្តែឆ្លងកាត់នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា យើងបានជួបប្រទះនូវការប្រយុទ្ធលើសមរភូមិទាំង ៣ តែម្តង។ សមរភូមិទី ១ គឺការនាំចូល … សមរភូមិនេះងាយគ្រប់គ្រងដោយសារការពង្រឹងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវមិនឲ្យរបូត ងាយក្នុងការគ្រប់គ្រង។ សមរភូមិទី ២ គឺសហគមន៍ដែលទើបនឹងឆ្លងកាលពីថ្ងៃទី ២៨ វិច្ឆិកា ដែលយើងបានរកឃើញមកដល់ពេលនេះយើងចាត់ទុកថារយៈពេល ១ ខែ បើគិតតាំងពីថ្ងៃដាក់ចេញនូវវិធានការជាក់លាក់នៅថ្ងៃទី ៣០ ដែលខ្ញុំព្រះករុណាខ្ញុំបានប្រកាសនៅឯសៀមរាប គឺយើងចាត់ទុកថារយៈពេល ១ ខែ នៃប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាការឆ្លងចូលសហគមន៍នេះ។ ឯសមរភូមិទី ៣ គឺការព្យាបាលឲ្យជាសះស្បើយ។ បើយើងពិនិត្យអំពីតួលេខដែលរដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានបញ្ចូនមក ចំនួនអ្នកឆ្លងនៅកម្ពុជាយើងមានចំនួន ៣៦៤ នាក់ ក្នុង ៣៦៤ នាក់ មាន ៣៦០ នាក់បានជាសះស្បើយ នៅសល់តែ ៤ នាក់ប៉ុណ្ណោះ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ីម្នាក់ និងខ្មែរយើង ៣ នាក់ដែលឆ្លងក្នុងសហគមន៍។ យើងមិនទាន់មានមនុស្សស្លាប់ទេ។ ដូច្នេះយើងបានធ្វើកិច្ចការងារទាំង ៣ នេះបានហ្មត់ចត់។
ពេលវេលាសហការគ្នាដោះស្រាយបញ្ហាធ្ងន់ធ្ងរដែលវារីលរាលដាលទូទាំងពិភពលោក
ពិតហើយមនុស្សមួយចំនួនគេដៀមដាមឲ្យយើងថា ពេទ្យខ្មែរពូកែណាស់ ហេតុអីបានរកពេទ្យបរទេស? ការពិត យើងអត់និយាយបានថាយើងពូកែ ឬមិនពូកែ ឆ្លាត ឬល្ងង់ទេ ប៉ុន្តែលើការជាក់ស្តែងបងប្អុនជនរួមជាតិកម្ពុជាយើងបានឃើញដឹងឮផ្ទាល់ហើយថាតើមានមនុស្សស្លាប់ឬនៅ នៅកម្ពុជាលើបញ្ហាកូវីដ-១៩? ហើយចំនួនឆ្លងនេះ តើបានឆ្លងដល់គ្រួសារខ្លួនហើយឬនៅ? ខ្ញុំព្រះករុណាខ្ញុំគ្មានពេលវេលា ដើម្បីតបឆ្លើយនឹងអ្នកណាទេ តែខ្ញុំព្រះករុណាខ្ញុំមានកាតព្វកិច្ចពន្យល់ដល់ជនរួមជាតិរបស់យើងដើម្បីឲ្យបានច្បាស់។ យើងគ្មានសមត្ថភាពពិតប្រាកដដូចដែលគេថា។ តែគេក៏ត្រូវតែឃើញថា យើងបានព្យាបាលមនុស្ស ៣៦០ នាក់ ហើយ ៣៦០ នាក់ ភាគច្រើនជាជនជាតិបរទេសទៅទៀត។ ផ្ដើមដំបូងភាគច្រើនជាជនជាតិបរទេស មានតាំងពីបារាំងៗ ច្រើនជាងគេ បារាំង អាមេរិក អង់គ្លេស បែលហ្ស៊ិក កាណាដា ហើយយើងមិនបានយកលុយពួកគេមួយសេនទេ។ កម្ពុជាជាប្រទេសក្រីក្រ ប៉ុន្តែកម្ពុជាព្យាបាលឲ្យជនបរទេសអត់យកលុយទេ។ ជាមួយនឹងចិត្តសប្បុរសរបស់កម្ពុជា ទទួលយកនាវា Westerdam ដែលពេលនោះគ្មានអ្នកណាធ្វើកិច្ចការនេះទេ … ឥឡូវនេះ អ្នកទាំងនោះបានទទួលសេចក្តីសុខក្នុងប្រទេសរបស់គេ កម្ពុជាបានធ្វើកិច្ចការនេះ។ យើងមិនមែនជាពេលវេលាត្រូវបន្តុះបង្អាប់ ហើយក៏មិនមែនជាពេលវេលាត្រូវលើកតម្កើង និងមិនមែនជាពេលវេលាដែលត្រូវទម្លាក់កំហុស ឬក៏ជេរគ្នានោះទេ តែជាពេលវេលាត្រូវរួមសហការគ្នា ដើម្បីដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរ ដែលវារីលរាលដាលទូទាំងពិភពលោក។
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ១៩
ខ្ញុំព្រះករុណាខ្ញុំ ក៏មិនយល់ដែរថា ហេតុអ្វីបានជាមានមនុស្សខ្លះថានាំកូវីដ១៩ ហ្នឹង មកឲ្យឆ្លងចំពោះ(សមាជិក)គណបក្សប្រជាជននៅក្នុងប្រទេសឲ្យងាប់ឲ្យអស់។ តើយល់ទេថា នៅក្នុងចំណោមប្រជាពលរដ្ឋនៅកម្ពុជា អ្នកដែលនៅក្បែរគ្នាច្រើនគណបក្ស ២០, ៣០, ៤០ គណបក្សនយោបាយនោះ។ អញ្ចឹងវាដោយទាំងបងប្អូនខ្លួនឯងផង។ នឹកមិនដល់ថា អាចមានមនុស្សធុននេះនៅក្នុងសម័យទំនើបនេះ ហើយចាត់ទុកថាជាអ្នកស្នេហាជាតិ។ ខ្ញុំព្រះករុណាខ្ញុំអត់តបតទេ តែនេះខ្ញុំព្រះករុណាខ្ញុំមានកាតព្វកិច្ចដើម្បីពន្យល់ចំពោះជនរួមជាតិរបស់យើង ឲ្យយល់អំពីអ្វីទៅដែលហៅថាការដោះស្រាយបញ្ហាពិតប្រាកដ? យើងបានប្រយុទ្ធទាំង ៣ សមរភូមិរួចហើយ តែសមរភូមិទាំង ៣ នេះ បើទោះបីថ្ងៃនេះ យើងបិទបញ្ចប់នូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា ក៏ដោយ មិនមែនមានន័យថា កូវីដ១៩ ត្រូវបានបញ្ចប់ទេ។ កូវីដ១៩ នៅលើពិភពលោកឆ្លងយ៉ាងកាចសាហាវ។ ប្រទេសរបស់យើងត្រូវគេបានចាត់ចំណាត់ថ្នាក់ លើកទី ១ គេបានចាត់ទុកថាចំណាត់ថ្នាក់លេខ ១ នៅអាស៊ី លេខ ៣ នៅលើពិភពលោក។ ប៉ុន្តែ រយៈពេលចុងក្រោយគេចាត់ទុកថាលេខ ១ ពិភពលោក។ ខ្ញុំមើលទៅក្នុងនោះ លេខ ២ ទៅស៊ូដង់ខាងត្បូង ហើយលេខ ៣ ទៅប្រ៊ុយណេ។ រឿងចំណាត់ថ្នាក់យ៉ាងណាកុំអាលអរ ព្រោះបញ្ហាកូវីដ១៩ អត់ទាន់ចប់ទេ ប្រហែសតែបន្តិចកើតរឿង។ សូម្បីតែ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា ដែលគាត់បានដោះស្រាយបញ្ហានេះកាលពី ខែ មេសា បានល្អ ឥឡូវប្រហែលជាកំពុងឈឺក្បាល ព្រោះម្សិលមិញបានឆ្លងដល់ទៅ ១៤៤ នាក់បន្ថែមទៀត។ ដូច្នេះ គ្រាន់តែមួយព្រឹប កើនលើសពីមួយពាន់ ហើយមិនដឹងថាតើនៅប៉ុន្មានទៀត? ករណីដូចកម្ពុជាអញ្ចឹង កើតឡើងព្រឹប ពីការដែលគ្មានក្នុងសហគមន៍ បែរទៅជាមានក្នុងសហគមន៍ វាបង្កើតឡើងនូវការលំបាកណាស់។
កូវីដ១៩ មិនមែនជាជំងឺ/វីរុសចុងក្រោយទេ នៅមានជំងឺផ្សេងៗ ដែលនឹងអាចកើតបន្ត
អញ្ចឹង យើងគ្រាន់តែប្រកាសបិទនូវព្រឹត្តិការណ៍តែប៉ុណ្ណោះ ប៉ុន្តែមិនមែនបានសេចក្តីថាបិទឲ្យអស់កូវីដ១៩ នោះទេ។ គឺអាហ្នឹងមិនមែនជាបញ្ហារបស់យើងទេ។ ទាល់តែអស់ កូវីដ១៩ លើពិភពលោក អាហ្នឹងបានយើងដល់ដំណាក់កាលបញ្ចប់ដែរ។ តែមិនដឹងថាពេលណាវាអស់។ ដូចដែលអគ្គនាយកអង្គការសុខភាពពិភពលោកថា កូវីដ១៩ ហ្នឹងមិនមែនជាជំងឺចុងក្រោយទេ មិនមែនជាវីរុសចុងក្រោយទេ។ នៅមានជំងឺផ្សេងៗ ដែលនឹងអាចកើតបន្ត។ ជាក់ស្តែងប៉ុន្មានឆ្នាំកន្លងទៅ កើតមានជំងឺ SARS កើតមានជំងឺផ្តាសាយជ្រូក ផ្តាសាយមាន់ ប៉េស្តជ្រូកអាហ្វ្រិក ជំងឺដទៃទៀត។ បន្ទាប់ពីជំងឺកូវីដ១៩ ទៅ តើនៅមានអី? គ្រាន់តែឥឡូវមានជំងឺកូវីដ១៩ ខ្លះបំលែងខ្លួននៅប្រទេសអង់គ្លេស និងអាហ្វ្រិកខាងត្បូងរួចទៅហើយ។ អញ្ចឹងទេ បានជា យើងត្រូវតែរៀបចំនូវវិធានការជាបន្តក្នុងការគ្រប់គ្រង។
បញ្ចូលក្របខណ្ឌគ្រូពេទ្យហ៊ានប្រយុទ្ធនឹងកូវីដ១៩ ចំនួន ៣០០០ នាក់សម្រាប់ឆ្នាំ ២០២១
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំបង្ហាញបន្ថែម តែដំបូងក៏សុំបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិ ថ្ងៃមុន ខ្ញុំព្រះ ករុណាខ្ញុំបាននិយាយឲ្យបន្ថែមចំនួនគ្រូពេទ្យ។ ខ្ញុំព្រះករុណាខ្ញុំបានទូរស័ព្ទទៅឯកឧត្តម ម៉ម ប៊ុនហេង ដើម្បីសួរថាត្រូវការប៉ុន្មាន? ដំបូងឡើយឯកឧត្តម ម៉ម ប៊ុនហេង ថា ត្រូវការ ៥០០០ នាក់ ប៉ុន្តែឥឡូវនេះនៅ ក្នុងពេលនេះ នៅឆ្នាំ ២០២១ នឹងបញ្ចូលក្របខណ្ឌចំនួន ៣០០០ នាក់សិន ដើម្បីបង្កើនសមត្ថភាពក្រុម គ្រូពេទ្យរបស់យើង និងពង្រាយក្រុមគ្រូពេទ្យរបស់យើង។ បន្ទាប់ទៅ ក្នុងករណីដែលមានការខ្វះ ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រួចហើយ។ ត្រៀមជានិច្ចដើម្បីនឹងឆ្លើយតបទៅតាមទំហំការងារ ដែលវាកើនឡើងសម្រាប់ក្រុមគ្រូពេទ្យរបស់យើង ព្រោះធ្វើការប្រយុទ្ធជាមួយនឹងជំងឺ វាត្រូវមានក្រុមគ្រូពេទ្យ ដូចជាការប្រយុទ្ធនៅលើសមរភូមិយោធា វាត្រូវមានទាហាន។ អញ្ចឹងទេ សុំបញ្ជាក់ជូនថា ក្របខណ្ឌថ្មីប្រគល់ជូន ចំនួន ៣០០០ នាក់ សម្រាប់ឆ្នាំ ២០២១។ ប្រសិនបើនៅខ្វះ យើងនឹងគិតគូរបន្ថែមទៀត និងរៀបចំការដាក់ពង្រាយយ៉ាងណា ដើម្បីឲ្យទៅតាមតំបន់ដែលយើងអាចដោះស្រាយបានបញ្ហា។ ប៉ុន្តែ ខ្ញុំសុំផ្តាំថា គ្រូពេទ្យដែលជ្រើសរើសនេះ គឺគ្រូពេទ្យដែលហ៊ានចូលប្រយុទ្ធជាមួយកូវីដ១៩។ នេះជាលក្ខខណ្ឌតម្រូវ។ ពិតហើយ គ្មានអ្នកណាមានជំនាញលើកូវីដ១៩ ទេ។ កូវីដ១៩ ទើបកើតតើ។ ពេទ្យយើងបានកើតយូរហើយ ប៉ុន្តែសួរថាហ៊ានចូលប្រយុទ្ធ ឬមិនហ៊ាន? ហើយយើងបានណែនាំរបៀបជ្រើសរើសយ៉ាងណារួច ហើយ ខ្ញុំបានយល់ព្រមជាលាយល័ក្ខអក្សររួចហើយ។
វិធានការទី ១ គឺ ៣ ការពារ
ឥឡូវនិយាយទៅដល់វិធានការ ខ្ញុំសុំលើកឡើងនូវវិធានការមួយចំនួន ដែលត្រូវប្រកាន់យក។ វិធានការទី ១ គឺមាននិយាយកាលពីថ្ងៃទី ១៥ ហើយ គឺ ៣ ការពារ មានន័យថា ពាក់ម៉ាស លាងដៃ និង រក្សាគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះឡើង។ បន្ថែមលើនេះ អ្នកដែលត្រូវធ្វើចត្តាឡីស័ក ក៏ត្រូវតែគោរពឲ្យបានត្រឹមត្រូវជាទីបំផុត និងមិនត្រូវគេចវេស ឬរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនោះទេ។ ប្រហែលជានៅលើពិភពលោកនេះ គឺមានតែកម្ពុជា ឬក៏ថាអាចមានប្រទេសមិនច្រើនទេដែលធ្វើបែបកម្ពុជានោះ។ អ្នកក្រីក្រចូលធ្វើចត្តាឡីស័ក មានប្រាក់ឧបត្ថម្ភដើម្បីធ្វើចត្តាឡីស័កក្នុងរយៈពេល ១៤ ថ្ងៃ ប៉ុន្តែយើងផ្តល់ប្រាក់ដល់ ១៥ ថ្ងៃនោះ។ ស្ថានភាពបែបនេះ គឺជាស្ថានភាពដែលកម្ពុជាត្រូវតែធ្វើ។ ខ្ញុំគ្រាន់តែលើក មិនចេញឈ្មោះទេ មន្ត្រីទូតរបស់កម្ពុជានៅប្រទេសក្រៅ នៅអឺរ៉ុប ឆ្លងកូវីដ១៩ បួននាក់ គេឲ្យទៅព្យាបាលនៅផ្ទះ គេអត់ឲ្យព្យាបាលនៅក្នុងមន្ទីរពេទ្យទេ ព្រោះមន្ទីរពេទ្យពេញទៅដោយអ្នកជំងឺធ្ងន់។ អញ្ចឹង ទិញថ្នាំគេទៅ យកទៅព្យាបាលខ្លួនឯងនៅផ្ទះទៅ។ ប៉ុន្តែ សម្រាប់យើងអត់ទេ។ អ្នកដែលកើតកូវីដ១៩ ត្រូវចូលទៅព្យាបាល ឯអ្នកដែលមានផលប៉ះពាល់ ត្រូវចូលទៅធ្វើចត្តាឡីស័ក។
វិធានការទី ២ គឺ ៣ កុំ
វិធានការទី ២ ក៏ដូចលើកថ្ងៃមុនហើយដែរ ៣ កុំ (១)កុំទៅកន្លែងដែលជួបជុំគ្នាច្រើន (២)កុំទៅកន្លែងដែលបិទជិត គ្មានខ្យល់ចេញចូល ប្រើតែម៉ាស៊ីនត្រជាក់ច្រើនពេក និង(៣)កុំជិតស្និទ្ធិគ្នាពេក ដូចជាចាប់ដៃ កុំកៀកស្នាគ្នា កុំអោបគ្នាជាដើម។ ប៉ុន្តែខ្ញុំគួរតែបញ្ជាក់ដែរ ការមិនអោបគ្នា មិនមែនមិនឲ្យអោបប្រពន្ធ មិនឲ្យអោបកូន មិនឲ្យអោបចៅក្នុងផ្ទះ វាមិនបានទេ អាហ្នឹងកុំភាន់ច្រឡំ រហូតដល់មានព័ត៌មានប្រទេសណាមួយថានៅពេលដែលដេកជាមួយប្រពន្ធក៏ត្រូវឲ្យពាក់ម៉ាសដែរ។ ចប់! មិនបាច់ដេកទេ។ ប្រពន្ធរបស់ខ្ញុំត្រូវតែដេកជិតខ្ញុំជានិច្ច។
យប់មិញរវល់ស្តាប់ លោក កែវ ចិត្រា … និយាយពីរឿងស្អីណា អង្រែបុកគ្រឿងណា។ ស្តាប់ជាមួយប្រពន្ធខ្ញុំ។ អញ្ចឹងខ្ញុំក៏ងងុយទៅ ខ្ញុំក៏ពន្លត់ភ្លាម ខ្ញុំក៏ដេកលក់។ គ្រាន់តែចាប់ផ្តើមលក់បន្តិច ប្រពន្ធខ្ញុំសើចតែម្តង ព្រោះខ្ញុំត្រឹមតែមួយនាទី ឬពីរនាទី ខ្ញុំចាប់ផ្តើមលក់ហើយ តែពន្លត់ភ្លើងគឺលក់តែម្ដង។ លោក កែវ ចិត្រា នេះខ្ញុំទើបស្គាល់ (ពីមុន)ខ្ញុំអត់ដែលស្គាល់គាត់ទេ។ គាត់ជាវេជ្ជបណ្ឌិត។ លោក កែវ ចិត្រា ឯង ខ្ញុំស្តាប់បាននៅកន្លែងនេះ អាហ្នឹងនិយាយលេងបន្តិចចុះ ថាធ្លាប់មកលេងភ្នំពេញ ហើយធ្លាប់ចូលទៅ Spark ហើយនាងអីមួយដែលក្រោយមកល្បីឈ្មោះ … មិនដឹងថាលោក កែវ ចិត្រា ឯងស្គាល់អ្នកណាទេ។ ក្នុងហ្នឹងមាន ពេជ្រ សោភា ម្នាក់ និង សុគន្ធ នីសា ម្នាក់ ដែលចេញពី Spark ឥឡូវកំពុងច្រៀងឲ្យហង្សមាស … លោក កែវ ចិត្រា ឯងថា ដោយសារសម្តេច ហ៊ុន សែន និយាយចំឈ្មោះ ច្បាស់ជាគេវាយត្រា (ឬ)គេហៅវាយផ្កាយដាក់ក្បាលគាត់។ ប៉ុន្តែខ្ញុំមើល clip គាត់និយាយតាំងប៉ុន្មានខែមុន។ គាត់និយាយអញ្ចឹង មិនមែនចាំបាច់ទាល់ស្គាល់ខ្ញុំឯណា។ ខ្ញុំធ្លាប់លើកឈ្មោះ ជេម សុខ ប៉ុន្មានថ្ងៃហ្នឹង។ ខ្ញុំស្តាប់អ្នកនេះទៅ ខ្ញុំស្តាប់ ចិត្រា ទៅ ខ្ញុំស្តាប់ ជេម សុខ ទៅ ខ្ញុំស្តាប់ ឆៃយ៉ា ទៅ ខ្ញុំស្តាប់ ខាន់ សុវណ្ណ ទៅ ខ្ញុំស្តាប់ ជិន នី ទៅ។ យើងមានពេលឯណាស្តាប់គេ live show អញ្ចឹងចូលក្នុង YouTube ស្តាប់ទៅ បានជាប្រយោជន៍របស់យើងដែរ។ អញ្ចឹងទេបញ្ហាដែលថាកុំអោបគ្នា កុំស្អីគ្នា កុំកៀកគ្នា អាហ្នឹងគឺស្ថិតនៅក្នុងករណីដោយឡែក ប៉ុន្តែមិនមែនករណីទាក់ទងជាមួយប្រពន្ធ/កូន/ចៅ អីមិនឲ្យពរកូន មិនឲ្យពរចៅ តើឲ្យអ្នកណាពរ?
យកស្តង់ដារគម្លាតសុវត្ថិភាពចាប់ពីមួយម៉ែត្រកន្លះឡើងទៅ
អញ្ចឹងត្រូវខិតខំបញ្ចៀសនូវការជួបជុំច្រើនហួសហេតុ។ ពេលមុននៅប្រទេសខ្លះគេកំណត់ថា មិនឲ្យលើសពី ៥ នាក់។ ខ្លះថាមិនឲ្យលើសពី ១០ នាក់ ឯយើងកន្លងទៅថា មិនឲ្យលើសពី ២០ នាក់។ ម្សិលមិញខ្ញុំបានពិភាក្សាជាមួយមន្ត្រីសុខាភិបាលរបស់យើង ហើយបានពិភាក្សាជាមួយនឹង សម្តេចក្រឡាហោម ស ខេង ថា យើងគួរយកស្តង់ដារមួយ គឺយកស្តង់ដារគម្លាតសុវត្ថិភាពចាប់ពីមួយម៉ែត្រកន្លះឡើងទៅ។ ព្រោះអញ្ចេះ បើយើងកំណត់ជាចំនួនមនុស្សថា មិនឲ្យលើសពី ១០០ នាក់ ចុះឧទាហរណ៍ស្តាតអូឡាំពិកប៉ុនមេឃប៉ុនដី មិនឲ្យលើសពី ១០០ នាក់ តើធ្វើម៉េចទៅ? មិនឲ្យលើសពី ១០០ នាក់? ស្តាតអូឡាំពិកត្រូវដាក់បានច្រើន។ ឥឡូវថាគម្លាត ឧបមាថាមានការទាត់បាល់ ត្រូវមានប៉ុន្មាន? កន្លងទៅកំណត់ថា ៣០% ចូលមើល។ អញ្ចឹងឥឡូវយើងគិតជាស្តង់ដារអញ្ចេះវិញ ស្តង់ដារគម្លាតចាប់ពីមួយម៉ែត្រកន្លះឡើងទៅ។ កន្លែងតូច បើយើងកំណត់ថាកុំឲ្យលើសពី ១០០ នាក់ ចុះបើកន្លែងតូចគាត់(ម៉េចនឹងអាច)ដាក់(ដល់) ១០០ នាក់(បានទៅ?) អ្នកណាទៅធ្វើអី(កើត) អញ្ចឹងចង្អៀតណែន។ បើកន្លែងធំ ឧទាហរណ៍ថា សួនច្បារមុខព្រះបរមរាជវាំង សួនច្បារវិមានឯករាជ្យ ប្រជាពលរដ្ឋត្រូវទៅហាត់ប្រាណ ថាមិនឲ្យលើស ១០០ នាក់ គឺវាអត់កើត។ អញ្ចឹងយើងដាក់ជាគម្លាតទាំងអង្គុយ ទាំងពេលដើរ ធ្វើម៉េចឲ្យមានគម្លាត។
បងប្អូនយើងច្រើនអញ្ចេះ ច្រើនតែពេលអង្គុយប្រជុំ អង្គុយឆ្ងាយពីគ្នាមែន ដល់ពេលចេញ ប្រជៀតគ្នាចេញ អញ្ចឹងប៉ះគ្នាដដែល។ អញ្ចឹងទេ យើងមិនកំណត់ចំនួនមនុស្សប៉ុន្មានទេ អាស្រ័យលើទីតាំងតូចឬធំ។ សូម្បីតែថ្ងៃមុនខ្ញុំប្រជុំនៅកន្លែងនេះ ការពិតមកពីពិធីការរបស់ខ្ញុំរៀបចំខុស។ ថ្ងៃមុនអ្នកទាំងហ្នឹងមកថតដែរ ព្រោះមកប្រជុំនៅកន្លែងហ្នឹង អត់បានមួយម៉ែត្រកន្លះពីគ្នាផង រួចផ្ទះប៉ុណ្ណាប៉ុណ្ណី ខ្លះអង្គុយមុខ អង្គុយក្រោយទៅ អង្គុយឲ្យកៀកគ្នា។ ខុស។ ហើយនាយករដ្ឋមន្ត្រីក៏អង្គុយហ្នឹងដែរ ក៏ខុសនឹងគេដែរ ប៉ុន្តែខ្ញុំអង្គុយក្បាលតុ។ ដូច្នេះគម្លាតពីខាងនេះទៅ ខាងនោះវាគ្រប់មួយម៉ែត្រកន្លះរបស់ខ្ញុំ ប៉ុន្តែអ្នកអង្គុយជាមួយអត់គ្រប់។ អញ្ចឹងទេ ថ្ងៃក្រោយយកគោលមួយ ស្តង់ដារគម្លាតសុវត្ថិភាព ដើម្បីថាតើគួរជួបប្រជុំប៉ុន្មាននាក់? យើងមានកន្លែងសម្រាប់ការប្រជុំតូច ប្រជុំធំ បើកន្លែងហ្នឹងយើងថាត្រូវដាក់ ១០០ នាក់ យើងត្រូវរកកន្លែងណាដែលអាចដាក់ ១០០ នាក់បាន ក្នុងគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះឡើង។
បើសិនកន្លែងយើងតូច យើងត្រូវបំព្រួញមនុស្សឲ្យមកតិច។ អញ្ចឹងចំណុចនេះគឺជាចំណុចដែលសុំបន្ត។ ឥឡូវនេះ អាចជួបជុំគ្នាច្រើនជាង ប៉ុន្តែឲ្យតែរក្សាគម្លាត ដោយយើងមិនចាំបាច់កំណត់ថាប៉ុន្មាន។ បើយើងកំណត់គម្លាតបានហើយមានន័យថា វាស្រួល។ ឧទាហរណ៍ តុការ ពីដើមអង្គុយ ១០ នាក់ ឥឡូវទុកតែ ៥ នាក់ អាហ្នឹងបានហើយ។ ការចូលទទួលទានតាមហាង តាមអី ឲ្យវាឃ្លាតៗគ្នាទៅបានហើយ លក់ដូរបាន អ្នកចង់ទៅស៊ីក៏បាន។ ដូច្នេះវាទៅជាចរន្តសេដ្ឋកិច្ចក៏បានដំណើរការ ហើយការសប្បាយរីករាយជួបជុំគ្រួសារ ជួបជុំមិត្តភក្តិក៏បានដំណើរការធម្មតា។ ប៉ុន្តែត្រូវអនុវត្តស្តង់ដារសុវត្ថិភាព យកមួយម៉ែត្រកន្លះជាគោល។ បើយើងកំណត់ថាមិនឲ្យលើស ១០០ នាក់ ចុះបើកន្លែង ប៉ុនស្តាតអូឡាំពិក មិនឲ្យលើស ១០០ នាក់ វាមិនចប់ហើយ ស្តាតទាត់បាល់ គ្នាទៅទាត់បាល់ តារាងបាល់ប៉ុនមេឃប៉ុនដី ហើយដែលនៅជុំវិញគឺគម្លាតសុវត្ថិភាព អាចធ្វើទៅរួច។
វិធានការទី ៣ បើកបវេសនកាល ឆ្នាំសិក្សា ២០២០/២១ ថ្ងៃ ១១ មករា
ឯវិធានការទី ៣ គឺទាក់ទងនឹងការបើកសាលារៀន។ អ្វីដែលជាការខូចខាតធំបំផុតសម្រាប់ពិភពលោកក៏ ដូចជាកម្ពុជា គឺទាក់ទិនជាមួយនឹងសាលាតែម្តង ព្រោះកូនសិស្សមួយចំនួនមិនបានរៀនទេ។ ប្រទេសខ្លះក៏ បានរៀន ប្រទេសខ្លះក៏មិនបានរៀន ប្រទេសខ្លះគឺរៀនតាមអនឡាញ។ ហើយរៀនតាមអនឡាញខ្ញុំឃើញចៅខ្ញុំរៀនហើយ អានោះរៀនដេក … ព្រោះក្មេងទើបនឹងរៀនថ្នាក់ទី ៥ គ្នារៀនតាមអនឡាញ អញ្ចឹងទេអានោះ ដេកផង រៀនតាមហ្នឹងផងទៅ។ អញ្ចឹងឥឡូវយើងត្រូវគិត ហើយខ្ញុំក៏បានចារទៅលើសំណើរបស់ឯកឧត្តម ហង់ ជួនណារ៉ុន ពីម្សិលមិញហើយ ឲ្យយកថ្ងៃទី ១១ ខែមករា គឺជាថ្ងៃបើកបវេសនកាល ឆ្នាំ ២០២០ និង ២០២១ ក៏ប៉ុន្តែត្រូវក្រសួងបានរៀបចំនៅក្នុងនេះ រៀបចំគន្លងជីវិតថ្មីនៅក្នុងវិស័យអប់រំ។ អញ្ចឹងគឺក្រសួងធ្វើ ជាមួយនិងរួមចំណែកដើម្បីធ្វើកិច្ចការហ្នឹង ធ្វើយ៉ាងម៉េចកុំឲ្យមានការឆ្លង។ ក្រសួងសុខាភិបាលត្រូវចូលរួមនៅក្នុងការជួយទៅដល់ការរៀបចំទាំងអស់នេះ។ ក៏ប៉ុន្តែបើពឹងតែគ្រូពេទ្យ ហើយគ្រូបង្រៀន និងកូនសិស្សខ្លួនឯងមិនយកចិត្តទុកដាក់ទេ គឺមានបញ្ហា។
នាយករដ្ឋមន្រ្តីទទួលខុសត្រូវ ក្នុងការឲ្យសិស្សជាប់ឌីប្លូម និងបាក់ឌុប្លិ៍ដោយស្វ័យប្រវត្តិ
អញ្ចឹងត្រូវគិតគូរអំពីការបើកបវេសនកាលឆ្នាំថ្មី ហើយខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះជម្រាបទៅចៅៗ និងមាតាបិតា អាណាព្យាបាលសិស្ស ដែលជាប់បាក់ឌុក មានពួកក្រុមជ្រុលនិយមមួយចំនួនបានចោទខ្ញុំព្រះករុណាខ្ញុំថាធ្វើឲ្យខូចប្រព័ន្ធអប់រំ។ ក្មួយៗ ចៅៗ តាមិនអាចទុកឲ្យចៅៗ តែលតោលដោយអត់ដឹងថា ចៅវិវឌ្ឍទៅបែបណាទេ។ តាយកការទទួលខុសត្រូវក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់ប្រទេស។ មកប្រឡងអត់បាន តើត្រូវធ្វើម៉េច។ អញ្ចឹងនៅពេលដែលយើងឲ្យជាប់ទាំងអស់គ្នា ដោយគ្មាននិទ្ទេស បែរជាមានម្នាក់នោះទៅសួរតាំងពីលោកសង្ឃនៅស្រុកបារាំង។ គ្មានអ្នកណាដែលម៉ឺងម៉ាត់ជាង ហ៊ុន សែន ទេ រឿងបញ្ហាទាក់ទិនជាមួយនឹងភាពម៉ឺងម៉ាត់ក្នុងការសិក្សា។ សូម្បីកូន ហ៊ុន សែន ផ្ទាល់តាំងពីតូចៗ ហ៊ុន សែន កាន់នូវសៀវភៅទំនាក់ទំនងរវាងគ្រួសារ និងសាលា ពិនិត្យមូលវាចារបស់គ្រូ រួចហើយយើងឆ្លើយតបជាមួយនឹងគ្រូ ឲ្យយកចិត្តទុកដាក់ទៅលើអីបន្ថែម។ លើកទឹកចិត្តខ្លាំងណាស់ជាមួយនឹងកូនសិស្សដែលជាប់និទ្ទេស A ជួបជារៀងរាល់ឆ្នាំ។ សុំអ្នកឯងកុំភាន់ច្រឡំឲ្យសោះ។ ស្រុកខ្មែរមានកូនសិស្សរាប់លាននាក់ ពេលនេះ កំពុងតែពង្រឹងសមត្ថភាព។ ប៉ុន្តែ ឆ្នាំនេះជាករណីពិសេស ដែលតម្រូវឲ្យមានការជាប់ទាំងអស់គ្នា ដើម្បីឲ្យចៅៗ មានលទ្ធភាពទៅចុះឈ្មោះចូលរៀននៅឧត្តមសិក្សា នៅមហាវិទ្យាល័យនេះ/នោះ ឬក៏បានសញ្ញាបត្របាក់ឌុប្លិ៍មួយយកទៅធ្វើការងារនេះ/នោះ។ ចៅៗ ចំណាំមុខពួកហ្នឹង អ្នកនោះប្រឆាំងនឹងការជាប់របស់ចៅៗ។ តាទទួលរងគ្រោះ តែមិនអីទេ តារងគ្រោះ ដើម្បីការពារចៅៗរាប់ម៉ឺននាក់ ដូចជា ១៣ ម៉ឺននាក់ បូកនឹងឪពុកម្តាយ ជីដូនជីតា ចូលដល់លាននាក់។ តាហ៊ានប្រថុយ តាធ្វើកិច្ចការនេះ។ ជាឆ្នាំពិសេស គ្រាន់តែអត់ដឹងថាយើងមាននិទ្ទេសអីៗ តែប៉ុណ្ណឹងទេ ព្រោះបើសិនយើងរកនិទ្ទេស តើទៅរកយ៉ាងម៉េច ទៅរកពិន្ទុ ស្មើនឹងការប្រឡងដដែល។ អញ្ចឹង យន្តការដើម្បីជ្រើសរើស ផ្តល់អាហារូបករណ៍ យើងអាចប្រើវិធីផ្សេង។ ក៏ប៉ុន្តែសិស្សចប់ឌីប្លូម និងចប់បាក់ឌុប្លិ៍ គឺត្រូវបានជាប់ទាំងអស់ ដោយមានការចេញនូវការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា រួចហើយ ដោយឯកឧត្តម ហង់ ជួនណារ៉ុន បានធ្វើកិច្ចការដ៏ល្អទៅលើកិច្ចការងារនេះ។
ជនបរទេសមួយចំនួន មានសំណាងកើតក្នុងប្រទេសអ្នកមាន ប៉ុន្តែមិនប្រាកដថាខួរក្បាលពូកែជាងខ្ញុំទេ
មានកាសែតបរទេសណាមួយនោះ។ អ្នកឯងចេះជាងខ្ញុំឬអី? អ្នកឯងទៅរៀនគ្រប់គ្រងរដ្ឋហើយនៅ? ចេះគ្រប់គ្រងរដ្ឋហើយនៅ? បានអ្នកឯងសរសេរថា នាយករដ្ឋមន្ដ្រីធ្វើការសម្រេចដោយទម្លាក់កំហុសទៅឲ្យរដ្ឋមន្ដ្រី។ នាយករដ្ឋមន្ដ្រីយកការសម្រេចមួយដែលសម្រាលការលំបាកឲ្យរដ្ឋមន្ដ្រីអប់រំ។ បើទោះបីយ៉ាងម៉េចក៏ដោយ ក៏រដ្ឋមន្ដ្រីអប់រំសុំយោបល់ពីនាយករដ្ឋមន្ដ្រីដដែល។ អញ្ចឹងទេ(ខ្ញុំ)សម្រេចឲ្យវាដាច់ស្រេចកុំឲ្យអង្ទង់វែងឆ្នាំងវែង។ ពួកអ្នកសរសេរទាំងឡាយ ខ្ញុំសូមប្រាប់ម្ដងទៀត ពួកអ្នកឯងគ្រាន់បើជាងខ្ញុំ គ្រាន់តែដោយសារអ្នកឯងកើតក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះ ប៉ុន្ដែកម្រិតខួរក្បាលវិញមិនប្រាកដថាអ្នកឯងគ្រាន់បើជាងខ្ញុំទេ។ មានអ្នកខ្លះជេរខ្ញុំ «អាល្ងង់»។ បាទ! បើសិនជា ហ៊ុន សែន ល្ងង់ (នោះ)មិនអាចត្រួតត្រាប្រទេសតាំងពីបាតដៃទទេ រហូតមកដល់ពេលនេះបានទេ មិនអាចដឹកនាំផ្ដួលរំលំរបប ប៉ុល ពត មិនអាចមានសមត្ថភាពចរចាជាមួយនឹងសម្ដេចព្រះនរោត្តម សីហនុ លោកតា សឺន សាន និង ខៀវ សំផន សុទ្ធតែមេដឹកនាំជើងចាស់។ មួយជល់នឹងបី។ ប្រសិនបើអ្នកឯងពូកែជាងខ្ញុំ ម៉េចមិនធ្វើឲ្យឈ្នះខ្ញុំមក។ បើចោទថាខ្ញុំល្ងង់ ម៉េចនៅក្រោមការគ្រប់គ្រងអាល្ងង់ហ្នឹងអស់ច្រើនឆ្នាំ? និយាយឲ្យវាច្បាស់អញ្ចេះ។ រៀននៅក្នុងសាលាអាល្ងង់អ្នកកសាង រៀននៅសាលារបស់អាល្ងង់ដែលគ្រប់គ្រងប្រទេស។ អ្នកខ្លះជាប់មហាវិទ្យាល័យនៅស្រុកខ្មែរតើ ហើយរត់បានចេញទៅក្រៅប្រទេស។ វាទៅជាស្អីទៅវិញ។ តែខ្ញុំនិយាយចង់សំដៅជនបរទេសមួយចំនួន អ្នកឯងគ្រាន់តែមានសំណាងកើតនៅក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះ ដែលអ្នកឯងមានសិទ្ធិនិយាយមកកាន់ខ្ញុំដោយការប្រមាថ ប៉ុន្តែខួរក្បាលអ្នកឯងមិនប្រាកដថាពូកែជាងខ្ញុំទេ។ ដូនតារបស់យើងកសាងអង្គរវត្ដ។ ហ្នឹងត្រូវនិយាយគ្នាឲ្យបានច្បាស់ សិទ្ធិបញ្ចេញមតិ កុំចេះតែសរសេរ។ អ្នកឯងមានសិទ្ធិបញ្ចេញមតិ ខ្ញុំក៏មានសិទ្ធិបញ្ចេញមតិឲ្យអ្នកឯងវិញ …។
ក្រសួងសេដ្ឋកិច្ចអាចបន្ថែមថវិកាឲ្យវិស័យអប់រំ បំពាក់សម្ភារការពារតាមសាលារៀន
វិធានការទី ៣ នេះទាក់ទងនឹងការបើកសាលា ហើយត្រូវធ្វើយ៉ាងម៉េចខ្លះនៅតាមសាលានោះ។ ខ្ញុំគិតថាឯកឧត្តម ហង់ ជួនណារ៉ុន មានបញ្ញាគ្រប់គ្រាន់ដើម្បីនឹងធ្វើកិច្ចការងារនេះ។ នៅក្នុងមួយថ្នាក់ធ្លាប់ដាក់ប៉ុន្មាន (ឥឡូវ)ត្រូវដាក់ប៉ុន្មាន? ត្រូវចែកវេនគ្នា យ៉ាងម៉េចអីយ៉ាងម៉េច ដើម្បីឲ្យសិស្សបានចូលសាលា។ ហើយរៀបចំយ៉ាងម៉េច បើត្រូវថែមថវិកាទៅតាមសាលារៀន ដើម្បីបំពាក់សម្ភារវាស់កម្ដៅ អាល់កុល ជែលស្អីៗ។ ស្ដុកបម្រុងរបស់រាជរដ្ឋាភិបាលមានរាប់លានលីត្រ ដាក់យកទៅប្រើទៅ ហើយយើងទិញត្រឡប់មកវិញ។ ប៉ុន្តែក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ អាចបន្ថែមថវិកាទៅក្រសួងអប់រំបន្ថែម ដើម្បីបន្ថែមអាល់កុលលាងដៃ ឬក៏ជែល ឬសាប៊ូ សម្រាប់តាមសាលារៀន។ បង្កើនថវិការឲ្យវិស័យអប់រំ។
វិធានការទី ៤ មិនគួរធ្វើការជួបជុំណាដែលមិនចាំបាច់ ឬប្ដូរទៅជាធ្វើតាមអនឡាញ
វិធានការទី ៤ ការជួបជុំណាមួយដែលមិនចាំបាច់ មិនគួរត្រូវធ្វើទេ ហើយអាចធ្វើតាមអនឡាញ។ ដូចជាតាមស្ថាប័នរបស់រដ្ឋ ជួនកាលអាចប្រជុំ តាមសាលាខេត្តមួយៗ សុទ្ធតែមានអនឡាញ មានវីដេអូខនហ្រ្វេនទាំងអស់។ អញ្ចឹងទេ រដ្ឋមន្ដ្រីមិនចាំបាច់ហៅចៅហ្វាយខេត្ត ហៅមន្ទីរស្អីៗមកប្រជុំនៅភ្នំពេញទេ។ ឲ្យខេត្តនោះបើកវីដេអូខនហ្រ្វេននៅខេត្តទៅ ហើយអ្នកនៅភ្នំពេញប្រជុំ(នៅភ្នំពេញ) ដូចប្រជុំគណៈរដ្ឋមន្ដ្រីហើយឲ្យខេត្តចូលរួម។ ដូច្នេះពេលហ្នឹងអាចមានមតិតែទាំងអស់គ្នា ធ្វើការសម្រេចទាំងអស់គ្នាបាន ណែនាំក្នុងអង្គប្រជុំបាន។ ជៀសវាងបានក៏ជៀសវាង។ បើសិនជាត្រូវធ្វើ ក៏ត្រូវតែកំណត់ស្ដង់ដារមួយម៉ែត្រកន្លះឡើងទៅ។ ចាំបាច់ណាស់ត្រូវកត់ទុកឲ្យច្បាស់នូវចំនួនអ្នកចូលរួម លេខទូរស័ព្ទ អាសយដ្ឋាន ឬអ៊ីម៉េល សម្រាប់ទំនាក់ទំនងក្នុងករណីចាំបាច់។ ត្រូវអនុវត្ដ ៣ ការពារ ពាក់ម៉ាស់ទៅ លាងដៃ និងរក្សាគម្លាតអង្គុយក្នុងការប្រជុំ។ អញ្ចឹងយើងត្រូវធ្វើកិច្ចការងារនេះ ហើយរាល់ការប្រជុំទាំងអស់ ទាំងបក្សនយោបាយនានា អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជនក៏ដោយ ការប្រជុំត្រូវមានការកំណត់ថា អ្នកណាខ្លះចូលរួម ទូរស័ព្ទលេខប៉ុន្មាន អ៊ីម៉េលអី? ព្រោះពេលមានបញ្ហា គេត្រូវស្រាវជ្រាវភ្លាម អត្តសញ្ញាណឲ្យច្បាស់កន្លែងហ្នឹង ត្រូវកំណត់ជាគោលការណ៍តែម្ដង។ បើមិនអញ្ចឹង(ពេលមានបញ្ហា)រុករកដូចរកម្ជុល(ក្នុងទឹក)គឺលំបាកហើយ។ អញ្ចឹងមិនមែនតែផ្នែករដ្ឋាភិបាលទេ ទាំងបណ្ដាគណបក្សនយោបាយ ដែលត្រូវធ្វើការប្រជុំ ទាំងអង្គការក្រៅរដ្ឋាភិបាល ឬផ្នែកផ្សេងៗទៀតដែលត្រូវការប្រជុំ ត្រូវតែមានកត់ត្រាលេខទូរស័ព្ទអី ក្រែងលោមានករណីឆ្លងមួយ វាអាចនៅក្នុងហ្នឹង។ ព្រឹបៗភ្លាមប្រមូលអ្នកទាំងហ្នឹងដើម្បីធ្វើតេស្តសំណាក។ នេះជាវិធានការទី ៤។
វិធានការទី ៥ ម្ចាស់អាជីវកម្មធានាថាទីតាំងខ្លួនមិនមែនជាកន្លែងផ្ទុះការចម្លង អនុវត្តវិធានការអនាម័យ
វិធានការទី ៥ ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ឬហាងទំនិញ កន្លែងកម្សាន្ដ ចាំបាច់ត្រូវទទួលខុសត្រូវធានាថាទីកន្លែងរបស់ខ្លួនមិនមែនជាទីកន្លែងដែលបង្កឲ្យមានការចម្លង ឬផ្ទុះឡើងនូវជំងឺកូវីដ១៩ ដោយរួមគ្នា អនុវត្ដវិធានការសុខភាពសាធារណៈ។ បើកន្លែងណាមិនបានអនុវត្ដ ការឆែកកម្ដៅ ពាក់ម៉ាស លាងដៃ រៀបចំឲ្យមានគម្លាតបុគ្គល ខ្ញុំនៅតែរក្សាផ្ដល់សិទ្ធិឲ្យអភិបាលរាជធានី/ខេត្ត ពិនិត្យទៅលើការបិទនូវកន្លែងនោះ ព្រោះមិនអាចរង់ចំាបទបញ្ជានាយករដ្ឋមន្ដ្រី ឬរដ្ឋមន្ដ្រីនេះ/នោះបានទេ។ អាជ្ញាធរមានលទ្ធភាពគ្រប់គ្រាន់ហើយ។ បើមិនគោរព មិនស្ដាប់ទេ គប្បីបិទទៅ។ បើគាត់ព្រមកែ បើកឲ្យគាត់វិញ ហើយបើបើកវិញអត់កែ លើកក្រោយឲ្យបិទបន្ដ។ ចំពោះម្ចាស់ហាង បើមានអ្នកណាមិនពាក់ម៉ាសចូលទៅក្នុងហាងរបស់ខ្លួន កុំឲ្យចូល។ បើអត់មានម៉ាស់ទេ ជួនកាលម្ចាស់ហាងត្រូវការរកម៉ូយអីដែរ គាត់មានម៉ាស ឲ្យគេមួយទៅ ចុះគេចូលទៅទិញឥវ៉ាន់មួយគគោកដែរ។ ប៉ុន្ដែយកល្អត្រូវមានម៉ាសជាប់ខ្លួនតែម្ដង។
ខ្ញុំមានម៉ាស មានស្រោមដៃ អាល់កុល ដាក់ពេញនៅនឹង(បន្ទប់)លើ/ក្រោម។ ចង់ពាក់ស្រោមដៃ ទាញស្រោមដៃពាក់ ព្រោះក្រែងយើងត្រូវកាន់(ក្រដាស) បើដូចមិនទុកចិត្ត ទាញពាក់ភ្លឹប។ ម៉្យាងដែរតើ។ នេះស្រោមដៃរបស់ពេទ្យ យកមកពាក់ទៅ … ខ្ញុំត្រូវធានាជំងឺដែរ។ បើឆ្លងពីខ្ញុំទៅ ដំបូងបំផុតអ្នកដែលខូចខាត គឺ ប្រពន្ធ/កូនខ្ញុំ/ចៅខ្ញុំ បន្ទាប់ទៅប្រជាពលរដ្ឋផ្អើលតែម្ដង។ ដូច្នេះខ្ញុំត្រូវមានប្រដាប់ការពារខ្លួន ហើយចេញក្រៅ ខ្ញុំមានដបអាល់កុលជាប់នឹងហោប៉ៅ។ នេះខ្ញុំគ្រាន់តែពាក់ឲ្យមើលដើម្បីឲ្យឃើញវិធីការពាររបស់នាយករដ្ឋមន្ដ្រីគឺយ៉ាងម៉េច? មួយខែប្លាយមកនេះ មិនបានចេញក្រៅទៅណាទេ។ នៅតែក្នុងផ្ទះ។ ថែមដោយប្រពន្ធបង្ខំឲ្យតែហូបឡើងគីឡូ។ ខំសម្រកដល់ ៧៦-៧៧ គីឡូក្រាម។ ប្រពន្ធគេដទៃដូចវាល់បាយឲ្យប្ដីហូបផង តែប្រពន្ធខ្ញុំទិញតែអាឆ្ងាញ់ៗឲ្យហូប។ ចាប់ដាក់មក។ ប្ដីថាធាត់ពេក។ (គាត់)ថាពិសាទៅ។ ឥឡូវឡើងគីឡូ។ អត់ទៅណាបាន … ព្រោះវាទាក់ទងរឿងច្រើន ដែលយើងត្រូវគ្រប់គ្រងសភាពការណ៍។
អញ្ចឹងម្ចាស់ហាង សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ កន្លែងកម្សាន្ដ ត្រូវទទួលខុសត្រូវទីកន្លែងរបស់ខ្លួនកុំឲ្យមានការផ្ទុះជំងឺចេញពីហ្នឹង។ កន្លែងកម្សាន្ដ ឥឡូវហ្នឹង ខ្ញុំគ្រាន់តែចង្អុលបង្ហាញ។ ឧទាហរណ៍ កន្លែងសួនសត្វ កន្លែងលេងទឹករបស់ឧកញ៉ា លី យ៉ុងផាត អាចឲ្យប្រជាពលរដ្ឋចូលទៅលេងបានតើ ប៉ុន្ដែយើងអត់មានកំណត់មនុស្សទេ កំណត់ស្ដង់ដារមួយម៉ែត្រកន្លះ។ ព្រីន មេនណ័រ ដែលខ្ញុំទៅសម្ពោធនោះ ប្រជាជនពួកគាត់ត្រូវការនាំកូនចៅទៅសប្បាយ។ ខ្ញុំគិតថា ហាងទាំងអស់ហ្នឹង ពិតជាគ្មាននរណាចង់ឲ្យហាងរបស់ខ្លួនវាកើតទេ និយាយឲ្យពិតទៅ ហើយគ្មាននរណាចង់ឲ្យមានជំងឺទេ។ អញ្ចឹងបានមានមនុស្សមួយចំនួនថា លោក ឆែម សាវុធ បានបង្កឲ្យមានបញ្ហាសុំឲ្យគាត់ចូលនិវត្ដន៍។ បានខ្ញុំឆ្លើយទៅវិញថា លោក ឆែម សាវុធ និងក្រុមគ្រួសាររបស់គាត់ហ្នឹងគឺជាជនរងគ្រោះនៃជំងឺកូវីដ១៩។ ផ្ទុយទៅវិញយើងគួរដឹងគុណគាត់ ដែលគាត់បានផ្ដល់ដំណឹង ស្ម័គ្រចិត្តទៅពេទ្យតែម្ដង។ ឥឡូវក្នុងការធ្វើតេស្ដកន្លងទៅ ភរិយា លោក ឆែម សាវុធ អវិជ្ជមានតែម្ដងទេ ក្រៅពីនោះវិជ្ជមានរហូត។ អញ្ចឹងអត់ទាន់ចេញពីពេទ្យបានទេ។ បែរជានាំគ្នាប្រុងដកសក្ដិចេញពីលោក ឆែម សាវុធ។ គ្នាជនរងគ្រោះមួយតង់ហើយ មករងគ្រោះមួយតង់ដោយវិធីនេះទៀត វាមិនមែនជាជម្រើសល្អទេ។ អ្នកណាចង់ថាម៉េចថាទៅ តែនេះជាវិធីគ្រប់គ្រង។ យើងត្រូវយល់មានអ្នកណាចង់ឈឺ ចង់ឆ្លង? ហើយហាងក៏អញ្ចឹងដែរ។ ហាងមួយៗមិនចង់ឲ្យគេយកជំងឺចូលទេ។ បើអញ្ចឹងអ្នកអត់ពាក់ម៉ាសកុំឲ្យចូលទៅ ត្រូវមានអាល់កុលមានអី ត្រូវរក្សាគម្លាត បើមិនចង់ឲ្យគេបិទ រក្សាគម្លាតទៅ អញ្ចឹងអាហ្នឹងរកស៊ីបាន។
វិធានការទី ៦ ត្រូវធ្វើចត្តាឡីស័កសម្រាប់អ្នកមកពីក្រៅប្រទេស រាប់ទាំងពលករ
វិធានការទី ៦ បើមានជនចម្លែកមកស្នាក់នៅភូមិ ឃុំរបស់ខ្លួន អាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវសួរនាំ ក្រែងមិនបានធ្វើចត្តាឡីស័ក ឬក៏ចូលមកពីកន្លែងណា ដែលយើងមិនបានដឹង និងចាត់ចែងធ្វើចត្ដាឡីស័កប្រសិនបើពួកគាត់មិនបានធ្វើ។ ចំណុចនេះខ្ញុំសូមបញ្ជាក់ ការធ្វើចត្ដាឡីស័កធ្វើចំពោះតែអ្នកមកពីក្រៅប្រទេសតែប៉ុណ្ណោះ អត់មានធ្វើ(សម្រាប់)អ្នកទេសចរក្នុងស្រុក ស្រាប់តែយើងទៅពីភ្នំពេញទៅដល់កែប គេឲ្យធ្វើចត្ដាឡីស័កនៅកែប ទៅដល់មណ្ឌលគិរី គេឲ្យធ្វើចត្ដាឡីស័កដែរ ងាប់បាត់។ ប្រយ័ត្នច្រឡំកន្លែងហ្នឹង។ ធ្វើចត្តាឡីស័កតែអ្នកមកពីបរទេសប៉ុណ្ណោះ។ ឥឡូវ អ្នកមកពីបរទេស ភាគច្រើនអ្នកមកតាមយន្ដហោះ មិនបញ្ហាទេ ដោយសាលាក្រុង និងក្រសួងសុខាភិបាលគ្រប់គ្រង ទទួលបន្ទុកលើរឿងហ្នឹងរួចហើយ។ ប៉ុន្ដែបងប្អូនពលករមកពីថៃ មកដល់ភូមិ/ឃុំនេះ ត្រូវចាប់ផ្ដើមរៀបចំឲ្យមានការធ្វើចត្ដាឡីស័ក និងយកសំណាកទៅមើល។ បើមានការចំាបាច់ បើករណីមានកម្ដៅមិនសមស្រប ត្រូវតាមដាន ហើយធ្វើចត្ដាឡីស័ក ១៤ ថ្ងៃ។
បញ្ជាក់ឡើងវិញ មិនមែនឲ្យធ្វើចត្តាឡីស័កសម្រាប់អ្នកទេសចរ(ក្នុងស្រុកទេ)។ ដាច់ឆ្នាំនេះ ថ្ងៃទី ១ រួចហើយ ៧ មករា។ ថ្ងៃ ១ ចំថ្ងៃសុក្រ ថ្ងៃ ២ និង ៣ (សៅរ៍ អាទិត្យ) សម្រាកបីថ្ងៃ គាត់ដើរលេងមួយសប្បាយ មួយសេរី។ ប៉ុន្ដែដើរលេងយ៉ាងម៉េចក៏ដោយ រឿងបញ្ហាកូវីដ១៩ មើលមិនឃើញ។ បន្ថែមលើនោះ សុំមេត្តាប្រយ័ត្នរឿងបើកបរ។ រយៈពេល ១២ ខែកន្លងមក មិនទាន់មានអ្នកស្លាប់ដោយសារកូវីដ១៩ ទេ ប៉ុន្ដែមានអ្នកស្លាប់រាល់ថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដូច្នេះ សូមឲ្យយកចិត្តទុកដាក់ទៅលើរឿងនេះ។ អញ្ចឹងទាក់ទងនឹងការប្រកាសបិទនូវព្រឹត្តិការណ៍ ២៨ វិច្ឆិកា ជាមួយនឹងវិធានការដែលខ្ញុំព្រះករុណាខ្ញុំបានលើកឡើងនេះ គឺយកទៅអនុវត្តបន្ដ ដែលក្នុងនោះយើងត្រូវបន្តការប្រយុទ្ធ ហើយការប្រយុទ្ធរបស់យើងធ្វើយ៉ាងម៉េចកុំឲ្យកើតឡើងសាជាថ្មីនូវការឆ្លងក្នុងសហគមន៍ដែលរឿងដ៏លំបាកសម្រាប់យើង។
ដំណក់ប្រេងដំបូងរបស់កម្ពុជាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ ចំខួបទី ២២ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា
ឥឡូវ ខ្ញុំព្រះករុណាខ្ញុំមានការចាំបាច់ដើម្បីទូលប្រគេនសម្រាប់ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស នូវដំណឹងដ៏រីករាយ ដែលមានមួយចំនួនបានដឹងរួចហើយ តាមរយៈហ្វេសប៊ុករបស់ខ្ញុំព្រះករុណាខ្ញុំ តាមរយៈការផ្សព្វផ្សាយ ដែលចាប់ផ្ដើមដំបូងគេ គឺ Fresh News បន្ទាប់ទៅ ទូរទស្សន៍នានាបានផ្សព្វផ្សាយអំពី «ដំណក់ប្រេងលើកដំបូងបានចាប់ផ្ដើមហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។ វាគាប់ជួនខ្លាំងណាស់នូវខួបលើកទី ២២ ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា។ ចំណុចនេះជាមោទនភាពសម្រាប់កម្ពុជាយើង ជាប្រទេសតូច។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះនិយាយបន្ដិចទាក់ទងនឹងរឿងបញ្ហាប្រេងនៅក្នុងប្លុក A ដែលបានបូមចេញជាតំណក់ប្រេង ដែលកំណត់យកថ្ងៃនេះ ប៉ុន្ដែប្រេងវាចេញរួចទៅហើយពីម្សិលមិញ។ យើងកំណត់យកពីម្សិលចុះ ប៉ុន្តែថ្ងៃនេះជាថ្ងៃប្រកាសតំណក់ប្រេងលើកដំបូងនៅលើទឹកដីដ៏កម្សត់មួយនេះ។ វាគាប់ជួនដែលអញ្ចឹងហើយបានជាខ្ញុំព្រះករុណាខ្ញុំជ្រើសរើសយកថ្ងៃនេះជាថ្ងៃនៃការបញ្ចប់នូវសង្គ្រាម នាំមកនូវសន្ដិភាព និងការឯកភាពជាតិលើកដំបូងក្នុងរយៈពេលដ៏យូរលង់របស់កម្ពុជា។ ហេតុអីបានជាអញ្ចឹង? បើអត់មានការបញ្ចប់សង្គ្រាមនាំមកនូវសន្ដិភាព បើអត់មានសន្ដិភាព គ្មានទេនូវព្រឹត្តិការណ៍តំណក់ប្រេងលើកដំបូងនៅថ្ងៃទី ២៩ ធ្នូ ២០២០។
មិនបំភ្លេចតួនាទីកិច្ចព្រមព្រៀងប៉ារីស
អញ្ចឹង ថ្ងៃនេះក្នុងឋានៈជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះ និងការដឹកនាំអនុវត្ដដោយផ្ទាល់នូវនយោបាយឈ្នះឈ្នះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានមោទនភាពជាមួយបងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមក្នុងដំណើរការដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា។ ពិតហើយ យើងមិនមែនទាត់ចោលនូវតួនាទីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលចាប់ផ្ដើមពីការចរចា ហ្វ៊ែអង់តាឌឺណ័ ររវាង ព្រះករុណាសម្ដេចព្រះនរោត្តម សីហនុ និងខ្ញុំព្រះករុណាខ្ញុំ ដែលគេនិយមហៅថា វេទិកា សីហនុ-ហ៊ុន សែន ហ្វ៊ែអង់តាឌឺណ័រ ថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៨៧។ និយាយឲ្យច្បាស់ទៅ បើគ្មានវេទិកា សីហនុ-ហ៊ុន សែន ទេនោះ វាក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែរ ព្រោះគ្មានអ្នកណាចរចា? គ្មានអ្នកណាផ្ដួចផ្ដើមគំនិត? ព្រោះតួអង្គទាំងពីរហ្នឹងបានដើរតួនាទី។ បើខ្មែរមិនត្រូវគ្នាផង បរទេសចូលជួយម៉េចនឹងបាន។
អ្នកណាចង់ចោទថាល្ងង់ ថាខ្លៅម៉េច មិនដឹងទេ ប៉ុន្តែសម្រាប់ព្រះករុណាបិតាព្រះអង្គ ពេលដែលជួបព្រះអង្គ មើលឡើងវិញ ព្រះអង្គមានព្រះរាជបន្ទូលថា មានមោទនភាពជាមួយនឹងឯកឧត្តម ហ៊ុន សែន បើមាន ហ៊ុន សែន ច្រើនទៀតគឺកាន់តែល្អសម្រាប់កម្ពុជា។ មើលឡើងវិញនូវអ្វីដែល AFP ផ្សាយ។ ព្រះករុណាបិតាពេលដែលចរចា ពេលនោះខ្ញុំព្រះករុណាខ្ញុំទើបនឹងមានអាយុ ៣៥ ឆ្នាំទេ។ ព្រះករុណាបិតាលោកមិនដែលមើលងាយមើលថោកចំពោះខ្ញុំព្រះករុណាខ្ញុំថា អាល្ងង់ អាខ្លៅ អីទេ។ ប៉ុន្តែផ្ទុយទៅវិញ ព្រះអង្គថា ជាមនុស្សដែលឆ្លាត ហើយព្រះអង្គមានមោទនភាពដែលមានកូនខ្មែរឆ្លាត។ ប៉ុន្តែអ្នកដទៃផ្សេងទៀត គេថា ខ្ញុំព្រះករុណាខ្ញុំល្ងង់ ប៉ុន្តែល្ងង់ ឬមិនល្ងង់ ការជាក់ស្តែងវាបានបង្ហាញមកថា អ្នកឯងចេះមែន ប៉ុន្តែមកនៅក្រោមការត្រួតត្រារបស់អាល្ងង់នេះ។ អញ្ចឹងអ្នកឯងជាស្អីទៅវិញទៅ?
នយោបាយឈ្នះឈ្នះ យកជីវិតទៅប្តូរជាមួយនឹងសន្តិភាព ចូលតំបន់បះបោរ
ឥឡូវ កិច្ចព្រមព្រៀងប៉ារីសយើងទទួលស្គាល់ថា វាជាសមទ្ធិផលមួយដែលរួមមានភាគីកម្ពុជាក៏ខិតខំ និងមិត្តភក្តិបរទេសក៏ខិតខំ។ ប៉ុន្តែសូមកុំភ្លេចថា ពេលដែលអ៊ុនតាក់បានចេញពីកម្ពុជាបន្ទាប់ពីចាយលុយអស់ជាង ២០០០ លានដុល្លារ អ៊ុនតាក់បានបន្សល់ទុកឲ្យកម្ពុជាជាប្រទេសមួយដែលមានតំបន់ត្រួតត្រា ២ និងរាជរដ្ឋាភិបាល ២ កម្លាំងប្រដាប់អាវុធ ២ ច្បាំងគ្នាពី ១៩៩៣ មករហូតដល់ ១៩៩៨ (ស្មើនឹង) ៥ ឆ្នាំក្រោយទៀត។ តើពិត ឬមិនពិត? ៥ ឆ្នាំក្រោយ។ អញ្ចឹងទេ យើងមិនអាចបន្តទុកឲ្យកាប់ចាក់គ្នាបែបនេះតទៅទៀតទេ។ វិធីតែមួយគត់គឺខ្ញុំព្រះករុណាខ្ញុំត្រូវយកជីវិតទៅដោះដូរជាមួយនឹងសន្តិភាព។ ឥឡូវខ្ញុំព្រះករុណាខ្ញុំបានដឹងថា នៅឯភូមិជង្រុក ស្រុកម៉ាឡៃ នាយឧត្តមសេនីយ៍ សុខ ភាព ដែលឥឡូវជារដ្ឋលេខាធិការក្រសួងការពារជាតិ ដែលជាមេមួយក្នុងចំណោមមេពីរដឹកនាំបះបោរនៅម៉ាឡៃ ឯ អ៊ី ឈាន គឺនៅប៉ៃលិន កំពុងស្ថិតនៅភូមិជង្រុកស្តាប់ ព្រោះថ្ងៃនេះគេបើកការដ្ឋានសាងសង់សាលារៀននៅភូមិជង្រុកនោះដែរ។
អញ្ចឹងខ្ញុំព្រះករុណាខ្ញុំត្រូវយកជីវិតទៅដូរហើយ។ បើខ្ញុំព្រះករុណាខ្ញុំមិនចូលក្នុងតំបន់នោះទេ តើអ្នកណានឹងជឿយើង? ពេលនោះ ទោះបីបញ្ជូនមួយកងពល ទៅក៏មិនអាចនឹងដោះស្រាយសភាពការណ៍អីបានដែរ និងការពារខ្ញុំព្រះករុណាខ្ញុំអីបានដែរ។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំបាននិយាយជាមួយម្តាយ និងម្តាយធំដែលគាត់ថា ឯងទៅមិនខ្លាចគេសម្លាប់ទេអី? ខ្ញុំព្រះករុណាខ្ញុំបាននិយាយជាមួយម្តាយ និងម្តាយធំថា ម៉ែ!ធំ! បើខ្ញុំទៅបើសិនជាស្លាប់ ក៏ស្លាប់តែខ្ញុំ និងមនុស្សប៉ុន្មាននាក់តែប៉ុណ្ណោះ ប៉ុន្តែបើបានវិញគឺបានផែនដីទាំងមូលតែម្តង។ ពិតប្រាកដណាស់ សង្គ្រាមដែលរាលដាលពេញប្រទេសកម្ពុជានៅតាំងពីឆ្នាំ ១៩៧០ ត្រូវបានបញ្ចប់តាមនយោបាយឈ្នះឈ្នះ ដោយចាប់ផ្តើមពីឆ្នាំ ១៩៩៦ នៅតំបន់ឱរ៉ាល់របស់ កែវ ពង្ស បន្តទៅពង្រីកខ្លួនទៅតំបន់ម៉ាឡៃ ទៅតំបន់ប៉ៃលិន ហើយបន្ត ខ្ញុំព្រះករុណាខ្ញុំត្រូវដើរទៅតំបន់ទាំងនោះ ប៉ៃលិន សំឡូត កំរៀង ភ្នំព្រឹក សំពៅលូន ម៉ាឡៃ។ ពេលនោះបើសិន សុខ ភាព ឬក៏ អ៊ី ឈាន បាញ់ប្រហារ គឺស្លាប់។ ប៉ុន្តែបងប្អូនទាំងនេះមិនបាញ់ប្រហារទេ ដែលខ្ញុំចាត់ទុកថា បងប្អូនទាំងអស់នេះក៏ជាប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ។
បងប្អូនអតីតទាហានភាគីកម្ពុជាប្រជាធិបតេយ្យនៅពេលនោះ ដែលគេនិយមហៅថា ខ្មែរក្រហម បានស្រុះស្រួលចិត្តគំនិត។ ខ្ញុំព្រះករុណាខ្ញុំមិនបានប្រើពាក្យថា ជាការចុះចាញ់ ឬក៏សារភាពទេ តែខ្ញុំព្រះករុណាខ្ញុំបាននិយាយថា នេះជាកាតព្វកិច្ចរបស់កូនខ្មែរដែលត្រូវបញ្ចប់សង្គ្រាម ដោយអ្នកជំនាន់មុនបានបង្កើត តែអ្នកជំនាន់ក្រោយដោះស្រាយ។ អញ្ចឹងវាមានសន្តិភាព ដែលយើងកំណត់យកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ នៅពេលដែលលោក ខៀវ សំផន, នួន ជា, ជួន ជឿន, អៀង សារី ជួបគ្នានៅផ្ទះខ្ញុំ។ អៀង សារី គាត់មកតាំងពីឆ្នាំ ១៩៩៦ … ឥឡូវលោកតា នួន ជា គាត់ទទួលមរណភាពទៅហើយ ប៉ុន្តែលោក ខៀវ សំផន នៅ ប្រពន្ធលោក ខៀវ សំផន នៅ កូនលោក ខៀវ សំផន នៅ។ លោក ខៀវ សំផន មកទាំងគាត់ ទាំងប្រពន្ធគាត់ ទាំងកូន និងទាំងចៅទៀត។ តើនៅលើពិភពលោកនេះមានទេករណីសង្គ្រាមមួយ ដែលភាគីម្ខាងទៀតមកដល់ផ្ទះភាគីម្ខាងទៀតយ៉ាងដូច្នេះ? មានទេ? គេថាខ្ញុំព្រះករុណាខ្ញុំអួត។ ខ្ញុំអត់អួតទេ តែនិយាយរឿងពិត។ អ្នកឯងហ៊ានទទួលស្គាល់ការពិត ឬអត់? អ្នកឯងឃើញទេ ឃើញរូបភាព ឬទេ ចាក់រូបភាពមក។ ថ្ងៃនេះគេចាក់រូបភាពច្រើនណាស់ រូបភាពលោក ខៀវ សំផន នួន ជា អៀង សារី ព្រោះ អៀង សារី គាត់នៅភ្នំពេញស្រាប់ ហើយដូចជាមិនបានឃើញរូបថតរបស់លោកតា ជួន ជឿន ទេ។ ជួន ជឿន គាត់ជាវេជ្ជបណ្ឌិតមួយដ៏ពូកែ។ ចាន់ យ៉ូរ៉ាន់ ក៏មក ម៉ក់ បេន ស្អីៗមក ដើម្បីមកចូលរួម។
បន្ទាប់ពីសមាហរណកម្មភាគខាងជើងផ្លូវជាតិលេខ ៦ អស់ នៅឆ្នាំ ១៩៩៦ តំបន់ ម៉ាឡៃ សំឡូត តាសាញ់ ស្អីៗនេះ កំរៀងភ្នំព្រឹក្ស ស្អីនេះគឺ ១៩៩៦ ឆ្នាំ ១៩៩៨ ទៅសមាហរណកម្មនៅឯអន្លង់វែង។ អ្នកអន្លង់វែងដែលជាទីតាំងចុងក្រោយរបស់ខ្មែរក្រហម ក៏បានចូលរួមបោះឆ្នោតនៅឆ្នាំ ១៩៩៨ ដែរ។ ប៉ុន្តែ ពេលនោះ ខៀវ សំផន នួន ជា និងមេដឹកនាំមួយចំនួនទៀតមិនទាន់បានមកទេ ដល់ថ្ងៃទី ២៩ គឺមកនៅតាខ្មៅហ្នឹងតែម្តង បាយជាមួយគ្នា។ និយាយឲ្យអស់ការសម្ងាត់បន្តិចទៅ មួយគ្រួសារខ្ញុំជូន ១ ម៉ឺនដុល្លារ កាលពីពេលនោះ ដើម្បីកវែកកឆ្នាំងឡើងវិញ។ ជំនាន់ ចាន់ យ៉ូរ៉ាន់ អ្នកដែលមកជាមួយ ចាន់ យ៉ូរ៉ាន់ ខ្ញុំក៏ជូនដូចគ្នា ប៉ុន្តែពួកគាត់អាចមានទ្រព្យសម្បត្តិខ្លះ។ តែយើងត្រូវជួយ។
សូមឲ្យលោក ចាន់ យ៉េត ដកខ្លួនឲ្យឆាប់
អញ្ចឹងទេ វាមានសន្តិភាពពីហ្នឹងមក ហើយកត្តាសន្តិភាពនោះហើយ ដែលនាំទៅដល់ការបង្កើតសមិទ្ធផលថ្មីៗនេះ រាប់ទាំងសមិទ្ធផលថ្ងៃនេះ គឺដំណក់ប្រេងលើកដំបូងក្នុងទឹកដីអង្គររបស់យើង។ ប៉ុន្តែនិយាយដល់បញ្ហាហ្នឹង ខ្ញុំសូមផ្តាំ នៅភូមិជង្រុក (ដែល)កំពុងតែអង្គុយស្តាប់។ ខ្ញុំផ្តាំទៅពីនេះ សូមឲ្យលោក ចាន់ យ៉េត ដកខ្លួនឲ្យឆាប់។ ចាន់ យ៉េត ជាប្រធានគណបក្សនយោបាយមួយស្ថិតនៅក្រុមឧត្តមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ប៉ុន្តែដោយសារធ្វើសកម្មភាពបំផ្លិចបំផ្លាញ និងភាពទុច្ចរិត ខ្ញុំបានដកចេញពីតំណែង។ បន្ទាប់ពីការដកចេញពីតំណែង ចាន់ យ៉េត បានដើរបោកគេច្រើនណាស់។ ខ្ញុំមានឯកសារគ្រប់គ្រាន់ ដើម្បីចាប់ខ្លួន ចាន់ យ៉េត ហើយ។ តែម្សិលមិញ ខ្ញុំមិនឲ្យចាប់ទេ។ ចាន់ យ៉េត ត្រូវដកខ្លួនឲ្យឆ្ងាយ ព្រោះ ចាន់ យ៉េត ដើរទៅបោកគេថា គេដក(តំណែងជា)ទេសរដ្ឋមន្ត្រី (តែ)ឥឡូវឡើងបានមួយកាំទៀត មកធ្វើការផ្ទាល់ជាមួយនឹងនាយករដ្ឋមន្ត្រី។ អញ្ចឹង ចាន់ យ៉េត ឲ្យប្រមូលលុយនេះលុយនោះ ទាក់ទងអានេះ ទាក់ទងអានោះ បង្កើតបញ្ហា។ អញ្ចឹងសូមបញ្ចប់ទៅ។ ដី ៣០០ ហិកតា បោះប្លង់ហើយចាប់ទៅ។ សាលារៀនសាងសង់ ផ្លូវថ្នល់សាងសង់ ជីកអណ្ដូងទឹក ជីកស្អី ខ្ញុំនឹងជួយអភិវឌ្ឍបន្ថែមទៀតនៅកន្លែងហ្នឹង ព្រោះជម្លោះនៅកន្លែងនេះរ៉ាំរ៉ៃ ២០ ឆ្នាំហើយ។ សូមផ្តាំទៅលោក ចាន់ យ៉េត បើមិនចង់ជាប់គុកដកខ្លួនចេញឲ្យឆ្ងាយ។ អ្នកដែលនៅភូមិជង្រុក ដែលដើរតាម ចាន់ យ៉េត ទាំងប៉ុន្មាន ចាន់ យ៉េត បោកទាំងអស់។ កុំភ្លេចណា អង្គភាពប្រឆាំងអំពើពុករលួយគេយកបានទាំងអស់នូវឯកសារ ដែល ចាន់ យ៉េត ឯងបោកប្រាស់។ សូម្បីតែអ្នកនៅមេខ្យល់ នៅសល់ម្នាក់ពីរនាក់ នៅភូមិជង្រុកនោះ ក៏មានបានផ្តិតមេដៃ បានផ្តិតអីអស់ហើយតើ ទទួលយក។ ហើយគេឈូសផ្លូវ។ គេធ្វើប្លង់សម្រាប់ការចាប់ឆ្នោត។ ឥឡូវ ថ្ងៃនេះ គេបើកការដ្ឋានសាងសង់សាលារៀន ដែលមុននេះបងប្អូនអត់មានអីផង។ ឥឡូវបែរទៅជាមាន។ ខ្ញុំនឹងធ្វើទៀត សាលារៀនហ្នឹង។ សុំឲ្យ ប៊ុន ថន សាលារៀនកសាងហើយ ដាក់អំពូលពន្លឺព្រះអាទិត្យឲ្យនៅតំបន់ហ្នឹង ធ្វើម៉េចឲ្យសាលាហ្នឹងវាស្អាត ឲ្យយប់ទៅមានភ្លើង ដើម្បីកុំឲ្យវាកម្សត់ ព្រោះតំបន់ហ្នឹងជាតំបន់ជាយដែន។ បងប្អូនយុទ្ធជនពិការអីរបស់យើងមួយចំនួននៅហ្នឹង។ អ្នកខ្លះទៅទន្ទ្រានដីយុទ្ធជនពិការ។ មេខ្យល់យើងស្គាល់ ក្រៅពី ចាន់ យ៉េត នៅមានអ្នកដទៃ ប៉ុន្តែអ្នកដទៃចេញហើយបាន ចាន់ យ៉េត ចូល។
អញ្ចឹងបានខ្ញុំដកចេញពីតំណែងអត់ឲ្យធ្វើរញ៉េរញ៉ៃ។ នេះជាកិច្ចការដែលចៅហ្វាយខេត្ត អភិបាលខេត្តបានស្នើសុំនាយករងខុទ្ធកាល័យខ្ញុំមួយ ខ្ញុំបញ្ជូនឲ្យទៅជួយដោះស្រាយ ថែមទាំងការជួយឧបត្ថម្ភដោយសប្បុរសជនគេចូលរួមជួយធ្វើសាលា ខ្ញុំនឹងជួយបន្តនៅកន្លែងហ្នឹង។ ប៉ុន្តែកុំឱយ(មាន)របៀបហ្នឹង ហើយខ្ញុំប្រាប់ ឯកឧត្តម ឱន យិនទៀង(ថា) រកឯកសារឲ្យគ្រប់ បើ ចាន់ យ៉េត មិនព្រមកែទេ ចាប់ខ្លួន ចាន់ យ៉េត ភ្លាម។ បង្ហាញភស្តុតាងបញ្ជាក់ទៅ អ្នកឯងបោកប្រាស់គេអីខ្លះ? សូម្បីតែអ្នកឯងបោកប្រាស់គេថា ឥឡូវបានចូលមកធ្វើការកៀកជាមួយនឹងនាយករដ្ឋមន្ត្រី អ្នកឯងទាក់ទងបានចូលធ្វើការជាមួយអ្នកធ្វើការនៅក្រសួងមហាផ្ទៃ តើអ្នកឯងដើរបោកប្រាស់គេរបៀបនេះ ដើម្បីទទួលបានលាភសក្ការៈអីខ្លះ? អ្នកណាដែលពាក់ព័ន្ធជាមួយ ចាន់ យ៉េត ប្រយ័ត្នក្រែងលោដោយ។ តែគេចាប់ ចាន់ យ៉េត ហើយគឺដោយហើយ។ មានទាំងរឿងក្រុមជំនួយយកទៅចែកនៅកន្លែងនោះ ប៉ុន្តែដោយកូវីដ១៩ វាផ្ទុះ វាខានចែក។ វាមានក្រុមទៅបោកយកលុយគេទៀតនោះ ដើម្បីបានអំណោយ ត្រូវសូកគេអស់លុយប៉ុន្មាន? អាហ្នឹងត្រូវបានយកលុយហ្នឹងត្រឡប់ឲ្យប្រជាជនវិញ។ អ្នកណាមាន(ពាក់ព័ន្ធ)រឿងហ្នឹងប្រយ័ត្នជាប់គុក។
ចៅហ្វាយខេត្តបន្ទាយមានជ័យ មានគុកនៅបន្ទាយមានជ័យតើ។ តុលាការនៅបន្ទាយមានជ័យមិនចាប់វាយខ្នោះទៅ។ អីក៏វាលំបាកម្លេះ អាអ្នកដើរយកលុយគេនេះ។ ថាដើម្បីជំនួយ។ ជំនួយហ្នឹងបានបញ្ជូនទៅហើយប៉ុន្តែដោយវាផ្ទុះ អាហ្នឹងទៅដូចជាប្រុងចែកនៅថ្ងៃ ២ ធ្នូ កាលហ្នឹង។ ប៉ុន្តែដល់វាផ្ទុះទៅខានចែកទៅ។ ឆ្លៀតពេលហ្នឹង វាទៅដើរកត់ឈ្មោះយកលុយគេ ដើម្បីចែកអំណោយ។ វាទៅជាអញ្ចឹងទៅ។ អញ្ចឹងប្រយ័ត្ន បើសងលុយគេវិញបាន គឺសងទៅ បើសងមិនបានទេ ប្រយ័ត្នជាប់គុក។ វាតែប៉ុណ្ណឹង បើធ្វើខុសច្បាប់ហើយគុកគេមិនដែលគេដាក់សម្រាប់មនុស្សល្អទេ ទាល់តែមនុស្សអាក្រក់បានគេចាប់។ តុលាការមានតើ ប៉ូលីស អាវុធហត្ថ មិនបាច់ប្រើទាហានទេ ព្រោះមាននរគបាល និងអាវុធហត្ថជានគរបាលយុត្តិធម៌ កុំចាំបាច់ទៅប្រើទាហាន។
អញ្ចឹងសារបានដែលទាក់ទងជាមួយរឿងហ្នឹង ប៉ុន្តែខ្ញុំភ្ជាប់ជាមួយរឿងនេះបន្តិច ផ្តាំទៅអ្នកភូមិជង្រុកព្រោះកំពុងតែស្តាប់រាប់រយនាក់នៅឯណោះ។ បន្ទាប់ពីហ្នឹងទៅ គេស៊ីនំបញ្ចុក បន្ទាប់ពីនំបញ្ចុកហើយ គេធ្វើពិធីសាសនារបស់គេ ទៅសែនព្រេនអីនៅកន្លែងណាមួយនោះ។ ហើយ សុខ ភាព បែបមាននៅហ្នឹង។ ប៉ុន្តែ ចាន់ យ៉េត អ្នកណាបានស្តាប់ បានលឺសម្លេង ទូរស័ព្ទឲ្យ ចាន់ យ៉េត បើកមើលទៅ ហើយនឹងដឹងហើយ។ អ្នកឯងកុំគិតថា អ្នកឯងនិយាយស្អី ធ្វើស្អី គេមិនដឹងនោះ តែគ្រាន់តែគេថ្នម ដោយសារអ្នកឯងក៏មិនជេរខ្ញុំដែរ តែអ្នកឯងបែរយកខ្ញុំនេះទៅធ្វើដើមទុនរកស៊ី បោកប្រាស់គេអាហ្នឹងកាន់តែខុស។
រឿងរ៉ាវ ៣០ ឆ្នាំ មុននឹងបានដំណក់ប្រេងលើកដំបូង
អញ្ចឹងបញ្ជាក់ឡើងវិញ សមិទ្ធផលសន្តិភាពដែលកើតចេញពីនយោបាយឈ្នះឈ្នះ ២៩ ធ្នូ ឆ្នាំ ១៩៩៨ បាននាំមកនូវសមិទ្ធផលថ្មីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា គឺដំណក់ប្រេងលើកដំបូង នៅថ្ងៃ ទី ២៩ ខែ ធ្នូ ឆ្នាំ ២០២០។ ករណីប្រេងនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំបានបញ្ជាក់។ យើងត្រូវអង្គុយរង់ចាំ ៣០ ឆ្នាំគត់។ ខ្ញុំព្រះករុណាខ្ញុំនិយាយឲ្យអស់កន្លែងហ្នឹង។ តើការខិតខំរបស់រាជរដ្ឋាភិបាលយ៉ាងម៉េច របស់ខ្ញុំព្រះករុណាខ្ញុំយ៉ាងម៉េចជាមួយរឿងហ្នឹង ក៏ដូចជាតួអង្គពាក់ព័ន្ធផ្សេងទៀត។ ឆ្នាំ ១៩៩០ យើងបានដាក់ឲ្យដេញថ្លៃ នូវអណ្តូងប្រេងកាតរបស់យើង ប្លុក A នេះ។ ត្រូវដេញថ្លៃបានទៅក្រុមហ៊ុន Enterprise Oil របស់អង់គ្លេស។ ក្រោយចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសៗ តម្រូវឲ្យលុបចោលនូវកិច្ចព្រមព្រៀងទាំងអស់ ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យភាពរបស់កម្ពុជា។ ពេលប្រជុំតូក្យូ ឆ្នាំ ១៩៩២ អំពីការផ្តល់ជំនួយនៅកម្ពុជា ខៀវ សំផន បានទាមទារលុបចោលទាំងអស់នូវកិច្ចព្រមព្រៀង ដែលថា(ពាក់ព័ន្ធជាមួយ)រដ្ឋាភិបាលអាយ៉ង។
ពេលហ្នឹង អគ្គរដ្ឋទូតអង់គ្លេសបានទៅសុំជួបខ្ញុំថា ឥឡូវគិតយ៉ាងម៉េច? បានខ្ញុំប្រាប់ថា ចង់លុបក៏លុបទៅ អារឿងកិច្ចព្រមព្រៀងវិនិយោគនេះ។ គេទារឲ្យកិច្ចព្រមព្រៀងវិនិយោគសំខាន់ជាងគេ ប៉ុន្តែឯកឧត្តមកុំភ្លេចណា ក្រុមហ៊ុនប្រទេសឯកឧត្តមមួយ Enterprise Oil បានដេញថ្លៃបានប្លុកប្រេងរបស់កម្ពុជា។ ខ្ញុំអត់សងលុយវិញទេ ព្រោះតែដេញថ្លៃបានត្រូវកក់លុយផ្ដល់ឲ្យកម្ពុជា។ ខ្ញុំអត់សងទេ។ ដល់លឺអញ្ចឹងបើកភ្នែកធំៗ។ អញ្ចឹងអា Enterprise Oil ហ្នឹងវានៅបន្ត។ ឆ្នាំ ១៩៩៤ ខ្ញុំព្រះករុណាខ្ញុំបានធ្វើដំណើរជាមួយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ទៅដល់កន្លែងអាប្លុក A ហ្នឹង ពេលហ្នឹង Enterprise Oil កំពុងតែខួងរុករក ប៉ុន្តែ Enterprise Oil រុករកមិនឃើញបែរជា Enterprise Oil ចាកចេញ។ បន្ទាប់ទៅ Chevron របស់អាមេរិកចូលមក ជាមួយក្រុមហ៊ុនដទៃទៀត ស្រាប់តែរុករកឃើញកំណប់ប្រេងនៅក្រោមកន្លែងដែល Enterprise Oil រកមិនឃើញ។ អញ្ចឹងបានកុំឆ្ងល់ពេក កាលជំនាន់ឆ្នាំ ១៩៩០ រដ្ឋាភិបាលអង់គ្លេសមិនដែលទទួលស្គាល់រដ្ឋាភិបាលរដ្ឋកម្ពុជាពីអង្កាល់ ប៉ុន្តែក្រុមហ៊ុនរបស់គេ ផលប្រយោជន៍របស់គេ គេមករកស៊ីជាមួយយើង ព្រោះគេដឹងថាយើងមានប្រេង។
មិនទាន់រកឃើញប្រេងផង មកនិយាយតែពីរឿងចាយលុយ
អញ្ចឹងឥឡូវនេះយើងបានចាប់ផ្តើមហើយ ហើយខ្ញុំព្រះករុណាខ្ញុំក៏សូមបញ្ជាក់រឿងនេះដែរ កាលពីឆ្នាំ ២០មុននោះ ឆ្នាំ ១៩៩៩ និងឆ្នាំ ២០០០ មានខាង IMF ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី រហូតដល់ UNDP មកនិយាយជាមួយខ្ញុំព្រះករុណាខ្ញុំតែពីរឿងចាយលុយ(បានពីប្រេង)ហ្នឹងយ៉ាងម៉េច? រហូតដល់មានសិក្ខាសាលាអំពីប្រធានបទ «តើប្រេងគឺជាពរជ័យ ឬជាបណ្តាសារ?»។ ពេលហ្នឹងខ្ញុំព្រះករុណាខ្ញុំវាធុញទ្រាន់មែនទែន ហើយកាលហ្នឹងផ្ទះនៅភ្នំពេញ ផ្ទះកញ្ចាស់លិចតែទឹក អញ្ចឹងមកនៅផ្ទះតាខ្មៅហ្នឹង ចង់ជួបមកជួបនៅតាខ្មៅមក។ មកនិយាយរឿងហ្នឹង។ បាន(ខ្ញុំ)ចង្អុលមុខ នែ! សូមកុំអាលកំណត់ត្រីនេះត្រូវអាំង ត្រីនេះត្រូវស្ងោរ ត្រីនេះត្រូវចៀន នៅក្នុងពេលដែលមិនទាន់ចាប់ត្រីបាន។ ពេលប្រជុំនៅវត្តភ្នំ ខ្ញុំព្រះករុណាខ្ញុំនិយាយតែម្តង អត់ទាន់ទាំងមានប្រេងផង មកព្រួយបារម្ភពីរឿងចាយលុយប្រេង។ គេយកពិសោធន៍នៅ នីហ្សេរីយ៉ា ប្រទេសមានប្រេងបែរជាក្រីក្រ ដោយសារតែអំពើពុករលួយក្នុងការចាយលុយ។ អញ្ចឹងបានខ្ញុំព្រះករុណាខ្ញុំបញ្ជាក់ត្រឡប់ទៅវិញ អត់ទាន់មានលុយប្រេងផង បែរជាមកនិយាយពីរឿងចាយលុយ។ ឥឡូវនេះខ្ញុំអាចឆ្លើយអ្នកឯងបាន ពេលនេះខ្ញុំមិនទាន់បានចាយមួយសេនពីប្រេងទេ តែខ្ញុំអាចរស់បាន ខ្ញុំមិនអួតទេ។ ថ្ងៃនេះខ្ញុំក៏បង្ហាញតួលេខឲ្យបានច្បាស់ដែរ។
សាច់ប្រាក់ក្នុងរតនាគារ ៣ ពាន់លានដុល្លារ, ទុនបម្រុង ២០ ពាន់លាន និង មាស ៤៤,៤ តោន
មានអ្នកខ្លះថារដ្ឋាភិបាល ហ៊ុន សែន ចង់អស់លុយបើកហើយ ទៅប្រមូលរៃអង្គាសលុយដើម្បីយកមកបើកប្រាក់ខែ។ ប៉ុន្តែ ខ្ញុំសុំបញ្ជាក់ បើយោងទៅលើលុយគិតត្រឹមម៉ោង ៥ ពីម្សិលមិញ ជាសាច់ប្រាក់នៅក្នុងរតនាគារតែម្ដង គឺមាន … ១៣ លានលាន(រៀល) (និយាយលេខគត់) អ្នកឯងគិតទៅ ក្នុងមួយលានលាន(រៀល)ស្មើ ២៥០ លានដុល្លារ អញ្ចឹង ១០លានលាន(រៀល) ស្មើ ២៥០០ លាន(ដុល្លារ) ថែមលើនោះនៅសល់ ២ លានលាន(រៀល) ស្មើ ៥០០ លាន(ដុល្លារ)ទៀត ដូច្នេះវា ៣០០០ លាន(ដុល្លារ) អត់ទាន់ស្រកស្រុតទេ។ បន្ថែមលើនោះប្រាប់ឲ្យហើយឲ្យអស់ទៅ កុំឲ្យវាពិបាកសសេរ ឬទៅសួរអ្នកណា នេះសូមបញ្ជាក់ នេះជាសាច់ប្រាក់សន្សំមិនមែនតួលេខទេ គឺសាច់ប្រាក់តែម្ដង។ តែទុនបម្រុងអន្តរជាតិមានមួយផ្សេងទៀត ដែលខ្ញុំប្រាប់តួលេខអ្នកឯងឲ្យបានភ្លឺភ្នែក។ នេះគឺរបាយការណ៍ ថ្ងៃ ២៥ ខែធ្នូ នេះទេ ទុនបម្រុងផ្លូវការរបស់ប្រទេសកម្ពុជាមានជាង ២០ ពាន់លាន (និយាយលេខគត់) ក្នុងនោះក៏មានបរិមាណមាស ៤៤ តោន ៤០០ គីឡូ និយាយអញ្ចេះ ហើយឲ្យគេសរសេរសំបុត្រទៅរកទៅ … ជាកេរមរតករបស់ព្រះកុរណាបិតា រក្សាទុកនៅប្រទេសស្វ៊ីសចំនួន ១២ តោន ៣០០ គីឡូក្រាម អាហ្នឹងជាកេរមរតកតាំងពីសម័យសង្គមរាស្ត្រនិយម។ តម្កល់ទុកនៅធនាគារកណ្ដាលរបស់អង់គ្លេស ១៧ តោន អាហ្នឹងទិញថ្មី។ (តម្កល់) ១៥ តោន នៅនឹងធនាគារជាតិកម្ពុជា។ ធ្វើតាំងពីមុនមានមាសសូន្យ ដោយសារតែគេបង្កកទុកសិន ចាំដល់ពេលត្រូវរ៉ូវគ្នាសិនបានគេឲ្យៗ ១២ តោន ៤០០ គីឡូ ឥឡូវយើងឡើង ៤៤ តោន ៤០០ គីឡូក្រាម …។
ទំហំពាណិជ្ជកម្មមានប្រមាណ ៣២ ពាន់លាន(ដុល្លារ) ទៅវិញទៅមក
គ្រាន់តែការនាំចេញឆ្នាំនេះ និយាយឲ្យហើយរឿងសេដ្ឋកិច្ចបន្តិចទៅចុះ បានតែជក់រឿងសេដ្ឋកិច្ចហើយ … ពិតមែនតែសេដ្ឋកិច្ចកម្ពុជាអវិជ្ជមាន ក៏ប៉ុន្តែ វាល្អណាស់សម្រាប់យើង ទំហំពាណិជ្ជកម្មមានប្រមាណ ៣២ ពាន់លានទៅវិញទៅមក ប៉ុន្តែដោយឡែកសម្រាប់កម្ពុជានាំចេញ គឺមានចំនួនជិត ១៦ ពាន់លាន(ដុល្លារ) (និយាយលេខគត់)។ នេះគិតត្រឹមខែ ១១ ឥឡូវខែ ១២។ កើន ១៦,២៩% អ្នកឯងត្រូវចាំ។ ទោះបីកូវីដ១៩ ការនាំចេញល្អ ហើយការនាំចេញល្អនេះទៀត វាមានចំណែកដែលខ្ញុំឲ្យអ្នកឯងភ្លឺភ្នែក ថារដ្ឋាភិបាល ហ៊ុន សែន គឺមានអ្នកឯកទេសគ្រប់គ្រាន់។ បណ្ឌិតត្រឹមពួកអ្នកឯងស្ទើរភ្លើងណាស់មិនទាន់ចេះគ្រប់គ្រងរដ្ឋទេ។ កម្លាំងរបស់រដ្ឋបាល ហ៊ុន សែន មិនមែនជាកម្លាំងធម្មតា។
ការនាំចេញក្នុងវិស័យកសិកម្ម រាប់តែ ៧ មុខទំនិញ ទទួលបាន ៣៨១ លាន(ដុល្លារ)
… ក្នុងចំណោមការនាំចេញជិត ១៦ ពាន់លាន(ដុល្លារនោះ) ការនាំចេញក្នុងវិស័យកសិកម្ម រាប់តែ ៧ មុខទំនិញទេ មាន ៣៨៨១ លាន(ដុល្លារ) ហើយប្រាប់អ្នកឯងឲ្យភ្លឺភ្នែកថែមទៀត ៧ មុខមានអីខ្លះ? ក្នុងនោះ ស្រូវឆ្នាំនេះអតិរេកជាង ៥ លានតោន។ យើងនាំចេញជាអង្ករបាន ៦៧៥ ០០០ តោន(លេខគត់) មានកំណើន ១១,១១% តម្លៃដែលបានមកពីការនាំចេញនេះ ៥១៤ លាន(ដុល្លារ) … ការនាំចេញស្រូវ ព្រោះយើងខ្វះម៉ាស៊ីនកិនស្រូវ ឡសម្ងួតស្អីៗនេះ យើងនាំចេញស្រូវក្នុងឆ្នាំនេះ ២ ១៨០ ០០០ តោន។ ដំឡូងមីនាំចេញឆ្នាំនេះ ជាង ៧ លានតោន ដែលមានតម្លៃជាង ១ ពាន់លាន(ដុល្លារ) អាហ្នឹងទី ២។ ទី ៣ ស្វាយចន្ទី នាំចេញឆ្នាំនេះ ២១៨ ៨៨៤ តោន តម្លៃដែលទទួលបាន ២៨៨ លាន(ដុល្លារ)។ (ទី ៤) ស្វាយនាំចេញ ៨៥ ម៉ឺនតោន ទទួលបានថវិកា ៤៧៣ លាន(ដុល្លារ)។ (ទី ៥) ចេកអំបូងលឿងនាំចេញ … ទទួលបាន ៥៥១ លាន(ដុល្លារ)។ (ទី ៦) មៀនប៉ៃលិន(តាង៉ែន) នាំចេញ ១៧៤ តោន បានប្រាក់ ៥៧ លាន(ដុល្លារ)។ (ទី ៧) ម្រេចនាំចេញ … ប្រាក់បាន ២៥ លាន(ដុល្លារ)។ នៅអត់ទាន់រាប់កៅស៊ូ និងទំនិញផ្សេងៗទៀតច្រើនមុខ ឲ្យអ្នកឯងភ្លឺភ្នែកឲ្យច្បាស់។ កុំចង់ផ្ដួលរដ្ឋាភិបាល ហ៊ុន សែន។ មិនទាន់មានចាយមួយសេនទេ តែរដ្ឋាភិបាល ហ៊ុន សែន មិនដួលសោះហើយ។ អ្នកឯងកាន់តែបន់ឯណេះ កាន់តែរស់ស្រួល។ យើងបន្តពង្រីកទីផ្សារ។ ក្នុងវិស័យកសិកម្មទីផ្សារបន្តពង្រីក។ ឥឡូវកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP បានចុះហត្ថលេខាហើយ វាពង្រាយដល់ជប៉ុន អូស្ត្រាលី នូវែលហ្ស៊េឡង់ ចិន ទូលំទូលាយ។ យើងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន។ ខាងមុខនេះ ចុះហត្ថលេខាជាមួយកូរ៉េ និងធ្វើកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ាស៊ី។ អញ្ចឹងអ្នកឯងកុំភាន់ច្រឡំ។ ជិតងាប់យូរហើយ ជិតងាប់ហ្នឹងយូរហើយ។ មានអាមួយណានោះ ហ៊ុន សែន ចប់ហើយដូរ អឺ! ចាំមើលទៅ។
នៅលើពិភពលោក គ្មាននាយករដ្ឋមន្ត្រីណាត្រូវបានកំណត់អាណត្តិ
និយាយប៉ុណ្ណេះហើយ ខ្ញុំគិតថានឹងកាន់អំណាចដល់អាយុ ៧៨ ឆ្នាំ អញ្ចឹង ១០ ឆ្នាំទៀត អ្ហែងចាំមើលទៅ ធ្វើម៉េចឲ្យឈ្នះ ហ៊ុន សែន ទៅ ដូរបានហើយ។ តែបើបានត្រឹមនិយាយយកពិរោះទេ មិនបាច់និយាយទេ។ កុំស្មានគេកាន់អំណាចរយៈពេល ៤០ ឆ្នាំប្លាយ ហើយនៅតែប៉ុន្មានថ្ងៃទៀត គម្រប់ខួបលើកទី ៣៦ ឆ្នាំ នៃការកាន់តំណែងនាយករដ្ឋមន្ត្រី ហើយគ្មានអ្នកណាគេកំណត់ទេ។ នៅស្រុកអាមេរិក គេកំណត់ ២ អាណត្តិ នៅស្រុកបារាំងគេកំណត់ ២ អាណត្តិ តែនាយករដ្ឋមន្ត្រីនៅលើពិភពលោក គ្មាននាយករដ្ឋមន្ត្រីណាគេកំណត់ទេ។ ធ្វើបន្ត។ អ្នកកាន់តែនិយាយ កាន់តែធ្វើ។ គ្រាន់តែថ្ងៃមុនចេញមុខ អូន ព័ន្ធមុនីរ័ត្ន មក ចុះដាក់ជាសញ្ញាសួរថា ចុះ ស ខេង, ទៀ បាញ់ និងអ្នកដទៃទៀតទៅណា? ចុះបើពេលនោះ ហ៊ុន សែន អាយុ ៧៨ ហើយ ស ខេង ៨០ ឆ្នាំ ទៀ បាញ់ ជិត ៩០ ឆ្នាំ រួចចុះនៅធ្វើអីទៀត? វាមិនទៅទាំងអស់គ្នាតែម្ដង។ មួយហ្វូងទៅទាំងអស់។ ឧបនាយករដ្ឋមន្ត្រីនៅក្មេងជាងគេតែ អូន ព័ន្ធមុនីរ័ត្ន។ អញ្ចឹងបានគេដាក់សុទ្ធតែបណ្ឌិតៗចូលមកឥឡូវនេះ បណ្ឌិតកាន់វិស័យអប់រំ បណ្ឌិតកាន់វិស័យទូរគមនាគមន៍ បណ្ឌិតកាន់បរិស្ថាន បណ្ឌិតកាន់ក្រសួងវប្បធម៌ នៅបណ្ឌិតមួយចំនួនទៀតដែលខ្ញុំរាប់មិនអស់ ហៅថាខ្សែក្រវាត់ត្រៀមទីពីរ។
មានអាមួយណានោះចេញមក (ថា)មកពីគេសរសើរលោក អូន ព័ន្ធមុនីរ័ត្ន បានជាលោក ហ៊ុន សែន និយាយអញ្ចឹង។ ខ្ញុំចាត់តាំងឲ្យ អូន ព័ន្ធមុនីរ័ត្ន ទៅចូលរួមប្រជុំ ហើយបែរជាវាមកថា ការពិតមកពី លោក ហ៊ុន សែន ខឹង អូន ព័ន្ធមុនីរ័ត្ន បានជានិយាយអញ្ចឹង។ អាពៅអើយ! អ្នកណាមិនដឹងទេ? គណបក្សប្រជាជនគេធ្វើការជាក្រុម។ យប់មិញនេះគ្រាន់តែប្រាប់ទៅភ្លាម វាយមកភ្លាម ឯកសារបញ្ចេញពី អូន ព័ន្ធមុន្នីរ័ត្ន មក ដូចចង់លឿនជាងចេញពីកុំព្យូរទ័ររបស់អ្នកឯងប្រើផង សម្រាប់ ហ៊ុន សែន ប្រាប់ឲ្យហើយ។ ខ្ញុំបាននិយាយហើយ អូន ព័ន្ធមុនីរ័ត្ន ជាបេក្ខជនមួយក្នុងចំណោមបេក្ខជនដទៃទៀត ព្រោះបញ្ហាជីវិតមនុស្សមានទៀតទាត់ឯណា។ ហ៊ុន សែន ប្ដេជ្ញាថា(ឈរឈ្មោះ)ទៅដល់ឆ្នាំ ២០២៨ ដល់អាយុ ៧៦ ថែម ២ ឆ្នាំទៀត ចាំផ្ទេរទៅមានខុសអី? អ្នកឯងកាន់តែនិយាយ ខ្ញុំកាន់តែរុក។ ហ៊ុន សែន ខុសគេត្រង់ហ្នឹង។ បើចង់ឲ្យឈប់ អញមិនឈប់ បើចង់ឲ្យអញកុំឈប់អី អញឈប់។ កុំប្រមាថ។ បើប្រមាថក្រែងងាប់មុន ខ្លួនឯងនោះប្រយ័ត្នរន្ទះបាញ់ ឡានបុក ខ្សែរភ្លើងឆក់ ពស់ចិកអីជាដើម។
លុយបានពីប្រេង នឹងផ្ដល់អាទិភាពទៅលើវិស័យអប់រំ និងសុខាភិបាល
ប៉ុន្មានថ្ងៃមុន ចង់ផ្ដួលរំលំ ឥឡូវចង់ចរចា។ គ្មានចចារជាមួយអ្នកណាទេ។ ចង់ចរចាអីទៅចរចាជាមួយច្បាប់ទៅ។ អាណាត្រូវជាប់គុកមុន ជាប់គុកឲ្យហើយសិន រួចហើយចាំនិយាយគ្នា។ មិត្តភក្តិបរទេសទាំងឡាយគឺអត់ទេ ខ្ញុំអត់មានបញ្ហានយោបាយ ខ្ញុំអត់មានជម្លោះជាមួយអ្នកណាទេ។ ពួកអ្នកទាំងនោះមានជម្លោះជាមួយផ្លូវច្បាប់ទេតើ។ ឥឡូវ ខ្ញុំវិលមករឿងប្រេងនេះឡើងវិញទៀត។ លុយប្រេងនេះគេលើកឡើង២០ ឆ្នាំមុនហើយ ដែលក្រោយមកស្ងាត់ ព្រោះខ្ញុំស្តីឲ្យ។ ខ្ញុំថាកុំកំណត់ថា ត្រីណាត្រូវអាំង ត្រីណាត្រូវស្ងោរ ត្រូវចៀន ក្នុងពេលដែលមិនទាន់ចាប់ត្រីបាន។ ឥឡូវចាប់ត្រីបានហើយ គេអាចដាក់សំណួរបាន។ ដាក់សំណួរថា បើបានលុយហ្នឹងអ្នកឯងចាយលើអី? ខ្ញុំនឹងឆ្លើយប្រាប់អ្នកឯងថា ខ្ញុំនឹងផ្ដល់អាទិភាពទៅលើវិស័យអប់រំ និងសុខាភិបាល ប្រាប់អ្នកឯងឲ្យច្បាស់។
ចំណូលគយមិនគ្រប់ផែនការ និងពន្ធដារលើសផែនការ បានចំណូលប្រមាណ ៥២៧០ លានដុល្លារ
ខ្ញុំមិនទាន់និយាយអស់កន្លែងនេះទេ។ ចំណូលឆ្នាំនេះគិតត្រឹមពីម្សិល ខ្ញុំអត់ទាន់គិតពីចំណូលមិនមែនសារពើពន្ធទេ គិតចំណូលត្រឹមតែគយដែលមិនគ្រប់ផែនការ គិតត្រឹមពីម្សិល មានមិនគ្រប់ទេប្រហែលជាបាន ៨៣% ទៅ ៨៤% ប៉ុន្តែក៏បានលុយ ២៣៩១ លានដុល្លារ។ ពន្ធដារបានលើសផែនការ ១% ទៅហើយ មានចំនួន ២៨៧៨ លានដុល្លារ។ សរុបទាំងពីរផ្នែកនេះ បានប្រាក់ចំណូល ៥២៧០ លានដុល្លារ។ នៅសល់ថ្ងៃ ២៩, ៣០, និង ៣១ ទៀត បានបិទបញ្ជី។ អញ្ចឹងលុយនេះអាចឡើងទៅដល់ប្រមាណជា ៥៣០០ លានដុល្លារ ប៉ុណ្ណឹងទៅចុះ។ អញ្ចឹងវាល្មមគ្រប់គ្រាន់ចាយ។ អញ្ចឹងបានអាលុយនេះវាមិនព្រមស្រកស្រុត។ និយាយប្រាប់អ្នកឯងឲ្យច្បាស់តែម្ដងទៅ។ ពន្ធដារគិតថាមិនគ្រប់តែបែរជាលើសផែនការទៅវិញ។ ពីមុនវាយតម្លៃពេលកូវីដ១៩មកដល់ ស្មានថាពន្ធទាំងអស់ធ្លាក់ ប៉ុន្តែបែរជាកើន។ នេះជាការខិតខំ មិនមែន ហ៊ុន សែន ទៅរកខ្លួនឯងឯណា ប្រជាជនភ្ញាក់រលឹកបង់ពន្ធ និងមន្ត្រីធ្វើការបានល្អ ទើបមានរឿងហ្នឹងកើតឡើង។ មិនទាន់ដឹងខ្យល់អីផង និយាយតែផ្ដេសផ្ដាស។ ឲ្យអញ្ចឹងចុះ។ បើបានជាគេល្ងង់ហើយ ឲ្យល្ងង់មួយជីវិតអញ្ចឹងតែម្ដងទៅ វាស្រួលម្យ៉ាងដែរ។
តំបន់ប្រេង ប្លុក A អត់មានពាក់ព័ន្ធជាមួយថៃទេ
ប៉ុន្តែរឿងប្រេងនេះទៀត ខ្ញុំមើលក្នុង comment ថា ជាប្លុកដែលជាប់ពាក់ព័ន្ធជាមួយថៃ។ ប៉ុន្តែខ្ញុំសុំបញ្ជាក់ ប្លុក A នេះ អត់មានពាក់ព័ន្ធជាមួយថៃទេ គឺចេញតែពីក្រុងព្រះសីហនុទៅ តែ ១៦០ គីឡូម៉ែត្រទេ។ បើគិតពីប៉ាតាយ៉ា មកវិញ គឺ ៣៣៥ គីឡូម៉ែត្រ ហើយបើគិតពីសុងខ្លា ៣៥០ គីឡូម៉ែត្រ។ ដូច្នេះអត់មានពាក់ព័ន្ធជាមួយតំបន់ត្រួតស៊ីគ្នាជាមួយថៃទេ សុំអ្នកដែលធ្វើអត្ថាធិប្បាយ អ្នកដែលចូលមក comment ថាមានផ្នែកចូលទៅថៃ(បានជ្រាប)។ អត់ទេ។ យើងជាមួយថៃកំពុងតែធ្វើការចរចាជាមួយគ្នាដើម្បីរកការឯកភាព។ អញ្ចឹងទេ នេះមិនមែនជាបណ្ដាសាទេ តែគឺជាពរជ័យសម្រាប់ប្រជាជនកម្ពុជានៅក្នុងដំណាក់កាលថ្មី ដែលជាប្រភពចំណូលថ្មី។ នៅពេលខាងមុខ យើងនឹងមានប្រភពចំណូល ដែលបានមកពីប្រេង យើងនឹងមានប្រភពចំណូលដែលបានមកពីរ៉ែមាសរបស់យើង ដែលនឹងត្រៀមធ្វើអាជីវកម្មធំ យើងនឹងមានចំណូលពីធ្យូងថ្មរបស់យើង ដែលមិនចាំបាច់ទិញពីខាងក្រៅ ហើយយើងដាក់ម៉ាស៊ីននៅឧត្តរមានជ័យ។ ឥឡូវយើងកំពុងនាំធ្យូងថ្មពីខាងក្រៅ។ យើងនៅបន្តនាំចូលតទៅទៀត ប៉ុន្តែហោចបំផុតយើងផលិតបាន ៤០០ មេហ្គាវ៉ាត់ដោយប្រើធ្យូងថ្មផ្ទាល់របស់យើង។ ធនធានធម្មជាតិយើងមិនទាន់បានទាញយកមកប្រើទេ។ អញ្ចឹងទេត្រង់អ្នកឯងថាអីថាទៅ។ ប៉ុន្តែរដ្ឋបាល ហ៊ុន សែន នៅធម្មតា។ អ្នកឯងចង់ជេរអីជេរទៅ។ មានអ្នកខ្លះជេរ ដើម្បីឲ្យខ្ញុំឆ្លើយ។ កុំសង្ឃឹម។ ចាប់ពីថ្ងៃហ្នឹងទៅ ខ្ញុំអត់ឆ្លើយទេ។ សុំចរចាក៏មិននិយាយអាណាថាអីថាទៅ អត់មាត់អត់ក តែខ្ញុំមានភារកិច្ចប្រាប់ប្រជាពលរដ្ឋកុំឲ្យគាត់ទៅតាមគេ។
យកដំណក់ប្រេងដំបូង ទៅទុកនៅវិមានឈ្នះឈ្នះ
អញ្ចឹងរួមមកថ្ងៃនេះជាខួបដែលយើងរួចផុតពីសង្គ្រាម រួចផុតពីសេចក្ដីស្លាប់ រួចផុតពីការភ័យខ្លាច មកបង្កើតបន្ថែមបាននូវសមិទ្ធផលថ្មីមួយ ដែលខ្ញុំអត់ឲ្យអ្នកណាដឹងទេ លាក់ឲ្យស្ងាត់។ ព្រឹកនេះ បង្ហោះម៉ោង ៧ ដាក់ក្នុងកម្មវិធីបង្ហោះ ហើយធ្វើអត្ថាធិប្បាយថ្ងៃនេះបណ្តោយ។ អញ្ចឹង កត្តាសន្តិភាពនាំមកនូវការអភិវឌ្ឍ ដោយរួមទាំងសមិទ្ធផលថ្មីថ្ងៃនេះ (គឺ)ដំណក់ប្រេងលើកដំបូង។ សុំបញ្ជាក់ទៅ សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាអ្នកដឹកនាំដ៏សំខាន់មួយ គេហៅថា តួរងបន្ទាប់ពី ហ៊ុន សែន តែម្ដង និយាយឲ្យវាជាក់លាក់ បន្ទាប់ពី ហ៊ុន សែន ទៅគឺ ទៀ បាញ់ នៅក្នុងប្រតិបត្តិការនយោបាយឈ្នះឈ្នះនេះ។ សុំយកដំណក់ប្រេងពី ឯកឧត្តម ស៊ុយ សែម ទៅរក្សាទុកនៅវិមានឈ្នះឈ្នះផង ព្រោះដោយសារនយោបាយឈ្នះឈ្នះបានវាមានប្រេងកាត អញ្ចឹង យកអាដំណក់ប្រេងហ្នឹងយកទៅទុកនៅកន្លែងហ្នឹង។
អរគុណថ្នាក់ដឹកនាំ និងសហការីក្រសួងរ៉ៃ
ខ្ញុំសុំយកឱកាសនេះ អរគុណចំពោះ ឯកឧត្តម ស៊ុយ សែម និងសហការី ក្រសួងរ៉ែ និងថាមពល ដែលបានខិតខំបន្តការងារនេះពីសម្តេចវិបុលបញ្ញា សុខ អាន ហើយខ្ញុំក៏នឹកទៅដល់ សម្តេចវិបុលបញ្ញា សុខ អាន ដែលគាត់បានប្រឹងប្រែងទៅលើការចរចានានាជាមួយក្រុមហ៊ុននានា … មានក្រុមហ៊ុនច្រើនណាស់មកពីបរទេស ទាំងចិន វៀតណាម បារាំង អាមេរិក ជប៉ុន សាំងហ្គាពួរ ម៉ាឡេស៊ី (គឺ)ធ្វើការច្រើនណាស់។ ពីមុន អាជ្ញាធរប្រេងកាត ដែល(ក្រោយមក)យើងបង្កើតនូវក្រសួងរ៉ែ និងថាមពល យើងបញ្ចូលអាជ្ញាធរប្រេងកាតមកនៅក្រោមក្រសួងរ៉ែ និងថាមពល។ អញ្ចឹង ក៏មានសមិទ្ធផល និងគុណសម្បត្តិមួយផ្នែកធំរបស់សម្តេចវិបុលបញ្ញា សុខ អាន និងបន្តមកសម្រេចជោគជ័យនៅក្នុងកណ្តាប់ដៃរបស់ ឯកឧត្តម ស៊ុយ សែម និងសហការីរបស់គាត់។
បន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ/ទេសចរណ៍ រយៈពេល ៣ ខែ
ខ្ញុំសុំយកឱកាសនេះ ដើម្បីបញ្ជាក់ជូនបន្ថែមបន្តិចទៅលើបញ្ហាពាក់ព័ន្ធជាមួយនឹងវិធានការជុំទី ៧ ដើម្បី ជួយដោះស្រាយ។ ក្នុងវិធានការជុំទី ៧ ដោយសារតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសរួចហើយ ដាក់ឲ្យអនុវត្តសម្រាប់ ៣ ខែទៅមុខបន្ត ដោយមានច្រើនវិស័យ តាំងពីវិស័យអាកាសចរណ៍ រោងចក្រ សហគ្រាស ពន្ធកាត់ទុកទ្រទ្រង់កំណើន សម្រាប់កម្ចី ទាក់ទងបញ្ហាធនាគារជាដើម ដែលខ្ញុំមិនចង់រំលឹកឡើងវិញទេ។ តែរំលឹកចំណុចសំខាន់ពីរ៖ ទី ១ គឺការឧបត្ថម្ភសាច់ប្រាក់សម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ វាយនភណ្ឌ (ដេរ)ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប សម្រាប់រយៈពេល ៣ ខែ គឺត្រូវបន្តរយៈពេល ៣ ខែទៀត។ ដោយក្នុងនោះ រាជរដ្ឋាភិបាលត្រូវផ្តល់ ៤០ ដុល្លារអាមេរិក/ម្នាក់ ដល់អ្នកដែលបាត់បង់ការងារធ្វើ (រីឯ)ម្ចាស់រោងចក្រ សហគ្រាស ត្រូវផ្តល់ ៣០ ដុល្លារអាមេរិក ដូច្នេះ សរុបមក កម្មករ ក្នុងផ្នែកវាយនភណ្ឌ (ដេរ)ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប គឺទទួលបាន ៧០ ដុល្លារអាមេរិក/ម្នាក់។ សម្រាប់ក្នុងវិស័យទេសចរណ៍ ត្រូវបានទទួល ៤០ ដុល្លារ(អាមេរិក)/ម្នាក់ (រាប់ទាំងអ្នកធ្វើការតាម)សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន (និង)ភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ៣ ខែទៀត (គឺ)ពីខែ មករា ដល់ខែមីនា។ សហគ្រាសទាំងនេះ ក៏ត្រូវខិតខំតាមការស្ម័គ្រចិត្ត ដើម្បីជួយផ្តល់ឲ្យបងប្អូន ដែលបាត់បង់ការងារធ្វើនោះ។
ចំណាយថវិកា ៨៣ ពាន់លានរៀល បើកប្រាក់ឧបត្ថម្ភកម្មករ/និយោជិត ៣២៩០៩១ នាក់
តាមរបាយការណ៍របស់ ឯកឧត្តម អ៊ិត សំហេង ពីម្សិលមិញនេះ គិតត្រឹមថ្ងៃម្សិលមិញនេះ រោងចក្រ(ដែលបាន)ព្យួរសរុបចំនួន ៤៤ រោងចក្រ ស្មើនឹងកម្មករ/និយោជិតចំនួន ១៤៥៧៨ នាក់។ ម្សិលមិញនេះ ថយចុះ ១ រោងចក្រ ជួនកាលគាត់ព្យួរបន្តិចទៅ រួចហើយគាត់បើកឡើងវិញ។ ផ្នែកវិស័យទេសចរណ៍ដែលព្យួរសរុប ទាំងអស់(ចំនួន) ១១៨ សហគ្រាស បានសេចក្តីថាជាសណ្ឋាគារ ស្មើនឹងកម្មករចំនួន ៩៤០៣ នាក់។ អញ្ចឹង ប្រាក់ឧបត្ថម្ភ ដែលរាជរដ្ឋាភិបាលបានផ្តល់កន្លងទៅអស់ទឹកប្រាក់ជាង ៨៣ ពាន់លាន(រៀល) បានសេចក្តីថា អស់ជាង ២០ លានដុល្លារអាមេរិក ស្មើនឹងកម្មករចំនួន ៣២៩០៩១ នាក់ ក្នុងចំណោមកម្មករ/និយោជិត ៣៣៤ ៣៨១ នាក់ … បងប្អូនទាំងនេះព្យួរអញ្ចឹងទៅ យើងផ្គត់ផ្គង់់បន្តិចគេបើកឡើងវិញ ហើយគេបិទទៅ យើងផ្តល់ឲ្យទៀត។ អញ្ចឹង យើងត្រូវបន្តជាមួយកម្មវិធីនេះតទៅទៀត។ ត្រូវដោះស្រាយឲ្យបងប្អូន រាជរដ្ឋាភិបាលមានសមត្ថភាពដោះស្រាយ អ្នកណាថា យើងមិនដោះស្រាយ? គឺយើងដោះស្រាយបានច្រើន។
បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះ រយៈពេល ៣ ខែទៀត
មួយទៀត គឺទាក់ទិនជាមួយនឹងការផ្ដល់សាច់ប្រាក់សម្រាប់ប្រជាជនក្រីក្រងាយរងគ្រោះ គឺត្រូវបន្តអនុវត្តចាប់ពី ខែមករា ដល់ ខែមីនា រយៈពេល ៣ ខែទៀត។ តួលេខគិតត្រឹមម្សិលមិញ ដែលយើងបានអនុវត្ត ៦ ខែកន្លងទៅ យើងបានប្រើប្រាស់អស់ថវិកា ៧៩៦ លាន(រៀល) អញ្ចឹង អាចថ្ងៃនេះ/ស្អែក អស់(ថវិកាចំនួន) ៨០០ ពាន់លាន(រៀល) ស្មើនឹង ២០០ លានដុល្លារអាមេរិក។ សុំឲ្យអ្នកដទៃយល់ឲ្យច្បាស់ កុំប្រមាថជាមួយនឹង (រាជ)រដ្ឋាភិបាលមួយនេះ។ អ្នកខ្លះសុទ្ធតែឌឺទៀត ឃើញយើងផ្តល់ជំនួយទៅឲ្យឡាវ/មីយ៉ាន់ម៉ា/ទីម័រលេស្ត … សុទ្ធតែឌឺថា គិតប្រជាជនខ្លួនឯងមិនបានផង ទៅគិតអ្នកដទៃ? ខ្ញុំសុំជម្រាប យើងបានផ្ដល់ជំនួយទៅបរទេសធំជាងនេះច្រើនដង គឺផ្តល់អ្វីទៅ? ផ្តល់ទាំងសាច់ឈាម និងអាយុជីវិត ដោយបញ្ជូនកងទ័ពទៅជួយប្រទេសជាមិត្ត។ ឥឡូវ នៅអាហ្វ្រិកកណ្តាលត្រៀមបោះឆ្នោត កងទ័ពយើងនៅទីនោះ ដែលត្រូវប្រយុទ្ធតទល់ជាមួយនឹងពួកឧទ្ទាម។ ឥឡូវ នៅអាហ្វ្រិកកណ្តាល ម៉ាលី ស៊ូដង់ខាងត្បូង លីបង់ នោះមានពលិកម្មរបស់នាយទាហាន និងពលទាហានរបស់យើង។ អ្នកឯងត្រូវតែយល់។
ត្រៀមផ្តល់ជំនួយសម្ភារៈវេជ្ជសាស្ត្រទៅនេប៉ាល់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
… ខ្ញុំកំពុងធ្វើលិខិតទៅនាយករដ្ឋមន្ត្រីនេប៉ាល់ ដោយឃើញនេប៉ាល់ឆ្លងច្រើនពេក កំពុងតែត្រៀម ដើម្បីបញ្ជូនជំនួយទៅកាន់ប្រទេសនេប៉ាល់។ កម្ពុជា(មាន)របៀបផ្តល់ជំនួយរបស់ខ្លួន។ អត់ចាំបាច់ឲ្យគេរវល់ទេ ដឹកទៅដល់ផ្ទះជូនតែម្តង … យើងជាអ្នកក្រីក្រ មិនអាចទៅជួយអ្នកមានទេ។ យើងជួយអ្នកក្រគ្នាឯងសិន អ្នកលំបាកគ្នាឯងសិន។ ឡាវក៏គ្នាលំបាកដូចយើង មានអីជួយបានក៏ជួយ។ មីយ៉ាន់ម៉ាក៏លំបាកដូចយើង ទីម័រលេស្តក៏លំបាកដូចយើង។ ឥឡូវនេប៉ាល់ក៏លំបាកដូចយើង ជួយអីបានជួយ(ហ្នឹង)។
កម្មវិធីជំនួយសង្គមដទៃទៀតក៏នៅតែបន្ត
ទាក់ទងទៅនឹងជំនួយសង្គម យើងនៅបន្តកម្មវិធី ហើយនិងកម្មវិធីសង្គមដទៃទៀត ដូចជាស្ត្រីមានផ្ទៃពោះ គឺនៅបន្ត រហូតទៅដល់កូន(មានអាយុ)២ ឆ្នាំ មកដល់ពេលនេះចាយអស់ ១០ លានដុល្លារអាមេរិក។ សម័យកូវីដ១៩ កម្មការិនីរបស់យើងកើតកូនច្រើនណាស់ ក្នុងមួយថ្ងៃ គិតជាមធ្យម ២២០ នាក់ ថ្ងៃខ្លះដល់ទៅ ២៣០-២៤០ (នាក់) … អញ្ចឹង យើងថាមធ្យម ២២០ នាក់។ កើតង៉ាមកភ្លាម ជូនបាន ១០០ ដុល្លារអាមេរិក។ ១០០ ដុល្លារអាមេរិក វាគ្រាន់បើជាងអត់។ (១០០ ដុល្លារអាមេរិកនេះ) ទៅទិញសាច់ជ្រូក(ធ្វើម្ហូបហូប)ប៉ូវឲ្យចេញទឹកដោះ។ កម្មវិធីហ្នឹងនៅបន្ត អ្នកឯងថាម៉េចថាទៅ។ កម្មវិធីជួយជាសាច់ប្រាក់ដល់គ្រួសារក្រីក្រ គាត់យកទៅទិញអីទិញទៅ។ យើងនឹងស្វែងរក មិនទុកឲ្យអ្នកណាមួយដាច់បាយទេ … តែប៉ុន្មានខែទេ ដែលវាទឹកជំនន់ (ដែលធ្វើឲ្យចំណូល)វាចុះនៅក្រោម ៤០០ លាន/ខែ តែខែ វិច្ឆិកា និង ធ្នូ នេះ វាលើស ៤០០ លាន អញ្ចឹង បានវាមានទំហំប្រាក់ចំណូលរហូតទៅដល់ប្រមាណជាង ៥០០០ លាននោះ។ អ្នកនៅក្នុងស្រុកប្រហែលជាយល់ ប៉ុន្តែ អ្នកនៅក្រៅស្រុកគេមិនយល់ទេ ហើយបន់ឲ្យតែខ្មែរងាប់។ នេះអត់ទាន់មានងាប់ទេ។ បើងាប់វាជេរខ្ញុំព្រះករុណាខ្ញុំងាប់ហើយ។ ប៉ុន្តែ នៅប្រទេសដែលគេនៅនោះ ងាប់គរជើងគ្នា។ ប្រទេសដែលពួកគេនៅ ងាប់គរជើងគ្នា ហើយងាប់សម័យកូវីដ១៩ វាស្ទើរតែយ៉ាប់ជាងងាប់សម័យ ប៉ុល ពត ព្រោះមានដីឯណា? កប់មួយស្រទាប់អញ្ចឹងហើយ ទប់ដីទៅ ដាក់មួយស្រទាប់ទៀត លេងប្រើសុទ្ធតែអេស្កាវាទ័រ។ ងាប់សម័យកូវីដ១៩ វេទនាណាស់។
ថវិកាបរិច្ចាគដោយសប្បុរសជន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ កើនដល់ជាង ៥៥ លានដុល្លារអាមេរិក
កម្ពុជាខិតខំប្រយុទ្ធជាមួយនឹងជំងឺដ៏កាចសាហាវនេះ ជួយខ្លួនឯងផង ហើយជួយដល់មិត្តភក្តិផង។ ឥឡូវ និយាយទាក់ទងជាមួយនឹងបញ្ហាវ៉ាក់សាំង គិតត្រឹមម៉ោង ២ (រសៀល) ម្សិលមិញនេះ យើងបានទទួលនូវថវិកាជាដុល្លារ ចំនួន ៥៣ ៦៧៩ ៧១៤ ដុល្លារអាមេរិក និងប្រាក់រៀល ៩ ពាន់ ៩៣៥ លាន ៤ សែន ៨ ម៉ឺន ៨៥០០ រៀល បើគិតសរុបទៅជាដុល្លារ គឺជាង ៥៥ លានដុល្លារអាមេរិក។ នេះខ្ញុំសុំបញ្ជាក់ឡើងវិញ ខ្ញុំអត់បានរៃអង្គាសទេ តែនេះជាការបរិច្ចាគដោយសប្បុរស ក្នុងហ្នឹងរួមមានព្រះករុណាព្រះមហាក្សត្រ និង ហ្លួងម៉ែ ព្រះអង្គក៏បានព្រះរាជទាននូវថវិកា សម្រាប់ជួយដល់កូនចៅរបស់ព្រះអង្គ មានអ្នកឧកញ៉ា លោកឧកញ៉ា សម្តេច ឯកឧត្តម លោកជំទាវ កម្មករ/ការិនី កសិករ កូនសិស្ស គ្រប់ផ្នែកទាំងអស់ ចូលតាមធនាគារនេះ/នោះ។ នេះជាចលនាជាតិដ៏ខ្លាំងមួយ ដែលខ្ញុំព្រះករុណាខ្ញុំប្រសិទ្ធនាមថា ជាខឿនការពារសុខ ភាពរបស់ប្រជាជន បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជន។ អ្នកណាថាយ៉ាងម៉េចក៏ថាទៅ តែលទ្ធភាព របស់ ហ៊ុន សែន គឺមានប៉ុណ្ណឹង។ បើគេមិនច្បាស់ជាមួយ ហ៊ុន សែន ទេ គេមិនចូលទេ។
គោលការណ៍ចាក់វ៉ាក់សាំង មិនយកលុយនិងចាក់ដោយស្ម័គ្រចិត្ត
ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ អរព្រះគុណចំពោះព្រះករុណាជាអម្ចាស់ ក៏ដូចជា ហ្លួងម៉ែ ដែលព្រះអង្គចូលរួមវិភាគទាន សម្រាប់(ទិញ)វ៉ាក់សាំង។ អរគុណចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមវិភាគទាន។ នេះបានបុណ្យធំណាស់ ព្រោះជាការជួយជីវិតមនុស្ស។ គោលការណ៍នៅទីនេះ គឺគោលការណ៍ចាក់មិនយកលុយ និងចាក់ដោយ ការស្ម័គ្រចិត្ត។ បើមិនទុកចិត្តទេ កុំចាក់ ហើយបន្តប្រើម៉ាស (និង)អាល់កុលអញ្ចឹងទៅ ហើយបើទោះបីមានវ៉ាក់សាំង ចាក់ហើយ ក៏កុំចោលម៉ាស គម្លាតសង្គម កុំចេះតែប្រថុយ។ មិនទាន់ប្រាកដថា វ៉ាក់សាំងហ្នឹងវាមានប្រសិទ្ធភាពដល់ណា? វាការពារអ្វីបាន? ហើយវាមានប្រសិទ្ធភាពរយៈពេលប៉ុន្មានខែ/ឆ្នាំ ឬវាមួយជីវិត? គ្មានអ្នកណា និយាយបានទេ។
មានច្រកទ្វារ ៣ ទៅរកវ៉ាក់សាំង កូវីដ១៩
ខ្ញុំព្រះករុណាខ្ញុំ បានបញ្ជាក់ហើយកាលពីពេលមុន គឺយើងបានធ្វើនីតិវិធី សម្រាប់ទទួលយក ២០% ពី COVAX ដើម្បីចាក់ទៅលើមនុស្សចំនួន ៣ ២០០ ០០០ នាក់ បូកបន្ថែមដោយយើងបញ្ជាទិញតាមរយៈ COVAX ១ លានដូសបន្ថែមទៀត។ យើងមានក្រុមការងារមួយ ដោយមានក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច/ហិរញ្ញវត្ថុ និងក្រសួងការបរទេស ដើម្បីធ្វើកិច្ចការងារហ្នឹង ហើយក៏សូមបញ្ជាក់ថា ច្រកទ្វារទៅរកវ៉ាក់សាំង គឺមានទ្វារបី៖ ទ្វារទី ១ តាមរយៈ COVAX ដែលមានសមាជិករហូតទៅដល់ ៩២ ប្រទេស។ អញ្ចឹង យើងទិញទៅតាមច្រកហ្នឹង។ ការផ្តល់ជំនួយរបស់គេ សម្រាប់ ២០% នៃចំនួនមនុស្ស ដែលស្មើនឹង ៣ ២០០ ០០០ នាក់ ក្នុងហ្នឹងយើងត្រូវបដិភាគ ៥%។ ប៉ុន្តែ តម្រូវការរបស់យើង ដើម្បីឲ្យស៊ាំនៅក្នុងសហគមន៍ គឺត្រូវការចាក់ចាប់ពី ៨០% ឡើងលើ។ បើដូច្នោះយើងត្រូវការចាក់ក្នុងរង្វង់ ១២ ៨០០ ០០០ នាក់ ឬយើងថា ១៣ លាននាក់។ អញ្ចឹងយើងត្រូវការទិញបន្ថែម ក្រៅពីតាមរយៈ COVAX យើងនឹងពិភាក្សាជាមួយដៃគូជាទ្វេភាគី និងពហុភាគី ដើម្បីរកជំនួយឥតសំណង និងការផ្គត់ផ្គង់វ៉ាក់សាំងក្នុងតម្លៃសមរម្យ។ អញ្ចឹង យើងអាចធ្វើទំនាក់ទំនងជាមួយប្រទេសនានា ដើម្បីសុំជំនួយគេ ឬសុំទិញពីគេដោយតម្លៃថោក។ អាហ្នឹងច្រកទី ២។ ឯច្រកទី ៣ យើងចរចាផ្ទាល់ជាមួយក្រុមហ៊ុនវ៉ាក់សាំងតែម្ដង។
មិនយកជីវិតប្រជាជនធ្វើពិសោធន៍វ៉ាក់សាំង
ចំនួននេះជាចំនួនមួយដ៏ធំដែលយើងត្រូវធ្វើ ប៉ុន្តែ ដាច់ខាតត្រូវតែធ្វើ ព្រោះយើងមិនអាចទុកឲ្យប្រជាជនយើងអត់មានអ្វីការពារខ្លួនទេ។ បញ្ហាកំពុងចោទឡើងស្ថិតនៅត្រង់ថា នៅលើពិភពលោក ទាំងវ៉ាក់សាំងចិន ទាំងវ៉ាក់សាំងអាមេរិក ទាំងវ៉ាកសាំងអង់គ្លេស វ៉ាក់សាំងដែលកំពុងប្រើរាល់ថ្ងៃ អត់ទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកទាំងអស់។ យើងនៅរង់ចាំការទទួលស្គាល់។ ពិតហើយនៅក្នុងអាស៊ានមានប្រទេស ២ ហើយ ដែលបានទទួលវ៉ាក់សាំងមកដល់។ ទី ១ គឺសាំងហ្គាពួរ យកវ៉ាក់សាំងពីអង់គ្លេសមក និងទី ២ ប្រទេសឥណ្ឌូនេស៊ីយកវ៉ាក់សាំងពីប្រទេសចិន។ ក្រៅពីនោះគឺអាចនឹងមានការបញ្ជាទិញដូចយើងអញ្ចឹង ក៏ប៉ុន្តែ ប្រហែលជាប្រទេសដែលផលិតវ៉ាក់សាំងនោះ ត្រូវការចាក់ឲ្យប្រជាជនគេមុន។ យើងប្រហែលជាអាចនឹងទទួលនៅពេលក្រោយ។ យ៉ាងណាក៏ដោយ យើងត្រូវតែហ្មត់ចត់។ អ្នកទៅមុនយើងៗ សូមអរគុណ ដោយសារពួកគាត់បានពិសោធន៍ ព្រោះខ្ញុំអត់ត្រូវការយកជីវិតប្រជាជនកម្ពុជាណាម្នាក់ ធ្វើពិសោធន៍ថ្នាំឲ្យនរណាម្នាក់ទេ បើមិនទាន់មានការទទួលស្គាល់ជាក់លាក់ពីអង្គការសុខភាពពិភពលោក គឺមិនទិញទេ។
បញ្ជាទិញតែវ៉ាក់សាំងមានការទទួលស្គាល់ពី WHO
ខ្លះគេធ្វើអត្ថាធិប្បាយអញ្ចេះ/អញ្ចុះ ក៏ប៉ុន្តែ ខ្ញុំបញ្ជាក់ឡើងវិញនៅទីនេះ ចាក់ដោយមិនយកប្រាក់ និងដោយស្ម័គ្រចិត្ត ហើយទិញវ៉ាក់សាំងណាដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ ទិញតាមរយៈ COVAX ទិញ ឬសុំជំនួយពីប្រទេសដៃគូ ឬទិញពីប្រទេសដៃគូដោយតម្លៃថោក ដោយគេធ្វើសម្បទានតម្លៃ (ឬ)តម្លៃមិត្តភាពអីជាដើម និងទិញពីរោងចក្រផលិតផ្ទាល់។ ប៉ុន្តែ ពីប្រទេសណាក៏ដោយ ពីស្អីក៏ដោយ គឺទាល់តែអង្គការសុខភាពពិភពលោកទទួលស្គាល់សិន ព្រោះប្រសិនបើមកដល់ ស្រាប់តែចាក់ទៅស្លាប់តែម្នាក់ ឬ ២ នាក់ គេជេរងាប់ វាយមិនងាប់ទេ … ឲ្យមួយចម្អិនកំពិសទេ អត់មានឲ្យពេលយូរទេ បើផ្ដួល ហ៊ុន សែន មិនបាន គឺចប់វិញហើយ។ ហ្នឹងនិយាយគ្នាឲ្យច្បាស់។ អញ្ចឹងទេបានជាខ្ញុំអត់ទាន់កំណត់ថាយកពីអ្នកណាទេ ព្រោះយើងជាសមាជិកនៃអង្គការសុខភាពពិភពលោក ហើយយើងក៏ជាសមាជិក COVAX។ ឥឡូវវ៉ាក់សាំងមានរបស់ចិន រុស្សី អាមេរិក និងអង់គ្លេស។ ឥឡូវអឺរ៉ុប និងអាមេរិកកំពុងសម្រុកចាក់ ប្រទេសមួយចំនួនសម្រុកចាក់ ខ្លះចាក់របស់អាមេរិក ខ្លះចាក់របស់អង់គ្លេស ខ្លះចាក់របស់ចិន សូម្បីតែ(វ៉ាក់សាំង)របស់ចិនទៅដល់អាមេរិកឡាទីន ប្រេស៊ីលស្អីៗនោះ។
អ្នកខ្លះធ្វើអត្ថាធិប្បាយថា លោក ហ៊ុន សែន អត់និយាយដល់វ៉ាក់សាំងចិន ទាត់ចោលវ៉ាក់សាំងចិន។ ខ្ញុំអត់បានទាត់ចោលទេ ខ្ញុំប្រាប់ឲ្យហើយ។ វ៉ាក់សាំងណាក៏ខ្ញុំអត់ទាន់និយាយ។ ខ្ញុំនិយាយប៉ុណ្ណឹងល្មមហើយ។ កុំចាប់ផ្ដើមធ្វើអត្ថាធិប្បាយ លោក ហ៊ុន សែន អត់និយាយដល់វ៉ាក់សាំងចិន ប្រហែលជាទាត់ចោលនូវតួនាទីផ្ដល់វ៉ាក់សាំងរបស់ចិន ទោះបីជានាយករដ្ឋមន្រ្តី លី ខឺឈាង របស់ចិនបានសន្យាក្នុងពេលប្រជុំអាស៊ាន-ចិនអញ្ចេះ/អញ្ចុះ។ ទេ! បើអង្គការសុខភាពពិភពលោកទទួលស្គាល់វ៉ាក់សាំងចិន យើងទិញពីចិន វាក៏ដឹកជញ្ជូនជិត វាស្រួល(ផង) ឬទទួលស្គាល់របស់រុស្សី យើងក៏ទិញពីរុស្សី បើគេទទួលស្គាល់របស់អង់គ្លេស យើងទិញពីអង់គ្លេសមក បើគេទទួលស្គាល់ពីអាមេរិក រដ្ឋាភិបាលអាមេរិកមិនជួយ យើងទៅចរចាជាមួយក្រុមហ៊ុនអាមេរិកទៅ។ យើងហ៊ានធ្វើ ហ៊ានលេង។ ប្រទេសខ្លះទៀតក៏មានការផលិតដែរ ដូចជាឥណ្ឌាកំពុងតែពិសោធន៍ដែរ អាចនឹងថៃហ្នឹងក៏ពិសោធន៍ដែរ សូម្បីតែវៀតណាម ខ្ញុំគិតថាថៃ និងវៀតណាមកំពុងតែស្រាវជ្រាវ។ ប៉ុន្តែ អ្នកណាក៏ដោយឲ្យតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក យើងទទួលយក ព្រោះអាហ្នឹងជាតម្រូវការសម្រាប់ប្រជាពលរដ្ឋរបស់យើង។
ឆ្នាំនេះ ឆ្លងឆ្នាំសកល តាមទូរទស្សន៍ទៅ
… យ៉ាងណាក៏ដោយ ឥឡូវហ្នឹងគឺថ្ងៃនេះ ប្រហែលជាចៅៗមកខ្លះ ថ្ងៃមុន ទៅពីហ្នឹងទៅ គឺមកជុំទាំងអស់ ខ្វះតែមួយទេ ដែលកំពុងរៀននៅក្រៅប្រទេស។ ក្រៅពីនោះ(មកទាំងអស់)។ យើងវាហត់តិចទៅហើយ តែបុណ្យកំណើតប្រពន្ធផង ពាក់អាវយឺត ស្លៀកសារុង កូនវាមក(អបអរសាទរ)អញ្ចឹងទៅ។ ឥឡូវហ្នឹងបបួលហើយ ចៅៗក៏វាចេះប្រើទូរស័ព្ទដែរ ដាក់ចូលជាមួយ group ចៅៗ ថា ចៅៗ ថ្ងៃ ៣១ ហ្នឹង មកផ្ទះតា មកឆ្លងឆ្នាំជាមួយតា។ ហើយ ភា (អ្នកផ្សាយផ្ទាល់) ឯង បន្ទាប់ពីហ្នឹង ទៅផ្ទះទៅ … ព្រោះបិទបញ្ចប់ព្រឹត្តិការណ៍ដែលត្រូវទុក Standby នៅហ្នឹងមួយខែ មូលហេតុគឺក្រែងលោវាមានសភាពការណ៍បន្ទាន់ ត្រូវនិយាយតាមហ្នឹង។ កន្លងទៅគឺទៅតាម(សារ)សម្លេងមួយហើយ ក៏ប៉ុន្តែថ្ងៃនេះ គឺត្រូវនិយាយជាមួយប្រជាពលរដ្ឋ។ ឆ្នាំនេះ យើងអត់បានសប្បាយនឹងការចូលឆ្នាំអី Countdown អីទេ។ ឥឡូវតាមទូរទស្សន៍នានា ធ្វើកម្មវិធី Countdown នោះទៅ ផ្សាយ Countdown នោះទៅ រួចហើយគេរាប់ពីផ្ទះទៅ ដូចដែលទូរទស្សន៍ជាតិចាក់កាលពីចូលឆ្នាំខ្មែរទទួលទេវតាអញ្ចឹង។ ប៉ុន្តែ អាហ្នឹងពេលនោះ ខ្ញុំដេកហើយ ខ្ញុំមិនចង់ចូលឆ្នាំទេឥឡូវ ព្រោះដោយសារចូលឆ្នាំវាឆាប់ចាស់។ អ្នកដែលបន់ស្រន់ឲ្យ ហ៊ុន សែន ស្លាប់នោះ ការពារតែសុខភាពខ្លួនឯងអីឲ្យវាច្បាស់ទៅ។ ហ៊ុន សែន ប្រាប់អម្បាញ់មិញហើយ (មានតាំងពី) Gel អាល់កុល ស្រោមដៃ ម៉ាស ហើយថ្នមខ្លួនណាស់ណា អត់ទៅណាទេ តែក្រៅផ្ទះហ្នឹងក៏មិនចេញដែរ។ អាថ្នមខ្លួនហ្នឹងម្ខាង ប៉ុន្តែរឿងការងារគឺជារឿងចាំបាច់។ ប្រជាជនកំពុងតែវេទនា ឯងទៅដើរលេងម៉េច? ហើយថ្ងៃនេះថ្ងៃសីលផង ពេញបូរមីផង ល្អណាស់។
ចំណូលពីប្រេង នឹងផ្ដល់អាទិភាពខ្ពស់ទៅលើវិស័យអប់រំ និងសុខាភិបាល
ខ្ញុំសូមបញ្ជាក់ឡើងវិញ ចំណូលថ្មីបានមកដល់ អាទិភាពខ្ពស់បំផុតផ្ដល់ទៅលើវិស័យអប់រំ និងសុខាភិបាល ព្រោះយុទ្ធសាស្រ្តចតុកោណ មុំរបស់វាទី ១ គឺធនធានមនុស្ស។ អញ្ចឹងបានជាខ្ញុំមិនអស់ចិត្តត្រង់ថា សភាពការណ៍វាលំបាកប៉ុណ្ណឹង ប្រឡងមិនបាន នាយករដ្ឋមន្រ្តីសុំឲ្យជាប់ទាំងអស់គ្នា មានអ្នកមកបំផ្លាញយើងទៀត។ ចៅៗត្រូវចាំមុខ ចំណាំមុខទៅ បើតាធ្វើតាមពួកនេះ ចៅៗមកដល់ពេលនេះមិនទាន់ដឹងខ្លួនថាជាប់បាក់ឌុប្លិ៍ទេ អត់ទាន់ដឹងថាខ្លួនជាប់ឌីប្លូមទេ។ ប៉ុន្តែ ចៅៗច្បាស់ហើយមកដល់ពេលនេះ ឪពុកម្ដាយ អាណាព្យាបាល ជីដូនជីតា ដឹងតែចៅអញ កូនអញជាប់បាក់ឌុប្លិ៍ហើយ ត្រៀមចូលមហាវិទ្យាល័យណា ឥឡូវហ្នឹងកំពុងតែបើកហើយ ដើម្បីចូលមហាវិទ្យាល័យ វាច្បាស់លាស់។ ប្រមូលក្មេងឲ្យមកនៅក្នុងសាលាប្រសើរជាងទុកក្មេងនៅក្រៅសាលា។
កុំមើលងាយសាលាស្រុកខ្មែរ
អញ្ចឹងបានជា ហ៊ុន សែន ផ្ដល់ឲ្យមានគ្រឹះស្ថានឯកជន។ ហើយខ្ញុំសូមផ្ដាំទៅអ្នកនៅក្រៅប្រទេសផង សាលាស្រុកខ្មែរសាលាខ្លះតម្លៃក្នុងមួយឆ្នាំ ២ ម៉ឺនដុល្លារឯណោះ គេហ៊ានបញ្ជូនកូនគេឲ្យទៅរៀន។ សាលាខ្លះក៏រាប់ពាន់ដុល្លារ(ក្នុងមួយឆ្នាំ)ក៏គេហ៊ានបញ្ជូនកូនគេឲ្យទៅរៀន មិនមែនមានតែចៅ ឬកូននាយករដ្ឋមន្រ្តីទៅរៀនទេ។ រៀនពេញនោះ។ យើងក៏អត់មានមើលងាយបងប្អូនខ្មែរនៅក្រៅស្រុកទេ។ ការពិតទៅ យើងមិនមានការរើសអើងទេ។ យើងសប្បាយរីករាយទៅវិញទេ ដែលគាត់រួចផុតពី អាពត ហើយបានទៅរស់នៅក្រៅប្រទេស។ អញ្ចឹងបានជាពេលខ្ញុំទៅក្រៅប្រទេសម្ដងៗ ខ្ញុំជួបបងប្អូនរាប់រយរាប់ពាន់នាក់ ខ្ញុំមិនដែលចោលទេ ព្រោះពួកគាត់ចង់ជួបយើងៗ ត្រូវតែទៅជួបពួកគាត់ ព្រោះគាត់ចង់ស្ដាប់យើង ចង់ស្ដាប់សភាពការណ៍ស្រុកទេសដែរ។ ឥឡូវហ្នឹងប្រហែលជាពួកគាត់កំពុងមើលយើងដែរ ព្រោះអីយើងផ្សាយមិនដឹងជាប៉ុន្មានសិបទូរទស្សន៍ វិទ្យុ និងអនឡាញទៅតែម្ដង។ ផេករបស់ខ្ញុំក៏ Live ដែរ ព្រោះធម្មតាគឺមាន … Views ៩,៣K Likes ២៣,១K Comments ៦៤០០ មើលទៅ។ អាខ្លះលេងហ្វេសប៊ុកចាញ់គេ ក៏មករឿងគេដែរ។ គេផុសម្ដងៗសុទ្ធតែរាប់ម៉ឺន ជួនកាលដល់រាប់សិបម៉ឺនឯណោះ ហើយមិនច្បាស់ទៀត អា Post Likes និង Total Likes វាមិនស្គាល់អាហ្នឹងទៅទៀត រួចទៅធ្វើគ្រូហ្វេសប៊ុក នាយករដ្ឋមន្រ្តីហ្វេសប៊ុក។ ខ្ញុំមិនថាឲ្យអ្នកណាទេ ប៉ុន្តែ ពន្យល់ប្រជាពលរដ្ឋយើងឲ្យយល់ខ្លះ។
២៩ ធ្នូ ព្រឹត្តិការណ៍សំខាន់ ៣
អរគុណណាស់សម្រាប់ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានយកចិត្តទុកដាក់ស្ដាប់ ហើយអ្នកដែលមិនបានស្ដាប់ មុខតែតាមចាំស្ដាប់ហើយ តែខ្ញុំនៅតែអង្វរករថា ធ្វើយ៉ាងម៉េចក៏ដោយ ដើរទៅណាដើរចុះ តែមានគម្លាត ហើយគម្លាតហ្នឹងធ្វើសម្រាប់តែអ្នកមិនស្គាល់គ្នាទេណា តិចឲ្យគម្លាតទាំងប្ដីប្រពន្ធទៀត ដេកម៉េចកើត? បើមនុស្សនៅតែកៀកជាមួយប្រពន្ធ ហើយប្រពន្ធក៏ត្រូវការកៀកជាមួយប្ដីដែរ។ ប្រពន្ធខ្ញុំជួនកាល(ខ្ញុំ)បែរខ្នង (គាត់លាន់មាត់) យី! ឥឡូវចេះបែរខ្នង? យើងត្រូវ(បែរ)វិលមកវិញរកប្រពន្ធ។ អាហ្នឹងវាត្រូវតែអញ្ចឹង។ ទេ! ពេលគាត់បែរមុខចេញ ខ្ញុំក៏ថាដែរ “ទេ! ឥឡូវចេះបែរមុខចេញ?”។ ធម្មតា។ ពីដើម និយាយឲ្យអស់ មិនដែលកើយខ្នើយ ២ ទេ។ ខ្ញុំកើយតែខ្នើយ ១ អាម៉េចគេហៅប្ដីប្រពន្ធស្រឡាញ់គ្នា។ ដល់ឥឡូវដូចជាពិបាក ត្រូវកើយខ្នើយ ២ ប៉ុន្តែ ក៏មិននៅឆ្ងាយពីគ្នាទេ។ អាហ្នឹងភាសាគេថា ខ្នើយមួយពីរនាក់។ វាត្រូវហើយ ខ្ញុំខ្នើយមួយពីរនាក់ចង់មួយជីវិតហើយ។ សល់តែប៉ុន្មានថ្ងៃទៀត ហើយថ្ងៃនេះគាប់ជួនជាខួបទី ៤៥ នៃគេបញ្ជូនសំបុត្រឲ្យខ្ញុំទៅកន្លែងរៀបការ ខ្ញុំទទួលសំបុត្របានថ្ងៃ ២៩ ធ្នូ ហ្នឹងតែម្ដង។ ខួបលើកទី ៤៥ នៃថ្ងៃទទួលបានលិខិតពីអង្គការឲ្យទៅរៀបការ។ អញ្ចឹង ២៩ ហ្នឹងគឺសំខាន់សម្រាប់ខ្ញុំណាស់ (១)នយោបាយឈ្នះឈ្នះ (២)ដំណក់ប្រេងលើកដំបូង បូកនឹង(៣)ខួប ៤៥ ឆ្នាំ នៃការទទួលបានលិខិតពីអង្គការឲ្យទៅរៀបការ ១៣ គូ។
មិនអត់ឱនដាច់ខាតនរណាក៏ដោយមើលងាយកូននិងប្រពន្ធ
ប៉ុន្តែ រឿងនេះកាន់តែបង្ហាញជាក់ច្បាស់ ខ្ញុំរៀបការកាលសម័យ ប៉ុល ពត គឺវាលំបាកណាស់ អត់មានថ្ងៃខែស្អីៗនេះទេ គ្មានអាចារ្យស្អីទេ អង្គុយតុក្មេងរៀនហ្នឹង តែខ្ញុំនៅយកគ្នាបាន ក្នុងរង្វង់តែប៉ុន្មានថ្ងៃទៀត ចៅទី ២២ នឹងមកដល់ហើយ។ ខ្លះរកគ្រូ រកអាចារ្យ រកអី តែនៅជាមួយគ្នាមិនបាន ធ្វើម៉េច? ហើយលោក ចិត្រា ខ្ញុំអរគុណដែលលោកបាននិយាយមួយម៉ាត់ ឃើញគេចូលមក comment ថា សម្ដេច ហ៊ុន សែន ខឹងៗត្រង់គេប៉ះពាល់ដល់ប្រពន្ធគាត់។ លោកវេជ្ជបណ្ឌិត ចិត្រា គាត់ឆ្លើយថា បើមិនខឹងទេ គឺមិនមែនជាមនុស្សទេ។ ត្រូវ។ លោកនិយាយត្រូវ។ ប្រពន្ធទៅជាប្រពន្ធមេដឹកនាំវៀតណាម កូនប្រុសខ្ញុំទៅជាកូនប្រុសមេដឹកនាំវៀតណាម។ អញ្ចឹងលោក ចិត្រា ក៏ចេះនិយាយថា ខ្ញុំក៏ចេះខឹងដែរ បើគេថា កូននេះដូចជាមិនមែនកូនរបស់គាត់។ អញ្ចឹងចំណុចនេះ គឺឯកភាពគ្នា។ ការប្រមាថនេះគឺមិនអាចទទួលបានទេ។ ខ្ញុំសុខចិត្តដាច់ក្បាល ក៏ខ្ញុំមិនព្រមរឿងហ្នឹង។ ជនបរទេសទាំងឡាយឲ្យចេះស្ដាប់ភាសាខ្មែរ ហើយយកទៅបកប្រែ ហេតុអីបានប្រពន្ធខ្ញុំក្លាយទៅជាប្រពន្ធមេដឹកនាំបរទេស? កូនប្រុសបង្កើតរបស់ខ្ញុំ ដែលកម្សត់កម្រនៅក្នុងគុករបស់ អាពត ក្លាយទៅជាកូនរបស់វៀតណាម? អ្នកឯងត្រូវយល់។ រឿងហ្នឹងមួយខ្ញុំអត់មានអត់ឱនទេ ដាច់ខាតហើយ ទោះបីផែនដីត្រូវរលាយក៏រលាយ … អញ្ចឹងអ្នកឯងមិនអាចត្រូវជាមួយខ្ញុំបានទេ។
មុននេះ មានម្នាក់បោកខ្ញុំ ថានឹងធ្វើសេចក្ដីថ្លែងការណ៍ថ្កោលទោស។ តែទីចុងបំផុតវាអត់ធ្វើ។ រឿងហ្នឹងមួយគឺដាច់ខាតហើយ បើខ្ញុំមិនការពារកូនខ្លួនឯង មិនការពារប្រពន្ធខ្លួនឯង ខ្ញុំស្មើនឹងសត្វ និយាយគ្នាឲ្យច្បាស់។ អ្នកឯងចេះខឹងទេ បើគេចោទថាប្រពន្ធអ្នកឯងហ្នឹងជាសហាយរបស់អ្នកនេះ/នោះ ជាអតីតសង្សារអ្នកនេះ/នោះ តើអ្នកឯងខឹងទេ? ខ្ញុំជាមនុស្សដែរ ខ្ញុំចេះខឹង។ ប្រពន្ធខ្ញុំកម្សត់ណាស់ណា។ ស្លាប់កូនមួយហើយ មានកូនមួយទៀតបាន ៥ ខែ ប្ដីត្រូវចាកចេញទៅតស៊ូ ជួបឡើងវិញ កូនហៅពូ ២ ខែ។ ខ្ញុំមិនអត់ឱនឲ្យអ្នកឯងដាច់ខាតហើយៗ សូមមិត្តភក្តិបរទេសទាំងឡាយ កុំមកឡូកឡំបញ្ហាជាមួយរឿងនេះ។ រឿងនេះមិនមែនរឿងនយោបាយទេ រឿងផ្ទាល់ខ្លួន។ តែរឿងផ្ទាល់ខ្លួននេះវាពាក់ព័ន្ធទៅនឹងរឿងនយោបាយ ព្រោះរឿងផ្ទាល់ខ្លូនមួយនេះ ខ្ញុំមិនអាចអត់ឱនឲ្យបាន ខ្ញុំសុខចិត្តកាត់ដៃខ្លួនឯង បើខ្ញុំលើកលែង អត់ឱនឲ្យអ្នកប្រមាថប្រពន្ធ និងកូនរបស់ខ្ញុំ។
ចុងឆ្នាំ គួរតែសប្បាយ តែខ្ញុំសប្បាយ ខ្ញុំ ប្រពន្ធខ្ញុំ កូនខ្ញុំ ចៅខ្ញុំ ឥឡូវចៅថ្ងៃមុនមកថ្វាយបង្គំ សុំទូរស័ព្ទ ឲ្យទូរស័ព្ទទៅ បន្តិចទៀតខ្សិបៗមកថ្វាយបង្គំទៀត លោកតា ចៅសុំលុយបានឬអត់? សួរថារកប៉ុន្មាន? គេទៅជំនុំគ្នាដើម្បីសុំលោកតាប៉ុន្មាន? ខ្ញុំមានចៅ។ ប៉ុន្តែ ខ្ញុំមិននឹងស្មានថាពួកនេះអាចធ្វើអញ្ចឹងទៅរួច។ ការប្រមាថប្រពន្ធ និងកូនរបស់ខ្ញុំៗ បញ្ជាក់ហើយបញ្ជាក់ទៀតឲ្យជនបរទេសស្ដាប់ឲ្យបាន។ ការប្រមាថមួយនេះ ខ្ញុំមិនអត់ឱនឲ្យទេ។ ស្ដាប់ឲ្យបានណា ភាសាខ្មែរ។ មិនអាចយោគយល់បាន មិនអាចទទួលបាន និងមិនអាចអត់ឱនបាន ភាសា ៣ នេះ គឺខុសគ្នា។ ភាសាមិនអាចអត់ឱនបាន មានន័យថា ចប់ហើយ មិនអាចរកឃើញនូវការយោគយល់ណាមួយបានទេ។ មានមួយ អត់មួយអញ្ចឹងតែម្ដង។ រឿងនេះរឿងធំសម្រាប់ខ្ញុំ ជីវិតរបស់ខ្ញុំ ព្រោះកម្សត់នោះវាហួសហេតុពេកហើយ យកជីវិតទៅដូរ (ធ្វើ)ដើមទុនដើម្បីរំដោះខ្មែរចេញពីរបប ប៉ុល ពត យកជីវិតទៅដូរ ដើម្បីសន្តិភាពរបស់ប្រទេស។
សូម ចាន់ យ៉េត ថយខ្លួនពីរឿងភូមិជង្រុក, នឹងជួយភូមិជង្រុកតាមតម្រូវការ, សូម CMAC បន្ថែមកម្លាំង
ផ្ដាំផ្ញើឲ្យអ្នកនៅភូមិជង្រុកនោះ ដែលត្រៀមនូវនំបញ្ចុកបន្ទាប់ពីបញ្ចុះបឋមសីលា ហើយសូមផ្ដាំផ្ញើទៅ ខ្ញុំនឹងជួយទៅតំបន់នោះបន្តទៀត។ ខ្វះអី? ត្រូវការអី? បើត្រូវការបង្កើតអនុវិទ្យាល័យ ក៏ត្រូវតែបង្កើត ហើយឥឡូវធ្វើតែអាមួយជាន់ៗ ២ ខ្នង បើត្រូវការបង្កើតអនុវិទ្យាល័យ ខ្ញុំធ្វើឲ្យអា ២ ជាន់ ឬ ៣ ជាន់ បង្កើតនៅកន្លែងនោះ ហើយ ចាន់ យ៉េត ដកខ្លួនថយ (បើ)មិនដក បទបញ្ជាចាប់ខ្លួនមិនយូរទេ លោកឯង ប្រាប់ឲ្យហើយ។ ហើយអ្នកដែលបានលឺ ទៅប្រាប់អ្នកដែលធ្លាប់ដើរតាម ចាន់ យ៉េត នេះ យកឈ្មោះខ្ញុំទៅប្រើ ដើម្បីផ្ដល់នូវក្ដីសង្ឃឹម អោយចាកចេញភ្លាម ហើយមកចាប់ឆ្នោតយកដីនឹងគេទៅ។ ១៧០០ គ្រួសារ ឥឡូវដូចជានៅសល់ប៉ុន្មានគ្រួសារមិនព្រម។ (បើ)មិនព្រម ដើរចេញទៅ។ ខ្ញុំបានប្រាប់ថា បើគេមិនទាន់យកទេ ទុកដីឲ្យគាត់ទៅ … ឥឡូវយើងរកដីឲ្យនៅ ៣០០ ហិកតា ដើម្បីវាស់វែងឲ្យ ប៉ុន្តែដោយសារ ចាន់ យ៉េត នេះ រុញចុះរុញឡើងនៅហ្នឹង។ ឥឡូវទៅរក ADHOC, LICADHO អីៗ។ កុំចូលណា។ ប្រយ័ត្ន។ ខ្ញុំប្រាប់ឲ្យហើយ ព្រោះរឿងនេះរ៉ាំរ៉ៃ។ ឥឡូវប្រជាពលរដ្ឋនៅទីនោះ គេបានផ្លូវ គេបានកន្លែង គេបានសាលារៀន បានផ្ទះ ដែលមុននេះនៅមិនស្របច្បាប់ ហើយសូមឲ្យ CMAC ទៅដោះមីនបន្ថែម កុំឲ្យប្រជាជនដែលរស់នៅក្នុងតំបន់ហ្នឹងមានមីន … នៅតំបន់នោះមានមីន កុំភ្លេចឲ្យសោះ។ មីនជាកន្លែងគ្រោះថ្នាក់មួយ អញ្ចឹងត្រូវឲ្យ CMAC បង្កើនកម្លាំងទៅថែមនៅចំណុចសង្ស័យ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ មានសេចក្ដីសុខសាន្ត ដោយចៀសឆ្ងាយពីមីន។ ខ្ញុំព្រះករុណាខ្ញុំសូមបញ្ចប់ត្រឹមហ្នឹង។ ហើយជាមួយនឹងការចូលឆ្នាំថ្មីឆ្នាំសកល ២០២១ នេះ សូមប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះបងប្អូនជនរួមជាតិ សូមប្រកបតែនឹងពុទ្ធពរ ៤ ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរព្រះគុណ និងសូមអរគុណ៕